Wednesday, October 16, 2013

ហេតុ​អ្វី​បាន​ជា​​យុវវ័យ​មិន​​​ចូល​ចិត្ត​ទៅ​វត្ត?

នៅ ​សម័យ​​បច្ចុប្បន្ន​នេះ ​គេ​សង្កេត​ឃើញ​ថា​​ យុវវ័យ​ហាក់​បី​ដូច​ជា​មិន​សូវ​ជា​ចូល​ចិត្ត​​ទៅ​ធ្វើ​បុណ្យ​ទៅ​ធ្វើ​ទាន​ ប៉ុន្មាន​នោះ​ទេ ​ឧទាហរណ៍​ដូច​​​ជា​នៅ​ក្នុង​​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ជា​ដើម។ ​បញ្ហា​​នេះ​​​​ អ្នក​ខ្លះ​ថា​មក​ពីរ​ រវល់​ជាប់​​សិក្សា​ អ្នក​ខ្លះ​ថា​មក​ពី​​​យុវវ័យ​មិន​​ជឿ​ថា​​លើ​បុណ្យ​បាប​​។ តើ​ពិត​ជា​អីចឹង​ឬ​​យ៉ាង​ណា?


លោក ​តា ​ជឹម​ អតីត​ប្រធាន​គណៈកម្មាធិការ​វត្ត​មួយ​​នៅ​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា ​​ភាគ​ច្រើន​តាម​ការ​សង្កេត​ឃើញ​របស់​លោក​តា​ លោក​យល់​ថា​ ​យុវវ័យ​មិន​សូវ​មក​វត្ត​ទេ​​ មក​ពី​ជាប់​រៀន​ ជាប់​ធ្វើការ​ ហើយ​មិន​សូវ​ជឿ​លើ​បុណ្យ​បាប​ ថា​មាន​ជាតិ​ក្រោយ​​ឬ​ក៏​អត​។​ លោក​បន្ថែម​ទៀត​ថា​ ក្មេង​ខ្លះ​ទៀត ​មក​វត្ត​នឹង​គេ​ដែរ​ ​​តែ​មក​គ្រាន់​តែ​ជា​ការ​សប្បាយ ​​​ជួប​ជា​មួយ​​សង្សារ ឬ​ក៏​មិត្តភក្តិ​ជា​ដើម​ប៉ុណ្ណោះ។
ណារី ​ ​ជា​ពុទ្ធបរិស័ទ​​ចំណុះ​ជើង​វត្ត​​បាន​ប្រាប់​​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ​​គ្រប់​គ្នា​ដែល​កាន់​ពុទ្ធសាសនា​សុទ្ធ​​ចង់​មក​ វត្ត​ទាំង​អស់​គ្នា​ ឯ​កត្តា​សំខាន់​ដែល​យុវជន​មិន​សូវ​បាន​មក​វត្ត​នោះ​ ​នាង​យល់​ថា​មក​ពី​​ពួក​គេ​​មមាញឹក​ក្នុង​ការ​សិក្សា​ឬ​ក៏​គិត​ថា​​​បិណ្ឌ​១ ​បិណ្ឌ​២​មិន​សូវ​សំខាន់​ទេ ចាំ​ទៅ​ភ្ជុំ​ធំ​តែ​ម្ដង​ទៅ​។ ​ណារី​ បន្ត​​ “ទាំង​ខ្ញុំ​ ទាំង​គេ​មក​វត្ត​គឺ​​មក​ធ្វើ​បុណ្យ​ គ្មាន​ចង់​សប្បាយ​អី​ទេ​”។
ពុទ្ធា ​ អនុ​ប្រធាន​និស្សិត​ប្រចាំ​វត្ត​សារាវ័ន្តតេជោ​លើក​ឡើង​ថា “ក្មេង​ៗ​អត់​បាន​មក​វត្ត​ព្រោះ​ អត់​មាន​ពេល​គ្រប់គ្រាន់​​ដូច​ជា​​ជាប់​រវល់​​ហ្នឹង​ការ​សិក្សា​ ​ហើយ​​​មួយ​​វិញ​ទៀត​ ឪពុក​ម្ដាយ​ទុក​ឲ្យ​​នៅ​ចាំ​ផ្ទះ​ ដើម្បី​ឲ្យ​ពួក​គាត់​ទៅ​ជំនួស​វិញ។​ ពុទ្ធា​បន្ថែម​ទៀត​ថា ​ក៏​ប៉ុន្តែ​អាច​នឹង​មាន​យុវជន​និង​​យុវតី​​​ខ្លះ​ គិត​ថា​​ខ្លួន​អត់​មាន​សំលៀក​ពាក់​ គ្រប់​គ្រាន់​មក​វត្ត​ដូច​ជា​ អាវ​ប៉ាក់​ ហូល​ ផាមួង​ជា​ដើម​ ​ហើយ​ខ្លាច​ខ្មាស​គេ ក៏​ប៉ុន្តែ​ក៏​មាន​មួយ​ចំនួន​ធំ​​ទៀត​បែរ​ជា​​គិត​ថា​ ដើរ​លេង​​សប្បាយ​​ជា​ជាង​។

អ្នក ​ស្រី​ ហូវ ​សំអាត​ បន្ទាប់​ពី​បាន​​​​​​ប្រគេនចង្ហាន់​ព្រះសង្ឃ​រួច​ហើយ​​ បាន​​​ប្រាប់​ ​Sabay​ ថា​ “តាម​ការ​សង្កេត​របស់​​ខ្ញុំ​​ ជា​ រៀង​រាល់​ឆ្នាំ ​នៃ​រដូវ​ភ្ជុំ​បិណ្ឌ​ម្ដង​ៗ​ ​គឺ​ចាប់​ពី​បិណ្ឌ​១​ រហូត​ដល់​បិណ្ឌ​១០​ មិន​សូវ​មាន​ក្មេង​មក​វត្ត​ទេ ​ពី​ព្រោះ​​​​ក្មេង​ៗ​ ច្រើន​​គិត​ថា​​​ ​ចាំ​បិណ្ឌ​ធំ​ទៅ​​ទើប​សំខាន់​ជាង​ និង​មួយ​ណា​បិណ្ឌ​១​រហូត​ដល់​បិណ្ឌ​ដប់​ ជា​ដើម​​អីចឹង​ ខាង​សាលា​​ភាគ​ច្រើន​គេ​អត់​ឲ្យ​ឈប់​​”។
អ្នក ​ស្ត្រី​​ស៊ុន​ ចាន់​សែន​​​ ​ប្រធាន​សមាគម​យុវជន​កម្ពុជា​​បាន​សម្លឹង​ឃើញ​នូវ​មូលហេតុ​ចម្បង​បី​​ ដែល​​​ធ្វើ​ឲ្យ​យុវវ័យ​មិន​សូវ​ជា​ចាប់​អារម្មណ៍​លើ​ការ​ធ្វើ​បុណ្យ​ទាន។ ទី​មួយ​​ អាច​មក​ពី​ការ​ប្រតិបត្តិ​សាសនា​របស់​ព្រះ​សង្ឃ​មួយ​ចំនួន​​​​ពុំ​បាន​ត្រឹម ​ត្រូវ​​តាម​ពុទ្ធ​បញ្ញត្តិ។ ​ទី​ពីរ​អាច​​មក​ពី​ការ​យល់​ដឹង​​របស់​យុវវ័យ​​​ខាង​ពុទ្ធសាសនា​​មិន​ទាន់​ បាន​​ទូលំ​ទូលាយ​ និង​ទី​បី​គឺ​ពុំ​មាន​ប្រាក់​​គ្រប់​គ្រាន់។

ប្រធាន ​សមាគម​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ ​ជា​ការ​ពិត​​ ​ការ​ធ្វើ​បុណ្យ​ទាន​​មិន​ចាំ​បាច់​តែ​សំដៅ​ដល់​ការ​ទៅ​វត្ត​ដាក់​បិណ្ឌ​តែ​ មួយ​មុខ​នោះ​ទេ​។ សម្រាប់​យុវជន​ ​ការ​ធ្វើ​​សកម្មភាព​មួយ​ចំនួន​ទៀត​ដូច​ជា​ ការ​ងារ​មនុស្ស​មនុស្សធម៌​​​ និង​​ការ​ចូល​រួម​ក្នុង​កិច្ចការ​​សង្គម​ផ្សេង​​ៗ​ ក៏​ជា​អំពើ​ល្អ​ និង​ចាត់​ទុក​ថា​​​ បាន​បុណ្យ​​កុសល​ដូច​គ្នា​​ដែរ។
លោក ​ជាង សុខា​​ ​នាយក​ប្រតិបត្តិ​​​កម្មវិធី​​អភិវឌ្ឍន៍​យុវជន​ (YRDP) បាន​បញ្ជាក់​ថា​​ នេះ​មិន​ជា​​រឿង​ចម្លែក​​អី​ទេ​សម្រាប់​សង្គម​ខ្មែរ​ ដែល​មិន​សូវ​មាន​យុវជន​ច្រើន​ទៅ​ធ្វើ​បុណ្យ​នោះ​ ពី​ព្រោះ​តាំង​ពី​ដើម​​​មក​ គេ​សង្កេត​​ឃើញ​ថា​ យុវវ័យ​​​មិន​សូវ​​ជា​និយម​ទៅ​ធ្វើ​បុណ្យ​ទាន​ប៉ុន្មាន​នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ​លោក​សង្កេត​​ឃើញ​ថា​ ​ បច្ចុប្បន្ន​មាន​យុវ​វ័យ​​មួយ​ចំនួន​​បាន​​ចង​គ្នា​ជា​ក្រុម​ទៅ​វត្ត​​​ធ្វើ ​បុណ្យ​​​ដែរ ​ដែល​នេះ​​ជា​របត់​ថ្មី​មួយ​​សម្រាប់​សង្គម​ខ្មែរ​​ ​ ​បើ​ទោះ​បី​យុវជន​មួយ​ចំនួន​តូច​​​​ ទៅ​​​ធ្វើ​បុណ្យ​ដើម្បី​សប្បាយ​ឬ​គោល​បំណង​​ផ្សេង​​​​ក៏​ដោយ៕
អត្ថបទ៖ រ៉ាវន​
កែ​សម្រួល៖ យ៉ន សុភារិទ្ធ

សុបិននិមិត្ត៥ព្រះសិទ្ធត្ថ មុនបានត្រាស់ដឹង



នៅដែនកុរុ, នៅពេលទាបភ្លឺនាថ្ងៃ១៥ កើតខែពិសាខ ឆ្នាំរកា ព្រះសិទ្ធត្ថ បរមពោធិសត្វ បានសុបិននិមិត្ត រឿងចំឡែក អស្ចារ្យចំនួនប្រាំលើក ដែលគួរអោយព្រឺព្រួចជាទីបំផុត។

សុបិននិមិត្តទាំង៥


សុបិននិមិត្តរបស់​ព្រះ​ពោធិសត្វ

  1. សុបិនទីមួយ ព្រះអង្គទ្រង់ទតឃើញរូបព្រះអង្គមួយទៀត មកផ្ទុំ សន្ធឹងផ្ងារនៅលើផែនដី ក្បែរព្រះអង្គផ្ទាល់ ដោយយកប្រថពី ជាទីសេយ្យាសន៍ក្រឡាបន្ទុំ យកភ្នំហេមពាន្តជាខ្នើយរងព្រះសិរ យកព្រះហស្តឆ្វេងសណ្តូកចុះទៅក្នុងមហាសមុទ្រខាងកើត យកព្រហស្តស្តាំសណ្តូកចុះទៅក្នុងមហាសមុទ្រខាងលិច និងយកព្រះបាទទាំងគួ សណ្តូកចុះទៅក្នុងមហាសមុទ្រខាងត្បូង ទ្រង់ផ្ទុំ បើកព្រះនេត្រហើយទតឃើញពន្លឺភ្លឺរហូតដល់ឋាន ភគវព្រហ្ម។
  2. ព្រះអង្គទតឃើញមានផ្កាឈូកមួយទំហំប៉ុនកង់រទេះ ដុះចេញមកអំពីផ្ចិតរបស់ព្រះអង្គ លូតឡើងទៅទល់នឹងអាកាស់ ដ៏ ខ្ពស់ស្កឹមស្កៃ គុម្ពីរខ្លះថាជាស្មៅចិញ្ចៀន។
  3. ព្រះអង្គទតឃើញ មានសត្វដង្គូវទាំងឡាយខ្លួនមានពណ៌ស និងក្បាលពណ៌ខ្មៅ វៀរឡើងពីចុងព្រះបាទា ដល់ក្បាលជង្គង់។
  4. ព្រះអង្គទតឃើញថាមានសត្វបក្សាបក្សីគ្រប់ពណ៌បួនពួក មានពណ៌សម្បុរផ្សេងៗគ្នា ហើរចេញពីទិសទាំងបួន មកក្រាបទាបជិត បាទាព្រះអង្គ ហើយបក្សាបស្សីទាំងនោះប្រែជាមានសម្បុរស ដូចៗគ្នាទាំងអស់។
  5. ព្រះអង្គទតឃើញ រូបព្រះអង្គ យាងចង្រ្កម នៅលើភ្នំលាមកដ៏ធំមួយ តែព្រះបាទារបស់ព្រះអង្គ មិនមានប្រឡាក់ដោយ លាមកនោះឡើយ។

ការព្យាករណ៍ក្រោយសុបិននិមិត្ត


ពេលព្រះអង្គតើន ចាកទីសាយានាឡើង ទ្រង់ធ្វើសេចក្តីសន្និដ្ឋាននៅក្នុងព្រះចិន្តាថា មហាសុបិននិមិត្តទំាងប្រាំប្រការនេះ ហាក់ដូចជាសេចក្តីប្រកាស់មួយបញ្ជាក់ប្រាប់អាត្មាអញអោយដឹងថា ពន្លឺត្រាស់ដឹងនឹងធ្លាក់ក្នុងកណ្តាប់ព្រះហស្ត។ ព្រះអង្គ ទ្រង់ធ្វើការព្យាករណ៍ដោយប្រស្នាផ្ទាល់ព្រះអង្គឯងថា៖
  • ការផ្ទុំលើប្រថពី ជាបុព្វនិមិត្តនៃការបាននូវ អនុត្តរសម្មាសម្ពោធិញាណ។
  • ការយកភ្នំហេមពាន្តមកធ្វើជាខ្នើយ គឺជាបុព្វនិមិត្តនៃការបាននូវសព្វញ្ញុតញាណ។
  • ការសណ្តូក ព្រះហស្ត និងព្រះបាទាចុះទៅក្នុងមហាសមុទ្រ គឺជាបុព្វនិមិត្តនៃការសំដែងនូវធម្មចកប្បវតនសូត្រ ប្រោស មនុស្សនិងទេវតា។
  • ការផ្ទុំផ្ងារនៅលើផែនដី គឺជាបុព្វនិមិត្តនៃកិរិយា ធ្វើអោយសត្វដែលមានមុខផ្កាប់នោះ បានផ្ងារឡើងវិញ។
  • ការផ្ទំបើកព្រះនេតឃើញ ពន្លឺភ្លឺរហូតដល់ឋាន ភគវព្រហ្ម គឺជាបុព្វនិមិត្តនៃការបាន ទិព្វចក្ខុ និងប្រាជ្ញា អណាវរណៈញ្ញាណ។
  • ការទតឃើញ ស្មៅចិញ្ចៀនឫ ធុញ្ញជាតិ គឺជាបុព្វនិមិត្ត នៃការសំដែង អដ្ឋង្គិកមគ្គ។
  • ការទតឃើញ សត្វដង្កូវ មានខ្លួនស ក្បាលខ្មៅ វៀរឡើងតាមព្រះបាទា គឺជាបុព្វនិមិត្ត នៃការទទួលនូវ បរិស័ទ ទាំងបួនពួក បានដល់ព្រះត្រ័យសារណៈគម ស្មើជីវិត។
  • ការទតឃើញ មានសត្វបក្សាបក្សីទាំងបួនពួកហើរចេញពីទិសទាំងបួន មកក្រាបទាបជិតព្រះបាទា ហើយប្រែក្លាយជា មានពណ៌ស ដូចៗគ្នា គឺជាបុព្វនិមិត្ត នៃវណ្ណៈទាំងបួន ព្រាហ្មណ៍មួយ ក្សត្រមួយ វេស្សៈមួយ និង សូទ្រៈ មួយ ចេញសាងបព្វជ្ជា ប្រព្រឹត្តតាម ធម៌វិន័យរបស់ព្រះអង្គ ដែលមានពណ៌ស តែមួយ។
  • ទតឃើញ រូបព្រះអង្គ យាងចង្រ្កម នៅលើភ្នំលាមកដ៏ធំមួយ តែព្រះបាទារបស់ព្រះអង្គ មិនមានប្រឡាក់ដោយលាមកនោះ ជាបុព្វជិត នៃចតុបច្ច័យ ជាលាភសក្ការៈ ប្រាកដជាកើតមានដល់ព្រះអង្គ តែព្រះទ័យរបស់ព្រះអង្គមិនជាប់ជំពាក់ នៅក្នុងលាភ សក្ការៈ នោះឡើយ។

ឯកសារយោង

ផ្នែក​សាសនា



                              ពាក្យ​ឃាត់​មិន​ឲ្យ                                 ធ្វើ​ការ​អាក្រក់
                                      ជា​ការ​លាមក                                      ឲ្យ​ធ្វើ​ល្អ​ទៅ ។
                                      ឲ្យ​ដុស​ខាត់​ចិត្ត                                   កុំ​ឲ្យ​ហ្មង​សៅ
                                      នេះ​ឯង​លោក​ហៅ                               ពុទ្ធសាសនា ។
វិចារណកថា​ស្ដី​អំពី​អដ្ឋង្គិកមគ្គ
អ្នក​ឧកញ៉ា ទា-សាន អតីត​រដ្ឋមន្ត្រី​រៀប​រៀង
១- អដ្ឋង្គិកមគ្គ គឺ​អ្វី ?
          អដ្ឋង្គិកមគ្គ​នោះ​មាន​អង្គ ៨ គឺៈ
          ១- សម្មាទិដ្ឋិ ការ​យល់​ឃើញ​ត្រូវ ។
          ឯ​ការ​យល់​ឃើញ​ត្រូវ​នេះ សំដៅ​ការ​យល់​ឃើញ​ត្រូវ​ចំពោះ​អរិយសច្ច ៤ ប្រការ មាន​ទុក្ខ​សច្ច​ជា​ដើម នឹង​មគ្គសច្ច​ជា​ទី​បំផុត ។
          ២- សម្មាសង្កប្បោ ការ​ត្រិះ​រិះ​ត្រូវ ។
          ឯ​ការ​ត្រិះ​រិះ​ត្រូវ​នេះ គឺ​សំដៅ​កុសល​វិតក្កៈ ៣ មាន​នេក្ខម្មវិតក្កៈ គឺ​ការ​ត្រិះ​រិះ​នឹង​ចេញ​ចាក​កាម​ជា​ដើម ។
          ៣- សម្មាកម្មន្តោ ការ​ធ្វើ​ត្រូវ ។
          ឯ​ការ​ធ្វើ​ត្រូវ​នេះ គឺ​សំដៅ​វិរតិចេតនា​វៀរ​មិន​ប្រព្រឹត្ត​នូវ​កាយ​ទុច្ចរិត ៣ ។
          ៤- សម្មាវាចា ការ​និយាយ​ត្រូវ ។
          ឯ​ការ​និយាយ​ត្រូវ​នេះ គឺ​សំដៅ​វិរតិចេតនា​វៀរ​មិន​ពោល​នូវ​វចីទុច្ចរិត ៤ ។
          ៥- សម្មាអាជីវោ  ការ​ចិញ្ចឹមជីវិត​ត្រូវ (របស់​បព្វជិត​ពុទ្ធសាសនិក) ។
          ឯ​ការ​ចិញ្ចឹម​ជីវិត​ត្រូវ​នេះ គឺ​សំដៅ​វិរតិចេតនា វៀរ​មិន​ប្រព្រឹត្ត​នូវ​អនេសនៈ ២១ នឹង​បាបធម៌ ៤
          ៦- សម្មាវាយាមោ ការ​ព្យាយាម​ត្រូវ ។
          ឯ​ការ​ព្យាយាម​ត្រូវ​នេះ គឺ​សំដៅ​បធាន ៤ មាន​សំវប្បធាន​ជា​ដើម ។
          ៧- សម្មាសតិ ការ​តាំង​ស្មារតី​ត្រូវ ។
          ឯ​ការ​តាំង​ស្មារតី​ត្រូវ​នេះ គឺ​សំដៅ​សតិបដ្ឋាន ៤ មាន​កាយានុបស្សនា​សតិបដ្ឋាន​ជា​ដើម ។
          ៨- សម្មាសមាធិ តាំង​ចិត្ត​ឲ្យ​ស្ងប់​ត្រូវ ។
          ឯ​ការ​តាំង​ចិត្ត​ឲ្យ​ស្ងប់​ត្រូវ​នេះ គឺ​សំដៅ​ការ​ចំរើន​ឈាន មាន​ការ​ចំរើន​រូបជ្ឈាន ៤ ជា​ដើម ។
          ២- តើ​ត្រូវ​ចំរើន​ដូច​ម្ដេច ដើម្បី​នឹង​បំពេញ​អដ្ឋង្គិកមគ្គ គឺ​មគ្គប្រកប​ដោយ​អង្គ ៨ នេះ ឲ្យ​សម្រេច​កើត​មាន​ជាក់​ច្បាស់​ឡើង​បាន ?
          ឯ​អដ្ឋង្គិកមគ្គ គឺ​មគ្គ​ប្រកប​ដោយ​អង្គ ៨ នេះ​ជា​ភាវេតព្វធម៌ គឺ​ធម៌​ដែល​យោគាវចរ គប្បី​ចំរើន​ឲ្យ​សម្រេច​កើត​មាន​ជាក់​ច្បាស់​ឡើង ។ ត្រង់​នេះ​បាន​សេចក្ដី​ថា យោគាវចរ​គប្បី​ចំរើន​គុណធម៌​ដែល​ជា​តួ​នៃ​អង្គ​នីមួយ ៗ ដូច​បាន​ពណ៌នា​ខាង​លើ​នេះ ឲ្យ​សម្រេច​កើត​មាន​ប្រាកដ​ឡើង​ដូច​ត​ទៅ​នេះ
          ដើម្បី​នឹង​ចំរើន​អង្គ​សម្មាទិដ្ឋិ​ឲ្យ​កើត​មាន​ជាក់​ច្បាស់​ឡើង​នោះ យោគាវចរ​គប្បី​លើក​ទុក្ខ ១២ កង​មាន​ជាតិទុក្ខ​ជា​ដើម មក​រំពឹង​ត្រិះ​រិះ​ពិចារណា​ស្រាវ​ជ្រាវ​រក​ហេតុ​បច្ច័យ​ឲ្យ​រឿយ ៗ រៀង​រាប​ដរាប លុះ​ត្រា​តែ​ញាណ គឺ​ការ​ដឹង​ច្បាស់ ៤ ប្រការ​កើត​ឡើង​គឺ ៖
          ១- ទុក្ខេញាណំ ដឹង​ច្បាស់​នូវ​កង​ទុក្ខ គឺ​ដឹង​ច្បាស់​ថា​ទុក្ខ​មាន​ព្រោះ​មាន​ខន្ធ ៥ ជា​ទី​កើត នឹង​ជា​ទី​តាំង​សម្រាប់​ឲ្យ​ទុក្ខ​នោះ អាច​មាន​ដំណើរ​ប្រព្រឹត្ត​ទៅ​បាន ព្រម​ទាំង​ដឹង​ច្បាស់​ថា ទុក្ខ​នោះ​ជា​បរិញ្ញាតព្វធម៌​គឺ​ធម៌​គប្បី​កំណត់​ទុក​ក្នុង​ចិត្ត​ថា ទុក្ខ​នេះ​តែង​តែ​បៀត​បៀន​សត្វ ធ្វើ​ឲ្យ​កើត​មាន​សេចក្ដី​ឈឺ​ចាប់ សេចក្ដី​ខ្លោច​ផ្សា​ក្ដៅ​ក្រហាយ​គ្រប់​បែប​យ៉ាង​គ្មាន​សត្វ​ណា​ដែល​ស្ថិត​នៅ​លើ​ត្រៃ​ភព អាច​គេច​ខ្លួន​ឲ្យ​រួច​ចាក​ទុក្ខ​នោះ​បាន​សោះ​ឡើយ ។
          ២- ទុក្ខសមុទយេញាណំ ដឹង​ច្បាស់​នូវ​ហេតុ​នៃ​កង​ទុក្ខ គឺ​ដឹង​ច្បាស់​ថា តណ្ហា ៣ ប្រការ គឺ​កាមតណ្ហា ១ ភវតណ្ហា ១ នឹង​វិភវតណ្ហា ១ ជា​ហេតុ​នាំ​ឲ្យ​ខន្ធ ៥ កើត​ឡើង​ក្នុង​ភព​ថ្មី​ទៀត ព្រម​ទាំង​ដឹង​ច្បាស់​ថា តណ្ហា ៣ ប្រការ​នោះ​ជា​បហាតព្វធម៌ គឺ​ធម៌​គប្បី​លះ​ឲ្យ​ដាច់​ស្រឡះ​ចេញ ។
          ៣- ទុក្ខនិរោធេញាណំ ដឹង​ច្បាស់​នូវ​កិរិយា​រលត់​នៃ​ទុក្ខ​ពោល​គឺ​ដឹង​ច្បាស់​ថា កិរិយា​រលត់​នៃ​តណ្ហា ៣ ប្រការ ជា​ហេតុ​នាំ​ឲ្យ​ខន្ធ ៥ រលត់​ជា​លំដាប់ ប្រម​ទាំង​ដឹង​ច្បាស់​ថា កិរិយា​រលត់​នៃ​តណ្ហា ៣ ប្រការ​ជា​សច្ឆិកាតព្វធម៌ គឺ​ធម៌​គប្បី​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ឡើង ។
          ៤- ទុក្ខនិរោធគាមិនីបដិបទាយញាណំ ដឹង​ច្បាស់​នូវ​បដិបទា ដែល​អាច​ញ៉ាំង​ទុក្ខ​ឲ្យ​រលត់​ទៅ​បាន ពោល​គឺ​ដឹង​ច្បាស់​ថា​អដ្ឋង្គិកមគ្គ ជា​បដិបទា​អាច​ធ្វើ​ឲ្យ​ជាក់​ច្បាស់ នូវ​កិរិយា​រលត់​នៃ​តណ្ហា ៣ ប្រការ​នោះ​បាន ព្រម​ទាំង​ដឹង​ច្បាស់​ថា អដ្ឋង្គិកមគ្គ​នោះ​ជា​ភាវេតព្វធម៌​គឺ​ធម៌​គប្បី​ចំរើន​សម្រេច​កើត​មាន​ប្រាកដ​ឡើង ។
          នៅ​ខណៈ​ដែល​អង្គ​សម្មាទិដ្ឋិ​កើត​មាន​ក្នុង​ខន្ធ​សន្ដាន ដូច​បាន​ពណ៌នា​ខាង​លើ​នេះ​បរិបូណ៌​ហើយ ទើប​អង្គ​សម្មាទិដ្ឋិ​នោះ ប្រែ​ទៅ​ជា​មគ្គុទ្ទេសក៍​ដឹក​នាំ​យោគាវចរ​ឲ្យ​ត្រិះ​រិះ​គិត​ឃើញ​នូវ​កុសល​វិតក្កៈ ៣ ប្រការ​គឺៈ នេក្ខម្មវិតក្កៈ ត្រិះ​រិះ​ចេញ​ចាក​កាម ១, អព្យាបាទវិតក្កៈ ត្រិះ​រិះ​វៀរ​មិន​ព្យាបាទ​ដល់​អ្នក​ដទៃ ១, នឹង​អវិហង្សាវិតក្កៈ ត្រិះ​រិះ​វៀរ​មិន​បៀត​បៀន​អ្នក​ដទៃ ១ ថា​ជា​ការ​ចាំ​បាច់​គប្បី​បំពេញ​ឲ្យ​សម្រេច​ឡើង ទើប​ជា​ហេតុ​អាច​នាំ​ឲ្យ​ចំរើន​អង្គ​ឯ​ទៀត​គឺ អង្គ​សម្មាកម្មន្តោ សម្មាវាចា សម្មាអាជីវោ, សម្មាវាយាមោ, សម្មាសតិ នឹង​សម្មាសមាធិ ឲ្យ​សម្រេច​ឡើង​ជា​ពិត​ប្រាកដ​បាន ។  កាល​បើ​យោគាវចរ​បាន​ត្រិះ​រិះ​គិត​ឃើញ​ត្រូវ​ដូច្នេះ ហើយ​ក៏​ប្ដេជ្ញា​ចិត្ត​ទៅ​សុំ​បព្វជ្ជា​ជា​ភិក្ខុ​ក្នុង​ព្រះពុទ្ធសាសនា ខំ​ព្យាយាម​សមាទាន​នូវ​ចតុប្បារិសុទ្ធិ​សីល មាន​បាតិមោក្ខ​សំវរ​សីល​ជា​ដើម ហើយ​តាំង​វិរតិចេតនា​វៀរ​មិន​ប្រព្រឹត្ត​នូវ​កាយ​ទុច្ចរិត ៣ , នូវ​វិចីទុច្ចរិត ៤, នូវ​អនេសនៈ ២១ នឹង​នូវ​បាបធម៌ ៤ ជា​លំដាប់​ត​ទៅ ។
          កាល​បើ​អង្គ​សម្មាកម្មន្តោ សម្មាវាចា នឹង​សម្មាអាជីវោ បាន​សម្រេច​កើត​មាន​ឡើង​ប្រាកដ​ហើយ យោគាវចរ​បព្វជិត​នោះ ក៏​តាំង​ចិត្ត​ឲ្យ​ចុះ​ស៊ប់​ក្នុង​ការ​ចំរើន​កម្មដ្ឋាន ដើម្បី​ព្យាយាម ៖
          ១- បំពេញ​នូវ​បធាន ៤ មាន​សំវរប្បធាន​ជា​ដើម ជា​ប្រយោជន៍​ដើម្បី​នឹង​លះ​នូវ​ឧបក្កិលេស ១៦ មាន​អភិជ្ឈាវិសម​លោភៈ​ជា​ដើម ដែល​ជា​កិលេស​ធ្វើ​ចិត្ត​ឲ្យ​សៅហ្មង នឹង​ដើម្បី​បំពេញ​គុណ​ធម៌​ផ្សេង ៗ មាន​ឥទ្ធិបាទ ៤ នឹង​ពល ៥ ជា​ដើម ដែល​មិន​ទាន់​កើត​មាន​ក្នុង​ខន្ធ​សន្ដា​ន​ឲ្យ​សម្រេច​កើត​មាន​ឡើង ប្រយោជន៍​ដើម្បី​ជា​កម្លាំង​សម្រាប់​ទ្រទ្រង់​ក្នុង​ការ​ចំរើន​កម្មដ្ឋាន​ផ្សេង ៗ ត​ទៅ​ទៀត ។
          ២- ចំរើន​សតិបដ្ឋាន ៤ មាន​កាយានុបស្សនា​សតិបដ្ឋាន​ជា​ដើម ជា​ប្រយោជន៍​ដើម្បី​នឹង​លះ​នីវរណៈ ៥ មាន​កាមច្ឆន្ទៈ​ជា​ដើម ដែល​ជា​សត្រូវ​នឹង​សមាធិ​ចិត្ត ឲ្យ​វិនាស​សាប​សូន្យ​អស់​ពី​ខន្ធ​សន្ដាន ។
          ៣- ចំរើន​ឈាន​មាន​រូបជ្ឈាន ៤ ជា​ដើម​ជា​ប្រយោជន៍​ដើម្បី​នឹង​លះ​រាគៈ ទោសៈ មោហៈ​ឲ្យ​អស់​ពី​ខន្ធ​សន្ដាន ហើយ​ញ៉ាំង​អង្គ​សម្មាវាយាមោ​សម្មាសតិ​នឹង​សមា្មសមាធិ​ឲ្យ​សម្រេច​កើត​មាន​ប្រាកដ​ឡើង​ជា​លំដាប់ ។
          ដើម្បី​នឹង​ចំរើន​ឈាន​ឲ្យ​សម្រេច​នូវ​ប្រយោជន៍​បាន​ជាក់​ច្បាស់​នោះ ទើប​អង្គ​សម្មាទិដ្ឋិ ដែល​ជា​មគ្គុទ្ទេសក៍​នោះ ដឹក​នាំ​យោគាវចរ​ឲ្យ​នឹក​គិត​ឃើញ​ត្រូវ​ថា គប្បី​ចាប់​ផ្ដើម​ចំរើន​សិណ​ជា​បឋម ឲ្យ​បាន​សម្រេច​នូវ​អប្បនា​សមាធិ​ជា​មុន​សិន ពី​ព្រោះ​អប្បនាសមាធិ​នេះ​ជា​មូលដ្ឋាន​សម្រាប់​ឲ្យ​ឈាន​ចិត្ត ៨ មាន​រូប​ជ្ឈាន​ចិត្ត ៤ ជា​ដើម​អាច​កើត​ឡើង​បាន​ហើយ​ពី​ព្រោះ​ឈាន​ចិត្ត​នីមួយ ៗ សុទ្ធ​តែ​សម្បយុត្ត​ដោយ​អង្គ​ឯកគ្គតា​គឺ អប្បនាសមាធិ​នោះ​ឯង ។
          កាល​បើ​នឹក​គិត​ឃើញ​ដូច្នេះ​ហើយ ទើប​យោគាវចរ​តាំង​ចិត្ត​ព្យាយាម​ចំរើន​សិណ, ចំរើន​ឈាន នឹង​ចំរើន​វិបស្សនា​ភាវនា​រៀង​រាប​ដរាប​លុះ​ត្រា​តែ​បាន​សម្រេច​នូវ​អប្បនា​សមាធិ ឈាន​ចិត្ត ៨ នឹង​វិបស្សនាញាណ ១០ សម​តាម​គោល​បំណង​សព្វ​គ្រប់​ដោយ​ប្រការ​ដូច្នេះ​ឯង ។
          រី​ឯ​លទ្ធផល​ដែល​យោគាវចរ បាន​បំពេញ​ឲ្យ​សម្រេច​កើត​មាន​ឡើង​ដូច​បាន​រៀប​រាប់​ខាង​លើ​នេះ​ជា​សក្ខី​ភាព បញ្ជាក់​សេចក្ដី​ឲ្យ​ឃើញ​ថា​លោក​បាន​ចំរើន​អដ្ឋង្គិកមគ្គ​ឲ្យ​សម្រេច​ឡើង​ជាក់​ច្បាស់​ហើយ ។
          ចំណែក​ឯ​គុណ​ធម៌​ដែល​យោគាវចរ​បាន​ចំរើន ឲ្យ​សម្រេច​កើត​មាន​ឡើង​នោះ បណ្ឌិត​លោក​បែង​ចែក​ជា ៣ គំនរ ហៅ​ថា​ត្រៃ​ខន្ធ​គឺ លោក​យក​សុចរិត ១០ នឹង​សម្មាអាជីវៈ​ធ្វើ​ជា​គំនរ ១ ហៅ​ថា សីល​ខន្ធ, យកសមាធិ​ចិត្ត នឹង​ឈាន​ចិត្ត ៨ ធ្វើ​ជា​គំនរ ១ ហៅ​ថា សមាធិខន្ធ ហើយ​យក​វិបស្សនា-ញាណ ១០ ធ្វើ​ជា​គំនូរ ១ ទៀត ហៅ​ថា បញ្ញាខន្ធ ។
          គឺ​ត្រៃខន្ធ​នេះ​ហើយ​ដែល​បណ្ឌិត​លោក ចាត់​ទុក​ថា​ជា​គ្រឿង​សម្រាប់​កំចាត់​បង់​នូវ​រាគាទិក្កិ-លេស ឲ្យ​វិនាស​សាប​សូន្យ​អស់​ខន្ធសន្ដាន​ទៅ​បាន​ជា​ពិត​ប្រាកដ​នោះ ។
          ៣- តើ​ត្រៃ​ខន្ធ​នេះ អាច​កំចាត់​នបង់​នូវ​រាគាទិក្កិលេស​ឲ្យ​វិនាស​សាប​សូន្យ​អស់​ពី​ខន្ធ​សន្ដាន​ទៅ​បាន​ដោយ​ប្រការ​ដូច​ម្ដេច​ទៅ ?
        ចំពោះ​រឿង​នេះ ខ្ញុំ​សូម​បញ្ជាក់​ថា ៖
          ១- សីល​ខន្ធ​ដែល​ប្រកប​ដោយ​សុចរិត ១០ មាន​កាយ​សុចរិត ៣ ជា​ដើម នឹង​សម្មាអាជីវៈ​អាច​ការ​ពារ​យោគាវចរ​ឲ្យ​រួច​ផុត​ចាក​វិតិក្កម​ទោស​គឺ​កិលេស​យ៉ាង​គ្រោត​គ្រាត​ទាំងឡាយ​បាន ។
          ២- រី​ឯ​សមាធិខន្ធ ដែល​មាន​បរិបូណ៌​ដោយ​សមាធិ​ចិត្ត ​នឹង​ឈាន​ចិត្ត ៨ រមែង​ញាំង​ខន្្ធ​សន្ដាន​ឲ្យ​រួច​ផុត​ចាក​រាគៈ នឹង​ទោសៈ ពី​ព្រោះ​ឈាន​ចិត្ត​ដែល​សម្បយុត្ត​ដោយ​អង្គ​ឧបេក្ខា ​នឹង​ឯកគ្គតា រមែង​តែ​តាំង​នៅ​ជា​កណ្ដាល​មិន​អើ​ពើ គឺ​មិន​សោមនស្ស​មិន​ទោមនស្ស​ចំពោះ​ឥដ្ឋានិដ្ឋារម្មណ៍ ហើយ​រារាំង​ប្រឆាំង​មិន​ឲ្យ​រាគៈ ទោសៈ ចូល​មក​កើត​ក្នុង​ខន្ធសន្ដាន​បាន​សោះ​ឡើយ ។
          ៣- ចំណែក​ឯ​បញ្ញា​ខន្ធ ដែល​ពោរពេញ​ទៅ​ដោយ​វិបស្សនាញាណ ១០ សម្រាប់​បន្ទោ​បង់​នូវ​មោហៈ នឹង​សក្កាយទិដ្ឋិ ពី​ព្រោះ​វិបស្សនាញាណ គឺ​ញាណ​ដែល​ដឹង​ច្បាស់​នូវ​ដំណើរ​នៃ​សង្ខារ​ធម៌​ទៅ​តាម​ការណ៍​ពិត​នោះ ក៏​រមែង​តែ​ប្រឆាំង​រារាំង​មិន​ឲ្យ​មោហៈ នឹង​សក្កាយទិដ្ឋិ​ចូល​មក​កើត​ក្នុង​ខន្ធសន្ដាន​បាន​សោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខន្ធសន្ដាន​នោះ​រីង​ហួត​ស្ងួត​ផុត​ចាក​មោហៈ សក្កាយទិដ្ឋិ ​នឹង​វិចិកិច្ឆា​អស់​ទៅ​បាន ។
          លុះ​ណា​តែ​យោគាវចរ​បាន​ប្រកប​ដោយ​ត្រៃ​ខន្ធ​នេះ ទើប​យាគាវចរ​អង្គ​នោះ​មាន​សមត្ថភាព​អាច​លះ​សំយោជនៈ ១០ ដាច់​ស្រឡះ ដើម្បី​ការ​ត្រាស់​ដឹង​មគ្គផល​និព្វាន​សម​ដូច​សេចក្ដី​ប្រាថ្នា​ទៅ​បាន ។
          នៅ​ទី​នេះ ខ្ញុំ​ពុំ​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​ត្រាស់​ដឹង​មគ្គផល​និព្វាន​ទេ ខ្ញុំ​គ្រាន់​តែ​លើក​យក​គោល​ធម៌​ខ្លះ​មក​បញ្ជាក់ ដើម្បី​ឲ្យ​ងាយ​យល់​នូវ​លក្ខណៈ​នៃ​ការ​ត្រាស់​ដឹង​នោះ ដូច​មាន​សេចក្ដី​ត​ទៅ​នេះ៖
          សំយោជនៈ​ទាំងឡាយ​ណា ដែល​យោគាវចរ​លះ​ដាច់​ស្រឡះ​អស់​ទៅ​ហើយ សំយោជនៈ​ទាំងឡាយ​នោះ ទុក​ដូច​ជា​រួច​ផុត​ស្រឡះ​ចាក​ខន្ធសន្ដាន​អស់​ទៅ​ហើយ ។ ម្យ៉ាង​ទៀត​សំយោជនៈ​ទាំងឡាយ​ណា ដែល​រួច​ផុត​ស្រឡះ​ចាក​ខន្ធសន្ដាន​នោះ​អស់​ទៅ​ហើយ ។
          បើ​និយម​តាម​ទ្រឹស្ដី​ខាង​លើ​នេះ គេ​អាច​សន្និដ្ឋាន​បាន​ថា កិរិយា​លះ​សំយោជនៈ ១០ ដាច់​ស្រឡះ​ជា​សមុដ្ឋាន​នៃ​ការ​ត្រាស់​ដឹង​នូវ​មគ្គ ៤ មាន​សោតាបត្តិ​មគ្គ​ជា​ដើម ហើយ​កិរិយា​រួច​ផុត​ស្រឡះ​ចាក​សំយោជនៈ ១០ ជា​សមុដ្ឋាន​នៃ​ការ​ត្រាស់​ដឹង​នូវ​ផល ៤ មាន​សោតាបត្តិផល​ជា​ដើម ហើយ​កិរិយា​រលត់​នៃ​សំយោជនៈ ១០ ជា​សមុដ្ឋាន​នៃ​ការ​ត្រាស់​ដឹង​នូវ​និព្វាន​នោះ​ឯង ។
          បើ​អស់​លោក​ជា​ពុទ្ធ​បរិស័ទ​ណា​ចង់​ជ្រាប តើ​មគ្គ ៤ ផល ៤ នឹង​និព្វា​ន​គឺ​ជា​អ្វី​នោះ ខ្ញុំ​សូម​អញ្ជើញ​អស់​លោក​ជា​ពុទ្៩ធបរិស័ទ​នោះ​អាន​សៀវភៅ លោកុត្តរាភិសម័យ ដែល​ខ្ញុំ​បាន​និពន្ធ​ហើយ​បាន​បោះ​ពុម្ព​ចែក​ផ្សាយ​ជា​ធម្មទាន​នោះ​ទៀត អស់​លោក​​គង់​នឹង​បាន​ជ្រាប​អំពី​រឿង​នេះ​ពុំ​ខាន​ឡើយ
          ៤- បើ​អដ្ឋង្គិកមគ្គ​ជា​បដិបត្តិធម៌ សម្រាប់​ការ​ត្រាស់​ដឹង​មគ្គ ផល និព្វាន​ទេ តើ​ហេតុ​ដូច​ម្ដេច បាន​ជា​បណ្ឌិត​លោក​ចាត់​ទុក​អដ្ឋង្គិកមគ្គ​នោះ ថា​ជា​ទុក្ខ​និរោធ​គាមិនីបដិបទា គឺ​បដិបទា​អាច​ញ៉ាំង​កង​ទួុក្ខ​ឲ្យ​រលត់​ទៅ​វិញ ?
          បាន​ជា​បណ្ឌិត​លោក​ចាត់​ទុក​អដ្ឋង្គិមគ្គ ថា​ជា​ទុក្ខ​និរោធ​គាមិនីបដិបទា​ទៅ​វិញ ពី​ព្រោះ​ការ​ត្រាស់​ដឹង​មគ្គ ៤ ផល ៤ នឹង​និព្វាន​រមែង​ជា​មូល​ហេតុ​នាំ​ឲ្យ​ខន្ធ ៥ រលត់​ជា​លំដាប់​ពុំ​ខាន​ឡើយ ។ នៅ​ពេល​ដែល​ខន្ធ ៥ ត្រូវ​បាន​រលត់​ហើយ ទុក្ខ ១២ កង​ដែល​មាន​ខន្ធ ៥ នោះ​ជា​ទី​តាំង​នឹង​ជា​ទី​កើត ក៏​ត្រូវ​រលត់​ព្រម​ជា​មួយ​គ្នា​ជា​លំដាប់​ដែរ ។
          អាស្រ័យ​ហេតុ​នេះ ទើប​បណ្ឌិត​លោក​ពោល​ថា​អដ្ឋង្គិកមគ្គ​ជា​ទុក្ខ​និរោធគាមិនីបដិបទា​ដោយ​ប្រការ​ដូច្នេះ​ឯង ។
          ៥- តើ​ការ​ត្រាស់​ដឹង​មគ្គ ៤ ផល ៤ នឹង​និព្វាន ជា​ហេតុ​អាច​ញ៉ាំង​ខន្ធ ៥ ព្រម​ទាំង​ទុក្ខ ១២ កង ឲ្យ​រលត់​ទៅ​បាន​ដោយ​ប្រការ​ដូច​ម្ដេច​ទៅ ?
        ដើម្បី​ឲ្យ​ងាយ​យល់ ខ្ញុំ​សូម​រំឭក​ម្ដង​ទៀត​ថា ការ​ត្រាស់​ដឹង​និព្វាន​ដែល​នឹង​សម្រេច​ឡើង​បាន ក៏​ព្រោះ​កិរិយា​រលត់​នៃ​កិលេស​ជា​មូល​ហេតុ​ហើយ​កិរិយា​រលត់​នៃ​កិលេស​ដែល​នឹង​សឹម្រេច​កើត​មាន​ឡើង​បាន ក៏​ព្រោះ​ការ​ត្រាស់​ដឹង​មគ្គ ៤ ផល ៤ ជា​មូល​ហេតុ ។
          សេចក្ដី​បញ្ជាក់​នេះ នាំ​ឲ្យ​សន្និដ្ឋាន​បាន​ថា កិរិយា​រលត់​នៃ​កិលេស​នោះ​ហើយ ដែល​ជា​មូល​ហេតុ​មិមន​ត្រឹម​តែ​នាំ​ឲ្យ​ការ​ត្រាស់​ដឹង​និព្វាន​សម្រេច​ឡើង​បាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​នាំ​ឲ្យ​តណ្ហា ឧបាទាន នឹង​កម្ម​រលត់​អស់​ជា​លំដាប់​ទៀត ដូច​មាន​សេចក្ដី​បញ្ជាក់​ហេតុ​ផល​ត​ទៅ​នេះ ៖
          តណ្ហា គឺ​សេចក្ដី​ប្រាថ្នា​នូវ​អារម្មណ៍ ៥ មាន​រូប​ជា​ដើម ដែល​នឹង​មាន​ដំណើរ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​បាន ក៏​ព្រោះ​មាន​រាគាទិក្កិលេស​គឺ រាគៈ ទោសៈ មោហៈ ជា​មូល​ហេតុ ។ កាល​បើ​រាគាទិក្កិលេស​ជា​ដើម​ហេតុ​រលត់​អស់​ទៅ​ហើយ រី​ឯ​តណ្ហា​ដែល​ជា​ផល​ក៏​ត្រូវ​តែ​រលត់​ព្រម​ជា​មួយ​គ្នា​ជា​លំដាប់​ដែរ ។
          - ឧបាទាន ៤ មាន​កាមុប្បាទាន គឺ​សេចក្ដី​ជំពាក់​ចិត្ត​នឹង​កាម​ជា​ដើម ដែល​នឹង​មាន​ដំណើរ​ប្រព្រឹត្ត​ទៅ​ជា​ប្រក្រតី​បាន ក៏​ព្រោះ​មាន​តណ្ហា​នោះ​ឯង​ជា​មូល​ហេតុ ។ កាល​បើ​តណ្ហា​រលត់​អស់​ទៅ​ហើយ រី​ឯ​ឧបាទាន ៤ ដែល​ជា​ផល ក៏​ត្រូវ​រលត់​ព្រម​ជា​មួយ​គ្នា​ជា​លំដាប់​ដែរ ។
          - កម្ម ២ ប្រការ​គឺ កុសលកម្ម ១ នឹង​អកុសលកម្ម ១ ដែល​នឹង​កើត​មាន​ឡើង​បាន ពី​ព្រោះ​ឧបាទាន ៤ មាន​កាមុប្បាទាន​ជា​ដើម​នោះ ឯង​ជា​មូល​ហេតុ ។ កាល​បើ​ឧបាទាន ៤ ជា​ដើម​ហេតុ​រលត់​អស់​ទៅ​ហើយ រី​ឯ​កម្ម ២ ប្រការ​ដែល​ជា​ផល ក៏​ត្រូវ​រលត់​ព្រម​ជា​មួយ​គ្នា​ជា​លំដាប់​ដែរ ។
          - ខន្ធ ៥ ដែល​នឹង​កើត​មាន​ឡើង​ក្នុង​ភពថ្មី​ទៀត​បាន ក៏​ព្រោះ​មាន​កម្ម ២ ប្រការ​ជា​មូល​ហេតុ ។ កាល​បើ​កម្ម ២ ប្រការ​រលត់​អស់​ហើយ, រី​ឯ​ខន្ធ ៥ ដែល​ជា​ផល ក៏​ត្រូវ​រលត់​ព្រម​ជា​មួយ​គ្នា​ជា​លំដាប់​នោះ​ដែរ ។
          រី​ឯ​ទុក្ខ ១២ កង​ដែល​នឹង​កើត​មាន​ឡើង​បាន ក៏​ព្រោះ​មាន​ខន្ធ ៥ នោះ​ជា​ទី​កើត កាល​បើ​ខន្ធ ៥ រលត់​អស់​ទៅ​ហើយ ទុក្ខ ១២ កង​ក៏​ត្រូវ​រលត់​ព្រម​ជា​មួយ​គ្នា​ជា​លំដាប់​ដែរ ។
          សរុប​សេចក្ដី​ទៅ​ឃើញ​ថា កិរិយា​រលត់​នៃ​រាគា​ទិក្កិលេស ជា​មូល​ហេតុ​អាច​នឹង​ញ៉ាំង​ខន្ធ ៥ ព្រម​ទាំង​ទុក្ខ ១២ កង​ឲ្យ​រលត់​ទៅ​បាន​ពិត​មែន​តែ​មិន​មែន​ឲ្យ​រលត់​ក្នុង​ពេល​ជា​បច្ចុប្បន្ន​នេះ​ទេ គឺ​ឲ្យ​រលត់​ទៅ​ឯ​អនាគត​នៅ​ពេល​ដែល​អាយុក្ខ័យ​មក​ដល់​ឯ​ណោះ ។
          អាស្រ័យ​ហេតុ​នេះ ទើប​និព្វាន​ដែល​សម្រេច​កើត​មាន​ឡើង​ដោយ​កិរិយា​រលត់​នៃ​កិលេស​នោះ ក៏​ត្រូវ​មាន ២ ប្រការ​ដែរ​គឺ ឧបាទិសេស​និព្វាន ១ នឹង​អនុប្បាទិសេស​និព្វាន ១ ។
          ឯ​ឧបាទិសេស​និព្វាន គឺ​និព្វាន​ដែល​សម្រេច​កើត​មាន​ឡើង​ដោយ​កិរិយា​រលត់​នៃ​កិលេស​ទុក​ជា​និព្វាន​បច្ចុប្បន្ន រី​ឯ​អនុប្បាទិសេស​និព្វាន គឺ​និព្វាន​ដែល​សម្រេច​កើត​មាន​ឡើង ដោយ​កិរិយា​រលត់​ទាំង​កិលេស ទាំង​បញ្ចក្ខន្ធ​នោះ​ទុក​ជា​និព្វាន​ទៅ​អនាគត ។
          ត្រង់​នេះ​ស​សេចក្ដី​ឲ្យ​ឃើញ​ថា កិរិយា​រលត់​នៃ​កិលេស​ក្នុង​បច្ចុប្បន្ន​ជា​ហេតុ​នាំ​ឲ្យ​បញ្ចក្ខន្ធ នឹង​កង​ទុក្ខ​រលត់​ទៅ​អនាគត​ទៀត​ពុំ​ខាន​ឡើយ ។
          ៦- តើ​បណ្ឌិត​លោក​យល់​ឃើញ​ដូច​ម្ដេច ទើប​លោក​ខំ​ព្យាយាម​បំពេញ​នូវ​អដ្ឋង្គិកមគ្គ ដើម្បី​នឹង​ធ្វើ​ឲ្យ​ខន្ធ ៥ រលត់​លែង​ឲ្យ​កើត​ក្នុង​ភព​ថ្មី​ទៀត​យ៉ាង​ដូច្នេះ ?
        បើ​តាម​យោបល់​ខ្ញុំ ប្រហែល​បណ្ឌិត​សោក​ចាត់​ទុក​ខន្ធ ៥ នោះ ជា​សេចក្ដី​ទុក្ខ​សោក សេចក្ដី​ឈឺ​ចាប់​ក្ដៅ​ក្រហាយ​ខ្លោច​ផ្សា​គ្រប់​បែប​យ៉ាង​គ្មាន​សត្វ​ណា​ដែល​ស្ថិត​នៅ​លើ​ត្រៃ​ភព អាច​នឹង​គេច​ខ្លួន​ឲ្យ​រួច​ផុត​ទុក្ខ ១២ កង​នោះ​បាន​ឡើយ ។ មិន​តែ​ប៉ុណ្ណោះ ពី​ព្រោះ​ខន្ធ ៥ នោះ ជា​អ្នក​នាំ​មក​នូវ​អារម្មណ៍ ៥ មាន​រូប​ជា​ដើម សម្រាប់​លួង​លោម​ចិត្ត ធ្វើ​សត្វ​ឲ្យ​ស្រវឹង​ជ្រប់​នឹង​កាម​គុណ ៥ វង្វែង​ភ្លេច​ភ្លាំង​ស្មារតី ភ្លេច​ខ្លួន​ជាប់​ស្អិត​នៅ​វិល​វល់​ក្នុង​វដ្ដសង្សារ រង​ទុក្ខ​វេទនា​រក​ទី​បំផុត​គ្មាន​សោះ​ឡើយ ។
          អាស្រ័យ​ហេតុ​នេះ​ហើយ បាន​ជា​បណ្ឌិត​លោក​ស្វែង​រក​ឧបាយ​ដើម្បី​នឹង​ដោះ​ខ្លួន​ឲ្យ​រួច​ផុត​ស្រឡះ​ចាក​ខន្ធ ៥ នោះ​ដោយ​ប្រការ​ដូច្នេះ​ឯង ។
          លំដាប់​អំពី​នេះ ខ្ញុំ​នឹង​ធ្វើ​អត្ថាធិប្បាយ​បញ្ជាក់​អំពី​ខន្ធ ៥ នឹង​ទោស​នៃ​ខន្ធ ៥ នោះ ដូច​មាន​សេចក្ដី​ត​ទៅ​នេះ ៖
          ឯ​ខន្ធ ៥ នោះ​គឺ ៖
          ១- រូប​ក្ខន្ធ គឺ​គំនរ​រូប គំនរ​រូប​នេះ មាន​មហាភូតរូប ៤ គឺ ដី ទឹក ភ្លើង ខ្យល់ នឹង​ឧបាទាយរូប ២៥ មាន​បសាទ ៥ អារម្មណ៍​ខាង​ក្រៅ ៥ ជា​ដើម ។ល។
          ២- វេទនាខន្ធ គឺ​គំនរ​វេទនា គំនរ​វេទនា មាន​វេទនា ៥ គឺ សោមនស្ស ទោមនស្ស សុខ ទុក្ខ នឹង​ឧបេក្ខា ។ ឯ​វេទនា​គឺ​ចិត្ត​ដែល​សោយ​អារម្មណ៍​ហើយ​ដឹង​ថា អារម្មណ៍​នោះ ៗ ជា​សោមនស្ស ឬ ជា​ទោមនស្ស ឬ​ជា​សុខ​ជា​ទុក្ខ ឬ ជា​ឧបេក្ខា ។
          ៣- សញ្ញាខន្ធ គឺ​គំនរ​សញ្ញា គំនរ​សញ្ញា​នេះ មាន​សញ្ញា ៥ គឺ រូបសញ្ញា សទ្ទសញ្ញា គន្ធសញ្ញា រស​សញ្ញា នឹង​ផោដ្ឋព្វសញ្ញា ។
          ឯ​សញ្ញា​គឺ​ចិត្ត ដែល​សំគាល់​ដឹង​នូវ​រូប សម្លេង ក្លិន រស (សម្ផស្ស​ប៉ះ​ពាល់​ត្រូវ​ដោយ​អណ្ដាត) នឹង​ផោដ្ឋព្វៈ (សម្ផស្ស​ដែល​ប៉ះ​ពាល់​ត្រូវ​ដោយ​កាយ) ។
          ៤- សង្ខារក្ខន្ធ គឺ​គំនរ​គំនិត គំនរ​គំនិត​នេះ មាន​ចេតសិក ៥២ ចែក​ចេញ​ជា​កុសល​ចេតសិក ២៥ ជា​អកុសល​ចេតសិក ១៤ នឹង​ជា​អញ្ញសមានា​ចេតសិក ១៣ ។ រី​ឯ​សង្ខារ គឺ​ចិត្ត​ដែល​សញ្ចេតនា គឺ​គិត​នូវ​ការ​ជា​កុសល​ឬ​ជា​អកុសល តែង​គិត​ឃើញ​នូវ​គំនិត​ផ្សេង ៗ ហៅ​ថា ចេតសិក​នោះ​ឯង ។
          ៥- វិញ្ញាណក្ខន្ធ គឺ​គំនរ​វិញ្ញាណ គំនរ​វិញ្ញាណ​មាន​វិញ្ញាណ ៦ គឺ ចក្ខុវិញ្ញាណ ដឹង​តាម​ភ្នែក សោតវិញ្ញាណ ដឹង​តាមោ​ត្រចៀក​ឃានវិញ្ញាណ ដឹង​តាម​ច្រមុះ ជិវ្ហាវិញ្ញាណ ដឹង​តាម​អណ្ដាត កាយ​វិញ្ញាណ​ដឹង​តាម​កាយ នឹង​មនោវិញ្ញាណ ដឹង​តាម​ចិត្ត ។
(នៅ​មាន​ត)

និមិត្តរូប​នៃ​ប្រាសាទបុរាណ​ខ្មែរ​

​     ចំពោះ​ជនជាតិ​ឥណ្ឌា ក៏ដូចជា​ជនជាតិខ្មែរ​បុរាណ​អ​ញ្ជឹ​ង​ដែរ ដែល​ស្ថិតក្រោម​ឥទ្ធិពល​នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា លោក​ឬ ពិភពលោក​យើង​នេះ មាន​រាង​ជា ៤ ជ្រុង​ត្រ​ប៉ែត ស្មើ ដែលមាន​ភ្នំ​ជាច្រើន​ជា​ព្រំប្រទល់ ហើយ​ហ៊ុមព័ទ្ធ​ដោយ​មហាសាគរ ហើយ​នៅ​ចំ​កណ្តាល​មាន​សរសរ​មួយ​ជា​ជ​ន្ទ​ល់ ។ សសរ​នេះ​លេច​ខ្ពស់ត្រដែត​ដល់​ព្រះអាទិត្យ ហើយ​ត្រូវបាន​ប្រដូច​ទៅនឹង ព្រះអាទិត្យ ឬ​អណ្តាតភ្លើង​មួយ​កំពុង​ទម្លុះ​អាវ​កាស យ៉ាង​ជ្រាលជ្រៅ ។ គួរ​កត់សម្គាល់ថា ការប្រៀបធៀប​នេះ​គឺជា​តឹកតាង ច្បាស់លាស់​មួយ បង្ហាញថា សសរទ្រូង​ខាងលើនេះ​ផ្ទាល់ គឺជា​ភ្នំ​សុមេរុ​យ៉ាង​ប្រាកដ ។
    ម្យ៉ាងវិញទៀត​ចក្រ​វា​ឡ​យើង​នេះ ក៏ត្រូវ​បាន​គេ​ប្រៀបផ្ទឹម​ទៅនឹង​ខ្លួនប្រាណ​មនុស្ស​ផងដែរ ។ ពោលគឺ​ថ្ម​ឬ​ភ្នំ ជា​គ្រោង ឆ្អឹង ដង​ទន្លេ​ទាំងឡាយ​គឺជា​ឈាម និង​ខ្យល់​ជា​ដង្ហើម​ជីវិត ។​
​ដោយសារតែ​ទស្សនៈ​នេះហើយ ទើបបានជា​រាល់​ការសាងសង់​ប្រាង្គ​ប្រាសាទ បង្កប់​នូវ​អត្ថន័យ​និមិត្តរូប​ស៊ីជម្រៅ គួរ​ឲ្យ​កត់សម្គាល់​ក្រលែង ។ ដូច្នេះ​ដើម្បី​ឲ្យ​ស្របទៅតាម​គោល​ទស្សនៈ​វិទ្យា នៃ​លោកធាតុ​វិទ្យា​ឥណ្ឌា​ខ្មែរ​នេះ ចាំបាច់​ត្រូវបង្កើត​ឲ្យ មាន​ឡើង​នូវ​គោលការណ៍​មួយចំនួន ដូចជា ទ្រឹស្តី​ស្តីពី​សោភ័ណភាព និង​ច្បាប់​បច្ចេកទេស​ជាដើម សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុង ការអនុវត្តការ ស្ថាបនា​សំណង់​ស្ថាបត្យកម្ម​បុរាណ ។​
​ ​ ដូច​ទើប​ពោល ទស្សនៈ​លោកធាតុ​វិទ្យា​ឥណ្ឌូ​-​ខ្មែរ អាច​បញ្ជាក់ថា សកលលោក​មាន​លក្ខណៈ​ពិសិដ្ឋ​ឥតខ្ចោះ ។ ហើយ គេ​ជឿថា នៅ​ចំ​កណ្តាល​មាន​ភ្នំ​ព្រះ​សុមេរុ ដែល​នៅលើ​មា​ន្ថា​ន​ទេវលោក ឬ​ទេវស្ថាន ។ ម្យ៉ាងវិញទៀត ជុំវិញ​ភ្នំ​ព្រះ​សុមេរុ​នេះ គេ​ឃើញ​មាន​មហាសមុទ្រ​ទាំង ៤​តំណាង​ឲ្យ​ទ្វីប​៤ ហើយ​ទ្វីប​មួយ​ក្នុង​ទ្វីប​ទាំង ៤ នោះ​គឺជា​ជម្ពូទ្វីប ។ ហើយ​នៅ​ខាងត្បូង នៃ​ទ្វីប​នេះ គឺជា​ស្ថាន​មនុស្សលោក ។ ដែល​ហ៊ុមព័ទ្ធ​ដោយ​មហាកំពែង​ថ្ម ដែល​តាមពិតទៅ គឺ​តំណាង​ឲ្យ​ជួរ​ភ្នំ​តែ ប៉ុណ្ណោះ ។
​ ​   នៅក្នុង​បញ្ញត្តិ​កម្ម​ព្រហ្មញ្ញសាសនា ស្តីអំពី​ទស្សនៈ ស្តីពី​លោកយើង​ក៏​ដឹង​ទៀតថានៅលើ​កំពូល ភ្នំ​ព្រះ​សុមេរុ​ដ៏​ស័ក្តិ​សិទ្ធ ដែលជា​ស្ថាន​របស់​ព្រះព្រហ្ម ឬ​ព្រហ្មលោក មាន​ទិស​ទាំង ៨ ការពារ​ដោយ​ទេវតា​ទាំង ៨ ដែលជា​ឆ្មាំ ។ សូម​រំលឹកថា នៅ​ជម្ពូទ្វីប​ដែល​ធំជាងគេ​នោះ ស្ថិត នៅ​ចំ​កណ្តាល​ចក្រ​វា​ឡ ហើយ​មាន​ព្រះ​សុមេរុ​ហ៊ុមព័ទ្ធ​ជុំវិញ ដោយ​ពិភព​តារា ។​
​ ​យោង​លើ​និមិត្ត​រូបភាព យើង​ក៏​អាច​សម្គាល់​ផងដែរ នូវ​សម្ព័ន្ធភាព​ជិតស្និទ្ធ រវាង​វិស័យ​ស្ថាបត្យកម្ម​បុរាណ និង​ទីក្រុង​ឬ ព្រះរាជ​ធានី​ខ្មែរ ដូច​ករណី​អង្គរធំ ដែលជា​រូបភាព​បំ​ព្រួញ​នៃ​ពិភពលោក ដែល​តំណាង​ឲ្យ​លោកធាតុ​វិទ្យា ឥណ្ឌូ​-​ខ្មែរ ខាងលើ។ ហើយ​ដែលជា​មណ្ឌល​សេដ្ឋកិច្ចដែល​ឆ្លុះបញ្ចាំង ​តាមរយៈ​បារាយណ៍ ជា​សម្រាប់​បង្ហូរទឹក​ចូល​វាលស្រែ​ជា​ប្រភព​នៃ​វឌ្ឍនភាព ។​
​ ​   សរុបទៅ​ទាំង ប្រាសាទ ទាំង​ទីក្រុង ឬ​រាជធានី មាន​ទស្សនៈ​រូប​មួយ​អំពី​ភ្នំ​កណ្តាល ដែលជា​ស្នូល​នៃ​ពិភពលោក ដែល ស័ក្តិ​សិទ្ធ​ជាងគេ  ហើយ​ដែល​ហ៊ុមព័ទ្ធ​ជុំវិញ​ដោយ​ជួរ​ភ្នំ តំណាង​ដោយ​កំពែង​ធំ​ខ្ពស់ ។ ក្នុងន័យនេះ​ប្រាសាទ​កណ្តាល​នៃ​ទីក្រុង​ឬ​ភ្នំ​កណ្តាល គឺជា​ភ្នំ​សុមេរុ​នោះឯង ។ ជញ្ជាំង​កំពែង​ហ៊ុន​ព័ទ្ធជុំវិញ ត្រូវគេ​ប្រៀបផ្ទឹម​ទៅនឹង ជញ្ជាំង​ព័ទ្ធជុំវិញ​ចក្រ​វា​ឡ និង​ស្រះ ទាំង ៤ ពោរពេញ​ទៅដោយ​ទឹកដូច​មហាសមុទ្រ​នៃ​លោកធាតុ​វិទ្យា។ទស្សនៈ​នេះ​មាន​សារសំខាន់ ​ណាស់  សម្រាប់​ជាង​ខ្មែរ​នា សម័យបុរាណ ព្រះ​ជា​ជំនួយ​មួយ​យ៉ាងសំខាន់ ក្នុងការ​សាងសង់ ឬ​រៀបចំ​ប្លង់​ប្រាសាទ ដូច​ករណី​នៃ​ប្រាសាទ​ពិ​មា​យ នៅ​ខេត្ត នគររាជ​សីមា ប្រាសាទភ្នំរុង​ជា​សក្ខីកម្ម​ស្រាប់ ។​
​ក្រោ​ពីនេះ​ ប្រាសាទខ្មែរ ក៏​ត្រូវបាន​ស្ថាបនា​ឡើង​ក្នុងសម័យ ជា​វិជ្ជមាន​ផ្សេងៗ​មួយចំនួន​ផងដែរ ។ ជា​ប្រពៃណី ប្រាសាទខ្មែរ​គឺជា​លំនៅដ្ឋាន របស់​ពពួក​អាទិទេព​ក៏​មែនពិត ក៏ប៉ុន្តែ​ទន្ទឹម​ជាមួយ គ្នា នេះដែរ ក៏​ជា​មជ្ឈមណ្ឌល​វប្បធម៌ ព្រមទាំង ជា​កន្លែង​ដែល​គេ​បញ្ចុះ​អដ្ឋិធាតុ ស្តេច​ដូចជា​ប្រាសាទ​អង្គ​វត្ត ប្រាសាទបន្ទាយសម្រែ និង​ប្រាសាទបេង​មាណ ជាដើម ។ នេះ​ជា​អ្វីមួយ ដែល​ឆ្លុះបញ្ចាំង​ដោយ​វត្តមាន​ក្តារ​មឈូស​ថ្ម តូចធំ​ទាំងឡាយ ដែល​គេ​ជួបប្រទះ​ក្នុង​ទេវស្ថាន​ទាំងនោះ ។
​    ​និយាយ​ជារួម​មក សម្រាប់​មនុស្ស​ខ្មែរ ស្ថាបត្យកម្ម​ត្រូវ​ផ្សារភ្ជាប់​ទៅនឹង​ការរៀបចំ​ដែនដី​នគរ ឬ​នគររូបនីយកម្ម ជាពិសេស​ប្រព័ន្ធធារាសាស្ត្រ និង​ផ្លូវ​ទូរគមនាគមន៍ ។ នៅ​សម័យ​មហានគរ ដែល មាន​ទីក្រុង​អង្គរ​ជា​រាជធានី គោលបំណង​នៃ​ស្ថាបត្យករ​សម័យអង្គរ មិន​ត្រឹមតែ​ផលប្រយោជន៍ នៃ​សាសនា ឬ​សោភ័ណភាព​តែប៉ុណ្ណោះ ក៏ប៉ុន្តែ​ទាក់ទង​ទៅនឹង​នយោបាយ​ទឹក សម្រាប់​កសិកម្ម​ដែលជា​ប្រភព​នៃ​ប្រភព នៃ​វឌ្ឍនភាព ។ ឧទាហរណ៍​ជាក់ស្តែង ដូចជា វត្តមាន​នៃ​បារាយណ៍​ដ៏​ធំៗ សម្រាប់​ស្តុក​ទឹក​នៅ​តំបន់​សៀមរាប​អង្គរ និង​នៅ ប្រាសាទ​មឿង​តាំ​ជាដើម ដែលជា​លក្ខណៈ​រួម​នៃ​ស្ថាបត្យកម្ម​ខ្មែរ អនុវត្តតាម​បទបញ្ញត្តិ​កម្ម​យ៉ាង​ជាក់ច្បាស់ ។​
​ ​លើសពី​ន​ទៅទៀត រឿង​ដែល​អស្ចារ្យ​នោះ ប្រាង្គ​ប្រាសាទខ្មែរ គឺជា​ទីកន្លែង​សម្រាប់​ផ្សារភ្ជាប់​គ្នា រវាង​មនុស្សលោក និង​ព្រះអាទិទេព​នៅលើ​ផែនដី តាមរយៈ​ព្រះរាជា ក្នុងឋានៈ​ជា​ប្រមុខ​ដឹកនាំ ប្រកបដោយ​ទសពិតរាជធម៌ ។ មួយវិញទៀត​សោត ប្រាសាទខ្មែរ​ក៏​ពាក់ព័ន្ធ​ទៅនឹង​តារាសាស្ត្រ​ដែរដូច​ករណី​ប្រាសាទ​បាខែង និង​ប្រាសាទភ្នំរុង​ជាដើម ជា​សក្ខីកម្ម​ស្រាប់ ។
​ជាទី​បញ្ចប់ ក្រោ​ពី​ការឆ្លុះបញ្ចាំង ឲ្យ​ឃើញ​នូវ​បច្ចេកទេស​ឯក នៃ​ការសាងសង់​ដ៏​ចំណាន កប់​កំពូល​មក ដែល​តម្រូវ​តាម មនោគមន៍​វិទ្យា​សាសនា បែប ព្រាហ្មណ៍​និយម ប្រាង្គ​ប្រាសាទខ្មែរ​ទាំងឡាយ ធំក្តី តូចក្តី ដែល​សុទ្ធសឹងតែ​ជាការ​ចម្លង នៃ ស្ថានសួគ៌ ឬ​ទេវស្ថាន​មកលើ​ផែ​ប​ដី គឺជា​អត្ត​សញ្ញាណ​ជាតិ ។ ព្រោះ​ហេតុ​ដូច្នេះហើយ បានជា​គេ​ចាត់ទុកថា ប្រាង្គ​ប្រាសាទ ទាំងឡាយ គឺជា​ផ្នែក​មួយ​នៃ​ខឿនវប្បធម៌​ដ៏​រុងរឿង​ថ្កើងថ្កាន ដែល​បុព្វការី​ជន​ខ្មែរ​បាន​បន្សល់​ទុកជា​កេរ្តិ៍ដំណែ ល​ខេ​មរ​ជាតិ ដោយ​ជាក់ច្បាស់ ៕ (​ម​.​ត្រា​ណេ​)

គំនិត​ល្អៗ​ពី​សៀវភៅ​ស្រី​ហិតោ​បទេស

(១)​ អ្នក​ស្គាល់​​គុណ​គាប់​ស្គាល់​ល្អ​អាក្រក់​ កាល​បើ​សេព​គប់​មនុស្ស​អាក្រក់​ក៏​ត្រឡប់​ជា​អាក្រក់​វិញ​ ដូច​ស្ទឹង​ថ្លា​មាន​រស​ជាតិ​ល្អ​ លុះ​ហូរ​ចូល​សមុទ្រ​ហើយ​ ក៏​ប្រែក្លាយ​ទៅ​ជា​មាន​រស​ជាតិ​ប្រៃ​ផឹក​ពុំ​បាន​។
(២) កិច្ចការ​អ្វី​មួយ​ដែល​ប្រកប​ដោយ​អំពើ​ឥតប្រយោជន៍​ ក៏​រមែង​មិន​បាន​ផល​សម​តាម​ប្រាថ្នា​ទេ​ ដូចជា​ការប្រើ​វេលា​ព្យាយាម​បង្រៀន​សត្វ​កុក​ឲ​ចេះ​និយាយ​ដូច​សត្វ​សេក​ សូម្បី​ច្រើន​រយ​ដង​ ក៏​នឹង​មិន​បាន​ផល​។
(៣) ជន​ណា​ឃើញភរិយា​អ្នកដទៃ ទុក​ស្មើ​មាតា​របស់​ខ្លួន ឃើញ​ទ្រព្យ​អ្នក​ដទៃ​ទុក​ស្មើ​ដុំ​ថ្ម ឃើញ​សព្វ​សត្វ​ទាំង​ឡាយ​ ទុក​ស្មើ​រូប​ខ្លួន​ ជន​នោះ​លោក​ហៅ​ថា​​”បណ្ឌិត​”។
(៤) ចិត្ត​ម៉ឹងម៉ាត់​ក្នុង​គ្រា​ក្រ​ទុក្ខ​ព្រួយ ចិត្ត​នឹង​ធឹង​ក្នុង​គ្រា​សុខ​ចំរើន​ សេចក្តី​អង់​អាច​ក្នុង​ទី​ប្រជុំ​ជន​ដោយ​ថ្វី​មាត់​ ចិត្ត​ក្លៀវក្លា​ក្នុង​សមរភូមិ ចិត្ត​ត្រេក​អរ​ក្នុង​យស​ និង​ចិត្ត​ស្រវា​ស្រទេញ​ក្នុង​ការសិក្សា​ ទាំង​អស់​នេះ​​ ជាលក្ខណៈ​សម្បត្តិ​របស់​បុគ្គល​មាន​ចិត្ត​ដ៏​មហិមា​។
(៥)​ គេ​ដឹង​ចិត្ត​មិត្រ​ក្នុង​គ្រា​ក្រ​ ដឹង​ចិត្ត​ទាហាន​ក្លៀវ​ក្លា​ក្នុង​សង្រ្គាម ដឹង​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ការ​សង​បំណុល​គេ​ ដឹង​ចិត្ត​ភិរយា​ក្នុង​ពេល​ខ្សត់​ទ្រព្យ​ និង​ដឹង​ចិត្ត​ផៅ​ពង្ស​គ្រា​វិនាស​អន្តរាយ​។
(៦) បុគ្គល​កុំ​គប្បី​ចង​មិត្ត​សម្លាញ់​ឬ​ចង​ស្ពាន​មេត្រី​ជាមួយ​មនុស្ស​អាក្រក់ ​ជាដាច់​ខាត​ ដូចជា​ធ្យូង​ បើ​នៅ​ក្តៅ​វា​រលាក​ដៃ​ បើ​រលត់​ហើយ​ វា​ប្រឡាក់​ដៃ​។
(៧) បើ​ជាសត្រូវ​ហើយ​ បុគ្គល​កុំ​គប្បី​ចង​មេត្រី​ជឿ​ទុក​ចិត្ត​យ៉ាង​ស្និត​ឲ​សោះ ដូច​ជា​ទឹក​ ទុក​ជា​ពុះ​ខ្លាំង​គគ្រឹកៗ​ក៏​អាច​រលត់​ភ្លើង​បាន​។

សង្គាយនា​ទី ២



          ព្រះ​សម្ពុទ្ធ​បរិនិព្វាន​កន្លង​ទៅ​មួយ​សតវត្ស​ហើយ ។ កាល​នោះ មាន​ភិក្ខុ​មួយ​ក្រុម នៅ​ក្នុង​ដែល​វជ្ជី ជា​អ្នក​ល្មោភ​លាភ​សក្ការៈ បាន​បញ្ញត្ត​នូវ​វត្ថុ ១០ ប្រការ ដែល​ផ្ទុយ​នឹង​ពុទ្ធប្បញ្ញត្ត ។ ឯ​ព្រះ​បាទ​កាលាសោក ក៏​ជឿ​តាម​ពាក្យ​បញ្ចុះ​បញ្ចូល​របស់​ពួក​ភិក្ខុ​ទាំង​នោះ​ដែរ ។
          វត្ថុ ១០ ប្រការ​នោះ គឺ​ :
          ១- កប្បតិ សិង្គិលោណកប្បោ ..... វិនយ​ប្បញ្ញត្ត​ក្នុង​សន្និធិការក​សិក្ខាបទ ក្នុង​សុត្តវិភង្គ​ថា «របស់​ជា​យាវកាលិក (របស់​ដែល​ភិក្ខុ​អាច​ទទួល​ឆាន់​បាន​ត្រឹម​តែ​ពី​ពេល​អរុណរះ រហូត​ដល់​ពេល​ថ្ងៃ​ត្រង់​ប៉ុណ្ណោះ) បើ​ភិក្ខុ​បាន​ទទួល​ប្រគេន ហើយ​ទុកដាក់​អោយ​កន្លង​រាត្រី​យក​មក​ឆាន់ ត្រូវ​អាបត្តុបាចិត្តិយៈ» ។ ពួក​វជ្ជីបុត្តក​ភិក្ខុ សំដែង​ឡើង​ថា « អំបិល​ដែល​ដាក់​ក្នុង​ក្លាក់ស្នែង បើ​ទុក​អោយ​កន្លង​រាត្រី ហើយ​យក​មក​ឆាន់​ជា​មួយ​នឹង​អាហារ​បិណ្ឌបាត​ដែល​សាប​បាន មិន​ត្រូវ​អាបត្តិ​ឡើយ ។
          ២- កប្បតិ ទ្វង្គុលកប្បោ ..... វិនយ​ប្បញ្ញត្តិ​ក្នុង​វិកាល​ភោជន​សិក្ខាបទ ក្នុង​សុត្តវិភង្គ​ថា «ភិក្ខុ​ឆាន់​របស់​ជា​យាវកាលិក ក្នុង​វេលា​វិកាល  (ក្រៅ​ពី​ពេល​អរុណ​រះ​ដល់​ពេល​ថ្ងៃ​ត្រង់) ត្រូវ​អាបត្តិបាចិត្តិយៈ» ។ ពួក​វិជ្ជីបុត្តក​ភិក្ខុ​សំដែង​ឡើង​ថា «បើ​ព្រះ​អាទិត្យ​ជ្រេរ​ពី​ត្រង់​ទៅ​ហើយ​ប្រមាណ​ពីរ​ធ្នាប់ ក៏​ភិក្ខុ​គួរ​ឆាប់​របស់​ជា​យាវកាលិក​បាន មិន​ត្រូវ​អាបត្តិ​ឡើយ»
          ៣- កប្បតិ គាមន្តរកប្បោ ..... វិនយ​ប្បញ្ញត្តិ​ក្នុង​បឋម​វារណា​សិក្ខាបទ ក្នុង​សុត្តវិភង្គ​ថា «ភិក្ខុ​ហាម​ភោជន ហើយ​ក្រោក​ចាក​ទី​នោះ​ទៅ​ឆាន់​អនតិរិត្ត​ភោជន (ភោជន​ដែល​មិន​ទាន់​ធ្វើ​វិនយកម្ម គឺ​ភោជន​ដែល​មិន​ទាន់​ធ្វើ​ឱ្យ​ទៅ​ជា​របស់​គួរ​ជា​មុន​សិន ដូចជា​របស់​ដែល​មាន​គ្រាប់​អាច​ដុះ​បាន​ជាដើម) ត្រូវ​អាបត្តិ​បាចិត្តិយៈ» ។ ពួក​វជ្ជីបុត្ត​ភិក្ខុ សំដែង​ឡើង​ថា «បើ​ភិក្ខុ​គិត​ថា​អញ​នឹង​ចូល​​ទៅ​កាន់​ស្រុក​ដូច្នេះ ក៏​ត្រូវ​ឆាន់​អនតិរិត្ត​ភោជន​បាន មិន​ត្រូវ​អាបត្តិ​ឡើយ»
          ៤- កប្បតិ អាវាស​កប្បោ ..... វិនយ​ប្បញ្ញត្តិ​ក្នុង​ឧបោសថ​ក្ខន្ធកៈ​ទី ២ ក្នុ​ខន្ធកវិន័យ​ថា «ទី​អាវាស​ដែល​នៅ​ក្នុង​សីមា​ជា​មួយ​គ្នា ភិក្ខុ​នឹង​សង្ឃកម្ម​ទាំង​ពួង មាន​ឧបោសថ​កម្ម​ជាដើម​ផ្សេង​គ្នា​មិន​គួរ បើ​ធ្វើ​ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ, កម្ម​ដែល​ធ្វើ​នោះ​សោត ក៏​មិនមែន​ជា​សង្ឃ​កម្ម​ឡើយ» ។ ពួក​វជ្ជី​បុត្រក​ភិក្ខុ​សំដែង​ឡើង​ថា «ត្រូវ​ធ្វើ​បាន ឥត​មាន​ទាស់​ឡើយ»
          ៥- កប្បតិ អនុមតិកប្បោ ..... វិនយ​ប្បញ្ញត្តិ​ក្នុង​ចម្បេយ្យក្ខន្ធកៈ​ទី ៩ ក្នុង​ខន្ធក​វិន័យ​ថា «ភិក្ខុ​នឹង​ធញវើ​សង្ឃ​កម្ម​ទាំង​ពួង ត្រូវ​ប្រជុំ​ភិក្ខុ​ដែល​មាន​នៅ​ក្នុង​សីមា​ជា​មួយ​គ្នា អោយ​មក​ប្រជុំ​ព្រម​ជាប់​ហត្ថបាស​គ្នា ឬ បាន​នាំ​ឆន្ទៈ​បរិសុទ្ធ (គឺ​នាំ​ដំណឹង​ភិក្ខុ​ដែល​មាន​ធុរៈ​មិន​បាន​ចូល​មក​ប្រជុំ) នៃ​ភិក្ខុ​ដែល​មាន​កិច្ច​ធុរៈ មិន​បាន​មក​កាន់​ហត្ថបាស​នោះ ទើប​ធ្វើ​បាន, បើ​មិន​ធ្វើ​ដូច្នេះ ហៅ​ថា ធ្វើ​កម្ម​ជា​ពួក​ត្រូវ​អាបត្តិ​ទុក្កដ, កម្ម​ដែល​ធ្វើ​នោះ​សោត ក៏​មិនមែន​ជា​សង្ឃ​កម្ម​ឡើយ» ។ ពួក​វជ្ជី​បុត្តក​ភិក្ខុ សំដែង​ឡើង​ថា «មិន​ចាំបាច់​មក​ជួប​ជុំ​គ្នា​ដូច្នោះ​ទេ បើ​មក​ដល់​មុន នឹង​ធ្វើ​សង្ឃ​កម្ម​មុន​បណ្ដើរ​ទៅ​ក៏​បាន ឥត​មាន​ទាស់​ឡើយ»
          ៦- កប្បតិ អាចិណ្ណ​កប្បោ ..... ព្រះ​ធម៌​វិន័យ​ពុទ្ធសាសនា​មាន​របៀប​រៀបរៀង​ជា​ខ្នាត ជា​បន្ទាត់ កំណត់​ទុក​មក​ថា នេះ​ខុស នេះ​ត្រូវ រួច​ជា​ស្រេច​ហើយ, សេចក្ដី​ប្រតិបត្តិ​ជា​ចរិត​របស់​ឧបជ្ឈាយ៍ អាចារ្យ​ត ៗ មក បើ​ត្រូវ​សម​តាម​របៀប​ធម៌​វិន័យ​នោះ ទើប​អោយ​សិស្សានុសិស្ស​ទាំង​ពួង​ប្រតិបត្តិ​តាម, បើ​មិន​ត្រូវ មិន​សម​ទេ​នោះ សិស្សានុសិស្ស​ទាំង​ពួង មិន​ត្រូវ​ប្រតិបត្តិ​តាម​ឡើង ។ ពួក​វជ្ជី​បុត្តក​ភិក្ខុ​សំដែង​ឡើង​ថា «សេចក្ដី​ប្រតិបត្តិ​ជា​ចរិត​ទំនៀម​ទម្លាប់​របស់​ឧបជ្ឈាយ៍ អាចារ្យ ទោះ​ខុស​ក្ដី ត្រូវ​ក្ដី សិស្សានុសិស្ស​ទាំង​ពួង ត្រូវ​ប្រតិបត្តិ​តាម​បាន ឥត​មាន​ទាស់​ឡើយ»
          ៧- កប្បតិ អមថិត​កប្បោ ..... ទឹក​ដោះ​ស្រស់​ដែល​ប្រែ​ចាក​ភាព​ដើម​ហើយ នៅ​តែ​មិន​ទាន់​ក្លាយ​ទៅ​ជា​ទធិ (ទឹក​ដោះ​ជូរ, ទឹក​ដោះ​ជូរ​ឡើង​ពពុះ) មាន​វិនយ​ប្បញ្ញត្តិ​ថា «ភិក្ខុ​ហាម​ភោជន​ហើយ​ក្រោក​ចាក​ទី​នោះ ហើយ​ឆាន់​ទឹក​ដោះ​ជា​អនតិរិត្ត​នោះ ត្រូវ​អាបត្តិ​បាចិត្តិយៈ (តាម​ន័យ​ក្នុង​បឋម​បវារណា​សិក្ខាបទ)» ។ ពួក​វជ្ជី​បុត្តក​ភិក្ខុ​សំដែង​ឡើង​ថា «ឆាន់​បាន មិន​ត្រូវ​អាបត្តិ​ឡើយ»
          ៨- កប្បតិ ជលោគី បាតុំ ..... តរុណ​សុរា គឺ​សុរា​ដែល​គេ​ដាក់​គ្រឿង​ស្រវឹង​ផ្សំ​ត្រាំ​ជា​មួយ​គ្នា​ហើយ តែ​នៅ​ខ្សោយ មិន​ទាន់​ពេញ​ជា​ទឹក​ស្រវឹង​នៅ​ឡើយ, បើ​ភិក្ខុ​ផឹក ត្រូវ​អាបត្តិ​បាចិត្តិយៈ (តាម​ន័យ​ក្នុង​សុរា​បាន​សិក្ខាបទ ក្នុង​សុត្តវិភង្គ) ។ ពួក​វជ្ជី​បុត្តក​ភិក្ខុ​សំដែង​ឡើង​ថា «តរុណ​សុរា​នោះ ភិក្ខុ​ផឹក​បាន មិន​ត្រូវ​អាបត្តិ​ឡើយ»
          ៩- កប្បតិ អទសភំ និសីទនំ ..... វិនយ​ប្បញ្ញត្តិ​ក្នុង​និសីទន​សិក្ខាបទ ក្នុង​សុត្តវិភង្គ​ថា «ភិក្ខុ​នឹង​ធ្វើ​សំពត់​និសីទនៈ (សំពត់​សំរាប់​ភិក្ខុ​ក្រាល​អង្គុយ) ត្រូវ​ធ្វើ​អោយ​មាន​ជាយ, បើ​មិន​ធ្វើ​ដូច្នេះ​ទេ ត្រូវ​អាបត្តិ​បាចិត្តិយៈ» ។ ពួក​វជ្ជី​បុត្តក​ភិក្ខុ​សំដែង​ឡើង​ថា «មិន​បាច់​ធ្វើ​អោយ​មាន​ជាយ ក៏​អាច​ប្រើ​បាន​ដែរ មិន​ត្រូវ​អាបត្តិ​ឡើយ»
          ១០- កប្បតិ ជាតរូបរជតំ ..... វិនយ​ប្បញ្ញត្តិ​ក្នុង​រូបិយ​សិក្ខាបទ ក្នុង​សុត្តវិភង្គ​ថា «ភិក្ខុ​មិន​ត្រូវ​ទទួល ឬ ត្រេកអរ​ចំពោះ​មាស ឬ ប្រាក់, បើ​ទទួល ឬ ត្រេកអរ ត្រូវ​អាបត្តិ​បាចិត្តិយៈ» ។ តែ​ក្នុង​មេណ្ឌក​ប្បញ្ញត្តិ ក្នុង​ភេសជ្ជ​ខន្ធកៈ​ទី ៦ ក្នុង​ខន្ធក​វិន័យ មាន​ពុទ្ធានុញ្ញាត​អោយ​ភិក្ខុ​ត្រេកអរ​ចំពោះ​បច្ច័យ ៤ ដែល​កើត​អំពី​រូបិយៈ គឺ មាស ឬ ប្រាក់​នោះ​បាន ។ ពួក​វជ្ជី​បុត្តក​ភិក្ខុ​សំដែង​ឡើង​ថា «ភិក្ខុ​គួរ​ទទួល ទាំង​គួរ​ត្រេកអរ​ចំពោះ​មាស ឬ ប្រាក់​នោះ មិន​ត្រូវ​អាបត្តិ​ឡើយ»
          បាតុភាព​ដែល​លេច​ឡើង​ក្នុង​រង្វង់​នៃ​ព្រះ​ពុទ្ធសាសនា​នេះ បាន​ធ្វើ​អោយ​ព្រះ​អរហន្ត​ទាំងឡាយ មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​សាប​រលាប​ទៅ នៃ​ព្រះ​ពុទ្ធ​ឱវាទ ព្រោះ​នេះ ជា​ប្រថ្នូល​អាក្រក់​ដំបូង ដែល​វា​នឹង​អាច​ចេះ​តែ​សាយ​ភាយ​បន្ត​ទៅ​ទៀត ។ អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​លោក​ធ្វើ​ការ​តស៊ូ​យ៉ាង​ស្វិតស្វាញ ញ៉ាំង​ព្រះ​បាទ​កាលាលោក ដែល​លុះ​ជឿ​តាម​ការ​បញ្ចុះ​បញ្ចូលរបស់​ពួក​ពួក​វជ្ជី​បុត្តក​ភិក្ខុ​នោះ អោយ​យល់​ការណ៍​ពិត យល់​នូវ​ធម៌​វិន័យ​របស់​ព្រះ​ពុទ្ធ​អង្គ​វិញ ហើយ​ឯកភាព​សំរេច​ព្រះ​ទ័យ​រៀបចំ អោយ​មាន​ជា​ទុតិយ​សង្គាយនា នោះ​ឡើង ។
          សង្គាយនា​ទី ២ នោះ ហៅ​ថា «សត្ត​សតិកា​សង្គាយនា» ក៏​បាន ព្រោះ​មាន​ការ​ក​សង្ឃ ចំនួន ៧០០ អង្គ មាន​ព្រះ រេវតត្ថេរ ជា​ប្រធាន ជា​អ្នក​បុច្ឆា​ព្រះ​វិន័យ ព្រះ​សូត្រ ព្រះ​បរមត្ថ សត្វកាមិត្ថេរ ជា​អ្នក​វិសជ្ជនា, ព្រះ​បាទ​កាលាសោក ព្រះ​ចៅ​ក្រុង​វេសាលី ជា​ពុទ្ធសាសនូបត្ថម្ភក៍, ធ្វើ​នៅ​វាលុការាម ក្រុង​វេសាលី, ធ្វើ ៨ ខែ ទើប​សំរេច, ក្រោយ​ព្រះ​ពុទ្ធ​បរិនិព្វាន​កន្លង​ទៅ​បាន ១០០ ឆ្នាំ ។

                                                                                                រៀបរៀង​ដោយ
                                                                                           ម៉ែន ប្រាង  * អាំ ឆន
                                                                                           កែ​សំរួល​ដោយ ឱម ខែម