Wednesday, September 18, 2013

វិ​ធី​១១​យ៉ាង​នៃ​ដំណើរ​ជិវិត​ក្នុង​វ័យ​សិក្សា​នៅ​មហា​វិទ្យា​ល័យ


បើ​និយាយ​ពី​ជីវិត​សិក្សា​នៅ​មហា​វិទ្យា​ល័យ​មនុស្ស​ភាគ​ច្រើន​គិត​ថា​វា ​ជា​រឿង​ងាយ​ៗ ​ប្រសិន​បើ​មិន​មក​ប្រលូក​ខ្លួន​ផ្ទាល់​នោះ​អ្នក​មិន​ដឹង​ទេ​ថា​តើ​វា​មាន​ ការ​ពិបាក​យ៉ាង​ណា​នោះ​ ទម្រាំ​រៀន​ចប់​ បួន​ឆ្នាំ ត្រូវ​ប្រឈម​ជា​មួយ​ហេតុ​ការណ៍​ជា​ច្រើន​ដែល​កើត​ឡើង​នៅ​ក្នុង​របង​មហា​ វិទ្យា​ល័យ។​ វិធី​នៃ​ការ​ប្រើ​ជីវិត​រស់​នៅ​ដើម្បី​ឲ្យ​មាន​សេចក្តី​សុខ ជា​រៀង​រហូត​ក្នុង​កំឡុង​ពេល​សិក្សា​នោះ វាក៏​មាន​ច្រើន​បែប​ច្រើន​​យ៉ាង​ផ្សេង​ៗ​គ្នា តែ​ក៏​មិន​ជា​មាន​អ្នក​ចង​ក្រង​ទុក​ជា​ឯក​សារ​ណា​មួយ​នោះ​ដែរ មាន​តែ​ពួក​យើង​ទាំង​អស់​គ្នា​ដែល​ទទួល​បាន​លទ្ធផលសម្រេច​​រួច​ហើយ​​ ក្នុង​ការ​ប្រើ​ជីវិត​រស់​នៅ​យ៉ាង​មាន​សេចក្តី​សុខ​នឹង​ចូល​រួម​ចែក​រំលែក​ ដល់​អ្នកទាំង​អស់​គ្នា​មាន​ដូច​ជា៖
១. សម្រប​ខ្លួន​ឲ្យ​ត្រូវ​នឹង​សង្គម គឺ​ត្រូវ​ព្យាយាម​បើក​ចិត្ត​ឲ្យ​ទូលាយ​ទទួល​យក​នូវ​រឿង​រ៉ាវ​ថ្មីៗ ​ដែល​កំពុង​តែ​ឈាន​ជើង​ចូល​មក​ក្នុង​អនាគតដ៏​ខ្លី​ខាង​មុខ​របស់​ខ្លួន។
២. ចូល​រួម​ការ​ងារ​រួម​របស់​មហា​វិទ្យាល័យ គឺ​បើ​សិន​ជា​មហា​វិទ្យា​ល័យ​រៀប​ចំ​កម្ម​វិធី​អ្វី​មួយ អ្នក​ត្រូវ​ចូល​រួម​មាន​ដូច​ជា​ការ​ធ្វើ​ដំណើរ​ទៅ​បោះ​ជំរំនៅ​តាម​បណ្តា​ ខេត្ត​នា​នា ការ​ជួយ​ការងារ​បរិស្ថាន​ដូច​ជា សម្អាត​ទី​ប្រជុំ​ជន ដាំ​ដើម​ឈើ…ជា​ដើម ដើម្បី​ទទួល​បាន​បទ​ពិសោធន៍។
៣. ត្រូវ​ចេះ​រាប់​អាន​មិត្ត​ភ័ក្ត្រ ការ​រាប់​អាន​ត្រឹម​ត្រូវ​គឺ អ្នក​ត្រូវ​រាប់​អាន​មិត្ត​ដែល​នាំ​ឲ្យ​អ្នក​ដើរ​លើ​ផ្លូវ​​ល្អ អ្នក​ដែល​សង្គម​ភាគ​ច្រើន​រាប់​រក ចេះ​យល់​ពីអ​ធ្យាស្រ័យ​គ្នា​ទៅ​វិញ​​ទៅ​​មក ​ណែនាំ​ក្នុង​ផ្លូវល្អ​ក្នុង​ការ​រៀន​សូត្រ​ ទាំង​នេះ​គឺ​ជា​ការ​រាប់​អាន​មិត្ត​នៅ​ក្នុង​ផ្លូវ​ល្អ។ ត្រូវ​ជៀស​វាង​រាប់​អាន​មិត្ត​ដែល​នាំ​ឲ្យ​យើង​វិនាស​ដូច​ជា នាំ​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ញៀន ផឹក​ស៊ី​អា​វ៉ា​សែ ដើរ​លេង​ប៉ោ​ឡែ ចូរ​កុំ​ទៅ​រាប់​អាន​អ្នក​ទាំង​អស់​នេះ​ជា​ដាច់​ខាត។​ ខ្ញុំ​ធ្លាប់​ឃើញ​មិត្ត​រួម​ថ្នាក់​ជា​មួយ​កាល​ខ្ញុំ​នៅ​រៀន​មហា​​វិទ្យា​ ល័យ ប្រើ​ថ្នាំ​ញៀន ដើរ​លេង​ផឹក​ស៊ី​ ដែល​ពួក​គេ​គិត​ថា​ជា​រឿង​ឡូយ​សង្ហា អស្ចារ្យ សម្រាប់​ពួក​គេ​នៅ​ពេល​នោះ តែ​មក​ដល់​ពេល​នេះ​ពួក​គេ​ពួក​គេ​ខ្លះក៏​ស្លាប់ ខ្លះ​ក៏​មិន​ត្រូវ​បាន​សង្គម​រាប់​រក នេះ​គឺ​ជា​ការ​ពិត។
៤.​ ការ​ចេះ​លើក​លែង​ទោស ចំពោះ​ចំណុច​នេះ​អ្នក​មិន​គួរ​អនុវត្ត​វា​នៅ​លើ​ដែន​កំណត់​ណា​មួយ​នោះ​ទេ ដូច​ជា​អ្នក​អនុវត្ត​ចំពោះ​តែមិត្ត​រួម​ថ្នាក់​ឬ​ មហា​វិទ្យាល័យ​ប៉ុណ្ណោះ​នោះ​ទេ អ្នក​ត្រូវ​អនុវត្ត​ចំពោះ​មនុស្ស​ទូទៅ​ដែល​ធ្វើ​ខុស ដូច​ពាក្យ​ស្លោក​ខ្មែរ​យើង​ពោល​ថា (ពៀរ​រម្ងាប់​ដោយ​​ការ​មិន​ចងពៀរ)។
៥. កុំ​ដើរ​លេង​យប់​ជ្រៅ ជា​ពិសេស​បើ​អ្នក​ជា​និសិ្សត​ស្រី​ក្រមុំ ហើយ​អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ជានិច្ច ព្រោះ​ពេល​ដែល​ព្រះ​អាទិត្យ​លិច​ហើយ​នោះ ពួក​ជន​ខិល​ខូច​ចាប់​ផ្តើម​ចេញ​មក​ព្រោង​ព្រាត ប្រសិន​ជា​ចាំ​បាច់​នោះ​ពេល​អ្នក​ចេញ​ក្រៅ​នៅ​ពេល​យប់ អ្នក​ត្រូវ​នាំ​មិត្ត​ភ័ក្ត្រ​យ៉ាង​តិច​ម្នាក់ទៅ​ជា​មួយ​ផង​ទើប​ជា​ការ​ល្អ។
៦.​ ជ្រើស​រើស​បន្ទប់​ជួល​ឲ្យ​បាន​ល្អ​​ប្រសិន​បើ​អ្នក​ជា​និស្សិត​ស្រី​ក្រមុំ បើ​សិន​ជា​មាន​គួរ​ជ្រើស​រើស​​បន្ទប់​ជួល​ដែល​មាន​សុទ្ធ​តែ​ស្រីៗ​​ជា​ការ​ ល្អ នេះ​ចំពោះ​និសិ្សតស្រីម​ក​ពី​តាម​បណ្តារ​ខេត្ត​ដែល​ជួល​ផ្ទះ​ស្នាក់​នៅ ព្រោះ​ការ​នៅ​លាយ​ឡំ​គ្នា​មាន​ប្រុស​មាន​ស្រី វា​អាច​កើត​ហេតុ​ដែល​អ្នក​មិន​អាច​គិត​នឹក​ស្មាន​ដល់​កើត​ឡើង​មកក៏​អាច​ថា​ បាន​​ដែរ។
៧. ទំនាក់​ទំនង​ល្អ​ជា​មួយ​សាស្ត្រា​ចារ្យ ចូរ​កុំ​គិត​ថា​នៅ​មហា​វិទ្យា​ល័យរា​ប់​អាន​តែ​មិត្ត​ភ័ក្រ្ត ជា​ការ​គ្រប់​គ្រាន់​នោះ អ្នក​ត្រូវ​ទំនាក់​ទំនង​ល្អ​ជា​មួយ​សាស្រ្តា​ចារ្យ ដើម្បី​ជួយ​ផ្តល់​ប្រឹក្សា​ជា​ច្រើន​ដែល​ទាក់​ទង​និង​ការ​រៀន​ និង​ ការ​ស្វែង​រក​ការ​ងារ​នៅ​ថ្ងៃ​ខាង​មុខ។ ប៉ុន្តែ​ចូរ​ប្រយ័ត្ន​ចំពោះ​សាស្ត្រា​ចារ្យ​មួយ​ចំនួន​តូច​ណា​នោះ​ក៏​មាន​ បំណង​អ្វី​មួយ​ផ្សេង​ទៅ​វិញ​ដែរ​( ជាពិសេសចូរ​ប្រយ័ត្ន​បើ​អ្នក​ជា​​និសិ្សត​ស្រី។
៨. មក​រៀន​ឲ្យ​ទៀង​ទាត់​ជា​និច្ច ការ​ដែល​អ្នក​មក​រៀន​មិន​ទៀង​ទាត់​អាច​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ព័ត៌​មាន​មួយ ​ចំនួន ឧទា​ហរណ៍​ដូចជា មិន​បាន​ពិនិត្យ​ឈ្មោះ ក្នុង​បញ្ជីរ ឬ រំលឹក​មេ​រៀន​មុន​ប្រលង​ជាដើម។ល។
៩. គិត​ឲ្យ​បាន​ល្អិត​ល្អន់​មុន​នឹង​អ្នក​ចាប់​ផ្តើម​ធ្វើ​អ្វី​មួយ មិន​ថា​រឿង​រៀន ឬ​ការ​ចូល​រួម​ការ​ងារ​សង្គម អ្នក​ត្រូវ​គិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត មុន​នឹង​ចាប់​ផ្តើម​ប្រតិបត្តិ។
១០.​ រក​ការ​ងារ​ក្រៅ​ម៉ោង​ធ្វើ​ពេល​ដែល​អ្នក​ទំនេរ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​បាន​​ទាំង​ចំណូល​​បន្ថែម​ បាន​ទាំង​បទ​ពិសោធន៍។​ ចូរ​ចាំ​ទុក​ថាប​ទ​ពិសោធន៍​គឺ​មិន​មាន​លក់​នៅ​តាម​ផ្សារ​​នោះ​​ទេ ប្រសិន​ជា​អ្នក​ចង់​បាន​ត្រូវ​ប្រលូក​ជា​មួយ​វា​ដោយ​ខ្លួន​ឯង​ផ្ទាល់​។
១១. ខ្ញុំ​ទើប​នឹក​ឃើញ​វិធី​ចុះ​ក្រោយ​នេះ ហើយ​ក៏​គិត​ថា​ល្អ​សម្រាប់​អ្នក​រាល់​គ្នាបាន​យក​​​ទៅ​​អនុវត្តដែរ។ អ្នក​មាន​ដែល​ធ្លាប់​គិត​ថា​ចាប់​​ផ្តើម​ពី​ថ្ងៃ​ដំបូង​ដែល​អ្នក​ឈាន​ជើង​ ចូល​ក្នុង​របង​មហា​វិទ្យា​ល័យ ហើយ​បើ​អ្នក​សាក​ល្បង​សន្សំ​លុយ​មួយ​ថ្ងៃ ២,០០០រៀល​ រហូត​ដល់​ថ្ងៃ​រៀន​ចប់​មហា​វិទ្យា​ល័យ​បួន​ឆ្នាំ ថ្ងៃចុង​ក្រោយ​ដែល​អ្នក​ដើរ​ចេញ​ពី​មហា​វិទ្យាល័យ អ្នក​មាន​លុយ​សន្សំ​រួច​ហើយ​គឺ​ ២,៩២០,០០០រៀល​នៅ​ក្នុង​ដៃ​របស់​អ្នក ដែល​វា​អាច​ឲ្យ​អ្នក​ចាប់​ផ្តើម​គំនិត​ធ្វើ​អាជីវ​កម្ម​ជា​លក្ខណៈ​ខ្នាត​តូច ​មួយ​បាន។ ហើយ​បើ​​ឧបមាថា​​អ្នក​មាន​លុយ​សន្សំ​មួយ​ថ្ងៃ​១០,០០០រៀល​វិញ ក្នុង​កំឡុង​ពេលបួនឆ្នាំ អ្នក​នឹង​មាន ១៤,៦០០,០០០រៀល​នៅ​ក្នុង​ដៃ​រួច​ជា​ស្រេច។
តើអ្នកយល់យ៉ាងណាដែរចំពោះគំនិតទាំងអស់នេះ?
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជីវិត​រស់​នៅ​ក្នុង​ពេល​រៀន​មហា​វិទ្យា​ល័យ វា​អា​ស្រ័យ​លើ​ការ​សម្រប​ខ្លួន​របស់​អ្នក​ដោយ​ខ្លួន​ឯង ដើម្បី​អនា​គត​អ្នក​ខ្លួន​ឯង។ អ្នក​ត្រូវ​ប្រើ​ពេល​វេលា​ក្នុង​មួយ​ថ្ងៃៗ​របស់​អ្នក​ឲ្យ​អស់​តម្លៃ​របស់​វា សម្រាប់​​ខ្លួន​អ្នក ក្រុម​គ្រួសារ​អ្នក អ្នក​នៅ​ជុំវិញខ្លួនអ្នក និង​សង្គម​របស់​យើង។
ដោយៈ ម៉ាន់ ច្ទ័នឌី
មជ្ឈមណ្ឌល​សិក្សា​តាម​អេឡិចត្រូនិក​កម្ពុជា

No comments: