Wednesday, September 18, 2013

ឧបសគ្គ និងការងារ

20តើយើងត្រូវឆ្លងកាត់ នូវឧបសគ្គក្នុងជីវិតបានដោយវិធីណា?
មនុស្សយើង សុទ្ធតែមានការពិសោធន៏ផ្សេងៗអំពីគ្នា តែដោយច្រើន​​អ្នកដែល​​​អាចឆ្លង​កាត់​ព្យុះ​​ជីវិត​បាន​ដោយ​ជោគ​ជ័យ គឺអ្នកដែល​មាន​ការយល់​ដឹង​ច្រើន រួមផ្សំជា​មួយ​នឹង​សេចក្ដី​អត់ធន់​ព្យាយាមផង។ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់សម្ដែងនូវឥទ្ធិបាទធម៍ គីធម៌​ដែល​ជា​ហេតុ​ញាំង​​ប្រយោជន៏​ឲ្យ​​សម្រេច​មាន​៤​យ៉ាង​គឺ​៖ ១. ឆន្ទៈ សេចក្ដីបំណងក្នុងកិច្ចការងារនោះ ចង់ឲ្យ​ការងារ​នោះ​បាន​សម្រេច​តាម​បំណង​ប្រាថ្នា​។​
ក្នុងការធ្វើទាន បំណងក្នុងការរក្សាសីល​បំណងក្នុងការ​ប្រកប​មុខ​របរ​ដែល​ប្រាស​ចាក​ទោស​ ​បំណង​ប្រកប​កិច្ចការ​ឲ្យ​បាន​ជា​ប្រយោជន៏​ដល់​ខ្លួនឯង​និង​អ្នក​ដទៃ​ជាដើម​ សុទ្ធ​តែ​ជា​បំណង​ល្អដែល​គួរ​បណ្ដុះ​តទៅ​ទៀត​។​
ការងារគ្រប់យ៉ាង មិនចាំបាច់ដល់ទៅការងារធ្ងន់ ឬ លំបាកធ្វើទេ សូម្បីការងារស្រាលៗ បើខ្វះឆន្ទៈហើយគឺមិនអាចធ្វើកើតឡើយ។
២. វិរិយៈ  សេចក្ដីព្យាយាម ក្នុងការបំពេញកិច្ចការនោះៗ ឲ្យបាន​សម្រេច។​
ការងារគ្រប់បែបយ៉ាង បើមិនមានសេចក្ដីព្យាយាមទេសូម្បីបានមក​ដល់ដៃ​ហើយ​ក៏ដោយ ក៏អាច​បាត់បង់ទៅវិញបានដែរ ហើយជីវិតក៏​នឹងដើរ​ថយ​ក្រោយ ​គ្មានជំហាន​ឈាន​ទៅរក​សេចក្ដី​ចម្រើន​រុង​រឿង ​មិនអាចដក​ខ្លួនចាក​រណ្ដៅទុក្ខបានឡើយ។
វិរិយៈ គឺសេចក្ដីព្យាយាមនេះ អាចកម្ចាត់បង់នូវ កោសជ្ជៈគឺ​សេចក្ដីខ្ជិល​ច្រអូស ៦យ៉ាងគឺ៖
     ក. ខ្ជិលច្រអូសព្រោះគិតអាងថា ក្ដៅពេក
     ខ. ខ្ជិលច្រអូសព្រោះគិតអាងថា ត្រជាក់ពេក
     គ. ខ្ជិលច្រអូសព្រោះគិតអាងថា ព្រឹកពេក
     ឃ.ខ្ជិលច្រអូសព្រោះគិតអាងថា ល្ងាចពេក
     ង. ខ្ជិលច្រអូសព្រោះគិតអាងថា ឃ្លានពេក
     ច. ខ្ជិលច្រអូសព្រោះគិតអាងថា ឆ្អែតពេក
មនុស្សកម្ជិល តែងអាងលេស ៦យ៉ាងនេះឯង ម្ល៉ោះហើយ ការងាររបស់គេ មិន​ដែល​សម្រេច​បាន​ដោយ​ល្អទេ គឹតែងតែខ្វះមុខខ្វះក្រោយជានិច្ច បើ​ជា​អ្នក​​ធ្វើការងារ​ក្នុង​ក្រសួង​​មន្ទីរនានា តែង​ត្រូវចៅហ្វាយនាយស្ដីបន្ទោស​​ជា​រឿយ​ៗ ព្រោះហេតុតែគេទៅធ្វើការ​មិនទាន់​ពេលវេលា រហូត​អាចគេ​បញ្ឈប់​ពី​ការងារក៏សឹងមាន។សេចក្ដីព្យាយាម មិនមែនអាចឆ្លងកាត់បានត្រឹមតែ​ការងារចិញ្ចឹម​ជីវិត​ប៉ុណ្ណោះ​​ទេ សូម្បី​បដិបទា​ជាដំណើរចេញចាកអំពីសង្សាទុកនេះ ក៏រមែង​សំរេច​​​បានដោយ​សេចក្ដី​ព្យាយាម​ដែរ ព្រោះ​ហេតុដូច្នោះ ទើបព្រះមាន​ព្រះ​ភាគ​​ទ្រង់ត្រាស់ទុកក្នុងអាឡវកសូត្រថា “ វិរិយេន  ទុក្ខមច្ចេតិ សត្វឆ្លងនូវ​អន្លង់​ទុក្ខ​បានដោយសេចក្ដីព្យាយាម” ។ ៣. ចិត្តៈ ការយកចិត្តទុកដាក់ក្នុងការងារនោះៗ។
ការងារមួយចំនួន សូម្បីស្ទាត់ជំនាញហើយក៏ដោយបើផ្ចិតផ្ចង់ ធ្វើដោយ​ប្រថុយ​​ប្រថាន​ការងារ​​នោះ​ក៏ទៅជារយីករយាក យកជាការមិនបាន ដោយ​ហោច​ទៅសូម្បី​ការ​ស្ដាប់ព្រះធម៌​បើមិនមាន​សមាធិ មិនមានការតាំងចិត្ត ស្ដាប់​ដោយល្អ ប្រាកដជាដូចចាក់​ទឹកលើក្បាល​ទា​មិន​ខាន។
៤. វីមំសា គឹបញ្ញាដែលពិចារណាឃើញក្នុងការងារនោះៗ ថាធ្វើ​យ៉ាង​ណាការងារនោះ​អន់​ថយ​ ធ្វើយ៉ាងណា ការងារនោះបាន រីក​ចម្រើន។
ការងារគ្រប់បែបយ៉ាង មិនមែនសម្រេចបាន​ដោយគ្រាន់តែមាន​កម្លាំងបាយ​ទេ ​គឺទាល់​តែ​មាន​ប្រាជ្ញាឆ្លាតវៀងវៃផងទើបសម្រេចបានដោយល្អ ដូច​បុរាណ​​ពោលថា “ ចេះដប់ពុំ​ស្មើនឹង​ប្រសប់​មួយ”។
ធម៌ទាំង៤ ប្រការនេះ ក្នុងមាតិកានីមួយៗ សុទ្ធតែ ដាស់តឿន​សត្វលោក​គ្រប់​គ្នា ​ឲ្យផ្ដើម​សាង​គុណធម៌​ ដោយមិនឲ្យកោតញញើត​ចំពោះឧបសគ្គ​នានា​ក្នុង​ជីវិតឡើយ។
ដើម្បីបេះនូវផ្កាឈូកដែលដុះក្នុងស្រះ យើងមិនខានពីការប្រឡាក់ភក់ឡើយ តែពេលដែលយើងបេះបានផ្កាឈូកហើយ យើងនឹងឡើងផុតពី​ស្រះលាង​ជម្រះ​​កាយ​ ឲ្យស្អាតរួចប្រើប្រាស់ផ្កាឈូកនោះទៅតាមចំណង់ យ៉ាងណាមិញ​គោលដៅនៃជីវិតគឺសេចក្ដីសុខ ដែល យើងកំពុងតែឈានទៅរក​នោះក៏ដូច​ក៏​ដូច្នោះ​ដែរ យើងត្រូវតែអត់ធ្មត់ចំពោះភក់ជ្រាំគឺឧបសគ្គផ្សេងៗ ដូចជាពាក្យ​សម្ដី​ចាក់ដោត​បញ្ឈឺចិត្តរបស់ពួកមនុស្សមាត់ដាចជាដើម។
     ផ្កាឈូកតែងដុះក្នុងបឹងភក់   លាយដោយទឹកល្អក់ជាធម្មតា
តែពេលឈូកលូតផុតជលសា   ក៏ក្លាយជាផ្កាមានស្មើ។

No comments: