Sunday, October 13, 2013

តួនាទី

តួនាទីមាតាបិតា៥យ៉ាង

តួនាទីមាតាបិតា៥យ៉ាង
          មាតាបិតាជាមនុស្សសំខាន់នៅក្នុងគ្រួសារ ជាអ្នកដើរតួយ៉ាងសកម្មក្នុងការ​ទទួល​ខុស​​​ត្រូវអប់រំនិងថែទាំកូន ដោយបំពេញនូវកាតព្វកិច្ច ៥ប្រការសម្រាប់សង្រ្គោះបុត្រ​ធីតា​គឺ​៖
          ទី១៖ មាតាបិតាគប្បីហាមកូនឲ្យវៀរអំពើបាប ក្នុងពេលដែលកូនធ្វើអំពើអាក្រក់ ត្រូវ​​​ហាមឃាត់កូនយ៉ាងម៉ឺងម៉ាត់ មិនបណ្ដែតបណ្ដោយឲ្យកូនធ្វើតាមអំពើចិត្ត ឧស្សាហ៍ព្យា​យាម​ពន្យល់ណែនាំឲ្យជឿផលនៃទោសទុច្ចរិតក្នុងប​ច្ចុប្បន្ន និងបរលោកឲ្យឃើញជាក់​ស្ដែង ឲ្យ​កូន​រាងចាលរួញរអា ខ្លាចអំពោះអាក្រក់លែងហ៊ានប្រព្រឹត្តទៅទៀត ចេះបីបាច់​ចិញ្ចឹមកូន ឲ្យ​បានល្អ មិនថ្នាក់ថ្នមកូនហួសពេក ឲ្យទាល់តែកូនបានចិត្តមិនកោតក្រែងត្រ​កូលរៀបច្បង ។
          ទី២៖ ញ៉ាំងកូនឲ្យតម្កល់នៅក្នុងកុសលធម៌​ ឲ្យចេះរៀនកាន់រៀនប្រព្រឹត្តអំពើ​សុចរិត​​​តាម​​គន្លងធម៌ ពន្យល់អំពីផលនៃការប្រព្រឹត្តល្អឲ្យច្បាស់លាស់ ឲ្យដកចិត្តផ្លាស់ចំណង​ក្នុង​ផ្លូវ​​អា​​ក្រក់ ​ខ្លាចទោសបច្ចុប្បន្ននិងបរលោក ។
          ទី៣៖ គប្បីអប់រំកូនឲ្យពេញចិត្តក្នុងការសិក្សារៀនសូត្រ មុនដំបូងត្រូវបង្រៀនកូនឲ្យ​ចេះ​​​និយាយ​សម្ដីត្រឹមត្រូវ​ច្បាស់​លាស់​សមរម្យ ឲ្យស្គាល់ឋានៈស្គាល់វិន័យ វៀរចាក​ពាក្យ​អាក្រក់​​ពាក្យជេរប្រទេច អា មឹងជាដើម តាំងពីកូននៅតូច មិនបណ្ដោយ​ឲ្យកូន​រត់លេង​ផ្ដេសផ្ដាស់​​លុះកូនមានវ័យធំល្មម ត្រូវចំណាយលុយកាក់កាត់គ្រឿងសំលៀកបំពាក់ និង​គ្រឿង​សិក្សាមានក្ដាឆ្នួនសៀវភៅខ្មៅដៃជាដើម បញ្ជូនឲ្យទៅរៀនអក្សរសាស្រ្តផ្សេងៗ ក្នុង​សា​លា​​តាមគួរដល់កាលៈទេសៈ និងសម័យនិយម មិន​បណ្ដោយទុកឲ្យ​កូននៅ​ល្ងង់ទាំង​ប្រុស​​​ទាំង​ស្រី ។
          ទី៤៖ រៀបចំគូស្រករទៅតាមប្រពៃណី ។ លុះកូនមានវ័យធំល្មមផុតពីការសិក្សា​ហើយ មាតាបិតាគប្បីរៀបចំឲ្យមានផ្ទះ​សម្បែង​គូរស្វាមីភរិយា តាមសេចក្ដីស្ម័គ្រចិត្ត​នៃ​សាមី​​រូប​ទាំង​ពីរខាងផង តាមគួរដល់ពូជ​ពង្សវង្ស​ត្រកូលនិងទ្រព្យធនជាដើមផង ។
          ទី៥៖ ចែកទ្រព្យសម្បត្តិឲ្យជាដើមទុន ។ លុះរៀបចំកូនហើយ មាតាបិតា​គប្បី​ចែក​ចាយ​​ទ្រព្យសម្បត្តិតាមកម្លាំងធនធាន ទោះ​​ទ្រព្យមានវិញ្ញាណក្ដី ឥតវិញ្ញាណក្ដី ក្នុង​និច្ច​សម័យ​១ ក្នុង​កាលសម័យ១ ដើម្បី​ជួយ​បណ្ដុះ​បណ្ដា​ល​ឲ្យបានកើតកាលវាលគុម្ពក្នុង​គ្រួ​សារ​​របស់​កូន​ ឲ្យ​ហើយជាស្រេច ឲ្យត្រឹម​ត្រូវ​តាម​លក្ខ​ណៈ​ច្បាប់របស់រដ្ឋ កុំឲ្យ​កូនមាន​វិវាទ​ឈ្លោះ​ទាស់​ទែង​ដណ្ដើមគ្នាទៅថ្ងៃក្រោយ ។ ហេតុ​នេះ​​សូមមាតាបិតានៃបុត្រ​ធីតា​ទាំង​ឡាយគប្បី​សង្រ្គោះ​ ចំពោះបុត្រដោយលក្ខណៈ ៥យ៉ាង​នេះ​​ចុះ(១៤) ។
 
តួនា​ទី​កូនល្អ៥យ៉ាង
          កូនប្រុសស្រី កាលណាមាតាបិតាបានបំពេញល័ក្ខខ័ណ្ឌសព្វគ្រប់ហើយ ត្រូវ​ឆ្លើយ
​តប​​​សេចក្ដី​ល្អរបស់ឪពុកម្ដាយ ដោយកិច្ច ៥ យ៉ាងគឺៈ
          ទី១៖ ត្រូវចិញ្ចឹមបីបាច់ថែរក្សាមាតាបិតា ។ បុត្រធីតាគប្បីសិក្សាថា មាតាបិតា​ចិញ្ចឹម​រក្សា​អាត្មាអញ ហើយអាត្មាអញ​នឹង​ចិញ្ចឹម​មាតាបិតាវិញ កើតមកជាមនុស្ស​បើ​គ្រាន់​តែរឭក​ដល់​​អំពើ​ល្អដែលអ្នកដទៃ​បាន​ធ្វើ​លើ​ខ្លួនមិន​ឃើញហើយនោះ ចាំបាច់និយាយធ្វើអ្វី សេចក្តី​​ល្អ​ផ្សេងទៀតថាអាចនឹកឃើញ​ដើម្បី​ពូន​​សន្សំ​ក្នុងសន្តានទៅ​បាន។ បក្សី​ស៊ីផ្លែ​ពោធិ៍​ជ្រៃ​​អស់​ហើយហើរចេញមិន​បែរក្រោយ រឿងនេះ​មិន​គួរឲ្យ​តិះដៀលទេ ព្រោះ​វាជាធម្មតា​របស់​សត្វ​តិរ​ច្ឆាន ប៉ុន្តែមនុស្សយើងវិញបើ​ធ្វើ​​បែប​ហ្នឹង ពោលគឺមិនបែរក្រោយដោយការនឹក​​រំ​ឭក​ដល់​គុណ​អ្នកដទៃ​មានមាតា​បិតា​ជា​ដើម បាន​ធ្វើហើយ​នូវប្រយោជន៍​សុខ​ចម្រើន​កើត​មាន​ដល់​ខ្លួន​នោះវាគួរឲ្យតិះ​ដៀល​ខ្លាំង​ណាស់ ព្រោះយើងមិនមែន​ជា​សត្វតិច្ឆាន​ឯ​ណា​​។
          ធ្វើបុណ្យដាក់បាត្រក្រាបសំពះ​នៅវត្តគឺពិតជាល្អ មានចិត្តស្មោះសសន្សំនូវគុណ​ធម៌​ក្នុង​​សន្តាន ប៉ុន្តែកុំភ្លេចព្រះនៅផ្ទះព្រោះមានគុណធ្ងន់ជាងព្រះអរហន្ត គឺមាតាបិតា សូមកូន​ប្រុសស្រីចិញ្ចឹមបីបាច់ថែរក្សាក្រាបសំពះមាតាបិតា គប្បីកុំអៀនអន់ កុំឲ្យក្តៅក្រហាយ ស្តាយ​​​ក្នុងកាល​ជាក្រោយ។​
          ទី២៖ ជួយធ្វើការដែលមាតាបិតាត្រូវការ។ បុត្រធីតាគប្បីសិក្សាថា អាត្មាអញនឹងជួយ នឹង​ធ្វើ​ការឲ្យមាតាបិតា ដោយ​ក្តី​មិន​ខ្ជិលច្រអូសឡើយ សេចក្តីខ្ជិលជាអ​បាយមុខប្រការ១ គឺ​ជា​​ប្រធាន​នៃសេចក្តីវិនាស​នូវ​ប្រយោ​ជន៍ គ្រប់យ៉ាងដូច្នេះបើយើងធ្វើការឲ្យអ្នកដទៃ ប៉ុន្តែ​មិន​​​គួរ​ខ្ជិល​ធ្វើសេចក្តី​ល្អដល់ខ្លួន​ឯង​​ឡើយ​។ សត្វឆ្មាយំ​ទា​ចំណី​គឺចង់​ឲ្យយើង​ធ្វើសេចក្តី​ល្អ​ជា​​​មួយវា គឺសុនខជាដើមក៏ដូចគ្នា ចំណែក​​ឯ​ខ្លួនយើងវិញ តើយំ​ទាឲ្យ​អ្នកណា​ធ្វើសេចក្តី​ល្អ​ឲ្យ​?
          មនុស្សគ្រប់គ្នាប្រាថ្នាបានសេចក្តីល្អពីអ្នកដទៃ ប៉ុន្តែសូមកុំភ្លេចថា មិនមែនអ្នកណា ស្រឡាញ់យើង ជួយយើងជាងខ្លួនយើងឡើយ ដូច្នេះយើងត្រូវប្រាថ្នា​សេចក្តីល្អ​គ្រប់យ៉ាង​អំពីខ្លួនឯង ការបម្រើអ្នកមានគុណគឺជាសម្បត្តិដ៏ប្រពៃ ជាសេចក្តីល្អ​មួយដែលអ្នក​ធ្វើត្រូវ​បាន​​​ទទួល​ខ្លួនឯងយ៉ាងពិតប្រាកដ។
          ការងារប្រពៃគឺជាព្រះស្ថិតនៅក្នុងសន្តានចិត្ត ពិតជាមួយសត្វលោក​ឲ្យរួចផុតពីបាប​កម្ម និងពៀរវេរាមានផលផុតចាកពីទុក្ខភ័យ សូមកូនប្រុសស្រីរក្សាព្រះនៅក្នុងផ្ទះ និងព្រះ​នៅ​ក្នុងសន្តានចិត្ត កុំគប្បីធ្វេសប្រហែសឡើយ។
          ទី៣៖ រក្សាកេរ្តិ៍ឈ្មោះលើកតម្កើងពូជពង្សវង្សត្រកូល។ បុត្រធីតាគប្បីសិក្សាថា អាត្មា​អញនឹងតម្កើងនូវវង្សត្រកូលឲ្យបានល្អ។ចរិយា​មា​​រយាទ ជារឿងសំខាន់ណាស់ បុត្រធីតា​គប្បី​រក្សាខ្លួនឯងដោយសីលធម៌ រក្សាសីល​ជាការ​ធ្វើ​​សេចក្តី​ល្អដល់ខ្លួនឯង ដោយ​មិន​ចាំ​បាច់​អស់ទុនឡើយ គ្រាន់តែអធ្យាស្រ័យ​លើ​ស្មារ​តី​ថែ​​ទាំ​ខ្លួន​ឯង ការ​សិក្សា​ស្វែងយល់​អំពី​សុជី​វ​ធម៌ សណ្តាប់ធ្នាប់ល្អ​ព្រមដោយការ​បដិបត្តិ​ដោយ​ប្រពៃ ក៏​បានសម្រច​ផល​កម្រៃ​ដ៏​ប្រសើរ គឺបានមនុស្ស​ល្អម្នាក់​លើកស្ទួយ​វង្សត្រ​កូល​ផង ប្រទេស​ជាតិ​របស់ខ្លួនផង សង្គម​មនុស្ស​ទាំងមូលផង។
          កូនប្រុសស្រីទាំងឡាយ អ្នកទាំងឡាយកុំភ្លេចសីលឡើយ កុំគិតថាសីលជារឿង​លំ​បាក ឲ្យសោះ សីលមិនមែនជាសត្រូវរបស់កូនទេ កិលេស​ក្នុងខ្លួនរបស់​កូនទេតើដែល​ជា​សត្រូវ​ធ្វើ នូវការបៀតបៀនដល់កូននោះ ចំណែកឯសីលគឺជាមិត្តល្អ​គ្រប់ពេលជា​សេរី​មង្គល​ពិត​ប្រាកដ សូមកូនពិចារណាផងចុះ។ ការតម្កល់តម្កើងនូវវង្ស​ត្រកូលគឺជាការដែល​កូន​​ប្រុស​ស្រី​តម្កល់ ខ្លួនឯងឲ្យប្រពៃខ្មីឃ្មាតសិក្សារៀនសូត្រផ្លូវលោក ផ្លូវធម៌​ចេះជួយ​សង្គ្រោះ​អ្នកដទៃ សាងស្នាដៃ ប្រកបដោយសីលធម៌។
          ទី៤៖ បម្រើមាតាបិតាដោយសុចរិតអោនលំទោន ។ បុត្រធីតាគប្បីសិក្សាថា​ អាត្មា​អញ​នឹងបដិបត្តិឲ្យបានសម​គួរជាអ្នកទទួល​នូវ​ទ្រព្យ​​មរ​តក ។ មាតាបិតា ទោះបីជា​មានទ្រព្យ​តិច​​ច្រើនប៉ុណ្ណាៗក្តី គ្មានអ្វី​ដែលគួរ​សង្ស័យ​ឡើយ បើ​ថា​គាត់កំណាញ់​ក៏តែ​ជា​មួយ​និង​អ្នក​ដទៃ​ប៉ុណ្ណោះ ឯចំណែកខាងកូន​របស់គាត់​វិញ​នោះ​មាន​ប៉ុន្មានទុក ឲ្យទាំង​អស់​ដោយ​ចិត្តរីក​រាយ​កក់ក្តៅជាទីបំផុត។ ដូច្នេះចូរកូនប្រុស​ស្រី​គប្បី​ធ្វើ​សេចក្តីសង្ឃឹម ដល់​មាតាបិតា ត្រូ​វ​ខិត​ខំ​ប​ដិបត្តិខ្លួនឲ្យរឹងមាំ មានមារយាទ​ល្អ​សម្តែង​នូ​វ​ការ​សមគួរជាទីទុកចិត្ត ដល់មាតាបិតា ដាច់​ខាតកុំមើលងាយទ្រព្យមរតកនោះ​ឲ្យសោះ ទោះបីតិចតួច ឬមិនប្រណិត យ៉ាងណាក្តី ព្រោះ​ក្នុងមរតក​នោះបានបង្កប់ទៅ​ដោយ​​មនោ​សញ្ចេត​នា ដ៏ជ្រាលជ្រៅប្រកប ដោយ​ព្រហ្ម​វិហារ​ធម៌ អាណិតស្រឡាញ់ និង​មេត្តាដ៏ខ្លាំងក្លា កាយវិការ​រឹងមាំ តែចិត្តទន់ភ្លន់ ស្រឡាញ់​ដូច​មេឃ​ស្រទុំចំពោះ​បុត្រភ្ងា​ស្ងួន​ពិ​សី​។ សូមកូន​ប្រុស​ស្រី​ទទួល​បាននូវមរតក ពិសេស​ព្រហ្ម​វិហារ​ធម៌របស់មាតាបិតា ហើយ​គប្បី​ពង្រីក​ចែក​ចាយ​ដល់ជនដទៃដោយក្តីមេត្តា​
ករុ​ណា​ធំទូលាយ។
          ទី៥៖ បុត្រធីតាគប្បីសិក្សាថា អាត្មាអញ​ត្រូវធ្វើបុណ្យឧទ្ទិសទក្ខិណាទានដល់មាតា​បិតា​​ដែល ធ្វើកាលកិរិយាទៅកាន់បរលោក។ ទក្ខិណាទានគឺទានដែលអ្នកធ្វើជឿកម្ម ជឿ​ផល ហើយ​​បានធ្វើដល់ទក្ខិណេយ្យបុគ្គល។ ទក្ខិណេយ្យ​បុគ្គលគឺបុគ្គល​មានគុណធម៌​ខ្ពង់​ខ្ពស់ ដូច​​ជា​សីលគុណជាដើម ជាបុគ្គលសមគួរទទួលនូវទក្ខិណាទាន ចំណែកពាក្យថា​ទក្ខិណា​​​នុប្ប​ទាន​គឺជា អំណោយបុណ្យ បានដល់ការឧទ្ទិសដល់នូវទក្ខិណាទាន​ឲ្យដល់អ្នក​ដែល​ទៅ​កាន់​បរ​លោក។ ការធ្វើបុណ្យឧទ្ទិសទៅដល់អ្នកដទៃជាសេចក្តីល្អពីរយ៉ាង ម្យ៉ាង​បុណ្យ​​ថ្នាក់​ទានមាន​ឥស្សរភាពលើកិលេស ម្យ៉ាងទៀតគឺបុណ្យបត្តិ​ទានមាន​ចិត្តល្អ​ប្រកប​ដោយ​​​មេត្តា ឬការដឹងគុណ ចែកបុណ្យ ឧទ្ទិសកុលសអំពើល្អទាំងពីរយ៉ាងនេះ គឺអ្នកធ្វើ​បាន​ឧទ្ទិស​ដ​ល់​ខ្លួន​ឯងទាំងស្រុង សម្រាប់ជួយខ្លួនឲ្យរួចពីភាពជាអំពើអាក្រក់។ បើកូនចៅប្រាថ្នា​ពរ​​គឺ​​វត្ថុដ៏​ប្រ​សើរ  សូមកូនចៅបំពេញហេតុបាន​ដល់កុសលឲ្យសម​គួរដល់ផលទើបអាច​ទទួល​​ពរ​បាន​ (១៥)។
តួនាទីភរិយា៥យ៉ាង
          ភរិយាត្រូវគោរពប្រតិបត្តិស្វាមីដោយកិច្ច ៥ យ៉ាងគឺៈ
ទី១៖ ចាត់ចែងការងារផ្ទះដោយផ្ចឹតផ្ចង់ ។ ភរិយាគប្បីចាត់ចែងការងារ​មានម្ហូប​ចំណី​ជា​ដើម ដោយផ្ចិតផ្ចង់​សម្រាប់​ស្វាមី​ឲ្យ​បាន​​ត្រឹម​ត្រូវ តាមពេល​វេលា ។
ទី២៖  សង្រ្គោះញាតិខាងស្វាមី នឹងខាងខ្លួនឯងដោយប្រពៃ ។ ត្រូវមានចិត្តស្មើ មិន​ត្រូវ​​លំអៀងម្ខាងៗឡើយ ហើយព្យាយាមជួយគ្នាតាមការគួរ ។
ទី៣៖ គប្បីថែទាំទ្រព្យសម្បត្តិដែលប្ដីរកបានមិនឲ្យវិនាសខូចខាត បាត់បង់ដោយ​ការ​មិន​​គួរ ។
ទី៤៖ មិនប្រព្រឹត្តកន្លងចិត្តប្ដី​ គឺមិនត្រូវយកកំពូលស្នេហាទៅប្រគល់ឲ្យបុរសដទៃក្រៅ​ពី​ស្វាមីខ្លួនឡើយ ។
ទី៥៖ ភរិយាគប្បីឈ្លាសវៃក្នុងការងារទាំងឡាយរបស់ស្រ្តី មិនត្រូវខ្ជិលច្រអូស​ កិច្ច​ការ​ណា​មិនទាន់បានសម្រេច ត្រូវប្រញាប់រវាសរវៃធ្វើបង្ហើយ ពន្យាពេលថាថ្ងៃនោះ “ធ្វើ​អ្វី​ធ្វើ​ឲ្យ​​ហើយ កុំទុកឡើយបន្សល់កេរ្តិ៍ ។
នាទីស្វាមីភរិយា                          ប្រាំៗដូចគ្នាធម៌សង្រ្គោះ
សម្រាប់ឲ្យយើងកាន់រួមរស់            សន្ដោសដល់គ្នាជាប្រក្រតី។
បើមានខាតខុសខាងភរិយា            តាំងចិត្តឲ្យជាកុំជេរស្ដី
ពុំនោះមានខុសខាងប្រុសក្ដី            ភរិយាជាស្រីទូន្មានបាន ។
ព្រោះខ្លួនទាំងពីរជីវិតមួយ              កុំឲ្យមានព្រួយកើតរំខាន
អត់ឃ្លានមានស៊ីត្រូវក្លាហាន           សាងគ្រួសារឋានឲ្យសុខអើយ ។
 សូមចុចត្រង់នេះដើម្បីចូលរួមឧប្ថមកម្មវិថី។
 
តួនាទីស្វាមី៥យ៉ាង
បុរសទាំងឡាយណា ដែលទទួលនារីណាមកធ្វើជាភរិយារបស់ខ្លួនហើយ ត្រូវ​សង្រ្គោះ​​នាងដោយកិច្ច ៥យ៉ាងគឺៈ
ទី១៖  ប្រដៅសព្វសារពើ ពោលពាក្យពិរោះសរសើរ ដោយលក្ខណៈប្រព្រឹត្ត​ជា​ប្រយោ​ជន៍ដល់ភរិយា ។ ស្រលាញ់រាប់អានថាជាភរិយា យើងជាស្វាមីរបស់ស្រ្តីណា គប្បី​សង្រ្គោះ​​ស្រ្តី​នោះដោយទំនុកបំរុង គ្រឿងប្រើប្រាស់មិនឲ្យខ្វះខាត បានដល់​សំលៀក​បំពាក់​ជា​ដើម ។
ទី២៖  មិនមើលងាយ ជេរវាយភរិយា ដូចទាសា ទាសី កម្មករឡើយ ។ មិន​ត្រូវ​ប្រមាទ​មើលងាយដូចជាខ្ញុំកំដរ “បាវព្រាវ” ការនិយាយចំពោះភរិយា គប្បី​ប្រើ​ពាក្យ​សម្ដី​ផ្អែម​ល្ហែម​ពិរោះពិសារមិនពោលពាក្យរោយរាយឥតប្រយោជន៍ ភរិយា​មាន​​​កំ​ហុស​បន្តិច​បន្តួច​ក៏​គួរ​អត់​ឱនឲ្យ ហើយទូន្មានដោយសេចក្ដីល្អ ។ កាលណា​បើយើង​ប្រើ​​តែ មធ្យោ​បាយ​ត្រ​ជាក់​ដាក់​ភរិយាទៅ​យើងនឹងទទួលផលល្អពីភរិយាវិញ ដោយគេនឹក​ឃើញ​ថា​ជាដំបូន្មាន​ល្អគួរឲ្យ​ប្រតិ​បត្តិ​តាម ។   
ទី៣៖  មិនប្រព្រឹត្តកន្លងភរិយា មិនត្រូវប្រព្រឹត្តគំនិតក្បត់ ព្រំដែនជាប្ដី យកកំពូល​ស្នេហា​​របស់ខ្លួនទៅបូជា ដល់ស្រ្តីដែលមិនមែនជាកម្មសិទ្ធិនៃភរិយា ត្រូវប្រកាន់ខ្ជាប់នូវនា​ទី​
ថាជា​ស្វាមីរបស់គេដោយពិត ។
ទី៤៖ ប្រគល់នូវរបស់របរទាំងពួង ឲ្យមានឥស្សរភាពដល់ភរិយា ប្រគល់​អំណាចឲ្យ​ជា​ធំ ជាស្រ្តីមេផ្ទះ ជាស្រ្តីរៀបចំទុកដាក់ទ្រព្យសម្បត្តិ រក្សា​ថែ​ទាំ​​លំ​អរគេហស្ថាន ព្រោះ​ភរិយា​ទុក​ជានាយកស្ដីទីខាងក្រសួងបោសសំអាតលំនៅស្ថាន សម​​​និងស្លោកថាៈ
ទ្រព្យគង់ត្បឹតស្រី                ចេះសំចៃទុក
មានផ្ទះស្រណុក                ត្បឹតភរិយាជា
ទី៥៖ ស្វាមីគប្បីរៀបចំឲ្យមានអលង្ការដល់ភរិយាសម្រាប់ប្រើប្រាស់គ្រប់​គ្រាន់ តាម​កាលៈ​ទេសៈនិងសម័យនិយម ។ រីឯភរិយាយ៉ាងល្អឯក គាប់ភ្នែកខ្លួនឯង និងអ្នកផង បុរស​ស្វាមី​​ត្រូវឃុំ​គ្រង ​កុំបីរំលងការរក្សា ។
 
នាទីគ្រូបាអាចារ្យ៥យ៉ាង
នាទីគ្រូអាចារ្យដែលត្រូវបំពេញដល់សិស្សមាន ៥ យ៉ាងគឺៈ
ទី១៖ ដឹកនាំសិស្សឲ្យល្អដោយសុទ្ធចិត្ត ។ គ្រូគប្បីទូន្មានសិស្សឲ្យបានបទល្អ ឲ្យ​ចេះ​ប្រើ​ឥរិយាបទទាំង ៤ គឺ​ដេក ដើរ ឈរ អង្គុយ ជាដើម​ឲ្យមាន​របៀប​រៀប​រយ​សម​រម្យ​ល្អ​ក្នុង​ទី​ប្រ​​ជុំជន មិនឲ្យឆ្គាំឆ្គង​និង​ភ្នែក​អ្នក​​ដទៃ។
ទី២៖ បង្ហាត់បង្រៀនសិស្សដោយល្អ ញ៉ាំងសិស្សឲ្យរៀនល្អ គឺបង្ហាត់បង្រៀននូវអត្ថ និង​ព្យញ្ជនៈ ឲ្យបានត្រឹម​ត្រូវ​ចេះ​ប្រើ​របៀបសេចក្ដី រៀប​ពាក្យ​ល្អង​អធិប្បាយ​ពន្យល់​ហេតុ​ផល​​​ឲ្យចូលចិត្ត​យល់បាន​ពិត​ប្រា​កដ​ ។
ទី៣៖ គ្រូអាចារ្យគប្បីបង្ហាត់សិល្បៈវិទ្យាឲ្យអស់ចំណេះ មិនលាក់ទុក មានមកប៉ុន្មាន ក៏​​បង្ហាត់បង្រៀនសិស្ស ឲ្យអស់តាមចំណេះវិជ្ជាចេះចាំរបស់ខ្លួន ដោយមានឆន្ទៈដ៏ល្អ គឺចង់​ឲ្យ​​សិស្សចេះចាំដូចខ្លួន ឬលើសទៅទៀតរឹតតែប្រសើរ ។
ទី៤៖ លើកតម្កើងសិស្សក្នុងទីប្រជុំ បើយល់ឃើញថាសិស្សណាមួយ មានចំណេះ​វិជ្ជា មាន​ចរិយាសណ្ដាប់ធ្នាប់សមរម្យល្អ គួរយក​គុណសម្បត្តិនោះ​មកបង្ហាញ​សរសើរ​ក្នុង​ទី​ចំ​ពោះ​​មុខមិត្រអាមាត្រ ជាសម្លាញ់របស់ខ្លួន ដើម្បីឲ្យមិត្តរបស់ខ្លួនមានសេចក្ដីទុកចិត្តស្និត​ស្នាល​រាប់អាននិងការទំនុកបំរុងជាដើមដល់សិស្ស​។
ទី៥៖ ធ្វើសេចក្ដីការពារសិស្សគ្រប់ទិសទាំងឡាយ បើសិស្សទៅទីណាមិនឲ្យលំបាក ដូច​​ជា​ការ​​ចេញទៅរៀនសូត្រចំណេះវិជ្ជា ផ្លូវលោក ផ្លូវធម៌ជាដើម ចេះពន្យល់​ណែ​នាំ​ហេតុ​ផល ឲ្យ​យល់​ពីប្រយោជន៍នៃការសិក្សា ទាល់​តែសិស្សមានចិត្ត​ជ្រះថ្លាព្យាយាម​ក្នុងការ​សិក្សា​ហើយ ត្រូវ​ជួយទំនុក​បំរុងសិស្ស​ដោយគ្រឿង​សិក្សា ​តាមបាន​ល្មមឲ្យ​សិស្សមាន​សេច​ក្ដី​រីក​​រាយ​ស្រលាញ់ពេញចិត្តក្នុងការសិក្សា (១៦)។
 តួនាទីសិស្ស៥យ៉ាង
          សិស្សមានតួនាទី ៥ យ៉ាងដែលត្រូវគោរពប្រតិបត្តិគ្រូអាចារ្យគឺៈ
ទី១៖ ក្រោកឈរទទួលក្នុងវេលាដែលគ្រូបាអាចារ្យដើរមក គឺថាបើខ្លួនអង្គុយ​ក្នុងទី​កន្លែង​​ណាមួយហើយស្រាប់តែគ្រូធ្វើដំណើរមកកាន់ទីកន្លែងនោះ យើងត្រូវ​ក្រោក​ឈរ​ឡើង​​ដោយ​​គោរព បើ​មានវត្ថុអ្វីកាន់នឹងដៃ គប្បីយកដាក់តាមទីកន្លែងសមគួរ ហើយរៀប​ចំ​ទី​​សេនា​​សនៈ​ឲ្យសម រម្យ​ប្រគេនជូន បើលោកបានទីកន្លែងគួរសមហើយ យើងអង្គុយ​ចុះ​លុះ​​ដល់​​គ្រូ​ធ្វើដំណើរ​ ត្រឡប់​ទៅ​វិញ ត្រូវ​ជូនដំណើរឲ្យផុតពីរបងផ្ទះទើប​គួរហើយចាំ​ត្រឡប់​ទៅ​​វិញ­ (១៧) ។
          ទី២៖ គាល់បម្រើគ្រូអាចារ្យដោយចិត្តស្មោះស ។ ចូលទៅចាំបម្រើលោក បម្រើព្រឹក​ល្ងាចនោះ​បាន​ការរៀបចំគ្រឿងចង្ហាន់ ពុំ​នោះ សោត​​ប្រសិនបើលោកមានការរវល់អ្វី សិស្ស​​មិន​ត្រូវព្រងើយកន្តើយគេចវេស ដោះដៃឡើយ​​ ត្រូវ​តែជួយ​បំពេញ​ធុរៈនោះឲ្យបាន​សម្រច​។
                   “ផ្គាប់គ្រូមិនសូវមានគ្រោះខ្លួន         បើផ្គាប់មិនឲ្យមួនកុំសង្ស័យ
                   ខុសពីរបីដងលោកអភ័យ              បើមានចំណីទុកឲ្យស៊ី” (១៨)។
          ទី៣៖ ជឿស្តាប់ឳវាទលោកទូន្មានប្រៀនប្រដៅដោយល្អចំពោះបញ្ហាណាមួយ យើង​គួរ​​គូ​ស​​ចំណាំក្នុងចិត្ត ហើយត្រូវត្រិះរិះមើលផងបើឃើញ​ថា​ត្រូវ​ល្អប្រញាប់​ប្រតិបត្តិ​ធ្វើ​តាម​។
          គតិភាសិត ក៏បានបញ្ជាក់ប្រាប់យើងថាៈ
                   “ពុតគ្រូកុំត្រាប់ច្បាប់គ្រូឲ្យយក”
                   ពុតគឺចរិយាមិនប្រសើរ                  គ្រូធ្វើដំណើរដូចម្ដេចក្ដី
                   កុំយកតម្រាប់អ័ប្បរាសី                  ត្រាប់ថ្វីព្រោះផ្ទុយក្បួនតម្រា ។
                   ច្បាប់ក្បួនដែលល្អដ៏ត្រឹមត្រូវ           គ្រូលោកប្រដៅគួរជ្រះថ្លា
                   ឲ្យរើសទុកដាក់ក្នុងចិន្ដា                 យកតែផ្លូវណាដែលប្រណិត ។
          ទី៤៖ ប្រណិប័តន៍ដោយធ្វើការងារជួយគ្រូអាចារ្យ។ សិស្ស​ត្រូវ​យកចិត្ត​ទុកដាក់​បម្រើ​គ្រូ ធ្វើវត្ត​ប្រតិបត្តិដូច​ជា​សិស្ស​ដែល​​នៅ ក្នុង​សំណាក់គ្រូ ត្រូវឧស្សាហ៍​បោសសំអាត​កន្លែង​រៀន ឬផ្ទះ​ទីកន្លែង​នៅ និង​គក់​ច្រ​បាច់​​ជា​ដើម ។សិស្សគប្បីសិក្សាថាការ​ប្រតិបត្តិគ្រូដោយ​ធ្វើ​ការ​​ងារទោះ​បីការងារនោះ​តូច​​តាច​​​បន្តិច​​​ក៏ដោយ ក៏មិន​ត្រូវឲ្យ​លោក​គ្រូអាចារ្យ​ធ្វើខ្លួនឯង​ដែរ​។​ ការជ្រោមជ្រែងការគាំទ្រ​ការ​​សម្តែង​​សេចក្តីគោរព  ជា​ការអនុមោទនាចំពោះគុណបុណ្យ ជា​ការ​បម្រើដោយប្រសើរ​ដោយ​​​ចិត្ត​ទន់​ភ្លន់ លើកស្ទួយ​របស់ធ្ងន់បម្រើប្រយោជន៍​ដល់ជន​ទាំង​ពួង។ មនុស្ស​ឆ្លាត​រមែង​ស្វែង​រកគុណធម៌​មក​ទុកក្នុងខ្លួន សាងគុណចម្រើន​ប្រយោជន៍​ដល់​សង្គមមនុស្ស សង្គម​​សត្វ​ ប្តេជ្ញាតាំងចិត្ត​មិនដុត​សង្គម ពោលគឺមិនធ្វើឲ្យ​សត្វលោក​ក្តៅ​ក្រហាយ​​ដោយ​សារ​ខ្លួន​ឯងម្នាក់ឯងឡើយ ហើយគោរព​ស្រលាញ់ គាំទ្រ​នូវបុគ្គល​ណា​ដែល​មាន​សម្ថភាព​អាចផ្តល់​ផល​ប្រយោជន៍ដល់សង្គមតូចធំសុខ​ក្សេម​ក្សាន្ត។ សូម​មនុស្ស​លោក​គ្រប់​គ្នា លើកនូវ​ទង់ជ័យ​របស់មនុស្សគឺគុណធម៌។ តាមពិតមាន​តែ​គុណធម៌​ប៉ុណ្ណោះ​ដែល​​ធ្វើឲ្យ​មនុស្ស​យើងមានជីវិតប្រសើរជាងពពួកសត្វតិរច្ឆាន។
          ទី៥៖ សិស្ស​គប្បីសិក្សាថា ​អាត្មាអញត្រូវរៀនសិល្ប៍វិជ្ជាអំពីលោកគ្រូអាចារ្យដោយ​សេចក្តី​គោរព​​។ មិនចំពោះតែវិជ្ជាអ្វីនោះ បើសិស្សមានសមត្ថភាពរៀនបានច្រើនមុខវិជ្ជា គឺ​រិត​​​តែ​ល្អ ទោសរបស់​មុខវិជ្ជានៅលើអ្នកប្រើជាសំខាន់ បើប្រើក្នុងផ្លូវត្រូវគឺជាគុណ តែបើប្រើ​ក្នុង​​ផ្លូវ​​ខុស គឺជាទោស។ ការប្រកបនូវមុខវិជ្ជាអ្វីមួយដើម្បីចិញ្ចឹមជីវិតក្តី ដើម្បីជា​ប្រយោជន៍​ដល់​​សង្គម​​ជាតិក្តី ត្រូវមើលឆន្ទៈខ្លួនឯងឲ្យជាក់ច្បាស់ ព្រោះឆន្ទៈគឺសេចក្តី​ពេញ​ចិត្តក្នុង​ការ​ងារ​​ជា​​កម្លាំងអាចញុំាងសេចក្តីព្យាយាមឲ្យប្រព្រឹត្តជាប់មិន​ដាច់ជាហេតុឲ្យសម្រេចនូវ​ប្រយោ​ជន៍ បើ​មិនដូច្នេះ វាជួបប្រទះនូវការឥតប្រយោជន៍អស់ទាំងក្នុងរឿងផ្សេងៗ​ទៀត​ផង។
                   លោកគ្រូនិងសិស្សតោងមានធម៌     ៥យ៉ាងនេះល្អសង្រ្គោះគ្នា
                   ពន្យល់ហេតុផលការសិក្សា            ឲ្យសិស្សជ្រះថ្លាយល់ចូលចិត្ត។
                   វិជ្ជាផ្លូវលោកនិងផ្លូវធម៌                  ជួយលុយអង្ករកុំរឹតត្បិត
                   ឲ្យគ្នាបានចេះស្គាល់ក្រមក្រឹត្យ        ព្រោះត្បឹតលោកគ្រូសង្រ្គោះសិស្ស។
ឯសិស្សវិញសោតត្រូវយល់ការ       កុំអាងបញ្ញាថាបំផ្លើស
ស្គាល់នាទីយើងជាសិស្ស              កុំឆ្កើសដេញដោលតែគ្រូឯង។
ត្រូវចេះគោរពប្រតិបត្តិគ្រូ               អង្គសព្វញ្ញូទ្រង់សម្ដែង
ថាត្រូវតបគុណចេះកោតក្រែង        លោកបង្រៀនឯងផុតអវិជ្ជា(១៩)។
 
តួនាទីចៅហ្វាយនាយ៥យ៉ាង
    ចៅហ្វាយនាយ ក៏ត្រូវមានចិត្តករុណាសណ្ដោសសង្រ្គោះដល់កម្មករកិច្ច៥យ៉ាងគឺៈ
          ទី១៖ ចាត់ចែងការងារឲ្យធ្វើតាមសមគួរដល់កម្លាំង, ចៅហ្វាយ​នាយកាល​បើ​ប្រើ​ទាសៈ “កម្មករ” ឲ្យធ្វើការណាមួយគប្បីប្រមើលមើលសមត្ថភាពគ្នាសិនបើទាសៈនោះមាន​ប្រាជ្ញា​​ ស្មារតីមានកម្លាំងមាំមួនល្មមទទួលការងារចង្អៀត ការងារធ្ងន់ៗទៅបានទើប​ចាត់ចែង​ឲ្យ​​ធ្វើ​តាមសមគួរនៃសមត្ថភាព, ព្រោះបុព្វបុរសបានរំឭកយើងថាៈ “មើលមាត់សឹមឲ្យស្លា មើល​​​ស្មា​សឹមឲ្យអម្រែក” ។ មែន! កុំអាងតែចៅហ្វាយនាយហើយចេះតែប្រើទៅក៏មិនកើត, រី​ឯ​កិច្ច​ការ​នោះក៏មិនអាចសម្រេចផលល្អបានដែរ ។
          ទី២៖ ឲ្យភោជនាហារ និងថ្លៃឈ្នួល និងរង្វាន់ដោយត្រឹមត្រូវដល់អ្នកបម្រើ ។  ចៅ​ហ្វាយ​នាយគប្បីទំនុកបំរុងខាងភោជនាហារ សម្រាប់​​កម្មករបរិភោគឲ្យបានគ្រប់គ្រាន់ តាម​ពេល​វេលាមិនឲ្យខ្វះខាត ។
                   ប្រើបាវមើលចិត្តវា              កុំពុះពារឥតប្រណី
                   សត្វបម្រើសោតខ្មី              ត្រូវមេត្រីឲ្យស្មៅទឹក។
                   មនុស្សឥឡូវដូច្នោះដែរ        គួរណាស់តែចៅហ្វាយនឹក
                   បើឲ្យរង្វាន់ញឹក                  នោះគ្នានឹកអរពេកក្រៃ។
                   មានកម្លាំធ្វើការ                  ហត់យ៉ាងណាមិនថាអី
                   ប្រឹងប្រែងធ្វើអស់ដៃ            គ្មានដេកថ្ងៃធ្វើម៉ត់ចត់។
                   បើចៅហ្វាយគ្នាយោគយល់  មុខជាបបួលគ្នាថាស្បថ
                   ទោះការនោះមិនសូវហត់     ក្រោយថាស្បថលែងដាក់ដឺម៉ង់ ។
          ទី៣៖ ព្យាបាលក្នុងវេលាមានជម្ងឺ, កាលបើកម្មករមានជម្ងឺតម្កាត់កើតឡើង ចៅហ្វាយ​ត្រូវ​​ប្រញាប់​ប្រញាល់ទិញថ្នាំព្យាបាលរោគ ថែទាំរក្សាជម្ងឺកម្មករឲ្យទាល់តែជាសះស្បើយ ។
          ទី៤៖ ចែកភោជនាហារដែលមានឱជារសប្លែកៗឲ្យបរិភោគ ភោជនាហារគាប់ប្រសើរ​ប្លែក​ៗ ជួនមានម្ដងម្កាល ចៅហ្វាយនាយគួរតែចែករំលែកដល់កម្មករឲ្យបានបរិភោគ​ខ្លះៗ​ផង​​វត្ថុ​ទាំងនេះ ទុកជាទិព្វមន្តពិសេសសម្រាប់លើកកម្លាំងចិត្តកម្មករ ឲ្យស្រលាញ់​ការងារ​របស់​​យើង ។
          ទី៥៖ បើកឲ្យសប្បាយក្នុងការគួរ ដូចជាមានពិធីបុណ្យអ្វីមួយ មានល្បែងមហោស្រព ឬ ក្នុងពេលបុណ្យចូលឆ្នាំជាដើម ចៅហ្វាយនាយត្រូវបើកឱកាសឲ្យកម្មករបានទៅលេង​សប្បាយនឹងគេ និងបើករង្វាន់ប្រាក់កាសសម្រាប់ចាយវាយក្រៅខ្លះផង ចេះសម្ដែងទឹកចិត្ត​រីករាយចំពោះកម្មករឲ្យគ្នាសប្បាយចិត្ត មិនធុញទ្រាន់នឹងយើងជាចៅហ្វាយនាយ ។
          បើចង់ឲ្យគេស្រលាញ់យើង យើងសម្ដែងទឹកមុខរីករាយ គេមិនសប្បាយចិត្តនឹង​យើងពាក់មុខយក្ខដាក់គេទេ ។
តួនាទីទាសកម្មករឬអ្នកបម្រើការ៥យ៉ាង
          ទាសកម្មករត្រូវប្រតិបត្តិនាទីរបស់ខ្លួនមាន ៥យ៉ាងគឺៈ
          ទី១៖ ក្រោកឡើងធ្វើការមុនចៅហ្វាយនាយ កិច្ចការដែលចៅហ្វាយនាយ​ដែល​ចាត់​ចែងឲ្យ​ធ្វើនោះ ត្រូវស្ទុះស្ទារប្រញាប់ប្រញាល់ធ្វើឲ្យបានមុនៗចៅហ្វាយនាយ ។
          ទី២៖ លែងធ្វើការងារក្រោយចៅហ្វាយនាយ កិច្ចការរបស់ចៅហ្វាយនាយ ត្រូវធ្វើ​ឲ្យ​ដល់​​ទី​បំផុតដល់ពេលវេលា មិនត្រូវឈប់ក្នុងពេលវេលា ចាំចៅហ្វាយនាយឈប់​ចាំឈប់​តាម​​ជា​ដំណឹង ។
          ទី៣៖ កាន់យកតែរបស់ណាដែលចៅហ្វាយនាយឲ្យប៉ុណ្ណោះ, ត្រូវមានសច្ចៈទៀង​ត្រង់​និង​ចៅ​​ហ្វាយនាយរបស់ខ្លួន​ មិនត្រូវមានចិត្តគំនិតប្រព្រឹត្តលួច​លាក់របស់ចៅហ្វាយ
​នាយ​​ឡើយ​។
          ទី៤៖ ធ្វើការងារដោយយកចិត្តទុកដាក់ ពោលគឺធ្វើការងារឲ្យបានល្អ ។ ការងារណា​ដែល​ចៅហ្វាយនាយបញ្ជាឲ្យធ្វើ ត្រូវ​​មានឆន្ទៈខំប្រឹងប្រែងធ្វើមិន​ធុញទ្រាន់មិនខ្ជីខ្ជារ​ធ្វើឲ្យ​តែ​រួច​ពីដៃ ចេះសំអាតដូចជារបស់​ខ្លួន​​​ធ្វើទាល់​តែបានសម្រេចជាបំផុត ។
          ទី៥៖ នាំកិត្តិគុណចៅហ្វាយនាយទៅពោលសរសើរក្នុងទីដទៃ, កិត្តិគុណ គឺគុណ​សម្បត្តិ ចរិយាសម្បត្តិ សុភាពស្លូតបូតទៀងត្រង់ ឬ គុណសម្បត្តិដែលល្បីខ្ទរខ្ទាយ, ទាស​កម្មករ​គប្បី​នាំគុណវិសេសនេះទៅពោលប្រាប់ជនដទៃ សរសើរថាចៅហ្វាយ​របស់ខ្លួនមាន​អធ្យាស្រ័យ​​ល្អយ៉ាងនេះមួយយ៉ាងនោះមួយ ពោលពាក្យ​សម្ដីផ្អែម​ល្ហែម​ទៅកាន់ជន​តូច​តាច​មិនរើស​មុខ មិនដែលប្រមាថមើលងាយជាដើមដល់ជនដទៃ ដើម្បីលើកកិត្តិគុណ​របស់​​ចៅ​ហ្វាយ​នាយ ។
បណ្ដាលកិច្ចទាំងឡាយសម្រាប់សង្គមគ្រួសារ គឺមាតាបិតាសង្រ្គោះដល់​បុត្រធីតាៗ​តប​​ស្នងសងគុណមាតាបិតា, ស្វាមីសង្រ្គោះដល់ភរិយាៗចេះប្រតិបត្តិស្វាមី, គ្រូស​ង្រ្គោះ​ដល់​សិស្សៗចេះគោរពប្រតិបត្តិចំពោះគ្រូ, ចៅហ្វាយនាយសង្រ្គោះ​ដល់ទាស​កម្ម​ករ ទាសកម្មករ​ប្រតិ​បត្តិចំពោះចៅហ្វាយនាយ តាមកិច្ចដែលត្រូវសង្រ្គោះគ្នាទៅវិញទៅមក ដូចបាន​ពោល​មក​ហើយនោះក្នុងសង្គមគ្រួសារនោះៗ តែងបានជួបប្រទះនូវសេចក្ដីសុខ ចម្រើន​សប្បាយ​រីក​រាយ ដែលមិនអាចនឹងមានឧបសគ្គណាមួយមកធ្វើឲ្យសង្គមនេះប្រេះឆាឬ​អន្តរាយ​​ដោយ​វិធី​​ណាបាន (២០)។
 
តួនាទីយុវជន
យុវជនជាវ័យដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សទាំងរូបរាងកាយ បញ្ញា ស្មារតី និង​​ជាធន​​ធានដ៏សំសាន់ ជាគន្លឹះនៃការប្រែប្រួលសេដ្ឋកិច្ច ជាពលរដ្ឋសកម្ម និងជាអ្នក​​ដឹក​​នាំ​​​សម្រាប់​ថ្ងៃអនាគត​។ ការចូលរួមរបស់យុវជនធ្វីអោយសង្គមជាតិមានអនាគតរុងរឿង ។ អប់​រំ​​សីលធម៌ដល់យុវជនគឺជាកត្តាចម្បង ដែលយើងគួរយកចិត្តទុកដាក់ ព្រោះយុវ​ជន​ត្រូវ​ដើរ​​តួនាទីជំនួសមនុស្សចាស់ ជាកម្លាំងចលករមិនអាចខ្វះបានក្នុងការអភិវឌ្ឍជាតិ ក្នុង​ន័យ​នេះ​គឺដើម្បីឲ្យយុវជនមានការទទួលខុសត្រូវដូចខាងក្រោមៈ
-       ទទួលខុសត្រូវរាល់ទង្វើដែលខ្លួនបានធ្វើចំពោះខ្លួនឯង អ្ន​កដទៃ គ្រួសារ និង​សង្គម​ជាតិ
-        គោរពគោលការណ៍សន្តិសហវិជ្ជមាន ពង្រឹងការផ្សះផ្សារ និងបង្រួបបង្រួមជាតិ​កម្ពុជា
-       ជម្រុញការលើកកម្ពស់ឲ្យមានសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ
-       លើកកម្ពស់សេចក្ដីថ្លៃថ្នូរ ការគោរពចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ ការគោរពអ្នកមាន វ័យប្រហាក់ប្រហែល និងលើកម្ពស់គ្រួសារល្អ តម្លៃ និងសុខុមាលភាពសហគមន៍
-       ​ថែរក្សាទ្រព្យសម្បត្តិសាធារណៈ និងសហគមន៍
-       ធានាកសាងសង្គមមួយគ្មាន អំពើហឹង្សា ការបង្ខិតបង្ខំ ឧក្រឹដ្ឋកម្ម ទុព្វលភាព ការ កេង​ប្រវ័ញ្ច​និងការបំភិតបំភ័យ
-       ជម្រុញ និងលើកកម្ពស់សមត្ថភាព សមធម៌យេនឌ័រ
-       លើកកម្ពស់សុខុមាលភាពផ្លូវចិត្ត កាយ រួមទាំងសុខភាពបន្តពូជ
-       បង្កើនសមត្ថភាពដោយប្រឹងប្រែងក្រេបជញ្ជក់យកជំនាញដើម្បីអភិវឌ្ឍប្រទេស ជាតិ
-       លើកកម្ពស់ក្រមសីលធម៌ការងារវិជ្ជាជីវៈ និងការសិក្សាពេញមួយជិវិត
-       ធ្វើជាការទូតសម្រាប់ការអភិវឌ្ឍក្នុងតំបន់ និងសាកលលោក
-       ជម្រុញឲ្យមានការអធ្យាស្រ័យ និងការគោរពសិទ្ធ
-       ជម្រុញឲ្យយុវជនមានរបៀបរស់នៅថ្លៃថ្នូរ និងអាកប្បកិរិយាប្រកបដោយ​វិជ្ជ​មាន
-       បម្រើប្រទេសជាតិ តាមរយៈការងារស្ម័គ្រចិត្តនៅតាមសហគមន៍ តំបន់ ។ល។
-       ការពារនិងអភិរក្សបរិស្ថាន
-       បង្កើនការយល់ដឹង ការគោរព ការអនុវត្តច្បាប់ រដ្ឋធម្មនុញ្ញ និងច្បាប់ ផ្សេងៗ ទៀត​​របស់​ប្រទេសជាតិ
-       ទទួលបន្ទុកចិញ្ចឹម បីបាច់ និងថែរក្សាមាតា បិតាដែលចាស់ជរា តាមទំនៀម​ទម្លាប់​​របស់​​ខ្មែរ (៤៥)។
 

ទស្សនៈអប់រំសីលធម៌របស់ សូក្រាត

ទស្សនៈអប់រំសីលធម៌របស់ សូក្រាត
(៤៦៩‍‍​ - ៣៩៩ មុនឝ.ស.)
សូក្រាត ជាជនជាតិក្រិក កើតនៅឆ្នាំ ៤៦៩ មុនគ្រឹស្តសករាជ(២៤) (ឯកសាខ្លះដាក់ថា ឆ្នាំ៤៧០​ មុនគ្រឹស្ដសករាជ (២៥)) ។ បិតាលោកឈ្មោះ សូប្រូនីស៍ ជាជាងចម្លាក់ ហើយ​មាតា​លោក​ឈ្មោះនាងហ្វេណារ៉ែតជាឆ្មបជួយសង្គ្រោះ​ជីវិតមនុស្សមិនរើសមុខ ។ ដូច្នេះហើយ​បាន​ជា​លោក សូក្រាត តែងពោលថា “ម្ដាយខ្ញុំជា​ឆ្មបសំរាលកូន ឯខ្ញុំជាឆ្មបសំរាយគំនិត” ។
សូក្រាតត្រូវបានគេចាត់ទុកថា ជាអ្នកបង្កើតជាដំបូងបង្អស់នូវទ្រឹស្ដីសីលធម៌​ផ្សេងៗ​។ ក្នុងទ្រឹស្ដីសីលធម៌ទាំងនោះ យើងអាចកត់សំគាល់ឃើញមានគោល​ជំហរ​ធំបីយ៉ាង៖(២៦)
១ ការទប់ចិត្ត
តាមការស្មានមើលទៅ សូក្រាតប្រហែលជាគាត់បានបង្រៀនប្រដៅខ្លួនឯងរួចជាមុន​ហើយ មុននឹងទៅ​បង្រៀន​អ្នកដទៃឯទៀត ។ ការចេះទប់ចិត្តខំអត់សង្កត់ចិត្តនេះ ធ្វើឲ្យគាត់​មាន​ជ័យ​ជំនះ​លើខ្លួនគាត់ជានិច្ច ។ កម្លាំងចិត្តខាង​ក្នុងដែលគាត់​ចេះទប់នេះ​មានឥទ្ធិពល​ទៅ​លើ​​ទស្សនវិទូក្រោយៗមកទៀត ។ “ពុទ្ធិ” ដែលបណ្ដាល​មក​ពីការ​ទប់កម្លាំងចិត្ត ត្រូវ​ផ្សព្វ​​ផ្សាយ​ជុំ​វិញខ្លួនគាត់ ។ គាត់មិន​ដែលចង់​រស់នៅ​ឯកា​ម្នាក់​ឯង​ទេ គាត់ចង់រស់​នៅ​ក្នុង​​សង្គម​មនុស្ស​ជាមួយមនុស្ស និងដើម្បីមនុស្សទៀតផង។ គាត់ផ្ដល់​ចំពោះ​មនុស្ស​ទូទៅនូវកេរ្តិ៍មរ​តក​​ដ៏​មានតម្លៃម៉្យាងដែលគាត់ខំស្វះស្វែងរកបានគឺការ​ទប់​ចិត្ត ។
ចំពោះកម្លាំងអ្វីម៉្យាង ដែលរុញច្រានឲ្យសូក្រាតរត់រកមនុស្សដទៃឯទៀតនោះ​សូក្រាត​​​​យ​ល់និងជឿជាក់ថា គាត់បានទទួលបញ្ជាពីព្រះអាទិទេពដែលតម្រូវឲ្យគាត់បំពេញ​បេសកកម្មមួយ ។
កាលនោះសកម្មភាពរបស់សូក្រាតនៅក្រុងអាថែន គ្មានអ្វីក្រៅអំពីការបង្ហាញ និង​ពន្យល់ប្រាប់ចំពោះមតិសាធារណជនឲ្យដឹង ឲ្យឮ ឲ្យស្គាល់ នូវការតាំងខ្លួនជា​ម្ចាស់​​លើចិត្ត​ខ្លួន​ឯងនោះឡើយ។ ក្នុង​សម័យនោះតើមាននរណាទៀតដែលប្រកប​ដោយ​គតិបណ្ឌិត ទៅ​ដោយពុទ្ធិ លើសជាងសូក្រាតនេះទៅទៀត ? ជីវិតរបស់​សូក្រាត​បានប្រព្រឹត្តទៅតាមគន្លង​នៃការពិចារណាទៅតាមការគិតចំពោះខ្លួនឯងផង និងចំពោះអ្នកដទៃផង ។ សូក្រាតយល់​ថាហាក់ដូចជាមានអត្ថិភាព របស់ព្រះអាទិ​ទេព​នៅក្នុងខ្លួនរបស់គាត់ ។ គាត់ហាក់ដូចជាឮ​សូរសម្លេងមួយស្រែក​ចេញពីក្នុងខ្លួន​គាត់​មក ហាមប្រាមបង្គាប់បញ្ជាគាត់មិនឲ្យប្រព្រឹត្តអំ​ពើ​ណាដែលមិនគួរគប្បី ។ ដូច្នេះ​យើង​អាច​កត់សម្គាល់ថា គំនិតរបស់សូក្រាតមានលក្ខណៈ​បែបសាសនា ។ ​ប៉ុន្តែទោះជាគាត់មានជំនឿទៅលើសាសនាដូចម្ដេចក៏ដោយ ក៏សូក្រាតពុំ​យក​សាសនា​មកធ្វើជាមូលដ្ឋានទ្រឹស្ដីវាសនារបស់មនុស្សដែរ (២៧)។
២. ស្គាល់ខ្លួនដោយខ្លួនឯង
តើសូក្រាតបានបង្រៀនអ្វីខ្លះ ?  សីលធម៌របស់សូក្រាត គឺធ្វើដូចម្ដេចឲ្យ​មនុស្ស​ចេះ​ស្គាល់​ខ្លួនឯង​ដោយច្បាស់​លាស់ ។ សូក្រាតចង់បញ្ជាក់ថា ការស្គាល់ខ្លួន​ឯង មិន​មែន​ជា​ការ​​ងាយ​ស្រួលទេ ។ មនុស្សម្នាក់ៗជឿ​ទាំងខុសថាខ្លួន​ស្គាល់​ខ្លួនឯងប្រាកដណាស់ (២៨)។ ជំនឿ​នេះមិនត្រឹមត្រូវទេ​ពីព្រោះមនុស្សម្នាក់ៗពិបាក​នឹង​ស្គាល់​ខ្លួនឯងបានច្បាស់លាស់​ណាស់​​។ លោក សូក្រាត បានជំរុញឲ្យមនុស្ស “ស្គាល់ខ្លួន​ឯង” ដែលធ្វើឲ្យមានទម្លាប់ល្អ ដោយ​ផ្ដើម​ចេញ​ពីរាងកាយខ្លួនឯងភ្ជាប់​ទៅនឹង​អ្នក​ដទៃ(២៩) ។ ការស្គាល់ខ្លួនឯងរបស់ សូក្រាត​ក៏មិនខុសឆ្ងាយពី ការស្គាល់​នូវ​តួនាទី​របស់ខ្លួនឯងនៅក្នុងព្រះពុទ្ធសាសនា និង​ស្គាល់​ឈ្មោះរបស់ខ្លួននៅក្នុងទស្សនៈរបស់ខុង ជឺ ដែរ គឺមនុស្សម្នាក់ៗ ត្រូវស្គាល់ពីតួនា​ទី ស្គាល់​ភារកិច្ច ស្គាល់កតព្វកិច្ច របស់ខ្លួនម្នាក់ៗ​ដែលត្រូវប្រព្រឹត្តចំពោះអ្នកដទៃ ។
៣. មនុស្សមិនមែនអាក្រក់ដោយចេតនាទេ
ឯទ្រឹស្ដីសំខាន់មួយទៀតរបស់សូក្រាត គឺគាត់ចង់ពន្យល់ថាការស្គាល់ខ្លួនឯងដោយ
​ ខ្លួន​ឯងនេះ ជាការចាំបាច់ ។ ការស្គាល់ខ្លួនឯងដោយខ្លួនឯង នេះឲ្យយើងបានយល់ដឹង​ច្បាស់ថា “គ្មានមនុស្សណាម្នាក់កាចសាហាវឃោរឃៅដោយចេតនាសោះឡើយ” មនុស្ស​ដែលបានប្រព្រឹត្តនូវអំពើឃោរឃៅកាចសាហាវយង់ឃ្នងមិនមែនដោយចិត្តច​ង់ ឬដោយ​ចេតនានោះឡើយ ។ ការប្រព្រឹត្តនូវអំពើដ៏ឃោរឃៅនេះ គឺដោយសារតែ​សមី​ខ្លួននោះល្ងង់​ខ្លៅ ខ្វះការចេះដឹង ។ ការល្ងង់ខ្លៅការចេះដឹងនេះហើយ ដែលដឹកនាំ​មនុស្ស​ឲ្យលង់លក់នៅ​ ក្នុងតណ្ហាហើយ​ប្រព្រឹត្តនូវអំពើបាបកម្មដោយ​មិនដឹងខ្លួន។ ពោលឲ្យចំទៅ អំពើឃោរឃៅ​ទាំង​ឡាយកើតមកអំពីការមិនទាន់​ស្គាល់​​ខ្លួន​ឯងដោយខ្លួនឯង ដោយចេះតែយល់ច្រឡំថា​ខ្លួន​ជាអ្នក​ប្រាជ្ញ ជាអ្នក​ចេះ​ដឹង​ជ្រៅ​ជ្រះ ​។
ឯវិទ្យាសាស្រ្តដែលសូក្រាត តែងតែប្រកាសថាជារបស់គាត់នោះ គឺត្រង់ដែល​គាត់​ដឹងខ្លួនថាគាត់ឥតចេះដឹងអ្វីទាំងអស់ ។
កាលបើគេឮសូក្រាតនិយាយយ៉ាងដូច្នេះ ពួកអ្នកស្ដាប់នាំគ្នាភ្ញាក់ផ្អើលបើក​ភ្នែក​ធំៗ​។ តែសូក្រាតទៅកន្លែងណាមួយហើយ គឺប្រៀបបានដូចជា គ្រាប់បែកផ្ទុះ​នៅ​កន្លែងនោះ​​អញ្ចឹង ។ គាត់ធ្វើឲ្យជន​ទាំងនោះ​ស្រឡាំង​កាំងរកហាមាត់និយាយមិនរួច ។ គាត់ខំធ្វើយ៉ាង​ដូចម្ដេចឲ្យមនុស្ស​ក្រឡេក​មើលមកខ្លួនឯង ព្រោះគាត់ដឹងថា មនុស្ស​ពុំដែលចាប់ភ្លឹកយក​
ចិត្តទុក​ដាក់នឹងខ្លួនឯងសោះ។
ឯមនុស្សដែលសូក្រាតចូលចិត្តប្រៀនប្រដៅជាងគេ គឺយុវជនក្មេងៗ ព្រោះ​មនុស្ស​ប្រភេទ​​នេះ ឆាប់យល់ស្របតាមការពន្យល់របស់គាត់ណាស់ ។ សូក្រាតបាន​ពន្យល់​​បង្ហាត់​​បង្ហាញ​យុវជន​កុំឲ្យមានជំនឿ និងអនុវត្តន៍ទៅតាម ទំនៀមទម្លាប់​ដែល​គេ​ធ្លាប់​បាន​ទទួល​ការ​អប់រំនៅក្នុងគ្រួសារ ។ ដោយហេតុដូច្នេះហើយ បាន​ជា​តុលាការ​ទីក្រុង​អាថែន​បាន​ចោទ​ប្រកាន់សូក្រាតថាជាអ្នកបំបះបំបោរយុវជន​ដែល​កំពុង​តែល្អ ឲ្យក្លាយ​ទៅជា​ពុក​រលួយ ខូច​អស់របៀបរៀបរយដែលធ្លាប់តែ​មាននៅក្នុង​សង្គម ។
តាមការពិតទៅ​ សូក្រាតចង់ជួយអប់រំក្មេងដោយស្មោះត្រង់ ដោយឲ្យយុវជនទាំង​នេះ​ចេះប្រើប្រាស់នូវកម្លាំងផ្ទាល់របស់ខ្លួនដោយវិធីស្គាល់ខ្លួនឯងដោយខ្លួនឯង។ (៣០)
 ញ់ចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកធ្វើអំពើនោះទៅអ្នក​ដទៃជាមុនសិន ។
-       អំពើណាដែលបានធ្វើហើយបានទទួលផលដល់ខ្លួនឯង ហើយបានទុក្ខដល់អ្នកដទៃ​
សូមជៀសវាងកុំធ្វើអំពើនោះដាច់ខាត ។
-       បើជួយអ្នកដទៃហើយ បែរជាត្រឡប់មកទទួលទុក្ខទោសទៅវិញ ចូរត់គេចឲ្យផុតពី​ទុក្ខទោសនោះឲ្យបានមុនទុក្ខនោះមកដល់ ។
-       បើធ្វើគុណប្រយោជន៍ហើយសូមកុំរំឮកគុណទាំងនោះនៅចំពោះមុខគេឪ្យសោះ បើ​មិនដូច្នោះទេ គុណប៉ុនភ្នំនឹងត្រូវរលាយ ។
-       ត្រូវទុកឲ្យអ្នកដទៃនិយាយពីគុណប្រយោជន៍របស់អ្នកវិញ ទើបប្រសើរជាង។
-       អ្វីដែលអ្នកមិនសប្បាយចិត្តចំពោះអ្នកធំមកលើរូបអ្នក កុំយកវាទៅអនុវត្តន៍លើ​មនុស្សក្រោមបង្គាប់អ្នក (២២)។
          ខុង ជឺ​បានឲ្យតម្លៃយ៉ាងខ្ពស់បំផុតទៅលើ សីលធម៌មនុស្សលោក ។ លោកបានអះ​អាងថា ការគ្រប់គ្រងតាមបែបសីលធម៌ ប្រសើរជាងការគ្រប់គ្រងដោយច្បាប់ ។ ព្រោះសតិ​សម្បជញ្ញៈ មនសិការ ស្មារតី ឆន្ទៈរបស់មនុស្ស កើតឡើងពីមនុស្សសុទ្ធសាធ ។ រីឯច្បាប់ គឺ​ជាការតាក់តែងដោយក្រុមមនុស្ស ដើម្បីការពារនូវផលប្រយោជន៍រៀងៗខ្លួន ទៅតាមក្រុម សង្គមរបស់គេ ហើយក៏ជាការមួយសម្រាប់គាបសង្កត់គម្រាមកំហែង លើអ្នកទន់ខ្សោយ​ផង​ដែរ ។ តាមខុង ជឺ អាចដឹងទៀតថា គុណធម៌របស់មនុស្សជាតិ ចិត្តមេត្តា ភាព​ជា​មនុស្ស​ពិត​ប្រា​កដ គឺលក្ខណៈសីលធម៌ ស្នេហាអំពើល្អរបស់មនុស្ស និងទឹកចិត្តមនុស្សធម៌ ។​ តាម​ទស្សនៈ សីលធម៌របស់ ខុង ជឺ ចិត្តមេត្តាសន្ដោសប្រណី​គឺជាកត្តាចម្បងបំផុត សម្រាប់ការ​រស់​​​​​នៅរបស់មនុស្សនៅក្នុងសង្គម ។
          ដូច្នេះយើងឃើញថា ទស្សនៈរបស់ ខុង ជឺ ពិតជាបានរួមចំណែកយ៉ាងធំធេងបម្រើ​ឲ្យ​ប្រ​ព័ន្ធអប់រំ ប្រព័ន្ធគ្រប់គ្រងដឹកនាំរដ្ឋ តាមបែបទស្សនវិជ្ជាសីលធម៌ ។ អ្វីដែលគួរឲ្យចាប់​អា​រម្មណ៍​គឺ ខុង ជឺ មិនប្រើប្រាស់កម្លាំងខាងក្រៅនោះទេដើម្បីជួយដោះស្រាយបញ្ហាក្នុងជីវ​ភា​ព​​រ​ បស់បុគ្គល គ្រួសារ សង្គម​។​ ផ្ទុយទៅវិញលោកបានប្រើក្បួនច្បាប់សីលធម៌ធ្វើជាមូល​ដ្ឋាន​​ក្នុង​ការដោះស្រាយ និងដឹកនាំសង្គមមនុស្សឆ្ពោះទៅរកសុភមង្គលយ៉ាងពិត​ប្រា​កដ
 (២៣) ។
ទស្សនៈអប់រំសីលធម៌របស់ ព្រះយេស៊ូគ្រឹស្ត
          គ្រឹស្តសាសនា មានដើមកំណើតនៅប្រទេសអ៊ីស្រាអែល មាន ព្រះគម្ពីប៊ីប (Bible) ជា​សំណេរកំណត់ត្រានៃការជួយសង្រ្គោះដែលបំពេញឲ្យព្រះយេស៊ូ។ មូលដ្ឋាននៃការអប់រំ​សីល​ធម៌របស់គ្រឹស្តសាសនាមាន ២គឺៈ
·         ត្រូវស្រលាញ់ព្រះជាម្ចាស់ដូចជាខ្លួនឯង ព្រោះព្រះជាម្ចាស់បានសង្រ្គោះមនុស្សពីអំ​ពើ​បាប តាមការសន្ដោសប្រណី ។ ចូរបែរចេញពីផ្លូវអាក្រក់ ហើយវិលមករកព្រះវិញ នោះ​ទ្រង់នឹងអាណិត មេត្តា ដល់​អ្នក ហើយទ្រង់នឹងអត់ទោសឲ្យជាបរិបូរណ៍ ហើយ​អ្នក​រាល់គ្នា នឹងទទួល​បាន​នូវ​អំណរ​និងសេចក្តីសុខ សាន្ត។
·         ត្រូវស្រលាញ់មនុស្សទូទៅឲ្យដូចខ្លួនឯង ពោលគឺត្រូវចេះអត់ធ្មត់ យល់អធ្យាស្រ័យ​ចំពោះ​មនុស្សដូចគ្នា ។ ព្រះយេស៊ូ មានក្រឹត្យវិន័យ១០​ប្រការគឺៈ
-       ក្រឹត្យវិន័យទី១ កុំមានព្រះឯណាទៀតឲ្យសោះ
-       ក្រឹត្យវិន័យទី២ កុំថ្វាយបង្គំរូបចម្លាក់
-       ក្រឹត្យវិន័យទី៣ កុំប្រើនាមរបស់ព្រះឥតការឲ្យសោះ
-       ក្រឹត្យវិន័យទី៤ ចូរនឹកពីថ្ងៃឈប់សម្រាក
-       ក្រឹត្យវិន័យទី៥ ត្រូវគោរពប្រតិបត្តិដល់ឪពុកម្ដាយ
-       ក្រឹត្យវិន័យទី៦ កុំសម្លាប់មនុស្សឲ្យសោះ
-       ក្រឹត្យវិន័យទី៧ កុំផិតក្បត់ឲ្យសោះ
-       ក្រឹត្យវិន័យទី៨ កុំលួច ប្លន់ឲ្យសោះ
-       ក្រឹត្យវិន័យទី៩ កុំកុហក់ឲ្យសោះ
-       ក្រឹត្យវិន័យទី១០ កុំលោភលន់់ឲ្យសោះ (៣១)។
នៅក្នុងបញ្ញត្តិទី៥ បានបង្គាប់ថា ចូរគោរពឪពុកម្ដាយ ដើម្បីអោយអាយុវែង ។ ព្រះ​យេ​ហូវា ជាព្រះដែលទ្រង់ប្រទានឲ្យហើយនៅក្នុងបញ្ញត្តិទី៥ដែល បានបង្ហាញពីការ​យក​ចិត្ត​ទុក​ដាក់ចំពោះករណីកិច្ចរបស់ខ្លួននោះ ជាកូនដ៏វិសេសត្រូវយល់ថាឪពុកម្ដាយ​គាត់​ជា​តំណាង​​របស់ព្រះ ក្មេងៗរាល់គ្នាអើយ! ចូរស្ដាប់បង្គាប់ មាតាបិតាខ្លួន ដើម្បីឲ្យរាល់​គ្នា​បាន​សេចក្ដី​សុខ ហើយរស់នៅលើផែនដីយូរអង្វែងទៅ ។
នៅបញ្ញតិ្តទី៦ លោកបានហាមមិនឲ្យសម្លាប់មនុស្សឲ្យសោះ គឺបានបង្រៀនឲ្យដឹង​ជីវិតរបស់មនុស្សមានសារៈសំខាន់ណាស់ ហើយព្រះអង្គក៏មិនព្យាយាមធ្វើទោសដល់ជីវិត​ដែរ (៣២)។ ត្រង់នេះសូម្បីតែខ្លួនឯងក៏មិនត្រូវសម្លាប់ តែបុគ្គល៣ពួកគឺ ទ័ពបច្ចាមិត្រ មនុស្ស​មាន​ទោសប្រហារជីវិត និងចោរដែលបំរុងមកប្រហារជីវិតខ្លួនត្រូវសម្លាប់បាន (៣៣)។
 
ទស្សនៈអប់រំសីលធម៌របស់ ឥស្លាមសានា
ឥស្លាម ជាភាសារបស់ជនជាតិអារ៉ាប់ និងបកប្រែជាភាសាខ្មែរថាៈ សន្តិភាព ធ្វើឲ្យ​មានសន្តិភាព ស្ថេរភាព និងសុភមង្គល ។ល។ (៣៤) ឥស្លាមសាសនា កើតឡើងដោយបុគ្គល​ម្នាក់​ឈ្មោះ មហាម៉ាត់ (Mohamad. ៥៧១-៦៣២ គ.ស) ដែលជាកូនកំព្រា ឪពុក-ម្ដាយបាន​ស្លាប់តាំង​ពីគាត់ជាទារកនៅឡើយ ។ មហា​ម៉ាត់ បានចំនាយពេល៥០ឆ្នាំ ដើម្បីសូត្រធម៌​ភាវនា ដោយគាត់យល់ថា មាន ព្រះអាឡា ជា​អ្នកនិយាយមករកគាត់ ។ គាត់​ប្រមូល​ពិភព​អារ៉ាប់​ទាំងមូលឲ្យជឿលើព្រះអាឡា ។ ក្រោយ​ពេលមហាម៉ាត់ស្លាប់ទៅ គេ​បានប្រមូល​គម្ពីរបស់​មហាម៉េត ចង​ក្រងជាសៀវភៅមួយឈ្មោះថាគម្ពីរកូរ៉ាន់​(Korann) ដែល​គេចែកជា ១១៤ Suras (ជំពូក) និងមាន ៦២៣៦ មាត្រា (៣៥) ក្នុង​ចំណោម​គម្ពីរ​ទាំង​នោះត្រូវគេ​ដាក់​បញ្ចូល​នៅក្នុងអត្ថបទ​អំណាន​សម្រាប់ឲ្យជនជាតិអារ៉ាប់​សូត្រ ទន្ទេញ​ចាំ​មាត់​ប្រាំដង​ក្នុង​មួយ​ថ្ងៃ ខ្លឹមសារនៃព្រះ​គម្ពី​ជា​រឿងរ៉ាវដែលប្រជាជនអារ៉ាប់​គោរព​យ៉ាង​ម៉ឺង​​ម៉ាត់ និង​គេចាត់​ទុក​ជា​កម្រង​ច្បាប់ដូច​ជា​ក្បួន​​ចរិយា​ធម៌ ក្បួនគ្រប់គ្រង ក្បួន​សីលធម៌​សម្រាប់​សង្គមអារ៉ាប់។
មហាម៉ាត់ ជាកំពូលនៃទស្សនវិទូអារ៉ាប់ ។ លោកបានលើកឡើងនូវទស្សនៈអប់រំជា​មូលដ្ឋាន ដល់សាសនិកឥស្លាមឲ្យគោរពទាំងអស់គ្នាដូចជាៈ
-       ឲ្យជឿលើព្រះអាឡាតែមួយគត់
-       មានភាពស្មើគ្នាចំពោះមុខច្បាប់ (ត្រូវមានយុត្តិធម៌ក្នុងសង្គម និង ក្នុងខ្លួនបុគ្គល​ម្នាក់ៗ)
-       កុំលួចទ្រព្យសម្បត្តិ កេងប្រ័ញ្ច ឬ បោកបញ្ឆោតអ្នកដទៃ
-       ហាមឃាត់ទៅលើការសេពគ្រឿងញៀន (គ្រឿងស្រវឹង)
-       មានភាពស្មោះត្រង់
-       ការផឹតប្ដី-ប្រពន្ធជាអំពើបាប
-       ឲ្យសូត្រធម៌ប្រាំដងក្នុងមួយថ្ងៃ គឺពេលថ្ងៃរះ ពេលថ្ងៃត្រង់ ពេលរសៀល ពេលថ្ងៃ​លិច​និងពេលយប់។
-       ការដាក់ទានដល់មនុស្សត្រូវបានគេលើកទឹកចិត្ត
-       ត្រូវមានអធ្យាស្រ័យដល់ស្រ្តីភេទ បំបាត់ការលក់ ទិញមនុស្ស ។
-       គាំទ្រសាលារៀន និង វិហារមូស្លីម...។
ក្រៅពីនេះមហាម៉ាត់ បានប្រៀនប្រដៅដល់ឥស្លាមសាសនិកទាំងអស់ ឲ្យប្រព្រឹត្តអំ​ពើ​ល្អ​ចំពោះគ្នាទៅវិញទៅមក ក្នុងសង្គមត្រូវចេះរួមកម្លាំងគ្នាមានចិត្តសន្ដោស។ នៅក្នុងសា​ស​នា​នេះបានរៀបចំពិធីរៀងរាល់ឆ្នាំ ប្រកបដោយចិត្តសន្ដោសប្រណីបញ្ជាក់ពីសាមគ្គីភាព​និង សីលធម៌ក្នុងការរួមរស់នៅយូរអង្វែងនោះគឺ បុណ្យហាច (Harch/Harj) ជាបុណ្យ​មួយ​របស់​​សាសនាឥស្លាម បានបង្ហាញពីភាពសប្បាយរីករាយ និង​ដើម្បីជម្រះ​នូវភាព​សៅហ្មង​ទាំង​​ឡាយ​ដែលបានកើតឡើងកន្លងមក។ ពិធីនេះ​រៀបចំជាពិធីជប់​លៀងដល់អ្នក​ក្រីក្រដូច​ជា​​ចែក​​​សាច់គោ, ពពែ, ​ចៀម, អូដ ព្រមទាំគ្រឿងឧបភោគបរិភោគផ្សេងៗទៀតយ៉ាងគគ្រឹក​គគ្រេង។ ចំពោះអ្នកដែលធ្លាប់មានជម្លោះជាមួយគ្នា ដោយដើរសុំអភ័យទោសគ្នាទៅវិញ​ទៅ​មក ហើយសច្ចានៅពេលនោះថា នឹងលែងឈ្លោះទាស់ទែងគ្នាតទៅទៀត​ លែងមាន​ការ​គុំគួន ហើយរស់នៅក្នុងភាតរៈ។
ចំពោះការជ្រើសរើសគូស្រកវិញ បុរសអាចរៀបការជាមួយស្ត្រីពេញច្បាប់ ៤នាក់​អាស្រ័យដោយលទ្ធភាពចិញ្ចឹមប្រពន្ធកូនទាំងនោះបាន ។ ចំពោះមហាម៉ាត់ប៉ុន្មានក៏បាន ឲ្យតែនារីនោះបានទទួលផ្កាពីគាត់ សូម្បីប្អូនស្រីបង្កើត ដែលមានឪពុក ឬ ម្ដាយខុសគ្នា។ ជនជាតិឥស្លាមទាំងអស់ត្រូវក្លាហាន និង ស៊ូស្លាប់ ដើម្បីការពារសាសនារបស់ខ្លួនឲ្យបាន​គង់វង់ ។
សរុបមកបើទោះបីជាមានភាពខុសគ្នាពីជំនឿរបស់មនុស្សក៏ពិតមែន ប៉ុន្តែន័យរួមក៏​យើងឃើញមានគម្ពីក្បួនច្បាប់ របៀបនៃការគ្រប់គ្រងពីសីលធម៌ និង ចរិយាធម៌ ក្នុងបំណង​ចង់ឲ្យមនុស្សចេះរស់នៅមានសុខសន្តិភាពដូចគ្នា ជាពិសេស លើប្រាំបួនចំណុចជាមូល​ដ្ឋានអប់រំនោះ ក៏សំដៅអោយមនុស្សធ្វើអំពើល្អគ្រប់យ៉ាង។ លក្ខណៈពិសេសមួយទៀតគឺ បុរសត្រូវគិតពីសមត្ថភាពរបស់ខ្លួនក្នុងការគ្រប់គ្រងគ្រួសារ និងការសាមគ្គី រវាងមនុស្សទាំង​អស់ដែលនៅជុំវិញខ្លួន។ នេះជាការអប់រំពិសេសរបស់ឥស្លាមសាសនា ចំពោះអ្នកគោរព​និង ជឿលើគោលការណ៍របស់សាសនាឥស្លាម (៣៦)។
 
ទស្សនៈអប់រំសីលធម៌របស់ ក្រមង៉ុយ
ប្រសូត នៅ​ឆ្នាំ​១៨៦៥ ត្រូវ​នឹង​ពុទ្ធ​សករាជ ២៤០៨ នៅ​ភូមិ​ព្រៃ​អណ្ដូង​ស្វាយ ឃុំ​កំបូល ​ស្រុក​អង្គស្នួល​ ខេត្ត​កណ្ដាល ប្រទេសកម្ពុជា​។​ ហើយ​លោក​មាន​ឈ្មោះ​ពី​កំណើត​គឺ អ៊ុក អ៊ូ ហៅ​ង៉ុយ ។ អ្នក​ភិរម្យ​ភាសា​អ៊ូ​​ហៅ​​ង៉ុយ (​ក្រម​ង៉ុយ​) ​គឺជា​​គោរមងារ​​មួយ​​ដែល​​ព្រះមហាក្សត្រព្រះបាទ​ ស៊ីសុវត្ថិ ប្រទាន​​ឲ្យ។
អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ មិន​បាន​សរសេរ​កំណាព្យ​ដែល​លោក​ស្មូត​ច្រៀង​នោះ​ដោយ​​ខ្លួនឯង​ទេ ហេតុនេះហើយ​ទើប​ពុទ្ធសាសនបណ្ឌិត្យ​អញ្ជើញ​លោក​មក​ច្រៀង​យឺតៗ ហើយ​កត់ត្រា​ទុក ។​ ​ស្នាដៃ​របស់​ក្រម​ង៉ុយ ដែល​គេ​រកឃើញ​រហូតមកដល់​សព្វថ្ងៃនេះ រួមមាន:
១- ច្បាប់ល្បើកថ្មី (​ជា​បទ​កាកគតិ​-​ឆ្នាំ​១៩២២)
២- ច្បាប់កេរកាលថ្មី (​ជា​បទ​ព្រហ្មគីតិ​-​ឆ្នាំ​១៩២២))
៤- ពាក្យកាព្យ​ប្រដៅ​ជន​ប្រុស​ស្រី (​ជា​បទ​ពាក្យ​៧- មិនដឹង​កាលបរិច្ឆេទ​, អាច​ក្នុង​ឆ្នាំ​១៩៣៥ ព្រោះជា​ស្នាដៃ​ទី​៥)
៥- បណ្ដាំក្រមង៉ុយ (​ជា​បទ​ព្រហ្មគីតិ​- ក្នុង​រវាង​ឆ្នាំ​១៩៣៥)
នៅ​មាន​ដៃ​ផ្សេង​ទៀត​របស់​ក្រម​ង៉ុយ ដែល​គេ​រក​មិនឃើញ​ឯកសារ​សរសេរ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​មុនៗ​បាន​ចាត់ទុកថា​ជា​ស្នាដៃ​របស់​លោក​ដែរ គឺ​ចម្រៀង​ស្ដីអំពី : ការប្រែប្រួល​នៃ​ស្រុកទេស​,​ កតញ្ញូ​កតវេទី​,​ ត្រៃ​លក្ខណ៍​,​ ចំរៀង​ស្រី​-​ ប្រុស (៤២)។
យើងដឹងហើយថា ស្នាដៃរបស់លោកក្រមង៉ុយ សុទ្ធសឹងនិពន្ធឡើងជាពាក្យកាព្យ​តែ​ប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាទ្រឹស្ដីខ្លីៗដែលបានដកស្រង់ចេញកំណាព្យអប់រំរបស់លោកៈ​
ហើយយើងសូមធ្វើការបកស្រាយដូចខាងក្រោម៖
២.៣.៧.១ ច្បាប់ល្បើកថ្មី
ដ្បិតមនុស្សឥឡូវ                យកខុសជាត្រូវ                  យកឆ្កួតធ្វើជា
អំពើអាក្រក់                       ឡិកឡក់លីលា                  ព្រហើនពានពារ
                                                                                អាងមាសអាងប្រាក់។
អាងព្រើលអាងប្រាជ្ញ           អាងកោងអាងកាច             អាងកាប់អាងចាក់
អាងជើងអាងដៃ                 អាងវាយអាងធាក់              អាងគុកច្រវាក់
                                                អាងម៉ាស៊ីនកាត់ក។
អាងសុទ្ធតែខុស                 កូនអើយចាំចុះ                   អាងនោះមិនល្អ
អ្នកគិតឲ្យល្អិត                   ដ្បិតស្រុកលោកក្រ             ប្រមាណតំណ
                                                តទៀតទៅមុខ។
សាសនានៅឆ្ងាយ              លែងបានសប្បាយ             មានតែកើតទុក្ខ
កើតទាន់លោកីយ៍              លឺតែទំនុក                        ដំណែលអាពុក
                                                ចូរចាំគ្រប់គ្នា។
អ្នកជឿពាក្យចាស់              ជឿចាំឲ្យណាស់                 កុំធ្វើបំពារ
អ្នកហ៊ានស្បែកដាច            អ្នកខ្លាចស្បែកជា                មនុស្សចោរប៉ោបៀ
                                                កុំយកខ្លួនបៀត។
ឃើញរិកគេល្អ                   ទោះបីមានក្រ                    យកគេជាញាតិ
គួររាប់អ្នកក្រៅ                   ផៅអ្នកឯទៀត                   រាប់រើសមារយាទ
                                                សុចរិតត្រឹមត្រូវ។
រៀនបទរៀនបាទ                កុំកោងហួសខ្នាត                កុំភ្លាត់ខុសផ្លូវ
កុំភ្លើនភ្លេចម៉ែ                    កុំប្រែហួសឪ                      ឃើញចាស់សក់ស្កូវ
                                                កុំសូវមើលងាយ (៤៣)។
          ការអាងទៅលើមាសប្រាក់ បុណ្យសក្តិ ទ្រព្យសម្បត្តិ ធ្វើបាបអ្នកក្រទន់ខ្សោយ  អាង​ឃ្នី​គ្នា​ច្រើន​ធ្វើបាបគ្នាតិច អាងកាប់អាងចាក់ដើម្បីដោះស្រាយជម្លោះ អាង​ខ្លួន​ជាអ្នកចេះ​អ្នក​ប្រាជ្ញធ្វើបាបអ្នកល្ងង់ អាងខ្លួនជាអ្នកច្បាប់ចាប់គ្នាដាក់គុត ចាប់ប្រហារជីវិត អំពើ​ព្រៃ​ផ្សៃ​ឃោរ​ឃៅ​ អំពើអាងទាំង​នេះ លោកយល់ថាជាអំពើពុំល្អឡើយ ជាអំពើដែលសាងកិត្តិយស
​អាក្រក់សម្រាប់ពេលអនាគត និងធ្វើឲ្យប្រទេសជាតិរឹងរឹតកាន់តែអាប់អោននិងក្រលំបាក។
          នៅពេលដែលមនុស្សលែងជឿបុណ្យបាប លែងមានសាសនា ឃ្លាតចាកឆ្ងាយពី​សាសនានោះ មនុស្សនឹងកាន់តែជួបនូវទុក្ខវេទនាកាន់តែខ្លាំងឡើងៗ ព្រោះមនុស្សនឹងកាន់​តែភ្លើតភ្លើនជាមួយនឹងសម្ភារៈ នឹងផ្លូវកាយ លែងគិតពីផ្លូវចិត្តទៀតហើយ ហើយចិត្តរបស់​គេមានតែលោភៈ ទោសៈ និងមោហៈ នៅជាប់ជាមួយ។
          ពាក្យចាស់”អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកជា” អ្នកដែលហ៊ានប្រព្រឹត្តនូវអំពើ​កាប់ចាក់គ្នា គ្មានលទ្ធផលអ្វីក្រៅតែអំពី មានរបួសស្នាម ហូរឈាមនិងឈឺចាប់នោះទេ ឯអ្នកខ្លាចមិនប្រព្រឹត្តវិញតែងមានសេចក្ដីសុខ “អ្នក​ដែលប្រព្រឹត្តអ្វី នឹងទទួលផលនោះ” ។ មនុស្ស​អាក្រក់ ចូលចិត្តលួច ឆក់ ប្លន់ លេងល្បែងស៊ី​សង យើងមិនត្រូវយកខ្លួនបៀត ឬ​រាប់​អាន​​មនុស្សទាំងនេះទេ ព្រោះនឹងនាំឲ្យអន្តរាយដល់​ខ្លួននៅថ្ងៃណាមួយមិនខាន ជាង​នេះ​ទៅ​ទៀត​បាត់បង់ទាំងកេរ្តិ៍ដោយសារតែការរាប់អាននេះ​។​ផ្ទុយទៅវិញ មុន​នឹងរាប់​អាន​នរ​ណា​​ម្នាក់​ត្រូវសម្លឹងមើល ឬកពារ កិរិយាមារយាទ ឲ្យបាន​ត្រឹមត្រូវ ចាំយកខ្លួនបៀត ដោយ​មិន​​គិត​ពីទ្រព្យសម្បត្តិមានឬក្រនោះទេ គឺត្រូវរាប់គេជាញាតិ។
          ចំពោះខ្លួនយើងក៏ដូច្នេះដែរ គឺត្រូវរៀននូវច្បាប់ក្បួន រៀននូវអ្វីដែលមានសីលធម៌ រៀប​​ចំឥរិយាបទរបស់ខ្លួនឲ្យបានសមរម្យ ត្រូចេះគោរពដឹងគុណឪពុកម្ដាយ និង ចាស់ព្រឹទ្ធា​ចារ្យ និងអ្នកមានគុណទាំងឡាយ ។
                   ២.៣.៧. ២ ច្បាប់កេរកាលថ្មី
គួរស្ដាយកេរ្ដិ៍ម៉ែឪ                         កិរិយាត្រូវឲ្យខំត្រាប់ 
កិរិយាណាខុសច្បាប់                    គួរក្រឡប់ក្រឡាស់ចោល។
ម្ដាយអាពុកនិងកូន                       បីដូចខ្លួននិងស្រមោល​ ឃើញខុសកុំដេញដោល             ​កុំថ្កោលទោសអ្នកមានគុណ។
ល្ងង់ខ្លៅត្រូវតែសួរ​                        ពាក្យឲ្យគួរកុំឲ្យស៊ុន​
យកពាក្យផ្អែមជាមុន​                              ទន់លំទោនឱនប្រតិបត្ដិ។
ទោះឪម៉ែស្លូតកាច​                        គួរតែខ្លាចដូចមហាក្សត្រ​
ម្ដាយជេរពីរបីមាត់​​                        គួរតែស្ងាត់ស្ងៀមឲ្យឈឹង។
ប្រដៅត្រូវតែស្ដាប់​                        យកតំរាប់កុំទទឹង​
ម្នោះម្នះចចេសរឹង​                        នឹងហើយហៅកូនសេសកម្ម (៤៤)។
ឪពុកម្ដាយ ជាអ្នកមានគុណធំមិនអាចកាត់ថ្លៃបាន តែក៏មានកិរិយា ឬ អំពើឆ្គាំឆ្គង​មួយ​​​ចំនួន​ដែរ ដូច្នេះលោកក្រមង៉ុយ ចង់អោយ​បុត្រធីតា​ទាំងឡាយ​អនុវត្តតាម​តែ​គម្រូ​ណា​ដែល​​ល្អៗ  ហើយបោះបង់ចោលនូវគម្រូ ឬអំពើណាអាក្រក់ៗខុសច្បាប់ក្បួន។
ឪពុកម្ដាយនិងកូន បីដូចខ្លួននិងស្រមោល គឺជាសាច់ ជាឈាមដែលមិនអាច​កាត់​ផ្ដាច់ចេញពីគ្នាបានឡើយ​ កូនៗមានជីវិតរស់រានបានអាស្រ័យការមើលថែទាំយ៉ាងយកចិត្ត​ទុកដាក់បំផុតពីឪពុកម្ដាយ ដូច្នេះកូនៗមិនត្រូវភ្លេចគុណរបស់លោកឡើយ ហើយបើ​ទោះ​បី​ជាលោកធ្វើខុសឆ្គងយ៉ាងណា ក៏គួរកុំដេញដោល និងកុំថ្កោលទោសលោក​ដែលជាអ្នកមាន​គុណ។​
មួយវិញទៀតបើសិនជាយើងជាកូន មិនបានដឹងមិនបានឮ ឬមិនយល់ គឺត្រូវសួរ ដើម្បី​ជៀសវាងធ្វើកិច្ចការមិនបានត្រឹមត្រូវ​ ហើយសួរដោយការគោរព និង​ប្រើពាក្យផ្អែម​ល្ហែម​​សមរម្យ គឺមិនត្រូវប្រើពាក្យទ្រគោះបោះបោកនោះទេ ។
ទន្ទឹមនឹងនេះដែរ បើទោះបីជាឃើញថា ឪពុកម្ដាយ មានចរឹតស្លូនបូត ឬកោង​កាច​យ៉ាងណាក៏មិនត្រូវធ្វេសប្រហែសក្នុងការគោរពប្រតិបត្តិដែរ​ គឺត្រូវគោរពកោតក្លាចលោក​ទាំងពីរដូចជាព្រះមហាក្សត្រគ្រប់គ្រងផែនដី យ៉ាងនោះដែរ ហើយបើលោកស្ដីបន្ទោស​បន្តិចបន្តួចយើងដែលជាបុត្រធីតាល្អ គួរពុំ​តមាត់​ជជែកយកឈ្នះចាញ់ជាមួយលោកវិញដែរ គឺត្រូវនៅអោយស្ងៀមស្ងាត់ ។
បើមាតាបិតាប្រៀនប្រដៅត្រូវត្រងត្រាប់ស្ដាប់ដោយយកចិត្តទុកដាក់ និងមិនត្រូវ​ចចេសរឹងរូស ប្រកែកតវានោះទេ បើពុំដូច្នោះទេ គឺនឹងក្លាយជាកូនអកត្តញ្ញូហើយ ។
សរុបមកស្នាដៃរបស់កវីក្រម ង៉ុយ បានរួមចំណែកយ៉ាងច្រើនក្នុងការអប់រំឲ្យ​មនុស្ស កសាងសមត្ថភាពដោយផុសចេញពីការអប់រំផ្លូវចិត្ត ផ្លូវកាយ និងវាចា ដោយ​ផ្សារភ្ជាប់ជា​មួយសុជីវធម៌ប្រចាំថ្ងៃផង និង សីលធម៌នៅក្នុងសង្គមចាប់តាំងពីខ្លួនឯង និងគ្រួសារផង ។
 
ទស្សនៈអប់រំសីលធម៌របស់ មហាត្មះគន្ធី
មហាត្មះ​ គន្ធី(០២-តុលា-១៨៦៩ ​ ដល់ ៣០-មករា-១៩៤៨) ជាមេដឹក​នាំ​មនោគម​វិជ្ជា និងជាអ្នកនយោបាយដ៏ពូកែនៃប្រទេសឥណ្ឌាអំឡុងពេលចលនាទាមទារឯក​រាជ្យជាតិ​ឥណ្ឌា។​ គាត់​ជាអ្នកត្រួសត្រាយក្នុងការទប់ទល់ពីការគាបសង្កត់អ្នកបះបោរ​ជា​ច្រើន ដោយ​ការ​ប្រកាន់ភ្ជាប់​ភាព​អត់ធ្មត់ អហិង្សា គន្ធីបានធ្វើអោយ​ប្រទេសឥណ្ឌា​ឆ្ពោះ​​ទៅ​រក​ភាព​ឯក​រាជ្យ និង​បាន បំផុស អោយ មាន​ចលនា​តស៊ូសំរាប់​សិទ្ធនិ​ង​សេរីភាព ក្នុង​ពិភព​លោក (៣៧)។
មហាត្មះគន្ធី បានបង្ហាញថា លោកស្រលាញ់ធម៌អហិង្សាខ្លាំងណាស់ បើទោះ​បីជា​លោក​ត្រូវគេចាប់ដាក់គុកជាច្រើនលើក ត្រូវគេវាយដំច្រំធាក់ ត្រូវគេប៉ុនប៉ង​និងធ្វើឃាត​លោក​យ៉ាង​ណា​ក៏ដោយ​ក៏លោក នៅតែមិនប្រកាន់ខឹង តបតដោយប្រើ​ហិង្សា​វិញដែរ។ “ឱ​អហិ​ង្សា អ្នក​មាន​កម្លាំង​ខ្សោយ​តែសំបកក្រៅតែប៉ុណ្ណោះ តែខាង​ក្នុង​អ្នកបានកប់​ទុកនូវ​
បណ្ដូល​​ដែក​ថែបដែលខ្ញុំជឿថាគ្មានកម្លាំងអ្វី ក្នុងលោកអាចពត់អ្នកបានទេ” (៣៨)។
មហាត្មះ គន្ធី បានអប់រំឲ្យប្រជាជាតិ ឥណ្ឌា ក៏ដូចប្រជាជាតិលើពិភពលោក​បាន​​យល់​​ពីត​ម្លៃ​អហិង្សា​ធម៌ និងប្រព្រឹត្តអហិង្សាធម៌ចំពោះគ្នាទៅវិញទៅមក ។
- “ចិត្តទឹកអាចរំលត់ចិត្តភ្លើង” មានតែការអត់សង្កត់ចិត្តទ្រាំទ្រ ប្រើអហិង្សា​ប៉ុណ្ណោះ ដែល​មនុស្ស​អាចអនុវត្តអ្វីទាំងឡាយបាន។ ក្នុងន័យនេះគឺលោកចង់អប់រំថា មានតែការ​យក​​​ទឹកចិត្ត មេត្តា ករុណ ខន្តី តស៊ូ ព្យាយាម និងសន្តិភាពទេ ទើបអាច​រំលត់​ភ្លើង​កំហឹង​ដែល​​​​កំពុង​ឆេះ​​រោល​រាល នៅ​ក្នុង​​ខ្លួនប្រាណរបស់មនុស្សបាន ។
- គេតែងគោរពទន្លេគង្គា, ឪពុក ម្ដាយ និងជីដូនជី​តា ខ្ញុំក៏គោរពដូចគ្នាដែរ ព្រោះ​​គេ​ជឿ​ថា ទន្លេនេះមានលាយទឹកអម្រឹត្យ ។ ឯចំណែកខ្ញុំ ក៏ខ្ញុំ​គោរពទឹកទន្លេនេះដូចគេឯងដែរ ព្រោះ​​​ទឹក​នេះត្រជាក់ដូចទឹកចិត្តខ្ញុំ បើខ្ញុំមុជទឹក​ទន្លេគង្គា​មួយឆ្នាំម្ដង ខ្ញុំនឹងមុជទឹកចិត្ត​អហិង្សា​​​របស់ខ្ញុំរាល់ថ្ងៃ ព្រោះខ្ញុំយល់ថា​ជាទឹកអម្រឹត្យ​ដែលខ្ញុំពុំ​បាច់​ធ្វើដំណើរ​អស់​រយៈ​ពេល​​វែង​ឆ្ងាយ ហើយអស់​កម្លាំអត់ប្រយោជន៍ ។ បើទោះជាទឹកទន្លេគង្គាត្រជាក់យ៉ាងក៏​ដោយ ប្រសិន​ណា​អ្នក​មិន​ទាន់​​គ្រប់គ្រងចិត្តដែលពេញដោយភ្លើងតណ្ហានិងអវិជ្ជាបានទេ ក៏​វាមិន​ខុស​អ្វីពី​ការមុជ​ទឹក​ទន្លេធម្ម​តា​ឯទៀត​ដែរ (៣៩)។
- បើធ្វើអហិង្សាសូមកុំប្រកាន់ខ្លួន កុំខ្ជិល ហើយត្រូវប្រយ័ត្នជានិច្ច​ចំពោះ​សេចក្ដី​ក្រោធ ដែល​កើត​មាន​ក្នុងសណ្ដានចិត្តរបស់យើង មនុស្សកំណាញ់ធ្វើពុំ​បានទេ ហើយអ្នក​លេងដែលមានចិត្តឃោរឃៅ ពីកំណើតមក ក៏ពុំអាចប្រព្រឹត្ត​នូវ​អហិង្សាបានឡើយ ។ សេច​ក្ដីជាប់ជំពាក់ ក្រោធស្រវឹងប្រកាន់ខ្លួន ខ្ជិលច្រណែន​ ប្រហែស​ធ្វេស អ្នកលេង ដេកច្រើន លុបគុណគេ កំណាញ់ ទាំងអស់នេះ​អ្នក​មាន​បញ្ញា​គួរលះចោលចេញ(៤០)។
- ត្រូវឈ្នះមនុស្សដោយព្រហ្មវិហារធម៌ បើអនុវត្តហើយពុំបានសម្រេច ពោលគឺ បើ​អំពើ​អាក្រក់​នោះពុំទាន់ឆេះរលាយទេ ក៏ដោយសារភ្លើងព្រហ្មវិហារធម៌​នោះ​ពុំទាន់មានអានុ ភាព​ខ្លាំង ។
- សាសនានៃអហឹង្សាភាពមិនមែនមានចំពោះ តែពួកសន្តបុគ្គលប៉ុណ្ណោះទេ បុគ្គល​សាមញ្ញ​ក៏មាន​ដែរ ។
- ខ្ញុំសុខចិត្តឲ្យគេយកកាំបិត មកពុះជញ្រ្ចាំរាងកាយរបស់ខ្ញុំប្រសើរជាង​គេ​ដក​ចិត្ត អហិង្សា​ចេញ​ពី​រាងកាយខ្ញុំ។
- កុំប្រើវិហឹសា ព្រោះជាច្បាប់របស់សត្វតិរច្ឆាន ត្រូវប្រើអវិហឹសាវិញ បើធ្វើបាន​ទោះ​​​បណ្ឌិត​ញូវ​តុន ឬមេទ័ព វិលីតុន ក៏ឈ្មោះថាចាញ់អ្នកដែរ (៤១)។

No comments: