តើអ្នកមានបានគិតថា ថ្ងៃនេះអ្នកនឹងធ្វើអ្វីខ្លះទេ? ហើយបន្ទាប់មក អ្នកចេះតែមានអារម្មណ៍ខ្លាចថា អ្វីដែលអ្នកចង់ធ្វើ នឹងមិនមានភាពជោគជ័យ។ សូមកុំខ្លាចតទៅទៀត ព្រោះថា អ្វីៗវាស្ថិតនៅលើអ្នក ជាអ្នករៀបចំជីវិតរបស់អ្នក បើសូម្បីតែមួយថ្ងៃនេះក៏ដោយ។
អារម្មណ៍មួយ ដែលធ្វើឲ្យមនុស្សម្នាក់មានភាពស្កប់ ឬពេញចិត្តក្នុងជីវិតនោះ គឺបានមកពីសមត្ថផល ដែលគេបានបំពេញក្នុងពេល ១ ថ្ងៃ។ ដើម្បីឲ្យកិច្ចការទាំងនោះ ទទួលបានជោគជ័យ អ្នកចាំបាច់ត្រូវតែមានវីធីសាស្ត្រ ក្នុងការអនុវត្តន៍វាឲ្យល្អ ៖
១. ភ្ញាក់ពីគេង ជាមួយនឹងអាកប្បកិរិយាវិជ្ជមាន : អ្នកត្រូវតែផ្តល់ហេតុផលដល់ខ្លួនអ្នកថា ហេតុធ្វីបានជាថ្ងៃនេះជាថ្ងៃអស្ចារ្យ។ ប្រហែលជាអ្នកត្រូវទៅទស្សនាសារមន្ទីរ ជាមួយសាលាជួបជុំជាមួយមិត្តភក្តិចាស់ៗ ឬក៏ទៅញ៉ាំអាហារថ្ងៃត្រង់ក្នុងភោជនីយដ្ឋាន ដែលអ្នកពេញចិត្តមួយ។ មិនថាហេតុផលរបស់អ្នកជាអ្វីទេ ប៉ុន្តែវាអាចឲ្យអ្នកមានការប្រមើរមើលមួយដ៏ល្អក្នុងជីវិត ហើយអាចជួយអ្នកឲ្យសម្រេចកិច្ចការបានល្អ។
២. ទទួលទានអាហារទាំងឡាយណា ដែលជំនួយដល់សុខភាព : ក្នុងរយះពេលមួយថ្ងៃ អ្នកត្រូវទទួលទានអាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច។ អាហារទាំងអស់ដែលអ្នកទទួលទាន នឹងមានឥទ្ធិពលដល់រាង្គកាយអ្នក និងស្មារតីរបស់អ្នក។ ដូច្នេះអ្នកត្រូវប្រាកដថា អាហារទាំងនោះ ពិតជាមានប្រយោជន៏សំរាប់សុខភាពអ្នក។
៣. កត់ត្រាពីគោលបំណង ដែលអ្នកត្រូវធ្វើក្នុងពេលមួយថ្ងៃ ឬមួយសប្តាហ៏ : ចាប់ផ្តើមសរសេរពីអ្វី ដែលអ្នកត្រូវធ្វើមុនគេ និងជាបន្តបន្ទាប់ទៀត។ ធ្វើវាឲ្យបានសម្រេចទៅតាមអ្វី ដែលអ្នកបានកត់ត្រា ដើម្បីកាត់បន្ថយការតានតឹង ក្នុងអារម្មណ៏របស់អ្នក។
៤. ធ្វើអំពើល្អទៅលើអ្នកដទៃ : ទោះបីជាការងារតូចតាច ក៏អាចឲ្យអ្នករីករាយ និងអ្នកដទៃរីករាយជាមួយដែរ។ ក្នុងរឿងនេះ អ្នកអាចជួយ អ្នកដែលមិនដែលធ្លាប់ស្គាល់។ ឧទាហរណ៏៖ បើឃើញមនុស្សចាស់គាត់យួររបស់របរច្រើន ហើយធ្ងន់នោះ អ្នកគួរតែជួយយួរគាត់។ វាធ្វើឲ្យអ្នករីករាយ ហើយគាត់ក៏សប្បាយចិត្តដែរ។
៥. ហាត់ប្រាណ : អ្នកអាចហាត់ប្រាណតាមទំរង់ផ្សេងៗ ដែលអ្នកពេញចិត្ត។ បើអ្នករវល់គ្មានពេលទេ អ្នកអាចឆ្លៀតឳកាសណាមួយតិចតួច ឬពេលវេលាខ្លីណាមួយ ដើម្បីអនុវត្តន៏។ កុំទម្លាប់មិនហាត់ប្រាណ វានឹងនាំឲ្យអ្នកមានភាពខ្ជិលច្រអូស។
៦. ធ្វើកិច្ចការផ្ទះ : ធ្វើកិច្ចការដូចជា រៀបចំបន្ទប់គេងឲ្យស្អាត បោកខោអាវ អ៊ុតសំលៀកបំពាក់ ឬជូតឥដ្ឋ។ ធ្វើការងារតូចតាចទាំងនេះ វាធ្វើឲ្យអ្នកមានអារម្មណ៏ថា សម្រេចបានការងារជាច្រើន ដោយចំណាយការហត់នឿយ តែបន្តិចបន្តួចប៉ុណ្ណោះ។
៧. រៀបចំអនាគតរបស់អ្នក : ត្រូវចាប់អារម្មណ៏ពីជីវិតនៅថ្ងៃមុខ តើអ្វីដែលធ្វើឲ្យអ្នកពេញចិត្ត និងប្រាថ្នាចង់បាន។ អ្នកត្រូវរៀបចំដំណើរជីវិតរបស់អ្នក ជាជំហ៊ានៗ ដោយការកត់ត្រាទុក និងអនុវត្តន៏តាមឲ្យបានល្អ នោះវានឹងជួយឲ្យមានអារម្មណ៏ប្រសើរ ជាពិសេសវាធ្វើឲ្យ អ្នកមានទឹកចិត្ត និងឆន្ទះក្នុងការបំពេញកិច្ចការផ្សេងៗ៕
No comments:
Post a Comment