Wednesday, September 18, 2013

តើ​អ្វី​ទៅ​ជា​បទ​ល្មើស​ប្រឆាំង​នឹង​អ្នក​រាជ​ការ​សា​ធារ​ណៈ​?​

តើ​អ្វី​ទៅ​ជា​បទ​ល្មើស​ប្រឆាំង​នឹង​អ្នក​រាជ​ការ​សា​ធារ​ណៈ​?​
តើ​បទ​ប្រឆាំង​នឹង​អ្នក​រាជ​ការ​សាធារ​ណៈ​ច្រើន​កើត​នៅ​ពេល​ណា​?
​        បទ​​ល្មើស​​នេះ​​ច្រើន​កើត​នៅ​ពេល​មាន​បាតុកម្ម​របស់​ប្រជា​ពលរដ្ឋ​ ​និង​​នៅ​​ពេល​អ្នក​រាជ​ការ​បំពេញ​បេសក​កម្ម​ដើម្បី​អនុវត្ត​ច្បាប់​។​
តើ​​បាតុ​​កម្ម​មិន​សុខ​ចិត្ត​នឹង​គោល​នយោ​បាយ​របស់​រដ្ឋាភិ​បាល​ជា​បទ​​ប្រឆាំង​​នឹង​​អ្នក​រាជការ​សាធារណៈ​ដែរ​ឬ​ទេ​?​
    ជា​​ទូទៅ​បាតុ​កម្ម​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ដែល​ត្រូវ​បាន​ការ​ពារ​ដោយ​រដ្ឋ​ ធម្មនុញ្ញ​។ ​បាតុ​កម្ម​​អហិង្សា​​មិន​​មែន​​ជា​ការ​ប្រឆាំង​នឹង​អ្នក​រាជ​ការ​ទេ​ ផ្ទុយ​​ទៅ​វិញ​វា​ជា​ការ​អនុវត្ត​សិទ្ធិ​របស់​ពលរដ្ឋ​។​ 
អញ្ចឹង​ហេតុអ្វី​ចាំ​​បាច់​មាន​បទ​ប្រឆាំង​​នឹង​​អ្នក​​រាជ​​ការ​​សាធារ​ណៈ​ធ្វើ​អ្វី​?
ពាក្យ​ថា​ប្រឆាំង​នៅ​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ​នេះ​ ​មិន​មែន​មាន​ន័យ​ថា​​ការ​បញ្ចេញ​មតិ​មិន​ស្រប​​គោល​នយោបាយ​ ឬ​ការ​​ចាត់​​ការ​ណា​មួយ​របស់​រដ្ឋាភិ​បាល​ ដែ​ល​មាន​អ្នក​រាជ​ការ​សាធារណៈ​ជា​អ្នក​អនុវត្ត​នោះ​ទេ​។ ​បទបញ្ញត្តិ​ស្តី​ពី​បទ​ប្រឆាំង​​នឹង​​អ្នក​​រាជ​​ការ​​សា​ធា​រ​ណៈ​​នោះ​មាន ​គោល​បំណង​តែ​មួយ​គត់​គឺ​ ​ការ​ពារ​បូរណភាព​រាង​​កាយ​របស់អ្នក​រាជ​ការ​សាធារណៈ​ ​ឲ្យ​ផុត​ពី​ការ​យាយី​​ក្នុង​​ពេល​​បេស​កកម្ម​របស់​គេ​ ដើម្បី​ឲ្យ​បេសក​កម្ម​របស់​គេ​បាន​សំរេច​។ ជា​មួយ​គ្នា​ច្បាប់​ក៏​គិត​គូរ​ដល់​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​ មតិ​ដែរ​។​ បទ​​បញ្ញត្តិ​​នេះ​ត្រូវ​តែ​ថ្លឹង​ឲ្យ​មាន​តុល្យ​ភាព​រវាង​សេរីភាព​របស់​ ពលរដ្ឋ​ ​និង​ ​សុវត្ថិភាព​របស់​អ្នក​រាជ​ការ​សាធារណៈ​។​ ​ដូច្នេះ​​ចូរ​ចង​ចាំ​ថា​​បទ​​បញ្ញត្តិ​​​​នេះ​ការ​ពារ​តែ​ករណី​ដែល​មាន​ ហិង្សា​ប៉ុណ្ណោះ​ ​ហើយ​មិន​ត្រូវ​អនុវត្ត​ចំពោះ​ការ​ប្រឆាំង​អហិង្សា​ទេ​។​ ​
​អញ្ចឹង​ ​តើបទល្មើស​នេះមាន​ន័យ​ដូចម្តេចទៅ?
  បទ​ល្មើស​នេះ​ មាន​ន័យ​ថា​​ជា​ការ​ប្រើ​ហិង្សា​ទៅ​លើ​អ្នក​រាជ​ការ​សាធារណៈ​នៅ​ពេល​គេ​ធ្វើ ​សកម្មភាព​អនុវត្ត​ច្បាប់​ ​បញ្ជា​​រ​បស់​​​អាជ្ញាធរ​សាធារណៈ​ ឬ ​សេចក្តី​សម្រេច​រ​បស់​តុលាការ​ (​មាត្រា​ ​៤០៣​ ​នៃ​ក្រមព្រ​ហ្ម​ទណ្ឌ​)​។ ​ទោស​មាន​ពី​ ​១​ខែ​ ​ទៅ​ ​៣​ខែ​។ ​
តើ​​ហិង្សា​នេះ​មានន័យដូចម្តេចទៅ?
  ជា​ទូ​ទៅ​ ​ហិង្សា​ជា​ការ​ប្រើ​កម្លាំង​ទៅ​លើ​បុគ្គល​ណា​ម្នា​ក់​ ​​ដូច​ជា​ការ​វាយ​ ​ទាត់​ធាក់​ ​ឬ​​ ​ការ​គប់​​ដុំថ្ម​​ជា​​ដើម​​។​​ ​នៅ​​ក្នុង​​​បទ​ល្មើស​ប្រឆាំង​អ្នក​រាជ​ការ​សាធារណៈ​ ការ​ប្រើ​ហិង្សា​ ​ជា​ការ​ប្រឆាំង​សកម្ម​។ ​
 ប៉ុន្តែ​មាន​មនុស្ស​ភាគ​ច្រើន​ ​រួម​ទាំង​​អ្នក​រាជ​​​ការ​ខ្លះ​ផង​ ​យល់​​ថា​ការ​សំ​ដែង​អា​ក​ប្ប​កិ​រិ​យា​ជំ​ទាស់​ទៅ​នឹង​ការ​អនុវត្ត​ច្បាប់​ នៃ​អ្នក​រាជ​ការ​សា​ធារ​ណៈ​​ ​គឺ​​ជា​​​បទ​​​ល្មើស​​ប្រឆាំង​នឹង​​អ្នក​​​រាជ​ការ​​​សាធារ​ណៈ​​​។​
​តើ​ពិត​ជា​អញ្ចឹង​មែនឬទេ?
    ដូច​បាន​បរិយាយ​ខាង​លើ​ ​បទ​ល្មើស​ប្រឆាំង​អ្នក​រាជការ​សាធារណៈ​ មាន​ធាតុ​ផ្សំ​មួយ​គឺ​ហិង្សា​។ ​រដ្ឋ​ធម្មនុញ្ញ​ ​និង​ កតិ​កាស​ញ្ញា​ដទៃ​ទៀត​ ​ការ​ពារ​ការ​សំ​ដែង​មតិ​ឬ​ការ​ជំទាស់​ដោយ​អហិង្សា​។​ ​ច្បាប់​​មិន​អាច​បង្កើត​​ឡើង​ដើម្បី​ដាក់​​ទោស​អ្នក​​មិន​​ប្រព្រឹត្ត​អំពើ ​ហិង្សា​ទេ​។ ​ការ​ប្រឆាំង​ខ្លះ​មាន​លក្ខណៈ​អកម្ម​ ​គឺ​មិន​ប្រើ​ហិង្សា​ទេ​ ​ដូច​ជា​ការ​ឈរ​បាំង​ផ្លូវ​ ​ការ​ដេក​នៅ​កណ្តាល​ផ្លូវ​។​ ​អំពើ​​ទាំង​នេះ​​មិន​មែន​ជា​អំ​ពើ​ប្រឆាំង​នឹង​អ្នក​រាជការ​ដែល​ត្រូវ​ ផ្តន្ទា​ទោស​តាម​មាត្រា​ ​៤០៣​ ​នៃ​ច្បាប់​ព្រហ្ម​ទណ្ឌ​ទេ​។​
តើ​​អ្នក​ណា​​ខ្លះ​ដែល​​ចាត់​ទុក​​ជា​​អ្នក​​រាជ​ការ​សា​ធារ​ណៈ​? ​តើ​មេ​ឃុំ​ជា​អ្នក​រាជ​ការ​សាធារណៈ​ដែរ​ឬ​ទេ​?​ 
    មនុស្ស​ដែល​ចាត់​ទុក​ថា​ជា​អ្នក​រាជ​ការ​សាធារណៈ​ ​ក្នុង​​គោល​​បំណង​នៃ​​ច្បាប់​​ព្រហ្មទណ្ឌ​ ​ត្រូវ​បាន​កំណត់​នៅ​ក្នុង​មាត្រា​ ​៣០​ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។​ ​អ្នក​ទាំង​នោះ​គឺ​ ​បុគ្គលិក​​ដែលត្រូវ​បាន​​តែង​តាំង​​ដោយ​​លិខិត​​ផ្សេង​ៗ​ ​ដូច​ជា​ប្រកាស​ ​អនុ​ក្រឹត្យ​ ​ព្រះ​រាជ​ក្រឹត្យ​ ​ឲ្យ​បំរើ​នៅក្នុង​ស្ថាប័ន​នីតិ​ប្រតិបត្តិ​ ​នីតិ​បញ្ញត្តិ​ ​ឬ​ ​តុលាការ​ ​ពលរដ្ឋ​ទទួល​​អាណត្តិ​​ដោយ​​ការ​​បោះ​ឆ្នោត​ដូច​ជា​តំណាង​រាស្ត្រ​ ​សមាជិក​ព្រឹទ្ធ​​សភា​ សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ ​ខេត្ត​/ក្រុង​ ​ស្រុក​/ខ័ណ្ឌ​ ​និ​ង​ឃុំ​/សង្កាត់​។​
តើ​ពេល​​ណា​​ដែល​​ចាត់​ទុក​ថា​អ្នក​រាជ​ការ​នោះ​ធ្វើ​សកម្មភាព ​អនុវត្ត​ច្បាប់​ ​អនុវត្ត​បញ្ជា​របស់​អាជ្ញាធរ​សាធារណៈ​អនុវត្ត​​សេចក្តី​​សម្រេច​​របស់​​ តុលាការ​?
  បទ​ល្មើស​ប្រឆាំង​នឹង​អ្នក​រាជ​ការ​សាធារណៈ​ អាច​​ត្រូវ​ផ្តន្ទា​​ទោស​​បាន​​តែ​​នៅ​​ពេល​​ណា​​បុគ្គល​​ជា​​អ្នក​​រាជ​កា​ រ​​សាធារ​ណៈ​​នោះ​​កំពុង​​បំ​ពេញ​មុខ​ងារ​របស់​ខ្លួន​នៅ​កន្លែង​ ​និង​ពេល​វេលា​ដែល​ត្រូវ​អនុវត្ត​មុខ​ងារ​ ​មិន​មែន​នៅ​ក្រៅ​ម៉ោង​ធ្វើ​ការ​​របស់​ខ្លួន​ឡើយ​។​ ​សកម្មភាព​​របស់​​​អាជ្ញាធរ​សាធារណៈ​មាន​សកម្មភាព​អនុវត្ត​ច្បាប់​ (​ឩ. ​ប៉ូលីស​ចរាចរ​កំពុង​ឈរ​ត្រួត​ចរាចរ​​ ​ប៉ូលីស​កំពុង​តាម​ចាប់​ជន​ល្មើស​)​ ​សក​ម្ម​ភាព​​​​អនុវត្ត​បញ្ជា​របស់​អាជ្ញាធរ​សាធារណៈ​ (ឩ. ​ប៉ូលីស​អនុវត្ត​បញ្ជា​ឲ្យ​រុះ​រើ​ឥ​វ៉ាន់​ចេញ​ពី​ផ្លូវ​សាធារណៈ​)​ ​សកម្មភាព​​​អនុវត្ត​សេចក្តី​ស​ម្រេច​​របស់​​​​​តុលាការ​ ​(ឩ.​ ​ព្រះ​រាជ​អាជ្ញា​កំពុង​ចុះ​អនុវត្ត​សាល​ក្រម​តុលាការ​)​ ​។ ​
តើ​បទ​​ល្មើស​ប្រឆាំង​​នឹង​អ្នក​រាជការ​សាធារណៈ​​ទាម​ទារ​​ឲ្យ​មាន​​ចេត​នា​​​​ជាក់​លាក់​ដែរ​ឬ​ទេ​?  បទ​ល្មើស​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​ទាម​ទារ​ឲ្យ​មាន​ចេតនា​ជាក់​លាក់ ​ ​គឺ​ចង់​ត​ទល់​នឹង​អ្នក​រាជការ​​សា​ធារ​ណៈ​ ​ដែល​កំពុង​បំពេញ​មុខងារ​របស់​ខ្លួន​ដើម្បី​អនុវត្ត​ច្បាប់​ឬ​បទ​បញ្ជា​ អាជ្ញាធរ​សាធារណៈ​ ​ឬ​សេចក្តី​សំ​រេច​របស់​តុលាការ​​។ ​ដូច្នេះ​ ​ជន​​ជាប់​​ចោទ​​​ត្រូវ​តែ​បាន​ដឹង​ពី​អត្ត​សញ្ញាណ​របស់​ជន​ដែល​ខ្លួន​ចង់​ត ​ទល់​ថា​ជា​អ្នក​រាជការ​សាធារណៈ​ និង​ពី​​សារ​​ជាតិ​​នៃ​​អន្តរា​គមន៍​​ឬ​កិច្ចការ​​ដែល​​​ជន​នោះ​ត្រូវ​ អនុវត្ត​។​ ​សញ្ញា​សំ​គាល់​របស់​ជន​នោះ​អាច​ជា​ឯក​សណ្ឋាន​ ​ឬ​/​និង​លិខិត​បញ្ជាក់​បេសក​កម្ម​។​ ​
​​ បទ​​​មជ្ឈិម​​ប្រឆាំង​​នឹង​​អ្នក​​​រាជ​​ការ​​សាធារណៈ​​អាច​សំគាល់​បាន​ដោយ​ សារ​ចេតនា​គិត​ទុក​ជា​មុន​របស់​​ចារី​ដើម្បី​បង្កើត​ឧបសគ្គ​ដល់​ការ​អនុវត្ត ​ច្បាប់​ ​ឬកិច្ចការ​​របស់​​អាជ្ញាធរ​​សាធារណៈ​ ដោយ​យក​អំពើ​ហិង្សា​ជា​មធ្យោបាយ​សំរាប់​បង្កើត​ឧបសគ្គ​នោះ​៕​
តើ​ពាក្យ​ពិត​ជា​បទ​ប​រិ​ហា​រ​កេរ្តិ៍​ដែ​រ​ឬ​ទេ​?​
​វា​គឺ​ជា​ចំ​ណុ​ច​ គោ​ល​អ្វី​ដែ​ល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កិ​ត្តិ​យស​អ្នក​ដ​ទៃ​​ជា​ការ​បរិ​ ហារ​កេរ្តិ៍​។​ តែ​ច្បា​ប់​អនុ​គ្រោះ​ដល់​អ្នក​និយាយ​កា​រ​ពិត​ ទោះ​​បី​ពាក្យ​​ដែល​បន្លឺ​ឡើ​ង​នោះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កត្តិ​យ​ស​អ្នក​ដ ​ទៃ​ក៏​ដោ​យ។​ មាន​ន័យ​ថា​ច្បាប់​មិន​ផ្តន្ទា​ទោស​អ្នក​ដែល​និ​យាយ​ឬ​សរ​សេរ​ការ​ពិត​​នោះ​ ទេ​។ ​ចុះ

តើ​ការ​និយា​យ​ឬ​ស​រ​សេ​រ​សំ​ដែង​ម​តិ​ជា​ប​ទ​ប​រិ​ហា​រ​កេ​រ្តិ៍​ដែ​ល​ត្រូវ​ផ្ត​ន្ទា​ទោ​ស​ដែ​រ​ឬ​ទេ​?​
រដ្ឋ​ធ​ម្នុញ្ញ​ខ្មែរ​ មា​ត្រា ​៤១​ ធា​នា​សេ​រី​ភា​ព​ក្នុង​ការ​សំ​ដែង​ម​តិ។​ ​ដូ​ច្នេះ​ ច្បាប់​ក៏​មិ​ន​ដា​ក់​ទោ​ស​ចំពោះ​កា​រ​ថ្លែ​ង​មតិ​ដែរ​។​ បើ​ក្រ​ឡេក​មើល​មា​ត្រា​ ​​៣​០​៥​ ក្រម​ព្រ​ហ្ម​ទណ្ឌ ​អំពី​ប​ទ​ប​រិ​ហា​រ​កេរ្តិ៍សា​ធា​រ​ណៈ​ ​មា​ត្រា​នេះ​ផ្ត​ន្ទា​ទោ​ស​តែ​​កា​រ​ថ្លែង​​ពី​ ”​អំ​ពើ​”​ គឺ​អ្វី​ដែ​ល​បា​ន​ធ្វើ​ ​​​ឬ​ព្រឹត្តិ​ការ​ណ៏​ណា​មួយ​ដែល​​បា​​ន​​កើ​ត​ឡើង​ តែ​មិន​បាន​ផ្តន្ទា​ទោស​ការ​ថ្លែង​មតិ​ទេ​។​​
 

តើ​​​អ្វី​ទៅ​ដែល​ហៅ​ថា​ “​សុទ្ធ​ចិត្ត​”​?
          សុទ្ច​ចិត្ត​តាម​ភាសា​សាមញ្ញ​ ​គឺ​ជា​អ្វី​ដែល​ធ្វើ​ឡើង​ដោយ​ស្មោះត្រង់​គ្មាន​បង្កប់​នូវ​គំនិត​ទុច្ចរិត​ ។​ ក្នុង​ន័យ​នៃ​ច្បាប់​បរិហារកេរ្តិ៍​សុទ្ធ​ចិត្ត​​​មាន​ន័យ​ជា​មូលដ្ឋាន​ថា​ ​ជន​ដែល​ត្រូវចោទ​(ជនទី១​ អ្នកនិយាយ​) ​ថា​បរិហារកេរ្តិ៍​គេ​នោះ​ បាន​បន្លឺ​ពាក្យ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​​មនុស្ស​​​ម្នាក់​ទៀត​ (ជនទី៣​) ដោយសារ​គាត់​ចង់​ឲ្យ​អ្នក​ដទៃ​ទៀត​ (ជនទី២​ទទួល​ដំណឺង)​ ដឹង​ពី​រឿង​អ្វី​មួយ​ ​តែ​គាត់​មិនមាន​ចេតនា​​និង​​នឹក​​ស្មាន​ថា​ ​ពាក្យ​ដែល​បន្លឺ​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​មនុស្សម្នាក់​ទៀត​ (ជនទី​៣​)​ ឬ​ គាត់​គ្មាន​ចេតនា​ចង់​បំផ្លាញ​មនុស្ស​នោះ​ទេ​។

       ច្បាប់​ខ្មែរ​យើង​មិន​បាន​កំណត់​ថា​កត្តា​អ្វីខ្លះ​ដែល​ហៅ​ថា​សុទ្ធចិត្ត​ នោះ​ទេ​។ ​ប៉ុន្តែ​តុលាការ​​បារាំង​បាន​កំណត់​កត្តា​បួនយ៉ាង​ដែល​អាច​​​យក​​មក​​ ពិចារណា​ថា​ តើ​ពាក្យសំដី​មួយ​ជា​ពាក្យ​ដែល​បន្លឺ​ឡើង​ដោយ​សុទ្ធចិត្ត​ ​ឬ​ អសុទ្ធចិត្ត​ មាន​ន័យ​ថា​ចង់​បំផ្លាញ​គេ​ឬ​យ៉ាង​ណា​។ ​កត្តា​ទាំង​បួន​យ៉ាង​នោះ​គឺ៖​

     ១​.​ ​ជន​ដែល​ជាប់​ចោទ​ពី​បទប​រិហារកេរ្តិ៍​ គ្មាន​ភាព​ជា​សត្រូវ​ជាមួយ​នឹង​មនុស្ស​ត្រូវ​រង​ការ​បរិហារកេរ្តិ៍​ទេ​។​ ​នេះ​មាន​ន័យ​ថា​ ​ជន​ជាប់​​ ចោទ​​​មិនមែន​និយាយ​បរិហារកេរ្តិ៍​មនុស្សម្នាក់​ទៀត​ដោយសារ​តែ​ខ្លួន​ស្អប់​ គាត់​ ឬ​មាន​គំនុំ​ជា​មួយ​គាត់​ពី​មុន​មក​នោះ​ទេ​។
     ​២​.​ ពាក្យ​សំដី​ដែល​ជន​ជាប់​ចោទ​និយាយ​ ឬ​សរសេរ​នោះ​ធ្វើ​ឡើង​ក្នុង​គោលដៅ​សមស្រប​ ដូចជា​ក្នុង​គោលដៅ​ចង់​ឲ្យ​សាធារណ​ជន
ចាប់​​អារម្មណ៍​​នឹង​​បញ្ហា​អ្វី​មួយ​ដែល​សំខាន់​ ដល់​សុខុមាលភាព​របស់​សហគមន៍​ ​ឬ​ ​សង្គម​ ឬ​ ​ប្រទេស​។
  ​​ ​ ​ ​៣.​ ពាក្យ​សំដី​ដែល​ជនជាប់ចោទ​បាន​និយាយ​ ឬ​សរសេរ​នោះ​ត្រូវ​បាន​គាត់​អង្កេត​ម៉ត់ចត់​ ជាមួយ​ប្រភព​ ឬ​ឯកសារ​នានា​ ​​គឺ​មិនមែន​​ និយាយ​ ​ឬ​សរសេរ​តាម​ការ​នឹក​ស្រម័យ​របស់​ខ្លួន​នោះ​ឡើយ​។ ឧទាហរណ៍​ អ្នក​កាសែត​មុន​នឹង​សរសេរ​អត្ថបទ​មួយ​ គាត់​បាន​ព្យាយាម​​​រក​​​ប្រភព​​​​មួយចំនួន​ដើម្បី​បញ្ជាក់​លើ​ព័ត៌មាន​ របស់គាត់​។ ​ការពិត​ទោះបី​គេ​ព្យាយាម​រក​ប្រភព​បាន​ច្រើន​មក​បញ្ជាក់​យ៉ាងណាក្តី​ពេល​​ ខ្លះ​​ព័ត៌មាន​ដែល​ផ្សាយ​នោះ​នៅ​តែ​មិនពិត​ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ កិត្តិយស​អ្នក​ដទៃ​។ ទោះជាយ៉ាងណាក្តី​ក្នុងករណី​បែប​នេះ​អ្នក​កា​សែត​​នោះ​នៅ​ទទួល​បាន​ គុណប្រយោជន៍​ពី​កត្តា​មួយ​នៃ​បណ្តា​កត្តា​សុទ្ធចិត្ត​ដែរ​។
     ​៤.​ ពាក្យសំដី​ដែល​ជន​ជាប់ចោទ​បាន​និយាយ​ឬ​សរសេរ​នោះ​មាន​តុល្យភាព​ ​ឬ​មាន​ការ​ថ្លឹងថ្លែង​។ នេះ​មាន​ន័យ​ថា​ គាត់​មិន​មើល​តែ​​មួយ​​ជ្រុង​​នៃ​ព័ត៌មាន​ទេ​។ ​គាត់​ត្រូវ​បង្ហាញ​គ្រប់​ជ្រុងជ្រោយ​នៃ​ព័​​ត៌មាន​។ ​ឧទាហរណ៏​ អ្នក​កាសែត​ដែល​រាយការណ៏​ពី​អំពើ​ពុក​រលួយ​​នៃ​​មន្ត្រី​រាជការ​ណា​ម្នាក់​ គាត់​ត្រូវ​បង្ហាញ​ពី​ព័ត៌មាន​ដែល​ផ្តល់​​ឲ្យ​ដោយ​មន្ត្រី​នោះ​ដែរ​ដើម្បី​ ឲ្យ​គាត់​មាន​ឳកាស​បំភ្លឺ​ពី​ករណី​របស់​គាត់​ដែរ​។ ​ម្យ៉ាង​វិញ​ទៀត​ ​ការ​ប្រើ​សំដី​ត្រូវ​ឲ្យ​ធួនល្មម​ គឺ​មិន​ត្រូវ​ហក់​ចូល​ក្នុង​ការ​សន្និដ្ឋាន​ថា​អ្នក​នេះ​ជា​ឧក្រិដ្ឋជន​ ​ឬ​ ជា​ជន​ក្បត់​ជាតិ​នោះ​ទេ​។ 
តើមានកម្មវត្ថុអ្វី (រឿងអ្វីទេ) ដែលត្រូវបានគេហាមមិនឲ្យចូលរួមបញ្ចេញមិតិ ជាសាធារណះនោះ?
គ្មានទេ។​ លើកលែងតែមានការញុះញង់អោយមានអំពើហឹង្សា មិនគោរពសិទ្ធិ ឬ កេរឈ្មោះអ្នកដ៏ទៃ ឬបង្ហាញ អោយឃើញថាមានការគម្រាមកំហែង សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព​ ឬ សីលធម៌សាធារណៈ តែកត្តាខាងលើត្រូវតែមានចែងក្នុងច្បាប់ និងជាការចាំបាច់់។
 
តើប៉ូលីសអាចប្រើកម្លាំងប្រឆាំងនឹងក្រុមអ្នកតវ៉ាដោយសន្តិវិធីបានឬទេ?

នគរបាលគ្មានសិទ្ទិប្រើកម្លាំងប្រឆាំងនឹងអ្នកតវ៉ាដោយសន្តិវិធីនោះទេ ព្រោះរដ្ឋធម្មនុញ្ញ និង ច្បាប់ធានាសិទ្ធិសេរីភាពរបស់លោក/អ្នកក្នុងការតវ៉ានេះ។ ការតវ៉ាជាការបញ្ចេញមតិ។ លោក/អ្នកតវ៉ាដោយសន្តិភាពនោះគឺជាអ្នក ដែលស្នើសុំអោយអាជ្ញាធរដោះស្រាយបញ្ហា តែ ប៉ុណ្ណោះ។

No comments: