Tuesday, December 17, 2013

អ្វី​ជា​ឥរិយាបថ, អ្វី​ជា​អាកប្បកិរិយា?

 នៅក្នុងវចនានុក្រមថ្មី ពាក្យ attitude គេបកថា ឥរិយាបថផង និងជាអាកប្បកិរិយាផង ដែលមើលតាមទំនង ដូចជាគ្មានការបែងចែក អោយដាច់គ្នាច្បាស់លាស់ រវាងឥរិយាបថ និង អាកប្បកិរិយាសោះឡើយ។ ចំពោះពាក្យ attitude ដដែល ថ្វីដ្បិតតែគេដាក់ថា ជាឥរិយាបថផងដែរ ប៉ុន្តែពេលគេបកប្រែ គេច្រើនជ្រើសរើសយកពាក្យ អាកប្បកិរិយាមកប្រើ, ហើយពេលខ្លះ គេយកពាក្យឥរិយាបថមកប្រើវិញ, ឧទាហរណ៍៖ Attitude of the body, គេបកថា ឥរិយាបថ, ចុះ attitude of the mind or mental attitude គេគិតបកថាម៉េចវិញ?
តាមពិត ការបកប្រែតាមរបៀបនេះ ក៏មិនខុសដែរ ពីព្រោះការយល់ដឹង ផ្នែកចិត្តវិទ្យារបស់ខ្មែរ នៅមានកម្រិត។ នៅមុនពេលយល់ដឹងអំពីចិត្តវិទ្យា ពាក្យ attitude នៅក្នុងភាសាអង់គ្លេស ក៏មាននន័យត្រឹមតែ ផ្លូវឬគន្លងនៃឥរិយា គឺការដើរ, ឈរ, អង្គុយ, ដេក ប៉ុណ្ណោះដែរ ប៉ុន្តែក្រោយមក គឺបន្ថែមនិយាយន័យថ្មីថា ជារបត់គំនិត ឬអារម្មណ៍ ដែលឆ្លុះបញ្ចាំងតាមអាកប្បកិរិយា។
បើយើងប៉ាតយកតាមរបៀបខ្មែរ គឺអាកប្បកិរិយា និងឥរិយាបថ មានន័យប្រហាក់ប្រហែលគ្នា ប៉ុន្តែមានលំដាប់លំដោយផ្សេងគ្នា។ ឥរិយាបថ គឺសំដៅទៅគម្រូ ឬលំអាន នៃរបត់គំនិត+អារម្មណ៍+កិរិយា, ចំណែកអាកប្បកិរិយា គឺគ្រាន់តែជាអំពើ, កាយវិការ, ឬសកម្មភាព ដែលជំរុញដោយឥរិយាបថ -ឱទាហរណ៍៖ អ្នកដែលមានឥរិយាបថអវិជ្ជមាន (negative attitude) រមែងមានអាកប្បកិរិយា (behavior) មិនល្អ។
ខ្មែរយើងសំបូរពាក្យច្រើនណាស់ ប៉ុន្តែការប្រើប្រាស់ ពុំមានការចំចំណុចបានត្រឹមត្រូវ ហើយការយល់នៅមានកម្រិត ពីព្រោះចំណេះដឹងរបស់យើង ដើរថយក្រោយតាំងពីសម័យប៉ុលពត។ ខ្ញុំលើកឧទាហរណ៍ ជាក់ស្ដែងមួយទៀត គឺពាក្យថាមពល។ តើអ្នកអានប៉ុន្មាននាក់នៅទីនេះ អាចគិតដល់អគ្គិសនី, ឧស្ម័ន, ពន្លឺព្រះអាទិត្យ, កម្លាំងខ្យល់, ខ្ទឹមបារាំង ។ល។ នៅពេលដែលឮពាក្យថាមពល? Energy assistance មានន័យថា ជំនួយ[សម្រាប់បង់ថ្លៃ]ថាមពល ដែលមាន ទឹក, ភ្លើង, ទូរស័ព្ទ, ឧស្ម័ន…។ល។ ប៉ុន្តែបើនៅស្រុកខ្មែរ នៅពេលគេឃើញពាក្យ ជំនួញថាមពល គឺអាចគិតដល់ថ្នាំប៉ូវកម្លាំង ក៏អាចថាបាន, ដូច្នេះ អ្នកបកប្រែ អាចត្រូវបង្កើតពាក្យថ្មី តាមកម្រិតយល់ដឹងរបស់ខ្លួន។
នៅមុនសម័យ ដែលគេមិនទាន់បានរកឃើញ ថាមពលថ្មីទាំងនេះ ពាក្យថា energy ក្នុងភាសាអង់គ្លេស ក៏មានមានន័យត្រឹមតែ កម្លាំងចិត្តនិងកម្លាំងកាយ; កម្លាំងយ៉ាងស្វាហាប់, កម្លាំងដ៏លើសលុបឬដ៏ក្លាខ្លាំង : ថាមពលបរមាណូ, កីឡាអាចញ៉ាំងថាមពលឲ្យកើតមានពេញលេញ (ចម្លងពីវចនានុក្រមខ្មែរ)… ដូចគ្នានឹងពាក្យថាមពល ដែលខ្មែរប្រើដូច្នោះដែរ។ នៅពេលវិទ្យាសាស្ត្រកាន់តែរីកចម្រើន របកគំហើញថ្មីៗ កាន់តែកើនចំនួន, ភាសារបស់គេ ក៏មានការប្រែប្រួលទៅតាមហ្នឹងដែរ, ពោលគឺ គេប្រើពាក្យដដែល ដោយគ្រាន់តែបន្ថែម និយមថ្មីប៉ុណ្ណោះ។ ចំណែកខ្មែរយើង ដែលគ្រាន់តែដើរតាមគេ ក៏ពិបាកអោយតាមទាន់ណាស់ទៅហើយ ជាពិសេសក្នុងរឿងភាសាតែម្ដង ពីព្រោះយើងប្រកាន់ ឥរិយាបថចង្អៀតចង្អល់ សំអាងទៅលើតែក្បួនតម្រាចាស់ៗ។ តួយ៉ាង ការស្រាវជ្រាវ និងកំណែថ្មី នៅក្នុងសម័យសាធរណរដ្ឋ គឺសុខចិត្តបំបាត់ចោល ដើម្បីកុំអោយជាប់ក្លិនរបបនេះ ហើយសុខចិត្តត្រឡប់ទៅដើម ចាប់ផ្ដើមឡើងសាជាថ្មីវិញ។
ដូច្នេះ នៅក្នុងការចម្លងតាម ឬការបកប្រែក្ដី យើងគួរផ្អែកទៅលើពាក្យដើម ហើយបន្ថែមអត្ថន័យថ្មី ជាជាងបង្កើតពាក្យបន្ថែម (ជាពិសេស ក្នុងវិស័យ IT) ដែលនឹងធ្វើអោយកាន់តែស្មុគស្មាញ បន្ថែមទៅលើភាពស្មុគស្មាញ ដ៏”សំបូរបែប” ដែលកំពុងមានស្រាប់។
នេះគ្រាន់តែជាការយល់ឃើញមួយជ្រុង របស់បុត្រាខ្មែរប៉ុណ្ណោះ ហើយមិនចាត់ទុកថា ជាភាពត្រូវដាច់ខាតនៅឡើយទេ។ បុត្រាខ្មែរ សូមស្វាគមន៍ ចំពោះការចូលរួមយោបល់ ដោយមេត្រីភាព។

ភាព​លាក់​ពុត​នៃ​ភាសិ​តខ្មែរ “​ពុត​គ្រូ​កុំ​ត្រាប់ ច្បាប់​គ្រូ​សឹម​យក”

yuckនៅក្នុងសម្ភាសន៍ ជាមួយវិទ្យុអាស៊ីសេរី អំពីសុភាសិតខ្មែរ “ពុតគ្រូកុំត្រាប់ ច្បាប់គ្រូសឹមយក”, លោកព្រឹទ្ធាចារ្យ មាស លី បកស្រាយថា «ទ្រឹស្ដីរបស់អ្នកប្រាជ្ញហ្នឹងក៏តៗគ្នាមក ដើម្បីប្រៀនប្រដៅកូនខ្មែរ។ ពុតគ្រូហ្នឹងវាមានល្បិចកលច្រើនដែរ ការបង្រៀនរបស់គ្រូហ្នឹង។ លក្ខណៈរបស់គ្រូហ្នឹង គឺលោកបង្រៀនចង់ឲ្យសិស្សចេះ ប៉ុន្តែលក្ខណៈដែលជាចរិតអត្តចរិតរបស់គ្រូហ្នឹង ជួនកាលគ្រូខ្លះកាច ជួនកាលគ្រូខ្លះរាយមាយ ជួនកាលគ្រូខ្លះធ្វើអំពើអត់ប្រយោជន៍។ ទាំងអស់ហ្នឹង កុំយកទៅតាមពុតហ្នឹង លោកមិនឲ្យត្រាប់ទេ»។
អ្វីដែលលោកបកស្រាយ អំពីអត្ថន័យរបស់សុភាសិត គឺពុំមានកន្លែងណាខុសទេ, អ្វីដែលខុស គឺគំនិតនៅពីក្រោយសុភាសិតនេះតែម្ដង។ ការអប់រំមនុស្ស ពុំអាចចេះតែនិយាយចេញ អោយផុតពីមាត់ ហើយរំពឹងអោយគេ ធ្វើតាមសម្ដីខ្លួននោះឡើយ។ របៀបរីកចម្រើនរបស់មនុស្សលោក គឺការរៀនធ្វើតាមគ្នា ពីមួយទៅមួយជាគំរូ។ សូម្បីតែសត្វតិរិច្ឆាន ក៏វាត្រាប់តាមគ្នាដែរ។
ដូច្នេះ, អ្នកដែលបង្កើតសុភាសិតនេះឡើង គឺដើម្បីលើកលែងអោយខ្លួន អាចធ្វើអ្វីផ្ទុយនឹងការបង្រៀនរបស់ខ្លួន នៅខណៈដែលខ្លួន កំពុងបង្គាប់បញ្ចាគេ អោយគោរពតាមការអប់រំរបស់ខ្លួនប៉ុណ្ណោះ។ នេះគេហៅថា “គីង្គក់លក់ថ្នាំស្រែង”។ សូមមនុស្សជំនាន់ក្រោយ កុំយកភាសិតសម្អុយនេះ មកអនុវត្តទៀត ពីព្រោះវាជាការបង្រៀន និងជាលេស សម្រាប់អោយមនុស្ស មានភាពលាក់ពុតប៉ុណ្ណោះ។
បើចង់អោយមនុស្សគោរព, គួរប្រព្រឹត្តិខ្លួនជាគម្រូ។ បើខ្លួនបង្រៀនគេអំពីសីលធម៌សង្គម ត្រូវប្រព្រឹត្តិខ្លួន អោយស្របនឹងគោលការណ៍ នៃអ្វីដែលខ្លួនកំពុងបណ្ដុះបណ្ដាល។ បើខ្លួនជាមន្ត្រីច្បាប់ ត្រូវគោរព និងអនុវត្តទៅតាមគោលការណ៍ច្បាប់។ បើខ្លួនជាព្រះសង្ឃ ត្រូវប្រព្រឹត្តិខ្លួនអោយសមនឹងធម៌វិន័យ។ នោះហើយជាការដឹកនាំដោយគំរូ។ ការអប់រំមនុស្ស គឺគេត្រូវដឹកនាំពីមុខ ដូចគ្នានឹងការដឹកមុខគោក្របីដូច្នោះ។ យើងមិនអាចរុញពីក្រោយ ហើយខឹងគោដើរមិនត្រង់ផ្លូវនោះឡើយ។ សូមធ្វើខ្លួនជាអ្នកដឹកនាំ កុំធ្វើជាអ្នកបញ្ជា!!!

Monday, December 16, 2013

កំពូល​តារា​សិចស៊ី​ទាំង​១០​​​​របស់​​ទស្សនាវដ្ដី ​​FHM ហ្វីលីពីន

 កាល​ពី​ម្សិលមិញ ប្រិយមិត្ត​បាន​ឃើញ​រួច​មក​ហើយ នូវ​សម្រស់​របស់​កំពូល​តារា​ម៉ូដែល​សិចស៊ី​នៅ​ប្រទេស​កូរ៉េ ប្រចាំ​ឆ្នាំ​២០១៣។ ដោយ​ឡែក​ថ្ងៃ​នេះ​យើង​ក្រឡេក​ទៅ​មើល​កំពូល​តារា​សិចស៊ី​នៅ​ហ្វីលីពីន​ វិញ​​ម្ដង។ ខាង​ក្រោម​នេះ​គឺ ជា​កំពូល​តារា​សិចស៊ី​ប្រចាំ​ឆ្នាំ​២០១៣ ទាំង​១០​នាក់ របស់​ទស្សនាវដ្ដី FHM ក្នុង​ប្រទេស​ហ្វីលីពីន ដែល​ក្នុង​នោះ​តួ​ឯក​ម៉ារីម៉ា ហ្វីលីពីន Marian Rivera គឺ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​មួយ។ ឥលូវ​យើង​ទៅ​មើល​មុខមាត់ ​និង​រូបរាង​តារា​សិចស៊ី​ទាំង​នោះ​ តិច​មើល៍ ថា​តើ​សក្ដិសម​ជា​កំពូល​តារា​សិចស៊ី​ប្រចាំ​ឆ្នាំ​២០១៣​ដែរ​ឬទេ?

1. Marian Rivera
2. Sam Pinto
3. Angel Locsin
4. Jennylyn Mercado
5. Anne Curtis
6. Solenn Heussaff
7. Cristine Reyes
8. Ellen Adarna
9. Jackie Rice
10. Angelica Panganiban
ប្រែ​សម្រួល៖ វ៉ាន់ ថន
ប្រភព៖ Allvoices

ណែនាំ​​ឲ្យ​ស្គាល់​ការងារ​ដំបូង​​របស់​កំពូល​មហាសេដ្ឋី​​ ១០ ​រូប​​ដែល​អ្នក​​​នឹក​ស្មាន​មិន​ដល់

កុំ​ឃើញ​​មហាសេដ្ឋី​ធំៗ​ ​វិមាន​ដ៏​ធំ​ស្កឹមស្កៃ ​​សម្ភារៈ​ប្រើប្រាស់​ទំនើបៗ ​និង​​មាន​ប្រាក់​ចាយ​ហូរហៀរ​មិន​ខ្វះ​ថា ​ពួកគាត់​សុទ្ធ​តែ​កើត​លើ​​ភ្នំ​មាស​ភ្នំ​ប្រាក់​ស្រាប់​នោះ។ ​តាម​ពិត​ពួកគេ​មាន​ការងារ​ដំបូង​ជា​ការងារ​ដែល​លោក​អ្នក​គិត​ស្មាន​មិន​ដល់។ ​តើ​ការងារ​ទាំង​នោះ​ជា​អ្វីខ្លះ​ទៅ?​ ​ទៅ​មើល​មុខ​ពួក​គាត់​ទាំង​អស់​គ្នា៖​​​

១០. ​លោក Kevin Plank ​មាន​ទ្រព្យ​សម្បត្តិ​ ១.៧ ​ពាន់​លាន​ដុល្លារ
លោក Kevin ​គឺ​ជា​មហា​សេដ្ឋី​នាយក​ក្រុមហ៊ុន​​លក់​សំលៀកបំពាក់​ និង​សម្ភារៈ​កីឡា​អាមេរិក​ដ៏​ល្បី​ឈ្មោះ​ Under Armour។ ​មុន​ក្លាយ​ខ្លួន​ជា​សេដ្ឋី​លោក​ធ្លាប់​ធ្វើការ​ជា​អ្នក​កាត់​ស្មៅ​សួន​ឲ្យ​គេ។
អាន៖ ៧ ​ឆ្នាំ​សោះ​​​មាន​គំនិត​​ធ្វើ​​​ថៅកែ​ទៅ​ហើយ
៩. ​លោក Giorgio Armani ​មាន​ទ្រព្យ​សម្បត្តិ​ ៨,៥ ​ពាន់​លាន​ដុល្លារ
​សេដ្ឋី​ Brand ​​ម៉ូដ​ Fashion ​ដ៏​ល្បី​របស់​អ៊ីតាលី ​Giorgio Armani ​ធ្លាប់​​ធ្វើ​ការ​ដំបូង​ជា​ជំនួយការ​អ្នក​ថត​រូប​ មុន​នឹង​ត្រូវ​បាន​គេ​ដំឡើង​តំណែង​​ខ្ពស់​ឡើង​ក្នុង​ហាង​ទំនិញ​មួយ​ក្នុង​ទីក្រុង​ Milan ​រហូត​លេច​ចេញ​គំនិត​ច្នៃ​ម៉ូដ​ឡើង​តែ​ម្ដង។
៨. ​លោក Michael Bloomberg ​មាន​ទ្រព្យ​សម្បត្តិ ៣១ ​ពាន់​លាន​ដុល្លារ
​អភិបាល​ក្រុង​ញូវយ៉ក​ សហរដ្ឋអាមេរិក​រូប​នេះ​​​មាន​ប្រវត្តិ​ចេញ​ពី​គ្រួសារ​ក្រីក្រ​ ដែល​មាន​ឪពុក​ធ្វើ​ជា​បណ្ណារក្ស។ ​ពេល​រៀន​នៅ​មហាវិទ្យាល័យ Harvard and John Hopkins ​លោក​ធ្វើ​ការ​ជា​អ្នក​​មើល​ការ​ខុស​ត្រូវ​កន្លែង​ចត​យានយន្ត​ដំណាល​គ្នា។ ​ពេល​នេះ​លោក​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​បុរស​ដ៏​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​ម្នាក់​របស់​អាមេរិក។
​៧. ​អ្នក​ស្រី Oprah Winfrey ​មាន​ទ្រព្យសម្បត្តិ​ ២,៧ ​ពាន់​លាន​ដុល្លារ
ពិធីការិនី​ និង​ជា​អ្នក​ផលិត​កម្មវិធី​ល្បីល្បាញ​បំផុត​រូប​នេះ​ធ្លាប់​ធ្វើ​ការ​ជា​​អ្នក​​គិត​លុយ​ក្នុង​ហាង​លក់​បន្លែ​មួយ​ក្បែរ​ហាង​កាត់​សក់​របស់​ឪពុក​លោក​ស្រី​ នៅ​ពេល​​លោក​ស្រី​ទទួល​បាន​អាហារូបករណ៍​រៀន​នៅ​សាកលវិទ្យាល័យ ​Tennessee។
​៦. ​លោក​ Charles Schwab ​មាន​ទ្រព្យសម្បត្តិ ៥,១ ​ពាន់​លាន​ដុល្លារ
មហា​សេដ្ឋី​ដ៏​ល្បីល្បាញ​លើ​ឧស្សាហកម្ម​ផលិត​ដែក​ថែប​អាមេរិក​រូប​នេះ​ ធ្លាប់​ដើរ​រើស​ផ្លែ​ Walnut ​យក​ទៅ​លក់​ដូរ​យក​ប្រាក់​បន្តិចបន្តួច។ ​ក្រោយ​មក​នៅ​អាយុ ១៣ ​ឬ​ ១៤ ​ឆ្នាំ​ចាប់​ផ្ដើម​ចិញ្ចឹម​​មាន់​យក​ពង​លក់។
៥.​ ​លោក Warren Buffett ​មាន​ទ្រព្យសម្បត្តិ​ ៥៣,៥ ​ពាន់​លាន​ដុល្លារ
មហាសេដ្ឋី​ដែល​ជា​អ្នក​វិនិយោគ​រូប​នេះ​តែង​ឈរ​លេខ​រៀង​ជួរ​មុខ​ជាមួយ​កំពូល​បុរស​សម្បូរ​លុយ​ផ្សេង​ទៀត​ដូចជា ​Bill Gates ​និង​ Carlos Slim ​ជាដើម។ ​​តែ​ប្រហែល​ជា​មនុស្ស​មួយ​ចំនួន​មិន​បាន​ដឹង​ទេ​ថា ​បុរស​សម្បូរ​លុយ​ដែល​ចូលចិត្ត​ជួយ​ការងារ​មនុស្សធម៌​រូប​នេះ​ធ្លាប់​មាន​ការងារ​ជា​អ្នក​ដើរ​ចែក​កាសែត​តាម​ផ្ទះ​ផង​ដែរ។
អាន៖ រឿង​​ពិត ​អតីត​​កម្ម​​ការីនី​រោង​ចក្រ ម្នាក់​ សម្រេចចិត្ត​មក​ធ្វើ​នារី​ខារ៉ាអូខេ
​៤. ​លោក​ George Lucas ​មាន​ទ្រព្យសម្បត្តិ​ ៤,២ ​ពាន់​លាន​ដុល្លារ
​ផលិតករ​​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​ពិភព​ភាពយន្ត​ហូលីវូដ​​​រូប​នេះ​ធ្លាប់​មាន​អតីតកាល​ជា​គ្រូ​ជំនួយ។
៣. ​​លោក​ Steve Jobs ​មាន​ទ្រព្យសម្បត្តិ​ ១១ ពាន់​លាន​ដុល្លារ
បុគ្គល​ដែល​​បង្កើត​បដិវត្ត​ដ៏​ធំធេង​ក្នុង​វិស័យ​បច្ចេកវិទ្យា​រូប​នេះ​ធ្លាប់​ធ្វើ​ការងារ​ជា​បុគ្គលិក​បណ្ដោះអាសន្ន​ឲ្យ​ក្រុមហ៊ុន​អេឡិចត្រូនិក​ HP ​កាល​នៅ​រៀន​វិទ្យាល័យ។
​​
២. ​លោក​ Bill Gates ​មាន​​ទ្រព្យសម្បត្តិ ៧២​ ពាន់​លាន​ដុល្លា

​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​ Sofware ធំ​បំផុត​ក្នុង​លោក​គឺ ​Microsoft ​រូប​នេះ​ចាប់​ផ្ដើម​ការងារ​ដំបូង​ជា​អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ (Computer Programmer) ​មុន​នឹង​បន្ត​ឡើង​តំណែង​ធំ​ៗ​រហូត​ក្លាយ​ជា​អ្នក​មាន​បំផុត​នៅ​អាមេរិក និង​ពិភពលោក។
១. ​លោក Michael Dell​ មាន​ទ្រព្យសម្បត្តិ ១៥,៩ ​ពាន់​លាន​ដុល្លារ
សហ​ស្ថាបនិក ​និង​ជា​​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​​កុំព្យូទ័រ​ល្បី​ម៉ាក Dell ​​លោក​ Michael Dell ​ធ្លាប់​មាន​ការងារ​ជា​អ្នក​លាង​ចាន​នៅ​ភោជនីយដ្ឋាន​ចិន​មួយ​កន្លែង​ពេល​លោក​មាន​អាយុ ១២ ​ឆ្នាំ។
សរុប​មក​ មហាសេដ្ឋី​លុយ​វាល់​លាន​ដែល​អ្នក​គ្រប់គ្នា​បាន​ឃើញ​សព្វថ្ងៃ​មិន​មែន​សុទ្ធ​តែ​កើត​មក​ក្នុង​ត្រកូល​អ្នក​មាន​ សម្បូរ​ធនធាន​ចាយ​មិន​ខ្វះ​នោះ​ទេ។ ​ជោគជ័យ​ដ៏​ធំ​ក្នុង​ជីវិត​របស់​ពួកគាត់​សុទ្ធ​តែ​ឆ្លងកាត់​ការ​លំបាក​ ការ​លត់ដំ ​និង​ការ​តស៊ូ​​ជា​ច្រើន​ដំណាក់កាល​ទម្រាំ​មាន​មុខ​មាន​មាត់​ខ្ពស់​ត្រដែត​ដូច​បច្ចុប្បន្ន៕
ប្រែ​សម្រួល៖ ​Zac
ប្រភព៖ ​Therichest

ស្នាដៃ និង​ជីវប្រវត្តិ​របស់​ ​បិតា​ប្រជាធិបតេយ្យ​​អាហ្វ្រិកខាងត្បូង​Nelson

លោក Nelson Rolihlahla Mandela  ឬ Nelson Mandela  បាន​កើត​នៅ​​​ថ្ងៃ​ទី​១៨​ កក្កដា ឆ្នាំ​១៩១៨ ​នៅ​ភាគ​អាគ្នេយ៍​នៃ​តំបន់ Transkei ប្រទេស​អាហ្វ្រិក​ខាងត្បូង។ គាត់​ជា​កូនប្រុស​របស់​លោកHendry Mphakanyiswa ដែល​​ធ្លាប់​បាន​បម្រើ​ជា​មេដឹកនាំ​​​ក្រុម​កុលសម្ព័ន្ធ​Tembu ។ តើ​nelson បង្កើត​បាន​ស្នាដៃ​អ្វី​ខ្លះ? ដំណើរ​ជីវិត​ឯកជន​យ៉ាង​?

ការសិក្សា៖ លោក​ Nelson បាន​​ចូលរៀន​​​នៅ​វិទ្យាល័យ Fort Hare ​នៅ​អាហ្វ្រិកខាងត្បូង​មុន​នឹង​លោក​​បន្ត​ការ​សិក្សា​នៅ​​សាកលវិទ្យាល័យWitwatersrand ​លើ​ឯកទេស​ផ្នែក​ច្បាប់​។ ក្នុង​ឆ្នាំ​១៩៤៤លោក​​បាន​ចូលរួម​គណបក្ស​សមាជ​ជាតិ​អាហ្វ្រិកខាងត្បូង (African National Congress ) ហើយ​នៅ​ក្រោយ​​ឆ្នាំ​១៩៤៨​លោក​បាន​​ចូលរួម​​ប្រឆាំង​បះបោរ​ទៅ​នឹង​​របប​ដឹកនាំ​រើសអើង​ពូជសាសន៍​ អាផាថេត (National Party’s apartheid) ។
ជាប់ពន្ធនាគារ៖ នៅ​ក្នុង​ឆ្នាំ​១៩៥៦ លោក​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​​ចំនួន​៥ឆ្នាំ​ ​ពី​បទ​ក្បត់ជាតិ ហើយ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​នៅ​ក្នុង​ឆ្នាំ​១៩៦១។ ​​​​
​បង្កើត​ចលនា​ប្រឆាំងរដ្ឋាភិបាល៖ បន្ទាប់​ពី​បាន​ហាមឃាត់​មិន​ឲ្យ​ចូលរួម​​គណបក្ស​ (ANC) ក្នុង​ឆ្នាំ​១៩៦០ បិតា​ប្រជាធិបតេយ្យ​រូប​នេះ បាន​ធ្វើ​ការ​តវ៉ា​ទាមទារ​ឲ្យ​មានការ​បង្កើត​ចលនា​កងកម្លាំង​ប្រដាប់​អាវុធ​​​មួយ​នៅ​ក្នុង​​គណបក្ស​នេះ ដើម្បី​​ងើបឡើង​ប្រឆាំង​ទៅ​នឹង​រដ្ឋាភិបាល​។ នៅ​ឆ្នាំ​១៩៦១ ប្រធាន​គណបក្ស​ (ANC) បាន​យល់​ព្រម​​លើ​ការ​ស្នើសុំ​របស់​លោក ​ហើយ​អាច​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ចូល​រួម​​ចលនា​នេះ​ដោយ​សេរី។ ​​
លោក Nelson Mandela កាល​ពី​​​ក្មេង
ជាប់​​ពន្ធនាគារ​ជា​លើក​ទីពីរ៖ ចលនា​​របស់​លោក​ Nelson ​បាន​បង្ក​ឲ្យ​មាន​ភាព​ការ​ប្រឈមមុខ​ដាក់​គ្នា​ដោយ​ប្រដាប់​អាវុធ​​ទៅ​នឹង​កងកម្លាំង​រដ្ឋាភិបាល​អាហ្វ្រិកខាងត្បូង​។ ដូច្នេះ​ហើយ នៅ​ក្នុង​ឆ្នាំ​១៩៦២ លោក​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្ដង​ទៀត​ក្នុង​រយៈ​ពេល​៥​ឆ្នាំ ជា​មួយ​នឹង​ការ​លត់ដំ​​យ៉ាង​ធ្ងន់ធ្ងរ។
​នៅ​ក្នុង​ឆ្នាំ​១៩៦៣ គឺ​​ពេល​ដែល​ក្រុម​ចលនា​បះបោរ​ប្រដាប់​អាវុធ និង​មេដឹកនាំ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ក្នុង​​ជូរ​គណបក្ស​របស់​លោក​ត្រូវ​បាន​ចាប់​ខ្លួន លោក ​​Nelson ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាត់ទោស​ជា​មួយ​ក្រុម​ចលនា​តស៊ូ​របស់​លោក ពី​បទ​​ប្រើប្រាស់​អំពើ​ហិង្សា​ ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល។
នៅ​ថ្ងៃ​ទី​១២​ ខែ​មិថុនា​ ឆ្នាំ​១៩៦៤ ជនជាប់ចោទ​៨​រូប ដែល​ក្នុង​នោះ​រួម​ទាំង​​លោក​Nelson ផង​នោះ ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាការ​អស់​មួយ​ជីវិត។ ចាប់តាំង​ពី​ឆ្នាំ​១៩៦៤ ដល់​ឆ្នាំ​​១៩៨២ គាត់​បាន​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​​នៅ​លើ​កោះ Robben  នា​ទីក្រុង​Cape Town។

លោក​ Nelson និង​អ្នកស្រី Hillary Clinton ​​អតីត​រដ្ឋមន្ត្រីការបរទេស​អាមេរិក
ល្បីឈ្មោះ​នៅ​ក្នុង​មន្ទីរឃុំឃាំង៖ ក្នុង​អំឡុង​ពេល​ជាប់​ពន្ធនាគារ​នេះ កេរ្តិ៍ឈ្មោះ​​លោក​​Nelson ចាប់​ផ្ដើម​​​ល្បី​សុះសាយ​​​ជា​លំដាប់។ គាត់​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​មេដឹកនាំ​ស្បែក​ខ្មៅ​របស់​អាហ្វ្រិកខាងត្បូង​ដ៏​សំខាន់​មួយ​រូប និង​ជា​និមិត្តរូប​​ដ៏​ខ្លាំងក្លា​មួយ​​នៃ​ចលនា​តស៊ូ​​បះបោរ​ប្រឆាំង​ទៅ​នឹង​របប​ដឹកនាំ​ផ្ដាច់ការ​របស់​អាផាថេត។ មេដឹកនាំ​ស្បែកខ្មៅ​រូប​នេះ​​​បាន​បដិសេធ​ការ​សម្របសម្រួល​ផ្នែក​នយោបាយ ជា​ថ្នូរ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​គាត់​មាន​សេរីភាព​ឡើងវិញ។​​​​​
២៧ឆ្នាំ​គ្មាន​សេរី​ភាព ទីបំផុត​ត្រូវ​ដោះលែង៖ នៅ​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ ឆ្នាំ​១៩៩០ លោក​ត្រូវ​បាន​ដោះលែង​​​ឲ្យ​មាន​សេរីភាព​ឡើងវិញ​បន្ទាប់​ពី​បាន​ចំណាយ​ពេល​ដេក​គុក​​អស់ រយៈពេល​២៧​ឆ្នាំ។ បន្ទាប់​ពី​ការ​ដោះលែង​នេះ​ភ្លាមៗ លោក​Nelson  ​បាន​ដាក់​ខ្លួន​របស់​លោក​ម្ដង​ទៀត​ជា​បុគ្គល​តស៊ូ​ដ៏​អស្ចារ្យ​​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ ដើម្បី​សម្រេច​គោលដៅ​របស់​លោក​និង​ប្រជាពលរដ្ឋ​អាហ្វ្រិកខាងត្បូង​ដែល​​បាន​​ទាមទារ​​​យ៉ាង​ស្វិតស្វាញ​កាល​ពី​៤​ទសវត្ស​មុន។
ជាប់​ជា​ប្រធានបក្ស៖ នៅ​ក្នុង​ឆ្នាំ​១៩៩១ ​ស្ថិតនៅ​សន្និសីទ​ជាតិ​​នៃ​​គណបក្ស​សមាជជាតិ​ (ANC)​​ធ្វើឡើង​នៅ​អាហ្វ្រិក​ខាងត្បូង លោក​Nelson ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​បក្ស​របស់​គណបក្ស​នេះ បន្ទាប់​ពី​គណបក្ស​របស់​លោក​ត្រូវ​បាន​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​​ចាប់តាំង​ពី​ឆ្នាំ​១៩៦០​មក។

លោក​Nelson និង​ស្តេចសង្ឃ Dalai Lama
ជាប់​ឆ្នោត​កាន់​តំណែង​ជា​ប្រធានាធិបតី​៖ បន្ទាប់​ពី​ឈរ​ឈ្មោះ​ជា​ប្រធាន​បក្ស ​Nelson ត្រូវ​បាន​ជាប់​ឆ្នោត​​ជា​ប្រធានាធិបតី​ដំបូង​បំផុត​​ ឲ្យ​កាន់​អំណាច​ចន្លោះ​ឆ្នាំ​ ១៩៩៤​ ដល់​​១៩៩៩។ ការ​លះបង់​​ដ៏​ធំធេង​របស់​លោក​ដើម្បី​​ភាព​ស្មើភាព​គ្នា​ និង​ ​ការ​ពាំនាំ​លទ្ធិប្រជាធិបតេយ្យ​ជា​សំខាន់​​ជូន​ដល់​​ប្រជាជន​របស់​លោក បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល និង​កោតសរសើរ​​​បំផុត ជា​បុគ្គល​គំរូ​​​​​ដ៏​អស្ចារ្យ​មួយ​រូប​។
ជាប់​ឈ្មោះ​ជាបិតា​ប្រជាធិបតេយ្យ​៖ ​ម្ចាស់​ជយលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​​រូប​នេះ ហាក់​​បាត់មុខ​ពី​ឆាក​នយោបាយ​នា​មួយ​សតវត្ស​ចុងក្រោយ​នេះ ទន្ទឹម​នឹង​​​មាន​ស្ថានភាព​ជំងឺ​រលាកសួត​ដ៏​ធ្ងន់ធ្ងរ​នៅ​ពេល​កន្លងមក។ទោះបី​ជា​យ៉ាងណា​ក៏ដោយ  លោក​នៅតែ​ត្រូវ​បាន​គេ​​គោរព និង​ចាត់​ទុក​ថា ជា​វីរបុរស និង​បិតា​ប្រជាធិបតេយ្យ​របស់​អាហ្វ្រិកខាងត្បូង​​រហូត​មកដល់​បច្ចុប្បន្ន។
ថ្ងៃ​មរណៈ​មក​ដល់៖ មរណភាព​​ដោយ​ជំងឺ​ថ្លើម យ៉ាង​ធ្ងន់ធ្ងរ ​របស់​លោក​ក្នុង​អាយុ ៩៥ ឆ្នាំ​កាល​ពី​ម្សិលមិញ​នេះ បាន​ធ្វើ​ឲ្យ​​មេដឹកនាំ​ពិភពលោក​ ជា​ពិសេស​ប្រជាពលរដ្ឋ​របស់​ខ្លួន​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង និង​បាន​សម្ដែង​​ចូលរួម​​​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ។ មិន​តែ​ប៉ុណ្ណោះ​មេដឹកនាំ​ពិភពលោក​ដូចជា​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា និង​David Cameron និង​បណ្ដា​ថ្នាក់​ដឹកនាំ​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​ជា​ពិសេស ​មេដឹកនាំ​អាហ្វ្រិកខាងត្បូង​បច្ចុប្បន្ន៕​​​​
ប្រែសម្រួល៖ Narin
ប្រភព៖
 ​​​nobelprize
រូបភាព៖ dailymail

ស្ងាត់​ៗធ្លាយ​រឿង ឡាយអិន ចាញ់​បោក​គេ​អស់ ឡង់គ្រីស័រ ១គ្រឿង

 ឃើញ​ពេល​ធ្វើ​ការ​លោក​សើច​សប្បាយ​និយាយ​លេង​ប៉ប្លេចប៉ប្លូច ប៉ុន្តែ​លោក ឡាយអិន បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​បៀម​ទុក្ខ ព្រោះ​​ត្រូវ​មិត្តភ័ក្ដិ​ម្នាក់​ស៊ី​ដាច់​អស់​រថយន្ត ឡង់គ្រីស័រ ១គ្រឿង។


លោក ឡាយអិន ករណី​ក្បត់​សេចក្ដី​ទុក​ចិត្ត​ដែល​លោក​ជួប​ប្រទះ​នេះ តាម​ពិត​ទៅ បាន​កើត​មាន​អស់​រយៈ​ពេល​ជិត ៣​ឆ្នាំ ប៉ុន្តែ​មក​ទល់​ឥឡូវ​នេះ មិន​ទាន់​ដោះ​ស្រាយ​ដាច់​ស្រេច​នៅ​ឡើយ​ទេ។ លោក បញ្ជាក់​ថា បើ​ទោះ​កន្លង​មក​យូរ​ដូច្នេះ​ហើយ​ក្ដី ប៉ុន្តែ​លោក​អត់​ទាន់​បាន​ដាក់​ពាក្យ​ប្ដឹង​ទេ ព្រោះ​យល់​ថា​រាប់​អាន​គ្នា ចង់​ឲ្យ​គេ​ចូល​ខ្លួន​មក​ដោះ​ស្រាយ​ដោយ​ចិត្ត​ឯង។ តែ​ទោះ​យ៉ាង​ណា​លោក​ថា ការ​អត់​ធ្មត់​មាន​ដែន​កំណត់​ដែរ។
ឡាយ​អិន បាន​រៀប​រាប់​ពី​ដើម​ចម​នៃ​រឿង​រ៉ាវ​នេះ​ថា កាល​ពី​ឆ្នាំ​២០១០ លោក​បាន​ខ្ចី​លុយ​មិត្ត​ភ័ក្ដិ​ម្នាក់​ចំនួន១៥០០។ លុះ​ក្រោយ​មក​ប៉ុន្មាន​ថ្ងៃ មិត្តភ័ក្ដិ​រូប​នោះ ក៏​បាន​សុំ​ខ្ចី​រថយន្ត​របស់​លោក ម៉ាក ឡង់គ្រីស័រ ពណ៌​ស្ករ​វិញ ក្នុង​បំណង​យក​ទៅ​កុហក​មេ​គេ ព្រោះ​ថា​មិត្តភ័ក្ដិ​រូប​នោះ បាន​យក​ប្រាក់​ពី​មេ​ថា​មក​ទិញ​រថយន្ត ប៉ុន្តែ​បែរ​ជា​ដក​ប្រាក់​នោះ​ចាយ​អស់​មួយ​ចំនួន​ទៅ​វិញ។
លោក បន្ត​ថា ពេល​ខ្ចី មិត្តភ័ក្ដិ​រូប​នោះ​បាន​សុំ​យក​ឯកសារ​មួយ​ចំនួន​ទៅ​ផង ដោយ​គេ​លើក​ហេតុ​ផល​ថា បើ​មិន​យក​ឯកសារ​ទៅ​ទេ មេ​របស់​គេ​នឹង​មិន​ជឿ​ថា​គេ​បាន​ទិញ​រថយន្ត​នោះ​ឡើយ។ ដោយ​យល់​ថា មិត្តភ័ក្ដិ​រាប់​អាន​គ្នា​ធ្លាប់​ខ្ចី​គ្នា​ទៅ​វិញ​ទៅ​ម​ក ឡាយអិន ក៏​បាន​ឲ្យ​ឯកសារ​ទិញ​រថយន្ត ទៅ​បុរស​នោះ​ទាំង​អស់។
ពិធីករ​ក្នុង​កម្មវិធី Freshie Winner រូប​នេះ បន្ថែម​ទៀត​ថា លុះ​រំលង​បាន​១​សប្ដាហ៍ លោក​ក៏​បាន​ទូរស័ព្ទ​ទៅ​មិត្តភ័ក្ដិ​រូប​នោះ ដើម្បី​សង​ប្រាក់​ដែល​ខ្ចី​ចំនួន១៥០០ ដុល្លារ និង​ដើម្បី​យក​ឡាន​មក​វិញ​ផង ប៉ុន្តែ​បុរស​នោះ បែរ​ជា​គេចវេះ​មិន​ព្រម​មក​ជួប​លោក ម្ដង​ហើយ​ម្ដង​ទៀត រហូត​ដល់​មិត្តភ័ក្ដិ​រូប​នោះ​មាន​រឿង​ក្ដីក្ដាំ​ត្រូវ​ជាប់​ពន្ធនាគារ​៣-៤ថ្ងៃ។
ក្រោយ​ចេញ​ពី​គុក​វិញ លោក ឡាយ​អិន បាន​ទូរស័ព្ទ​ទៅ​ម្ដង​ទៀត និយាយ​ពី​រឿង​ឡាន​របស់​លោក ស្រាប់​មិត្តភ័ក្ដិ​នោះ​ថា ឡាន​ត្រូវ​គេ​លក់​ដោះ​ស្រាយ​រឿង​ក្ដី​អស់​ហើយ ដោយ​គ្រាន់​តែ​សន្យា​ថា នឹង​រក​ប្រាក់​សង​វិញ និង​សុំ​ទុក​ពេល​ឲ្យ​មួយ​រយៈ​សិន។ ប៉ុន្តែ​មក​ទល់​ឥឡូវ​ជិត ៣​ឆ្នាំ​ហើយ សន្យា​នៅ​តែ​ជា​សន្យា​ដដែល​។
លោក ថា”ខ្ញុំ​បាន​ប្រាប់​បុរស​នោះ​ថា ខ្ញុំ​អស់​ពេល​អត់​ធ្មត់​ហើយ បើ​បង​មិន​សង​ប្រាក់​ខ្ញុំ​ទេ ខ្ញុំ​នឹង​ធ្វើ​តាម​ច្បាប់​ហើយ!”។ ទោះ​យ៉ាង​ណា ពេល​ពេល ឡាយ​អិន គំរាម​បែប​នេះ បុរស​នោះ​មិន​ត្រឹម​តែ​ខ្លាច​ទេ បែរ​ជា​តប​វិញ​ថា ប្ដឹង​យ៉ាង​ម៉េច បើ​ឯកសារ​ឡាន​នោះ​នៅ​នឹង​គេ​ទាំង​អស់។ លោក បាន​តប​ទៅ​បុរស​នោះ​វិញ​ថា “ឯកសារ​នៅ​នឹង​បង​ពិត​មែន ប៉ុន្តែ​គ្មាន​ឯកសារ​លក់ ឬ​ផ្ទេរ​ឡាន​នោះ​ទៅ​បង​ទេ ដូច្នេះ បើ​បង​មិន​យោគយល់​ដល់​ខ្ញុំ ខ្ញុំ​ក៏​មិន​យោគយល់​បង​ដែរ”។
ឡាយអិន បញ្ជាក់​ថា លោក​ទុក​ឱកាស​ឲ្យ​បុរស​នោះ​ត្រឹម​ដំណាច់​ឆ្នាំ​២០១៣​នេះ​ប៉ុណ្ណោះ បើ​មិន​ព្រម​ដោះស្រាយ​សង​ប្រាក់​លោក​ទេ លោក​នឹង​ធ្វើ​តាម​ច្បាប់​ហើយ។ ឡាយអិន បញ្ជាក់​ថា រថយន្ត​ម៉ាក ឡង់គ្រីស័រ របស់​លោក​នោះ បាន​ទិញ​មក​ក្នុង​តម្លៃ​ជាង ៨០០០ ដុល្លារ​អាមេរិក។
ក្រៅ​ពី​ជួប​រឿង​ស៊យ​ដោះ​ស្រាយ​មិន​ទាន់​ដាច់​ស្រេចដោយ​សារ​គេ​បោក ឡាយអិន ក៏​បាន​ជួប​ទុក្ខ​ធំ​កាល​ពី​ចុង​ឆ្នាំ​២០១២ ដែរ ក្នុង​នោះ​ ព្រោះ​តែ​ម្តាយ​របស់​លោក​បាន​ទទួល​មរណភាព៕

អត្ថបទ ៖ សុខម៉េង
កែ​សម្រួល ៖ ទារិកា

មុន​បង្កើត​​អាជីវកម្ម​ ​អ្នក​ត្រូវ​​​​​​​​​​​​មាន​អ្វី​ខ្លះ?

​​ការ​បង្កើត​អាជីវកម្ម​មួយ​​តម្រូវ​ឲ្យ​មាន​ការ​រិះគិត​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​គ្រប់​ជ្រុងជ្រោយ ​មុន​នឹង​សម្រេច​បោះ​ទុន​ ហើយ​ហក់​ប្រឡូក​​ខ្លួន​ចូល​ឲ្យ​ពេញ​ទំហឹង។ ​​ក្នុង​ចំណោម​ចំណុច​ជា​ច្រើន​ក្នុង​ការ​បង្កើត​អាជីវកម្ម ​ការ​ធ្វើ​គម្រោង​អាជីវកម្ម​ជា​ចំណុច​ ដ៏​សំខាន់​មួយ​ប្រៀប​បាន​នឹង​ត្រីវិស័យ​នាំ​ផ្លូវ។ ​ហេតុ​ដូចនេះ​ទើប ​Sabay ​លើក​យក​សេចក្ដី​ណែនាំ​ខ្លីៗ​បី​ចំណុច​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គម្រោង​អាជីវកម្ម​​មក​បង្ហាញ​ដល់​មិត្ត​អ្នក​អាន។

​​​ផ្នែក​សំខាន់​មួយ​ក្នុង​ចំណោម​ផ្នែក​ទាំង​បី​នៃ​គម្រោង​អាជីវកម្ម​គឺ ​គំនិត​អាជីវកម្ម។ ​​អ្វី​ជា​គំនិត​អាជីវកម្ម? ​​គំនិត​អាជីវកម្ម​និយាយ​ដោយ​សង្ខេប​គឺ ​ការ​ពិភាក្សា​លើ​មុខ​ជំនួញ ​ឬ​សេវាកម្ម​ដែល​អ្នក​ចង់​បង្កើត​​ថា​ ចង់​បង្កើត​ក្នុង​រចនាសម្ព័ន្ធ​បែប​ណា ​​និង​ចង់​ឲ្យ​ជោគជ័យ​ដោយ​វិធី​ណា។
​ចំណុច​ទី​ពីរ​គឺ ​​ផ្នែក​ទីផ្សារ។ ​នៅ​ផ្នែក​នេះ​ អ្នក​ត្រូវ​​រៀបរាប់​ និង​វិភាគ​លើ​ទៅ​អតិថិជន​គោលដៅ​នៃ​អាជីវកម្ម​ ឬ​សេវាកម្ម​ដែល​អ្នក​ចង់​បើក។ ​តើ​អ្នក​ទាំង​នោះ​មក​ពី​ណា? ​ត្រូវ​ការ​អ្វី? ​ហើយ​ធ្វើ​យ៉ាង​ណា​ ទើប​ពួកគេ​ចាប់​អារម្មណ៍​លើផលិតផល​របស់​អ្នក? ​​​ក្នុង​ផ្នែក​នេះ ​អ្នក​ត្រូវ​គិត​ពី​​ការ​ប្រកួតប្រជែង​ដែរ​ដូចជា ​ផ្នែក​តម្លៃ ​​គុណភាព ​និង​សេវាកម្ម ​ហើយ​​​ត្រូវ​រក​ដំណោះស្រាយ​​​ទៅ​លើ​ការ​​ប្រកួតប្រជែង​​ដែល​អ្នក​គិត​ឃើញ​ឲ្យ​បាន​ដោយ​សមស្រប។
​ចំណុច​ក្រោយ​គេ​នៃ​គម្រោង​អាជីវកម្ម​គឺ ​​ផ្នែក​ហិរញ្ញវត្ថុ។​ តើ​ប្រភព​ថវិកា​​​សម្រាប់​បង្កើត​មុខ​ជំនួញ​​ថ្មី​របស់​អ្នក​មក​ពី​ណា? ​ប្រភព​ទាំង​នោះ​​ អាច​​មក​ពី​ការ​សន្សំ​ប្រាក់ខែ​របស់​អ្នក​ផ្ទាល់​ ​ពី​​មិត្តភ័ក្ដិ​ ​សមាជិក​​គ្រួសារ ​​ពី​ដៃគូ​វិនិយោគ ​កម្ចី​ហិរញ្ញប្បទាន ​ឬ​កម្មវិធី​ឧបត្ថម្ភ​​ផ្សេងៗ​ជាដើម។ ​ទន្ទឹម​គ្នា​នេះ ​ត្រូវ​គិត​ដល់​គម្រោង​គ្រប់គ្រង​ហិរញ្ញវត្ថុ​ពេល​ដំណើរការ​អាជីវកម្ម​ផង​ដែរ។​​
​បើ​​ចង់​ឲ្យ​គម្រោង​អាជីវកម្ម​របស់​អ្នក​កាន់​តែ​លម្អិត​ថែម​ទៀត ​អ្នក​​អាច​បំណែក​ចំណុច​ទាំង​បី​ខាង​លើ​មក​ជា​ ៧ ​ចំណុច​ដូច​ខាងក្រោម៖

១. សេចក្ដី​សង្ខេប​ពី​ការ​ប្រតិបត្តិ
២. ពណ៌នា​​ពី​អាជីវកម្ម
៣. ​យុទ្ធសាស្ត្រ​ទីផ្សារ
៤. ​ការ​វិភាគ​លើ​ការ​ប្រកួតប្រជែង
៥. ​គម្រោង​​​រចនា​ទីតាំង​អាជីវកម្ម ​និង​​ការ​អភិវឌ្ឍ
៦. គម្រោង​ដំណើរការ ​និង​គ្រប់គ្រង​
៧. ​កត្តា​ហិរញ្ញវត្ថុ

​ដើម្បី​អាន​អត្ថបទ​ផ្សេង​ទៀត​​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​អាជីវកម្ម​ដោយ​ខ្លួន​ឯង ​សូម​ចុច​ត្រង់​នេះ!
ប្រែ​សម្រួល៖ Zac
ប្រភព៖ ​entrepreneur​​​​​

សម្ដី​សំខាន់ៗ​ទាំង​៧​​ ​របស់​លោក​Nelson Mandela

 ទោះបីជា​លោក​Nelson Mandela បាន​ទទួល​មរណភាព​រួច​ទៅ​ហើយ​ក្តី​​​ ក៏ប៉ុន្តែ​វីរភាព​របស់​លោក​នៅ ​​កន្លង​មក​ នៅ​តែ​បន្ត​ស្ថិតស្ថេរ​គង់វង្ស​ជា​ដរាប​សម្រាប់​មនុស្ស​ជាតិ​នៅ​ជុំវិញ​ពិភពលោក។ ដូច្នេះ ដើម្បី​​បង្ហាញ​ដល់​ប្រិយមិត្ត​ពី​វីរភាព​របស់​គាត់​ពេល​នេះ Sabay សូម​​ដកស្រង់​សម្ដី​សំខាន់ៗ​ចំនួន​៧​របស់​​បិតា​ប្រជាធិបតេយ្យ​Nelson Mandela ដូច​ខាងក្រោម៖

​១ អំពី​ការ​អប់រំ

ការ​អប់រំ​គឺ​ជា​អាវុធ​ដ៏​មាន​ឥទ្ធិពល​បំផុត​ ដែល​​មនុស្ស​គ្រប់រូប​​អាច​ប្រើប្រាស់​​ដើម្បី​​​ផ្លាស់ប្ដូរ​​ពិភពលោក​បាន​​។
២ អំពី​ពេលវេលា
មនុស្ស​គ្រប់រូប​​ត្រូវ​ចេះ​ប្រើប្រាស់​ពេលវេលា​ដោយ​​ឈ្លាសវៃ​បំផុត និង​រហូត​ដល់​ដង្ហើម​​ចុងក្រោយ​ ហើយ​ត្រូវ​​ប្រាកដ​​ថា កា​រ​ចំណាយ​ពេល​វេលា​ទាំង​នោះ​ធ្វើ​តែ​រឿង​ដែល​ត្រឹមត្រូវ​តែប៉ុណ្ណោះ។
​៣ ការ​លើក​ទឹកចិត្ត

អ្វីៗ​​​គឺ​មិន​អាច​ទៅ​រួច​នោះ​ឡើយ ដរាប​ណា​មនុស្ស​ម្នាក់ៗ​មិន​ទាន់​បាន​​ចាប់​ផ្ដើម​ធ្វើ។​
៤ អំពី​សេរីភាព
ត្រូវ​​ទាមទារ​ឲ្យ​មាន​សេរីភាព​កើត​មាន​ឡើង​​នៅ​គ្រប់​ទីកន្លែង​ទាំងអស់។ ព្រះអាទិត្យ​មិនមែន​​ជា​អ្នក​​​​​នាំ​មក​នូវ​ភាព​​រុងរឿង ឬ សមិទ្ធផល​គ្រប់យ៉ាង​​​​ដល់​មនុស្ស​​ជាតិ​​នៅ​លើ​ភព​ផែនដី​នោះ​ឡើយ។
៥ អំពី​គុណធម៌
មនុស្ស​ដែល​មាន​មនសិការ​ខ្ពស់​ និង​​មាន​បេះដូង​បរិសុទ្ធ គឺ​ជា​​កម្លាំង​រួបរួម​ដ៏​អស្ចារ្យ​បំផុត។​​
៦ អំពី​ការ​ទំនាក់ទំនង
ប្រសិន​បើ​យើង​ចង់​បាន​សន្តិភាព​ជា​មួយ​សត្រូវ​របស់​យើង​ យើង​ត្រូវ​តែ​ធ្វើ​ការ​ជា​មួយ​ពួកគេ ហើយ​ទីបំផុត​​ពួកគេ​​នឹង​ក្លាយ​ជា​មិត្ត​​យល់​ចិត្ត​យល់​ថ្លើម​របស់​យើង។
៧ អំពី​​លុយកាក់​
លុយ​មិន​អាច​ជួយ​ឲ្យ​យើង​ជោគជ័យ​បាន​​ឡើយ  ​ប៉ុន្តែ​សេរីភាព​ឯណោះ​ទេ​ដែល​ជា​ឫសគល់​នៃ​​ភាពជោគជ័យ។
ប្រែសម្រួល៖ ​Narin
ប្រភព៖ goodnet​