Wednesday, September 18, 2013

តើ​អាន​សៀវ​ភៅ​របៀប​ណា​ធ្វើ​ឲ្យ​យើង​យល់​និង​ចង​ចាំ​បាន​ល្អ?


វិធី​សាស្រ្ត​នៃ​ការ​ស្វែង​យល់​និង​ចង​ចាំ យើង​គួរ​ជ្រើស​រើស​យក​វិធី​ងាយៗ​ដែល​អ្នក​អាន ​អ្នក​សិក្សា​គ្រប់​គ្នា អាច​យក​វា​មក​ប្រតិ​បត្តិ​បាន​គ្រប់​គ្នា ប៉ុន្តែ​អ្វី​ជា​ចំនុច​សំខាន់​នៃ​ការ​ស្វែង​យល់​និង​ចង​ចាំ​នោះ​ គឺ ការ​ឧស្សា​ព្យា​យាម​ហ្វឹក​ហាត់​តាម​លំដាប់​លំ​ដោយ ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​ទម្លាប់ ហើយ​បន្តរ​អនុវត្ត​វា​ឲ្យ​ក្លាយ​ទៅ​ជា​និស្ស័យ​នៃ​ការ​អាន ហើយ​ការ​អាន​ដើម្បី​ស្វែង​យល់ នេះ​វា​ខុស​ពី​ការ​អាន​ដើម្បី​ទន្ទិញ​ឲ្យ​ចាំ។
ខាង​ក្រោម​នេះ​ជា​វិធី​ដែល​ធ្វើ​ឲ្យ​យើង​យល់​និង​ចង​ចាំ​មេ​រៀន​និង​សៀវ​ភៅ​ផ្សេងៗ​បាន​ល្អ​៖
១. ពេល​ដែល​យើង​អាន​មេ​រៀន​ឬ​សៀវ​ភៅ​ផ្សេងៗ ត្រូវ​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​មិន​មែន​ចេះ​តែ​អាន​ទៅ​ជា​រឿយៗ​នោះ​ទេ គឺ​យើង​ត្រូវ​ឈប់​នូវ​ពេល​ដែល​យើង​អាន​បាន មួយ​ទំព័រ, ពីរ​ទំព័រ ឬ​មួយ​ចំនួន​ណា​នោះ។
២. បន្ទាប់​ពី​អាន​បាន​ខ្លះហើយ​នោះ​យើង​ត្រូវ​បិទ​សៀវ​ភៅ ហើយ​សាក​ល្បង​ពន្យល់​ពី​អ្វី​ដែល​យើង​បាន​អាន​មក​ហើយ​នោះ​ឲ្យ​ខ្លួន​យើង​ ស្តាប់ គឺ​ធ្វើ​ការ​ពន្យល់​នូវ​អ្វី​ដែល​យើង​បាន​យល់​និង​ចាប់​បាន​ពី​ការ​អាន​ទាំង ​នោះ ពេល​ស្តាប់​ហើយ​តើ​យើង​យល់​ទេ ប្រសិន​បើ​យើង​អាច​ពន្យល់​ខ្លួន​យើង​យល់ នោះ​មាន​ន័យ​ថា​យើង​យល់​ ហើយ យើង​អាច​អាន​បន្តរ​ទៀត​បាន។
៣. ប្រសិន​បើ​វគ្គ​ខ្លះ​យើង​អាន​ហើយ ប៉ុន្តែ​មិន​អាច​ពន្យល់​ខ្លួន​យើង​យល់ នោះ​មាន​ន័យ​ថា​យើង​មិន​យល់ ដូច​នេះ​យើង​ត្រូវ​ត្រឡប់​ទៅ​អាន​វគ្គ​នោះសារ​ឡើង​វិញ។
៤. ប្រសិន​បើ​យើង​អាន​ច្រើន​លើក​ច្រើន​សារ​ហើយ​នូវ​តែ​មិន​យល់ យើង​ត្រូវ​កត់​ត្រា​ទុក ដើម្បី​យក​ទៅ​សួរ​លោក​គ្រូ​អ្នក​គ្រូ មិត្ត​ភក្តិ ឬ អ្នក​ដែល​យល់​ពីវា​នោះ ហើយ​យើង​ធ្វើ​ការ​អាន​បន្តរ។
៥. ចំនុច​ខ្លះ​នៃ​មេ​រៀន​ត្រូវ​ទន្ទិញ​ឲ្យ​ចាំ ដូច​ជា តួលេខ ស្ថិ​តិ ឈ្មោះ​ទី​កន្លែង ឈ្មោះ​មនុស្ស ឬ រូប​មន្ត​ផ្សេងៗ។ល។ កាល​ណា​យើង​ចាំ​បាន​នូវ​ចំនុច​នេះ​ហើយ វា​ធ្វើ​ឲ្យ​យើង យល់​កាន់​តែ​ច្បាស់​ថែម​ទៀត។
៦. វិធី​រៀន​ដោយ​ទន្ទិញ​ឲ្យ​ចាំ ហើយ​មិន​ធ្វើ​ការ​ស្វែង​យល់ នោះ​យើង​នឹង​រៀន​ទៅ​ភ្លេច​ទៅ ធ្វើ​ឲ្យ​ខាត​ពេល​វេលា ខាត់​បង់​លុយ​កាក់​ឥត​ប្រ​យោ​ជន៍។
៧. ការ​រៀន​ដែល​ផ្តោត​តែ​ទៅ​លើ​ការ​ស្វែង​យល់ ដោយ​មិន​ព្រម​ទន្ទិញ​ឲ្យ​ចាំ វា​ក៏​ធ្វើ​ឲ្យ​យើង​យល់​រឿង​រាវ​ទាំង​ឡាយ​មិន​ច្បាស់​លាស់ និង​ស្រ​ពិច​ស្រ​ពិល។
៨. ដូ​ច្នេះ​ចូរ​អនុវត្ត​វិធី​ងាយៗ ខ្លី​ៗដូច​តទៅ​៖
ក. ចូរ​អាន​សៀវ​ភៅ ឆ្លាស់​គ្នា និង​ការ​ពន្យល់​ខ្លួន​ឯង
ខ. ចូរ​ទន្ទិញ​ឲ្យ​ចាំ​ចំពោះ​ទិន្ន័យ​ដែល​ចាំ​បាច់​បំផុត ដូច​ជា តួ​លេខ ឈ្មោះ និង​ចំនុច​សំខាន់ផ្សេងៗ។
ដោយៈ ម៉ាន់ ច្ទ័នឌី
មជ្ឈមណ្ឌល​សិក្សា​តាម​អេឡិចត្រូនិក​កម្ពុជា

No comments: