Wednesday, September 18, 2013

អ្វី​​ទៅ​ជា​​ការ​បំ​ផ្លិច​បំ​ផ្លាញ​​ទ្រព្យ​​សម្បត្តិ​​អ្នក​ដទៃ​​?​

ការបំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នកដទៃ គឺជា​បទល្មើស​ព្រហ្មទណ្ឌ យោងតាម​មាត្រា ៤១០ នៃ​ក្រមព្រហ្មទណ្ឌ​។ បទល្មើស​នេះ​ត្រូវ​ផ្តន្ទាទោស ពី ៦ ខែ ដល់ ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ពី ១ លាន​ទៅ ៤ លាន រៀល​។​

​    ​តើ​បទល្មើស​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ មានការ​ទាក់ទង​អ្វី​ដល់​សេរីភាព​នៃ​ការបញ្ចេញមតិ សេរីភាព​ក្នុងការ​និយាយ​?

​     ​បើ​បទល្មើស​នេះ​សុទ្ធសាធ វា​គ្មានអ្វី​ទាក់ទង​នឹង​សេរីភាព​ក្នុងការ​បញ្ចេញមតិ​ឬ​ការនិយាយស្តី​ទេ​។  ប៉ុន្តែ បទល្មើស​នេះ​អាច​ត្រូវបាន​ប្រើ​ដោយ​ភាគី​ជម្លោះ​ដើម្បី​ចោទប្រកាន់​គ្នា ដើម្បី​បង្វែរ​ដាន​ពី​ការទាមទារ​សិទ្ធិ​ដីធ្លី ឬ ការទាមទារ​ផ្សេងទៀត ឲ្យ​ទៅជា​បទល្មើស​មួយ​សាមញ្ញ ហាក់ដូចជា​គ្មាន​ទាក់ទង​នឹង​ការទាមទារ​ដើម​។ ឧទាហរណ៍ សមាជិក​សហគមន៍​ជាច្រើន​ត្រូវបាន​គេ​រាយការណ៍​មក​ថា ពួកគេ​ត្រូវបាន​ចោទប្រកាន់​ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ភាគី​ ដែល​ខ្លួន​កំពុង​ទាមទារ​ឲ្យ​ប្រគល់​ដី​មក​ឲ្យ​ពួកគេ​វិញ​។ ការចោទប្រកាន់​នេះ កើតឡើង​ដោយសារ​សមាជិក​សហគម​ន៍​បានធ្វើ​បាតុកម្ម ហើយ​បានធ្វើ​ឲ្យ​ខូចខាត​ដំណាំ​ដែល​ភាគី​ម្ខាង​ទៀត​បាន​ដាំ ឬ​បានធ្វើ​ឲ្យ​បាក់​របង ឬ​មានការ​បំផ្លាញ​គ្រឿងយន្ត​របស់​ភាគី​ម្ខាង​ទៀត​។  ការទាមទារ​ជា​សេរីភាព​នៃ​ការបញ្ចេញមតិ​។ មានពេលខ្លះ មានការ​ខូចខាត​បន្តិច​បន្តួច ដើម្បី​បង្វែរ​ការទាមទារ ភាគី​ម្ខាង​ទៀត​រិះរក​មធ្យោបាយ​ដើម្បី​ប្រែក្លាយ​រឿង​ទៅជា​ព្រហ្មទណ្ឌ ដើម្បី​ឲ្យ​អ្នក​តវ៉ា​ជាប់រវល់​នឹង​រឿងក្តី​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​សហសេវិក​ របស់ខ្លួន​។​

​    ​ចុះបើ​យើង​បំផ្លាញ​ទ្រព្យសម្បត្តិ​គេ​ ហើយ ម្តេច​ថា គេ​បង្វែរ​រឿង​មិន​ឲ្យ​សមាជិក​សហគមន៍​នោះ​បន្ត​ការទាមទារ​? តើ​នេះ​មានន័យថា​អ្នក​ដែល​បំផ្លាញ​ចេះតែ​រួចខ្លួន​ទៅ​ឬ​?

​     ​ការពិត​អ្នកធ្វើ​ខុស​ត្រូវតែ​ទទួល​ទណ្ឌកម្ម​អញ្ចឹង​មែន​។ គេ​មិនត្រូវ​ការពារ​អ្នក​ដែល​ធ្វើ​ខុស​ទេ​។ ប៉ុន្តែ គេ​ត្រូវ​គិត​មួយ​រឿងៗ​។ រឿង​ទាំងអស់​មិនមែន​សុទ្ធតែ​ដូចគ្នា​ទេ ថ្វីបើ​មានការ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​មែន​។​

​    ​តើ​រឿង​ដែលថា​មិន​ដូចគ្នា​នោះ​ជា​រឿង​អ្វី​ទៅ​?

​     ​ដំបូង​គេ ច្បាប់​ចែងថា ការបំផ្លិចបំផ្លាញ​ទ្រព្យ​អ្នកដទៃ អាច​ត្រូវ​ផ្តន្ទាទោស​បាន លុះត្រា​ណា​តែ​ការខូចខាត​ទ្រព្យសម្បត្តិ​នោះ​មិន​ស្រាល បានន័យថា​ខូចខាត​ធ្ងន់ធ្ងរ​។​

​    ​បន្ទាប់មក ទ្រព្យ​ដែល​ត្រូវ​បំផ្លាញ​នោះ​ជា “​ទ្រព្យសម្បត្តិ​អ្នកដទៃ​”​។ មាន​ករណី​ជាច្រើន ដែល​ទ្រព្យ​ជាប់​ក្នុង​ជម្លោះ​នោះ មិនអាច​កំណត់ថា​ជា​ទ្រព្យ​របស់​ខាង​ណា​បានជា​ពិត ប្រាកដ​។ ដូច្នេះ មុននឹង​ធ្វើការ​ចោទប្រកាន់​ថា មនុស្សម្នា​ក់បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកណា​ផ្សេងទៀត គេ​ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់​ថា​តើ​អ្នកណា​ជា​ម្ចាស់​ពិតប្រាកដ​។​

​    ​ចំពោះ ​រឿង​ធ្ងន់​ស្រាល​តើ​គេ​អាច​កំណត់​បាន​យ៉ាងណា ថា​វត្ថុ​មួយ​រង​ការខូចខាត​ធ្ងន់​? មានន័យថា​ខូចខាត​ប៉ុន្មាន​ទៅ​ហៅថា​ស្រាល ខូច​ប៉ុន្មាន​ហៅថា​ធ្ងន់​?

​    ​នេះ​ជា​រឿង​មួយ​ពិបាក​នឹង​កំណត់​។ លោក ក អាច​មើលឃើញថា​មានការ​ខូចខាត​ស្រាល រីឯ​លោក ខ មើលឃើញ​មានការ​ខូចខាត​ធ្ងន់​ចំពោះ​របស់​តែមួយ ដែល​បានទទួល​ការខូចខាត​។​

​     ​មាត្រា ៤១០ ចែងថា “​អំពើ​ប្រព្រឹត្ត​ដោយ​ចេតនា ដោយ​បំផ្លិចបំផ្លាញ ធ្វើ​ឲ្យ​ទ្រុឌទ្រោម ឬ ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​របស់​អ្នកដទៃ​នោះ ត្រូវ​ផ្តន្ទាទោស​ដាក់គុក​ពន្ធនាគា​រ​ពី ៦ ខែ ទៅ ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ លាន​រៀល ទៅ ៤ លាន​រៀល លើកលែងតែ​ការខូចខាត​នោះ​មាន​លក្ខណៈ​ស្រាល​”​។​

​    ​ច្បាប់​មិនបាន​ប្រាប់ថា​ខូចខាត​ប៉ុន្មាន​ថា ធ្ងន់​ឬ​ស្រាល​ទេ ប៉ុន្តែ ការបកស្រាយ​ច្បាប់​អាចធ្វើ​បាន​ដោយ​វិធី​ច្រើនយ៉ាង ដំបូង​គឺ ការវិភាគ​ពាក្យ​ដែល​ប្រើ និង​វិធី​ផ្សេងទៀត​មានការ​ស្រាវជ្រាវ​រក​គំនិត​ដើម​របស់​អ្នកតាក់តែង​ច្បាប់ ដូចជា​អ្នកជំនាញ​ដែល​ព្រាង​ច្បាប់ និង កំណត់ហេតុ​នៃ​ការវែកញែក​នៅក្នុង​សភា​ជាដើម​។ តែ​នៅពេលនេះ យើង​សាកល្បង​វិភាគ​ពាក្យ​ដែល​ប្រើ​។ ពាក្យ​សំខាន់ៗ​នៅក្នុង​មាត្រា ៤១០ មាន “​បំផ្លិចបំផ្លាញ​” “​ធ្វើ​ឲ្យ​ទ្រុឌទ្រោម​” និង “​ធ្វើ​ឲ្យ​ខូចខាត​”​។​

​     ​“​បំផ្លិចបំផ្លាញ​” បើតាម​វចនានុក្រម​ជួន ណាត មានន័យថា ធ្វើ​ឲ្យ​លង់​ហោ​ន​ហោច ឬ​ធ្វើ​ឲ្យ​សាបសូន្យ​។ និយាយ​ម្យ៉ាងទៀត គឺ ធ្វើ​ឲ្យ​លែងឃើញ​រូប​ដើម​។​

​    ​“​ទ្រុឌទ្រោម​” បើតាម​វចនានុក្រម​ជួន ណាត មានន័យថា គ្រាំគ្រា ឬ​ធ្វើ​វត្ថុ​មួយ​ស្រុត​មិនអាច​ឈរ​បាន​ដោយ​ខ្លួនឯង​។ និយាយ​ម្យ៉ាងទៀត គឺ លែង​អាច​អាច​ប្រើការ​បាន​ដូច   ដើម​។​

​    ​“​ខូចខាត​” មានន័យថា សភាព​នៃ​វត្ថុ​ប្រែប្រួល​ពីស​ភាពល្អ​ទៅ​សភាព​អន់​ជាង​មុន​។​

​     ​យើង​អាច​សង្ខេប ការវិភាគ​ពាក្យ​ទាំងបី​ខាងលើ ហើយ​ពូតផ្តុំ​ន័យ​នៃ​ពាក្យ “​បំផ្លិចបំផ្លាញ ធ្វើ​ឲ្យ​ទ្រុឌទ្រោម ឬ ធ្វើ​ឲ្យ​ខូចខាត​” ឲ្យ​ទៅជា​ទស្សនាទាន ឬ​គោល​គំនិត​រួមមួយ​ដែលថា វត្ថុ​មួយ​រង​ការបំផ្លិចបំផ្លាញ ធ្វើ​ឲ្យ​ទ្រុឌទ្រោម ឬ ធ្វើ​ឲ្យ​ខូចខាត ពេលណា​វត្ថុ​ទាំងនោះ​មាន​លក្ខណៈ​ណាមួយ​នៃលក្ខណៈ​ដូចខាងក្រោម​នេះ ៖
1.​     ​វត្ថុ​មួយ​បាត់បង់​បូរណភាព​របស់​វា មានន័យថា​វត្ថុ​នោះ​បាត់បង់​ភាព​នៅ​ទាំងមូល​របស់​វា គឺ វត្ថុ​នោះ​រលាយ​រូបរាង​ទាំងស្រុង​។​
2.​    ​វត្ថុ​មួយ​លែង​ប្រើការ​បាន មានន័យថា វត្ថុ​ដែល​ទ្រុឌទ្រោម​នោះ​មិនទាន់​បាត់បង់​រូបរាង​ទេ វត្ថុ​នោះ​ទាមទារ​ឲ្យ​មានការ​ចំណាយ​ពេលវេលា និង​ឬ ធនធាន​ច្រើន​ដើម្បី​ស្តារ​ឲ្យ​មក​សភាព​ដើម​វិញ​។​
3.​    ​វត្ថុ​មួយ​មានវិការ​ភាព មានន័យថា វត្ថុ​នោះ​មាន​សភាព​អន់ថយ​ខាង​គុណភាព ឬ​ភាព​ប្រើការ​បាន​របស់​វា​ចុះថយ​ជាង​មុន​។ វត្ថុ​នោះ​ចុះថយ​តម្លៃ ឬ ធ្វើការ​លែង​សូវ​មាន​ប្រសិទ្ធិភាព​។​

​ដូច្នេះ ដើម្បី​កំណត់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការខូចខាត គេ​អាច​ពិចារណា​លើក​ត្តា​បីយ៉ាង​ខាងលើ​៖ បូរណភាព​, ភាព​ប្រើការ​បាន ,  និង វិការ​ភាព​នៃ​វត្ថុ​នោះ​។​

​ចុះបើ​រក​ទៅ​មិនឃើញ​មានការ​ខូចខាត​ធ្ងន់ អញ្ចឹង អ្នកធ្វើ​ឲ្យ​របស់គេ​ខូចខាត​មិន​រួចខ្លួន​ទទេ​រហើយ ឬ​យ៉ាងម៉េច​?

​ អ្នកធ្វើ​ឲ្យ​របស់គេ​ខូច​ស្រាល​នៅតែ​ទទួលខុសត្រូវ​ជានិច្ច មិនមែន​រួចខ្លួន​ទេ ប៉ុន្តែ គ្រាន់តែ​មិន​ទទួលទោស​មជ្ឈិម​ដូច​ចែង​ក្នុង​មាត្រា ៤១០​។ បើ​រក​មិនឃើញ​ការខូចខាត​ធ្ងន់​ទេ អ្នកធ្វើ​ឲ្យ​ខូចខាត​របស់គេ ត្រូវមាន​ទោសលហុ​ទៅវិញ ស្របតាម​មាត្រា ៤១៨ គឺ​ត្រូវ​សង​ការខូចខាត​ទៅតាម​តម្លៃ​នៃ​ការខូចខាត​នោះ ព្រមទាំង​ទទួលទោស​ពន្ធនាគារ ពី ១ ថ្ងៃ ទៅ ៦ ថ្ងៃ​និង​ពិន័យ​ជា​ប្រាក់​ពី ១ ពាន់ ទៅ ១ សែន​រៀល​។ ចំពោះ​បទលហុ តុលាការ​គ្មាន​ប្រយោជន៍​អ្វី​ត្រូវដាក់​គុក​ទេ ថ្វីបើ​គាត់​អាចដាក់​បាន​។​

​ ឥឡូវ​បក​មក​វត្ថុ​ដែល​រង​ការខូចខាត តែមាន​ទំនាស់​ថា ម្នាក់​អះអាងថា វត្ថុ​នោះ​ជា​របស់គាត់ តែ​ម្នាក់ទៀត​អះអាងថា វត្ថុ​នោះ​ជា​របស់គាត់​ដែរ ដូច្នេះ​ម្នាក់​ប្តឹង​ម្នាក់ទៀត​ពីបទ​ព្រហ្មទណ្ឌ​នៃ​ការបំផ្លិចបំផ្លាញ​ ទ្រព្យសម្បត្តិ​អ្នកដទៃ​។ តើ​រឿងនេះ​ត្រូវ​ដោះស្រាយ​យ៉ាងម៉េច​?

​ ជាដំបូង បើ​មាន​មនុស្ស​ម្នាក់​បន្តឹង​មនុស្ស​ម្នាក់ទៀត​ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យ​ អ្នកដទៃ គេ​មិនត្រូវ​ស្ទុះស្ទា​ភ្លាម​ទៅ​កាត់សេចក្តី ឬ​ចាត់ការ​លើ​អ្នក​ដែល​ជាប់​បណ្តឹង​នោះទេ ដូចជា​ចាត់ការ​ឃុំខ្លួន​បណ្តោះអាសន្ន​ជាដើម​នោះទេ​។

ក្រមនីតិវិធី​ព្រហ្មទណ្ឌ មាត្រា ៣៤៣ ចែងថា​៖
 “ ​តុលាការ​ត្រូវ​បង្អង់​មិនទាន់​សម្រេច កាលណា​ភាគី​ណាមួយ​លើក​បញ្ហា​បន្ទាន់​បង្ខំ​ដែល​ការពិនិត្យ​បញ្ហា​នេះ​ជា​ សមត្ថកិច្ច​របស់​តុលាការ​មួយ​ផ្សេងទៀត​។
​បញ្ហា​បន្ទាន់​បង្ខំ​អាចនឹងទទួល​បាន​លុះត្រាតែ​បញ្ហា​នេះ អាច​នឹង​លុបលាង​ចរិត​ជា​បទល្មើស​ពី​អំពើ​ដែល​ចោទប្រកាន់​លើ​ជនជាប់ចោទ​។​
​ ក្នុង​រឿង​រដ្ឋប្បវេណី បញ្ហា​ស្តីពី​សិទ្ធិកម្មសិទ្ធិ សិទ្ធិ​ប្រត្យក្ស​លើ​អចលនវត្ថុ និង​ឋានៈ​បុគ្គល​ជា​សមត្ថកិច្ច​ផ្តាច់មុខ​របស់​តុលាការ​រដ្ឋប្បវេណី​។​”

​ មាត្រា​នេះ​បានសេចក្តីថា បើ​មានការ​ចោទប្រកាន់​ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ ហើយ​ជនជាប់ចោទ​អះអាងថា ទ្រព្យ​នោះ​ជា​ទ្រព្យ​របស់គាត់​ដែរ នោះ​តុលាការ​ត្រូវ​បង្អង់​រឿង​ព្រហ្មទណ្ឌ​នេះ​សិន ទុក​ឲ្យ​តុលាការ​រដ្ឋប្បវេណី​ដោះស្រាយ​ឲ្យ​រួចរាល់​សិន ថា​តើ​វត្ថុ​នោះ​ជា​របស់​អ្នកណា​។ បើ​តុលាការ​សម្រេច​ថា វត្ថុ​នោះ​ជា​របស់​អ្នកប្តឹង នោះ​តុលាការ​អាច​ចាត់ការ​បណ្តឹង​ព្រហ្មទណ្ឌ​តទៅទៀត​។ បើ​តុលាការ​សម្រេច​ថា វត្ថុ​នោះ​ជា​របស់​ជនជាប់ចោទ នោះ​តុលាការ​ព្រហ្មទណ្ឌ​ត្រូវ​លើក​បណ្តឹង​ព្រហ្មទណ្ឌ​ចោល​។​

​ ឧបមា​ថា មនុស្ស​ម្នាក់​ប្តឹង​ពី​មនុស្ស​ម្នាក់ទៀត​បានជា​ន់​បំផ្លាញ​ដំណាំ​ដែល​ដាំ​ ក្នុង​ដី​មួ​យក​ន្លៃ​ង​ជា​របស់ខ្លួន ប៉ុន្តែ​ជនជាប់ចោទ​លើកឡើងថា ដី​នោះ​ជា​ដី​របស់គាត់​ព្រោះ​គាត់​បាន​កាន់កាប់​មុន​ដើមបណ្តឹង​ចូលមក​ដាំ​ ដុះ​ទៅទៀត​។  តើ​តុលាការ​អាច​ចោទប្រកាន់​ជនជាប់ចោទ​ពីបទ​បំផ្លិចបំផ្លាញ​ដំណាំ ជាជាង​ការបំផ្លិចបំផ្លាញ​ដីធ្លី​បានដែរ​ឬទេ​?

​គេ​ត្រូវ​ ចែក​រឿងនេះ​ជា​ពីរ​។ តើ​គេ​ប្តឹង​ពីបទ​បំផ្លិចបំផ្លាញ​ដីធ្លី ឬ​បទ​បំផ្លិចបំផ្លាញ​ដំណាំ​?​។ បើ​ចោទ​ពី​រឿង​ដីធ្លី នេះ​ជាការ​ចោទ​ខុស ព្រោះ​ដីធ្លី​នៅ​ដដែល គ្មាន​ខូចខាត​អ្វី​ទេ​។  បើ​ចោទ​ពី​រឿង​បំផ្លាញ​ដំណាំ នោះ​វា​នឹង​មានរឿង​វែងឆ្ងាយ​ត្រូវ​ពិនិត្យ​និង​វិភាគ​តទៅទៀត​។​

​បើជា​រឿង​បំផ្លាញ​ដំណាំ តើ​គេ​ត្រូវ​វិភាគ​ដូចម្តេច​?

​ក្នុងករណី​ដូច្នេះ មាន​បញ្ហា​ជា​ចំណោទ​ពីរ​ដែល​ត្រូវ​ពិចារណា​។

​ ចំណោទ​ទីមួយ​ដែល​ត្រូវ​ដោះស្រាយ គឺ តើ​ដី​ក្នុង​ជម្លោះ​នោះ តាមពិតទៅ ជា​របស់​អ្នកណា​?​។ បើជា​ដី​របស់​ដើមបណ្តឹង នោះគេ​ត្រូវ​ចាត់ការ​បណ្តឹង​ព្រហ្មទណ្ឌ​នៃ​ការបំផ្លិចបំផ្លាញ​ដំណាំ ព្រោះ​ដំណាំ​នោះ​ជា​របស់​ដើមបណ្តឹង​ដែរ​។ គេ​ត្រូវ​ចាត់ការ ដូចជា តើ​ការខូចខាត​នោះ​ស្រាល​ឬ​ធ្ងន់​។ បើ​ស្រាល​ត្រូវ​ដោះស្រាយ​ជាប​ឬ​លហុ​។ បើ​ធ្ងន់​ត្រូវ​ដោះស្រាយ​ជា​បទមជ្ឈិម​។ បើ​ដី​នោះ​ជា​ដី​របស់​ជនជាប់ចោទ​នោះគេ​ត្រូវ​ឆ្លងទៅ​ចំណោទ​ទី​ពីរ​ខាងក្រោម​ ។​

​ចំណោទ​ទី​ពីរ​គឺថា ដី​ជា​របស់​ជនជាប់ចោទ តែ​ដំណាំ​ជា​របស់​ដើមបណ្តឹង​។ នេះ​ជា​ចំណោទ​មួយ​ស្មុ​គ្រ​ស្មាញ​។ ជនជាប់ចោទ​អាច​ភោគី​នៃ​ដី ហើយ​ដើមបណ្តឹង​អាចជា​អ្នកថ្មី​មក​ទន្ទ្រាន​យក​ដី​គេ​ដោយ​កម្លាំង ឬ​ជា​អ្នកទិញ​ពី​អ្នក​ដែល​លួច​លក់​ដី​គេ​លក់ ឬ​បាន​ពី​មធ្យោបាយ​ផ្សេងទៀត​ដែល​មិនត្រូវ​ច្បាប់​។ បើ​គាត់​ចូលមក​ដាំ​លើដី​របស់គេ នោះ​គាត់​ជា​អ្នករំលោភ​លើ​កម្មសិទ្ធិ​អ្នកដទៃ (​កម្មសិទ្ធិ​នៅទីនេះ​រាប់បញ្ចូល​ភោគៈ​ស្របច្បាប់​ផងដែរ​)​។ បើ​គាត់​ជា​អ្នករំលោភ​ដី​គេ​យកទៅ​ដាំ​ដំណាំ នោះ​ដើមបណ្តឹង​នេះ​អាច​ក្លាយទៅជា​ជន​ជាប់​ទៅវិញ តាម​បទបញ្ញត្តិ​នៃ​ច្បាប់​ភូមិបាល​ក្នុង​មាត្រា​ណាមួយ ឬ​មាត្រា​ទាំង​អស់ពី ២៥១ រហូតដល់ ២៥៣​។​

​រវាង​ភាគី​ទាំងពីរ​ដែល​បាន​និយាយ​មក​ខាងលើ ដើម្បី​ដឹងថា​ដី​នោះ​ជា​ដី​អ្នកណា​តើ​គេ​ត្រូវ​ពិចារណា​លើក​ត្តា​អ្វីខ្លះ​?


​ ដូច​បាន​និយាយ​ខាងលើ កត្តា​ដែល​ត្រូវ​ពិចារណា​គឺ រវាង​អ្នក​ទាំងពីរ តើ​អ្នកណា​កាន់កាប់​ដី​នោះ​មុនគេ​។ កាលណា​មាន​ជម្លោះ​ដូច្នេះ ប័ណ្ណកម្មសិទ្ធិ​គ្រាន់តែ​ជា​ឯកសារ​ដំបូង​ប៉ុណ្ណោះ មិនមែនជា​ភស្តុតាង​មិនអាច​បដិសេធ​បាន​នោះទេ (​សូម​មើល​មាត្រា ៤០ នៃ​ច្បាប់​ភូមិបាល​)​។ ភោគៈ​ត្រឹមត្រូវ ត្រូវមាន​ឧត្តមភាព​លើ​ឯកសារ​កម្មសិទ្ធិ កាលណា​មានទំនាស់​រវាង​អ្នកកាន់កាប់​ជាក់ស្តែង និង អ្នកមាន​ប័ណ្ណកម្មសិទ្ធិ (​សូម​មើល​មាត្រា ៣០ នៃ​ច្បាប់​ភូមិបាល​)​។​

​ចុះបើ​ដើមបណ្តឹង​ជា​ សម្បទា​និក​ដី​សម្បទាន​សេដ្ឋកិច្ច តើ​សិទ្ធិ​របស់​ភោគី​ជាក់ស្តែង​មាន​ឧត្តមភាព​លើ សិទ្ធិ​សម្បទាន​សេដ្ឋកិច្ច​ដែរឬទេ​?

​កាលណា​មានទំនាស់​រវាង​ អ្នកកាន់កាប់​ដី​ជាក់ស្តែង និង​ដី​សម្បទាន​សេដ្ឋកិច្ច គេ​ត្រូវ​មើល​កត្តា​ពីរ គឺ តើ​អ្នក​ដែល​អះ​អាត​ថា​ខ្លួន​ជា​ម្ចាស់​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ ពិតជា​អ្នក​ដែល​បាន​សម្បទាន​ស្របច្បាប់​ឬទេ​។ អ្នក​ដែលមាន​សម្បទាន​ស្របច្បាប់​ត្រូវមាន​កិច្ចសន្យា​សម្បទាន​សេដ្ឋកិច្ច​ ជាមួយ​ក្រសួង​មាន​សមត្ថកិច្ច​របស់រ​ដ្ឋា​ភិ​បាល ហើយ​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ​ត្រូវបាន​ចុះបញ្ជី​ត្រឹមត្រូវ​ជាមួយ​ សុរិយោដី​។ បើ​គ្មាន​ឯកសារ​ទាំងពីរ​នេះ​ទេ គាត់​មិនទាន់​ក្លាយជា​ម្ចាស់​សម្បទាន​នៅឡើយ​ទេ​។ បើ​គាត់​ពិតជា​ម្ចាស់​ដី​សម្បទាន​សេដ្ឋកិច្ច​មែន មិនមាន​សេចក្តី​ថា គាត់​អាចជា​ម្ចាស់​សម្បទាន​ដី​ទាំងអស់ ដោយ​ក្តោប​ទាំង​ដី​របស់​អ្នក​ដែល​រស់នៅ​លើដី​នោះ​យូរលង់​មកហើយ​ទេ លើកលែងតែ​អ្នក​ដែល​រស់នៅ​លើដី​នោះបាន​ព្រមព្រៀង​ដោយ​ត្រឹមត្រូវ​ប្រគល់​ដី​ នោះ​ឲ្យ​ទៅ​សម្បទា​និក​។

ឥឡូវ​ត្រឡប់មក​រឿង​បទល្មើស​ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​វិញ​។ តើ​ការធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដទៃ សុទ្ធតែ​ត្រូវ​ជាប់ទោស​ពីបទ​មជ្ឈិម​ទាំងអស់​ឬ​?

​នេះ​ អាស្រ័យ​លើ​ចេតនា​របស់​អ្នក​ដែល​ធ្វើ​ឲ្យ​ខូចខាត​។ នឹង​អាចដាក់​ទោស​បាន​គេ​ត្រូវ​កំណត់​សភាព​ផ្លូវ​គំនិត​របស់​អ្នកប្រព្រឹត្ត គឺថា អ្នក​បំផ្លិចបំផ្លាញ​ត្រូវមាន​គំនិត​៖
១.​    ​ដឹងថា​ទ្រព្យ​នោះ​ជា​របស់​អ្នកដទៃ​៖ ដឹងថា​ជា​របស់គេ តែ​ចង់​បំផ្លាញ​វត្ថុ​នោះ​។ បើ​គាត់​ច្រឡំ​ថា​ជា​របស់គាត់​ហើយ បំផ្លាញ​របស់​នោះ នោះ​គាត់​គ្មាន​ចេតនា​បំផ្លាញ​ទ្រព្យ​អ្នកដទៃ​ទេ គឺ​គាត់​មាន​ចេតនា​បំផ្លាញ​របស់គាត់​។​
២.​    ​ដឹងថា​អំពើ​របស់ខ្លួន​ជា​អំពើ​បំផ្លាញ​។ ជួនកាល​គាត់​មិនដឹងថា​អំពើ​របស់គាត់​នឹងមាន​អានុភាព​អាច​បំផ្លាញ​របស់​ សំខាន់​មួយ​បាន ឧទាហរណ៍ មនុស្ស​ម្នាក់​ទម្លាក់​ឈើ​លើ​ឡាំង​មួយ​ដែល​មិនដឹងថា​មាន​អំពូល​ថ្នាំពេទ្យ​ ពេញ ធ្វើ​ឲ្យ​បែកខ្ទេច​។​

​ចុះបើ​មនុស្ស​ម្នាក់​គ្មាន​ចេតនា​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​របស់​អ្នកដទៃ​ទេ តែ​គាត់​ធ្វេសប្រហែស តើ​គាត់​មានទោស​ដែរឬទេ​?

​ នេះ​អាស្រ័យ​លើ​មធ្យោបាយ​ដែល​គាត់​ប្រើប្រាស់​ដែល​នាំ​ឲ្យ​មានការ​ខូចខាត​។ ច្បាប់​គិតពី​សុវត្ថិភាព​នៃ​ការប្រើ​របស់​ផ្សេងៗ​ដែល​នាំ​ឲ្យ​គ្រោះថ្នាក់ ដូចជា​ការប្រើ​វត្ថុ​ដែលមាន​ចំហេះ ការប្រើ​គ្រឿងផ្ទុះ​ជាដើម​។ ច្បាប់​តម្រូវ​ឲ្យ​មនុស្ស​ប្រើប្រាស់​របស់​ទាំងនេះ ដោយ​ការយកចិត្តទុកដាក់​បំ​ផុត ព្រោះ​វា​ងាយ​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ទ្រព្យសម្បត្តិ​ផង ដល់​មនុស្ស​ផង​។ ដូច្នេះ ជន​ណា​ធ្វេសប្រហែស​ជន​នោះ​ត្រូវ​ទទួលខុសត្រូវ​ខាង​ព្រហ្មទណ្ឌ ឧទាហរណ៍ ការធ្វេសប្រហែស​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​អ្នកដទៃ ដោយ​ប្រើ​ភ្លើង ឬ គ្រឿងផ្ទុះ​ត្រូវ​មានទោស​ពី ១ ខែ ទៅ ១ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ សែន​ទៅ ២ លាន​រៀល​។​
តើ​ការបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ អាច​រាប់បញ្ចូល​ជា​ទ្រព្យ​អ្នកដទៃ​បានដែរ​ឬទេ​?

​ គ្មាន​ចម្លើយ​ជាក់លាក់​នៅក្នុង​ក្រមព្រហ្មទណ្ឌ​ទេ​។ ពាក្យ​អ្នកដទៃ​គួរតែ​មានន័យថា​បុគ្គល​ឯកជន​។ ក្នុង​ក្រមព្រហ្មទណ្ឌ​មានការ​និយាយ​ពិសេស​ពី​ការបំផ្លាញ​ទ្រព្យសម្បត្តិ​ សាធារណៈ គឺ​ការបំផ្លិចបំផ្លាញ ធ្វើ​ឲ្យ​ទ្រុឌទ្រោម ឬ ធ្វើ​ឲ្យ​ខូចខាត​បណ្ណ​ប្រកាស​ឬ​សេចក្តីជូនដំណឹង​ជា​ផ្លូវការ​របស់​រដ្ឋបាល (​មាត្រា ៤២០)​។ ក្រៅពីនេះ​មិនឃើញ​មានការ​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​ទេ (vandalism)​។​

No comments: