Thursday, October 24, 2013

ដំណោះ​ស្រាយ​បញ្ហា​ប្តី​ប្រពន្ធ

រឿង ​ប្តី​ប្រពន្ធ ជារឿងធម្មតារបស់អ្នកគ្រប់គ្រងផ្ទះ ។ ព្រះអរិយបុគ្គល ២ ពួក គឺ​ព្រះសោតាបន្ន និងព្រះ​សកទាគាមីដែលមិនបានបួស ក៏នៅ​គ្រប់​គ្រង​ផ្ទះ​ដែរ ។
បើប្តីប្រពន្ធជាទូទៅ មានកល្យាណសីល និងកល្យាណធម៌ហើយ គ្រួសារ​នោះ​ឯង ក៏រមែងមាននូវសេចក្តីសុខតាម​លោកិយវិស័យ ។
ជាធម្មតារបស់បុថុជ្ជន តែងមានល្អផង មិនល្អផង ព្រោះហេតុដូច្នេះ ទើប​មាន​ការអាក់អន់ចិត្តនឹងគ្នា ឬប៉ះខ្ទប់គ្នា​ដូចអណ្តាតនិងធ្មេញ ។
ប្តី​ប្រពន្ធដែលនៅជាមួយគ្នា មានសេចក្តីសុខ ឬមានទុក្ខនោះ វា​អាស្រ័យ​ហេតុ គឺស្នេហ៍ និង ស្នៀត ។
-ស្នេហ៍ គឺជាជ័រស្អិតធ្វើឲ្យប្តីប្រពន្ធស្រឡាញ់ ដូចជាពាក្យពីរោះ ពាក្យពិត និយាយក្នុងរឿងដែលគួរនិយាយ ស្លៀកពាក់តែងខ្លួនស្អាតបាត រៀប​រយ​ជា​និច្ច ព្យាយាមក្នុងការងារដែលជាតួនាទីរបស់ខ្លួនជាដើម ។
ជាប្តីប្រពន្ធត្រូវធ្វើការដាំស្ល បោកគក់ខោអាវ បោសផ្ទះសម្បែង សម្អាតបន្ទប់ មិនហួងហែងហួសហេតុ មិនមាន​ចិត្តចង្អៀតពេក មិន​ទាស់​ទែង​ជា​មួយ​ញាតិ​មិត្ត​របស់ប្តី គោរពប្រណិប័តន៍ចំពោះឪពុកម្តាយក្មេក និងប្តីជានិច្ច ចេះ​ក្រែង​ចិត្ត​អ្នកដទៃ ស្មោះត្រង់ចំពោះប្តី ដាច់​ខាត​គឺ​កុំ​លេង​ល្បែង​ស៊ី​សង​ និង​ត្រូវ​ចេះ​ដឹង​ក្នុងការចាយវាយជាដើម ។
ជាប្តីវិញ ត្រូវព្យាយាមធ្វើការរកទ្រព្យសម្បត្តិ វៀរចាកគ្រឿងញៀន អបាយ-មុខ​សព្វគ្រប់ ធ្វើខ្លួនឲ្យជាប្តីល្អ និងជា​ឪពុកល្អ ស្មោះ​ត្រង់​ព្រម​ដោយ​ក្តី​អាណិត​ចំពោះភរិយាខ្លួនរហូត យ៉ាងនេះជាដើមដែរ ។
ប្តីប្រពន្ធ ត្រូវសិក្សាឲ្យយល់ដល់ចិត្តគ្នាទៅវិញទៅមក ហើយ​ព្យាយាម​ថ្នម​ចិត្ត​គ្នា ជាមនុស្សយល់ហេតុផង កុំចេះ​តែតាមចិត្តរបស់ខ្លួន ជា​ពិសេស​ត្រូវ​ចេះ​នឹករលឹកដល់គុណ គឺ សេចក្តីល្អរវាងគ្នានឹងគ្នា ។
-ស្នៀត គឺជាល្បិចកិច្ចកល មាយាលាក់ពុត នាំឲ្យមាននូវអពមង្គល រហូត​ដល់​ពេលជួបគ្នាមានតែជេរ ឬមុខ​ក្រញូវ រអ៊ូរទាំដាក់គ្នា គេច​មុខ​មិន​ចង់​ជួប​គ្នា មិនចង់ចូលផ្ទះ … ។
វិធីបដិបត្តិ
ជាដំបូង ត្រូវសង្កេតពិនិត្យខ្លួនឯងជាមុនថា ហេតុដែលកើតឡើងនេះ កើត​មក​ពីអ្វី ? អ្នកណាជាអ្នកបង្កឡើង ? បើឃើញថាមកពីយើង ក៏ត្រូវ​ព្រម​ទទួល​និងប្រញាប់សម្រេចចិត្តកែខៃឲ្យបានទាន់ពេល ។
បើបញ្ហានោះ ទាក់ទងនឹងម្ខាងទៀត ក៏សូមឲ្យប្រឹក្សារកការដោះស្រាយ ម្នាក់ៗ​ ជាមនុស្ស គឺត្រូវតែជាអ្នកយល់​ហេតុយល់ផល តែ​បើ​ដោះ​ស្រាយ​មិន​បាន គឺអាចប្រឹក្សាជាមួយអ្នកចេះដឹងតទៅទៀត ។
ឧបសគ្គសំខាន់ ដែលធ្វើឲ្យប្តីប្រពន្ធបែកបាក់គ្នា ឬនៅជាមួយគ្នាមិនបានសុខ ក៏គឺទិដ្ឋិមានះ រឹងរូស ឃើញតែពីខ្លួន​ឯងពេករហូតដល់ខ្វះមេត្តា ខ្វះ​ការ​ប្រាថ្នា​ល្អដល់គ្នា ។
ម្យ៉ាងទៀត គឺការមិនចេះទទួលកំហុស ចេះទទួលត្រូវតែម្យ៉ាង ហើយ​ច្រើន​តែ​បន្ទោសអ្នកដទៃដែលខុសនោះមិន​ដា់ច់ពីមាត់ និយាយដដែលៗ បើ​ខ្លួន​ឯងធ្វើខុសវិញមិនព្រមទទួលឡើយ ហើយបិទបាំងទៀតផង ។
ចំពោះបុថុជ្ជន ថាឲ្យធ្វើអ្វីមិនចេះខុសនោះគ្មានឡើយ លើក​លែង​តែ​មិន​ធ្វើ​អ្វី​សោះ ឯការមិនធ្វើអ្វីសោះនោះ វាជា​កំហុសមួយដោយឡែកផ្សេងទៀត ។វិស័យមនុស្សល្អ កាលបើធ្វើខុសហើយ រមែងទទួលកំហុស និងព្រមកែប្រែ មិនឲ្យខុសដដែលៗ ឡើយ ។
មនុស្សដែលធ្វើខុសហើយ ​មិនព្រមទទួលកំហុស ជា​មនុស្ស​ខូច​សុខភាព​ផ្លូវ​ចិត្ត នៅទីណា ជាមួយអ្នកណា ក៏ក្តៅ​ក្រហាយទីនោះ ព្រោះ​បើ​មាន​កំហុស​អ្វី​មួយកើតឡើង ចេះតែបន្ទោសអ្នកដទៃប៉ុណ្ណោះ លុះដល់មានត្រូវ មានល្អ​វិញ ក៏ប្រញាប់ទទួលខ្លួនឯង មនុស្សប្រភេទនេះ មាននៅក្នុងគ្រួសារណា គ្រួសារ​នោះ​ រកសន្តិសុខបានដោយ​លំបាក ។
ព្រោះហេតុដូច្នោះ គូ​ប្តី​ប្រពន្ធ​ណា​ត្រូវ​ការ​សេចក្តី​សុខ​ក្នុង​ការ​គ្រប់​គ្រង​ផ្ទះ​រួម​ គ្នា​ ត្រូវបណ្តុះគុណធម៌ក្នុងការគ្រប់​គ្រងផ្ទះ ឲ្យមានទៅវិញទៅមក យ៉ាងនេះ ជីវិតគូស្នេហ៍រមែងដើរទៅតាមផ្លូវ ដែលរោយទៅដោយត្របកផ្កាកុលាប ពោល​គឺមង្គលជីវិតជាពិតប្រាកដហោង ។
គោលធម៌បដិបត្តិ
ត្រូវបដិបត្តិគោលធម៌ ៣ គឺត្រូវមានសីល ៥ ព្រមដោយកល្យាណធម៌ ត្រូវ​វៀរចាកអបាយមុខ ៦ យ៉ាង និងត្រូវ​មាននូវឃរាវាសធម៌ ៤ យ៉ាង ។
ក្រុមទី ១
សីល ៥ ព្រមដោយកល្យាណធម៌
ក្រុមទី ១ ត្រូវហ្វឹកហាត់ឲ្យបាន ៖
១. មិនសម្លាប់សត្វគ្រប់ជីវិតទាំងអស់ ហើយ​ចម្រើន​នូវ​មេត្តា​ករុណា​ឲ្យ​ដល់​ព្រម ។២. មិនធ្វើចោរកម្មគ្រប់យ៉ាង ហើយ​ដល់​ព្រម​ដោយ​ការ​ចិញ្ចឹម​ជីវិត​ដោយ​ប្រពៃ ។៣. មិនប្រព្រឹត្តខុសក្នុងកាម ដល់ព្រមដោយក្តីសន្តោស គឺ​ព្រម​ល្មម​ចិត្ត​តែ​ជា​មួយ​នឹងគូគ្រងរបស់ខ្លួនប៉ុណ្ណោះ មាននូវកាមសំវរ គឺការ​សង្រួម​ក្នុង​កាមគុណ​ទាំងឡាយ ។ ៤. មិននិយាយកុហក ព្រមទាំងមាននូវសច្ចៈ ។៥.​មិនបរិភោគទឹកស្រវឹងគ្រឿងញៀន អប់រំ​ស្មារតី​សេចក្តី​មិន​ប្រមាទ​ឲ្យ​ដល់​ព្រម ។
ក្រុមទី ២
អបាយមុខ ៦ យ៉ាងក្រុមទី ២ នេះ ត្រូវវៀរឲ្យបានជាដាច់ខាត ៖
១. សេពគ្រឿងញៀនស្រវឹងបំផ្លាញស្មារតី ។២. ការប្រព្រឹត្តអនាចារក្នុងរឿងមេថុនធម្ម ។៣. លេងល្បែងភ្នាល់ ។៤. ដើរលេងមិនស្គាល់ពេលវេលា ។៥. សេពគប់មនុស្សអាក្រក់ជាមិត្ត ។៦. ខ្ជិលច្រអូសក្នុងការងារ ។
ក្រុមទី ៣
ឃរាវាសធម៌ ៤ យ៉ាងក្រុមទី ៣ នេះ គួរឲ្យមានជាប្រចាំចិត្ត ៖
១. សច្ចៈ ស្មោះត្រង់ពិតប្រាកដដល់គ្នា ។២. ទមៈ ហ្នឹកហាត់ទូន្មានចិត្តរាល់ថ្ងៃ ។៣. ខន្តិ ចេះអត់ធន់ តស៊ូមិនខ្លាចលំបាក ។៤. ចាគៈ ចេះឲ្យទាន និងចេះលះបង់ ។
បើគ្រួសារណា ទាំងប្តី ទាំងប្រពន្ធបដិបត្តិបាននូវធម៌ ៣ ក្រុមនេះ គឺក្រុមទី ១ ហ្វឹកហាត់សម្រេចបាន ក្រុមទី ២ វៀរចាកបាន និងក្រុមទី ៣ កើត​មាន​ជា​ប្រចាំ​ចិត្ត ជីវិតពិតជាមាននូវសេចក្តីសុខ តាមវិស័យរបស់បុថុជ្ជនដែលជា​មនុស្សល្អ ។
សូមត្រួតត្រាពិនិត្យមើល តើអាត្មាអញបដិបត្តិមានការខ្វះខាតក្នុងធម៌៣ក្រុម​នេះដែរឬទេ ឬក៏សង្កេតឃើញមាន​បញ្ហាចេញពីប្រភពផ្សេងទៀតដូចជា ៖
-ការរអ៊ូរទាំ និយាយច្រើន 
ចំណុចនេះដោយច្រើនគឺមាននៅលើស្ត្រីជាភរិយា ឬជាមាតា ចំណែក​បុរស​ជា​ស្វាមី ឬជាបិតាក៏មានដែរ តែតិច​តួចទេ ។ 
ដើមហេតុព្រោះមនុស្សក្នុងផ្ទះមិនរួមដៃជួយ អ្វីៗ ត្រូវធ្លាក់មករកតែម្នាក់ ទាំង​ការ​ក្រៅ ការក្នុង ដោះ​ស្រាយមិនចេញកើតរោគសរសៃប្រសាទ ។
ដំណោះស្រាយ
ទាំងម៉ែទាំងឪទាំងកូន ត្រូវរួមដៃគ្នា អ្វីគួរជួយបានធ្វើបាន ក៏ជួយទៅធ្វើទៅ​ ។ មេផ្ទះដែលឆ្លាត មិនត្រូវចងការងារ​ក្នុងផ្ទះសម្រាប់តែខ្លួនឯង  អ្នកណាៗ ធ្វើមិនត្រូវចិត្តនោះទេ គួរបង្រៀនកូនៗ ឲ្យចេះដឹង ហើយឲ្យកូនធ្វើនូវកិច្ច​ការនោះជំនួសខ្លួន ។
គ្រប់គ្នាត្រូវយល់ដឹងថា ការងារអ្វីក៏ដោយ បើ​យើង​ធ្វើ​ទៅ​ហើយ​មាន​ផល​ឲ្យ​បាន​សុខទាំងអស់គ្នា ការងារនោះយើង​ត្រូវរីករាយនឹងធ្វើ ព្រោះ​ជា​បុណ្យ​ក្នុង​ជីវិតប្រចាំថ្ងៃ ។
-ការធ្វើអ្វីស្រេចតែចិត្តខ្លួនឯង
ចំណុចនេះ គឺចូលចិត្តធ្វើអ្វីផ្តាច់ការ មិនប្រឹក្សាគ្នាជាមុន ។ ប្តីប្រពន្ធ ទោះ​បី​ថា​មានរូបរាងផ្សេងគ្នាតែគួរមានបេះ​ ដូងជាមួយគ្នាទើបក្នុងផ្ទះមានសន្តិសុខ។ ប្តីប្រពន្ធត្រូវតែជាមនុស្សយកហេតុផលជាសំខាន់ កុំធ្វើអ្វីៗ ស្រេចតែ​ចិត្តចង់ កុំអាងខ្លួនឯងឲ្យជ្រុល ពិតមែនតែមិនបានធ្វើឲ្យគ្រួសារបែកបាក់គ្នា តែ​ត្រូវ​ដេក​បែរខ្នងដាក់គ្នា ព្រោះ​ហេតុមិនសប្បាយចិត្ត ។
ដំណោះស្រាយ
ត្រូវគ្រប់គ្រងចំណង់ មុនធ្វើឬនិយាយ ត្រូវមានសតិនិងបញ្ញាគ្រប់គ្រងជានិច្ច ត្រូវចេះក្រែងចិត្ត ក្រែងរឿង អ្វី​ដែលរង្កៀសហើយត្រូវកុំធ្វើកុំនិយាយ ត្រូវ​លះ​ទិដ្ឋិមានះ និងឧបានទានចេញពីចិត្ត ដោយយកហេតុផល និង​ភាព​ត្រឹម​ត្រូវ​ជា​គោលបដិបត្តិ ។
( មេរៀន​ជីវិត )

ដកស្រង់ចេញពី http://aphirati.blogspot.com
ដោយ ៥០០០ឆ្នាំ

No comments: