Wednesday, September 18, 2013

គន្លឹះ 3 យ៉ាង ដើម្បីសម្រេចគោលដៅអាជីវកម្មរយៈពេលខ្លី

ការខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ តែងតែ​ផ្តោតទៅលើ​មធ្យោបាយ ឬ​វិធីសាស្ត្រ ដែល​អាចឱ្យ​លោកអ្នក​សម្រេច​គោលដៅ​នៃ​អាជីវកម្ម​របស់​អ្នក​លើសពី​ការគ្រោងទុក ពេល​គឺ​ជោគជ័យ​ក្នុង​រយៈពេល​ដ៏​ខ្លី។ ទោះជា​យ៉ាងណា គឺ​ត្រូវមាន​ការសម្រេច​ជោគជ័យ ដើម្បី​ឈានទៅរក​ការ​ប្លា​ស់​ប្តូរ និង​រៀបចំ​សេចក្តីប្រាថ្នា ឬ​គោលដៅ​រយៈ​វែង ជា​បន្តបន្ទាប់។ ខាងក្រោម​នេះ ជា​វិធី​បន្ទាន់ 3 យ៉ាង​ក្នុង​ការកសាង​នូវ​អំណាច​ជ្រើសរើស​នៃ​មុខ​ជំនួញ​របស់​អ្នក​ពី​អតិថិជន៖      
 
  1. ពង្រីង​សក្តានុពល (ភាពខ្លាំង) ៖ ធ្វើឱ្យ​កាន់តែច្រើន​ នូវ​អ្វីដែល​អ្នកធ្វើ​បានល្អ។ ភាព​រវាសរវៃ​ក្នុង​អាជីវកម្ម វា​បង្កើត​សតិ​លើ​ការព្យាយាម​សព្វគ្រប់​បែបយ៉ាង និង​ជំរុញ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ចំណុចខ្សោយ ប៉ុន្តែ​ចំណុច​ពិត វា​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង ដោយ​ផ្តោត​ទី​លើ​ចំណុចខ្លាំង​របស់​អ្នក។
  2. ព​ង្រឹ​កនូវ “ យីហោ  (ម៉ាក ឬ​ផ្លាកសញ្ញា) ” របស់​ក្រុមហ៊ុន ឬ​អា​វី​កម្ម​របស់​អ្នក ៖ ជ្រើសរើស ​សកម្មភាព​ការងារ​ខាងក្រៅ ដើម្បី​អភិវឌ្ឍ​រូបភាព (កសាង​កេ​រ្តី​ឈ្មោះ) ដល់​កន្លែង​ដែល​អ្នក​ចង់ទៅ​កាន់។ ឧទាហរណ៍៖ អ្នកធ្វើការ​ស្ម័គ្រចិត្ត​ឱ្យ​សាលា​មួយ នឹងធ្វើ​ការប្រតិបត្តិ​បានល្អ ប្រសិនបើ​អ្នក​ពូកែ​រៀបចំ​គម្រោង។ បង្កើន​បទពិសោធ​ទូទៅ និង​វិធីសាស្ត្រ​នៃ​ការសន្ទនា ដើម្បី​ពង្រឹងសមត្ថភាព​ក្នុង​ការងារ។
  3. បង្កើត​បរិបទ​ឱ្យ​ភាពជោគជ័យ៖ ជាមួយនឹង​មនុស្ស​ជុំវិញខ្លួន​របស់​អ្នក អ្នក​ត្រូវធ្វើ​ការងារ​របស់​អ្នក​ឱ្យ​បានល្អ។ ជាធម្មតា អ្នកដទៃ នឹង​ទទួលស្គាល់​តម្លៃ និង​គោលដៅ មុន​ពេលដែល​ពួកគេ​ចង់​ចែករំលែក​នូវ​អ្វីដែល​ពួកគេ​បានដឹង ដូច្នេះ សូម​វិនិយោគ ទៅលើ​ទំនាក់ទំនង​នេះ៕

៥ចំណុច ដែលនិយោជិតចង់បានពីអ្នកគ្រប់គ្រង

ភារកិច្ច​របស់​អ្នកគ្រប់គ្រង​ម្នាក់ គឺ​ថែរក្សា​មនុស្ស​ដែល​នៅក្រោម​បង្គាប់​ធ្វើការ ឆ្ពោះទៅរក​ទិសដៅ មួយ។ ដូច្នេះហើយ​វា​គឺជា​ស្នូល ដែល​ពួកគេ​ត្រូវ​តែង​ស្វែងយល់​នូវ​អ្វីដែល​ពួកគេ​ចង់បាន។  ខាងក្រោម​នេះ វិធី ៥ចំណុច ​ដែល​និ​យោគ​ជិ​ក​ចង់បាន​ពី​អ្នក គ្រប់​ គ្រង​របស់ខ្លួន៖
1.ប្រាប់​ពួកគេ​ជាមុន៖ វា​ប្រហែលជា​មិនសូវ​សំខាន់​ក្នុងការ​ប្រាប់​កូនចៅ​របស់ខ្លួន នៅ​រាល់​មុន​ការសម្រេចចិត្ត​បង្កើន​អ្វីមួយ​ក្នុង​មុខ​ជំនួញ ផ្ទុយទៅវិញ​ត្រូវ​ឲ្យ​អ្នក​ក្រោម​ឱវាទ​បានដឹង​នូវ​រាល់​ទិសដៅ និង​រាល់​ព្រឹត្តិការណ៍​ដែល​កើតមាន​នៅក្នុង​ក្រុមហ៊ុន។ ការខ្វះខាត​នៅ​ទំនាក់ទំនង​ពី​អ្នកគ្រប់គ្រង​អាចធ្វើ​ឲ្យ​អ្នកនៅក្រោមឱវាទ​ មាន​អារម្មណ៍​ថា ពួកគេ​គឺ​គ្រាន់តែ​ជា​គ្រាប់​ឡុកឡាក់ នៅក្នុង​ម៉ាស៊ីន​មួយ ដែល​ធ្វើ​ឲ្យ​លទ្ធផល​មានការ​ធ្លាក់ចុះ។ ហេតុនេះ​ដើម្បី​បង្កើន​នូវ​ប្រសិទ្ធិភាព​ត្រូវតែ​ផ្តល់ដំណឹង​ជូន​ពួកគេ​ ជាមុន នោះ​នឹង​ទទួលបាន​លទ្ធផល​វិជ្ជមាន។
2.រាប់អាន​ពួកគេ​ដោយ​យុ​តិ្ត​ធម៌៖ ការរើសអើង​នៅក្នុ្ង​ង​សង្គម​ការងារ គឺ​ត្រូវបាន​គេ​លើក​យកមក​ពិភាក្សា​នៅក្នុង​បរិបទ​នៃ​ប្រធានបទ​ចំរូងចម្រាស់ ដូចជា ពូជសាសន៍ និង​ភេទ។ ផ្ទុយទៅវិញ​ការរើសអើង សម្រាប់​ហេតុផល​ជាច្រើន​អាច​បង្ក​ឲ្យ​មាន​លទ្ធផល​ធ្លាក់ចុះ​នៃ​សីលធម៌​និ​យោ ​ជិ​ក។ ជា​ឧទាហរណ៍​ដែល​ល្អ​ក្នុងការ​លុបបំបាត់​ការរើសអើង អាច​បង្ក​ឲ្យ​មាន​ប្រសិទ្ធិភាព​នៃ​ចរិតលក្ខណៈ​ល្អ របស់​អ្នកគ្រប់គ្រង។
3.ស្តាប់​អ្វីដែល​ពួកគេ​ព្រួយ​បារ​ម្ភ៖ សតិអារម្មណ៍ និង​គំនិត​អាច​នឹង​ផ្ទុះឡើង តវ៉ា នៅពេលដែល​លែងមាន​ការអត់ធ្មត់។ វា​គឺជា​ឧ​ទា​រណ៍​មួយ​សាមញ្ញ ដែល​អ្នក​រាល់គ្នា នឹងមិន​សប្បាយរីករាយ​នៅក្នុង​បរិយាកាស កន្លែងធ្វើការ។ អ្វីដែល​សំខាន់​គឺ​បង្ហាញ​ឱកាស​ទៅកាន់​និ​យោ​ជិ​ក​របស់ខ្លួន​ដើម្បី​សម្តែង​ នូវ​រាល់​ការព្រួយបារម្ភ​ដែល​ពួកគេ​មាន។ បង្កើតជា​ប្រអប់​មួយ​សម្រាប់​ដាក់​នៅ​រាល់​សំណើរ​នៅត្រង់​មាត់ច្រក​ចូល​នៃ​ ការិយាល័យ​ធ្វើការ ដើម្បី​ទទួល​សំនូមពរ ឬ​ការស្ថាបនាផ្សេង។
4.មិនត្រូវ​ប្រើ​របៀប​គ្រប់គ្រង​តឹងរឹង​ពេក​នោះទេ៖  ការគ្រប់គ្រង​តឹងតែង​ពេក​នោះ នឹងធ្វើ​ឲ្យ​និ​យោ​ជិ​ក​ស្អប់​អ្នក។ វា​គឺ​ពិតជា​សំខាន់​ខ្លាំង​ណាស់​​ក្នុងការ​យល់ដឹង​អំពី​វា។ លុះត្រាតែ​លោកអ្នក​សកម្ម​ក្នុងការ​បណ្តុះបណ្តាល​បុគ្គល វា​គ្មាន​ហេតុផល​ដែល​ត្រូវ​ប្រាប់​បុគ្គលិក​រាល់​គ្រប់អ្វីៗដែល​យើង​ ត្រូវធ្វើ​នោះទេ។
5.ដាក់​ការងារ និង​ទំនួល​ខុសត្រូវ​ដល់​ពួកគេ៖ ​វា​ហាក់បីដូចជា​ប្លែក ប៉ុន្តែ​អ្នកគ្រប់គ្រង​ទាំងនោះ​ភ្លេច​ថា​បុគ្គលល្អៗពិតជា​ចង់​ទទួលបាន​នូវ​ ការងារ​មួយ​សម្រាប់ធ្វើ​មិន​ត្រឹមតែ​ការខ្វះខាត​សកម្មភាព​នូវ​ទំនួល ខុសត្រូវ​អូសបន្លាយ​ការងារ​ធ្វើ​ឲ្យ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ប៉ុន្តែ​ប្រសិនបើ​គ្មាន​គោលដៅ ឬ​អារម្មណ៍​នៃ​ការសម្រេចចិត្ត​បុគ្គល​នោះ​នឹងមាន​អារម្មណ៍​ថា​ស្រងាកចិត្ត​ ជាមួយនឹង​ការងារ​របស់​ពួកគេ។ ដាក់​ភារៈកិច្ច​ឲ្យ​ពួកគេ​មានការ​ប្រជុំ ឬ​បណ្តុះបណ្តាល​ពួកគេ។ ជាការ​ពិតណាស់ វា​មិនមែនជា​តារាង​ចាត់ចែង​ដែល​ប្រើ​អស់ថ្លៃ​នោះទេ តែ​ត្រូវ​ធានា​ឲ្យ​បាន​ថា ដើម្បី ប៉ាន់ប្រមាណ​នូវ​បុគ្គល​របស់​អ្នក​ផ្ទាល់​ក្នុងការ​ប្តេជ្ញាចិត្ត​នូវ​ អ្វីដែល​ចង់បាន ឬ​ការ​ព្រួយ​បារ​ម្មណ៍​នូវ​អ្វីដែល​ពួកគេ​មាន។ នោះ​ជា​អ្នកគ្រប់គ្រង​គឺជា​តួនាទី របស់​អ្នក​ដែល​ត្រូវ​បង្រៀន​គេ​ក្នុងការ​សម្រេចចិត្តភ្លាមៗ នោះ​ការងារ​លោកអ្នក​និង​ដំណើរការ​យ៉ាង​រលូន៕

វិធី​សាស្ត្រ7យ៉ាង​សម្រាប់​អ្នក​ធ្វើ​ការ​នៅ​ការិយា​ល័យ​

នៅក្នុង​បណ្តា​ឆ្នាំ​សេដ្ឋកិច្ច​ធ្លាក់ចុះ ការគោរព​គោល​ការ​នៅ​កន្លែង​ការងារ​បានក្លាយ​ទៅជា​កា​រ​ សំខាន់ជាងពេលណាៗទាំងអស់។ ការ​ពិសោធ​បានបង្ហាញ​ថា ឥរិយាបថ និង​គោល​ការ​ការិយាល័យ​គឺជា​កត្តាមិនអាច​ខ្វះ​បាន​ដើម្បី​រក្សា​តំណែង​ក្នុង ​ក្រុមហ៊ុន។ ខាង​ក្រោម​​នេះ​​គឺជា​វិធីសាស្ត្រ​ក៏សំខាន់ៗមួយចំនួនដែល​អាចជួយ​អ្នក​ក្នុង​ សម្រេចបាន​នូវ​គោលដៅ​នៃ​ការងារ។
-អាកប្បកិរិយាៈ បើទោះជា​មានរឿង​អ្វី​ កើតឡើង អ្នក​គួរតែ​រក្សា​អាកប្បកិរិយា​ឲ្យ​បានល្អ។ បញ្ហា​ណា​ក៏ដោយ​ដែល​កើតមាន​ចំពោះ​ជី​វិត​​ឯកជន អ្នក​ត្រូវ​ទុក​មួយ​ឡែក​ហើយ​ត្រូវ​ផ្តោតអារម្មណ៍​ទៅលើ​ការងារនៅ​ការិយាល័យ។
-មិន​ជជែក​គ្នា​ក្នុងកា​រិ​យា​ល័​យៈ ចូរ ​ប្រុងប្រយ័ត្ន​ជាមួយ​មនុស្ស​ដែល​និយម​ចូលចិត្ត​អុជអាល​គេ។ ការជជែក​គ្នាច្រើន​អាច​ជះ​ឥទ្ធិ​ពល​​អាក្រក់​​ដល់​ការងារ​របស់​អ្នក នេះ​មិនទាន់​គិតដល់​ប្រការ​ដែល​អ្នក​អាចធ្វើ​ឲ្យ​ខូចខាត​ដល់​ប្រយោជន៍​អ្នក​ ដ៏​ទៃ។ ចូរ​ជួយ​ជ្រោម​ជ្រែង​​មិត្ត​​រួម​ការងារ​ដើម្បី​ឲ្យ​ពួកគេ​អាចធ្វើ​ការ​ ប្រកប​ដោយ​ជោគជ័យ បើទោះជា​អ្នក​មិន​ចូលចិត្ត​ពួកគេ​ក៏ដោយ។ អ្នក​មិន​ចំណាយ​ពេល​វេលា​ក្នុង​ការងារដែល​ពុំមាន​ប្រយោជន៍ ហើយ​ជំនួស​មកវិញ អ្នក​គួរ​ធ្វើការ​ងារ​ណា​ដែលមាន​ប្រយោជន៍​ដល់​ខ្លួន និង​អ្នក​ដ​ទៃ។​
-បំពេញការងារ​ឲ្យ​បានល្អ​ជាង​ការស្នើសុំៈ ស្វែងរក​វិធីសាស្ត្រ​ដែលមាន​ប្រសិទ្ធភាព​ដើម្បី​បំពេញការងារឲ្យ​បាន​ល្អេ​ ជាង និង​អស្ចារ្យ​​ជាង​ការដែល​មេ​របស់​យើង​ណែនាំ​ទៅទៀត។ ចំពោះ​អ្នក​ដែល​ចង់បាន​ស្នាដៃ​ច្រើន​ក៏​គួរតែ​ខិតខំ​ធ្វើ​ឲ្យ​បាន​ច្រើនជាង​ មុន​។​ ចូរ​​ធ្វើខ្លួន​ឲ្យ​ក្លាយជា​អ្នក​សកម្ម​ហើយ​កុំ​ចេះតែ​នៅ​រង់ចាំបញ្ជា​ពី​មេ ឬ​អ្នកដទៃ។ អ្នក​គួរតែ​ជា​អ្នក​ហ៊ាន​គិត​ហ៊ាន​ធ្វើ។
-ការចូលរួមៈ អ្នក​ត្រូវតែ​ធានាថា អ្នក​មិន​បង្ក​ការលំបាក​នៅពេល​បំពេញការងារ។ ចូរ​ខំប្រឹង និង ត្រូវ​ចេះចូលរួម​មតិ និង បំ​ពេញ​ការ​ងារ​ ពេលនោះ​អ្នក​នឹងមាន​មោទកភាព​ចំពោះ​ចំណែក​ចូលរួម​របស់ខ្លួន។
-វាយតម្លៃចំពោះអ្នកដទៃៈ ចូរ​បង្ហាញ​ឲ្យ​អ្នកដទៃ​ដឹងថា អ្នក​ឲ្យ​តម្លៃ​ខ្ពស់​ដល់​អ្នកដទៃ​ខណៈ ដែល​អ្នក​បានរួម​សហកា​រ​ជាមួយ​ពួកគេ។ ក្នុងករណី​ដែល​អ្នក​យល់​ឃើញ​ថា អ្នកណាម្នាក់​មានការ​ចូល​រួម តែ​មិន​សម​តាម​បំណង​របស់​អ្នកនោះ អ្នក​គួរតែ​វាយតម្លៃ​ពួកគេ​ឲ្យ​នៅក្នុង​កម្រិត​ដែល​មាន​​លក្ខណៈ​ជាការ​ ចូលរួម​ស្ថាបនា​ដូច្នេះ​វា​ប្រសើរ​ជាង​ការបង្ហាញ​ពី​កំហឹង និង​ការក្តៅក្រហាយ។
-កុំទៅ​យឺតយ៉ាវៈ ចូរ​កុំ​យឺតយ៉ាវ​ ក្នុងការ​ណាត់ជួប​កិច្ចប្រជុំ ការឆ្លើយតប​ទូរស័ព្ទ ឬ អ៊ី​ម៉ែ​ល។ ការ​ប្រតិកម្មទាន់ពេល​គឺជា​ការបង្ហាញ​នូវ​​កាយ​វិការ​ធ្វើការ​ប្រកប​ដោយ​ វិជ្ជាជីវៈ។ ការគោរព​ការ​ណាត់ជួប​ក៏​អាច​បង្ហាញ​ថា អ្នក​គោរព​ពេលវេលា​របស់ខ្លួន ចូរ​កុំ​ខ្ជះខ្ជាយ​វា​ ព្រោះតែ​ការ​មក​យឺត។
-ឆ្លាតវៃខាងសរសេរៈ ស្តាប់ទៅ​ ហាក់ដូចជា​ការងាយស្រួល ប៉ុន្តែ​អ្វីដែល​អ្នកសរសេរ​គឺមាន​កំហុស​ផ្នែក​អក្ខរាវិរុទ្ធ និង​ប្រកបខុស​ទាំងស្រុង​ក្នុង​លិខិត​ដែល​​​អ្នក​ត្រៀម​នឹង​ផ្ញើជូន​មេ ឬ​អ្នកដទៃ។ បែបនេះ​វា​ទៅជា​យ៉ាងណា? ប្រការនេះ​នឹង​កាត់បន្ថយ​ការសម្តែង​មតិ ឬ​ការលើកឡើង​របស់​​អ្នក ហើយ​វា​នឹងមិន​ជួយ​ឲ្យ​អ្នកមានការរីកចម្រើន​ទេ។ អ្នក​គួរតែ​ប្រើប្រាស់​ជំនួយផ្សេងៗ មានដូចជា​វចនានុក្រម​ជាដើម ដើម្បី​​ជួយ​​ឲ្យ​ការសរសេរ​របស់​អ្នក​ប្រកបដោយ​ភាពត្រឹមត្រូវ៕

កិច្ច​ការ​ ១០​យ៉ាង ​ដែល​​សិស្ស​​និស្សិត​ ​គួរ​​ធ្វើ​ក្នុងពេលកំពុង​សិក្សា​រ

១. គ្រប់​គ្រង​ពេល​វេលាសិក្សា​​ប្រកប​ដោយ​ប្រសិទ្ធភាព
២. ប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​ល្អ៖ មើល​មេរៀន ធ្វើ​កិច្ច​ការ​សាលា​ដែល​គ្រូដាក់​ឲ្យ និង​ មក​រៀន​ជា​ទៀង​ទាត់
៣. រៀន​ត្រូវមាន​ទិសដៅ​ជា​ស្រេច​ថា​ខ្លួន​ចង់​បាន​​ត្រឹម​ណា​
៤. ផ្ចង់​អារម្មណ៍​សិក្សា​និង​ស្តាប់​គ្រូ​ពន្យល់បើ​មិន​យល់​ត្រង់​ណា​ត្រូវ​ហ៊ាន​សួរ​ភ្លាម​
៥. កត់​ត្រា​ខ្លឹម​សារ​មេរៀន​សំខាន់​ៗ
៦. ធ្វើ​កិច្ច​ការ​សាលា​ដែល​គ្រូ​ដាក់​ឲ្យ​ ចូរ​ចង​ចាំ​ថា​គ្រូ​ដាក់​លំហាត់​ឲ្យ​ធ្វើ​គឺ​សុទ្ធ​តែ​មាន​មូល​ហេតុ។ មូល​ហេតុ​នោះ​គឺ​ធ្វើ​ឲ្យ​អ្នក​ចេះដឹង។
៧. រំលឹក​មេរៀន​ជា​រៀង​រាល់​ថ្ងៃ កុំ​រង់​ចាំរហូត​ជិត​ដល់​ថ្ងៃ​ប្រឡង​ទើប​មើល​មេរៀន
៨. រៀប​ចំរបស់​របរ​ឲ្យ​មានរបៀប​រៀប​រយ បែង​ចែក​កន្លែង​ទុក​ដាក់​របស់ ហើយ​ទុក​ដាក់​របស់​ឲ្យ​ត្រូវ​កន្លែង
៩. រៀន​ដោយ​មាន​ទឹក​ចិត្ត​ចង់​រៀន
១០. តាំង​ចិត្ត​រៀន​ តាំ​ងចិត្ត​ធ្វើ​យ៉ាង​ពិត​ប្រាកដ ព្យាយាម​សិក្សា
ជោគ​ជ័យ​នៅ​ចំពោះ​អ្នក! ប្រភព salarean

Tuesday, September 17, 2013

របៀប​រក​ស៊ី​ បោក​ប្រាស​របស់ក្រុមហ៊ុន​មួយ​ចំនួន

មាន ​ក្រុម​ហ៊ុន​មួយ​ចំនួន​យក​វិធី​ពីរាមីត​មក​បោកប្រាស​ខ្មែរ​ស្ទើរ​តែ​គ្រប់​ គ្នា ។ ពួក​គេ​ប្រើ​ទៅ​លើការ​លក់​ជា​បណ្ដាញ​ អាច​ក្លាយ​ជា​សមាជិក​ជា​បណ្ដាញ​បាន​ទាល់​តែ​ទិញ​ផលិត​ផល​របស់​គេ​មួយ ឬ​ច្រើន សូម​បញ្ជាក់​ថា​ផលិត​ផល​នោះ​លក់​ក្នុង​តម្លៃ​ខ្ពស់​ណាស់ ហើយ​ភាគ​ច្រើន​ក្រុម​ហ៊ុនរក​ផលិតផល​ណា​ដែល​មិនទាន់​មាន​នៅ​ក្នុង​ស្រុក​ ទៀត ។ ចំពោះ​អ្នក​ដែល​បាន​ទិញ​ផលិត​ផល​វិញ​តម្រូវ​ឲ្យ​រក​អ្នក​ទិញ​បាន​ពីរ​នាក់​ ទៀត​សម្រាប់​ដាក់​ក្រោម​បណ្ដាញ​របស់​ខ្លួន​ ដោយ​ដាក់​ឆ្វេង​មួយ និង​ស្ដាំ​មួយ ហើយ​អ្នក​ដែល​បានទិញ​ទៀត​សោដ​ក៏ត្រូវ​ក៏​ធ្វើ​ដូច​អ្នក​មុន​ៗ​អញ្ចឹង​ដែរ​ ជារៀង​រហូត​ទៅ ។ អ្នក​ដែល​ជា​សមាជិក​ពេល​ដែល​មាន​បណ្ដាញ​ខាង​ក្រោម​ច្រើន​ និង​ទទួល​បាន​កម្រៃ ទៅ​តាម​ការ​កំណត់​របស់​ក្រុម​ហ៊ុន ។ ត្រង់​នេះ​ជា​ចំណុច​ទាក់​ទាញ មនុស្ស​ចូល​រួម​ជា​ច្រើន ។ តែ​អ្នក​ទាំងនោះ​មិន​បាន​គិត​ទេ​ថាជា​ការ​បោក​ប្រាស​មួយ​យ៉ាង​ស៊ី​ជម្រៅ ដែល​ស្មាន​មិនដល់ ។
សួរ​ថា​បោក​នៅ​កន្លែងណា ៖
លក់ផលិតផល​ក្នុង​តម្លៃ​ខ្ពស់ (ពាក្យ​ខ្មែរ​ថា​លក់​កោរ) ហេតុ​អី​បាន​លក់​ដូច្នេះ? ព្រោះ​ត្រូវ​ដក​លុយ​នោះ​ទុកឲ្យ​តម្លៃ​ជើង​សារ​បក​មកសមាជិក​ខ្លះវិញ និង​ក្រុម​ហ៊ុន​ចំណេញ​ខ្លះ ។
គេប្រើ​សមាជិក​ឲ្យ​រក​អ្នក​ទិញ​ឲ្យគេ​បន្ត​ទៀត ។ សួរ​ថា​អ្នក​រក​បាន​មនុស្ស​ពី​ណា? មាន​តែ​មិត្តភ័ក្ដិ បងប្អូន អ្នក​ស្គាល់​គ្នា និង​ក្រុម​គ្រួសារ។
ចុះ​មនុស្ស​ដែល​អ្នក​ខំ​រក​បាន​នោះ​អាច​មាន​លទ្ធភាព​រក​មនុស្ស​បាន​ដែរទេ? កាល​ណា​មិន​បាន​គាត់​មិន​ត្រូវ​ចំណាយ​លុយ​ដែល​លើស​ពី​តម្លៃ​ធម្មតា​នោះ​ ចោលទទេ​ៗទៅ​ហើយ ។ បើ​គិត​ពី​ចំនួន​លុយ​វិញ បើ​មនុស្ស​ម្នាក់​ដូច​ជា​មិន​ច្រើន​ទេ តែ​មនុស្ស​កាន់​តែ​ច្រើនវិញ​វា​មិន​រឹត​តែ​ច្រើន​ហើយទេ ។
អ្នក​ដែល​ជា​សមាជិក​ស្ថិត​នៅ​ក្រោម​ជើងសារ​ក្រោម​គេ បង្អស់​ ឬ​អ្នក​ដែល​រក​សមាជិក​មិន​បាន មិនសុទ្ធ​តែជា​អ្នក​ចំណាយ​លុយ​ចោល​ទទេ​ ៗ ទៅហើយ ។ ព្រោះ​មនុស្ស​នៅ​ក្នុង​ស្រុក​មានចំនួន​កំណត់​ច្បាស់​លាស់ ហើយ​អ្នក​ដែល​អាច​មានលទ្ធភាព​ទិញ​ក៏​មាន​ចំនួន​កំណត់​ដែរ ។ ក្រុម​គាត់​សុទ្ធ​តែ​ចាញ់​បោកគេ ។
អ្នក​ទទួល​ផល​មាន​ចំនួន​តិច​ជាង​អ្នកត្រូវ​ចាញ់​បោកគេ ហើយ​រឿង​អកុសល​នោះ​អ្នក​ក៏​បាន​ចូល​រួម​បោកប្រាស ឲ្យគេដែរ​ដោយ​មិន​ដឹង​ខ្លួន ដោយ​គ្រាន់តែ​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​បន្តិច​បន្ទួច​តែ​ប៉ុណ្ណោះ ។

ខ្មែរ​យើង​ឥឡូវ​សំបូរ Hacker មិនធម្មតា​ទេ

    សួស្ដី​អ្នក​ទស្សនា​ប្លក​​អា​ក្បាល​ធំ​ជា​ទី​មេត្រី ខ្ញុំ​សូម​និយាយ​​អំពី​ Hacker នៅ​ស្រុក​ខ្មែរ និង ហេតុ​ការណ៍​ជាក់ស្ដែង​នានា​ដែរ​បាន​កើត​កន្លង​មក។ ប្រ​ជាជន​ខ្មែរ​ដែរ​បាន​តាម​ដាន​ពត៌​មាន​តាម​ការសែត ប្រ​ហែល​ជា​បាន​ជ្រាប​រឿង Hacker ធ្វើ​អោយ​វ៉ែបសាយ សារព័ត៌មាន ដើម​អម្ពិល, កោះ​សន្តិភាព Error ផ្អាក​ដំណើរ​ការ​ជា​ច្រើន​ដង​មក​ហើយ។
     តែ​ពេលនេះ​ខ្ញុំ​ចង់​និយាយ​ពី Hacker កំពុងតែ​សប្បាយ​នឹងការ​វាយ​ប្រហារ​មិន​រើស​មុខ
មិនរើស​ទីកន្លែង ថ្មីៗ​នេះ វ៉េប​សាយ រៀន​ដើម្បី​ខ្មែរ ដែរ ​ជា​វ៉េប​សាយ​បង្កើត​ឡើង​ដោយ​​មនុស្ស​សាមញ្ញ​ម្នាក់ សរសេរ​អំពី​ ព្រឹត្តិការ​សង្គម​ជាក់​ស្ដែង​ ចែករំលែក​ចំណេះ​ដឹង​បទពិសោធន៍ ទូទៅ​នានា ដោយ​មិន​គិត​ពី​ផល​ចំណេញ​​ម៉ា​កាក់ម៉ា​សេន​នោះ ត្រូវ​បាន Hacker ឆ្លៀត​ធ្វើ​បាប​មិន​ដោយ​គ្មាន​គិត​អ្វី​ទាំងអស់ គ្មាន​គិត​ថា​ជា​ខ្មែរ​ដូច​គ្នា គិត​ធ្វើ​យ៉ាង​ម៉េច​អោយ​តែអាច​ hack កើត​គឺ ​hack ភ្លាម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ថែម​ទាំង​ម្ចាស់​វ៉េប​សាយ​នោះ (Samady KS) បាន​អំពាវនាវ​អោយ (សុំ​អង្វរករ)​អោយ​បង​ៗ Hacker មេត្តា​អាណិត​កុំ​ធ្វើ​បាប​អី សូមមើល ទំព័រ Learn for Khmer តូចតាច​មួយ​សោះ ក៏​ក្រុម Hacker ព្យាយាម​បំផ្លាញ​ដែរ​. អី​យ៉ា!!!!! ត្រូវ​គេ​ធ្វើ​បាប​ហើយ​ស្រែក​សុំ​អង្វរ​គេ​ទៀត​ នេះ​ហើយ​!! គឺជា​​ពិភព​បច្ចេកវិទ្យា បើ​យើង​​គ្មាន​ឬ​​មិន​ទាន់​មាន​សមត្ថភាព​អាច​ទប់​ទល់​វិញ​បាន​ទេ​មាន​តែ​ផ្លូវ​មួយ​គត់​គឺ ""​សុំ​អង្វរ​"" ។ និយាយ​ពី រៀន​ដើម្បី​ខ្មែរ គឺ​មិនមែន​ត្រូវ​គេ​ធ្វើ​បាប​លើក​ទី​មួយនោះទេ គឺ​ កាល​ពី​មុន រៀន​ដើម្បី​ខ្មែរ ស្ថិត​នៅ​ជាប្លក ​ក្នុង​ពិភព​ប្លក​ខ្មែរ​នៅ Wordpress នៅ​ឡើយ។ នៅ​ទីនោះ រៀន​ដើម្បី​ខ្មែរ បាន​ចូល​រួម​ចែក​រំ​លែក​ចំណេះ​ដឹង​យ៉ាង​សកម្ម​បំផុត មាន​ចំនួន​អ្នក​ចូល​មើល មហា​ច្រើន សឹង​ថា​រាប់ម៉ឺន រាប់​ពាន់​ដង់​ក្នុង​មួយ​ថ្ងៃៗ តែ​ជា​អកុសល​ប្លក រៀន​ដើម្បី​ខ្មែរ ត្រូវ​ខាង Wordpress បិទ​ដោយ​មិន​ប្រាប់​មូល​ហេតុ។ បើតាមខ្ញុំ​ស្មានប្រាកដជា​មាន​អ្នក​ Report (រាយការណ៍) 100% ទើប​បាន​ជា​ Wordpress សំរេច​ចិត្ត​បិទ តែ​ក៏​មិន​អាច​បញ្ឈប់ កំលាំង​ចិត្ត Samady KS បាន​ដែរ គឺ​ បង្កើត​វ៉េបសាយ​មួយដោយ​ខ្លួនឯង​និង​លែង​ខ្លាច​អ្នក Report ទៀតដែរ។

    លោក ជី​ សុផាត ដែរ​ជាអ្នក​អភិបាលនៅ ក្រុម​ចែក​គ្នា​និយាយអំពី IT ក៏​ត្រូវ​បាន​បិទក្នុង​រយៈ​ពេល​តែ​ ៥ ថ្ងៃ​តែប៉ុណ្ណោះ អ្នក​ណាមិនក្តៅ!!។ សូមមើល​អារម្មណ៍​របស់​គាត់ ហេតុ​អ្វីអ្នក​នៅ​បន្តប្រើ​ WordPress ទៀត?

    ចំនែករឿង​របស់ខ្ញុំ​វិញ​គឺ បន្ទាប់ពី​បាន​បោះ​លេណដ្ឋាន​បាន​២​ថ្ងៃ ស្រាប់តែ​ជួប​រឿង​មួយ​ធ្វើ​អោយ​ខ្ញុំ​រាងធុង​បែក​ញើស​តិច​ៗ​ដែរ គឺ​ទទួល​បាន​សារ​ព្រមាន​ថា ខ្ញុំ​ធ្វើ​ខុស​លក្ខខណ្ឌ​របស់ Blogspot តែ​សំណាង​វិញ នៅ​អាច​ប្រើ​បាន​ទៀត​អត់​អី ហាស ហា នេះ​បើ​សិន​ជា​នៅ Wordpress វិញ​ប្រហែល​ជា​គេ​ខ្វៃ​ទៀត​បាន​ទៀ​ហើយ។ តែ​ខ្ញុំ​ក៏​មិន​ទាន់​ហ៊ាន​ថា​យ៉ាងម៉េច​ដែរ ងៃណា​មួយ​ប្រហែលជា​ជៀស​មិន​រួច​ក៏​ថា​បាន ។

   ចំនែក​ឯ​គណនី​ Facebook របស់​ខ្ញុំ​ដែរ​ប្រើ​រាល់ថ្ងៃ​ស្រាប់តែ​មិនអាច​ Login ចូល​បាន​​មូល​ហេតុ​គេ​ថា​ខ្ញុំ​វាយ​លេខ​សំងាតខុស ហេស​ហេ ចូល​ប្រើ​ Facebook រាល់ងៃ ភ្លេច​លេខ​សំងាត បើ​តាមខ្ញុំ​សន្និដ្ឋាន​ប្រាកដ​ជា​មាន​គេ​លួច​លេខ​សំងាត់ Facebook របស់​ខ្ញុំ 100% ។ វា​មិនដែរ​ចូល​ប្រើ​រាល់​ងៃ​បែ​រ​ជា​វៃ​លេខ​សំងាត់​​ជិត ២០ ទៅ៣០ ដង់ខុស​នោះរ៉េ។ តែ​នៅ​មាន​សំណាងដែរ​ដោយ​ខ្ញុំ​អោយ Facebook ផ្ញើរ​លេចសំងាត់​ចូល​គណនី​ Email របស់ខ្ញុំ​វិញ រួច​ដូរ​លេខ​សំងាត់​ថ្មី​ចោល កុំអី​មុខ​ស្វា​ស៊ី​ប្រេង​កូឡា។ រឿង​អ្នក​ដែរ​ត្រូវ​គេ​លួច​ ឬ Hack នៅ​ Facebook គឺ​មាន​ច្រើន​ណាស់ ទើប​តែ​ពេល​នេះ​ទេ​ដែរ​ធ្លាក់​លើ​ខ្លួន​​ខ្ញុំដែរសោះ។

     បើ​នៅ​ស្រុក​គេ​វិញ Hacker គឺមាន​ទោស​ធ្ងន់ណាស់។តែ​នៅ​ស្រុក​ខ្មែរ​ដូច​ជា​ពុំ​អាច​វែក​មុខ​ Hacker បាន​នៅឡើយ​ទេ មិន​ងាយ​ទេ ​""ដូច​​រក​ម្ជុល​ក្នុង​បាតសមុទ្រ​អញ្ចឹង"" ព្រោះ​រដ្ឋា​​​ភិបាល​ដែរ​ដឹក​នាំ​ដោយ​លោក ហ៊ុនសែន សព្វ​ថ្ងៃ មិនដែរ​ឈឺ​ក្បាល​នឹង​រឿង​នេះ​ទេ គាត់​ឈឺ​ក្បាល​តែ​រឿង​ខ្ចី​លុយ​បរទេស​អោយ​បាន​ច្រើន​ទៅ​ៗ រួច​ស្រែក​ប្រាប់​ពិភព​លក​ថា កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​កើន​ឡើងៗ​រៀងរាល់​ឆ្នាំ។
     ជាចុង​ក្រោយ​ខ្ញុំ​សំនូម​ពរ​អោយ​កូនខ្មែរ​ដែរ​មាន​វាសនា​សិក្សាមុខ​វិជ្ជា Hacking សូម​កុំ​ដើរបំ​ផ្លាញ​គ្មាន​រើស​មុខ​ដូចនេះ​ទៀត​អី ទៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​និង​មាន Hacker ប្រព្រឹត្ត​កាន់តែ​ខ្លាំង​ឡើងៗ តែ​សូម​អោយ​អាណិត​គ្នា​ដែរ​តូច​តាច​ផង សួរថា Hack ហើយ​បាន​ស្អី??? បាន​ខ្យល់​ឬ?? មាន​អី​អោយ​ Hack ៕

របប​នយោបាយ​នៃ​ប្រទេស​ម៉ាឡេស៊ី​

សន្ទុះ​ផុស​ផុល​នៃ ​គណបក្ស​ប្រឆាំង​ម៉ាឡេស៊ី​ ក្រោម​ការ​ដឹកនាំ​របស់​អន់​វ៉ារ​ អ៊ី​ប្រា​ហ៊ីម​(Anwar Ibrahim) នា​ពេល​បោះ​ឆ្នោត​ខែ​ឧសភា​ឆ្នាំ​2013
ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ : ថ្ងៃនេះ​ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​ចាប់​អារម្មណ៍​ទៅ​លើ​ភូមិសាស្ត្រនយោបាយ​នៃ​ភូមិភាគ​អាស៊ី​ អាគ្នេយ៍​តទៅទៀត​ ដោយ​សូម​លើក​ឡើង​អំពី​របបនយោបាយ​នៃ​ប្រទេស​ ម៉ាឡេស៊ី​។ តាំង​ពី​ឆ្នាំ​1957​មក​ ​ម៉ាឡេស៊ី​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ផ្ដាច់មុខ​របស់​គណបក្ស​តែ​មួយ​ដែល​ ឈ្នះ​ឆ្នោត​រហូត​ នោះ​គឺ​គណបក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បន្តបន្ទាប់​គ្នា​រេ​ម្ដង​បន្តិចៗ​ទៅ​ រក​ អំណាច​ផ្ដាច់ការ​។ ក៏​ប៉ុន្តែ​ តាំង​ពី​ឆ្នាំ​2008​មក​ អប្រជាប្រិយភាព​ជា​លំដាប់​នៃ​គណបក្ស​កាន់​អំណាច​ និង​ឥទ្ធិពល​ខ្លាំង​ឡើង​បន្តិច​ម្តងៗ​នៃ​បក្ស​ប្រឆាំង​កំពុង​ធ្វើ​ឲ្យ​ឆាក​ នយោបាយ​នៃ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ នេះ​ប្រែប្រួល​មិន​តិច​ទេ​។

   តាំងពី​បាន​ទទួល​ឯករាជ្យ​ពី​អង់គ្លេស​នៅ​ឆ្នាំ1957មក​ ម៉ាឡេស៊ី​បាន​បង្កើត​​ប្រព័ន្ធ នយោបាយ​មួយ​ដែល​ថ្នាក់​ដឹកនាំ​ជា​បន្តបន្ទាប់​នៃ​ប្រទេស​អះអាង​ថា មាន​មូលដ្ឋាន​នៅ​លើ ​Consensus។ មាន​ន័យ​ថា មហិច្ឆតា​របស់​រដ្ឋអំណាច គឺ​បង្រួបបង្រួម​បណ្តា​សហគមន៍​និង​ជាតិសាសន៍​ផ្សេងៗ​នៅ​ក្នុង​ប្រទេស ដាក់​ក្រោម​ដំបូល​នៃ​ចលនា​នយោបាយ​ចម្រុះ​តែមួយគត់ នោះ​គឺ Barisan National ប្រែ​ថា រណសិរ្ស​ជាតិ។ រណសិរ្ស​ជាតិ​ចង់​ទាក់ទាញ​ជា​ពិសេស​សហគមន៍​សំខាន់ៗ​ទាំង​បី​នៃ​ប្រទេស​ ពោល​គឺ​សហគមន៍​ម៉ាឡេ60% ​នៃ​ចំនួន​ប្រជាជន​ទាំងស្រុង,​ សហគមន៍​ចិន​25%​ និង ​សហគមន៍​ឥណ្ឌា​8%។

   នៅ​ក្នុង​ចលនា​នយោបាយ​ចម្រុះ​ Barisan Nasional ឬ​ រណសិរ្ស​ជាតិ​នេះ គណបក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​(UMNO) មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ ពីព្រោះ​គណបក្ស​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​សហគមន៍​ម៉ាឡេ​អ្នក​កាន់​សាសនា​ អ៊ីស្លាម​ដែល​មាន​ចំនួន​ច្រើន​លើសលប់​នៅ​ក្នុង ប្រទេស។ ម្ល៉ោះ​ហើយ គេ​អាច​និយាយ​ថា តាំង​ពី​ឆ្នាំ​1957​មក ប្រទេស​ម៉ាឡេស៊ី​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ផ្ដាច់មុខ​របស់​គណ​បក្ស​ អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​UMNO​នេះ​តែម្ដង។

   តាម​ការ​ពិត​ និង​នៅ​លើ​សាច់ការ​ជាក់ស្ដែង គ្មាន​ឡើយ​ការ​បង្រួបបង្រួម​គ្នា​រវាង​សហគមន៍​នានា​នៅ​ក្នុង​ប្រទេស​ ម៉ាឡេស៊ី មាន​តែ​ការ​ដើរខ្សែលើ​ជា​ដរាប​ពី​សំណាក់​សហគមន៍​ម៉ាឡេ​ដែល​មាន​ចំនួន​ច្រើន ​លើសលប់​ទៅ​លើ​បណ្ដា​សហគមន៍​នានា​ដទៃ។ ការ​រើសអើង​និង​នយោបាយ​លើកស្ទួយ​តែ​ជនជាតិ​ម៉ាឡេ​បែបនេះ ថែម​ទាំង​បាន​បង្ក​ឲ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​ជា​ច្រើន​លើក​ច្រើន​សា​ រវាង​សហគមន៍​ចិន​និង​សហគមន៍​ម៉ាឡេ​ និង​បាតុកម្ម​ពី​សំណាក់​ជនជាតិ​ចិន​ប្រឆាំង​នឹង​រដ្ឋាភិបាល នៅ​ដើម​ទសវត្សរ៍​ទី​70​ទៀត​ផង។

   ការ​មាន​ប្រៀប​ផ្ដាច់មុខ​តែ​ឯង ​អស់​រយៈ​ពេល​ជាង​កន្លះ​សតវត្ស ​នៃ​គណបក្ស​អង្គការ​ឯកភាព​ជាតិ(UMNO)​នៅ​លើ​ ឆាក​នយោបាយ​ម៉ាឡេស៊ី​ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ជា​បន្ត​បន្ទាប់​គ្នា​ រេ​ខ្លួន​បន្តិច​ម្ដងៗ​ទៅ​រក​អំណាច​ផ្ដាច់ការ​។ ជាក់ស្ដែង​ជាង​គេ​ គឺ​រដ្ឋាភិបាល​របស់​ម៉ាហាធីរ(​Mahathir)​ ដែល​បាន​គ្រប់គ្រង​ប្រទេស​ពី​ឆ្នាំ​1981​ដល់​ឆ្នាំ​2003​។

   នៅ ​ក្នុង​ទសវត្សរ៍​ទី​90​ ម៉ាហាធីរ​បាន​ទាំង​តាំងខ្លួនជា​អ្នក​ ការពារ​គោលការណ៍​អាស៊ី ឬ​អ្វី​ដែល​គេ​ហៅ​ថា​អាស៊ី​និយម និយាយ​បែប​ផ្សេង​ម៉ាហាធីរ​បាន​ចេញ​មុខ​ការពារ​អំណាច​ផ្ដាច់ការ​ភ្លឺស្វាង​ ដើម្បី​ប្រឆាំង​នឹង​លទ្ធិ​ប្រជាធិបតេយ្យ​បែប​បស្ចិម​លោក​។ នៅ​ក្នុង​ន័យ​នេះ​ ម៉ាហាធីរ​បាន​ប្រើ​ប្រាស់​កងទ័ព​និង​កង​នគរបាល​ ដើម្បី​ក្ដាប់​និង​ត្រួតត្រា​ប្រជារាស្ត្រ​ ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន​ និង​ដើម្បី​វាយ​បង្ក្រាប​ពួក​ប្រឆាំង​។ ឧទាហរណ៍​ជាក់ស្ដែង​ គឺ​ការ​វាយ​បង្ក្រាប​ទៅ​លើ​បាតុកម្ម​នៅ ឆ្នាំ1986របស់​ពួក​មេធាវី​ ដែល​បាន​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​។ ឧទាហរណ៍​ជាក់ស្ដែង​មួយ​ទៀត គឺ​ការ​ចាប់​ខ្លួន​អន់វ៉ារ អ៊ីប្រាហ៊ីម(Anwar Ibrahim)​ដាក់គុក​នៅ​ឆ្នាំ​1998 អន់វ៉ារ អ៊ីប្រាហ៊ីម​ ដែល​ជា​បុរស​ខ្លាំង​ទី​2​ ជា​ឧបនាយករដ្ឋមន្ត្រី​ និង​ដែល​តាម​ការ​គ្រោង​ទៅ​នឹង​ត្រូវ​ឡើង​ស្នង​តំណែង​នាយក​រដ្ឋមន្ត្រី​ពី​ ម៉ាហាធីរ​ទៀត​ផង។

   ពិត​មែន​តែ​ជា​អ្នក​កាន់​អំណាច​ផ្ដាច់ការ ​ម៉ាហាធីរ​បាន​កាត់​បន្ថយ​មិន​តិច​ទេ​ភាព​ក្រីក្រ បាន​លើក​កម្ពស់​ជីវភាព​របស់​ប្រជាជន​ដោយសារ​តែ​ការ​លក់​ទំនិញ​ចេញ​ទៅ​ក្រៅ​ ប្រទេស និង​ដោយសារ​តែ​​ឧស្សាហកម្ម​ខ្លាំងក្លា ដែល​បាន​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ម៉ាឡេស៊ី ឡើង​ទៅ​ដល់​6%​ជា​មធ្យមភាគ​ តាំង​ពី​ទសវត្សរ៍​ទី​80 រហូត​ដល់​ឆ្នាំ​2008។ ហើយ​នៅ​ឆ្នាំ​2012​កន្លង​ទៅ​នេះ កំណើន​សេដ្ឋកិច្ច​របស់​ម៉ាឡេស៊ី​បាន​កើន​ទៅ​ដល់​5,6% ទោះ​បី​ជា​ពិភពលោក​ត្រូវ​ប្រឈមមុខ​នឹង​វិបត្តិ​សកល​ក៏​ដោយ។

   មុន ​នឹង​ចាក​ចេញ​ពី​អំណាច​នៅ​ខែ​តុលា​ឆ្នាំ​២០០៣​ ម៉ាហាធីរ​បាន​ជំរុញ​អាប់ឌូឡា អាម៉ាដ បាដាវី (Abdullah Ahmad Badawi) ឲ្យ​ក្លាយ​ជា​អ្នក​ដឹក​នាំ​នៃ​បក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេUNMO​ ដែល​ជា​ឈ្នាន់​ជាន់​ឡើង​ទៅ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​។ មួយ​ឆ្នាំ​ក្រោយ​មក​ គឺ​នៅ​ថ្ងៃ​ទី​២១​មីនា​ឆ្នាំ​២០០៤​ ការ​បោះឆ្នោត​បាន​អនុញ្ញាត​ឲ្យ​បាដាវី​បន្ត​ជា​ផ្លូវការ​ តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​។


   ក៏ប៉ុន្តែ​ តាំង​ពី​ឆ្នាំ​2007​មក​ លក្ខណៈ​ផ្ដាច់ការ​នៃ​របប​នយោបាយ​ម៉ាឡេ បាន​និង​កំពុង​បន្ត​ស្បើយ​ទៅ​វិញ​បន្តិច​ម្តងៗ​ គឺ​ហាក់​បី​ដូច​ជា​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ផ្ដើម​ឈាន​ជើង​ចេញ​ពី​ ប្រព័ន្ធ​អំណាច​គណបក្ស​តែ​មួយ​ ទៅ​រក​ប្រព័ន្ធ​នយោបាយ​ពហុបក្ស។

   មាន ​មូលហេតុ​ច្រើន​យ៉ាង​ ដែល​អាច​ពន្យល់​ការ​ផ្លាស់ប្ដូរ​ស៊ី​ជម្រៅ​បែប​នេះ​។ ម្យ៉ាង​ គឺ​ការ​ដោះលែង​អន់វ៉ារ អ៊ីប្រាហ៊ីម ឲ្យ​ចេញ​ពី​ពន្ធនាគារ​ នៅ​ខែ​កញ្ញា​ឆ្នាំ​2004​ ការ​ដោះលែង​ដែល​បាន​បើក​លទ្ធភាព​ឲ្យ​អតីត​ឧបនាយករដ្ឋមន្ត្រី​រូប​នេះ​ ចាប់ផ្ដើម​ចេញ​មុខ​ធ្វើ​ជា​មេដឹកនាំ​នៃ​គណបក្ស​ប្រឆាំង​។ ម្យ៉ាង​ទៀត​ គឺ​អសមត្ថភាព​របស់​បាដាវី​ ក្នុង​ការ​ដឹកនាំ​គណ​បក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​ និង​ក្នុង​ការ​ដឹកនាំ​រដ្ឋាភិបាល​។ អ៊ីចឹង​ហើយ​ បាន​ជា​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​2007​ បណ្ដា​ជន​ជាង​3​សែន​នាក់​បាន​ចុះ​ធ្វើ​បាតុកម្ម​ នៅ​តាម​ដង​ផ្លូវ​នៃ​ទីក្រុង​Kuala Lumpour​។ គឺ​ជា​ចលនា​បាតុកម្ម​ធំ​ជាងគេ​មួយ​មិន​ដែល​មាន​ឡើយ​ នៅ​ប្រទេស​ម៉ាឡេស៊ី​ នា​រយៈ​ពេល​ជិត​20​ឆ្នាំ​ចុងក្រោយ​នេះ​។ នៅ​ខែ​ឧសភា​ឆ្នាំ​2008​ មាន​មហា​បាតុកម្ម​មួយ​ទៀត​កើត​ឡើង នៅ​ក្នុង​រដ្ឋធានី​។ បណ្ដា​បាតុករ​ប្រឆាំង​នឹង​ប្រេងសាំង​ឡើងថ្លៃ​ ប្រឆាំង​នឹង​អសមត្ថភាព​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ប្រយុទ្ធ​ទប់ទល់​នឹង​អំពើ​ពុករលួយ ​និង​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​។ គឺ​នៅ​ក្នុង​បរិបទ​បែបនេះ​ហើយ​ ដែល​បក្ស​ជំទាស់​បាន​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ ដើម្បី​តទល់​នឹង​គណបក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេUNMO នៅ​ពេល​បោះ​ឆ្នោត​ខែ​មីនា​ឆ្នាំ​2008​ ការ​បោះឆ្នោត​ដែល​បាន​ធ្វើ​ឲ្យ​អាសនៈ ​នៅ​ក្នុង​រដ្ឋសភា​របស់​បក្ស​ប្រឆាំង​កើន​ចំនួន​ពី​18 ​ទៅ​82​។

   ការបោះ​ឆ្នោត​ខែ​មីនា​ឆ្នាំ​2008​នៅ​ម៉ាឡេស៊ី​ គឺ​ជា​រលក​យក្ស​ស៊ូណាមី​នយោបាយ​មួយ ​សម្រាប់​គណបក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​ ពីព្រោះ​ជា​លើក​ទី​មួយ​បង្អស់​គណបក្ស​មួយ​នេះ​ដែល​កាន់​អំណាច​ផ្ដាច់មុខ​តែ​ ឯង​នៅ​ក្នុង​ប្រទេស​តាំង​ពី​ឆ្នាំ​1957​មក​ ទទួល​មិន​បាន​អាសនៈ​ចំនួន​២ភាគ៣នៅ​ក្នុង​រដ្ឋសភា​និង​អស់​មាន​អំណាច​កែប្រែ​ រដ្ឋធម្មនុញ្ញ​បាន ស្រេច​តែ​អំពើ​ចិត្ត​ទៀត​ហើយ​។

   គឺ​ការ​ ផ្លាស់ប្ដូរ​ស៊ី​ជម្រៅ​នៅ​លើ​ឆាក​នយោបាយ​ម៉ាឡេស៊ី​បែប​នេះ​ហើយ​ ដែល​បាន​ជំរុញ​ឲ្យ​លោក​បាដាវី​លះបង់​ចោល​តំណែង​ប្រធាន​បក្ស​អង្គការ​ឯកភាព​ ជាតិ​ម៉ាឡេ​នៅ​ខែ​មីនា​ឆ្នាំ​2008។ នៅ​ថ្ងៃ​ទី​26​មីនា​ឆ្នាំ​2008 បណ្ដា​ប្រតិភូ​ទាំង2 500​នាក់​របស់​បក្ស​ក៏​បាន​បោះ​ឆ្នោត​តែងតាំង​ណាហ្ស៊ីប ទុន រ៉ាហ្សាក(Najib Tun Razak)ជា​ប្រធាន​។ ហើយ​នៅ​ថ្ងៃ​ទី​3​មេសា​ឆ្នាំ​2008​ដដែល​នោះ ណាហ្ស៊ីប ទុន រ៉ាហ្សាក បាន​ក្លាយ​ជា​ស្វ័យប្រវត្តិ​ ទៅ​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​។ តាំង​ពី​ពេល​នោះ​មក ណាហ្ស៊ីប ទុន រ៉ាហ្សាក ត្រូវ​ប្រឈមមុខ​នឹង​មេដឹកនាំ​គណបក្ស​ប្រឆាំង​អន់វ៉ារ អ៊ីប្រាហ៊ីម។

   ការ ​ប្រឈមមុខ​ដាក់​គ្នា​ខ្លាំង​រវាង​ណាហ្ស៊ីប ទុន រ៉ាហ្សាក​និង​អន់វ៉ារ អ៊ីប្រាហ៊ីម រវាង​គណ​បក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​បាន​ប្រព្រឹត្ត​ទៅ នា​ពេល​បោះ​ឆ្នោត​ខែ​ឧសភា​ឆ្នាំ​2013។ ទោះ​បី​ជា​នៅ​ទី​បំផុត​ជ័យជំនះ​បាន​ទៅ​បក្ស​កាន់​អំណាច​ដូច​ពេល​បោះឆ្នោត​ មុនៗ​ក៏​ដោយ តែ​លទ្ធផល​នៃ​សំឡេង​ឆ្នោត​បាន​បង្ហាញ​នូវ​ការ​ប្រែប្រួល​ស៊ីជម្រៅ​នៃ​ ទិដ្ឋភាព​នយោបាយ​ម៉ាឡេស៊ី និង​ការ​ផ្លាស់ប្ដូរ​ស៊ីជម្រៅ​នៃ​ចិត្ត​គំនិត​របស់​ប្រជាពលរដ្ឋ​ម៉ាឡេស៊ី។ ពី​អំណើះ​ត​ទៅ សង្គម​ម៉ាឡេស៊ី​ត្រូវ​បាន​ពុះ​ចែក​ជា​ពីរ​សឹង​ស្មើ​គ្នា៖ នៅ​ម្ខាង​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង និង​នៅ​ម្ខាង​ទៀត​អ្នក​គាំ​ទ្រ​បក្ស​កាន់​អំណាច។ មិនមែន​មាន​នៅ​ម្ខាង​ជនជាតិ​ម៉ាឡេ និង​នៅ​ម្ខាង​ទៀត​អ្នក​មាន​ដើម​កំណើត​ជា​ជាតិ​សាសន៍​ចិន ឥណ្ឌា ឬ​ជា​ជាតិ​សាសន៍​ដទៃ​ផ្សេង ដូច​ពេល​មុនៗ​ទៀត​ហើយ។ ពី​អំណើះ​ត​ទៅ​នៅ​ម៉ាឡេស៊ី អ្នក​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ប្រឆាំង​ជា​យុវជន ជា​អ្នក​រស់​នៅ​ទីក្រុង រី​ឯ​អ្នក​គាំ​ទ្រ​បក្ស​កាន់​អំណាច ជា​មនុស្ស​ចាស់ ជា​អ្នក​រស់​នៅ​ជនបទ។ ពួក​យុវជន​ទាំង​នេះ​ដែល​ក្នុង​ខណៈ​នេះ​តំណាង​1​ភាគ​5​នៃ​អ្នក​មាន​សិទ្ធិ​ បោះ​ឆ្នោត និង​ដែល​ជា​អ្នក​និយម​លេង​Facebook អាច​នឹង​ធ្វើ​ឱ្យ​ក្រឡាប់​ចាក់​ឆាក​នយោបាយ​ម៉ាឡេស៊ី នា​ពេល​ឆាប់ៗ​ខាង​មុខ ដោយ​នឹង​អាច​បណ្ដាល​ឱ្យ​គណបក្ស​កាន់​អំណាច​តាំង​ពី​ឆ្នាំ​1957​មក​ម្ល៉េះ​ ចាញ់​ឆ្នោត៕

5 បែប​ក្នុង​ការ​ផ្សព្វផ្សាយ​ប្លក​របស់​អ្នក​ដោយ​មិន​ពឹងផ្អែក​បណ្ដាញ​សង្គម Facebook

   ភាគច្រើន​នៃ​ប្លកករ (blogger) តែង​ផ្សព្វផ្សាយ​ប្លក​របស់​ពួកគេ​ តាម​រយៈ​បណ្ដាញ​សង្គម, វេទិកា ដូចជា Facebook អី​ជាដើម ដើម្បី​ឲ្យ​ប្លក (កំណត់​ហេតុ​បណ្ដាញ) របស់​អ្នក​មាន​គេ​ចូល​មើល​ច្រើន​ និង​ឆាប់​ល្បីល្បាញ​ទៅ​តាម​ភាព​សកម្ម​របស់​គេ​និមួយៗ។ ឥឡូវ​នេះ​ ខ្ញុំ​សូម​ចែក​រំលែក​ពី​​វិធី​ផ្សព្វផ្សាយ​ប្លក​ដោយ​មិន​ពឹង​លើ facebook (បណ្ដាញ​សង្គម) តែ​ម៉្យាង​នោះ​ទេ។ ការ​​ផ្សព្វផ្សាយ​នេះ​មាន​ប្រយោជន៍​ដល់​អ្នក​ដែល​ មិន​សូវ​​ចូល​ប្រើ​បណ្ដាញ​សង្គម ឲ្យ​ពួក​គាត់​អាច​ដឹង​ពី​អាសយដ្ឋាន​​ប្លក​របស់​អ្នក បាន​យ៉ាង​ងាយ ដោយ​អស់​ប្រាក់ (លុយ) តិចតួច ឬ​មិន​អស់​​ក៏​បាន។ តែ​ខ្ញុំ​មិន​ធានា​ថា​អ្នក​នឹង​ទទួល​បាន​ចំណូល​ទស្សនា​ប្លក​ក្នុង​មួយ​ថ្ងៃៗ កើន​ឡើង​ដោយសារតែ​វិធី​ដែល​នឹង​រៀបរាប់​ខាង​ក្រោម​នេះ​ទេ​ តែ​យ៉ាងហោចណាស់ ក៏​វា​អាច​ជួយ​យើង​បាន​ខ្លះៗ​ដែល បើ​សិន​ប្រធាន​បទ​ដែល​យើង​ផ្សព្វផ្សាយ​ត្រូវ​ចិត្ត​គេ​ភាគ​ច្រើន​នោះ។ តើ​វិធី​សាស្ត្រ​ចម្លែក​ទាំងនោះ​មាន​អ្វី​ខ្លះ?

៙ ប្លក (កំណត់​ហេតុ​បណ្ដាញ) + ​ការ​ផ្សព្វផ្សាយ ៚

1. ខិត្តប័ណ្ណ​បិត​តាម​ផ្លូវ

   នេះ​គឺ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធិ​ភាព​សម្រាប់​ការ​លើក​កម្ពស់​​ប្លក (កំណត់​ហេតុ​បណ្ដាញ) ​របស់​លោក​​អ្នក​។ តើ​ធ្វើ​ដូចម្ដេច? ជា​ដំបូង​ត្រូវ​រចនា​បង្កើត​​​ខិត្តប័ណ្ណ​​មួយ ឬ​ច្រើន​ប្រភេទ ទៅ​តាម​ទំហំ​ ដែល​អ្នក​គិត​ថា សមរម្យ តែ​កុំ​តូច​ពេក។ អ្វី​ដែល​សំខាន់​ក្នុង​ប័ណ្ណ​នោះ​គឺ​ត្រូវ​តែ​មាន​ដាក់​តំណ​អាសយដ្ឋាន (URL) របស់​ប្លក​លោកអ្នក ត្រូវ​មាន ចំណង​ជើង ​ឃ្លា​​ប្រយោគ​ដែល​ទាក់ទាញ បើ​មាន​រូប​ត្រូវ​យក​រូប​ណា​ដែល​អ្នក​គិត​ថា​មាន​គេ​ចង់​មើល ដូចជា​រូប​តារា​ម៉ូដែល​បរទេស​អី​ហ្នុង ^_^។ ដែល​ទាក់ទាញ​ប្លក (​កំណត់​ហេតុ​បណ្ដាញ​)។ ត្រូវ​បិទ​នៅ​កន្លែង​ណា​ដែល​មាន​មនុស្ស​ចេញ​ចូល​ច្រើន ដែល​អនុញ្ញាត និង​មិន​អនុញ្ញាត​ក៏​បាន ដូចជា​របង​សាលា​រៀន។ មនុស្សម្នា​ច្បាស់​ជា​នឹង​ឃើញ ហើយ​បើ​ពួក​គាត់​មាន​ទូរស័ព្ទ​អ៊ីនធឺណិត​រឹត​តែ​ចង់​ចូល​មើល​ភ្លាម​ៗ​ក៏​ថា​ បាន។ ប្រសិន​បើ​អ្នក​បាន​ផ្ដល់​ចំណង​ជើង​និង​សេចក្ដី​ពិពណ៌នា​ដ៏​មាន​ប្រសិទ្ធិ​ ភាព​ នៅ​​លើ​ផ្ទាំង​ក្រដាស​ផ្សព្វផ្សាយ ​របស់​អ្នក​​ដោយ​មិន​ធ្វើ​ឲ្យ​គាត់​​សង្ស័យ​ នោះ​ពួកគេ​នឹង​​ក្លាយ​ជា​ភ្ញៀវ​របស់​​មាតិកា​​ប្លក​របស់​អ្នក​។

2. បង្គន់​សាធារណៈ

   បាទ! ​បង្គន់​សាធារណៈ​ក៏​ជា​មធ្យោបាយ​មួយ​ផ្សេង​ទៀត​ផង​ដែរ ​ជា​កន្លែង​ល្អ​សម្រាប់​ការ​រក​ចំណូល​ចូល​ទស្សនា​ប្លក​​របស់​អ្នក​។ នៅ​ក្នុង​ប្រទេស​ផ្សេងៗ​លើ​ពិភពលោក​ភាគ​ច្រើន ​គេ​តែងតែ​មាន​ឃើញ​អក្សរ​សរសេរ​នៅ​តាម​របង ជញ្ជាំង​ជា​ស្ទីល​អ្វី​ផ្សេងៗ (Hip Hop) ទី​នោះ ចុះ​ទម្រាំង​នៅ​ក្នុង​បន្ទប់​បង្គន់​សាធារណៈ ដែល​គ្មាន​អ្នក​ណា​ដឹង​ថា​អ្នក​សរសេរ​នោះ​ជា​អ្នក​​ណា! ដែល​​​​បង្គន់​សាធារណៈ​ត្រូវ​បាន​គេ​សរសេរ​រឿង​ផ្សេង​គ្នា​ ដូចជា​លេខទូរស័ព្ទ ឈ្មោះ នៅ​លើ​ជញ្ជាំង​បង្គន់​។ ដូច្នេះ​អ្នក​ក៏​អាច​ធ្វើ​ឱ្យ​មាន​ប្រយោជន៍​ដល់​ប្លក​របស់​អ្នក​បាន​ដែល​​។ ទុក​ URL ប្លក​របស់​អ្នក​នៅ​លើ​ជញ្ជាំង​បង្គន់។ អ្នក​ខ្លះ​គេ​ចង់​​ដឹង​ ចង់​ឃើញ​ គេ​ក៏​ចូល​ទៅ​កាន់​ URL ប្លក​​​អ្នក​ ដើម្បី​ដឹង​បន្ថែម​ទៀត​​ពី​ប្លក​យើង​ថា​មាន​អី​ខ្លះ​ដែល​គេ​ចង់​មើល​។

3. ការ​ផ្សព្វផ្សាយ​ផ្ទាល់​​មាត់

   មួយ​នេះ​ជា​វិធី​ដ៏​ល្អ​សម្រាប់​ការ​លើក​កម្ពស់​កំណត់​ហេតុ​បណ្ដាញ​របស់​ អ្នក​។ ប្រាប់ ​អ្វី​ដែល​ល្អ​អំពី​ប្លក​​​របស់​អ្នក​ទៅ​មិត្ត​ភក្តិ​របស់​​អ្នក​ និង​​លួងលោម លើក​ទឹក​ចិត្ត​ដល់​ពួក​គេ​ឱ្យ​មក​ទស្សនា​ប្លក​របស់​អ្នក​ផង​ដែរ​។ បើ​​អ្នក​ហ៊ាន​សាកល្បង​វិធីសាស្ត្រ​នេះ​ទៅ​មនុស្ស​ចម្លែក (ពួក​គេ​អាច​គិត​ថា​អ្នក​បាន​ក្លាយ​​​ទៅ​ជា​មនុស្ស​​ឆ្កួត​, បែប​អ្នក​គិត​ថា​គ្មាន​អ្វី​ត្រូវ​​​ចែក​រំលែក​​​ទៅ​កាន់​មនុស្ស​​​​មិន​ ស្គាល់​​គ្នា​នោះ​ទេ​ ប៉ុន្តែ​អ្នក​ត្រូវ​គិត​ថា នោះ​ជា​គឺ​អ្វី​ដែល​មិន​មែន​ជា​​រឿង​ធំ​នាំ​​ឲ្យ​គេ​ថា​អ្នក​ឆ្កួត​នោះ​ទេ ព្រោះ​អ្វី​ដែល​អ្នក​ចង់​បង្ហាញ​គេ​គឺ​មាន​ប្រយោជន៍ បើ​ថា​ឆ្កួត​គឺ​ឆ្កួត​នឹង​ការ​​សរសេរ​ប្ល​ក​ចែក​រំលែក​ចំណេះ​ដឹង មិន​មែន​ឆ្កួត​នឹង​រឿង​គ្មាន​បាន​ការ​នោះ​ទេ​) ។ ដើម្បី​​អស់​មន្ទិល ពួក​គេ​​ច្បាស់​ណាស់​ថា​ នឹង​ចូល​មើល​ប្លក (កំណត់​ហេតុ​បណ្ដាញ) ​របស់​អ្នក​។

4. ការ​ប្រើ​ប្រាស់​ហាង​អ៊ីនធឺណិត

   ចូល​ទៅ​​ហាង​អ៊ីនធឺណិត​​ផ្សេងៗ​គ្នា​ រួច​ព្យាយាម​ដូរ​ការ​កំណត់​ក្នុង​កម្មវិធី​បើក​អ៊ីនធឺណិត​ផ្សេងៗ​ដូចជា Firefox, Chrome Opera ជាដើម ឲ្យ​បើក​ប្លក​របស់​លោកអ្នក​ដោយ​ស្វ័យប្រវត្ត​នៅ​ពេល​បើក​កម្មវិធី browser ទាំងនោះ។ បើ​អាច​ដូរ​បាន​ច្រើន​កុំព្យូទ័រ​រឹត​តែ​ប្រសើរ តែ​កុំ​ឲ្យ​ម្ចាស់​ហាង​សង្ស័យ​ថា​អ្នក​ធ្វើ​អ្វី​ប្លែកៗ ដែល​នាំ​ឲ្យ​គេ​យល់​ច្រឡំ។ នេះ​ជា​វិធី​ល្អ​មួយ​ដែល​បើ​យើង​មាន​ប្លក យើង​គួរ​តែ​ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​គេ​បាន​ដឹង​ដោយ​មិន​ស្ទាក់ស្ទើរ។ នៅ​ពេល​ដែល​ពួក​គេ​បាន​បើក​កម្មវិធី​រុករក​ដោយ​ស្វ័យប្រវត្តិ​ ពួក​គេ​នឹង​ចូល​ទៅ​កាន់​គេ​ហ​ទំព័រ​កំណត់​ហេតុ​បណ្ដាញ​របស់​អ្នក​ភ្លាម។ ប្រសិន​​បើ​ពួក​គេ​ចាប់​អារម្មណ៍​នោះ ប្រហែល​ជា​គេ​អាច​កត់​ទុក​មើល​នៅ​ពេល​ក្រោយ​ក៏​អាច​ថា​បាន​ដែរ​។

5. ​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​​កាសែត​ (សារព័ត៌មាន)

   ប្រសិន​​បើ​អ្នក​ហ៊ាន​​ចំណាយ​​ប្រាក់​កាក់​មួយ​ចំនួន​ សម្រាប់​ការ​ផ្សព្វផ្សាយ​ប្លក​របស់​អ្នក​ ការ​ជ្រើសរើស​ការ​ផ្សាយ​តាម​ទំព័រ​​កាសែត​​​​អាច​ជា​វិធី​​ល្អ​ ដែល​អាច​ឲ្យ​អ្នក​ទស្សនា​ប្លក​​អ្នក​ តែ​នេះ​ជា​វិធី​មិន​ងាយ​មាន​អ្នក​ធ្វើ​ព្រោះ​ថា ប្លក​បង្កើត​ឡើង​មិន​សូវ​​អាច​រក​លុយ​ដូច​គេហទំព័រ​ដែល​គេ​មាន​គ្នា​ច្រើន មាន​អ្នក​សរសេរ​ដែល​មាន​ជំនាញ បើ​ជា​ប្លក​​ខ្មែរ​ទៀត​​រឹត​តែ​មិន​ងាយ​មាន​លុយ​ថែម​ទៀត​។ តែ​បើ​ហ៊ាន​ចុះ​ផ្សាយ​តាម​កាសែត គួរ​​ជ្រើស​ការ​សែត​ដែល​មាន​​អ្នក​​អាន​​ច្រើន​។ គួរ​ផ្សាយ​អ្វី​ដែល​ធ្វើ​ឱ្យ​មាន​ការ​​ចាប់​​អារម្មណ៍​ដូច​ជា "ទាញ​យក​គ្រប់​ប្រភេទ ទាញ​យក​សៀវភៅ​ខ្មែរ​ល្អៗ" ហើយ​កុំ ភ្លេច​ដាក់ URL របស់​ប្លក។ បើ​តាម​ខ្ញុំ​ដឹង​កាសែត "ភ្នំពេញ​ប៉ុស្តិ៍" គេ​​មាន​ឲ្យ​យើង​ផ្សាយ​ដំណឹង​ខ្លីៗ​ដោយ​មិន​គិត​លុយ​ដែរ ដែល​អាច​​​អ្នក​គួរ​សាក​ល្បង​បាន។

   ទាំង​​នេះ​គឺ​ជា​វិធី​ផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​មិន​ពឹង​ផ្អែក​លើ​​បណ្ដាញ​ សង្គម ក្នុង​ការ​​លើក​កម្ពស់​ ប្លក​ (កំណត់​ហេតុ​បណ្ដាញ​) របស់​អ្នក ​ដើម្បី​បង្កើន​ចំណូល​អ្នក​ទស្សនា​ប្លក​របស់​អ្នក​។ តែ​ទោះជា​យ៉ាងណា​ក៏​យើង​មិន​អាច​មើល​រំលង​បណ្ដាញ​សង្គម Facebook បាន​ឡើយ ព្រោះ​វា​ជា​ទី​បណ្ដុំ​មនុស្ស។ ប្រសិន​បើ​លោកអ្នក​មាន​​វិធី​ផ្សេង​ៗ​ទៀត ដែល​ជា​ផ្លូវ​ផ្សព្វផ្សាយ​ប្លក​បាន​នោះ ​សូម​ចូល​រួម​​ចែក​រំលែក ដោយ​បញ្ចេញ​មតិ​ខាង​ក្រោម​នេះ រាល់​មតិ​របស់​លោកអ្នក​មាន​តម្លៃ​ខ្លាំង​ណាស់​ ក្នុង​ការ​ជំរុញ​ទឹក​ចិត្ត​អ្នក​សរសេរ​ប្លក​ខ្មែរ​យើង ឲ្យ​ពួក​គាត់​មាន​កម្លាំង​បន្ត​ការ​ចែក​រំលែក​ដើម្បី​ខ្មែរ​ទាំងអស់​គ្នា៕

*បកប្រែ​និង​ថែម​​របោយ​ពី : Blogger Trix

11 ចំណុច​ដែល​ Google អាច​បិទ​ប្លក់​​​របស់​អ្នក​ឈប់​ឲ្យ​ប្រើប្រាស់

   Blogger របស់ Google គឺ​ជា​សេវា​ឥតគិតថ្លៃ ដែល​បាន​រចនា​ឡើង សម្រាប់​ការ​ទំនាក់ទំនង ដោយ​ខ្លួនឯង សេរីភាព​ខាង​ការ​បញ្ចេញ​មតិ និង​សេរីភាព​នៃ​ការ បញ្ចេញ​មតិ​យោបល់​នានា។ ទន្ទឹម​នឹង​នេះ Blogger ក៏​​​មាន​ប្រព័ន្ធ​សុវត្ថិភាព​មួយ​ចំនួន​ដែរ បើសិនជា​អ្នក​បំពាន​ទៅ​នឹង​លក្ខខណ្ឌ​ទាំង​អស់​នោះ គេ​នឹង​អាច​បិទ Blogger របស់​អ្នក​លែង​ឱ្យ​ប្រើប្រាស់។ បើ Blogger ជា ការ​រំលោភ គោលការណ៍​ណែនាំ ដែល​មាន​គុណភាព របស់ Google បន្ទាប់​មក Google នឹង​ចាត់​វិធានការ ប្រឆាំង​នឹង ថា​ការ កំណត់​ហេតុ​បណ្ដាញ blogger របស់​អ្នក ដើម្បី​ការពារ​អ្នក​ប្រើប្រាស់​របស់​ខ្លួន។

   សម្រាប់​ខ្ញុំ​ Blogger មាន​លក្ខណៈ​ពិសេស​​ជាង Wordpress ព្រោះ​ថា​មិន​ងាយ​បិទ​យើង​ចោល​​ដូច​ Wordpress ទេ។ មុន​នឹង​បិទ​យើង​ចោល​គឺ​គេ​ដឹង​ពី​មូលហេតុ​ច្បាស់លាស់ មិនមែន​គ្រាន់​តែ​គេ​រាយ​ការណ៍​បន្តិចបន្តួច​នោះ​ទេ ទើប​ពេល​នេះ​អាសត្វ​ចម្លែក​ខ្ញុំ​ ជ្រើសរើស​សេវា​បង្ហោះ​ Blogger។ សូម​​អាន​នូវ​លក្ខខណ្ឌ​ខាងក្រោម ដើម្បី​​ជា​ការ ការ​ពារ​ Blogger របស់​លោកអ្នក​​ ពី​ការ​បិទ​ចោល លេង​ឲ្យ​ប្រើ​ប្រាស់ ៖

1. ការ​សរសេរ​អត្ថបទ ៖

    Blogger ​អាច​នឹង​បិទ​គណនី​របស់​លោកអ្នក​ ប្រសិន​បើ​លោកអ្នក​បំពាន​ដោយ ដាក់​ប្រកាស​ណា​មួយ​ថា​មិន​សម​ហេតុផល មាន​ន័យ​​ថា មាតិកា​ដែល ជំរុញ​អោយ​មាន អំពើ​ហិង្សា ឆ្ពោះ​ទៅ​រក​ការ ស្អប់ ពូជសាសន៍ ជន​ជាតិ សាសនា ពិការ​ភាព ភេទ អាយុ ស្ថានភាព មនុស្ស​ចាស់ ឬ​អត្តសញ្ញាណ ការ​តម្រង់​ទិស​ទៅ​រក​ខាង​ផ្លូវ​ភេទ។ ខ្ញុំ​សូម​​ឧទាហរណ៍​អំពី​ការ​ប្រឆាំង​គ្នា​រវាង​សាសនា ៖ ពួក​សាសនា​ A មួយ ប្រឹងប្រែង​សរសេរ​​ប្រកាស​​ប្រឆាំង​នឹង​ពួក​សាសនា B ។

2. មាតិកា​ឆៅ :

    នៅ​ក្នុង​ផ្នែក​នេះ​ប្រ​ហែល​ជា​លោកអ្នក​ឆ្ងល់​ហើយ ​ថា​មាតិកា​​ឆៅ​យ៉ាង​ម៉េច? មាតិកា​ឆៅ​គឺ​ជា​ការ​ដែល​អ្នក​គ្រាន់​​តែ​ថត​​ឈុត​ឆាក​ណាមួយ ដូចជា​ការ​​វាយតប់ ជម្លោះ​​ទាស់ទែង ចោរប្លន់ ហើយ​ដាក់​ប្រកាស​ផ្សាយ ដោយ​គ្មាន​អត្ថាធិប្បាយ​ពណ៌នា​អំពី​ព្រឹត្តិការណ៍​នោះ (គឺ​គ្មាន​​ការ​បកស្រាយ​ប្រធាន) ឱ្យ​បាន​​ក្បោះក្បាយ​​នោះ​ទេ។

3. អំពើ​ហិង្សា :

    លោកអ្នក​​មិន​ត្រូវ​ប្រកាស​គំរាម​កំហែង​ដល់​ជន​ដទៃ​ណា​ម្នាក់ ឬ​​គាំទ្រ​អំពើ​របស់​របស់​ជន​ដទៃ​ណា​មួយ​ទេ។ ឧទាហរណ៍ ៖ លោកអ្នក​​លើក​ទឹកចិត្ត​ដល់​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​ណា​មួយ​ ហើយ​ជំរុញ​ឲ្យ​ទឹកចិត្ត​គេ​កាន់តែ ចង់​ទៅ​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​នោះ​ទៀត។

4. សុវត្ថិភាព​កុមារ :

    ក្រុមហ៊ុន​ Google នឹង​បិទ​ប្លក់​របស់​លោកអ្នក​ប្រសិន​បើ​លោកអ្នក​មាន​ការ​ប្រកាស​រំខាន​ដល់​កុមារ ៖
- កាម​សាស្ត្រ​កុមារ : Google នឹង បញ្ចប់​ដំណើរការ​ក្នុង គណនី របស់​អ្នក​ប្រើ ដែល​បាន​ប្រកាស​ផ្សាយ​អំពី​ការ​រួមរ័ក​កុមារ​ណាមួយ​។ ហើយ​​ក្រុមហ៊ុន Google ផង​​ដែរ​នឹង​រាយ​ការណ៍ ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ អំពី​​អំពើ​ល្មើសច្បាប់​របស់​អ្នក។
- នាំ​ទៅ​រក​ផ្លូវ​រួមភេទ : លោកអ្នក​មិន​ត្រូវ​ប្រកាស​ផ្សាយ ជា​អត្ថបទ ឬ​ការ​ប្រកាស​ជា​រូបភាព​​ដែល​នាំ​កុមារ​ទៅ​រក​ផ្លូវ​ ឬ​ចំណង់​រួមភេទ។

5. ការ​រំលោភ​បំពាន​ទៅ​លើ​​មាតិកា​របស់​អ្នកដទៃ​ដោយ​គ្មាន​ការអនុញ្ញាត :

    មាន​ប្លក់​មួយ​ចំនួន​ធំ​ដែល​បាន ចម្លង (Copy) អត្ថបទ​ប្រកាស​របស់​អ្នក​ដទៃ ប៉ុន្តែ​អ្នក​កុំ​ច្រឡំ នោះ​ជា​រឿង​មួយ​ល្អ ឬ​ជា​រឿង​មួយ​ដែល​គ្មាន​បញ្ហា​ទេ។ ប៉ុន្តែ​ផ្ទុយ​មកវិញ បើសិនជា​អ្នក​​ចម្លង​ប៉ះ​ចំ ប្លក់ ឬ​គេហទំព័រ​របស់​នរណា​ម្នាក់​ដែល​គេ​កំណាញ់​អាចម៍​ក្ដាប់​​ ហាម​មិន​ឱ្យ​ចម្លង​នោះ​ គេ​នឹង​រាយការណ៍​ទៅ​កាន់​ក្រុមហ៊ុន​ Google ពេល​នោះ​ក្រុមហ៊ុន Google នឹង​ពិនិត្យ ហើយ​​​បើ​ឃើញ​ដូច​នោះ​មែន​អ្នក​ច្បាស់​ជា​នឹង​ស៊យ​ហើយ ដូច​ឈរ​​កណ្ដាល​ទន្លេ​ឲ្យ​ក្រពើ​​អញ្ចឹង។

6. ប្រកាស​ផ្សាយ​ព័ត៌មាន​​សម្ងាត់​របស់​នរណា​ម្នាក់ :

    អ្នក​ដឹង​ហើយ​ថា អាថ៌កំបាំង​របស់​មនុស្ស​ផ្សេង​គឺ​មិនមែន​យើង​ជួយ​លាក់​នូវ​អាថ៌កំបាំង​ អាក្រក់​នោះ​ទេ មាន​ន័យ​ថា អ្នក​មិន​ត្រូវ​ផ្សព្វផ្សាយ​​រឿង​ផ្ទាល់ខ្លួន​របស់​នរណា​ម្នាក់ ដូចជា​ ៖ លេខ​ទូរស័ព្ទ លេខ​ប័ណ្ណឥណទាន ឬ​បណ្ដាញ​ទំនាក់ទំនង​ណា​មួយ​នោះ។

7. ការ​លាក់​អត្តសញ្ញាណ​ពិត ហើយ​ប្រកាស​តិះដៀល​ដល់​នរណា​ម្នាក់ :

    អ្នក​ពុំ​គប្បី​នឹង​ប្រកាស​ដោយ​ធ្វើ​ការ​តិះដៀល​ដល់​ជន​ណា​មួយ ហើយ​​លាក់​អត្តសញ្ញាណ​ពិត​របស់​ខ្លួន​នោះ​ទេ ឬ​អ្នក​ប្រាប់​អត្តសញ្ញាណ​ក្លែងក្លាយ​ដោយ​ដាក់​អត្តសញ្ញាណ​អ្នក​ផ្សេង។

8. សកម្មភាព​ខុសច្បាប់ :

    ចូរ​កុំ​ប្រើ blogger ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​ខុសច្បាប់ ឬ​ដើម្បី​លើកកម្ពស់ សកម្មភាព​មាន​គ្រោះថ្នាក់​និង ខុសច្បាប់។ ឧទាហរណ៍ ​៖ ​អ្នកនិពន្ធ​អត្ថបទ​នានា​ដែល​ជំរុញ​ប្រជាជន​ឲ្យ​ផឹក​ស្រា លេង​ស្រី​ ជាដើម ដែល​នាំ​អាប់ឱន​កិត្តិសព្ទ​ជាតិ។

9. ឈ្មោះ​ប្លក់ ដែល​មិន​អាច :

    ឈ្មោះ​ប្លក់​របស់​អ្នក​ពុំ​គប្បី​ដាក់ (xxxxxxx.blogspot.com) ទេ ព្រោះ​អាស័យដ្ឋាន​នេះ​ពុំ​មាន​ការ​អនុញ្ញាត​ ពោល​គឺ​វា​ប្រ​ឈមមុខ​ទៅ​នឹង​ការ​បិទ​ខ្លាំង​ណាស់។

10. មេរោគ :

    Blogger ត្រូវ​បាន​ហាមឃាត់​យ៉ាង​តឹងរឹង​ចំពោះ​អ្នក​ ក្នុង​ការ​ដែល​អ្នក​ព្យាយាម​ដំឡើង​កម្មវិធី ឬ​បញ្ជូន​មេរោគ​ផ្សេងៗ​ទៅ​ក្នុង​ប្លក់។ ពិសេស​អ្នក​ដែល​បង្កប់​កូដ​ព្យាបាទ ដល់​អ្នក​ប្រើប្រាស់​ប្លក់​អ្នក។

11. បើ​គេ​​ក្រុមហ៊ុន​បិទ​យើង​ហើយ :

    ខ្ញុំ​សូម​ផ្ដល់​យោបល់​ទៅ​លោកអ្នក បើសិនជា​លោកអ្នក​ត្រូវ​បាន​ទទួល​សារ ថា​ប្លក់​របស់​លោកអ្នក​នឹង​ត្រូវ​បិទ​ហើយ លោកអ្នក​ពុំ​គប្បី​ ទុក​ការ​ប្រកាស​របស់​អ្នក​​បន្ត​ទៀត​ទេ អ្នក​គប្បី​ត្រូវ​លុប​វា​ចោល​ទើប​ជា​ការ​ប្រសើរ ព្រោះ​ក្រែង​មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ ព្រោះ​វា​​លែង​​មាន​សុវត្ថិភាព​ហើយ។ :D

    សង្ឃឹម​ថា​ហេតុផល​ទាំងអស់​ខាងលើ​អ្នក​ទាំងអស់​គ្នា​អាច​ទទួល​យក​បាន​ ដើម្បី​ចៀសវាង​ការ​បិទ​ប្លក់​អ្នក​ចោល​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​ បើ​ដឹង​ហើយ​គួរ​ចៀសវាង​ទើប​ប្រសើរ។

គោលការណ៍ 10 យ៉ាង​នាំឲ្យ​ចងចាំ​មេរៀន​បាន​ល្អ

1. ត្រូវ ​មាន​ទឹកចិត្ត​ស្រឡាញ់​ចំណេះដឹង លុះត្រា​ណា​តែ​ពេញចិត្ត​នឹង​ការ​រៀន ទើប​រៀន​ទៅ​ចងចាំ​មេរៀន​បាន​ល្អ បើ​មិន​មាន​ចិត្ត​រៀន​ហើយ​ពិបាក​ចងចាំ​ណាស់។

2. ជ្រើសរើស​យក​គោល​សំខាន់​នៃ​មេរៀន​យក​មក​រៀន រួច​ស្វែងយល់​លម្អិត​លើ​ចំនុច​ធំៗ​នីមួយៗ។ ចំនុច​គោល​ធំៗ​ប្រៀប​ដូច​ជា​មេដែក ចំណែក​ឯ​ចំនុច​លំអិត​ប្រៀប​បាន​ដូចជា​កំទេច​ដែក កាលណា​យើង​ចាប់​បាន​មេដែក​ហើយ នោះ​យើង​អាច​ស្រូប​ទាញ​យក​កំទេច​ដែក​បាន​ដោយ​ងាយ។ វិធី​នេះ​ជួយ​មិន​ឲ្យ​ខួរក្បាល​នឿយហត់​ខ្លាំង​ពេក ពោល​គឺ​ចាប់​យក​តែ​ចំនុច​ធំៗ​មក​ពិចារណា។

3. រៀន​ដើម្បី​ចេះ មិនមែន​រៀន​តែ​ពេល​ប្រឡង​ទេ ដូច្នេះ​ជានិច្ចកាល​ចូរ​ខិតខំ​រៀន​ និង​ចងចាំ​ខ្លឹមសារ​មេរៀន។

4. ចេះ​ចំណេះដឹង​មូលដ្ឋាន​កាន់តែ​ច្រើន​កាន់​តែ​ល្អ ៖ ប្រសិន​បើ​យើង​ស្តាប់​រឿង​អ្វី​មួយ​ដែល​ថ្មី​ស្រឡាង​នោះ​យើង​ពិបាក​ចាប់​បាន អត្ថន័យ​ទាំងស្រុង​ណាស់ តែ​បើ​យើង​ធ្លាប់​ដឹង​ ឬ​មាន​បទពិសោធន៍​វិញ នោះ​យើង​នឹង​ចាប់​បាន​ខ្លឹមសារ​ដោយ​ងាយ។ និស្សិត​ភាគ​ច្រើន​តែង​យល់​ច្រឡំ​ថា​ការ​រៀន​មុខវិជ្ជា​នៅ​ឆ្នាំ​មូលដ្ឋាន ក្រៅ​ពី​ជំនាញ​របស់​ខ្លួន​គឺ​ជា​រឿង​ឥតប្រយោជន៍ តាម​ការពិត​វា​ជួយ​ឲ្យ​ពួកគេ​ងាយ​ចាប់​បាន ងាយ​សិក្សា​ជំនាញ​ផ្សេង​ទៀត។ មុខ​អាជីព​នា​ពេល​អនាគត តែង​ចាប់ផ្តើម​ពី​ការសិក្សា​នៅ​ឆ្នាំ​ទី 1។

5. រៀបចំ​ចំណេះដឹង​ឲ្យ​មាន​របៀបរៀបរយ ប្រសិន​បើ​អ្នក​ចង់​ទិញ​របស់​ទាំងអស់​ខាងក្រោម​នេះ អ្នក​ប្រាកដ​ជា​ពិបាក​ចងចាំ​ទាំងអស់​ណាស់ : សាច់ គោ ត្រសក់ ដូង ជី ល្ហុង សាច់ក្រក ដែកគោល ជក់ សៀវភៅ ត្រីងៀត ល្ពៅ ពូថៅ ប៊ិច ការ៉ុត…។ តែ​បើ​អ្នក​រៀបចំ​ជា​ផ្នែកៗ​វិញ ពិតជា​ពុំ​សូវ​ពិបាក​ចាំ​ទេ​ :
  • បន្លែ : ត្រសក់ ល្ពៅ ដូង ជី ល្ហុង ការ៉ុត
  • សាច់ : សាច់គោ សាច់ក្រក ត្រីងៀត
  • សម្ភារ : រោងជាង : ដែកគោល ពូថៅ ជក់
  • សម្ភារ : សិក្សា : សៀវភៅ ប៊ិច
   ចំណេះដឹង​ក៏​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ ប្រសិន​បើ​មិន​រៀប​ឲ្យ​មាន​របៀប​ទេ មិន​អាច​ចងចាំ​បាន​ល្អ​ឡើយ។

6. ទន្ទេញ : ដើម្បី​ឲ្យ​ចងចាំ​បាន​យូរ គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ទន្ទេញ​ទេ។ ចូរ​រៀបចំ​មេរៀន​ឲ្យ​មាន​លំដាប់លំដោយ រួច​ហើយ​ទន្ទេញ​ឲ្យ​ចាំ។ ពេល​ទន្ទេញ​ចូរ​អាន​ឲ្យ​លឺៗ ឬ​សរសេរ ឬ គូសវាស ធ្វើ​បែបនេះ​ជួយ​ឲ្យ​ងាយ​ចងចាំ​បាន​ល្អ។

7. សង្ខេប​ : អ្នក​ចិត្តវិទ្យា​ជឿ​ថា ខួរក្បាល​របស់​មនុស្ស​ត្រូវ​ការ​ពេល 4 វិនាទី ទៅ 15 វិនាទី ដើម្បី​បង្រួម​ព័ត៌មាន​ដែល​ទទួល​បាន។ ព័ត៌មាន​ដែល​អ្នក​ទទួល​បាន​ពី​មេរៀន​នីមួយៗ នៅ​មាន​សភាព​ទូលាយ​នៅ​ឡើយ ដូចនេះ​អ្នក​គួរតែ​រក​ពេល​វេលា​បង្រួម​សង្ខេប​វា​ឲ្យ​ងាយស្រួល​ចងចាំ។ អ្នក​គួរ​អាន​មេរៀន​ត្រួសៗ​ឡើង​វិញ​ពេល​រៀន​ចប់​ភ្លាមៗ​ដើម្បី​ឲ្យ​ខួរ ក្បាល​ងាយស្រួល​ចងចាំ​ទុក។ បើ​ទន្ទេញ​ទៀត កាន់​តែ​ប្រសើរ។

8. បែងចែក​ពេល​វេលា​ខ្លីៗ​សិក្សា : វិធី​នេះ​មាន​ប្រយោជន៍​ជាង​សិក្សា​រយៈពេល​ច្រើន​ម៉ោង​ដោយ​មិន​សម្រាក ពី​ព្រោះ (1) រាងកាយ​និង​អារម្មណ៍​បាន​សម្រាក (2) មាន​អារម្មណ៍​ក្លៀវក្លា​ក្នុង​ការសិក្សា (3) អស់​បញ្ហា​រឿង​មុខវិជ្ជា​ដែល​មិន​ចូលចិត្ត​រៀន ព្រោះ​រៀន​តិចៗ​ខ្លីៗ (4) សន្ទុះ​សិក្សា​កើន​ឡើង ខួរក្បាល​បើក​ទូលាយ​ចំពោះ​រឿង​អតីតកាល​និង​អនាគតកាល។ ការ​រៀន​ដោយ​ប្រើ​ពេល​ខ្លីៗ​រួម​មាន​ដូចជា : រៀន​ពេល​ចេញ​លេង​ម្តងៗ រៀន​ពេល​ដើរ​មក​ថ្នាក់​រៀន ឬ​រៀន​ពេល​ដើរ​ទៅ​ចំណត​ម៉ូតូ/ឡាន ដែល​ប្រើ​រយៈពេល​ត្រឹម 5 នាទី ឬ 10 នាទី។

9. ប្រើ​លំនឹក​គិត ឬ​រូបភាព​ជួយ​ដល់​ការ​ចងចាំ ដូចជា​ប្រើ​ដ្យាក្រាម​ជាដើម ដែល​ធ្វើ​ឲ្យ​ខួរក្បាល​ដើរ 100%។ អ្នកវិទ្យាសាស្ត្រ​រក​ឃើញថា ខួរក្បាល​មនុស្ស​ចែក​ជា​ពីរ​ផ្នែក ខាងឆ្វេង​សម្រាប់​ទទួល​ព័ត៌មាន​ជា​សូរ​សំលេង ឯ​ខាងស្តាំ​សម្រាប់​ទទួល​ព័ត៌មាន​ជា​រូបភាព(ឃើញ​ភ្នែក)។ ប្រសិន​បើ​អ្នក​ទន្ទេញ​មេរៀន​តាម​តែ​ពាក្យ​នោះ​មាន​ន័យ​ថា​ប្រើ​បាន​តែ ចំណែក​ម្ខាង​របស់​ខួរក្បាល​តែ​ប៉ុណ្ណោះ។ តែ​បើ​អ្នក​ទន្ទេញ​ដោយ​ប្រើ​ពាក្យ​គួបផ្សំ​ជាមួយ​និង​រូបភាព ឬ​គំនូសតាង ផ្សេងៗ នោះ​អ្នក​នឹង​បាន​ប្រើ​នូវ​ថាមពល​ពេញលេញ​របស់​ខួរក្បាល។

10. យក​រូបភាព​ឬ​វត្ថុ​តាង​ណាមួយ​ទុកជា​ការ​ចំណាំ​ផ្ទាល់​ខ្លួន ឧទាហរណ៍​យក​មេរៀន​ចាស់​ដែល​យើង​ចាំ​បាន​ល្អ​ហើយ មក​ភ្ជាប់​ជាមួយ​មេរៀន​ថ្មី ធ្វើ​ដូច្នេះ​ពេលណា​នឹក​ដល់​មេរៀន​ចាស់ មេរៀន​ថ្មី​ក៏​លេច​ផុស​ឡើង ងាយស្រួល​ចាំ មិន​បាច់​ប្រើ​កម្លាំង​គិត​ច្រើន។

រៀន​យ៉ាងម៉េច​ទើប​ទទួល​បាន​ចំណេះដឹង​អតិបរមា?

ច្រក​ផ្លូវ​សំខាន់​ដែល​អាច​ផ្ដល់​ចំណេះដឹង​​ដល់​អ្នក​សិក្សា​រៀន​សូត្រ​រួមមាន ៖
1. ការ​អាន
2. ការ​សរសេរ
3.​ ការ​សន្ទនា
4. ការ​សង្កេត

៙ ការ​អាន ៚

គួរ​ជ្រើសរើស​ យក​សៀវភៅ​ណា​ដែល​ផ្ដល់​ចំណេះដឹង។ គួរ​ជៀសវាង​សៀវភៅ​ដែល​អាច​ប្រែក្លាយ​ជា​ថ្នាំពិស ឬ​សៀវភៅ​ណា​ដែល​អាន​ហើយ​ស្រង់​យក​ប្រយោជន៍​គ្មាន​ ខាតពេល​ឥតប្រយោជន៍។ ដើម្បីនឹង​បាន​ប្រយោជន៍​អតិបរមា​ពី​សៀវភៅ​ គេ​គួរ​ប្រតិបត្តិ​តាម​គោលការណ៍​ដូចតទៅ :
- ខិតខំ​អាន​សៀវភៅ​មួយ​ក្បាល​ ឲ្យ​យល់​សេចក្ដី​ជាក់ច្បាស់ ចាំ​ខ្លឹមសារ​សំខាន់​ៗ ប្រសើរ​ជាង​អាន​សៀវភៅ​ដប់​ក្បាល តែ​ចាប់​យក​គោល​សំខាន់​មិន​បាន។
- ទោះបី អាន​សៀវភៅ​ក្ដី ស្ដាប់​សន្ទរកថា​ក្ដី ចូរ​កុំ​ស្ដាប់​ឬ​អាន​ត្រឹម​តែ​សេចក្ដី​ដែល​បាន​ឮ ឬ​ឃើញ។ ចូរ​ពិចារណា​ឲ្យ​ចូល​ដល់​ជម្រៅ​​អាថ៌​កំបាំង​ពី​ខាងក្រោយ​អត្ថបទ​របស់​ អ្នកនិពន្ធ។
- ពេល​អាន​សៀវភៅ​ត្រូវ​ខិតខំ​វិនិច្ឆ័យ​ថា​អ្នកនិពន្ធ​មាន​វិធី​និពន្ធ​ យ៉ាងម៉េច? ចូលចិត្ត​និពន្ធ​រឿង​អ្វី​ច្រើន​ជាងគេ? ហើយ​គួរ​ប្រៀបធៀប​ជាមួយ​ស្នាដៃ​របស់​អ្នកនិពន្ធ​ផ្សេង​ទៀត​ តើ​មួយ​ណា​ល្អ​ជាង?
- ប្រការ​សំខាន់​បំផុត គឺ​រាល់​ពេល​អាន​ចប់​ ត្រូវ​ខិតខំ​នឹក​ថា​យើង​ទទួល​បាន​សេចក្ដី​អ្វីខ្លះ ហើយ​យើង​បាន​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​អាន​សៀវភៅ​នេះ។

៙ ការ​សរសេរ ៚

ចំណេះ​ដឹង​ ដែល​ទទួល​បាន​មក​ហើយ ជួនកាល​នៅ​ស្រពិចស្រពិល ប៉ុន្តែ​លុះ​បាន​ចាប់​ប៊ិច​សរសេរ​ចេញ​មក​ហើយ​ ក៏​ស្រាប់​តែ​ច្បាស់លាស់​ឡើង​ភ្លាម​មួយរំពេច។ ការ​សរសេរ​​មិន​ត្រឹមតែ​ជួយ​កត់ត្រា​កុំ​ឲ្យ​ភ្លេច​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​នាំ​ផ្លូវ​ឲ្យ​កើត​គំនិត​ថ្មីៗ​ទៀត​ផង។ សូម​ធ្វើ​តាម​ការ​ណែនាំ​ខាងក្រោម​ដើម្បី​ឲ្យ​ខួរក្បាល​កាន់តែ​រស់រវើក :
- ហ្វឹកហាត់​សរសេរ​ជា​រៀងរាល់​ថ្ងៃ នោះ​លោកអ្នក​នឹង​ឃើញ​ថា​គំនិត​រត់​មក​លោកអ្នក​ច្រើនជាង​ពេល​ដែល​លោក​អ្នក​គិត​ឬ​និយាយ ជា​អនេក។
- ប្រសិនបើ​មាន​គំនិត​អ្វី​ថ្មី​លេចឡើង​ ត្រូវ​សរសេរ​ទុក​ភ្លាម។
- ត្រូវ​ហាត់​កត់ត្រា​កិច្ចការ​ដែល​លោកអ្នក​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃស្អែក។ ស្អែក​ឡើង​ត្រូវ​ពិនិត្យមើល​ កិច្ចការ​ទាំងនោះ តើ​បាន​ធ្វើអ្វី​ខ្លះ​ មិន​បាន​ធ្វើ​អ្វីខ្លះ។ ប្រសិនបើ​លោកអ្នក​ធ្វើ​បាន​ដូច្នេះ រាល់​ថ្ងៃ​ ត្រឹម​តែ​មួយ​ខែ​ប៉ុណ្ណោះ លោកអ្នក​នឹង​ឃើញ​ថា​ខ្លួនឯង​ប្រែប្រួល។

៙ ការ​សន្ទនា ៚

ការ​សន្ទនា​ គឺជា​ផ្លូវ​ដ៏​ប្រសើរ​មួយ​ដែល​ជួយ​ឲ្យ​យើង​ទទួល​បាន​ចំណេះ​ និង​គំនិត​ជាច្រើន​ ទោះ​ជា​ការ​សន្ទនា​​នោះ​ជាមួយ​មនុស្ស​ប្រភេទ​ណា​ក៏​ដោយ។
- ពេល​សន្ទនា​ជាមួយ​នរណា​ម្នាក់​ យើង​គួរ​ដឹកនាំ​ការ​សន្ទនា​ចូល​ដល់​រឿង​ដែល​ដៃគូ​សន្ទនា​ស្ទាត់ជំនាញ​បំផុត។ នេះ​ជា​ផ្លូវ​នាំ​ឲ្យ​យើង​ទទួល​បាន​ចំណេះ​ថ្មី​ៗ។
- គួរ​ព្យាយាម​ស្ដាប់​ឲ្យ​បាន​ច្រើន និង​និយាយ​តិច​តួច​បាន​ហើយ​ ព្រោះ​អ្នក​និយាយ​ច្រើន ច្រើន​តែ​គេ​ធុញទ្រាន់។

៙ ការសង្កេត ៚

ចំណេះ​ដែល​ មាន​ប្រយោជន៍​ក្រៃលែង​ដល់​យើង​ បាន​មក​ពី​ការសង្កេត។ ការសង្កេត​ធ្វើ​ឲ្យ​យើង​ទទួល​បាន​ចំណេះ​ថ្មីៗ​ និង​ស្រូប​ទាញ​យក​ចំណេះ​ដឹង​បាន​ពី​គ្រប់​ទី​កន្លែង។
- ត្រូវ​ខិតខំ​ហាត់​សង្កេត មើល​វត្ថុ​ផ្សេង​ៗ​ដោយ​ល្អិតល្អន់ កុំ​មើ​ល​ត្រឹមតែ​សំបក​ក្រៅ។
- ព្យាយាម​សង្កេត ដោយ​ធ្វើ​ហាក់​ដូចជា​នឹង​ត្រូវ​នរណា​សួរ​យើង​អំពី​វត្ថុ​នោះ ហើយ​យើង​ប្រុងប្រៀប​នឹង​ឆ្លើយ​ប្រាប់​ពេញលេញ​គ្រប់ជ្រុងជ្រោយ។
កាល​បើ​បាន​ប្រតិបត្តិ​តាម​ គោល​ទាំង 2 ខាងលើ​ជា​ប្រចាំ​ហើយ យើង​នឹង​ទទួល​បាន​ប្រយោជន៍​ជាទីបំផុត ព្រោះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ មាន​របស់​ច្រើន​ណាស់​ដែល​ឆ្លងកាត់​ភ្នែក​ត្រចៀក​យើង។ របស់​ទាំងនោះ​អាច​នឹង​មាន​ប្រយោជន៍​ដល់​យើង កាលបើ​មិន​ចេះ​សង្កេត​​ ក៏​ទុក​ដូចជា​ការ​បណ្ដោយ​ឲ្យ "កំណប់​ទ្រព្យ​ដើរ​រំលង​ទៅ​ជា​រៀង​រាល់​ថ្ងៃ"។

(ស្រង់​ចេញពី​សៀវភៅ "នយោបាយ​អប់រំ​ខួរក្បាល" និពន្ធ​ដោយ ម៉ៅ សុវណ្ណា បោះពុម្ព​លើ​ទី 1 ឆ្នាំ 1971)