Wednesday, September 18, 2013

តើអ្វីទៅជាការញុះញង់? ​

   ​ ការ​​​ញុះ​ញង់​ តាមន័យ​ធម្មតា ជាការ​បញ្ចូល​ចិត្ត​ឲ្យ​អ្នកណាម្នាក់​ធ្វើ​អ្វីមួយ ដើម្បី​ឲ្យ​បានសំរេច​គោលបំណង​ដែល​ខ្លួន​ចង់បាន ជាទូទៅ​ជា​គោលបំណង​អាក្រក់​។​
​ក្នុងន័យ​ច្បាប់ ការ​ញុះញង់ គឺជា​ការផ្តើមគំនិត​ឲ្យ​អ្នក​ណាមួយ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ ឬ បទមជ្ឈិម​។ ដូច្នេះ អ្នក​ញុះញង់​មិន​ប្រព្រឹត្តិ​បទល្មើស​នោះ​ដោយ​ខ្លួនឯង​ទេ តែ​គាត់​ជា​ម្ចាស់​គំនិត ម្ចាស់​ប្រាជ្ញា​នៅក្នុង​ការប្រព្រឹត្ត​បទល្មើស​នេះ​។ គេ​ហៅ​អ្នក​ញុះញង់​ថា​ជា​”​ចារី​ខាង​បញ្ញា​” រីឯ​អ្នកប្រព្រឹត្ត​ជា​”​ចារី​ខាង​អំពើ​”​។ ក្នុង​ប្រព័ន្ធ​ច្បាប់​បារាំង ក៏ដូចជា​ប្រព័ន្ធ​ច្បាប់​ខ្មែរ គេ​ចាត់ទុក​អ្នក​ញុះញង់​ជា​អ្នកសមគំនិត មិនមែនជា​ចារី​ទេ​។​
​ដោយសារ​បទល្មើស​ព្រហ្មទណ្ឌ​ទាមទារ​ឲ្យ​មាន​អំពើ​(​ ធាតុ​ផ្សំ​សត្យានុម័ត​) ហើយ​អ្នក​ញុះញង់​មិនបាន​ប្រព្រឹត្ត​អំពើ​ដោយផ្ទាល់ ដូច្នេះ គេ​មិនអាច​ចាត់ទុក​អ្នក​ញុះញង់​ជា​ជន​ប្រព្រឹត្ត​បទល្មើស​ទេ ក៏ប៉ុន្តែ ច្បាប់​ចាប់​ឲ្យ​អ្នក​ញុះញង់​ទទួលខុសត្រូវ​ដូចជា​ជន​ប្រព្រឹត្ត​ដែរ​។ មានន័យថា បើ​ជន​ប្រព្រឹត្ត​មានទោស អ្នក​ញុះញង់​ក៏មាន​ទោស​ដែរ​។
​ឧទាហរណ៍ បើ ក ញុះញង់​ឲ្យ ខ ទៅ​ប្លន់​ទ្រព្យសម្បត្តិ​អ្នកដទៃ បើ ខ ប្លន់​បាន នោះ ក ក៏​ទទួលខុសត្រូវ​ខាង​បទ​ព្រហ្មទណ្ឌ​ដូច ខ ដែរ​។​
​ ឧ​ទា​រហ​រណ៍​មួយទៀត បើ ក ញុះញង់​ឲ្យ ខ ទៅ​កាប់​ព្រៃឈើ​ក្នុងព្រៃ​ការពារ តែ ខ មិនបាន​ទៅ​កាប់ នោះ ក ក៏​គ្មាន​ទោស​អ្វី​ដែរ ព្រោះ ខ គ្មាន​ទោស​ពីបទ​កាប់​ព្រៃ​ខុសច្បាប់​។​
​ឧទាហរណ៍​មួយទៀត បើ ក ផ្តើមគំនិត​ឲ្យ ខ ទៅធ្វើ​បាតុកម្ម​ទាមទារ​តម្លើង​ប្រាក់ខែ ខ បាន​នាំ​បាតុករ​ដទៃទៀត​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​តាម​ការណែនាំ​របស់ ក នោះ ក គ្មាន​ទទួលខុសត្រូវ​ពីបទ​ល្មើស​អ្វី​ទេ ព្រោះថា​ការធ្វើ​បាតុកម្ម​មិនមែនជា​បទល្មើស​ព្រហ្មទណ្ឌ​អ្វី​ទាំងអស់​។​

​និយមន័យ​នៃ​ការ​ផ្តើមគំនិតដើម្បីញុះញង់ឲ្យប្រព្រឹត្តបទល្មើស​ដែលមានចែងនៅក្នុង​ក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា​
​មាត្រា ២៨៖ និយមន័យនៃអ្នកផ្តើមគំនិត​
ត្រូវ​ចាត់ទុកជា​អ្នកផ្តើមគំនិត​ក្នុង​បទឧក្រិដ្ឋ​ឬ បទមជ្ឈិម ចំពោះ​បុគ្គល​ណា​ដែល ៖
១.​    ​ជំរុញ​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ បទ​ប​ជ្ឈិ​ម​តាម​ការណែនាំ ឬ ការបញ្ជា​។​
២. ​    ​បង្ក​ឲ្យ​មាន​បទឧក្រិដ្ឋ ឬ បទមជ្ឈិម​នោះ ដោយ​ផ្តល់​អំណោយ ដោយ​ការសន្យា ឬ​ការគំរាមកំហែង ការ​ញុះញង់ ការ​លួងលោម  ឬក៏​ដោយ​ការរំលោភ​អាជ្ញា ឬ អំណាច​របស់ខ្លួន​។​
​អ្នកផ្តើមគំនិត​នឹងត្រូវ​អាច​ផ្តន្ទាទោស​បាន​លុះត្រាតែ​បទឧក្រិដ្ឋ ឬ បទមជ្ឈិម​ត្រូវបាន​សម្រេច ឬ ប៉ុនប៉ង​។​
​អ្នកផ្តើមគំនិត​បទឧក្រិដ្ឋ​ឬ​បទមជ្ឈិម​ត្រូវ​ផ្តន្ទាទោស​ដូចគ្នា​នឹង​ចារី​ដែរ​៕
តប ​តាម​មាត្រា​២៨​ខាង​លើបាន​បញ្ជាក់​ថា​ អ្នក​ផ្តើម​គំ​និត​ ​គឺ​ជា​ម្ចាស់​ប្រាជ្ញា​ ​ម្ចាស់​គំ​និត​ដែលញុះញង់ឲ្យ​អ្នក​ដទៃ​ប្រព្រឹត្ត​បទ​ល្មើស​ ហើយ​អ្នក​ផ្តើម​គំនិត​​ប្រាប់​​ទៅ​អ្នក​ប្រព្រឹត្ត​ជា​សម្ងាត់​ពោល​គឺ​គ្មាន​អ្នក​ណា​ក្រៅ​ពី​ជន​ប្រព្រឹត្ត​បាន​​ដឹង​ទេ​។​
និយមន័យនៃអំពើញុះញង់
មាត្រា៤៩៤​៖ លក្ខណ្ឌអត្ថិភាពនៃការញុះញង់ ដើម្បើអនុវត្តផ្នែកនេះ ការញុះញង់អាចត្រូវផ្តន្ទាទោស កាលបើអំពើនេះត្រូវបានប្រព្រឹត្ត៖
១. ដោយសម្ដីតាមប្រភេទណាក៏ដោយ ដែលប្រកាសនៅតាមទីកន្លែងសាធារណៈ​ ឬនៅក្នុងពេលប្រជុំជាសាធារណៈ។
២. ដោយសំណេរ ឬគំនូរតាមប្រភេទណាក៏ដោយ ដែលត្រូវផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជន ឬ តាំងឲ្យសាធារណជនមើល។
៣. ដោយគ្រប់មធ្យោបាយទូរគមនាគន៍សោតទស្សន៍សម្រាប់សាធារណជន៕
តាមន័យច្បាប់នៃមាត្រា៤៩៤ខាងលើបានបញ្ជាក់ថា អំពើនៃការញុះញង់គឺជាការផ្តើមគំនិតឳ្យអ្នកណាម្នាក់ ឬច្រើននាក់ប្រព្រឹត្តបទល្មើស ព្រហ្មទណ្ឌណាមួយ។ ដូច្នេះអ្នកញុះញង់មិនបានចូលរួមប្រព្រឹត្តបទល្មើសដោយខ្លួនឯងផ្ទាល់ដៃទេ​ តែគាត់គ្រាន់តែជាម្ចាល់គំនិត ម្ចាស់ប្រាជ្ញា ដែលផ្តល់ ឬបង្គាប់បញ្ជាដល់អ្នកដទៃឳ្យប្រព្រឹត្តបទល្មើសប៉ុណ្ណោះ ហើយ​អ្នក​ញុះញង់​ប្រើប្រាស់​តាម​គ្រប់​មធ្យោយ​បាយ​ទាំង​ អស់ដែលមានចែងក្នុងមាត្រ៤៩៤ ខាងលើ ពោលគឺជាសាធារណៈមិនលាក់លៀមចំពោះអ្នកណាទេ។ និយាយជារួម អ្នកផ្តើមគំនិត​(មាត្រា២៨) និង លក្ខណ្ឌអត្ថិភាពនៃការញុះញង់​ (មាត្រា៤៩៤) ត្រូវចាត់ទុកជាអំពើញុះញង់ដូចគ្នា​ ភាពខុសគ្នាត្រង់ថា អ្នកផ្តើមគំនិត(មាត្រ២៨) ធ្វើសម្មភាពដោយសង្ងាត់ ចំណែកឯលក្ខណ្ឌអត្ថិភាពនៃការញុះញង់(មាត្រា៤៩៤)សម្តែង​ចេញ​ជា​សាធារណៈ​៕

​តើ​មាន​កត្តា​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ទទួលខុសត្រូវ​ពីរ​ការ​ញុះញង់​?
​ យោងតាម​មាត្រា ២៨ និង​ មាត្រា៤៩៤ ខាងលើ ដើម្បី​ឲ្យ​មនុស្ស​ម្នាក់​ទទួលខុសត្រូវ​ពី​កា​រញុះ​ញ​ង់ ត្រូវមាន​កត្តាចាំបាច់​ជាមុន និង កត្តា​បន្ទាប់​។​
​កត្តាចាំបាច់​ជាមុន​ ៖ មុននឹង​បែរមុខ​ឆ្ពោះទៅរក​អ្នក​ញុះញង់ គេ​ត្រូវ​រក​ឲ្យ​ឃើញ​អ្នកប្រព្រឹត្ត​ផ្ទាល់​សិន មានន័យថា (១) តើ​អ្នកប្រព្រឹត្ត​បទល្មើស​បាន​ប្រព្រឹត្ត ឬ ប៉ុនប៉ង​ប្រព្រឹត្ត​ដែរឬទេ (២) ប្រព្រឹត្ត​បទល្មើស​អ្វី និង (៣) បទល្មើស​ដែល​ចោទឡើង​នោះ​មានចែង​នៅក្នុង​ច្បាប់​ដែរឬទេ​។ ឧទាហរណ៍ មុននឹង​ចោទ​លោក ក ជា​អ្នក​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​បំផ្លាញ​ព្រៃឈើ គេ​ត្រូវ​ដឹង​ឲ្យ​ប្រាកដ​ជាមុន​ថា  (១) មាន​មនុស្ស​បាន​កាប់​ព្រៃឈើ​ដែរឬទេ ឬ​ដើមឈើ​នោះ​រលំ​ខ្លួនឯង (២) បើ​មាន តើ​ឈើ​នោះ​ជា​ឈើ​ដែល​ត្រូវ​ហាមឃាត់ ឬ​ជា​ឈើ​ដែល​អនុញ្ញាត​ឲ្យ​យក​ប្រើ​ជា​អនុផល​ព្រៃឈើ និង (៣) បើជា​ឈើ​ត្រូវ​ហាមឃាត់ តើ​មាត្រា​ណា​នៃ​ច្បាប់​ណា​ដែល​ហាមឃាត់​។ កត្តាចាំបាច់​ជាមុន​នេះ ជា​កត្តា​នីត្យានុកូល​។​
​កត្តា​បន្ទាប់​៖ គេ​ត្រូវ​កំណត់​ពី​ទំនាក់ទំនង​រវាង​អ្នកប្រព្រឹត្ត​ផ្ទាល់ និង អ្នក​ដែល​គេ​ចោទថា​បាន​ញុះញង់​។ តើ​មនុស្ស​ដែល​ត្រូវបាន​ចោទថា​ញុះញង់​នោះ បានធ្វើ​អ្វីខ្លះ​ដល់​អ្នកប្រព្រឹត្ត​ផ្ទាល់ ទាក់ទង​នឹង​ការប្រព្រឹត្ត​ផ្ទាល់​នោះ​?​។ ឧទាហរណ៍ ក ជា​មនុស្ស​ដែល​គេ​ចោទថា​បាន​ញុះញង់​ឲ្យ ខ កាប់​ព្រៃឈើ​ហាមឃាត់​។ សំណួរ​ត្រូវ​សួរថា តើ ខ ដែល​កាប់​ព្រៃឈើ​ហាមឃាត់​នោះ (១) គាត់​កាប់​ដោយសារ ក ញ៉ាំង​គាត់​ឲ្យ​ទៅ​កាប់ ឬ (២) គាត់​ស្តាប់​ពាក្យ​របស់ ក មិន​យល់​ហើយក៏​ទៅ​កាប់ ឬ (៣) គាត់​កាប់​ដោយ​ចិត្ត​ឯង​?​។ ខ ត្រូវតែ​បាន​រង​អំពើ​ញុះញង់​មួយ​ពី ក ។


​តើ​អំពើ​អ្វីខ្លះ​ដែល​ហៅថា​ញុះញង់​?

​តាម​មាត្រា ២៨ ខាងលើ មាន​អំពើ​ពីរ​ដែល​ចាត់ទុក​ជាការ​ញុះញង់​៖
១.​    ​ការណែនាំ (​បារាំង​ហៅថា Instruction)
២.​    ​ការបង្ក (​បារាំង​ហៅថា Provocation)


    ១.​    ​ការណែនាំ​
​ អ្នក​ដែល​ត្រូវ​ចោទថា​បាន​ញុះញង់​នោះបាន​ឲ្យ​ការណែនាំ ឬ បាន​បញ្ជា​ដល់​អ្នកប្រព្រឹត្ត​ផ្ទាល់​។ អ្នកនេះ​ជា​អ្នកផ្តល់​ពត៌មាន​ដល់​អ្នកប្រព្រឹត្ត​ផ្ទាល់​ដូចជា ពី​របៀប​ប្រព្រឹត្ត ពី   ពត៌មាន​នៃ​គោលដៅ​ដែលជា​កម្មវត្ថុ​នៃ​ការប្រព្រឹត្ត​(​ឧទាហរណ៍ ក្នុងករណី​លួច ប្រាប់​ពី​កន្លែង​ទុក​របស់ ម្ចាស់​ចេញពីផ្ទះ​នៅ​ម៉ោង​ប៉ុន្មាន​) និយាយ​រួម​អ្នកនោះ​ប្រាប់​ពី​ពត៌មាន​ដើម្បី​សំរួល​ដល់​ការប្រព្រឹត្ត​ផ្ទាល់ ​នោះ​។ និយាយ​រួម​អ្នក​ញុះញង់​ដោយ​ការណែនាំ គឺជា​មេ​ប្រាជ្ញា ជា​អ្នកផ្តល់​ប្រាជ្ញា​ឲ្យ​អ្នកប្រព្រឹត្ត​ផ្ទាល់​ឬ​ចារី​អាច​ប្រព្រឹត្ត​ បទល្មើស​មួយ​បាន​។​


    ២.​    ​ការបង្ក

​ ដើម្បី​ឲ្យ​ការ​ញុះញង់​ដោយ​ការបង្ក​រង​ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ ការបង្ក​នោះ​ត្រូវបំពេញ​លក្ខ​ខ័​ណ្ឌ​បី​គឺ (១) ការបង្ក​នោះ​ត្រូវធ្វើ​ដោយផ្ទាល់ មានន័យថា គំនិត​ធ្វើ​បទល្មើស​ត្រូវតែ​បញ្ជា​ក់ដោយ​ច្បាស់​គ្មាន​ព្រលាំ​ដោយ​អ្នកបង្ក (២) ការបង្ក​ត្រូវតែមាន​លក្ខណៈ​ជា​ឯក​ត្ត​ភូត មានន័យថា​សំដៅ​ទៅលើ​បុគ្គល​ណា​ជាក់លាក់ មិនមែន​បង្ក​មនុស្ស​ទូទៅ​មិនដឹង​មុខ​នោះទេ និង (៣) ការបង្ក​ត្រូវតែមាន​ទម្ងន់​ជម្រុញ តាម​មធ្យោបាយ​ណាមួយ​ដែល​រៀបរាប់​ក្នុង​មាត្រា ២៨.២ ដូចជា  ការផ្តល់​អំណោយ ការសន្យា ការគំរាមកំហែង ការ​ញុះញង់ ការ​លួងលោម  ឬ​ការរំលោភ​អាជ្ញា ឬ អំណាច​។
​ការបង្ក​មិនសូវ​ទាក់ទង​នឹង​ការផ្តល់​គំនិត​ដល់​ជន​ប្រព្រឹត្ត​ ផ្ទាល់​ប៉ុន្មាន​ទេ ប៉ុន្តែ វា​ជាការ​អន្ទង​ចិត្ត ជា​នុយ​សំរាប់​អូសទាញ​ឲ្យ​អ្នកប្រព្រឹត្ត​ផ្ទាល់​មានទឹក​ចិត្តនឹង​ ប្រព្រឹត្ត​។ អំពើ​ទាំងនេះ​មានដូចជា​ផ្តល់​អំណោយ ការសន្យា​នឹង​ឲ្យ​អ្វីមួយ ការ​លួងលោម បើ​ជន​ម្នាក់ទៀត​មិនមាន​ចេតនា​ខ្លួនឯង​ដើម្បី​បង្កើត​ផែនការ​ប្រព្រឹត្ត​ បទល្មើស​មួយ​ទេនោះ​។
​ឧទាហរណ៍ ក ចង់​បំផ្លាញ​ផ្ទះ​លោក ផ តែ​មិន​ហ៊ាន​ចេញមុខ​ធ្វើ​ខ្លួនឯង ក ក៏​បញ្ចុះ   ប​ញ្ជូ​ល​ឲ្យ ខ ទៅ​ដុត​ផ្ទះ​នោះ​ចោល​ដោយ​សន្យាថា​នឹង​ឲ្យ​ប្រាក់​មួយចំនួន ឬក៏​បញ្ជោ ខ ឲ្យ ដុត​។​

​ការបង្ក​ខ្លះទៀត​មាន​លក្ខណៈ​ជាការ​គាបសង្កត់​ផ្លូវចិត្ត ឬ​ផ្លូវកាយ​លើ​អ្នក​ដែល​គ្មាន​គំនិត​ជាមុន​ថា​នឹង​ប្រព្រឹត្ត​បទល្មើស​ណាមួយ ​។ អំពើ​ទាំងនេះ​រួមមាន ការគំរាមកំហែង ការរំលោភ​អាជ្ញា ឬ អំណាច​របស់​អ្នកផ្តើមគំនិត​។​
​ឧទាហរណ៍​នៃ​ការគំរាមកំហែង​មានដូចជា មនុស្ស​ឈ្មោះ ក ទូរស័ព្ទ​ទៅ ខ ហើយ​ប្រាប់ថា ថាបើ​លោក ខ ឈប់​លក់​គ្រឿងញៀន​ឲ្យ​ខ្លួន ខ្លួន​នឹង​សម្លាប់​កូន​របស់ ខ​។ ឧទាហរណ៍​មួយទៀត​ទាក់ទង​នឹង​ការរំលោភ​អំណាច​គឺ លោក ក ជា​ប្រធាន​មន្ទីរ​ដឹកជញ្ជូន​មួយ ហើយ​បាន​ប្រើ​អ្នកបើកបរ​របស់គាត់​ឲ្យ​ដឹកទំនិញ​ដែល​ត្រូវបាន​ចាត់ទុកថា​ជា​ ទំនិញ​ខុសច្បាប់​។ អ្នកបើកបរ​មិន​ហ៊ាន​ប្រកែក ព្រោះ​ខ្លាច​ប្រធាន​បញ្ឈប់​ពី​ការងារ​។ ក្នុងករណីនេះ លោក ក ជា​អ្នកផ្តើមគំនិត​ឲ្យ​ប្រព្រឹត្ត​បទល្មើស ដោយ​បំពាន​អាជ្ញា​ឬ​អំណាច​របស់ខ្លួន ព្រោះ តាមផ្លូវ​ច្បាប់ គាត់​គ្មាន​អំណាច​ប្រើ​បុគ្គលិក​របស់ខ្លួន​ហួស​ពី​រង្វង់​ការងារ​របស់​ ក្រសួង​ទេ​។​

​ខាងលើ​ដែល​បាន​ពោល​មកនេះ​ជាការ​រៀបរាប់​ពី​ អំពើ​ឬ​ទង្វើ​អ្វីខ្លះ​ដែល​ហៅថា​ជា​អំពើ​ញុះញង់​។ ដើម្បី​ឲ្យ​អ្នក​ញុះញង់​ទទួលខុសត្រូវ​ចំពោះ​បទល្មើស​ដែល​ប្រព្រឹត្ត​ដោយ​ មនុស្ស​ម្នាក់ទៀត តើ​អ្នក​ញុះញង់​នោះ​ត្រូវមាន​ចេតនា​ប្រព្រឹត្ត​បទល្មើស​ដែរឬទេ​?

​ អ្នក​ញុះញង់​ត្រូវមាន​ចេតនា តែ​មិនមែន​ចេតនា​ប្រព្រឹត្ត​ទេ តែ​ជា​ចេតនា​ចូលរួម​ក្នុងការ​ប្រព្រឹត្ត​។ នៅក្នុង​បទល្មើស​មួយ​ដែល​បាន​ចោទប្រកាន់ អ្នក​ញុះញង់​មិនបាន​បញ្ចេញ​អំពើ​ជា​សត្យានុម័ត​ណាមួយ​ដែលជា​ធាតុ​ផ្សំ​នៃ​ បទល្មើស​នោះទេ ប៉ុន្តែ​គាត់​បានធ្វើ​សហប្រតិបត្តិការ​ជាមួយនឹង​អ្នកប្រព្រឹត្ត​ផ្ទាល់​។ គាត់​រួមចំណែក​ជា​ចេតនា នៅក្នុង​ការប្រព្រឹត្ត​បទល្មើស​ដែល​ត្រូវ​ចោទប្រកាន់​នោះ​។​

​ នៅក្នុង​ការ​ញុះញង់​ដោយ​ការណែនាំ​ឬ​ការបញ្ជា បើតាម​យុត្តិសាស្ត្រ​បារាំង  ចេតនា​របស់​អ្នក​ញុះញង់​គឺ គាត់​ផ្តល់​”​ការណែនាំ​ក្នុង​គោលបំណង​ឲ្យ​[​មនុស្ស​ម្នាក់ទៀត​]​ធ្វើ​ សកម្មភាព​មួយ​ដែល​ចាត់​ចូល​ជា​បទឧក្រិដ្ឋ​ឬ​មជ្ឈិម​”​។​
​ការធ្វេសប្រហែស ​របស់​លោក ក នៅក្នុង​ការនិយាយស្តី ដោយ​គាត់​និយាយ​ទៅ​លោក ខ ហើយ​លោ​កខ យល់ច្រឡំ​ថា​លោក ក ចង់​មានន័យថា​ឲ្យ​ខ្លួន (​លោក ខ​) ប្រព្រឹត្ត​បទល្មើស​មួយ មិនអាច​ចាត់ទុកថា​គាត់​មាន​ចេតនា​ផ្តល់​ការណែនាំ​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ទេ ​។​
​ឧទាហរណ៍ មនុស្ស​ម្នាក់​បានមក​ខ្ចី​ពូថៅ​ពី​លោក ក ថា​យកទៅ​កាប់​ឧស តែ​ផ្ទុយទៅវិញ មនុស្ស​នោះ​យក​ពូថៅ​នោះ​ទៅ​កាប់​មនុស្ស​ដែល​ខ្លួន​បាន​គុំ​ពីមុនមក​។ ម្ចាស់​ពូថៅ​នេះ​គ្មាន​ចេតនា​ចូលរួម​ក្នុងការ​កាប់​នេះ​ទេ គាត់​មិនដឹងថា​ពូថៅ​នេះ​ត្រូវបាន​គេ​យកទៅ​ប្រើ​ដូច្នេះ​ទេ​។ គាត់​មិនបាន​រួមចំណែក​ដល់​អំពើ​កាប់​នេះ​ទេ​។​
​ដូចគ្នា​នឹង​ការ​ញុះញង់​ ដោយ​ការណែនាំ​ឬ​បញ្ជា​ដែរ ការ​ញុះញង់​ដោយ​ការបង្ក​ទាមទារ​ឲ្យ​មាន​ចេតនា​ចូលរួម​ក្នុងការ​ប្រព្រឹត្ត​ បទល្មើស​។ អ្នកបង្ក​ត្រូវតែ​ដឹងថា អ្វីដែល​ខ្លួន​បង្ក​នោះ នឹង​ជំរុញ​ឬ អន្ទង​ឲ្យ​មនុស្ស​ម្នាក់ទៀត​ប្រព្រឹត្ត​បទល្មើស​។ ការធ្វេសប្រហែស​ក្នុងការ​បញ្ចេញ​គំនិត​ពីបទ​ល្មើស មិន​ចាត់ទុកជា​ចេតនា​ចូលរួម​ក្នុងការ​ប្រព្រឹត្ត​ទេ​។​

​ ធម្មតា​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ពី​មនុស្ស​មួយ​ទៅ​មនុស្ស​មួយទៀត គំនិត​ចេញពី​មនុស្ស​ទីមួយ​ទៅកាន់​មនុស្ស​ទី​ពីរ​មិនមែន​ត្រូវ​បានទទួល​ដូច​ គេ​ផ្តិត​នោះទេ​។ បើ​គំនិត​ដើម​ត្រូវបាន​ក្រ​ឡៃ​ដោយ​អ្នកប្រព្រឹត្ត​ផ្ទាល់ ឬ អ្នកប្រព្រឹត្ត​ផ្ទាល់​យល់​គំនិត​ដើម​មិន​ច្បាស់ ហើយ​យកគំនិត​នោះ​ទៅ​ប្រព្រឹត្ត​បទល្មើស តើ​មនុស្ស​ទីមួយ​ត្រូវ​ទទួលទោស​ដែរឬទេ​?

​ដូច​បានឃើញ​នៅ​ ខាងលើ​ស្រាប់ ចេតនា​របស់​អ្នក​ដែល​ជាប់ចោទ​ពី​ការ​ញុះញង់ ត្រូវ​សំដែង​ដោយ​ការផ្តល់​ជា​ពត៌មាន​សំរាប់​យកទៅ​ប្រព្រឹត្ត​បទល្មើស (​ការ​ញុះញង់​ដោយ​ការណែនាំ​) ឬ​ដោយ​ការបង្ក​តាមរយៈ​មធ្យោបាយ​នានា​ដែល​ប្រើ​ជា​ទម្ងន់​ជំរុញ​ ការប្រព្រឹត្ត​បទល្មើស ដូច្នេះ បើ​គំនិត​ដើម​មិន​មានន័យ​ឲ្យ​ប្រព្រឹត្ត​បទល្មើស តែបើ​អ្នក​ទី​ពីរ​យកគំនិត​នោះ​ទៅប្រើ​ខុស ឬ​យល់​ខុស​គំនិត​ដើម​ដែល​និយាយ​អ​ញ្ចេះ ហើយ​យកទៅអនុវត្ត​ផ្សេង នោះ​មនុស្ស​ទីមួយ​មិន​ជាប់ទាក់ទង​នឹង​ការ​ញុះញង់​ដែល​ត្រូវ​ទទួល​ទណ្ឌកម្ម​ ទេ​។​
​ដើម្បី​ឲ្យ​អ្នកជាប់ចោទ​ពី​ការ​ញុះញង់​ទទួលទោស​បាន ការសំដែង​គំនិត​របស់​ជន​នោះ​ត្រូវតែ​បានធ្វើ​ដោយ​ជាក់ច្បាស់ មិនមែន​ល្វឹងល្វើយ​មិន​ច្បាស់​ថា​ជា​អ្វី​ប្រាកដ​នោះទេ​។ នៅក្នុង​ញុះញង់​ដោយ​ការណែនាំ ការសំដែង​គំនិត​ណែនាំ​ត្រូវតែ​ជាក់ច្បាស់ មាន​លក្ខណៈ​សំរួល​ដល់​ការអនុវត្ត​គំនិត​ដើម្បី​ប្រព្រឹត្ត​បទល្មើស ឬ​មាន​លក្ខណៈ​ឲ្យ​អនុវត្ត​កើត​នូវ​គំនិត​ដើម្បី​ប្រព្រឹត្ត​បទល្មើស​។​
​ ឧទាហរណ៍ នៅក្នុង​រឿងក្តី​នៅ​ប្រទេស​បារាំង ការផ្តល់​ពត៌មាន​ពី​ម៉ោង​ពេល​ជាក់លាក់​ដែល​ម្ចាស់ផ្ទះ​មិន​នៅ ដើម្បី​ឲ្យ​មនុស្ស​ម្នាក់​ចូល​លួច​ផ្ទះ​នោះ ជាការ​ញុះញង់​ដោយ​ការណែនាំ និង​ត្រូវ​ទទួលទោស​។ ប៉ុន្តែ ការណែនាំ​ឲ្យ​ទៅ​សម្លាប់​មនុស្ស​ឈ្មោះ ក តែ​អ្នកប្រព្រឹត្ត​ផ្ទាល់​មិន​ទៅ​សម្លាប់​ឈ្មោះ ក ទេ តែ​បែ​ទៅ​សម្លាប់​ឈ្មោះ ខ ដោយ​ឆន្ទៈ​របស់ខ្លួន​ផ្ទាល់ ការ​នេះ​មិន​នាំ​ឲ្យ​អ្នក​ណែនាំ​ទទួលទោស​ទេ​។


​តើ​ការ​ញុះញង់​ទាមទារ​ឲ្យ​មាន​លទ្ធផល​នៃ​ការ​ញុះញង់​ដែរឬទេ​?

​ ដើម្បី​ដាក់ទោស​អ្នកជាប់ចោទ​ពី​ការ​ញុះញង់​បាន គេ​ត្រូវ​ក្រឡេក​ទៅ​មើល​លទ្ធផល​នៃ​ការប្រព្រឹត្ត​របស់​ជន​ប្រព្រឹត្ត​ផ្ទាល់ ឬ ចារី​។ ចារី​ត្រូវបាន​សម្រេចការ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ ឬ មជ្ឈិម​របស់ខ្លួន ឬ​យ៉ាងហោចណាស់​ក៏បាន​ប៉ុនប៉ង​ប្រព្រឹត្ត​ដែរ​។​
​ ឧទាហរណ៍​នៃ​ការប្រព្រឹត្ត​បទល្មើស​បានសំរេច​មាន​នៅក្នុង​ករណី ដែល​ឈ្មោះ ក បាន​សន្យា​ឲ្យ​រង្វាន់​ជា​ប្រាក់ ៥០០,០០០ រៀល​ដល់​ឈ្មោះ ខ ដើម្បី​ឲ្យ ខ លួច​ដុត​តូប​លក់ទំនិញ​ដែល​នៅ​ជិតខាង​ខ្លួន​។ ខ បាន​ដុត​តូប​នោះ​ឆេះ​អស់​។ ខ បាន​ប្រព្រឹត្ត​សំរេច​នូវ​បទល្មើស​បំផ្លិចបំផ្លាញ ធ្វើ​ឲ្យ​ទ្រុឌទ្រោម និង​ធ្វើ​ឲ្យ​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​អ្នកដទៃ​ស្របតាម​មាត្រា ៤១៣ នៃ​ក្រមព្រហ្មទណ្ឌ​។ ដូច្នេះ ក ត្រូវ​មានទោស​ពីបទ​ញុះញង់ ឬ ផ្តើមគំនិត​ឲ្យ​ប្រព្រឹត្ត​បទល្មើស​មជ្ឈិម​នេះ​។​
​ជួនកាល​ចារី​បាន​ អនុវត្ត​គំនិត​របស់​អ្នក​ញុះញង់ តែ​មិនបាន​សំរេចការ​ប្រព្រឹត្ត​បទល្មើស​ទេ ដោយបាន​ត្រឹម​ប៉ុនប៉ង​។ ឧទាហរណ៍ ដូចជា​ក្នុងករណី​ខាងលើ ខ ត្រូវ​ម្ចាស់​តូប​ឃើញ​ទាន់​មុនពេល​ដក​ដែកកេះ​ដុត​សាំង​ដែល​ខ្លួន​បាន​ចាក់​ ដាក់​តូប​រួចហើយ ហើយ​ម្ចាស់​តូប​ស្រែក​ឡូឡា រួច ក ក៏​រត់គេចខ្លួន​។  ក មានទោស​ពី​ការប៉ុនប៉ង​បំផ្លិចបំផ្លាញ​ទ្រព្យ​អ្នកដទៃ ស្របតាម​មាត្រា ៤២១ នៃ​ក្រមព្រហ្មទណ្ឌ​។ ដូច្នេះ ខ ក៏មាន​ទោស​ពីបទ​ញុះញង់​(​ផ្តើមគំនិត​) ឲ្យ​មានការ​ប៉ុនប៉ង​ប្រព្រឹត្ត​ការបំផ្លិចបំផ្លាញ​ទ្រព្យ​អ្នកដទៃ​ដែរ​។​


​ នៅពេលដែល​ការអនុវត្ត​គំនិត​នៃ​ការ​ញុះញង់ បានត្រឹមតែ​ឲ្យ​ចារី​ត្រៀមលក្ខណៈ​ដើម្បី​ប្រព្រឹត្ត​បទល្មើស​ប៉ុណ្ណោះ តើ​អ្នក​ញុះញង់ ឬ​អ្នកផ្តើមគំនិត​ត្រូវ​មានទោស​ដែរឬទេ​?

​ ក្រមព្រហ្មទណ្ឌ​ដាក់ទោស​អ្នក​ញុះញង់ តែ​ក្នុងករណី​ចារី​ប៉ុនប៉ង​ប្រព្រឹត្ត​តែប៉ុណ្ណោះ តែ​មិន​ដាក់ទោស​ក្នុងករណី​ចារី​ត្រៀម​ប្រព្រឹត្ត​ទេ​។ នេះ​ដោយសារតែ​ច្បាប់​មិន​ដាក់ទោស​ការត្រៀម​ប្រព្រឹត្ត​។ មាត្រា ២៧ កថា​ខ័​ណ្ឌ​ទី ៤ នៃ​ក្រមព្រហ្មទណ្ឌ​ចែងថា​៖


​អំពើ​ត្រៀម​ម​ប្រុង​ដែល​ពុំមាន​គោលបំណង​ដោយផ្ទាល់ ដើម្បី​ប្រព្រឹត្ត​បទល្មើស មិនមែនជា​ការចាប់ផ្តើម​អនុវត្ត​ទេ​។​

​មាត្រា ២៧ ដដែល​ត្រង់​កថា​ខ័​ណ្ឌ​ទី ១ និង ទី ២ ចែងថា​៖

​ ការប៉ុនប៉ង​...​អាច​ត្រូវ​ផ្តន្ទាទោស​បាន​កាលណា​...​ចារី​បានចាប់ផ្តើម​ អនុវត្ត​បទល្មើស មានន័យថា ចារី​បាន​ប្រព្រឹត្ត​អំពើ​ដែលមាន​គោលបំណង​ដោយផ្ទាល់​ដើម្បី​ប្រព្រឹត្ត​ បទល្មើស​...

​ដូច្នេះ ការត្រៀម​បម្រុង ខុសពី​ការប៉ុនប៉ង​។ ការប៉ុនប៉ង​បានធ្វើ​ឲ្យ​គំនិត​នៃ​ការធ្វើ​បទល្មើស​មាន​លក្ខណៈ​ច្បាស់​មិន​ ស្រពិចស្រពិល មានន័យថា លទ្ធផល​និង​អំពើ​នៃ​ការប្រព្រឹត្ត​មាន​ទំនាក់ទំនង​គ្នា​ដោយផ្ទាល់​។​
​ ជាគោលការណ៍​ទូទៅ ការត្រៀម​បម្រុង​មិនគួរ​នឹង​ផ្តន្ទា​ទេ ពីព្រោះ​វា​ដូចជា​លឿន​ពេក​ដែល​ត្រូវ​កំណត់​ពី​ភាពជាក់ស្តែង​នៃ​បទល្មើស មានន័យថា បទល្មើស​នោះ​គ្រាន់​តែមាន​រូបភាព​ស្ទង់ៗ មិនអាច​កំណត់​ជា​រូបរាង​អ្វីមួយ​ឲ្យ​បាន​ច្បាស់​។ ដូច្នេះ ច្បាប់​ផ្តល់​វិមតិសង្ស័យ​ដល់​ការត្រៀម​បម្រុង​។​

​ដើម្បី​ឲ្យ​ មនុស្ស​ម្នាក់​មានទោស​ពីបទ​ប៉ុនប៉ង គាត់​ត្រូវតែមាន​ចេតនា​ប្រព្រឹត្ត​មិនអាច​ដក​ត្រឡប់ក្រោយ​បាន​។ រីឯ​នៅក្នុង​ដំណាក់​ការត្រៀម​បម្រុង គេ​អាច​ដក​ចេតនា​វិញ​បាន ព្រោះ​គេ​អាច​ប្តូរ​ចិត្តបាន​នៅឡើយ​។  ប៉ុន្តែ នៅក្នុង​ការប៉ុនប៉ង ឆន្ទៈ​នឹង​ប្រព្រឹត្ត​បទល្មើស​នៅ​បន្ត​រហូតដល់​មាន​កាលៈទេសៈ​ខាងក្រៅ​ខ្លួន​ មក​បញ្ឈប់​សកម្មភាពរ​បស់​ខ្លួន ឧទាហរណ៍ ដូចជា​ប៉ូលីស​មក​ទាន់​ជាដើម​។​


​ ពេលខ្លះ​គេ​ពិបាក​កំណត់ថា​អ្វី​ជាការ​ប៉ុនប៉ង ដោយសារ​មានការ​កៀក​គ្នា​រវាង​ការត្រៀម​បម្រុង និង ការប៉ុនប៉ង​។ តើ​មាន​វិធាន​ណា​ដែល​ធ្វើ​ឲ្យ​គេ​ញែក​ដាច់​រវាង ការត្រៀម​បម្រុង និង ការប៉ុនប៉ង​ដែរឬទេ​?

​ដូច​បាន​ពោល​ខាងលើ ការប្រព្រឹត្ត​បទល្មើស​ត្រូវ​ឆ្លងកាត់​ដំណាក់​ការ​បី គឺ (១) ការគិត​ធ្វើ (២) ការប្តេជ្ញា​ធ្វើ (៣) ការត្រៀម​បម្រុង (៤) ការអនុវត្ត និង (៥) ការសំរេច​ផែនការ​អនុវត្ត​។​
​ដើម្បី​បែងចែក​ការត្រៀម​បម្រុង​ពី​ ការចាប់ផ្តើម​អនុវត្ត​មាន​តេស្ត​មួយ​ដែល​តុលាការ​យកមកប្រើ​។ តុលាការ​ខ្មែរ​ប្រហែលជា​ត្រូវ​ប្រើ​តេស្ត​”​វិបាក​ដោយផ្ទាល់​” ឬ​”​គោលបំណង​ដោយផ្ទាល់​” ព្រោះ​ក្រមព្រហ្មទណ្ឌ​ខ្មែរ​ចែង​ពី គោលបំណង​ដោយផ្ទាល់​ដើម្បី​ប្រព្រឹត្ត​បទល្មើស​។ ដើម្បី​ងាយ​យល់​ពី​គោល​គំនិត​នេះ យើង​ក្រឡេក​ទៅ​មើល​យុត្តិសាស្ត្រ​បារាំង ថា​តើ  តេស្ត​នេះ​ត្រូវបាន​អនុវត្ត​ដូចម្តេច​។​

​តើ​អ្វី​ទៅ​ដែល​ហៅថា​វិបាក​ដោយផ្ទាល់​?


​ គេ​ត្រូវ​ដឹងថា ការប៉ុនប៉ង​មាន​លក្ខណៈ​សំគាល់​ដោយ​ព្រឹត្តិការណ៍​ដែល​ចារី​បាន​ចូលក្នុង​ ដំណាក់​ការអនុវត្ត​ហើយ​ធ្វើអំពើ​អ្វី​ម្យ៉ាង ដែល​តម្រង់ទិស​ដោយផ្ទាល់​ទៅរក​ការអនុវត្ត​ឲ្យ​បានសំរេច​នូវ​បទល្មើស​ដែល​បាន ​ពោល​នោះ​។  អំពើ​ដែលមាន​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយនឹង​បទល្មើស​គឺជា អំពើ​ទាំងឡាយណា​ដែល​បង្កើត​ការជាប់​ទាក់ទង​គ្នា​រវាង​អំពើ​ទាំងនោះ​និង​ ការប្រព្រឹត្ត​បទល្មើស​ដែល​ត្រូវបាន​ចោទប្រកាន់​។ ឧទាហរណ៍ អំពើ​ភ្ជង់​កាំភ្លើង​ទៅរក​មនុស្ស​ម្នាក់ ដោយ​ដៃ​នៅលើ​កៃ​មាន​ចំណងទាក់ទង​ដោយផ្ទាល់​ជាមួយនឹង​បទល្មើស​សម្លាប់​មនុស្ស​ ។ អំពើ​ដែល​គ្មាន​ចំណងទាក់ទង​ដោយផ្ទាល់​ជាមួយ​បទល្មើស​គឺជា​អំពើ ដែល​អាច​ឬ​មិនអាច​នាំទៅរក​ការប្រព្រឹត្ត​បទល្មើស​ដែល​ត្រូវ​ចោទប្រកាន់ ឧទាហរណ៍ ទិញ​កាំភ្លើង​អាច​មិនមាន​ចំណងទាក់ទង​ដោយផ្ទាល់​ទៅនឹង​ការសម្លាប់​មនុស្ស​។ នៅក្នុង​ដំណាក់​ការត្រៀម ចេតនា​ប្រព្រឹត្ត​បទល្មើស​នៅ​មិនទាន់​លេច​រូបរាង​ច្បាស់លាស់​នៅឡើយ ព្រោះថា បុគ្គល​ដែល​ត្រៀម​បំរុង​នោះ​អាច​លះបង់​គ្រោងការ​ចាស់​របស់ខ្លួន​បាន​។ ច្បាប់​ផ្តល់​វិមតិសង្ស័យ​ដល់​ជន​ដែល​ត្រៀម​បំរុង​។​

No comments: