Monday, August 26, 2013

វិធីបំបាត់ភាពច្រណែន និងបង្កើនភាពរីករាយក្នុងជីវិត




ការច្រណែនជាសត្រូវនឹងសុភមង្គលនិងភាពរីករាយរបស់អ្នក។ ចុរបំបាត់ការច្រណែនចេញ ពីក្នុងចិត្តអ្នក!ខ្ញុំ​ជឿ​យ៉ាង​ប្រាកដ​ថា មនុស្ស​គ្រប់​គ្នា​មិន​ថា ចាស់ ឬ​ក្មេង មាន​ឬ​ក្រ តូច​ឬ​ធំ ជា​មនុស្ស​ធម្មតា​ឬ​ជា​អ្នកបួស​នោះ​ទេ គឺ​សុទ្ធ​តែ​មាន​ការ​ច្រណែន​ទាំងអស់ ​។ ​
ហើយ​អ្វី​ដែល​ខុស​គ្នា​នោះ​គឺ​ថា​ការ​ច្រណែន​នោះ​មាន​តិច ឬ​ក៏​ច្រើន​គឺ​អាស្រ័យ​ទៅ​លើ​បុគ្គល​ម្នាក់​ៗ​តែ​ប៉ុន្នោះ ​។ ​គេ​ជា​មនុស្ស​ប្រភេទ​ណា​ ហើយ​តើ​អាច​គ្រប់គ្រង​ខ្លួន​​ឯង​បាន​ប៉ុណ្ណា​? សំនួរ​ត្រូវ​បាន​លើក​ឡើង​ថា តើ​អ្វី​ទៅ​ជា​ការ​ច្រណែន​?​ ការ​ច្រណែន​កើត​ឡើង​ពី​ណា​?
ដោយ​យោង​ទៅ​លើ​វិបសាយ​វិបស្ទ័រ​ បាន​ឲ្យ​និយមន័យ​ទៅ​លើ​ពាក្យ​នេះ​ថា ការ​ច្រណែន​គឺ​ជា​អារម្មណ៍​មិន​សប្បាយចិត្ត​ តូច​ចិត្ត ឬ​អន់ចិត្ត ឬ​ក៏​អារម្មណ៍​ខឹង​សម្បារ​នឹង​នរណា​ម្នាក់​ចំពោះ​អ្វី​ដែល​គេ​មាន​ តែ​ខ្លួន​​ឯង​មិន​មាន​​ ដូច​ជា​ការ​ដែល​ឃើញ​អ្នកដ៏ទៃ​ទទួល​បាន​ជោគជ័យ​ មាន​ស្នាដៃ​ ឬ​មាន​លក្ខណៈ​ល្អ​ប្រសើរ​លើ​ចំណុច​ណា​មួយ​ជា​ដើម​ ។​ ការច្រណែន​នេះ​កើតឡើង​ពី​ការគិត​ក្នុង​ចិត្ត​ ឬ​អារម្មណ៍​ផ្ទាល់​របស់​បុគ្គល​ដែល​មិន​មាន​ការ​គ្រប់គ្រង​បាន​ល្អប្រសើរ​។ ​ តើ​អ្នក​គួរ​ធ្វើ​ដូចម្តេច​នូវ​ពេល​ដែល​មាន​អារម្មណ៍​តូចចិត្ត​ ឬ​ច្រណែន​កើត​ឡើង​ ? ប្រសិន​បើ​អ្នក​ទទួល​អារម្មណ៍​ថា​ សុភមង្គល ភាព​សុខសាន្ត​ ភាព​រីករាយ​កំពុង​តែ​ធ្វើ​ដំណើរ​ចាកចេញ​ពី​អ្នក​ ដោយ​សារ​តែ​ការ​ច្រណែន​ឈ្នានីស​របស់​អ្នក​ចំពោះ​អ្នកដទៃ​នោះ ​ចូរ​បន្ត​អាន​នូវ​គន្លឹះ​មួយ​ចំនួន​ខាងក្រោម​ ជា​វិធី​សាស្រ្ត​ជួយ​លុប​បំបាត់​ភាព​ច្រណែន​ឈ្នានីស​ និង​បង្កើនភាព​រីករាយ​របស់​អ្នក​ត្រលប់​មក​វិញ​ ៖​
១. បង្កើតភាពឯករាជ្យផ្ទាល់ខ្លួនៈ ចូរ​ផ្តោត​អារម្មណ៍ និង​គិត​ដល់​អ្វី​ដែល​មាន​ភាព​វិជ្ជមាន​សម្រាប់​ជីវិត​របស់​អ្នក ។​ កុំ​ព្យាយាម​គិត​ដល់​អ្វី​ដែល​អ្នក​មិន​មាន​ដូច​គេ ។​​ សិក្សា​និង​ស្វែង​យល់​ពី​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់​ និង​ស្វែង​រក​នូវ​ទេពកោសល្យ​ដែល​អ្នក​ពិត​ជា​មា​ន​ ព្រោះ​ច្បាស់​ណាស់​ថា មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​មាន​បុគ្គលិកលក្ខណៈ​ពិសេស​ដោយ​ឡែក​ៗ​ពី​គ្នា​ ។ ចូរ​គិត​ពី​បញ្ហា​នេះ ហើយ​ឈប់​ព្យាយាម​ស្រម៉ៃ ឬ​ប្រាថ្នា​ចង់​បាន​នូវ​អ្វី​ដែល​អ្នកដទៃ​កំពុង​មាន ហើយ​អ្នក​មិន​មាន ព្រោះ​ថា​អ្វី​ដែល​អ្នក​ស្រលាញ់ ​អ្វី​ដែល​អ្នក​កំពុង​តែ​ចង់​បាន​បំផុត​នោះ ​នឹង​ជា​របស់​តែ​ម្យ៉ាង​ដែល​អ្នក​ដទៃ​ក៏​ស្រលាញ់ ​និង​ចង់​រក្សា​ទុក​ដូច​ជា​អ្នក​កំពុង​គិត​ដែរ​ ។
២.បង្កើនទំនុកចិត្តចំពោះខ្លួនឯងៈ ការ​ច្រណែន​ជា​សញ្ញា​មួយ​បង្ហាញ​យ៉ាង​ច្បាស់​ថា អ្នក​ជា​មនុស្ស​ម្នាក់​ដែល​មិន​បាន​ឲ្យ​តម្លៃ​ខ្លួន ហើយ​ក៏​មិន​គោរព​ខ្លួន​​ឯង​ ។ ជា​រឿង​មួយ​ដែល​សាមញ្ញ​បំផុត ដោយ​អ្នក​ចាប់ផ្តើម​បង្កើត​នូវ​ម៉ូឌ​សក់​ដ៏​ថ្មី​ស្រឡាង​មួយ​សម្រាប់​ខ្លួន​ឯង អ្នក​ក៏​អាច​បង្កើត​នូវ​ទំនុក​ចិត្ត​បាន​យ៉ាង​ល្អ​ប្រសើរ​ ។ ​បង្កើន​នូវ​ស្នាម​ញញឹម​ និង​គិត​ទៅ​ដល់​អ្វី​ដែល​ខ្លួន​ស្រលាញ់​ចូលចិត្ត​ ។ ខ្ញុំ​គ្មាន​ពាក្យ​អ្វី​នឹង​ថ្លែង​បញ្ជាក់​ថា​តើ​បុគ្គល​ម្នាក់​ៗ ​រួមទាំង​រូប​អ្នក ពិត​ជា​មាន​សារៈ​សំខាន់​ប៉ុណ្ណា​សម្រាប់​ភព​ផែនដី​នេះ​ទេ ​។ រាល់​ពេល​ដែល​អ្នក​សម្លឹង​មើល​នៅ​ក្នុង​កញ្ចក់​ ចូរ​ញញឹម​ និង​ប្រាប់​ខ្លួន​​​ឯង​ថា ​“អស្ចារ្យ​​ ខ្ញុំ​ជា​មនុស្ស​ម្នាក់​អស្ចារ្យ​បំផុត​ គឺ​​គ្មាន​នរណា​ម្នាក់​ដែល​មាន​លក្ខណៈ​ពិសេស​ដូចជា​ខ្ញុំនោះ​ទេ​ គឺ​មាន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ ​ហើយ​នេះ​ជា​ការ​ពិត​!
៣. ស្មោះត្រង់ចំពោះខ្លួនឯងៈ ចូរ​ធ្វើ​បញ្ជី​មួយ​ដែល​បង្ហាញ​ពី​អ្វី​ទាំងអស់​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​តូច​ចិត្ត ហើយ​សួរ​ខ្លួន​ឯង​ថា ​តើ​ទាំងអស់​នេះ​ជា​រឿង​កំប៉េក​កំប៉ុក គ្មាន​ប្រយោជន៍ ធ្វើ​ឲ្យ​អ្នក​អាប់​អោន ទទួល​នូវ​ការ​មើលងាយ​ពី​អ្នកដទៃ ឬ​ក៏​ជា​រឿង​ដែល​អ្នក​គិត​ថា​ពិត​ជា​សំខាន់​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​ដោយ​ខាន​មិន​បាន​ ? តើ​អ្នក​ពិត​ជា​មាន​អារម្មណ៍​ច្រណែន​នឹង​អ្នក​ដទៃ​មែន​ឬ​ទេ បើ​មែន ព្រោះ​អ្វី​?
៤​​. បង្កើតទំនាក់ទំនង/ ចំណងមិត្តភាពៈ ប្រសិន​បើ​អ្នក​ច្រណែន​នឹង​ពួក​គេ ចូរ​ត្រលប់​ទៅ​ជា​ការ​ចង​មិត្ត​ភាព​ជាមួយ​ពួក​គេ​ ។ បង្ហាញ​ពី​អារម្មណ៍​ ពី​អ្វី​ដែល​អ្នក​គិត ដល់​ពួក​គេ​ ។ នៅ​ពេល​គេ​ទទួល​បាន​ និង​យល់​ពី​អារម្មណ៍​របស់​អ្នក វា​នឹង​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការ​រក​ដំណោះ​ស្រាយ​សម្រាប់​អ្នក ។ នៅ​ពេល​ដែល​វា​បាន​ក្លាយ​ជា​ចំណង​មិត្តភាព​មួយ​រវាងអ្នក​ និង​ពួកគេ នោះ​ជា​ចំណង​មិត្តភាព​មួយ​ដ៏​រឹងមាំ ​។ ចូរ​ចាំ​ថា ​នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ច្រណែន​ កុំ​ព្យាយាម​បង្កើត​សត្រូវ​នូវ​ពេល​ដែល​ពួក​គេ​កំពុង​ព្យាយាម​ចងមិត្ត​ភាព​ជាមួយ​អ្នក​!
៥. ការច្រណែនជាបទពិសោធន៍ជីវិតៈ បើ​អ្នក​ដឹង​ថា កំពុង​តែ​ច្រណែន​នឹង​នរណា​ម្នាក់​ ចូរ​ក្រឡេក​ត្រលប់​មក​មើល​ខ្លួន​អ្នកសារ​ជា​ថ្មី ​រួច​ធ្វើ​ការ​វាយ​តម្លៃ​លើ​ស្ថាន​ការ​ដែល​អ្នក​បាន​ជួប​ ព្រោះ​ថា​វា​អាច​ក្លាយ​ជា​បទពិសោធន៍​មួយ​ដ៏​អស្ចារ្យ​សម្រាប់​ជីវិត​អ្នក ​។
៦. ស្វែងយល់ពីបុគ្គលដែលអ្នកច្រណែនៈ ចាប់​ផ្តើម​សិក្សា​ស្វែង​យល់​ពី​បុគ្គល​នេះ ​តើ​អ្វី​ខ្លះ​ជា​ចំនុច​ល្អ និង​ជា​ចំនុច​អាក្រក់​របស់​គេ​ ? តើ​ពួក​គេ​មាន​សមត្ថភាព​ និង​លទ្ធភាព​អ្វី​ខ្លះ ដែល​អ្នក​គួរ​តែ​មាន​ដូច​គេ​ ? ប្រសិន​បើ​គេ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​អ្នក​មែន ចូរ​រៀន​ពី​ពួក​គេ​ប្រសើរ​ជាង​ ច្រណែន​នឹង​ពួកគេ​។ បញ្ឈប់​ការ​ច្រណែន​របស់​អ្នក ហើយ​ទទួល​ស្គាល់​ពី​អ្វី​ដែល​គេ​មាន​ ។ កុំ​ធ្វើ​ខ្លួន​អ្នក​ឲ្យ​ក្លាយ​ជា​ជន​រង​គ្រោះ​ដោយ​សារ​តែ​ការ​ច្រណែន​ឈ្នានីស​ ។
៧. មិត្តភក្ក ឬហ្វេសប៊ុកៈ​ បង្ហាញ​ពី​អារម្មណ៍​របស់​អ្នក​ទៅ​មិត្ត​ភក្ក​ដោយ​ផ្ទាល់ ឬ​តាម​ហ្វេសប៊ុក​អាច​ជា​គំនិត​ដ៏​ល្អ​ធ្វើ​ឲ្យ​អ្នក​ស្ងប់​អារម្មណ៍ ​និង​មាន​អារម្មណ៍​ល្អ​ប្រសើរ​ឡើង​វិញ​។

No comments: