រឿងនិទានស្ត្រីស្មោះត្រង់នឹងស្វាមី
មាននិទានមួយដំណាលថា
នៅក្នុងនគរមួយនោះ មានសេដ្ឋីពីរនាក់ សេដ្ឋីម្នាក់មានកូនស្រី
សេដ្ឋីម្នាក់ទៀតមានកូនប្រុស ទើបសេដ្ឋីទាំងពីរ
គិតផ្សំផ្គុំកូនប្រុស-ស្រីរបស់ខ្លួនបានជាស្វាមីភរិយា ។ គាប់ជួនជានគរនោះកើតចលាចល
បះបោរឡើងហើយសេដ្ឋីទាំងពីរនាក់
ក៏បាក់បែកខ្ចាត់ខ្ចាយចេញទៅនៅទីទៃៗពីគ្នា តមកសេដ្ឋីមានកូនស្រីនោះ
ក៏ផ្សំផ្គុំកូនស្រីឲ្យមានប្ដីនឹងបុរសដទៃទៅ
កូនស្រីក៏ព្រមទទួលយកប្ដីពុំប្រកែក លុះនាងបានទៅនៅនឹងប្ដីហើយទើបនាងស្រដីនឹងប្ដីថា
ដ្បិតអាពុកខ្ញុំបានផ្សំផ្គុំខ្ញុំឲ្យមានប្ដីអំពីមុនរួចហើយ តែពុំទាន់បានមូលលំនៅស្ថានស្រាប់តែអ្នកបានខ្ញុំមកជាភរិយាហើយខ្ញុំពុំទាន់បានដោះប្ដេជ្ញានឹងប្ដីមុននោះនៅឡើយ ឥឡូវនេះខ្ញុំសូមលាអ្នក
ទៅដោះប្ដេជ្ញានឹងប្ដីដើមនោះសិន បើអម្ចាស់បើកទើបខ្ញុំហ៊ានទៅ
បើអម្ចាស់ពុំបើកឲ្យទៅទតេខ្ញុំពុំហ៊ានទៅឡើយ ។
ឯប្ដីនោះឆ្លើយថា
អញគិតថានាងជ្រះស្រឡះទំនេរឥតប្ដីទេ
បើនាងមានស្វាមីអំពីមុនរួចមកហើយដូច្នោះ ចូរនាងទៅដោះប្ដេជ្ញានឹងប្ដីដើមឲ្យជ្រះស្រឡះសិនចុះ
អញពុំឃាត់នាងឡើយ ។ លុះនាងបានអនុញ្ញាតពីប្ដីដូច្នោះហើយ
ក៏តាក់តែងស្អិតស្អាងរាងកាយ ប្រដាប់គ្រឿងសម្រាប់អាត្មារួចស្រេចហើយ
ក៏លីលាចេញទៅ សំដៅស្មោះចំពោះរកកូនសេដ្ឋីជាប្ដីដើមនោះ ស្រាប់តែទៅពើបពះប្រទះនឹងខ្លាធំអត់អាហារមក
៧ ថ្ងៃហើយ ទើបខ្លាលោតទៅប្រុងចាប់នាងធីចំអែតអាត្មា ។
នាងក៏រ៉ាយរឿងនាងឲ្យខ្លាស្ដាប់សព្វគ្រប់
ខ្លាក៏លែងបើកឲ្យនាងត្រេចទៅដោយស្រួល ។ ឯនាងខំស្រូតដើរ
តអំពីនោះបន្តិចមកកូវ ស្រាប់តែចួបប្រទះននឹងចោរ៧នាក់ចោរយល់នាងនោះមានគ្រឿងប្រដាប់សម្រាប់អាត្មាសឹងដ៏ជារបស់មានដំឡៃ
ទើបចោរគិតគ្នានិងទៅចាប់នាងយកអីវ៉ាន់អស់នោះ។នាងក៏និយាយសារស័ព្ទប្រាប់ចោរតាមដំណើរសព្វគ្រប់
ពួកចោរបានស្ដាប់ដូច្នោះ ក៏មិនយកទ្រព្យទាំងនោះឡើយ
ហើយបើកឲ្យនាងទៅដោយស្រួល ។ នាងបានរួចរបូតពីកណ្ដាប់ដៃចោរដូច្នោះហើយ
ក៏ខំដើរត្រេចរង្កាត់ទៅរហូតដល់លំនៅប្ដីដើមនោះៗ ក៏សួរថា
នាងមកអំពីទីតំបន់ណា ?
នាងអង្គុយនាស្ថានដ៏សមគួរហើយជំរាបថាអាពុកខ្ញុំជាសេដ្ឋីបានផ្សំផ្គុំខ្ញុំឲ្យជាភរិយាអ្នកអំពីមុន
រួចមកហើយ ឥឡូវនេះ អាពុកខ្ញុំលើកខ្ញុំឲ្យមានប្ដីនឹងបុរសដទៃទៀត
ឯខ្ញុំពុំបានក្រាប់លា ប្ដេជ្ញានឹងអ្នកជាប្ដីដើម ឲ្យបានជ្រះស្រឡះ
ដូច្នេះបើអម្ចាស់បើកឲ្យខ្ញុំទៅខ្ញុំក៏ទៅ បើអម្ចាស់ពុំព្រមបើកឲ្យទៅទេ
ខ្ញុំពុំហ៊ានទៅឡើយ ។ ឯចៅនោះឆ្លើយឡើងថា
នាងមានចិត្តស្មោះចំពោះមកដល់អញ ៗ អរណាស់
តែឥឡូវនេះអាពុកនាងលើកនាងឲ្យមានប្ដីហើយ
អញនឹងទៅតវ៉ាប្រាថ្នានាងជាប្រពន្ធពុំបានឡើយ ចូរនាងទៅកាន់ប្ដីនាងហោង
។ ទើបនាងក្រាបលាចៅនោះត្រឡប់ទៅផ្ទះវិញ ។ គាប់ចួនជានាងដើរមក
តាមផ្លូវស្រាប់តែពើបពះប្រទះនឹងចៅម្នាក់កំពុងដើរទេសរកប្រពន្ធ
បានយល់នាងមានរូបឆោមស្អាងស្អាតមានទាំងគ្រឿងប្រដាប់ដ៏ល្អនៅនឹងខ្លួនទើបចៅនោះនិយាយចែចង់ប្រាថ្នានឹងយកនាងជាប្រពន្ធ។ ឯនាងក៏ថ្លែងសេចក្ដីប្រាប់ដោយដំណើររឿងតាំងពីដើមរៀងមក
ចៅនោះក៏ពុំជជែកតវ៉ាប្រាថ្នានាងនោះឡើយលុះនាងបានទៅដល់លំនៅប្ដីហើយ
ក៏នៅរួមគ្នាជាសុខក្សេមក្សាន្តរៀងទៅ ។ នៅទីបំផុតនៃនិទានរឿងនេះ
មានសេចក្ដីពោលទុកថា បើអ្នកឯណាសរសើរចិត្តប្ដីនាងនោះ
ហេតុតែអ្នកនោះជាមនុស្សច្រើនប្រចណ្ឌ បើអ្នកឯណាសរសើរចិត្តខ្លា
ហេតុតែអ្នកនោះជាមនុស្សគាប់ចិត្តបៀតបៀនបំបាត់ជីវិតគេ ។
បើអ្នកឯណាសរសើរចិត្តចោរទាំង ៧
នោះហេតុតែអ្នកនោះជាមនុស្សមានចិត្តរំលោភចង់បានតែទ្រព្យគេ ។ បើអ្នកឯណាសរសើរបុរសដើរទេសរកប្រពន្ធនោះ
ហេតុតែអ្នកនោះជាមនុស្សចូលចិត្ត ប្រព្រឹត្តបរទាកម្មនឹងភរិយាគេ ។
បើអ្នកឯណានិមួយវៀរក្ដីទាំង ៤
ចំពូកនេះបានអ្នកនោះនឹងបានឆ្លងរំលងទៅដល់ស្ថានសួគ៌នាយហោង។ចប់រឿងស្រ្តីស្មោះត្រង់នឹងស្វាមីតែប៉ុណ្ណោះ ។
ដង្កូវ៖ ខ្ញុំពេញចិត្តរូបអ្នកទាំងអស់ សូមអ្នកកុំប្រែប្រួលអោយសោះ!
ក្អាត់៖ ខ្ញុំសន្យា
មួយរយៈក្រោយមកក្អាត់ក៏មកជួបនឹងដង្កូវ សារជាថ្មី។ តែពេលនេះក្អាត់បានដុះជើងក្រោយ២។ ដង្កូវបានឃើញក្អាត់ដូច្នោះ ស្រែកយំយ៉ាងខ្លាំង ដោយខឹងនឹងក្អាត់ថាមិនគោរពសន្យា។
ក្អាត់៖អោយខ្ញុំសូមទោសផងចុះ ខ្ញុំមិនចង់បានជើងទាំងពីរនេះទេ! អ្វីដែលខ្ញុំចង់បានគឺឥន្ធនូដ៏ស្រស់ស្អាតរបស់ខ្ញុំ!
ដង្កូវ៖ អ្វីដែលខ្ញុំចង់បានគឺគ្រាប់អង្កាំពណ៌ខ្មៅរលោងរបស់ខ្ញុំ។ សន្យាមកថាអ្នកនឹងមិនប្រែប្រួលទៀតទេ!
ក្អាត់៖…ខ្ញុំសន្យា!
ប៉ុន្តែមិនដូចដែលគេបានសន្យាឡើយ កូនក្អាត់មកជួបដង្កួវលើកនេះ មានដុះដៃ២ថែមទៀត។ ដង្កូវស្រែកយំខ្លាំងជាមុនទៅទៀត។
ដង្កូវ៖ អ្វីដែលខ្ញុំចង់បានគឺគ្រាប់អង្កាំពណ៌ខ្មៅរលោងរបស់ខ្ញុំ។ ខ្ញុំទុកឱកាសអោយជាលើកចុងក្រោយម្តងទៀត! សន្យាមកថាអ្នកនឹងមិនប្រែប្រួលទៀតទេ!
ក្អាត់៖ អោយខ្ញុំសូមទោសផងចុះ! …ខ្ញុំសន្យា!
លើកនេះក្អាត់ក៏ជ្រុះកន្ទុយបាត់។
ដង្កូវ៖ នេះជាលើកទី៣ហើយដែលអ្នក មិនគោរពពាក្យសន្យា។ អ្នកមិនទុកខ្ញុំនៅក្នុងបេះដូងឡើយ។ អ្នកធ្វើអោយខ្ញុំខកចិត្តខ្លាំងណាស់!
ក្អាត់៖ ខ្ញុំមិនចង់ធ្វើដូច្នេះទេ។ នេះជាធម្មជាតិ! អ្នកនៅតែជាឥន្ធនូដ៏ស្រស់ស្អាតសំរាប់ខ្ញុំដដែល!
ដង្កូវ៖ តែអ្នកមិនមែនជាគ្រាប់អង្កាំពណ៌ខ្មៅរលោងរបស់ខ្ញុំទៀតទេ! លាហើយ!
ដង្កូវវារចេញទៅ សម្ងំយំរហូតដល់យប់ ហើយក៏ដេកលង់លក់ទៅ។ នៅពេលដែលគេភ្ញាក់ឡើង អ្វីៗដែលនៅជុំវិញខ្លួនគេហាក់ប្រែប្រួលទាំងអស់។ ខ្លួនបែរជាមានស្លាបក្លាយទៅជាមេអំបៅ។ មេឃក៏ប្រែប្រួល ដើមឈើក៏ប្រែប្រួល អ្វីៗទាំងអស់គឺប្រែប្រួល លើកលែងតែស្នេហារបស់គេចំពោះកូនក្អាត់។ ដង្កូវក៏សំរេចចិត្តមកសូមទោសក្អាត់វិញដែលនាងចោទថាមិនគោរព សន្យា។
នាងហោះហើរស្វែងរកកូនក្អាត់។
ពេលនោះនាងបានឃើញកង្កែប នាងក៏ហើរមកក្បែរ ហើយសួរថា៖តើអ្នកមានបានឃើញគ្រាប់អង្កាំខ្មៅរបស់ខ្ញុំទេ?
សួរមិនទាំងទាន់ចប់ផង កង្កែបក៏លោតស៊ីមេអំបៅបាត់ទៅ!
រួចហើយវាក៏លោតមកទំលើស្លឹកឈូកចាំមើល ផ្លូវឥន្ធនូរបស់វាយ៉ាងក្រៀមក្រំក្នុងចិត្តបន្តទៀត ដោយសង្ឃឹមថាថ្ងៃណាមួយនាងនឹងវិលមករកខ្លួនវិញជាមិនខាន៕
Nick Godwin អាយុ២៣ឆ្នាំ សំរាកមួយភ្លែតនៅលើគ្រែពេទ្យក្បែរកូនក្រមុំរបស់ខ្លួន Katie Kirkpatrick នៅខាងស្តាំដៃគាត់ ដែលកំពុងសំរាកព្យាបាល។
Nick Godwin ជាអនុប្រធាន Lapeer County Sheriff។ គាត់ធ្វើការវេនយប់។ គាត់បាននាំនាង Katie ចូលមន្ទីរពេទ្យនៅបីថ្ងៃមុនថ្ងៃរៀបអាពាហ៍ពិពាហ៍។
Katie Kirkpatrick, 21 ឆ្នាំ, កំពុងពាក់ក្រវិល ប៉ុន្មាននាទី មុនពេលរៀបការជាមួយ Nick Godwin, 23 ឆ្នាំ, ដែលនាងបានស្គាល់តាំងពីថ្នាក់ទី ១១ , នៅព្រះវិហារគ្រិស្ទ នៅ Hazel Park ក្នុងថ្ងៃសៅរ៍ ១៥ មករា ២០០៥។
Dave Kirkpatrick និង ប្រពន្ធ ឱ្យមេដៃសរសើកូនប្រសារប្រុស ដោយពេញចិត្តពួកគេ បន្ទាប់ពីពួកគេរៀបការនឹងគ្នា នៅព្រះវិហារ នៅ Hazel Park ក្នុងថ្ងៃសៅរ៍ ១៥ មករា ២០០៥។
Katie Kirkpatrick Godwin, រូបខាងស្ដាំ , នៅពេលប្ដីរបស់នាង, Nick Godwin, ច្រៀងប្រលោម រួមជាមួយនឹងកូនកំដរផ្សេងទៀត នៅឆាករាំ នៅ Boulder Point Golf Club និង Banquet Center នៅ Oxford, MI, ក្នុងថ្ងៃសៅរ៍ ១៥ មករា ២០០៥។
Katie Kirkpatrick, 21 ឆ្នាំ, និង Nick Godwin, 23 ឆ្នាំ, ឱបថ្នាក់ថ្នមគ្នាបន្តិច ក្នុងពេលរង់ចាំជាងថតដែលកំពុងតែរៀបចំការថត បន្ទាប់ពីរៀបការរួចនៅ ព្រះវិហារ នៅ Hazel Park ក្នុងថ្ងៃសៅរ៍ ១៥ មករា ២០០៥។
Katie Kirkpatrick Godwin, រូបកណ្ដាល, សម្រាកមួយភ្លែត ក្នុងពេលជប់លៀងអាពាហ៍ពិពាហ៍របស់នាង នៅ Boulder Point Golf Club និង Banquet Center នៅ Oxford, MI, ក្នុងថ្ងៃសៅរ៍ ១៥ មករា ២០០៥។ Katie អស់កម្លាំង។ មុខរបស់នាង ស ដូចជារ៉ូបអាពាហ៍ពិពាហ៍របស់នាង។
ប្រាំថ្ងៃក្រោយមក Katie បានស្លាប់។ ជំងឺ មិនបានធ្វើឱ្យនាង អស់ការតស៊ូក្នុងការរស់នៅនោះទេ នាងនៅតែមានសង្ឃឹម។ នាងទទួលបានអាពាហ៍ពិពាហ៍ដ៏សមរម្យមួយ នាងទទួលបានស្នេហាមួយ និង នាងបានផ្ដល់នូវស្នេហាមួយ ហើយស្នេហារបស់នាង មិនបានស្លាប់ឡើយ។ នេះហើយជាអ្វីដែលនាង Katie បានធ្វើដើម្បីប្រយុទ្ធនឹងជំងឺមហារីក។
“ទេវតាអឺយ ទេវតា បើព្រះអង្គជួយកូនចៅ ឱ្យធ្វើដំណើរដោយសុវត្ថិភាព កូនចៅនឹងថ្វាយប្រគេនប្រាក់ បានពីលក់គោមួយក្បាលនេះ ទាំងអស់ ដល់ចៅអធិការវត្តទុកសម្រាប់ធ្វើបុណ្យ។”
បុរសនោះក៏បានធ្វើដំណើរឆ្លងកាត់ព្រៃស្ងាត់នោះដោយសុវត្ថិភាព មែន តែគាត់នឹកស្ដាយក្រោយ ថា មិនគួរណាសន្យា ជាមួយទេវតា នាំឱ្យចំណាយអស់ប្រាក់សន្ធឹកសន្ធាប់យ៉ាងនេះសោះ។ ប៉ុន្តែភ្លាមនោះ គាត់បាននឹកឃើញ នូវគំនិតល្អមួយ។
ពេលទៅដល់ផ្សារ គាត់បានប្រកាសលក់គោរបស់គាត់ ក្នុងតម្លៃស្មើនឹង មាន់ពីរក្បាល។ មនុស្សជាច្រើនបានមកចោមរោមចង់ទិញគោរបស់គាត់ ព្រោះឮថា តម្លៃថោក។
- តែអ្នកដែលទិញគោនេះ ត្រូវតែទិញ មាន់ទាំងពីរក្បាលនេះដែរ !! កសិករនោះនិយាយ។
- អ៊ីចឹងក៏បាន ហើយចុះមាន់ទាំងពីរក្បាលនេះថ្លៃប៉ុន្មានដែរ ? អ្នកមកចោមរោមទិញសួរ។
កសិករនេះ លក់មាន់ទាំងពីរក្បាលថ្លៃស្មើគោមួយក្បាលរបស់គាត់។ គេក៏ព្រមទិញគោនិងមាន់ទាំងពីរក្បាលពីគាត់។ កសិករម្នាក់នេះ បានយកលុយប៉ុន្មានពាន់រៀល បានមកពីការលក់គោរបស់គាត់ យកទៅប្រគេនលោក តាមការសន្យាជាមួយទេវតា ហើយទុកលុយប៉ុន្មានលានរៀល បានមកពីលក់មាន់ យកទៅផ្ទះ។
សំណាងអាក្រក់ បាបកម្មដោយសារបោកប្រាសទេវតា បុរសម្នាក់នោះ បានជ្រុះបាត់លុយ នៅតាមផ្លូវពេលត្រលប់មកផ្ទះវិញ។
លុះអ្នកនេសាទត្រប់មកផ្ទះវិញស្រាប់តែឃើញខ្ទមកំសត់របស់ខ្លួន ក្លាយទៅជាវិមានដ៏ស្កឹមស្កៃ ហើយភរិយារបស់ខ្លួនទៀតសោតមានសំលៀកបំពាក់យ៉ាងស្រស់ឆើតឆាយ ប្រៀបដូចជាម្ចាសក្សត្រីយ៍។ អ្នកនេសាទមានចិត្តរីករាយយ៉ាងខ្លាំង។ ប៉ុន្តែភរិយារបស់អ្នកនេសាទនៅមិនសុខមិនសាប់ចង់ដឹងពីមូលហេតុដែល នាំអោយពួកគេបានទ្រព្យសម្បត្តិទាំងនេះមក។ នាងទទូចសួរអ្នកនេសាទជាប្តីទាល់តែអ្នកនេសាទនោះប្រាប់តាមដំណើរ ដើមទង។ និយាយមិនទាន់ផុតពីមាត់ផងស្រាប់តែវិមានស្កឹមស្កៃក្លាយមកជា ខ្ទមកំសត់ដូចដើមវិញហើយទ្រព្យរបស់ផ្សេងទៀតក៏រលាយបង់អស់ដែរ៕
ល្ងាចមួយព្រះនាងក្លែងខ្លួនជាស្ត្រីធម្មតាម្នាក់ រួចចូលទៅក្នុងតង់របស់បុរសទាំង៣នាក់នោះ។ ព្រះនាងចូលទៅចំពេលដែលឧកញ៉ាទាំង៣នាក់នោះទទួលទានអាហារ ហើយព្រះនាងក៏សុំអាហារខ្លះបរិភោគដែរ។ បុរសទី១ អោយអាហារនៅសល់របស់ខ្លួនទាំងប៉ុន្មានទៅនាង។ បុរសទី២ អោយកន្ទុយអូដទៅព្រះនាង។ បុរសទី៣ បានអោយចំណែកសាច់ដែលផុយនិងមានឱជារសរបស់ខ្លួនទៅនាង។
លុះស្អែកឡើង នាងបានអញ្ជើញបុរសទាំង៣នាក់នោះទៅបរិភោគអាហារនៅផ្ទះរបស់នាងវិញ។ នាងបានអោយអ្នកបំរើលើកម្ហូបដូចដែលបុរសទាំង៣បានអោយមកនាងកាល ពីល្ងាចមុន។ តែលើកនេះបុរសទី៣ មិនបរិភោគទេ ដោយទុកចំណែករបស់ខ្លួននេះជូនដល់នាងវិញ ដោយគាត់សុខចិត្តបរិភោគជាមួយឧកញ៉ា២នាក់ទៀត។ ទង្វើនេះធ្វើអោយព្រះនាងពេញចិត្តជាខ្លាំង។ ព្រះនាងក៏សំរេចចិត្តរៀបអភិសេកជាមួយបុរសទី៣នោះទៅ៕
មាន សត្វទុង១ដើរស្វែងរកចាប់ត្រីជាអាហារ លុះហែលទៅបានឃើញត្រីក្អិត១ ហែលនៅខាងមុខខ្លួន ទុងនោះក៏ចឹកត្រីក្អិតនោះបាន ទើបវាគិតថាអត្មាអញនេះជាបក្សីរូបធំ ត្រូវតែបរិភោគត្រីធំៗយ៉ាងត្រីរស់ ត្រីឆ្តោ ត្រីប្រាជាដើមនោះ ទើបសមនឹងសក្តិយសរូបអញនេះ អាត្រីក្អិតរូបតូចមួយនេះ មិនសមគួរនឹងរូបអញឡើយ គិតហើយទុងក៏លែងត្រីក្អិតនោះចោលទៅ ហើយក៏ហែលទៅមុខទៀត លុះដល់កន្លែងមួយក៏ឃើញត្រីចង្វា១ហែលមកខាងមុខ ទុងនោះចឹកបានហើយគិតទៀតថា ត្រីចង្វានេះតូចណាស់ពុំសមគួរនឹងអញជាបក្សីធំនេះឡើយ គិតហើយក៏លែងត្រីចង្វានោះចោលបង់ ហើយហែលទៅមុខទៀត បានយល់ត្រីចង្វាភ្លៀង១ ទុងក៏ចឹកបានលើកឡើងនឹងស៊ី ក៏គិតថាត្រីចង្វាភ្លៀងនេះរូបតូចពេកណាស់ ពុំគួរនឹងរូបអញជាធំ គិតហើយក៏លែងត្រី នោះចោលបង់
មានមនុស្សឆោតម្នាក់ជិះក្របីទៅស្រែយកស្រូវ១ល្អីទៅសាប ចៅនោះគិតថាអញ
ជិះក្របីនេះវាធ្ងន់ហើយ បើឯងដាក់ស្រូវ១ល្អីលើខ្នងវាទៀត
វារឹតតែធ្ងន់គ្នាណាស់ គួរតែជួយទូលវាកុំឲ្យគ្នាធ្ងន់ពេក ចៅនេះគិតដូច្នេះហើយទើបជិះក្របីបរទៅកាន់ស្រែ។
កាល ណោះ ព្រះមហាក្សត្រាធិបតី ប្រើរាជអាមាត្យឲ្យដើររកមនុស្សឆោតក្នុងព្រះនគរ ថាបើមនុស្សឆោតនៅក្នុងទីណានោះ ឲ្យរាជអាមាត្យនាំមនុស្សនោះចូលទៅគាល់ នឹងព្រះរាជទានរង្វាន់ឲ្យរាជអាមាត្យតាមក្តីគាប់។ ឯអាមាត្យដើររកគ្រប់ទីកន្លែងមិនឃើញសោះ លុះដើរមកដល់វាលស្រែ បែរទៅឃើញចៅជិះក្របីទូលល្អីស្រូវដូច្នេះក៏សំគាល់ថាចៅនេះឆោត ពិតប្រាកដ ទើបសួរទៅថា ចៅឯងនេះជិះលើខ្នងក្របីហើយស្រូវ១ល្អីនោះ ម្តេចមិនដាក់លើខ្នងក្របីទៅ ម្តេចខំទូលផង ចៅឯងម្តេចឆោតម្ល៉េះ?
មានខ្មោចប្រុសមួយ
អាស្រ័យក្នុងទីមួយបានឃើញប្រពន្ធអ្នកចំការម្នាក់
កើតកួចចិត្តប្រតិព័ទ្ធស្រឡាញ់នាងនោះ លុះណាប្ដីនាងមិននៅ
អាខ្មោចនោះវាប្លែងកាយនិមិ្មតជារូបប្តីនាង
ទៅដេកនឹងនាងនោះៗក៍សំគាល់ជាប្តីរបស់អាត្មា
មិនដឹងជាខ្មោចប្លែងឡើយ ព្រោះដូចគ្នាណាស់។
ឯខ្មោចនោះតែបានឱកាស គឺអ្នកចំការមិននៅហើយ វាក៍តែងប្លែងកាយជារូបប្តីមកដេកនៅនឹងនាង ជារឿយៗរាល់កាលនោះហោង លុះយូរបន្តិចមកចៅប្តីនោះទៅព្រៃ ឯអាខ្មោចវាប្លែងមកដេកនាងនៅក្នុង ផ្ទះ ដល់ពេលចៅប្តីមកផ្ទះក៍បានឃើញរូបខ្មោចដូចជារូបខ្លួន ដេកជាមួយប្រពន្ធខ្លួនដូច្នោះក៍ខឹងមហិមា ស្ទុះទៅចាប់អាខ្មោចៗក៍ឈ្លោះតបថា យើងជាប្តីនាងនេះ "ផ្ទះនេះជាផ្ទះរបស់យើង ហេតុអ្វី ចៅមកចាប់យើងជាម្ចាស់ផ្ទះយើងវិញ ចៅឯងមកពីទីស្ថានណា មិនដឹងជាយើងប្តីនាងនេះទេឬ " ។ ឯចៅប្តីក៏ឈ្លោះតបថា "ផ្ទះនេះជាផ្ទះរបស់យើង នាងនោះសោតក៏ជាប្រពន្ធរបស់យើង ហេតុអ្វីចៅមកថាជារបស់ខ្លួនដូច្នោះ "។
មានសត្វសំពោចមួយដើរទៅឃើញមាន់ចែទំលើប្រគាបឈើមួយ
ហើយសំពោចនោះចង់ស៊ីមាន់ទើបនិយាយជាកលឧបាយកុហកថា
"នែមាន់ចែជាសំឡាញ់! អើយឥឡូវអញកាន់ព្រះអាជ្ញា
ព្រះជាម្ចាស់ទ្រង់ត្រាស់ឲ្យប្រកាសប្រាប់អស់បណ្តាពួកសត្វដែលជា
ពៀរសត្រូវនឹងគ្នានោះថាឲ្យព្រមព្រៀងនឹងគ្នា
ចាប់ពីថ្ងៃនេះទៅកុំឲ្យមានសត្វណាយាយីគ្នាឡើយ នែមាន់ចែ
យើងបានសុខសប្បាយហើយ
ព្រោះព្រះជាម្ចាស់លោកប្រោសតាំងច្បាប់ថ្មីថា ឲ្យយើងជានឹងគ្នា
ឥឡូវនេះខ្ញុំយល់ថា បាឯងក៏មកជាសំឡាញ់ដូចបងប្អូនគ្នាពិតៗ
ចូរឯងចុះមកឲ្យគ្នាឱបថើបជាការមេត្រីបន្តិចទៅអេះ" ។
មានក្មេងកំព្រាម្នាក់រស់នៅស៊ីឈ្នួលលាងចានឲ្យគេ។
ក្មេងនោះជាក្មេងឧស្សាហ៍ធ្វើការជារៀងរាល់ថ្ងៃ
និងទទួលបានប្រាក់ខែជាទៀតទាត់។
សម័យថ្ងៃមួយព្រះចៅផែនដីទតឃើញក្មេងនោះកំពុងលាងចាន
ស្តេចត្រាស់សួរថា "ចៅឯងស៊ីឈ្នួលសព្វថ្ងៃនេះ
មានប្រាក់ប៉ុន្មានហើយ?" ។ ក្មេងនោះឆ្លើយថា
"សព្វថ្ងៃនេះខ្ញុំមានស្មើគ្នានឹងស្តេចផែនដី" ។ ស្តេចត្រាស់ថា
"ការស៊ីឈ្នួលគេក្នុងលោកនេះ
គឺការស៊ីឈ្នួលលាងចានជាការទាបថោកបំផុត
ម្តេចចៅឯងអួតខ្លួនថាមានសម្បត្តិស្នើយើងជាម្ចាស់ផែនដីផ្ទៃ
ក្រោមនេះ" ។
ឆ្នាំនេះឆ្នាំខាល ទឹកបែកពាសវាល ស្លាប់ខ្លាដំរី
ស្លាប់អស់បក្សា ម្រឹគាបក្សី ស្លាប់ខ្លាដំរី
គ្មានគង់តូចមួយ ។
ផ្ដៅអញនេះ អាណាវែងៗ អញព្យួរកូនចៅ អាណាខ្លីៗ អញព្យួរត្បាល់អង្រែ ឱសត្វទាំងឡាយអើយ ! ក្នុងឆ្នាំខាលនេះ នឹងស្លាប់អស់ហើយ គ្មានគង់ទេ ។
តាចន្ទ និយាយរកពុទ្ធោយ៉ាងនេះ ជាច្រើនដង ខ្លាស្ដាប់បានឮច្បាស់ គិតថា «គួរអញសួរតានេះចង់ដឹងមើល» ។ ទើបខ្លា សួរទៅតាចន្ទវិញថា «តាអើយតា ! ក្នុងឆ្នាំខាលនេះ ទឹកធំមែនឬ ?» ។ តាចន្ទ ធ្វើភ្ញាក់និយាយទៅនឹងខ្លាថា « ឱ ! ចៅ ! ឆ្នាំនេះទឹកធំណាស់ បានជាតាភ័យនឹងកូនចៅ ទើបតារកផ្ដៅ ដើម្បីចងព្យួរកូនចៅឱ្យផុតពីទឹក» ។ ខ្លាក៏មានចិត្តភិតភ័យនឹងពាក្យតាចន្ទ គិតខ្លាចស្លាប់ ក៏ចូលមកជិត ហើយនិយាយនឹងតាចន្ទថា «តាអើយ អាណិតចងព្យួរខ្ញុំឱ្យផុតពីទឹកផងបានឬទេ ?» ។ តាចន្ទឆ្លើយថា « បាន មិនអីទេចៅ ! អង្គុយមកចាំតានៅទីនេះសិនចុះ » ។ ខ្លាក៏ចូលមកអង្គុយចាំ ។ លុះតាចន្ទបោចវល្លិផ្ដៅបាន ក៏ត្រកួញធ្វើជារម្ងក ហើយចូលទៅចងចង្កេះខ្លា ។ តាចន្ទកាន់គល់ផ្ដៅឡើងទៅលើដើមឈើខ្ពស់ហើយបង្គាប់ខ្លាឱ្យលោត ឡើង ។ តាចន្ទក៏ស្រាវទាញឡើងឱ្យផុតជើងខ្លាពីដី រួចគាត់ចុះមកវិញ ។ ខ្លាសួរថា «តា! ប៉ុណ្ណេះផុតពីទឹកហើយឬអ្វី ?» ។ តាចន្ទឆ្លើយថា «ផុតហើយចៅ!» ។ តាចន្ទក៏កាន់កាំបិតទៅកាប់ឈើជាដំបូង ។ ខ្លាឃើញសួថា «តា! តាកាប់ដំបងធ្វើអ្វី ?»។ តាចន្ទថា « កាប់យកទៅផ្ទះ ក្រែងប្រទះនឹងសត្វឯទៀត វាប្រមាទតា » ។ ខ្លាឆ្លើយថា « គ្មានខ្លាឯណាទេតា! មានតែខ្ញុំនេះឯង តែងតែខាំគេរាល់ថ្ងៃ» ។ តាចន្ទដឹងថា «ឱ ! អានេះជាសត្វកាច បើដូច្នេះ អញនឹងវាយឱ្យអស់ចិត្ត ក្នុងគ្រានេះ» ។ ទើបតាចន្ទកាន់ដំបងចូលទៅដល់ខ្លាថា « ចៅនៅឱ្យស្ងៀម តានឹងមើលចំណងឱ្យ ក្រែងវារបូតលង់ទឹកស្លាប់» ។ ខ្លាក៏នៅស្ងៀម ទើបតាចន្ទលើកដំបងវាយខ្លាៗ ក៏ប្រឹងរើបម្រះ ស្រែករោទ៍ រលាករលួតស្បែកហើមខ្លួនជាខ្លាំង មុខគួរវេទនា ហើយខ្លាក៏ប្រឹងរើបម្រះ ក្រឡះខាំខ្សែផ្ដៅដាច់ គេចរត់ទៅ ។ តាចន្ទ ក៏វិលទៅខ្ទមចាំស្រែវិញ ។ និយាយពីខ្លាដែលរត់រួចទៅនោះ បានទៅជួបនឹងដំរីមួយ ដំរីឃើញខ្លាបោល ក៏ស្រែកសួរថា « បងខ្លាឯង ភ័យនឹងអ្វី ក៏បានជាបោលមិនមើលក្រោយសោះ » ។ ខ្លាប្រាប់ទៅដំរីវិញថា « បងអើយ ! អាចន្ទរំលៀក បញ្ឆោតវាយខ្ញុំហើមខ្លួនអស់ » ។ ដំរីសួរថា អាចន្ទរំលៀកនោះ នៅឯណា?»។ ខ្លាប្រាប់ថា « វាធ្វើស្រែនៅមាត់បឹងឯនោះ » ។ ដំរីថា « អញនឹងព្រេចឱ្យវាល្អិត កុំឱ្យវាធ្វើបាបគេ » ។ ខ្លាបោលហួសទៅ ដំរីក៏ដើររកតាចន្ទនឹងព្រេច ជួបនឹងតាចន្ទហើយ តែដំរីមិនស្គាល់សួរថា « តាៗស្គាល់អាចន្ទរំលៀកដែរឬ ? » ។ តាចន្ទ សួរដំរីថា « ចៅឯងសួររកគាត់ធ្វើអ្វី ? » ដំរីថា « ខ្ញុំខឹងណាស់ វាបញ្ឆោតវាយខ្លាហើមខ្លួនអស់ » ។ តាចន្ទឆ្លើយថា « តាចន្ទ គាត់នៅខ្ទមស្រែត្រើយខាងកើតមាត់បឹង ហ្ន ! ខ្ទមគាត់សៗនុះឯង » ។ ដំរីថា « តាអាណិតជូនខ្ញុំទៅ បើខ្ញុំព្រេចវាស្លាប់ បានរបស់អ្វីប៉ុន្មានខ្ញុំជូនតាទាំងអស់ » ។ តាចន្ទឆ្លើយថា « តាអរណាស់ ចៅអើយ ! ប៉ុន្តែទឹកបឹងនេះជ្រៅណាស់ តាទៅមិនរួចទេ » ។ ដំរីថា « បើទឹកជ្រៅ តាជិះលើក្បាលខ្ញុំមក » ។ តាចន្ទ ឆ្លើយថា « អើ បើដូច្នោះ ទៅក៏ទៅ » ។ តាចន្ទក៏កាន់កាំបិតព្រាមួយទៅផង លុះទៅបានចម្ងាយមួយស្រែតាចន្ទ ក៏កាប់ក្បាលដំរី ៣ – ៤ កាំបិត មុតចេញឈាម ។ ដំរីក៏គេចបោលមកវិញ ដល់គោក រលាស់ទម្លាក់តាចន្ទ ហើយដំរីក៏បោលទៅជួបនឹងខ្លាឃ្មុំៗ ស្រែកសួរថា « បងដំរីបោលអ្វីក៏គ្មានមើលក្រោយសោះ» ។ ដំរីប្រាប់ថា « បងខ្លាឃ្មុំអើយ ! អាចន្ទរំលៀកបញ្ឆោតកាប់ក្បាលខ្ញុំឈាមអស់ » ។ ឯខ្លាឃ្មុំ ក៏ជួយខឹងដំរី ហើយសួរទៅដំរីវិញថា «អាចន្ទនោះ វានៅឯណា ? » ។ ដំរីប្រាប់ថា « វានៅធ្វើស្រែនៅមាត់បឹងធំឯនោះ » ។ ដំរីក៏បោលបាត់ ។ ខ្លាឃ្មុំ ក៏មានចិត្តខឹងគុំគួន ប្រមាថ នឹងខាំបំបែកក្បាលតាចន្ទឱ្យស្លាប់ ។ លុះថ្ងៃក្រោយ ខ្លាឃ្មុំដើរៗទៅ ឃើញតាចន្ទភ្ជួរស្រែពេលព្រឹក ។ ខ្លាឃ្មុំនឹកថា «នេះហើយ តើអាចន្ទរំលៀកនោះ ដូច្នេះអញពួនចាំនៅនេះចុះ ចាំវាមកជិត អញលោតទៅខាំវាឱ្យបាន » ។ ខ្លាឃ្មុំក៏ប្រាបចាំនៅសំយាបព្រៃ ។ តាចន្ទមិនដឹងខ្លួន ។ តាចន្ទភ្ជួរស្រែយូរ ក្រទៅខ្លាឃ្មុំក្រោកអើតមើលមក តាចន្ទឃើញខ្លាឃ្មុំអើតដូច្នោះ គាត់គិតថា« សត្វនេះ វាចង់មកប្រមាថធ្វើទុក្ខអញទៀតហើយ » ។ តាចន្ទប្រុងខ្លួន ហើយវាយដេញក្របីថា « ហី ! អានាងខំទាញឡើង តាយកឃ្មុំឱ្យស៊ី ឃ្មុំតែពីរសម្បុក កំពុងពេញទឹកផ្អែម» ។ តាចន្ទ គាត់ថាយ៉ាងនេះជាច្រើនដង ។ ខ្លាឃ្មុំឮច្បាស់ ក៏មានចិត្តចង់ស៊ីឃ្មុំ ហើយឆ្លើយមកនឹងតាថា « តាៗ ! ចែកខ្ញុំស៊ីផង » ។ តាចន្ទឆ្លើយប្រាប់ទៅខ្លាឃ្មុំវិញថា « ចៅអើយ ឃ្មុំតាតែពីរសម្បុកទេ ទុកឱ្យក្របីវាស៊ីមួយម្នាក់ សោះញ័រខ្លួន បើចៅចង់ស៊ី ចូលមកនិយាយគ្នាសិន » ។ ខ្លាឃ្មុំ ក៏ចូលមកអង្គុយ ។ តាចន្ទថា « បើចៅចូលចិត្តស៊ីដែរ នឹងឱ្យស៊ីទាំងអស់តែម្ដងទៅ ខ្លាចក្រែងក្របីវាខឹងព្រោះវាធ្លាប់ស៊ីដែរ តែតាគិតថា ចៅឯង ឱ្យតាទឹមភ្ជួរស្រែ បានមួយព្យាមចុះ តានឹងឱ្យចៅស៊ីទាំងពីរសម្បុកតែម្ដង ឯក្របីតា ឱ្យវាអត់សិនទៅចុះ សឹមរកទៀត» ។ ខ្លាឃ្មុំស្ដាប់ ត្រូវចិត្តនឹងចំណីនោះ ព្រោះត្រូវចំណង់របស់ខ្លួន ក៏អរណាស់ថា « បើដូច្នេះ ឱ្យតាដោះក្របីចេញចុះ»។ តាចន្ទ ក៏ដោះក្របីចេញមួយរំពេច ។ ខ្លាឃ្មុំ ក៏ចូលទៅឱ្យតាចន្ទទឹម ដាក់ខ្សែទាមចងរឹតរួចស្រេច ។ តាចន្ទគាត់ស្ទុះទៅកាន់កន្ទុយយាមនង្គ័ល ហើយដេញថា ហី! អានាងខំឡើងតាយកឃ្មុំឱ្យស៊ី ឃ្មុំតែពីរសម្បុក កំពុងពេញទឹក ។ ខ្លាឃ្មុំ ខំប្រឹងទាញនង្គ័លពុំកក្រើកឡើយ ។ តាចន្ទគាត់ខឹង ក៏លែងកន្ទុយយាមនង្គ័លបែរទៅវាយឯខ្លាឃ្មុំៗក៏ខំប្រឹងរើបម្រះ តាចន្ទវាយខ្លាំងណាស់ ដល់ទៅបែកហើមខ្លួនទាំងមូល ។ លុះខ្លាឃ្មុំរើរួច បោលទៅជួបនឹងចចកៗ សួរខ្លាឃ្មុំថា «បងខ្លាឃ្មុំ បោលអីគ្មានមើលក្រោយម្ល៉េះ ?» ។ ខ្លាឃ្មុំប្រាប់ទៅវិញថា « បងចចកអើយ ! អាចន្ទរំលៀក វាបញ្ឆោតវាយខ្ញុំ ហើមខ្លួនអស់»។ ហើយខ្លាឃ្មុំបោលទៅ ។ ចចកក៏អួតថា « បើដូច្នោះ ទុកឱ្យអញទៅហែកលបតាចន្ទ យកត្រីចែកគ្នាស៊ី ឱ្យអស់ កុំទុកឱ្យវាឡើយ » ។ លុះព្រឹកឡើង តាចន្ទ គាត់កាន់កាំបិតព្រាមួយនិងច្រវាមួយ ទៅលើកលបគាត់ក្នុងបឹង ។ និយាយពីចចក មកដល់ កណ្ដាលផ្លូវជួបនឹងខ្លាត្រីមួយ ។ ចចកក៏បបួលខ្លាត្រីថា «បងខ្លាត្រី ទៅស៊ីត្រីនឹងអញ »។ ខ្លាត្រីតបថា « បងចចកឯង បានត្រីពីណា ?»។ ចចកថា « អញទៅហែកលបអាចន្ទរំលៀកចែកគ្នាស៊ី » ។ ខ្លាព្រមតាមចចក ក៏មកអង្គុយនៅមាត់បឹង យូរបន្តិច ឃើញតាចន្ទអុំទូកមក ចចកសួរថា « តាស្គាល់អាចន្ទរំលៀកដែរឬទេ?» ។ តាចន្ទថា « ស្គាល់ដែរ តែអាចន្ទនោះ វានៅត្រើយបឹងខាងឯណោះទេ » ។ ចចកថា បើដូច្នេះអាណិតជូនខ្ញុំទៅ បើខ្ញុំហែកលបវាបានត្រី ខ្ញុំចែកតាពាក់កណ្ដាល » ។ តាចន្ទថា « ទៅក៏ទៅ ដ្បិតលបតា ក៏វាពុំត្រូវផង » ថាហើយចចកក៏លោតទំក្បាលទូក ។ តាចន្ទថា « ចៅកុំទៅអង្គុយក្បាលទូក វាលិចណា ! មកអង្គុយខ្ទង់មុខតាឯណេះ ទើបវាមិនលិច>>។ ចចកក៏មកអង្គុយនៅមុខតាចន្ទ ហើយហៅខ្លាត្រីថា << មកបង ប្រញាប់នឹងអាលទៅ » ។ ខ្លាត្រីថា « បងចចក អញមិនហ៊ានទៅទេ អញក្រែងតាចន្ទហើយនេះ»។ ចចកបែរមើលក្រោយថា « មិនមែនទេ » ។ តាចន្ទគាត់នៅស្ងៀម ។ ខ្លាត្រីក៏ឡើងមកអង្គុយទឹមគ្នានឹងចចក ។ តាចន្ទគាត់អុំទូកទៅប្រមាណ១០ព្យាមពីច្រាំង គាត់កាប់ក្បាលចចកមួយកាំបិត ។ ចចកលោតធ្លាក់ទឹក ខ្លាត្រីក៏លោតធ្លាក់ទឹកទាំងអស់គ្នា ខ្លាត្រីបន្ទោសចចកថា « អញថាតាចន្ទហើយ ឯងថា មិនមែនតាចន្ទទេ » ។ ចចកថា « កុំមាត់ ខំតែហែលទៅ » ។ សត្វទាំងពីរ ក៏ហែលដល់គោក ហើយបោលទៅ ។ តាចន្ទនៅធ្វើស្រែស្រូវរួចហើយក៏ទៅផ្ទះ បានសេចក្ដីសុខសប្បាយ ។
ក្រោយមកតាចន្ទ មានចិត្តសង្វេគថា « ឱ ! សត្វទាំង៤ នេះនឹងចងវេរានឹងអញតទៅមុខពុំលែង ហើយវានឹងធ្វើបាបអញនេះមិនខាន ដូច្នេះគួរអញទិញដែកឱ្យច្រើន ធ្វើកាំបិតកោរដងដែកឱ្យបាន ៥០ឬ៦០ ទុកបម្រុងការពារខ្លួនដែលស្លាប់ទៅ ។ តាចន្ទ ធ្វើកាំបិតបានស្រេចហើយ គាត់ក៏ហៅកូនចៅមកផ្ដាំថា « បើអញស្លាប់ទៅហើយ យកអញទៅកប់ ឱ្យយកកាំបិតទាំងអស់នេះទៅដាក់លើផ្នូរកុំខាន ចូកដីលប់ឱ្យជិត លុះដល់៥ – ៦ ថ្ងៃ ឱ្យកូនចៅមើលផ្នូរអញកុំខាន >> ។ តាចន្ទ ផ្ដាំកូនចៅរួចហើយ គាត់ក៏មានជំងឺឈឺក្ស័យទៅ កូនចៅក៏យកខ្មោចតាចន្ទទៅកប់ ធ្វើដូចបណ្ដាំគាត់មិនហ៊ានខាន ។
និយាយពីសត្វទាំង៤ ដែលមានវេរានឹងគ្នានោះ កាលតាចន្ទស្លាប់ទៅបាន៣ថ្ងៃ សត្វចចកស៊ើបដឹងថា តាចន្ទស្លាប់ ក៏ទៅប្រាប់ខ្លាឃ្មុំៗ ប្រាប់ដំរីៗ ប្រាប់ខ្លាធំ ភ្ជុំបបួលគ្នាចូលមកកាយខ្មោចតាចន្ទរំលៀកស៊ី ។ ចចកកាយចុងជើង ខ្លាឃ្មុំកាយក្បាល ខ្លាធំកាយកណ្ដាលខ្លួន ។ ឯដំរីឈរចាំមើល ឃើញសត្វទាំង៣មុតជើងពិការជាខ្លាំង ដួលដេកអស់។ ដំរីខឹងនឹងខ្មោចតាចន្ទថា « ជើ ! អាចន្ទ កាចតាំងពីរស់ទាល់តែស្លាប់ មិនលែងកាចសោះ ទុកឱ្យអញឈូសតែម្ដងឱ្យប៉ើងខ្មោចមកនៅលើគោក » ។ ដំរីខឹងណាស់ លើកជើងឈូសជាខ្លាំង ត្រូវនឹងកាំបិតមុតពេញជើង ក៏ដេកដួលទាំងអស់គ្នា ។
ដល់កំណត់ថ្ងៃ៧ កូនចៅតាចន្ទ នាំគ្នាទៅមើលខ្មោច ស្រាប់តែឃើញដំរី ខ្លា ចចកស្លាប់ខាងផ្នូរ ក៏នាំគ្នាពន្លះយកសាច់ ស្បែក ឆ្អឹង ភ្លុក មកលក់យកប្រាក់ធ្វើបុណ្យ ឧទ្ទិសបញ្ជូនឱ្យខ្មោចតាចន្ទរំលៀកជាសូរេចហោង ។
សុភាទន្សាយ កាត់សេចក្ដីថា បើដូច្នេះត្រូវបងខ្លាឯងទៅដេកនៅត្រង់កន្លែងដដែល ឱ្យយូរដូចពីមុន បើដល់ពេលត្រូវភ្ញាក់ ហើយពុំស្លាប់ទេ សឹមបងឯងមកពិឃាដមនុស្សនេះធ្វើជាអាហារចុះ ។ ខ្លាទៅដេកតាមបង្គាប់ ពស់ក៏ចេញពីរន្ធមកចឹកខ្លានោះស្លាប់ទៅ ។ សុភាទន្សាយឃើញខ្លាស្លាប់ហើយក៏ប្រាប់ទៅបុរសនោះថា បងឯងកុំលាបថ្នាំឱ្យវាទៀតប្រាប់ហើយក៏លាចៅសុខទៅលំនៅវិញ ។
ពេលនោះអាចោរចិត្តជា វាដើរលួចគេ ហើយមកអង្គុយក្រោមផ្ទះ មន្រ្តីនោះវាបានឮដូច្នោះ មានចិត្តអាណិត ក៏យកប្រាក់៤០កហាបណៈពីផ្ទះវា វេចនឹងកំណាត់សំពត់ជាតី មកលូកដៃតាមប្រហោងជញ្ជាំងទៅទុកឱ្យមន្រ្តីនោះ រួចត្រឡប់មកវិញ ។ លុះភ្លឺច្បាស់មន្រ្តីនោះភ្ញាក់ឡើងក្រឡេកទៅឃើញបង្វេចសំពត់ជាតី ក៏ចាប់លើកស្រាយមើលឃើញប្រាក់៤០កហាបណៈ អរណាស់ ប្រាប់ប្រពន្ធថា «យើងបានប្រាក់៤០កហាបណៈហើយ គឺទេវតាឱ្យ» ។ ប្រពន្ធស្ទុះមកមើលឃើញច្បាស់ ក៏មានចិត្តត្រេកអរពន់ពេក ។
លុះដល់ថ្ងៃរសៀល មន្រ្តីនោះយកប្រាក់៤០កហាបណៈទៅថ្វាយស្ដេចដាក់ឃ្លាំង ។ ព្រះរាជាក៏តាំងមន្រ្តីនោះឱ្យធ្វើជាចៅហ្វាយស្រុកនៅរក្សាក្នុង ខេត្តនោះតទៅ ។
ឯអាចោរចិត្តជា កាលបានដឹងថាមន្រ្តីនោះ បានធ្វើជាចៅហ្វាយស្រុកហើយ ក៏ដើរស្វែងរកលួចអ្នកស្រុកក្នុងខេត្តនោះ ធ្វើដំណើរឱ្យគេចាប់ខ្លួនវាបាន ឯពួកម្ចាស់ទ្រព្យក៏នាំអាចោរចិត្តជានោះ ទៅជូនចៅហ្វាយស្រុកៗបង្គាប់មេគុកឱ្យដាក់ច្រវាក់ ឃុំទុកក្រោមផ្ទះលោក ។ វេលាយប់ស្ងាត់អាចោរចិត្តជា និយាយរអ៊ូតែម្នាក់ឯងថា «ឱ ! ហេតុតែឯងមានចិត្តអាណិតគេ កាលគេចង់ធ្វើចៅហ្វាយស្រុកខ្លួនឯង ប្រឹងយកប្រាក់៤០កហាបណៈវេចនឹងកំណាត់ជាតី មកឱ្យគេទាំងយប់ ឥឡូវគេបានធ្វើចៅហ្វាយស្រុកហើយ គេមិនមេត្តាករុណាឯងបន្តិចសោះ គេដាក់ច្រវាក់ ឃុំឯងទុកឱ្យវេទនា» ។ អាចោរចិត្តជា និយាយតែពាក្យដដែលៗម្នាក់ឯងមិនឈប់ ។
ឯចៅហ្វាយស្រុកនិងប្រពន្ធបានឮចោរនិយាយដូច្នោះ ក៏ប្រឹក្សាគ្នាថា «គួរឱ្យឆ្ងល់ណាស់ ចោរវានិយាយនេះត្រូវដូចរឿងខ្លួនយើង គួរតែយើងចុះទៅសួរវាឱ្យជាក់មើល» ។ ទើបចៅហ្វាយស្រុក ចុះពីផ្ទះទៅសួរចោរនោះថា «ឯងនិយាយរឿងអ្វី យើងឮ តែស្ដាប់បានខ្លះ មិនបានខ្លះ ចូរឯងនិយាយរឿងនោះឱ្យយើងស្ដាប់ក្នុងវេលានេះ តាមពិតមកមើល» ។ ទើបអាចោរចិត្តជានិយាយថា «ខ្លួនខ្ញុំនេះ ជាមនុស្សប្រព្រឹត្តចោរកម្ម ដើរតែលួចទ្រព្យគេរាល់យប់ យកមកចិញ្ចឹមជីវិត កាលដែលលោកនៅជាមន្រ្តីតូច ពុំទាន់បានធ្វើចៅហ្វាយស្រុកនៅឡើយ វេលាយប់មួយនោះ ខ្ញុំដើរលួចគេ ហើយមកអង្គុយក្រោមផ្ទះលោក ឮលោកនិងប្រពន្ធនិយាយថា «យើងនឹងរកប្រាក់៤០កហាបណៈពីណាបានយកទៅថ្វាយស្ដេច ដើម្បីឱ្យបានធ្វើចៅហ្វាយស្រុកក្នុងខេត្តមួយ» ។ ប្រពន្ធលោកថា «យើងក្រីក្រម្ល៉េះ នឹងបានប្រាក់ពីណា ?» ។ ខ្ញុំឮដូច្នោះមានចិត្តអាណិតលោក ក៏ទៅយកប្រាក់៤០កហាបណៈពីផ្ទះ វេចនឹងកំណាត់សំពត់ជាតី មកដាក់ជិតក្បាលដំណេក ទុកជូនលោក រួចខ្ញុំត្រឡប់ទៅវិញ ថ្ងៃក្រោយឮគេនិយាយថា «លោកបានធ្វើចៅហ្វាយស្រុក ខ្ញុំក៏មកលួចគេក្នុងខែត្រនេះ គេចាប់ខ្លួនខ្ញុំបាននាំមកជូនលោកៗ ក៏ធ្វើទោសខ្ញុំ មិនប្រណី» ។
ចៅហ្វាយស្រុកបានស្ដាប់ ក៏ជឿជាក់ឥតសង្ស័យ ហើយថា ឱ! អាសម្លាញ់អើយ ឯងនិយាយនេះពិតប្រាកដមែន ដែលអញបានធ្វើចៅហ្វាយស្រុក ពីព្រោះតែឯងជួយ វេលានេះឯងកុំភ័យ កុំតូចចិត្ត អញនឹងដោះឯងឱ្យរួចចេញពីទោស មួយទៀតឯងនិងអញត្រូវយកគ្នាជាសម្លាញ់តទៅ ។
ចៅហ្វាយស្រុកសួរថា «ឯងឈ្មោះអី ?» ។ បុរសនោះជម្រាបថា «ខ្ញុំឈ្មោះអាចោរចិត្តជា» ។ សួររួចហើយ លោកចៅហ្វាយស្រុកក៏ឡើងទៅលើផ្ទះវិញ ។
លុះភ្លឺច្បាស់ចៅហ្វាយស្រុក បង្គាប់មេគុកឱ្យដោះអាចោរចិត្តជារួចពីទោស ហើយនិយាយថា «អាសម្លាញ់ឯងនៅនឹងអញចុះ អញចិញ្ចឹមឯងពីថ្ងៃនេះតទៅ ឯងកុំលួចគេទៀត» ។ អាចោរចិត្តជាឆ្លើយថា «រឿងលួចនោះ អញមិនឈប់ទេ ដែលអញលួចទ្រព្យគេនេះ គ្រាន់យកទៅចិញ្ចឹមមាតាម៉េម៉ាយ» ។ ចៅហ្វាយស្រុក ក៏ឱ្យប្រាក់៣០កហាបណៈឱ្យទៅឱ្យមាតា ។ អាចោរចិត្តជាមិនព្រមយក ។ ចៅហ្វាយស្រុកសួរថា ផ្ទះសម្លាញ់ឯងនៅឯណា ? ចូរឯងប្រាប់អញឱ្យត្រង់ ។ អាចោរចិត្តជាប្រាប់ថា «អញនៅផ្ទះនោះ» ហើយលាចៅហ្វាយស្រុកទៅផ្ទះវិញ ។
គ្រានោះ លោកយមរាជនិងមន្រ្តីតូចម្នាក់ កើតក្ដីវិវាទទាស់ទែងគ្នា ជាយូរខែហើយ, មន្រ្តីតូចនោះ គុំគិតសម្លាប់លោកយមរាជនោះឱ្យបាន ។ មន្រ្តីតូចនោះមានស្រីបម្រើម្នាក់ជាទីទុកចិត្ត ប្រើដូចម្ដេចបានទាំងអស់ ។ ស្រីបម្រើនោះខំផ្គាប់ផ្គុនចៅហ្វាយមិនឱ្យទាស់ចិត្ត ។ វេលាយប់ស្ងាត់មន្រ្តីនោះនិយាយនឹងស្រីបម្រើថា «វេលានេះ ចូរឯងអាណិតអញ ពីព្រោះអញស្អប់លោកយមរាជណាស់ អញចង់សម្លាប់ចោល តែមិនដឹងរកអ្នកណាជួយរឿងនេះ សព្វថ្ងៃអញឃើញតែឯងមានប្រាជ្ញា ហើយមន្រ្តីនោះបង្គាប់ស្រីបម្រើថា «ចូរឯងចេញពីអញទៅយកប្រាក់លោកយមរាជ នៅនឹងគេចុះ រួចឯងខំផ្គាប់ផ្គុនគេ ឱ្យដូចកាលនៅនឹងអញ បើឯងបម្រើខាងក្រៅ ដល់លោកយមរាជនោះគេទុកចិត្តស្និទ្ធស្នាល ត្រូវឯងចូលបម្រើខាងក្នុង លុះបានហើយឯងចាំមើលរាល់វេលាយប់ស្ងាត់កាលណាយមរាជនោះដេកលក់ ចូរឯងរម្លាយសំណឱ្យក្ដៅពុះ រួចយកទៅចាក់ក្នុងមាត់ទៅ លោកយមរាជនឹងស្លាប់មិនខានគ្មានអ្នកណាដឹងឡើយ បើឯងធ្វើបានដូចគំនិតនេះ អញនឹងចេញប្រាក់លោះឯងមកវិញឱ្យរួចពីខ្ញុំគេ» ។ ស្រីបម្រើនោះទទួលការសព្វគ្រប់ ។
វេលាយប់នោះ អាចោរចិត្តជាដើរលួចគេ ហើយវាមកអង្គុយក្រោមផ្ទះមន្រ្តីនោះ កាលមន្រ្តីនោះកំពុងនិយាយបង្គាប់ស្រីបម្រើ ឱ្យសម្លាប់យមរាជដូចម្ដេចៗ ក៏វាស្ដាប់ការណ៍បានទាំងអស់ ។
ថ្ងៃក្រោយ ស្រីបម្រើនោះលាម្ចាស់ទៅរកប្រាក់លោកយមរាជ ហើយសុំនៅផង លោកយមរាជក៏ទទួលចេញប្រាក់ លោះឱ្យទៅបម្រើរៀងមក ។ នាងនោះខំបម្រើផ្គាប់ផ្គុនលោកយមរាជ និងលោកជំទាវមិនឱ្យទាស់ចិត្ត ។ លោកយមរាជនិងជំទាវ ក៏ទុកចិត្តស្និទ្ធស្នាល ឱ្យចេញចូលក្នុងក្រៅ បម្រើជិតដិតរៀងមក ។ វេលាមួយនោះ ពេលយប់ស្ងាត់ស្រីបម្រើនោះវាដឹងថា លោកយមរាជនិងលោកជំទាវសម្រាន្តលក់ហើយ វាដុតភ្លើងរម្លាយសំណឱ្យក្ដៅពុះ ហើយវាលើកសំណនោះចាក់ក្នុងមាត់លោកយមរាជៗស្លាប់ទៅរួចត្រឡប់ទៅ ដេកតាមកន្លែងវិញ ។
លុះព្រឹកឡើង លោកជំទាវភ្ញាក់ បានដឹងថាប្ដីខ្លួនស្លាប់ ក៏ស្រែកទ្រហោយំ ។ មនុស្សផ្អើលមកមើល ឃើញលោកយមរាជស្លាប់មែន តែមិនដឹងជាស្លាប់ដោយរោគអ្វីព្រោះគ្មានស្លាកស្នាមបន្តិចសោះ ។ លោកជំទាវនោះ ទៅក្រាបថ្វាយបង្គំទូលស្ដេចតាមរឿងដែលស្លាប់ ។ ព្រះរាជាទ្រង់ចាត់ឱ្យមន្រ្តីមកមើល តែមិនដឹងជាស្លាប់ដោយរោគអ្វី ព្រោះគ្មានហេតុស្លាកស្នាម ក៏ទៅក្រាបបង្គំទូលតាមរឿង ។ ព្រះរាជាទ្រង់ឱ្យយកសពទៅបញ្ចុះទុកតាមសមគួរ ។
ក្រោយនោះ ជារដូវបុណ្យទ្វាទសមាស នាហ្មឺនសព្វមុខមន្រ្តីចូលគាល់ព្រះមហាក្សត្រៗ ទ្រង់មានព្រះរាជឱង្ការថា បើអ្នកឯណារកឈ្មោះមនុស្សដែលសម្លាប់យមរាជ បានដឹងច្បាស់ប្រាកដ យើងឱ្យធ្វើទីយមរាជ រួចទ្រង់ស្ដេចយាងចូលទៅខាងក្នុងវិញ ។ សេនាបតី នាហ្មឺនសព្វមុខមន្រ្តី ក៏ទៅផ្ទះរៀងខ្លួន ។
គ្រានោះ ចៅហ្វាយស្រុក ដែលជាសម្លាញ់នឹងអាចោរចិត្តជា ចង់ធ្វើយមរាជណាស់បានទៅរកអាចោរចិត្តជាៗសួរថា «អាសម្លាញ់ឯង មករកអ្វី ? » ។ ចៅហ្វាយស្រុកប្រាប់ថា «អញមក មានការសួរឯងបន្តិច ដ្បិតលោកយមរាជស្លាប់ ដោយឥតមាននរណាដឹងថាជាស្លាប់ព្រោះរោគអ្វី ឥឡូវស្ដេចមានព្រះរាជឱង្ការថា៖ បើអ្នកឯណារកឈ្មោះមនុស្សដែលសម្លាប់លោកយមរាជឃើញពិតប្រាកដ ទ្រង់នឹងឱ្យធ្វើទីយមរាជ រឿងនេះ អាសម្លាញ់ឯងបានដឹងឬទេ ? ដ្បិតអញចង់ធ្វើយមរាជណាស់» ។ អាចោរចិត្តជាឆ្លើយថា រឿងនេះអញបានដឹងច្បាស់ ព្រោះនៅវេលារាត្រីមួយនោះ អញដើរលួចគេហើយអញមកអង្គុយក្រោមផ្ទះមន្រ្តីតូចម្នាក់ នៅខាងជើងផ្ទះលោកយមរាជ ឆ្ងាយពីគ្នាបន្តិច មន្រ្តីនោះប្រាប់ស្រីបម្រើម្នាក់ថា អញស្អប់លោកយមរាជពេក ចង់សម្លាប់ចោល ព្រោះជាសត្រូវនឹងអញ ក្នុងគ្រានេះ ត្រូវឯងជួយអញជាប្រាកដ ដូច្នេះត្រូវឯងចេញពីផ្ទះអញ ទៅរកផ្ទះលោកយមរាជនៅ បើគេព្រមទទួលឱ្យនៅ ត្រូវឯងខំបម្រើឱ្យត្រូវចិត្តគេ បើគេទុកចិត្តស្និទ្ធស្នាល ប្រើចេញចូលខាងក្នុងវេលាណា លុះដល់យប់ស្ងាត់ ឯងត្រូវដុតភ្លើងរម្លាយសំណឱ្យក្ដៅពុះ ហើយយកទៅចាក់ក្នុងមាត់លោកយមរាជកំពុងដេកលក់ គង់ស្លាប់មិនខាន ។ រឿងនេះអញលបស្ដាប់បានចាំប្រាកដ ចូរសម្លាញ់ឯងទៅទូលស្ដេចតាមរឿងនេះចុះ តែត្រូវឱ្យគាស់ខ្មោចលោកយមរាជនោះយកមកវះមើល បើឃើញសំណនៅក្នុងពោះខ្មោចនោះមែន អាសម្លាញ់ឯងនឹងបានធ្វើយមរាជមិនខាន» ។ ចៅហ្វាយស្រុកស្ដាប់យកការណ៍បានហើយ ត្រឡប់ទៅផ្ទះវិញ ។
ថ្ងៃក្រោយចៅហ្វាយស្រុក ទៅទូលស្ដេចតាមរឿង ស្ដេចទ្រង់ឱ្យភ្នាក់ងារទៅចាប់មន្រ្តីនិងស្រីនោះ យកមកឃុំទុក ហើយទ្រង់ឱ្យគាស់ខ្មោចលោកយមរាជយកមកវះមើល ឃើញសំណនៅក្នុងពោះមែន ទើបទ្រង់ឱ្យជំនុំជម្រះរឿងនោះ ឯមេស្រីនោះឆ្លើយថា «ខ្ញុំសម្លាប់លោកយមរាជពិតប្រាកដ» ទ្រង់ឱ្យប្រហារជីវិតទាំងពីរនាក់ចោលទៅហើយទ្រង់ក៏តាំងចៅហ្វាយ ស្រុកនោះ ឱ្យធ្វើទីយមរាជ ។
ឯចៅហ្វាយស្រុក កាលបើបានធ្វើទីយមរាជហើយ ឱ្យបម្រើទៅហៅអាចោរចិត្តជា ជាសម្លាញ់ លុះវាមកដល់ប្រាប់ថា អាសម្លាញ់អើយ ! ឯងមានគុណនឹងអញច្រើនណាស់ ឥឡូវនេះអញបានធ្វើយមរាជហើយ , ដែលអញបានធ្វើយមរាជនេះ គឺដោយសារឯងជួយអញ ពីថ្ងៃនេះទៅឯងកុំលួចទៀត អញចិញ្ចឹមមាតាឯង និងសម្លាញ់ឯងលុះអស់ជីវិត» ។
អាចោរចិត្តជាឆ្លើយថា «អញសុំលួចតែម្ដងទៀត» ។ ថាតែប៉ុណ្ណោះវាក៏ត្រឡប់ទៅផ្ទះវិញ លុះយប់អាចោរចិត្តជា ទៅលួចដង្ខៅម្នាក់បានប្រាក់និងសំពត់អាវជាច្រើនយកមកជូនមាតា ។ លុះព្រឹកឡើងអាចោរចិត្តជាមកប្រាប់លោកយមរាជថា «អាសម្លាញ់យប់មិញ អញលួចគេ បានប្រាក់និងសំពត់អាវច្រើនណាស់ ពីថ្ងៃនេះតទៅ អញលះចោលរឿងរកស៊ីលួចគេហើយ អាសម្លាញ់ឯងជឿចុះ» ។ លោកយមរាជតបថា «បើឯងឈប់រកស៊ីលួចគេនោះ អញអរណាស់ បើខ្វះខាតអ្វីមករកអញៗ ឱ្យឯងកុំទើសទាល់ អញចិញ្ចឹមឯងលុះអស់ជីវិត» ។
អាចោរចិត្តជា ក៏លាលោកយមរាជទៅផ្ទះវិញ ទៅនៅរក្សាមាតាជាសុខសប្បាយ ។
មនុស្សចិត្តជា តែងមានគ្នាជាទីពឹង
ថ្ងៃក្រោយវេលាព្រឹក បុរសទៅជីកក្ដាមនៅកន្លែងដដែលនោះ បានក្ដាមមួយយកទៅលក់ឱ្យអ្នកផ្សារ គេក៏ទិញយកទៅទៀត ។ បុរសនោះត្រឡប់មកផ្ទះវិញ ។
នៅទីនោះ មានមហាសេដ្ឋីម្នាក់ មានកូនស្រីក្រមុំច្រើន កូនស្រីបងៗទាំងប៉ុន្មាន មហាសដ្ឋីរៀបឱ្យមានប្ដីអស់ នៅតែកូនស្រីពៅម្នាក់ ឈ្មោះនាងពៅប្រកែកមិនព្រមយកប្ដី សូម្បីមហាសេដ្ឋីជាឪពុកម្ដាយ បង្ខំឱ្យមានប្ដីម្ដេចម្ដា ក៏នាងមិនព្រម ។
រីឯបុរសនោះ លុះថ្ងៃក្រោយ ទៅជីកក្ដាមនៅទីកន្លែងដដែល បានមួយទៀត ហើយកាន់យកទៅលក់ ។ នាងពៅ កូនក្រមុំមហាសេដ្ឋីបានឃើញ ក៏ហៅមកសួរថា «អ្នកកំលោះ យួរក្ដាមទៅណា ?» ។ បុរសនោះជម្រាបថា «ខ្ញុំយកទៅលក់» ។ នាងពៅក៏ទិញយក ហើយនាងប្រាប់ថា «ពីថ្ងៃនេះទៅ បើអ្នកបានក្ដាម កុំលក់ឱ្យអ្នកណា ត្រូវអ្នកយកមកលក់ឱ្យខ្ញុំ រាល់ថ្ងៃកុំខាន» ។ ដែលទៅជាយ៉ាងនេះ ដោយនាងនោះ មានចិត្តប្រតិពទ្ធនឹងបុរសនោះណាស់ តែអ្នកនោះមិនដឹងខ្លួនទេ ។ បុរសនោះ បានប្រាក់ហើយត្រឡប់មកផ្ទះវិញ ។ ថ្ងៃក្រោយបុរសនោះ ទៅជីកក្ដាមនៅទីកន្លែងដដែលបានទៀត រួចយកមកលក់ឱ្យតែនាងពៅនោះរាល់ៗថ្ងៃ ។ នាងពៅក៏ចេះតែទទួលទិញយកក្ដាមមិនដែលខាន ហើយមានចិត្តរឹតតែស្រឡាញ់បុរសនោះខ្លាំងឡើង ក៏ធ្វើឫកពាកិរិយាឱ្យបុរសនោះដឹង ។ បុរសនោះដឹងជាក់ថា «នាងនោះស្រឡាញ់ខ្លួនប្រាកដ» តែដោយពិចារណាថា សព្វថ្ងៃនេះខ្លួនជាអ្នកក្រីក្រលំបាកណាស់ ហើយកំព្រាផង ក៏មិនហ៊ាននិយាយថាម្ដេចឡើយ ។
ចំណែកបងស្រីៗប៉ុន្មាននាក់ បានឃើញនាងពៅជាប្អូន ធ្វើឫកពាកិរិយាស្រឡាញ់បុរសលក់ក្ដាមនោះពន់ពេក ក៏នាំគ្នាទៅជម្រាបមហាសេដ្ឋី ជាមាតាបិតា «នាងពៅជាប្អូន ធ្វើឫកពាស្រឡាញ់បុរសជីកក្ដាមនោះក្រៃពេក បុរសនោះបានក្ដាមយកមកលក់ឱ្យតែនាងពៅ ឯនាងពៅចេះតែទទួលទិញរាល់តែថ្ងៃ រួចធ្វើឫកពាកិរិយាស្រឡាញ់បុរសនោះណាស់ ទោះបីខ្ញុំទាំងអស់គ្នា និយាយទូន្មានដូចម្ដេច ក៏មិនស្ដាប់មិនតាម រឹតតែធ្វើខ្លាំង» ។ សេដ្ឋីជាបិតាមាតា ឮដូច្នោះខឹងច្រឡោតឱ្យហៅនាងពៅមក ជេរបន្ទោស ត្មះតិះដៀលថា «ហងនេះ ជាមនុស្សរឹងត្អឹងទទឹងនឹងចិត្តមាតាបិតា អញឱ្យមានប្ដី ទៅមនុស្សមានទ្រព្យសម្បត្តិ ហងឯងប្រកែកមិនព្រមយក ឥឡូវហងស្រឡាញ់អាមនុស្សកម្សត់លក់តែក្ដាមវិញ ហងឯងនេះអាក្រក់ណាស់ ចុះចេញពីផ្ទះអញឱ្យឆាប់ទៅយកអាកម្សត់លក់ក្ដាមនោះចុះ ចាប់ពីថ្ងៃនេះទៅហងឯង កុំមកឡើងផ្ទះអញ សូម្បីតែក្នុងភូមិក៏ចូលមិនបាន អញកាត់ចោលហើយ» ។ ចំណែកមាតាកាត់ចិត្តមិនដាច់ពីកូនពៅ ក៏លបវេចរបស់ស្រាលៗ ដែលមានតម្លៃ ឱ្យនាងពៅជាកូន ។ នាងពៅក៏សំពះលាមាតាយកបង្វេចដែលមាតាឱ្យនោះ ចុះចេញពីផ្ទះ សំដៅទៅផ្ទះបុរសលក់ក្ដាម និយាយពីរឿងដែលបិតាខឹងបណ្ដេញសព្វគ្រប់ ប្រាប់បុរសនោះៗ បានស្ដាប់ហើយ ឆ្លើយតបថា «សព្វថ្ងៃ ខ្លួនខ្ញុំនេះ ក្រីក្រជាទីបំផុត ហើយកំព្រាតែម្នាក់ឯងផង នាងត្រឡប់ទៅវិញចុះខ្ញុំមិនហ៊ានទទួលយកនាងទេ ខ្ញុំខ្លាចមហាសេដ្ឋីជាបិតានាងចាប់ទោស យកខ្ញុំទៅសម្លាប់» ។ នាងពៅតបថា «ខ្ញុំមិនទៅវិញទេ ស៊ូស្លាប់នឹងអ្នកហើយ!»។ បុរសនោះសួរថា «បើដូច្នេះ យើងគិតដូចម្ដេច ?» ។ នាងពៅឆ្លើយថា «បើអ្នកគិតឃើញយ៉ាងណា ខ្ញុំទទួលធ្វើតាមយ៉ាងនោះទាំងអស់» ។
បុរសនោះ នាំនាងពៅចេញចោលផ្ទះ ទៅនៅស្រុកក្រៅ ហើយធ្វើផ្ទះ១ខ្នងសម្រាប់ លុះព្រឹកឡើងមកជីកក្ដាម នៅទីដដែល យកទៅលក់ដូចថ្ងៃមុនទៀត បានប្រាក់ហើយទិញវត្ថុផ្សេងៗផ្ញើប្រពន្ធ ហើយប្រព្រឹត្តយ៉ាងនេះជាច្រើនថ្ងៃ ។ ហេតុតែជាស្រីគ្រប់លក្ខណ៍ នាងពៅនោះ ក៏ប្រណិប័តន៍ប្ដីមិនឱ្យទាស់ចិត្ត វេលាយប់ចូលដំណេកនាងពៅនិយាយនឹងប្ដីថា «ខ្ញុំសូមចិត្តប្ដី ! តាំងពីថ្ងៃនេះតទៅ សូមអ្នកកុំទៅជីកក្ដាមទៀតឡើយ ព្រោះប្រាក់កាសយើងមានច្រើនហើយ បើអ្នកចង់ទិញរបស់អ្វីៗ ក៏ទិញតាមចិត្តអ្នកចុះ ។ ប្ដីមិនព្រមតាម ។
លុះព្រឹកឡើង ប្ដីកាន់ចបទៅជីកក្ដាមទៀត ។ ប្រពន្ធឃើញដូច្នោះក៏លបដើរតាមទៅមើលដល់ទីកន្លែង ឱ្យឃើញច្បាស់មិនឱ្យដឹង លុះឃើញច្បាស់ហើយក៏ត្រឡប់មកផ្ទះវិញ ។ ចំណែកប្ដីជីកបានក្ដាមហើយយកទៅលក់ រួចទិញម្ហូបចំណីផ្ញើប្រពន្ធ ។
ថ្ងៃក្រោយ ប្ដីទៅកាប់អុសក្នុងព្រៃឆ្ងាយ នាងពៅបានឃើញប្ដីទៅរកអុស ក៏កាន់ចបទៅជីករំលើង នៅទីកន្លែងដែលប្ដីជីកក្ដាមនោះអស់ រួចត្រឡប់មកផ្ទះដាំបាយធ្វើម្ហូបចំណីទុកឱ្យប្ដីបរិភោគ ថ្ងៃល្ងាចត្រជាក់ ប្ដីមកពីព្រៃ ក៏បរិភោគបាយជាមួយគ្នា ។
លុះព្រឹកឡើង ប្ដីកាន់ចបទៅជីកក្ដាមទៀត ឃើញទីកន្លែងដីនោះធ្លុះធ្លាយរលើងរលុះខ្ចាត់ខ្ចាយអស់ ហើយបានឃើញសម្បកក្ដាមមួយធំប្លែកស្ងួតស្អាត ដូចជាហាលថ្ងៃយូរហើយ អ្នកនោះក៏កាន់សម្បកក្ដាមយកមកទុកក្រោមផ្ទះ មិនបានប្រាប់ភរិយាឱ្យដឹងទេ ភរិយាក៏សួរប្ដីថាដូចម្ដេចឡើយ ។ ដល់វេលាយប់ចូលដំណេកនាងពៅកាន់ប្រាក់របូតពីដៃជ្រុះមួយណែនទៅ ក្រោមផ្ទះ ធ្លាក់ទៅលើសម្បកក្ដាមនោះ នាងមិនហ៊ានប្រាប់ឱ្យប្ដីដឹង ដោយគិតថា «ចាំព្រឹកភ្លឺច្បាស់ឡើង សឹមចុះទៅយកប្រាក់មកទុកវិញ» ។ លុះព្រឹកឡើង នាងចុះពីផ្ទះទៅយកប្រាក់មួយណែនដែលធ្លាក់នោះ ស្រាប់តែឃើញប្រាក់ណែនពេញសម្បកក្ដាម នាងអរណាស់ យកមកឱ្យប្ដីៗសួរថា «នាងបានប្រាក់ពីណាច្រើនម្ល៉េះ ?» ។ នាងពៅជម្រាបប្ដីថា «កាលពីយប់មិញ ខ្ញុំកាន់ប្រាក់ដើម្បីយកទៅទុកខាងក្នុង ក៏របូតមួយណែនពីដៃ ធ្លាក់ទៅក្រោមផ្ទះ ខ្ញុំពុំបានចុះទៅយក ពីព្រោះគិតឃើញថា «ផ្ទះនៅឆ្ងាយពីគេ គ្មាននរណាដឹងឬឃើញ ចាំព្រឹកភ្លឺច្បាស់សឹមចុះទៅយកមកទុក ខ្ញុំចុះទៅយកស្រាប់តែឃើញប្រាក់ណែនពេញសម្បកក្ដាម ខ្ញុំក៏យកមកជូនអ្នក» ។ ប្ដីមានអំណរពន់ប្រមាណ ហើយនិយាយប្រាប់ប្រពន្ធថា «ពីថ្ងៃនេះតទៅ បងឈប់ជីកក្ដាមហើយ» ។ ប្រពន្ធអរណាស់ រាល់តែវេលាយប់ អ្នកទាំងពីរនាក់ប្ដីប្រពន្ធនាំគ្នាទម្លាក់ប្រាក់ទៅចំសម្បក ក្ដាមធំ ព្រឹកឡើងចុះទៅមើល ឃើញប្រាក់ពេញសម្បកក្ដាមនោះ ក៏យកមកទុករៀងរាល់ថ្ងៃ ទើបទម្លាក់ប្រាក់រៀល ព្រឹកឡើងឃើញប្រាក់រៀល ទើបទម្លាក់ប្រាក់ណែន ព្រឹកឡើងឃើញប្រាក់ណែន ទើបទម្លាក់គ្រឿងមាសពេជ្រ ព្រឹកឡើងឃើញគ្រឿងមាសពេជ្រ ពេញសម្បកក្ដាម ។ អ្នកទាំងពីរប្រព្រឹត្តយ៉ាងនេះចំនួនមួយឆ្នាំមានប្រាក់មាស និងគ្រឿងប្រដាប់ប្រើប្រាស់ ច្រើនណាស់រាប់មិនអស់ ទើបប្រឹក្សាគ្នាថា «យើងមានប្រាក់មាស និងគ្រឿងប្រដាប់ច្រើនម្ល៉េះ តើយើងបានអ្វីនឹងទុករបស់ទាំងអស់នេះ ?» លុះគិតឃើញ ក៏នាំគ្នាយកប្រាក់ និងគ្រឿងមាសពេជ្រទាំងអស់ទៅជីកកប់ទុកច្រើនអន្លើ ។
ក្រោយពីនោះមក ទាំងពីរនាក់ប្ដីប្រពន្ធ នាំគ្នាទៅសួរមហាសេដ្ឋីជាមាតាបិតា ទៅដល់បងស្រីទាំងអស់បានឃើញជេរថា «មេចោរចង្រៃឯង នាំប្ដីកម្សត់លក់តែក្ដាមមករកអ្វី ? ហងឯងបានឮឬទេ លោកឪពុកបណ្ដេញកាត់កាល់ចោលហើយ សូម្បីតែក្នុងភូមិ ក៏លោកហាមមិនឱ្យចូលដែរ ? មេចង្រៃឯង ចេញពីភូមិឱ្យឆាប់» ។ នាងពៅឆ្លើយថា «បងទាំងអស់ កុំមើលងាយខ្ញុំៗមកនេះដើម្បីសួរមាតាបិតាព្រោះលោកមានគុណលើ ខ្ញុំៗ មិនមកសុំទ្រព្យសម្បត្តិលោកទេ សម្បត្តិបងឯងទាំងអស់ ក៏ខ្ញុំមិនសុំដែរ ខ្ញុំមើលទៅទ្រព្យសម្បត្តិបងទាំងអស់ មានប៉ុណ្ណោះ ខ្ញុំមិនកោត មិនព្រឺឡើយ សូម្បីតែរោមជើងខ្ញុំ ក៏វាមិនព្រឺផង» ។
បងទាំងអស់ខឹងណាស់ ជេរប្រទេសចថា «ហងឯងនេះអួតណាស់ អញមិនជឿទេ» ។ នាងពៅថា «បើមិនជឿ ភ្នាល់គ្នាចុះ» ។ បងទាំងនោះថា «ភ្នាល់ដូចម្ដេច?» ។ នាងពៅថា «ឱ្យបងទាំងអស់ រាប់ប្រាក់ខ្ញុំមើល ឱ្យអស់ក្នុងមួយថ្ងៃ បើរាប់អស់ ខ្ញុំបែងចែកឱ្យរាល់គ្នា បើរាប់មិនអស់ ខ្ញុំមិនឱ្យទេ តែខ្ញុំយល់ថា កុំថាឡើយរាប់មួយថ្ងៃ ទោះជារាប់ពីរឬបីថ្ងៃ ក៏មិនអស់ដែរ» ។ បងទាំងនោះឆ្លើយថា «អញព្រមទៅរាប់ តែហងកុំកុហក អញវាយហងសម្លាប់» ។ នាងពៅប្រាប់ថា «តាមចិត្ត» ។ បងៗនាំគ្នាទៅរាប់ប្រាក់នាងពៅ រាប់តាំងពីព្រឹកទល់ល្ងាចក៏មិនអស់ នាំគ្នាត្រឡប់មកផ្ទះវិញជម្រាបសេដ្ឋីជាមាតាបិតាថា «នាងពៅជាប្អូនវាអួតថាខ្លួនវាមានប្រាក់ច្រើន ខ្ញុំទាំងអស់គ្នាមិនជឿ ហើយវាថាបើមិនជឿ ឱ្យទៅមើលឯផ្ទះវាចុះ ខ្ញុំទាំងអស់គ្នាក៏ទៅមើល ឃើញវាមានប្រាក់ច្រើនមែន ក៏ភ្នាល់នឹងវាៗថា បើខ្ញុំទាំងអស់គ្នា រាប់ប្រាក់វាអស់ក្នុងមួយថ្ងៃ វានឹងឱ្យខ្ញុំយកចែកគ្នាចុះ បើរាប់មិនអស់ វាមិនឱ្យទេ ទោះខ្ញុំទាំងស់គ្នា ចាប់រាប់តាំងពីព្រឹកទាល់ល្ងាច ក៏មិនអស់ប្រាក់វា បានជាត្រឡប់មកជម្រាបមាតាបិតាសូមជ្រាប» ។ មហាសេដ្ឋីបានស្ដាប់ ក៏ចាត់ក្រមការឱ្យទៅមើលប្រាក់នាងពៅឱ្យជាក់ច្បាស់ ។ នាងពៅក៏នាំទៅមើលគ្រប់កន្លែង ។ ក្រមការទាំងនោះបានឃើញប្រាក់នាងពៅ មានច្រើនប្រាកដមែន ក៏ត្រឡប់មកជម្រាបមហាសេដ្ឋីតាមដំណើរសព្វគ្រប់ ។ មហាសេដ្ឋីបានជ្រាបមានចិត្តត្រេកអរណាស់ ក៏ចាត់បម្រើឱ្យទៅហៅនាងពៅនិងកូនប្រសាមកប្រាប់ថា «កូនឯងមកនៅជាមួយនឹងមាតាបិតាវិញចុះ» ទើបមហាសេដ្ឋីបង្គាប់ក្រមការឱ្យកេណ្ឌរទេះក្របីគោជាច្រើន ទៅដឹកជញ្ជូនប្រាក់និងទ្រព្យសម្បត្តិនាងពៅ យកមកទាំងអស់ ដាក់លើផ្ទះពាសពេញល្វែង ។ មហាសេដ្ឋីឃើញប្រាក់នាងពៅច្រើនមែន មានអំណរពន់ប្រមាណ ក៏សរសើរថា «កូនអញនេះ ពេញជាមានបុណ្យ អំណឹះតទៅកូនទាំងពីរនឹងបានធ្វើជាសេដ្ឋីតំណវង្សពុំខាន ឯការណ៍ដែលបិតាខឹងបណ្ដេញកូននោះ អ្នកកុំប្រកាន់ខឹងនឹងបិតា» ។ នាងពៅនិងប្ដីក៏នៅផ្ទះជាមួយមាតាបិតាដូចដើមវិញ ។ ចំណែកបងស្រីទាំងប៉ុន្មានក៏កោតខ្លាចនាងពៅ និងប្អូនថ្លៃនោះណាស់ ។ លុះមហាសេដ្ឋីជាបិតាទទួលមរណភាពទៅវេលាណា ប្ដីនោះនិងនាងពៅភរិយា ក៏បានឡើងធ្វើជាសេដ្ឋីជំនួសបិតាតទៅ ។
ឯប្រុសសាហាយ ឃើញប្ដីមេនោះ ក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទាន់ ក៏ចូលទៅពួនក្នុងពាងធំ១ នៅខាងដំណេក សម្ងំចាំប្ដីនោះដេក ខ្លួននឹងចេញពីពាងទៅដេកនឹងមេនោះទៀត ។ ប្ដីបានឃើញ តែធ្វើមិនឃើញមិនដឹង ប្រាប់ប្រពន្ធថា «រងាណាស់ ឯងដាំទឹកឱ្យគ្នាងូតបន្តិច នឹងអាលស្លាប់» ។ មេនោះ ឮថាចង់ស្លាប់ដូច្នោះ អរណាស់ ដ្បិតត្រូវនឹងពាក្យដែលត្រូវបន់អ្នកតា ។
លុះប្រពន្ធដាំទឹកពុះហើយ ប្ដីថា «ទៅដងទឹកត្រជាក់បាន១ក្អមមកយកមកលាយនឹងទឹកក្ដៅនេះ» ។ ប្រពន្ធឮប្ដីប្រើដូច្នោះ ក៏យកក្អមចេញទៅដងទឹក ។ ប្ដីឃើញប្រពន្ធចេញទៅបាត់ ក៏ក្រោកឡើងដើរទៅលើកទឹកពុះ១ខ្ទះ នោះយកទៅស្រោចលើសាហាយ ដែលនៅក្នុងពាងនោះស្លាប់ទៅ ហើយចូលទៅដេកវិញ ធ្វើជាថ្ងូរហ៊ឹៗទៀត។ មេនោះវិលពីដងទឹកមកវិញ មើលទៅឃើញសាហាយត្រូវទឹកក្ដៅរួញសរសៃដូចគេដកចេញពីពាងមក ក៏ឱនខ្សឹបថា «ថ្វីក៏មិនឱនទៅវាមិនទាន់ទេ» ។ អានោះឆ្ងក់ដដែល ។ មេនោះយកដៃទៅចាប់ជ្រមុជទៅ ត្រូវស្លឹកត្រចៀក រលេះជ្រុះទាំងសក់ មើលបានដឹងជាប្ដីស្រោចទឹកក្ដៅស្លាប់សាហាយទៅហើយ ក៏ពុំស្ដី យកគម្របពាងមកគ្រប ហើយយកទឹកឱ្យប្ដីងូត ។ ឯប្ដីក៏មិនស្ដី ទឹកក៏មិនងូត ប្រាប់ប្រពន្ធថា អញគ្រាន់បើហើយ» ។ ហើយហៅប្រពន្ធចូលទៅដេកទៅ ។
លុះព្រឹកព្រហាមឡើង មេនោះ ពុំដឹងបើគិតដូចម្ដេច និងយកខ្មោចឱ្យរួចចេញផុតពីផ្ទះ ក៏នឹកឃើញថា «ក្នុងស្រុកនេះ មានចោរ៤នាក់ តែងតែលបលួចអីវ៉ាន់អ្នកផងសព្វថ្ងៃ សព្វយប់គ្រប់ភូមិ ដូច្នេះអញនឹងគិតឱ្យចោរទាំង៤នាក់នោះ យកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃឱ្យបាន» គិតហើយក៏ដើរខ្ចី សំពត់ ហូល អាវព្រែគេ យកមកហាលជុំវិញផ្ទះ ។ ឯចោរទាំង៤នាក់នោះឃើញហើយគិតគ្នាថា «ជើ! មេនោះមានណាស់តើ! យប់នេះ យើងទៅលបលួចវាឱ្យបានកុំខាន សព្វថ្ងៃយើងស្មានថាវាក្រ» ។ មេនោះក៏ហាលសំពត់ហូលអាវព្រែនោះ លុះដល់ពេលល្ងាចយកទៅជូនគេវិញ ហើយយកខ្សែចងរឹតរូតពាងខ្មោចនោះឱ្យជាប់ ទុកឱ្យចោរចូលលួចមកសែងយកទៅ។
ឯចោរទាំង៤នាក់ លុះយប់ក៏បបួលគ្នាទៅលួច ចូលទៅរករបស់ទាំងនោះពុំឃើញ,ប្រទះឃើញតែពាងមួយ ចងមាត់ជាប់ បើកពុំរួច ។ ចោរទាំង៤នាក់ និយាយគ្នាថា «របស់អស់នោះវាដាក់ក្នុងពាងនេះហើយ បើដូច្នេះត្រូវយើងសែងពាងនេះ» ថាហើយក៏នាំគ្នាសែងពាងនេះទៅ ដល់ព្រៃឆ្ងាយក៏ស្រាយលូកមើល ។
អាមួយលូកដៃទៅ ត្រូវសក់ថា «វើយ សូត្រ» ដកដៃចេញ ។ អាមួយលូកដៃទៅត្រូវស្លឹកត្រចៀក ត្រូវភ្នែក ច្រមុះ ស្រែកថា «វើយខ្មោចទេ» ។ អាមួយ មិនជឿ លូកដៃទៀត ត្រូវដើមទ្រូង ដឹងថាខ្មោចមែន ក៏ស្ទុះរត់ចោលហើយខឹងណាស់ថា ដ្បិតមេនោះ បញ្ឆោតឱ្យសែងខ្មោចចោលបាន ។ ចោរទាំង៤នាក់គិតគ្នាថា «យើងឃ្លាំមើលមេនោះ បើឃើញវាដើរទៅណាតែម្នាក់ឯង ត្រូវគ្នាយើងចោមរោម ចាប់វាវាយឱ្យវារាង កុំឱ្យវាបញ្ឆោតយើងទៀត ។ ចួនជាថ្ងៃមួយ មេនោះចុះទៅកំពង់រកទិញអីវ៉ាន់ ដ្បិតមានសំពៅទើបនឹងមកដល់ពីស្រុកក្រៅ ។ មេនោះដើរដល់កណ្ដាលផ្លូវក៏ជួបនឹងចោរទាំង៤នាក់នោះ ចោរឃើញក៏នាំគ្នាព្រួតចាប់នឹងវាយ ហើយជេរពីរឿងដែលវាបញ្ឆោតនោះ ។ មេនោះឆ្លើយថា «ណ្ហើយអ្នក បើអ្នកវាយខ្ញុំ ក៏ឥតប្រយោជន៍ដែរ ដ្បិតខ្ញុំទៅទារប្រាក់ពីនាយសំពៅ ដូច្នេះចូរមក! អញ្ជើញទៅនឹងខ្ញុំៗទារប្រាក់បាន ចែកគ្នាចាយលេង» ។
ចោរទាំង៤នាក់ឮថាវាទៅទារប្រាក់ដូច្នោះ ក៏ចូលចិត្តបបួលគ្នាទៅ មេនោះផ្ដាំចោរទាំង៤នាក់ថា «អស់អ្នកឈរចាំខ្ញុំ នៅលើច្រាំងចុះ បើកាលណាឃើញខ្ញុំបោយដៃនោះ អ្នកនាំគ្នាចុះទៅចុះ បានប្រាក់ហើយ» ។
មេនោះ និយាយផ្ដាំចោរទាំង៤នាក់ ហើយក៏ចុះទៅសំពៅនិយាយនឹងនាយសំពៅ លក់ចោរទាំង៤នាក់ វាថាចោរនេះជាខ្ញុំរបស់វា ហើយចង្អុលបង្ហាញនាយសំពៅថា «នុះហ្ន! វាទាំង៤នាក់ បើវាចុះមក ខ្ញុំឡើងទៅលើគោក សូមអ្នកចាប់ដាក់ច្រវាក់វាឱ្យជាប់ទៅ កុំឱ្យវារត់បាន» ។ នាយសំពៅព្រមហើយ សួរថា «ខ្ញុំនាងឯងទាំង៤នាក់លក់ថ្លៃប៉ុន្មាន ? ។ មេនោះថា «ម្នាក់ថ្លៃពីរណែន» ។ នាយសំពៅឱ្យមួយណែនកន្លះ វាក៏ព្រមលក់ ហើយចេញមកក្រៅ បក់ដៃហៅចោរទាំង៤នាក់ ។ ចោរទាំង៤នាក់គិតស្មានថាវាហៅឱ្យទៅយកប្រាក់ ក៏នាំគ្នាចុះទៅ ដល់ហើយស្រាប់តែនាយសំពៅប្រើមនុស្សឱ្យដាក់ច្រវាក់នៅបាតសំពៅ ទាំងអស់គ្នា ។ មេនោះក៏យកប្រាក់ឡើងមកបាត់ ។ បានប្រាក់ហើយ មេនោះដើរវិលមកផ្ទះវិញ ដល់កណ្ដាលផ្លូវចួនជាយប់ពុំហ៊ានដើរទៅទៀត ក៏ឡើងទៅដេក លើដើមឈើមួយនៅប្របផ្លូវនោះ ។ ឯចោរទាំង៤នាក់ លុះនាយសំពៅដាក់ច្រវាក់ជាប់ហើយ ក៏និយាយគ្នាថា «ជើមេនេះហៅពេញជាប្រាជ្ញាធំ វាបញ្ឆោតឱ្យយើងសែងខ្មោចទៅចោលក្នុងព្រៃហើយ ឥឡូវវាលក់យើងបានទៀត» ។ ចោរទាំង៤នាក់ខឹងណាស់ កាច់ច្រវាក់បាក់រត់ចេញពីសំពៅ ដើរឡើងមកលើគោក រត់មកទាំងយប់នោះ ចួនជាយប់យូរណាស់ ក៏នាំគ្នាឡើងទៅដេកលើដើមឈើធំ ដែលមេនោះដេក ។ ចោរបីនាក់ឡើងទៅដេកលើមែកដោយខ្លួនពីគ្នា ។ ចោរម្នាក់ឡើងទៅក៏ជួបនាងនោះ នៅលើចុងឈើ អាចោរនោះថា «អី ! ហងឯងស្លាប់ហើយម្ដងនេះ! ហងឯងធ្លាប់បញ្ឆោតយើង ឥឡូវហងឯងរត់ចុះបើរួច!» ។ មេនោះលើកប្រាក់បង្ហាញ ហើយឱនខ្សឹបថា «ណ្ហើយអ្នក! អ្នកកុំស្ដីកុំឱ្យអ្នកទាំងបីនាក់ទៀតដឹង ហើយយើងត្រូវយកគ្នាជាប្ដីប្រពន្ធ នឹងយកប្រាក់នេះទៅចាយរកស៊ីស្រួលជាង អ្នកកុំធ្វើបាបខ្ញុំធ្វើអ្វី» ។
អាចោរឮដូច្នោះក៏មិនស្ដីខិតចូលទៅជិត លូកឱបកៀកមេនោះហើយថា «អើប្អូនឯងហៅប្រាជ្ញាធំ បញ្ឆោតខ្ញុំពីរបីដងហើយ ឥឡូវបងបាននាងជាប្រពន្ធ ដោយសារព្រេងសំណាងយើង» និយាយហើយក៏ឱបតាមចិត្តមេត្រី ។ មេនោះពុំបម្រះហើយថា «ខ្ញុំខ្លាចក្រែងអ្នកស្រឡាញ់ខ្ញុំមិនស្មោះ ឯខ្ញុំស្រឡាញ់អ្នកស្មោះចិត្តមួយហើយ» ។ អាចោរនោះថា «បងស្រឡាញ់ស្មោះហើយ នាងពុំដឹងចិត្តបង ចង់ឱ្យបងស្បថ ឬឱ្យបងធ្វើម្ដេច ?» ។ មេនោះថា «បងស្រឡាញ់ចិត្តមួយនឹងគ្នា មានតែលិឍអណ្ដាតគ្នា» ទើបមេនោះលៀនអណ្ដាត ហើយឱនទៅរកអាចោរនោះ ។ ឯអាចោរលិឍអណ្ដាតមេនោះ ហើយលៀនអណ្ដាតឱ្យមេនោះលិឍវិញ មេនោះខាំអណ្ដាតអាចោរនោះដាច់អស់មួយកំណាត់ ហើយច្រានទម្លាក់ពីលើចុងឈើធ្លាក់ដល់ដី ស្រែកឮតែឡុលៗ ។ ឯចោរបីនាក់ គិតស្មានថា នាយសំពៅចោមចាប់ ក៏លោតពីលើមែកឈើរត់ទៅហើយស្រែកហៅគ្នាថា «វ៉ឺយ! គ្នាយើងរត់នាយសំពៅដេញហើយ» ។ អាចោរដែលដាច់អណ្ដាតនោះ ស្រែកហៅគ្នាវាថា «មេនោះ នៅលើចុងឈើ ត្រូវមកចាប់» ប៉ុន្តែវាដាច់អណ្ដាតដូច្នោះ និយាយមិនច្បាស់ ឮតែឡុលៗ គ្នាវាគិតស្មានថាគេដេញចាប់ចេះតែប្រឹងរត់យកតែប្រះអាយុរៀង ខ្លួន ។ ឯមេនោះ ចុះពីលើចុងឈើ យកប្រាក់ទៅផ្ទះឱ្យប្ដី នៅរកស៊ីជាមួយនឹងប្ដីជាសុខសប្បាយតទៅ ។
មហាសេដ្ឋីក្រាបទូលឆ្លើយទទួលថា «កូនមែន» ។ ស្តេចមានព្រះបន្ទូលថា «បើកូនមហាសេដ្ឋីឯង អញសុំធ្វើជាកូនអញ» ។ មហាសេដ្ឋីក៏ថ្វាយបុរសនោះទៅស្តេច ហើយក្រាបបង្គំលាទៅផ្ទះវិញ ។ ស្តេចមានព្រះរាជបុត្រីមួយព្រះអង្គ ទ្រង់ក៏រៀបផ្សំផ្តុំនឹងបុរសកម្សត់នោះ ជាប្តីប្រពន្ធទៅ ហើយអភិសេកឱ្យឡើងសោយរាជ្យយូរទៅ ស្តេចបុរសនឹកឃើញទៅដល់មាស ដែលនៅក្នុងត្រពាំង ក៏ត្រាស់បង្គាប់ទៅមហាសេដ្ឋីឪពុក ឱ្យទៅដឹកមាសមកដាក់ឃ្លាំងទុក ។
មានមួយថ្ងៃ ស្តេចបុរសនោះ ចង់ចេញទៅកាន់ចុងព្រះរាជរោង ឱ្យសេនាបតីគាល់ ក៏ទៅទូលស្តេចឪពុកៗ ទ្រង់ហាមថា « ឯងជាតិជារាស្រ្ត បើចេញទៅត្រូវយកមហេសីទៅផង » ។ ស្តេចបុរសទ្រង់យាងចេញទៅកាន់ចុងព្រះរាជរោង ជាមួយអគ្គមហេសី ពួកនាហ្មឺនទាំងពួងគាល់ត្រៀបត្រា ។ វេលានោះ ទេវតាអាក្រក់ ដែលរក្សាបុរសនោះអំពីដើម ត្រឡប់មកវិញក៏ជួបទេវតាល្អ ហើយនិយាយថា «ឥឡូវនេះអ្នករក្សាមនុស្សនេះ តាំងពីនៅលំបាក ទាល់តែបានធ្វើជាស្តេចថែមទៀត នោះឃើញថាអំណាចអ្នកពូកែមែន បើបើដូច្នេះអ្នកចេញទៅ ឱ្យខ្ញុំរក្សាម្តង» ។ ទេវតាល្អ ប្រគល់សេ្តចកម្សត់ឱ្យទៅទេវតាអាក្រក់ហើយហោះទៅ ។ ពេលនោះ មានភ្លៀងផ្គរ ទេវតាអាក្រក់ក៏បណ្តាលចិត្តស្តេចបុរសនោះមួយរំពេច ស្តេចនោះមិនបានគិត លោមានព្រះបន្ទូលចំពោះពួកនាហ្មឺន ដែលគាល់ត្រៀបត្រាថា អញឮផ្គរលាន់ ស្រណោះកាលនៅឃ្វាលក្របីពីដើមណាស់ » គ្រាន់តែប៉ុណ្ណោះ មហេសីឮក៏ស្ទុះទៅរកព្រះបិតាហើយក្រាបទូលថា «ព្រះវរបិតា មិនគួរឱ្យខ្ញុំម្ចាស់ទៅអាមនុស្សឃ្វាលក្របីនេះ សោះខ្ញុំម្ចាស់លែងយកហើយ ព្រោះវានិយាយចំមុខនាហ្មឺន ដែលគាល់ត្រៀបត្រាថា « ឮផ្គូរលាន់ ស្រណោះកាលនៅឃ្វាលក្របីពីដើម ខ្ញុំម្ចាស់ខ្មាសពួកនាហ្មឺនសព្វមុខមន្រ្តីណាស់ ខ្ញុំម្ចាស់មិនយកជាប្តីទេ» ។ ស្តេចបិតាឮដូច្នោះ ក៏ឱ្យចាប់ស្តេចនោះយកទៅដាក់គុកទៅ ។ ដាក់គុកបានពាក់កណ្តាលថ្ងៃ ទេវតាល្អដែលរក្សាមុននោះត្រឡប់មកវិញ ហើយនិយាយទៅនឹងទេវតាអាក្រក់ថា «អ្នកមានឫទ្ធិណាស់ ចូលមករក្សាភ្លាម ស្តេចបុរសបានជាប់គុកភ្លាម ដូច្នេះអ្នកអញ្ជើញទៅចុះ ទុកឱ្យខ្ញុំរក្សាវិញ» រួចហើយទេវតាល្អក៏បណ្តាលចិត្តស្តេចបុរសៗនឹកឃើញភ្លាមថា « អញមិនគួរភ្លាត់សម្ដីឱ្យទាល់តែជាប់គុកសោះ ប៉ុន្តែគ្មានអ្នកណាដឹងថា អញជាប់គុកនៅឡើយទេដូច្នេះអញបង្គាប់ទៅសេដ្ឋីឪពុកអញ ឱ្យយកមាសដែលមកពីក្នុងត្រពាំងនោះ ដំធ្វើជារូបក្របី ១០០ ដាក់ជើងពានមាស ១០០ យកមកឱ្យអញក្នុងថ្ងៃស្អែកនេះពីព្រឹក» គិតតែប៉ុណ្ណោះក៏ប្រើមេគុកឱ្យទៅប្រាប់សេដ្ឋីថា «ស្តេចមានព្រះបន្ទូលថា ឱ្យយកមាសដំធ្វើរូបក្របី ១០០ ដាក់លើជើងពានមាស ១០០ ហើយយកទៅថ្វាយស្តេចដល់កន្លែងទ្រង់» ។ សេដ្ឋីឮហើយ ក៏ហៅជាងទាំងពួង ឱ្យធ្វើក្នុងមួយយប់ឱ្យហើយ លុះព្រឹកឡើង ឱ្យខ្ញុំស្រីសេដ្ឋី១០០ នាក់ ទូលយកទៅថ្វាយសេ្តចក្នុងព្រះរាជវាំង ។ ស្តេចបិតាក្មេកទតមកឃើញ ឱ្យអាមាត្យរត់ទៅមើល ។ អាមាត្យមកក្រាបទូលវិញទ្រង់មានព្រះបន្ទូលឱ្យហៅអ្នកទូលក្របី នោះមក ហើយទ្រង់មានព្រះបន្ទូលថា «នាងឯងរាល់គ្នា យកក្របីមាសនេះទៅណា?» ។ ស្រីទាំងនោះថា « ខ្ញុំម្ចាស់យកមកថ្វាយព្រះអង្គ» ។ ស្តេចទ្រង់ជ្រាប ទ្រង់ឱ្យហៅព្រះរាជបុត្រីថាមហេសីស្តេចកម្សត់ ឱ្យចេញមកមើល ហើយមានព្រះបន្ទូលថា «កូនអើយ! ដែលប្តីឯងវាថាស្រណោះកាលឃ្វាលក្របីនោះ មិនមែនក្របីសត្វទេ គឺរូបក្របីមាសនេះឯង កូនមើលក្របីនេះចុះ ណ្ហើយកូនកុំខឹងនឹងប្តី យកប្តីវិញទៅ » មានព្រះបន្ទូលតែប៉ុណ្ណោះក៏ទ្រង់ឱ្យទៅដោះស្តេចបុរសកម្សត់មក ហើយទ្រង់អភិសេកនឹងនាងជាព្រះរាជបុត្រីឱ្យឡើងសោយរាជសម្បត្តិ ជាសុខសប្បាយរៀងទៅ ព្រមទាំងយាយជីដូននៃបុរសនោះផង ៕៚
ឫទ្ធិនៅទេវតា ប្រាជ្ញានៅមនុស្ស
ថ្ងៃ១មានសំពៅមួយមកពីស្រុកចិន បុរសនោះក៏ចុះទៅសួរគេថា «អ្នកនាយសំពៅអើយ! អ្នកដែលបានប្រទះឃើញខ្មែរម្នាក់ដែរឬទេ ? គាត់ទៅនៅរកស៊ីស្រុកចិន ៥ឆ្នាំហើយ» ។ នាយសំពៅប្រាប់ថា «ឃើញខ្មែរម្នាក់ដែរ ឥឡូវគេបានជាចៅសួមានងារធំក្នុងស្រុកចិន គ្មានអ្នកណាមានស្មើទេ?» ។ បុរសសួរទៅនាយសំពៅទៀតថា «អ្នកនាយសំពៅអញ្ចើញទៅវិញថ្ងៃណា?»នាយសំពៅថា «៣ថ្ងៃទៀតខ្ញុំវិលទៅវិញហើយ » ។ បុរសនិយាយនឹងនាយសំពៅថា «អ្នកនាយសំពៅ បើអ្នកអញ្ជើញទៅវិញ សូមអ្នកអាណិតឱ្យខ្ញុំសូមដោយសារទៅផង» ។ នាយសំពៅព្រមឱ្យទៅ ។ បុរសនោះក៏លានាយសំពៅមកផ្ទះវិញ ។ ទៅដល់ផ្ទះ បុរសនិយាយនឹងប្រពន្ធថា «នាងអើយ!យើងសព្វថ្ងៃនេះ ក្រលំបាកណាស់ ឥឡូវនេះឮដំណឹងថាបងអញ ដែលទៅនៅស្រុកចិនគេមាន គេបានជាចៅសួធំក្នុងស្រុកចិន ឥឡូវបងចង់ទៅសួរ ក្រែងបងគេឃើញឯងក្រ គេអាណិតឱ្យប្រាក់កាសចាយ សំពត់អាវស្លៀកពាក់ខ្លះ» ។ ប្រពន្ធឮប្តីថាដូច្នោះ សួរថា «ចុះអ្នកទៅជាមួយអ្នកណា? » ។ បុរសជាប្តីប្រាប់ថា បងសុំដោយសារសំពៅគេ គេព្រមឱ្យទៅ ៣ ថ្ងៃទៀត គេចេញសំពៅហើយ» ។ ប្រពន្ធថា «បើអ្នកទៅក៏ទៅចុះ» ។ លុះដល់៣ថ្ងៃ បុរសក៏ចុះទៅ ។ នាយសំពៅឃើញបុរសនោះទៅ ក៏គេហៅចុះសំពៅចេញទៅ ។ កាលបើសំពៅរៀងទៅ បុរសនោះមើលថែទាំ ជួយរក្សារបស់ទ្រព្យនាយសំពៅដូចរបស់ខ្លួន ។ នាយសំពៅឃើញបុរសនោះមានគំនិតមារយាទល្អ ក៏ស្រឡាញ់រាប់អានអាណិត ឱ្យបាយទឹកស៊ីតែសព្វថ្ងៃរៀងទៅ ។ ឯប្រពន្ធបុរសនោះ កាលក្រោយបុរសជាប្តីទៅស្រុកចិន ក៏លួចមានសហាយយកមកដេកយប់ ។ ថ្ងៃឱ្យទៅវិញ ។ និយាយពីបុរសដែលទៅជាមួយនឹងនាយសំពៅ លុះដល់ស្រុកចិន ក៏សួរនាយសំពៅថា« វិលទៅស្រុកខ្មែរវិញថ្ងៃណា ប្រាប់ខ្ញុំផង» ។ នាយសំពៅប្រាប់ថា «៣ថ្ងៃទៀតនឹងចេញទៅ»។ បុរសឮដូច្នោះក៏ទៅសួររកបង ទៅដល់មាត់ទ្វារផ្ទះបង ឃើញមនុស្សចាំទ្វារសួរគេថា «នេះហើយឬ ផ្ទះលោកចៅសួខ្មែរ ?» ។ អ្នកចាំទ្វារប្រាប់ថា «នេះហើយផ្ទះលោកចៅសួ» ។ អ្នកចាំទ្វារសួរបុរសវិញថា «អ្នកឯងមកពីណាមកសួររកផ្ទះចៅសួ?» ។ បុរសប្រាប់ថា «ខ្ញុំមកពីស្រុកខ្មែរលោកចៅសួនេះ ជាបងខ្ញុំបង្កើត» ។ មនុស្សចាំទ្វារ មើលទៅបុរសនោះ រូបអាក្រក់ ស្លៀកខោពាក់កណ្តាលភ្លៅ សំពត់គ្មានដណ្តប់ លេចមុខចេញក្រោយ មិនសមប្អូនលោកចៅសួខ្លួនសោះ ។ អ្នកចាំទ្វារមិនស្ងៀម ទៅប្រាប់លោកចៅសួៗមិននៅ ទៅគាល់ស្តេច ក៏ជម្រាបប្រពន្ធថា «អ្នកចៅហ្វាយស្រី! មានមនុស្សម្នាក់មកពីស្រុកខ្មែរ រូបអាក្រក់ស្លៀកខោពាក់កណ្តាលភ្លៅ គន់ទៅខោដាច់ដាចលេចមុខលេចក្រោយ ហើយប្រាប់ខ្ញុំថា «ត្រូវជាបងប្អូនលោកចៅហ្វាយប្រុសបង្កើតឥឡូវខ្ញុំបានឱ្យចាំនៅ មាត់ទ្វារ» ។ នាងជាប្រពន្ធចៅសួនោះ នឹកខឹងថា «អាមនុស្សកម្សត់ទុគ៌តនេះមកពីណា ក៏ហ៊ានមកបង្កាច់កេរ្តិ៍ថា ប្តីអញជាបងវាបង្កើត» ក៏ប្រើមនុស្សឱ្យទៅចាប់បុរសនោះ ដាក់ច្រវាក់ទុកនៅរោងសេះថា «ចាំប្តីមកនឹងឱ្យយកទៅសម្លាប់» ។ បុរសនោះ លុះគេយកទៅដាក់ច្រវាក់ក៏នឹកថា «ឱអញអើយ! សង្វាតមកពីស្រុកខ្មែរ ដល់ស្រុកចិនព្រោះតែបង ឥឡូវគេមាន គេពុំគិតអាណិតឈាម ដែលកើតមកពោះជាមួយគ្នាសោះ គេឆ្មើងមាន គេហ៊ានចាប់ឯងមកដាក់ច្រវាក់នឹងសម្លាប់ផង «ឱអញអើយ!បើទៅស្រុកខ្មែរវិញ រកស៊ីតាមខ្លួនក្រគ្មាននរណាហ៊ានធ្វើបានទេ» ។ បុរសនោះពុំដឹងជាបងទៅគាល់ស្តេច ។ លុះចៅសួជាបងវិលមកដល់ផ្ទះ ប្រពន្ធប្រាប់ថា «មានបុរសកម្សត់ម្នាក់មកពីស្រុកខ្មែរនិយាយថា លោកជាបងបង្កើត តែខ្លួននោះអាក្រក់ ស្លៀកខោពាក់កណ្តាលភ្លៅដាច់ដាចលេចមុខលេចក្រោយ ឥឡូវខ្ញុំឱ្យដាក់ច្រវាក់ទុកនៅរោងសេះ ចាំលោកអញ្ជើញមក ឱ្យនាំទៅសម្លាប់» ។ ចៅសួជាបងឮហើយថា «ទៅយកវាមកមើល ក្រែងប្អូនបង្កើតមែន» ហើយចៅសួឱ្យដោះច្រវាក់បុរសនោះ ។ លុះបុរសនោះមកដល់ស្គាល់ជាប្អូនបង្កើតមែន ក៏រៀបបាយឱ្យស៊ី មើលទៅប្អូនឃើញស្លៀកខោពាក់កណ្តាលភ្លៅចៅសួក៏ឱ្យខោមួយស្លៀក ហើយសួរប្អូនថា «ប្អូននៅឯនាយ មិនដឹងរកស៊ីអ្វីទេ ក្រណាស់ ហើយមានប្រពន្ធផងបានអីស៊ី» ។ បងឮប្អូននិយាយក៏នឹកអាណិតប្អូន មិនចេញស្តី ហើយសួរថា «ប្អូនមកជាមួយអ្នកណា?» ។ បុរសប្អូនជម្រាបថា «ខ្ញុំមកនឹងនាយសំពៅ គេឱ្យដោយសារមក» ។ ចៅសួបងថា «ចុះគេទៅវិញថ្ងៃណា» ។ បុរសប្អូនប្រាប់បងថា «៣ថ្ងៃទៀត គេចេញសំពៅទៅវិញ» ។ ចៅសួបងដឹងដូច្នោះ ក៏ស្ងៀមទៅឱ្យលើកបាយមក ហៅបុរសជាប្អូនស៊ីជាមួយគ្នា លុះស៊ីរួចប្រាប់ប្អូនថា «ប្អូននៅដេកផ្ទះនេះចុះ បងទៅលេងផ្ទះចិនសែ» ។ ចៅសួទៅផ្ទះចិនសែ ចិនសែឃើញក៏រៀបកៅអី ថ្នាំចិនខ្សៀទឹកតែទទួល ហើយចៅសួនិយាយនឹងចិនសែថា «អ្នកចិនសែខ្ញុំមករកមើលឱ្យប្អូនខ្ញុំបន្តិច វាចេះតែក្រីក្រអ៊ីចឹងទៅ ឬវានឹងគ្រាន់បើនឹងឡើងដែរ? » ។ ចិនសែទាញសៀវភៅរកមើលសព្វៗទៅទាយថា «ប្អូនលោកមិនជាអ្នកក្ររហូតទេ ៧ ឆ្នាំទៀត នឹងបានសោយរាជ្យជាស្តេចនគរពីរ លោកនឹងបានជាធំក្នុងរាជការដោយសារប្អូន ប៉ុន្តែឥឡូវនេះលំបាកណាស់ ដល់វិលទៅស្រុកវិញពាក់កណ្តាលផ្លូវ និងបានទ្រព្យតម្លៃនគរពីរជាសម្រាប់ខ្លួន តែថាឃ្លាតទៅវិញ ដល់កំណត់បានសោយរាជ្យ នឹងបានទ្រព្យនោះមកជាសម្រាប់បុណ្យវិញទាំងអស់»។ ចៅសួបានដឹងដំណឹងប្អូនដូច្នោះ ក៏លាចិនសែទៅផ្ទះវិញ ។ ដល់ ៣ ថ្ងៃ នាយសំពៅគេផ្ទុកសំពៅ រៀបនឹងចេញទៅថ្ងៃនោះ ចៅសួជាបងយកផាឌិបមក ហែកមួយត្បូង ហុចទៅឱ្យបុរសជាប្អូន ។ បុរសជាប្អូន ក៏ទទួលយកផាឌិបមួយត្បូងលាបងចុះទៅ ដើរបណ្តើរគិតបណ្តើរ នឹកតូចចិត្តស្ទើរមិនចង់កាន់ផាឌិបនោះសោះ ចេះតែនឹកតូចចិត្តថា «ឱ! បងប្អូននឹងគ្នា តាំងពីឪពុកម្តាយស្លាប់ចោលទៅ នៅកំព្រាតែបងប្អូនពីរនាក់ កាលវេលាក្រ ចេះស្រឡាញ់រាប់អានគ្នា ដល់វេលាមានទាត់គ្នាចោល ឆ្មើងមាន ស្ទើរមិនរាប់គ្នា មាសប្រាក់ ដាក់ឃ្លាំងគរគោក មិនហ៊ានយកឱ្យគ្នាមួយស្លឹង យកតែខ្មោចផាឌិបឱ្យគ្នាមួយត្បូង» ។ លុះបុរសនោះដើរទៅដល់កំពង់ ក៏ឡើងលើសំពៅ នាយសំពៅ ឱ្យកូនឈ្នួលស្រាវយុថ្កាសាក្តោងបើកទៅ ហើយនាយសំពៅសួរបុរសនោះថា «ប្អូនទៅឯលោកចៅសួ តើលោកឱ្យអ្វីខ្លះ?» ។ បុរសប្រាប់នាយសំពៅថា «គ្មានឱ្យអ្វីទេ ឱ្យតែផាឌិបមួយត្បូងនិងខោមួយ» ។ នាយសំពៅបានដឹងហើយក៏នៅស្ងៀម ។ លុះបើកសំពៅទៅដល់ពាក់កណ្តាលផ្លូវ យប់ងងឹតនឹងទៅពុំរួច ក៏ឱ្យបោះយុថ្កាដេក ។ ហេតុតែបុណ្យដល់បុរសក៏នឹងឃើញពាក្យដែលគ្រូផ្តាំថា «នឿយណាស់កុំដេក ឥឡូវអស់អ្នកសំពៅនេះដេកអស់ ដូច្នេះ អញកុំឱ្យដេក» ក៏អង្គុយនៅក្បែរដងក្តោង ពុំហ៊ានដេក ។ លុះដល់អធ្រាត្រ មានយក្ខ១ ហោះមកឃើញសំពៅ វាចុះមកប៉ងនឹងស៊ីមនុស្ស ហើយវាឈ្ងោកមើលទៅក្នុងសំពៅ ធ្លាក់ពុកមាត់ទៅលើបុរសនោះៗ ក៏ស្ទុះទៅស្រវាចាប់ជាប់ហើយស្រែកថា «អាឯង ស្លាប់នឹងដៃអញឥឡូវនេះហើយ» ។ យក្ខឮបុរសថាដូច្នោះ ភិតភ័យណាស់ តែស្ទុះទៅមិនរួច ដ្បិតបុរសនោះចាប់ពុកមាត់ជាប់ យក្ខភ័យក្រែងស្លាប់ ក៏និយាយនឹងបុរសនោះថា «អ្នកបុរសអើយ! បើអ្នកអាណិតលែងខ្ញុំៗនឹងតបគុអ្នក ជាខ្សែចងដៃ ដំបងវាយឯង ឆ្នាំងឆ្អិនឯង ។ ខ្សែនិងដំបងនេះ បើមានបច្ចាមិត្រពីណាមកប្រមាថ ឱ្យតែខ្សែទៅចងដំបងទៅវាយ បច្ចាមិត្រនោះ នឹងស្លាប់វិនាសអន្តរាយអស់ ។ ឯឆ្នាំនេះ បើឃ្លានអាហារចំណី ហើយនិងចង់បរិភោគអាហារចំណីអ្វី ប្រាប់ឆ្នាំងថា៖ «ឆ្អិនឡើងអញស៊ី» ក៏ឆ្អិនឯង ។
លុះបុរសនោះទទួលបណ្តាំឥសីស្រេចហើយ ក៏នាំយកសត្វដែលច្រកក្នុងបំពង់ពក ទៅថ្វាយស្តេច ក្រាបទូលថា «ទូលព្រះបង្គំរកសត្វតប់ប្រមល់បានហើយ នៅក្នុងបំពង់ពកនេះ «ហើយក៏ទូលតាមដំណើរ ដែលឥសីផ្តាំមក ។ ស្តេចឱ្យប្រមូលព្រះរាជវង្សានុវង្សជួបជុំហើយ ទ្រង់ចាត់ការបិទទ្វារកំពែងវាំងស្រេច ទ្រង់ឱ្យអាមាត្យបើកឆ្នុកបំពង់ពកនោះ ។ ខ្លា ដំរី សិង្ហ រមាស ពស់ ក៏ចេញពីក្នុងបំពង់ពកមកខាំស្តេចនិងព្រះរាជវង្សានុវង្សទាំងនោះឱ្យ ដល់នូវមរណភាពអស់ទៅ ។
ក្រោយមក ពួកអ្នកនគរបានឃើញបុរសនោះមានឫទ្ធានុភាពដូច្នោះ ក៏រៀបអភិសេកបុរសនោះឱ្យឡើងសោយរាជសម្បត្តិ ជាព្រះមហាក្សត្រក្នុងនគរនោះទៅ ។
សត្វទាំងឡាយក៏លាស្តេចបុរសនោះចូលទៅនៅព្រៃ ផ្តាំថា «បើស្តេចមានភ័យ ឬមានការអ្វី គ្រាន់តែនឹកដល់ នឹងមកជួយយកអាសារជាដរាប» ។
កម្លាំងអ្វី មិនស្មើកម្លាំងកម្ម
ក្រោយនោះ មហាសេដ្ឋីនិងភរិយា នាំគ្នាទៅមើលជំនួននៅលើផ្ទះ ឃើញសុទ្ធតែផ្លែឈើមានតម្លៃប្លែកៗ ពីប្រទេសឆ្ងាយខ្លះ នៅស្រុកអាយខ្លះ សេដ្ឋីក៏ញញឹមញាក់មុខដាក់ប្រពន្ធថា «ជំនួននេះ យើងមុខជាបានស៊ីទទេទៀតហើយ» ។
ចំណែកមាតាបិតាចៅផ្កាប់ត្រឡោក ទៅដល់ផ្ទះក៏និយាយប្រាប់កូនថា «សេដ្ឋីព្រមឱ្យហើយ» តែគេថា «ឱ្យកូនធ្វើផ្ទះតែក្នុងថ្ងៃស្អែកនេះ ឱ្យហើយស្រេច» ។ ចៅផ្កាប់ត្រឡោក ឮមាតាបិតានិយាយប្រាប់ដូច្នោះ មានចិត្តត្រេកអរណាស់ ជម្រាបមាតាបិតាថា «លោកម៉ែលោកឪពុកកុំព្រួយបារម្ភ មុខជាបានដូចគំនិត ដែលកូនគិតទុកពីថ្ងៃមុន» ហើយចៅផ្កាប់ត្រឡោក ក៏ទៅនិយាយពឹងបងប្អូនអ្នកចេះការជាងផ្ទះបានគ្នាច្រើនឱ្យគេជួយ សង់ផ្ទះតែក្នុងថ្ងៃស្អែកនេះឱ្យហើយ ។ បងប្អូនគេជួយទាំងអស់គ្នា ហើយចៅផ្កាប់ត្រឡោកត្រឡប់មកផ្ទះ ស្លៀកពាក់តែងខ្លួនស្អាតបាត ពឹងកំលោះផងគ្នាឱ្យជូនទៅផ្ទះសេដ្ឋីនោះ លុះឡើងទៅដល់លើផ្ទះ សេដ្ឋីសួរថា «ចៅឯងមកមានការអ្វី? » ចៅផ្កាប់ត្រឡោកលុតជង្គង់ប្រណម្យជម្រាបថា «ម៉ែឪពុកបាទប្រើខ្ញុំបាទជាកូនឱ្យមកសូមក្រាបប្រណិប័តន៍លោកឪពុក អ្នកម្តាយ សូមទានប្រាប់ទីកន្លែងត្រង់ណា ឱ្យទានខ្ញុំបាទនឹងសង់ផ្ទះ ខ្ញុំបាទនឹងអាលទៅចាត់ការធ្វើក្រែងមិនហើយ ជូនលោកឪពុកលោកម្តាយ ក្នុងវេលាថ្ងៃស្អែកនេះ » ។
សេដ្ឋីទាំងប្តីប្រពន្ធ គន់មើលរូបឫកពាចៅផ្កាប់ក្រឡោក នឹកសសើរក្នុងចិត្តថា «កូនប្រសារអញគ្រាន់បើដែរ តែមុខជាខូតខាតជំនួនដូចអ្នកមុនៗ ទៀតហើយ» ហើយសេដ្ឋីប្រាប់ទីកន្លែងឱ្យសង់នៅខាងជើង ឆ្ងាយពីផ្ទះធំ ចំនួន ៥ ព្យាម ។
ចៅផ្កាប់ត្រឡោកបានឮសេដ្ឋីប្រាប់ហើយ ក៏ក្រាបសំពះលា នាំគ្នាត្រឡប់ទៅផ្ទះវិញ លុះទៅដល់ប្រមូលបងប្អូនជួបជុំយកគ្រឿងផ្ទះ ដែលធ្ងន់ៗ ផ្ទុករទេះស្រេចពីយប់ របស់ណាល្មមលីសែង ក៏ចាត់ចែងផ្គូផ្គងដាក់មុខគ្នាស្រេច ។
លុះព្រឹកឡើង ខ្លះដឹកនឹងរទេះ ខ្លះលីសែង ទៅដល់ផ្ទះសេដ្ឋី ខ្លះកាប់ដី ខ្លះជីករណ្តៅសសរ តាមខ្នាត់ទំហំផ្ទះ ៥ ល្វែង ខំធ្វើស្រុះគ្នាមិនឈប់ ឈប់តែពេលបរិភោគ បាយ បរិភោគបាយរួចនាំគ្នាធ្វើទៀត ទាល់តែហើយស្រេចក្នុងវេលាថ្ងៃនោះ រួចចៅផ្កាប់ត្រឡោកឡើងទៅលុតជង្គង់សំពះជូនផ្ទះមហាសេដ្ឋីជាមាតា បិតាក្មេក ហើយនាំគ្នាត្រឡប់ទៅផ្ទះវិញ ។
លុះដល់ថ្ងៃខែបានឫក្សល្អ មាតាបិតាទាំងពីរខាងក៏រៀបវិវាហមង្គលការកូនរួចស្រេច ។ ឯចៅផ្កាប់ត្រឡោក លាក់តែត្រឡោកនោះមិនឱ្យនរណាឃើញសោះ ដល់ពេលយប់រៀបផ្សំដំណេករួចហើយ ក៏ដេកក្នុងផ្ទះជាមួយគ្នា ។ ចៅផ្កាប់ត្រឡោក យកត្រឡោកនោះ ទៅផ្កាប់គ្របពីលើស្វាស២រួចស្លៀកសំពត់ចងក្បិនប្រយត្នមិនឱ្យ ត្រឡោកធ្លាក់បាន ហើយដេកឃ្លាតពីភរិយា ធ្វើកិរិយាសម្ងំមិនបានពាល់ដល់ចុងដៃជើងភរិយានោះឡើយ ប្រើឧបាយយ៉ាងនេះ អត់ធន់បាន៣យប់ ។ យប់ក្រោយទៀតនាងភរិយានោះ រសាប់រសល់ខ្វល់ចិត្តគិតសង្ស័យថា «ប្តីអញនេះ ដេកជាមួយគ្នាយូរយប់ហើយ គាត់ធ្វើព្រងើយកន្តើយ ហាក់ដូចជាគ្មានត្រូវការនឹងអញសោះ ជាគាត់ខ្ទើយឬក្ស័យលិង្គ?» គិតក្នុងចិត្តដូច្នោះហើយ ក៏ចង់ដឹងប្រថុយលបលូកស្ទាបមើលឱ្យច្បាស់ ។
ចៅផ្កាប់ត្រឡោកដេកពុំលក់ទេ តែធ្វើជាស្រមុកខុលៗ ។ នាងប្រពន្ធនោះ លូកដៃស្ទាបត្រង់ស្វាសនោះ ពានទៅលើត្រឡោកផ្កាប់រលីងណិល ដកដៃមកវិញគិតថា«ប្តីអញនេះ នឹងថាខ្ទើយឫក្ស័យលិង្គក៏មិនមែន សណ្ឋានហាក់ដូចជាភេទស្រីតែ ពោះគ្មានប្រឡាយ មុខគួរឱ្យឆ្ងល់ណាស់!» ។
លុះព្រឹកឡើង ខ្សឹបប្រាប់ម្តាយ តាមដំណើរ ដែលលបស្ទាបប្តីសព្វគ្រប់ ។ ម្តាយឮហើយ ដកដង្ហើមធំថា «ឱកូនអញអើយ! បានប្តីអ្វីក៏មិនដូចបុរសទាំងពួង ហើយនឹកបន្ទោសកូនប្រសាប្រុសនោះថា «បើវាគ្មានប្រដាប់ដូចប្រុសទាំងពួងទេ ហេតុម្តេចក៏ស្រឡាញ់កូនអញម្ល៉េះ?» គិតហើយ ក៏ប្រាប់សេដ្ឋីជាប្តីថាតាមដំណើរកូនស្រីប្រាប់សព្វគ្រប់ ។ សេដ្ឋីស្តាប់ហើយគិតថា «បើអញនិយាយខ្លាំង ខ្មាសអ្នកជិតខាង» ហើយនិយាយខ្សឹបខ្សៀវតែពីរនាក់ប្តីប្រពន្ធថា «កូនប្រសាយើងនេះ វាគ្រាន់បើដែរ ណ្ហើយគេហ៍អើយ! អាណិតវា ឱ្យប្រាក់ភស្តុភាបណ្ណាការនិងថ្លៃផ្ទះ មួយពាន់ប្រាំរយណែនទៅវា ហើយប្រាប់វាឱ្យទៅនៅម៉ែឪវាវិញចុះ» គិតព្រមគ្នាហើយហៅកូនប្រសាថា «ជីឯងមកនេះ» ។ ចៅផ្កាប់ត្រឡោកឮសេដ្ឋីឪពុកក្មេកហៅខ្លួនហើយ ក៏ទៅអង្គុយជិតសំពះសេដ្ឋីៗ ប្រាប់ថា «ឯង ហាក់ដូចជាមិនស្រឡាញ់កូនអញសោះ! ណ្ហើយចុះ អញឱ្យប្រាក់មួយពាន់ប្រាំរយណែន ឯងយកទៅផ្ទះឪពុកម្តាយឯងវិញចុះ» រួចក៏រាប់ប្រាក់ប្រគល់ឱ្យគ្រប់ចំនួន។ ចៅផ្កាប់ត្រឡោកទទួលយកប្រាក់ហើយជម្រាបថា «លោកឪពុក! ខ្ញុំបាទសុំហឹបធំ១ ដាក់ប្រាក់យកទៅឱ្យដល់ផ្ទះខ្ញុំបាទផង» ។ សេដ្ឋីក៏ឱ្យហឹបដាក់ប្រាក់ ចាត់បាវព្រាវឱ្យសែងតាមចៅផ្កាប់ត្រឡោកទៅដល់ផ្ទះ ហើយជូនប្រាក់មួយពាន់ប្រាំរយណែននៅក្នុងហិបទៅមាតាបិតា ជម្រាប់រឿងសព្វប្រាប់ ក៏ត្រឡប់មកផ្ទះសេដ្ឋីវិញ ។ លុះដល់ហើយ ចៅផ្កាប់ត្រឡោក ធ្វើឫកកិរិយាសញ្ជប់សញ្ជឹង ហាក់ដូចជារឭកអាល័យសេដ្ឋីនិងភរិយានោះពន់ពេក ។
សេដ្ឋីឃើញហើយសួរថា «ឯង! អញឱ្យប្រាក់ទៅនៅផ្ទះម៉ែឪឯងវិញហើយ ហេតុម្តេចក៏មិនទៅ?» ។
ចៅផ្កាប់ត្រឡោកឆ្លើយជម្រាបសេដ្ឋីថា «ខ្ញុំបាទរឭកអាល័យលោកម៉ែលោកឪពុកនិងនាងជាភរិយាខ្លាំងណាស់ សុំនៅទទួលទានដំណេកតែមួយយប់នេះទៀតព្រឹកឡើងខ្ញុំបាទសូម ប្រណិប័តន៍លាទៅផ្ទះវិញ» ។
សេដ្ឋីប្តីប្រពន្ធនិយាយគ្នាថា «យើងឱ្យវាដេកមួយយប់ទៀត ចុះវាមិនទាន់ជាអ្វីទេ ដូចជាដេកជាមួយនឹងប្រុសផងគ្នា» ។ លុះពេលយប់បរិភោគបាយរួច ចៅផ្កាប់ត្រឡោកក៏ចូលទៅដេកជាមួយនឹងភរិយា ត្រឡោកនៅផ្កាប់ដដែល ដល់យប់ចៅនាងភរិយាគិតថា «យប់ស្អែកនេះ ប្តីអញទៅនៅផ្ទះគាត់វិញហើយ អញចង់ស្ទាបសង្កេតឱ្យច្បាស់» ។ ឯចៅផ្កាប់ត្រឡោកដេកផ្ងារដេកពុំលក់ ព្រោះកើតតម្រេកខ្លាំង ដូចជាគេទូលត្រឡោក ។ នាងភរិយានោះ លូកដៃទៅប៉ះត្រឡោកៗ ធ្លាក់ឮសូរតែខ្វស់ ។ ចៅផ្កាប់ត្រឡោកងាកផាំង ចូលទៅរួមរសនឹងនាងភរិយានោះដោយកម្លាំងដ៏ខ្លាំងក្លា ។ លុះព្រឹកឡើង នាងនោះនិយាយជម្រាបម្តាយ«ម៉ែអើយ!បើប្តីខ្ញុំលាទៅផ្ទះវិញ សូមម៉ែអាណិតកូន ឃាត់កុំឱ្យគាត់ទៅ» ។ មាតាសង្ស័យណាស់សួរកូនៗ និយាយខ្សឹបជម្រាបមាតាថា«ម៉ែ! ប្តីខ្ញុំគាត់មានប្រដាប់ដូចប្រុសទាំងពួង មិនមែនជាខ្ទើយទេ» ។
ម្តាយដឹងចិត្តកូនក៏ខ្សឹបជម្រាបសេដ្ឋីជាប្តីដោយស្ងាត់ថា «កូនយើងទាំងពីរ វាត្រូវចិត្តវាហើយ» ។
សេដ្ឋីឮភរិយានិយាយប្រាប់រឿងកូនសព្វគ្រប់ ក៏តបថា «កាលមុន ឯងនិយាយប្រាប់អញៗ ក៏ជឿថាពិតមែន អញបានសងថ្លៃភស្តុភាបណ្ណាការនិងថ្លៃផ្ទះមួយពាន់ប្រាំរយណែនឱ្យទៅ វា ឥឡូវថាកូនប្រសាយើងមានប្រដាប់ដូចបុរសទាំងពួង ណ្ហើយចុះគេហ៍អើយ! បើត្រូវចិត្តគ្នាវាហើយ ប្រាក់ដែលយើងឱ្យកូនប្រសានោះ ដូចជាឱ្យទៅកូនយើងទេ ប្តីប្រពន្ធវាមាន ក្រជាជាមួយគ្នាចុះ«ហើយសេដ្ឋីក៏ស្ងៀមស្ងាត់រាប់អានជាកូនតរៀង ទៅ ។
លុះដល់សេដ្ឋីប្តីនិងភរិយាចាស់ជរា ទទួលមរណភាពទៅវេលាណា ស្តេចក្នុងព្រះនគរនោះ ទ្រង់ព្រះមេត្តាប្រោស តាំងចៅផ្កាប់ត្រឡោក និងភរិយាឱ្យធ្វើជាសេដ្ឋីតាងបិតាលុះអស់ជីវិត។
ត្រឡាចម្តេចមានបណ្តូល មនុស្សមួយទាំងមូល ណាក៏គ្មានប្រាជ្ញា
ឯបុរសប្តីប្រពន្ធដែលសួរផ្លូវនោះ ឮហើយនិយាយគ្នាថា «អ្នកនេះ យើងសួរផ្លូវគាត់ៗនិយាយពីគោ ហើយស្តីគំរោះគំរើយឱ្យយើងផង ណ្ហើយគេហ៍! យើងកុំខ្ចីសួរវា យូរឆាប់គង់តែនឹងទៅដល់ផ្ទះបងប្អូនមិនខាន» ហើយក៏បណ្តើរគ្នាហួសទៅ ។ ឯអាតម្លង់៧ សន្តាននោះ ក៏ខំភ្ជួរស្រែមិនឈប់ ដល់ពេលថ្ងៃជិតត្រង់ មេតម្លង់ជាប្រពន្ធក៏ទូលបាយទៅឱ្យប្តីបរិភោគ លុះទៅដល់ក៏ដាក់ល្អីបាយក្រោយម្លប់ឈើ នៅភ្លឺស្រែ ។ ប្តីឃើញប្រពន្ធយកបាយមកឱ្យ ក៏ឈប់ភ្ជួរស្រែ បរិភោគបាយ និយាយទាំងខឹងប្រាប់ប្រពន្ធថា «មានបុរសប្តីប្រពន្ធបណ្តើរគ្នាមកពីណាចោទប្រកាន់ថា អញលួចគោវា ឯគោ១នឹមនេះ ប្រាកដជាម៉ែឪឯងចែកមក» ។ ប្រពន្ធឃើញមាត់ប្តីនិយាយម្ហបៗ នឹកស្មានថាស្តីឱ្យខ្លួន ស្រាប់តែខឹង ហើយឆ្លើយតបតៅវិញថា «អញគិតថាប្តីមកភ្ជួរស្រែទាល់ថ្ងៃត្រង់ ខំប្រញាប់ប្រញាល់ទូលបាយមកឱ្យស៊ី ឥឡូវទៅជាថា ឯងមានសហាយ អញសហាយនឹងឈ្មោះអាណា គាត់រកមុខឱ្យឃើញ» ។ ឯប្តីមិនស្ដីទាល់តែពមបាយអស់មួយកូនល្អី ប្រពន្ធថាអ្វីក៏មិនឮផង ។ លុះប្តីបរិភោគរួច ប្រពន្ធកន្រ្តាក់យកល្អី ។ ប្តីសួរថា «ឯងមានការអ្វីឯផ្ទះ បានជាប្រញាប់ម្ល៉េះ?» ប្រពន្ធថា «អញមុខជាប្រាប់ម៉ែឪអញមិនខាន» ហើយកណ្តៀតល្អីត្រឡប់ទៅដល់ផ្ទះ ជួបនឹងម្តាយ និយាយទាំងខឹងមុខក្រហមប្រាប់ម្តាយថា «កូនប្រសាម៉ែឯងវាល្អហើយ! ខ្ញុំទូលបាយទៅឱ្យស៊ី ដាក់ល្អីស្ទើរតែមិនទាន់ វាស្តីឱ្យខ្ញុំថាមានសហាយ» ។
ចំណែកម្តាយនោះ ខឹងញ័រឡើងថា «ហងឯង ដូច្នេះទេតើ បានជាមុខក្រហម អញថាកូនថាចៅ បានជាចាំផ្ទះឱ្យវា ឥឡូវវាថាឯងលួចថ្នាំវាយកទៅដូរដូង មេអន្តរធានឯងក្រោយៗ កុំនិយាយដូច្នេះ មិនត្រូវទេ សូម្បីតែថ្នាំ១ឆ្នុក ក៏អញមិនលួចយកផង បើទុកជាអញយកមែន ម្តាយនឹងកូនមិនត្រូវហងឯងពោលឱ្យអញខ្មាសគេទេ ចាំឪហងឯងមក អញប្រាប់ឱ្យជេរវាយប្រដៅហងឯងមិនខាន» ។
លុះយូរបន្តិច ប្តីមកពីកាប់បង្គោលធ្វើរបងបង្ការមិនឱ្យគោក្របីចូលស៊ីសំណាប សន្ទូង ប្រពន្ធនិយាយប្រាប់ប្តីថា «កូនស្រីយើងវាយកបាយទៅឱ្យប្តី ខ្ញុំចាំផ្ទះឱ្យវា លុះមកវិញ វាថាខ្ញុំជាម្តាយលួចថ្នាំវាដូរដូង ខ្ញុំខឹងណាស់» ។
ប្តីស្តាប់មិនឮ ខឹងនឹងប្រពន្ធក៏ជេរថា «មេចោរគ្រហរ! ហងឯងប្រចណ្ឌអញអីម៉្លេះ! អញមានស្លៀកពាក់តែងតួដើរលេងចង់ស្រីឯណា អញទៅកាប់ឈើធ្វើបង្គោលរបងទេតើ! អញអត់តែម្តងនេះ ក្រោយៗបើហងឯងនៅតែស្តីប្រចណ្ឌអញទៀត មុខជាអញធាក់ឱ្យដួលទាំងជំហរមិនខាន» ហាមប្រពន្ធហើយ បរិភោគបាយ រួចទៅចងសន្ទួចបានត្រី ត្រឡប់មកផ្ទះវិញ ។ វេលាថ្ងៃល្ងាច ប្រពន្ធក៏ធ្វើត្រីស្លអាំងឱ្យប្តីបរិភោគខ្លះ រ៊ំលែកទុកព្រឹកខ្លះ ដើម្បីនឹងធ្វើសម្រាប់យកទៅប្រគេនលោកកូនឯវត្ត និងកូនប្រុសតូចម្នាក់ឱ្យនៅរៀនអក្សរជាមួយនឹងលោកបងនោះ ។
លុះព្រឹកឡើង ម្តាយនោះដាំបាយដួសដាក់ចាន មានម្ហូបពីល្ងាចស្រាប់ ទូលយកទៅដល់កុដិប្រគេនលោកកូន ហើយនិយាយថា « ខ្ញុំព្រះករុណារឭកលោកកូនណាស់! មួយទៀតប្អូនតូចវារៀនអក្សរក្រាន់បើទេ?» ។ លោកកូននោះប្រាប់ថា «ចម្រើនពរញោម! អាត្មាសព្វថ្ងៃនេះ កុំពុងស្រឡាញ់សីលផ្នួសណាស់ អាត្មាមិនសឹកទេ» ។ ម្តាយក៏ហៅកូនតូចដែលនៅបម្រើបងនោះថា «អានាង! លាលោកបងទៅផ្ទះនឹងម្តាយបានមួយថ្ងៃសិន ដ្បិតឪពុកឯងរឭកណាស់» ។ កូនតូចឆ្លើយប្រាប់ម្តាយថា «ត្រីងៀតលោកបង នៅពីរកន្ទុយទុកក្នុងកុដិ ពេលល្ងាច ខ្ញុំយកពីរចម្រៀក ដុតស៊ីបាយ ដែលសល់ពីលោកឆាន់ពេលព្រឹកនោះ» ។
ឯលោកសង្ឃ ដែលគង់នៅជិតកុដិទាំងប៉ុន្មាន បានឮម្តាយនឹងកូននិយាយតែដោយខ្លួន មិនទទួលសម្រុងគ្នាដូច្នេះ លោកទាំងអស់ទប់ពុំបាន ក៏សើចទ្រហឹងអឺងអាប់ ។ ឧបាសិកានោះ ក៏សំពះលាលោកកូនត្រឡប់មកដល់ផ្តះវិញ ហើយលុតជង្គង់ជូនបុណ្យប្តីថា «ខ្ញុំជូនបុណ្យអ្នកផង» ។ ប្តីឆ្លើយថា «អើ! អញឃើញបាយសម្លខអាំង ព្យួរទុកនៅសង្រែក អញស៊ីអស់ទៅហើយ» ។ ប្រពន្ធក៏មើលមុខប្តីៗ មើលមុខប្រពន្ធ ប៉ប្រិចភ្នែកម៉ក់ៗ ធ្វើវាហឺតែដោយខ្លួន ។ លុះយូរបន្តិច ស្រាប់តែប្អូនស្រីបង្កើតខាងប្តី នៅភូមិដទៃឆ្ងាយមកដល់ បានផ្លែពង្រមួយផ្តិលនិងស្លឹកប្រស់ស្វាមួយសំណុំមកផ្ញើបង និយាយសួរបងថា «បងបានភ្ជួររាស់ដកស្ទួងបានស្រែប៉ុន្មានហើយ?» ។ បងទាំងប្តីប្រពន្ធឆ្លើយប្រាបទៅប្អូនស្រីវិញថា «អើហង! ល្មមទុកដាក់ឱ្យវាមានប្តីទៅចុះ តែហងមើលកុំឱ្យតែចេះលេងបៀផឹកស្រាជក់អាភៀន» ។
ប្អូនស្រីស្ងាប់មិនឮទៀត ក៏ប្រាប់ទៅបងទាំងពីរនាក់ថា «ខ្ញុំស្តាយត្រឡាចខ្ញុំមួយទ្រើងណាស់ កំពុងតែផ្កាក្តឹបតូចៗ ស្រាប់តែមេជ្រូកវាទៅឈ្មួសគល់ដាច់ងាប់អស់» ។ បងទាំងពីរនាក់ថា «អើហង! ល្មមទៅផ្ទះក៏ទៅចុះ ល្ងាចណាស់ហើយ ក្រែងកូនវាយំរក» ។ ប្អូនស្រីនោះ ក៏ត្រឡប់ទៅផ្ទះវិញ ។
ព្រោះអ្នកទាំង ៧ នាក់ គឺបុរសស្រី្ត ប្តីប្រពន្ធ ម្តាយឪពុក លោកភិក្ខុ កុមារជាកូននិងប្អូនស្រី សុទ្ធតែថ្លង់និយាយមិនចុះសម្រុងគ្នា បានជារឿងនេះគេហៅថា រឿងតម្លង់៧សន្តាន ។
ស្តាប់មិនជាក់ កុំអាលញាក់ចិញ្ចើម
ម្តាយដែលមានចិត្តអាណិតកូន ឮកូននិយាយដូច្នោះ ក៏ស៊ូកាត់កេរ្តិ៍ខ្មាស ទៅនិយាយស្នើការនឹងសេដ្ឋីៗ ក៏តបវិញថា «ខ្ញុំឥតបើស្អប់ខ្ពើមអីកូននាងទេ ប៉ុន្តែកូនខ្ញុំៗ នឹងឱ្យពុំបាន ដ្បិតមិនទាន់គ្រប់ការ ណ្ហើយនាង! ប៉ុណ្ណេះទុកជាស្រេចចុះ កុំបាច់ទៅមកទៀត» សម្ដីប៉ុណ្ណេះ ជាសម្ដីបង្វែងដានមិនចង់ឱ្យ ។ ម្តាយអាសម្គមបាញ់លលក ទញ់តុះគំនិតរកឧបាយកលនិយាយទៀតគ្មាន ក៏លាសេដ្ឋីត្រឡប់ទៅផ្ទះប្រាប់កូន ។ អាសម្គមបាញ់លលក គ្រាន់តែម្តាយប្រាប់ដូច្នោះភ្លាម ក៏ផ្លាស់ទឹកមុខក្រៀមក្រំ អង្គុយត្របោមក្បាលជង្គង់ ដង្ហើមឃូរៗ បាយលែងនឹក ទឹកលែងស្រេកចេះតែនឹកមមៃៗ ហាក់ដូចជាកូនសេដ្ឋីនៅចំពោះមុខស្រស់ៗ ដោយកម្លាំងសេចក្តីស្នេហាខ្លាំងពេក ហើយបែរជាមិនបានដូចបំណង ។ នៅវេលាដែលអាសម្គមបាញ់លលកចូលដេក ក៏ចូលទៅទាំងនឹកអាល័យទៅជាមមើ ស្រែកច្រៀងទាំងយប់ថា៖
«ឆោមអើយឆោមឆើតទាំងពីរប្រាណ ធ្វើម្តេចនឹងបានមកកៀកកើយឱ្យដូចជាពូកនិងខ្នល់ខ្នើយ បើម៉្លេះទៅហើយអស់សង្ឃឹម» ។
អាសម្គមបាញ់លលក ទុកជាដឹងថា គេលែងឱ្យហើយដូច្នោះ លុះព្រឹកឡើង ក៏នៅតែលីស្នា និងស្ពាយបំពង់ព្រួញ ដើរទៅសំដៅភូមិសេដ្ឋីរាល់ថ្ងៃឥតខានសោះ ពួនចាំលបមើលកូនសេដ្ឋី ។
ថ្លែងពីបុរសម្នាក់ទៀត ជាកូនអ្នកមានសម្បត្តិ ទាំងរូបឆោមនោះក៏សក្តិសម ទឹកមុខឡើងស្រស់បំព្រង ជាទីពេញចំណង់នៃស្រ្តីភាព ។ បុរសនោះក៏ស្រឡាញ់កូនសេដ្ឋីនោះដែរ លុះទៅដណ្តឹង សេដ្ឋីក៏មិនព្រមឱ្យ ។ បុរសនោះ ទុកជាដឹងថាគេមិនព្រមឱ្យ ក៏នៅតែលបមើលកូនសេដ្ឋីរាល់ថ្ងៃ ។ ចួនជាពេលមួយ បុរសនោះក៏ទៅអាសម្គមបាញ់លលកក៏ទៅ ហើយបានជួបគ្នា អាសម្គមបាញ់លលកសួរថា «អ្នកឯងទៅណា?» ។ បុរសនោះឆ្លើយថា «ខ្ញុំមកលបមើលកូនសេដ្ឋី » ឆ្លើយហើយសួរថា «ចុះឯងមកធ្វើអ្វីដែរ? » ។ អាសម្គមបាញ់លលកថា «ខ្ញុំក៏មកមើលកូនសេដ្ឋីដែរ» ។ បុរសនោះថា «យើ!រាងនេះ អួតឯងចង់បានកូនសេដ្ឋីផង! ប៉ុនអម្បាលរូបខ្ញុំ គេនៅតែមិនឱ្យ» ។ អាសម្គមបាញ់លលកថា «បងឯងចាំមើល ខ្ញុំយកទាល់តែបាន» ។
ជួនជាថ្ងៃនោះ សេដ្ឋីប្តីប្រពន្ធនាំគ្នាទៅវត្ត នៅតែកូនក្រមុំពីរនាក់ចាំផ្ទះ ។ អាសម្គមបាញ់លលកដឹងដូច្នោះ កំពុងតែគិតរកឧបាយ ក៏ចួនជាក្រឡេកទៅឃើញសត្វលលកមួយទំនៅចុងឈើមុខផ្ទះសេដ្ឋី ។ អាសម្គមបាញ់លលក បានឱកាសក៏យឺតស្នាបាញ់ឮសូរក្លឹងបាប់ ស្រាប់តែលលកទធាក់ចើង ទទះស្លាបនៅទីធ្លាមុខផ្ទះ ។ លំដាប់នោះ កូនក្រមុំសេដ្ឋីម្នាក់ចុះទៅដី ឃើញលលកនោះហើយ ក៏ស្រែកប្រាប់បងថា «អ្នកបង! អ្នកណាបាញ់លលកធ្លាក់មកនេះ? » ថាហើយក៏រើសលលកទៅ ។ អាសម្គមបាញ់លលកធ្វើដូចជាមិនដឹង ដល់គេបោចរួចហើយ ស្រាប់តែឡូឡារកលលក ដែលខ្លួនបាញ់នោះថា «នរណាលួចលលកអញទៅណា? តែអញរកឃើញមុខជាប្តឹងរាជការឱ្យយកទៅដាក់គុកពុំខាន » ។ នាងក្រមុំទាំងពីរនាក់ ឮដូច្នោះក៏ភ័យស្រែកប្រាប់ថា «លលកបងឯងខ្ញុំយកមកនេះហើយ » ។ អាសម្គមបាញ់លលកស្តីគំរាមថា «ម្តេចក៏ហ៊ានលួចលលកអញ ត្រូវយកមកឱ្យអញ » កូនស្រីសេដ្ឋីក៏យកលលកមកឱ្យ ។ អាសម្គមបាញ់លលកថា «ទេ! លលកអញនៅរោមនៅស្លាប ឥឡូវនាងឯងយកទៅបោចរោមស្លាបអស់ហើយ ក្រែងតែអាំងឱ្យឆ្អិនឱ្យអញបានអញយក ។ «នាងក្រមុំទាំងពីរនាក់ ក៏យកទៅអាំង ឆ្អិនហើយយកមកឱ្យ ។ អាសម្គមបាញ់លលកថា «នរណាស៊ីតែសាច់លលក ក្រែងតែមានស្រាផឹកផង ទើបស៊ីកើត» ។ នាងទាំងពីរនាក់ ហេតុតែខ្លួនជាស្រីប្រកបដោយសេចក្តីភ័យច្រើន ក៏ទៅយកស្រាមកឱ្យ ឱ្យមួយពែងហើយថាមួយពែងទៀតទាល់តែស្រវឹងដួលដេកលើផ្ទះនោះទៅ ។ ឯនាងក្រមុំទាំងពីរនាក់គិតគ្នាថា «បើយើងបណ្តោយឱ្យវានៅក្នុងទីហ្នឹង តែឪម៉ែមកវិញឃើញ យើងមុខជាមានរឿង «គិតហើយ មិនដឹងយកទៅណា ក៏នាំគ្នាសែងអាសម្គមបាញ់លលក យកទៅលាក់ក្នុងផ្ទះ ។ ដល់ពេលយប់ អាសម្គមបាញ់លលកដឹងខ្លួន ក៏ស្រែកថា «មូសខាំណាស់ » ។ កូនសេដ្ឋីភ័យ ក្រែងឪពុកដឹង ក៏នាំគ្នាសែងទៅដាក់ក្រោមគ្រែដេករបស់ខ្លួន ។ អាសម្គមបាញ់លលកស្រែកទៀតថា «សង្កើចខាំណាស់ » ។ នាងទាំងពីរនាក់ក៏លើកមកឱ្យដេកលើគ្រែ ក្នុងមុងជាមួយ ដោយគិតថា វាស្រវឹងស្រា នឹងធ្វើអ្វី! ។ ពេលនោះ អាសម្គមបាញ់លលកបានឱកាស ក៏តាំងលូកប្រឡែងស្ទាបអង្អែល ដោយសេចក្តីស្រឡាញ់ដរាបដល់បានរួមដំណេក ជាមួយនឹងនាងក្រមុំទាំងពីរនាក់នោះទៅ ។
ចេះដប់មិនស្មើប្រសប់មួយ
ល្ងង់មើលតែខ្មោច
ដល់ព្រមព្រៀងគ្នាស្រេចហើយ ក៏ដើរទៅលុះទៅដល់មុខផ្ទះហោរនោះតាចាស់ក៏ស្រែកសួរទៅម្ចាស់ផ្ទះ ថា « អើអ្នកអើយ! លោកគ្រូនៅៗហ្នឹងឬ? ។ ម្ចាស់ផ្ទះក៏ប្រាប់មកតាចាស់ដូនចាស់ថា «គាត់នៅនេះមានការអ្វី? តាយាយអញ្ជើញចូលមក! » ។
តាចាស់យាយចាស់នោះនាំគ្នាចូលទៅបានបន្តិច ហោរដណ្តឹងសួរមកតាយាយថា«ចុះអញ្ជើញមកនេះ មានការអ្វី?» ។ តាចាស់យាយចាស់ជម្រាបទៅហោរវិញថា «ខ្ញុំមកនេះ មានការបន្តិច, សូមលោកគ្រូមេត្តាករុណាចុះ» ។ ហោរសួរថា «មានការអ្វី? ចូរថាមកចុះ! » ។ តាចាស់យាយចាស់ថា «ឱលោកគ្រូអើយ! យើងខ្ញុំទាំងពីរនាក់នេះអត់ម្ហូបអាហារទទួលទាន ពីរបីថ្ងៃហើយ, តើព្រឹកនេះនឹងបានអ្វីទទួលទានឬទេ? » ។ ហោរចាប់ក្តារឆ្នួនឡើងវាយលេខមើលឱ្យតាយាយ មើលរួចស្រេច ក៏ជម្រាបតាយាយសថា « ព្រឹកនេះតាយាយឯង មុខតែលិទ្ធប្រហុកក្នុងពាង!» ។ តាយាយឮហោរថាដូច្នោះក៏នឹកក្នុងចិត្តថា «ហោរនេះ គ្មានពូកែទេ ទាយផ្តេសផ្តាសសោះ យើងកុំជឿ!» គិតតែប៉ុណ្ណោះក៏នាំគ្នាលាហោរមកផ្ទះវិញហើយយាយក៏ប្រើតាឱ្យទៅ ចាប់យកត្រីពីទ្រុងទៅធ្វើក្បែរត្រពាំងជិតផ្ទះ តាលូកចាប់ត្រីយកមកក្រៅត្រីវាបម្រះរួច លោតចុះត្រពាំងទៅ ។ តាក៏ស្ទុះទៅយកអង្រុតដែលគ្របទន្សាយមកដេញរុតត្រី ។ ឯទន្សាយនៅក្នុងអង្រុតនោះក៏ផ្អើលរត់បាត់ទៅទៀត ។ យាយមើលពីលើមកឃើញទន្សាយរត់ចូលទៅក្នុងព្រៃ ក៏ស្រែកប្រាប់ថា «តាៗ! ទន្សាយរួចទៅហើយ!» ។ តាប្រាប់ទៅវិញថាឯង សមតែស៊ីប្រហុកក្នុងពាង ដូចគេទាយពីព្រឹកម៉ិញនោះឯង » ។ តាឮយាយថាដូច្នោះ ក៏នឹកឃើញថា «គ្រូទាយឆុតមែន» ដល់ពេលបាយព្រឹកតាមចាស់ដូនចាស់ក៏នាំគ្នាស៊ីប្រហុកក្នុងពាងដូច ហោរទាយឱ្យនោះឯង ។ ទើបតាចាស់ ដូនចាស់ជឿថា«ហោរចេះដឹងត្រឹមត្រូវតាមក្បួនតម្រាប្រាកដមែន» ។
កុំអានអួតអាត្មា ត្មះតម្រាប្រាជ្ញព្រេងនាយ
រឿងសត្វទុងនិងត្រី
មានសត្វទុង១ដើរស្វែងរកចាប់ត្រីជាអាហារលុះហែលទៅបានឃើញត្រីក្អិត១
ហែលនៅខាងមុខខ្លួនទុងនោះក៏ចឹកត្រីក្អិតនោះបានទើបវាគិតថាអត្មាអញនេះជាបក្សីរូបធំត្រូវតែបរិភោគត្រីធំៗយ៉ាងត្រីរស់
ត្រីឆ្តោ ត្រីប្រាជាដើមនោះ ទើបសមនឹងសក្តិយសរូបអញនេះ
អាត្រីក្អិតរូបតូចមួយនេះមិនសមគួរនឹងរូបអញឡើយ
គិតហើយទុងក៏លែងត្រីក្អិតនោះចោលទៅហើយក៏ហែលទៅមុខទៀតលុះដល់កន្លែងមួយក៏ឃើញត្រីចង្វា១ហែលមកខាងមុខទុងនោះចឹកបានហើយគិតទៀតថាត្រីចង្វានេះតូចណាស់ពុំសមគួរនឹងអញជាបក្សីធំនេះឡើយគិតហើយក៏លែងត្រីចង្វានោះចោលបង់
ហើយហែលទៅមុខទៀតបានយល់ត្រីចង្វាភ្លៀង១
ទុងក៏ចឹកបានលើកឡើងនឹងស៊ីក៏គិតថាត្រីចង្វាភ្លៀងនេះរូបតូចពេកណាស់ពុំគួរនឹងរូបអញជាធំ
គិតហើយក៏លែងត្រី នោះចោលបង់ហើយខំហែលទឹកស្វែងទៅមុខទៀត
ស្វែងទៅៗរកត្រីពុំបានពេលសោតក៏ទន់ទាបល្ងាចនឹងផុតពេលស្វែង ទុងនោះឯងកើតក្តីឃ្លានអាហារមហិមាខំស្វែងរកអាហារពុំបានឡើយម៉្លោះហើយទុងកើតទុកមុខសុបសៅកើតក្តៅចិត្តគិតស្តាយអាហារដែលខ្លួនរកបានអំពីព្រឹកនោះថាស្តាយអឺយសែនស្តាយត្រីក្អិត១នោះបើប្រសិនជាបរិភាគមកល្មមកល់ខ្លះស្តាយត្រីចង្វាប្រសិនណាជាស៊ីមកក៏ជាការកល់ឡើងរួមនឹងត្រីក្អិត១ជាន់មុននោះ
ស្តាយត្រីចង្វាភ្លៀងប្រសិនណាបានស៊ីមួយទៀតក៏ជាការផ្សំនឹងត្រីជាន់មុនបានកល់ឡើងច្រើនល្មមបង្អន់គំលានបានខ្លះ
ឥឡូវដល់ពេលឃ្លានក៏ខ្លាំងពេលថ្ងៃនឹងស្វែងរកទៅទៀតក៏ផុតត្រឹមនេះ
អញនេះហៅពិតជាគិតខុសមិនសន្សំត្រីតូចៗ
ស៊ីផ្សំគ្នាគិតប្រមាថថាអាតូចៗមិនសមនឹងខ្លួនចាំរកត្រីធំៗឲ្យសមសក្តិយសខ្លួន
ដល់រកមិនបានអាធំក៏ខូច អាតូចក៏ខាតបានទុក្ខវេទនាអត់អាហារនេះហោង។
ព្រានព្រៃកំសត់
មានបុរសម្នាក់ប្រកបរបរជាព្រានព្រៃបរបាញ់សត្វ។
ថ្ងៃមួយបុរសនោះបានទទួលគ្រោះមរណំដោយពេលកំពុងយឹតធ្នូព្រួញបំរុងបាញ់ប្រហារជីវិតខ្លាកំណាចមួយក្បាលតែគាប់ជាហេតុអាក្រក់ខ្សែធ្នូត្រូវដាច់បណ្តាលឲ្យខ្លាដឹងខ្លួនទាន់
ក៏ស្ទុះបោលសំដៅមកយកជីវិតព្រាននោះ។
កាលបើឃើញខ្លាបោលសំដៅរកខ្លួនយ៉ាងលឿនដូចនោះក៏ខំប្រឹងរត់គេចយកជីវិតឲ្យរួចផុតពីចង្កូមខ្លា។លុះរត់ៗទៅក៏ដល់ស្ទឹងមួយព្រានបំរុងនឹងស្ទុះលោតចូលទៅក្នុងទឹកស្ទឹងនោះដើម្បីហែលឆ្លង
តែមិនអានធ្វើទៅបានព្រោះនៅក្នុងស្ទឹងនោះសំបូរដោយសត្វក្រពើកំពុងដេកតំរៀបចំហមាត់រង់ចាំចំណី។បុរសក៏ទុចដំណើរ
ហើយងាកចុះឡើងឆ្វេងស្តាំរកផ្លុវរត់ទាំងភិតភ័យ
ក៏ឃើញដើមឈើមួយដើមដែលដុះជាប់មាត់ស្ទឹងនោះ
ហើយបានស្ទុះប្រវេប្រវាតោងឡើងគេចពីខ្លាកំនាច។ពេលឡើងដល់ពាក់កណ្ដាលនៃដើមនោះហើយក៏អង្គុយលើមែកមួយដើម្បីយកកំលាំងក៏ស្រាប់តែមានតំនក់ទឹកឃ្មុំស្រក់ចេញពីសំបុកឃ្មុំដែលនៅលើក្បាលព្រាននោះ។
ដោយក្តីហេវហត់ជាខ្លាំងក៏ត្រេកត្រអាលនឹងរសផ្អែមឆាញ់នៃទឹកឃ្មុំលែងនឹកនាដល់ក្តីមរណំបន្តិចសោះពុំបានដឹងថា
មានសត្វកណ្តុរមួយក្រុម ដែលបានបាត់បង់សន្តានដោយសាព្រានកំពុងតែរួមសហការគ្នា
បញ្ជូនខ្លួនព្រានទៅកាន់ផ្លូវមរណៈដោយខិតខំប្រឹងប្រែកខាំកកេរផ្តាច់មែកឈើដែលបុរស
កំពុងអាស្រ័យឯខ្លាឃើញដូចនេះមានសេចក្តីត្រកអរយ៉ាងខ្លាំង។
បុរសនោះបានជក់ចិត្តនឹងរសនៃទឹកឃ្មុំគិតតែជញ្ជក់ពីក្រៅសំបុករហូតដល់ធ្វើឲ្យសំបុកឃ្មុំបែកធ្លុះធ្លាយបណ្តាលឲ្យហ្វូងឃ្មុំផ្អើលហើរចេញពីសំបុក
រូចក៏សំរុកចូលខាំទិចបុរសទាំងព្រម ធ្វើឲ្យបុរសឈឺពើតស្ទុះលោតកញ្ឆែង ជាហេតុធ្វើឲ្យមែកឈើនោះបាក់ធ្លាក់ដាច់ចេញពីដើម
បុរសនោះក៏បានក្លាយជាចំនីដ៏មានឲ្យជារសសំរាប់សត្វខ្លានាពេលនោះទៅលទ្ធផលចុងក្រោយព្រានត្រូវបង់ជីវិតដោយសាជក់ចិត្តនឹងទឹកឃ្មុំភ្លេចស្មារតីខ្វះការប្រុងប្រយ័ត្ន។
ខ្លាកំណាច
តំនាលតមកនិយាយអំពីសត្វខ្លាវិញ
ក្រោយពីបានជ័យជំនះនិងបានឆីសាច់បុរសជាព្រានព្រៃរួចមក
វាក៏ចាប់មាត់ជក់ចិត្តនឹងរសនៃសាច់ឆៅឈាមស្រស់របស់មនុស្ស
ហើយនឹកចង់ភ្លក្សរសជាតិនេះម្តងទៀត។
ម្យ៉ាងវិញទៀតវាមានមោទនភាពចំពោះខ្លួនឯងយ៉ាងខ្លាំង
ក៏ចាប់ផ្តើមលែងមានគំនិតក្រែងរអែងញញើតញញើមនឹងមនុស្ស និងសត្វទាំងឡាយ
ព្រោះវាគិតថាវាជាស្តេចអំណាច។ចាប់តាំងពីពេលនោះមកវាតែងតែមានគំនិតស្រួចស្រាល់ពង្រឹងនិងបង្ហាញឬទ្ធីតេជ្ជៈ
មិនតែប៉ុណ្ណោះចង់ឲ្យមនុស្សនិងសត្វស្ថិតនៅក្រោមអំណាចខ្លួនទៀតផង។
ចាប់តាំងពីពេលនោះមកសត្វខ្លាមួយក្បាលនេះបានធ្វើការលុកលុយបង្កនូវភាភក្តៅក្រហាយ
ធ្វើទុក្ខបុកម្នេញបំពារបំពានគំរាមកំហែងដល់ពពួកសត្វទ្វេរបាត ចតុបាត ម្រឹគីម្រឹគា
បក្សាបក្សី សូម្បីសត្វក្នុងទឹកមិនឲ្យរស់នៅបានស្ងប់សុខម្តងណាទេ
មិនថាជានៅក្នុងព្រៃជ្រៅតូចធំ ឬក្នុងរូងភ្នំក្រំថ្មគ្រប់កន្លែងច្រកល្ហក
បើទោះជានៅក្នុងសំងាត់យ៉ាងណាម្តេចក្តី។
លើសពីនេះជាញឹកញយក៏មានវត្តមានវាទៅគំរាមបន្លាច និងបៀតបៀនអាយុជីវិតមនុស្សម្នា
ដែលរស់ក្នុងភូមិឯនាយ និងរស់ជាយព្រៃធំតូច។ការធ្វើដំនើរត្រាច់ចរអង្រួនអស់ព្រៃព្រឹក្សាគិរីបុព្វតារយម៉ឺនទីតាំងរួចហើយបានចូលមកដល់ដែនព្រៃមួយដែលជាទីដ៏ស្ងប់ស្ងាត់បំផុត
នោះគឺជាទីស្ថានដ៏បរមសុខរបស់សត្វតោមួយក្បាលហើយក៏ជាទីស្ថាន
មួយដ៏ក្សេក្សាន្តបំផុតសំរាប់ពពួកសត្វទាំងឡាយដែលរត់មកពីគ្រប់ទិសទីមកធ្វើសំណាក់អាស្រ័យ។
ក្រោយពីដឹងថាសត្វខ្លាដ៏កំនាចនោះបានចូលមកដល់ព្រៃនេះភ្លាមម្នាលសត្វគ្រប់គ្នាមានការភិតភ័យយ៉ាងខ្លាំងក៏នាំដំណឹងទៅប្ដឹងដល់សត្វតោដែលជាម្ចាស់ព្រៃនេះ។
ក្រោយពីបានស្ដាប់ឮនូវដំណឹងចប់សព្វគ្រប់ហើយតោមានការព្រួយបារម្ភផងនិងខឹងសម្បារផង។
តោនឹកខឹងថាហេតុអ្វីសត្វខ្លាមិនមានសេចក្តីក្រែង
រអែងចិត្ត និងខ្វះការគួរសមចំពោះខ្លួនដោយចូលមកកានទឹកដីខ្លួនដោយគ្មានការអនុញ្ញាតិព្រមព្រាងចូលមកស្រេចតែចិត្តខ្លួន។
ចូលមកហើយថែមទាំងបង្កអោយមានភាពរំជើបរំជួលថែមទៀត។ម្យ៉ាងទៀតតោមានសេចក្តីព្រួយចំពោះអស្ថេរភាពផ្សេងៗកើតមានឡើងដោយសារខ្លានៅលើដែនព្រៃខ្លួនព្រោះខ្លាជាសត្វដែលកោងកាចបំផុតហើយកំពុងតែងប់ងុលស្រវឹងឈ្លក់វង្វេងនឹងការប្រើប្រាស់អំនាចដែលគ្មានព្រំដែនរបស់គេ។
ការគិតរបស់តោគឺពុំខុសមែន
សត្វខ្លាបានមករកតោដល់រូងថ្មជាទីសយនដ្ឋាននៃសត្វតោ។ ជំលោះបានផ្ទុះកើតឡើងនាពេលនោះ
ដោយពាក្យសំដីទ្រគោះបោះបោកប្រមាថមើលងាយកោងហួសខ្នាតរបស់ខ្លាមកលើតោ។
ដោយក្តីក្រោធខឹងពុះពារធ្វើអោយភ្លើងកំហឹងដែលកប់ទុក្ខក្នុងចិត្តមកជាយូរត្រូវបានផ្ទុះចេញពីខ្លួនសត្វតោយ៉ាងសន្ធោសន្ធៅទៅដុតកំលោចកំទេចជីវិតសត្វខ្លាឲ្យរលាយវិនាសសាប
សូន្យក្លាយជាផេះផង់នាពេលនោះហោង៕
សម្លាប់មាន់រងាវយាម
មាន់រងាវ
មានអ្នកបម្រើគេម្នាក់រស់នៅបម្រើគេក្នុងផ្ទះមួយ។
ម្ចាស់ផ្ទះនោះចិញ្ចឹមមាន់ចែឈ្មោលមួយសម្រាប់ឲ្យរងាវយាមរាល់ៗថ្ងៃ។
រៀងរាល់ថ្ងៃឲ្យតែមាន់រងាវ
ម្ចាស់ផ្ទះតែងតែដាស់អ្នកបម្រើម្នាក់នោះឲ្យធ្វើការសព្វសារពើ។
ដោយនឿយហត់នឹងការងាររៀងរាល់ថ្ងៃពេក អ្នកបម្រើនោះនឹកគិតក្នុងចិត្តថា
“អញសព្វថ្ងៃនេះនឿយហត់ណាស់
ដេកក៏មិនបានគ្រប់ ឲ្យតែមាន់រងាវឡើង
ម្ចាស់ប្រើអញធ្វើការគ្រប់បែបយ៉ាង។ បើគ្មានអាមាន់នេះរងាវទេ
ម៉្លេះម្ចាស់អញគ្មានអ្វីជាសញ្ញានឹងដាស់អញយកទៅប្រើទេ។ ” គិតឃើញដូច្នេះហើយ
អ្នកបម្រើនោះក៏រកវិធីលួចសម្លាប់មាន់ចែនោះចោលទៅ។
ម្ចាស់ផ្ទះលុះអស់មាន់រងាវជាសញ្ញា
ក៏ចេះតែប្រើអ្នកបម្រើគ្មានពេលច្បាស់លាស់
គឺនឹកឃើញពេលណាក៏ប្រើពេលនោះ មិនថាយប់ឬថ្ងៃ។
អ្នកបម្រើនឹកស្តាយក្រោយមិនគួរសម្លាប់មាន់រងាវយាមសោះ
ឥឡូវនេះខ្លួនកាន់តែលំបាកជាងមុនទៅទៀតពោលគឺធ្វើការហួសប្រមាណគ្មានពេល។
ពាក្យសន្យារវាងក្អាត់និងដង្កូវ
មានកូនដង្កូវញីមួយកំពុងនៅលើស្លឹកឈើដែលមាន មែកទោរទៅរកទឹកបឹងមួយ។ ចៃដន់កូនដង្កូវញីបានប្រទះភ្នែកនឹងកូនក្អាត់ឈ្មោលមួយដែលនៅក្បែរនោះ។ ពួកគេបានសំលឹងមើលមុខគ្នាដោយភ្នែកដ៏តូចៗរបស់គេ ហើយពួកគេក៏ចាប់ចិត្តប្រតិព័ទ្ធលើគ្នាទៅវិញទៅមក។ ក្នុងក្រសែភ្នែករបស់កូនក្អាត់ កូនដង្កូវនោះប្រៀបដូចជាឥន្ធនូដែលមានពណ៌ល្អគ្មានពីរ។ សំរាប់ដង្កូវ កូនក្អាត់ប្រៀបដូចជាគ្រាប់អង្កាំពណ៌ខ្មៅដ៏ប្រណីត។ដង្កូវ៖ ខ្ញុំពេញចិត្តរូបអ្នកទាំងអស់ សូមអ្នកកុំប្រែប្រួលអោយសោះ!
ក្អាត់៖ ខ្ញុំសន្យា
មួយរយៈក្រោយមកក្អាត់ក៏មកជួបនឹងដង្កូវ សារជាថ្មី។ តែពេលនេះក្អាត់បានដុះជើងក្រោយ២។ ដង្កូវបានឃើញក្អាត់ដូច្នោះ ស្រែកយំយ៉ាងខ្លាំង ដោយខឹងនឹងក្អាត់ថាមិនគោរពសន្យា។
ក្អាត់៖អោយខ្ញុំសូមទោសផងចុះ ខ្ញុំមិនចង់បានជើងទាំងពីរនេះទេ! អ្វីដែលខ្ញុំចង់បានគឺឥន្ធនូដ៏ស្រស់ស្អាតរបស់ខ្ញុំ!
ដង្កូវ៖ អ្វីដែលខ្ញុំចង់បានគឺគ្រាប់អង្កាំពណ៌ខ្មៅរលោងរបស់ខ្ញុំ។ សន្យាមកថាអ្នកនឹងមិនប្រែប្រួលទៀតទេ!
ក្អាត់៖…ខ្ញុំសន្យា!
ប៉ុន្តែមិនដូចដែលគេបានសន្យាឡើយ កូនក្អាត់មកជួបដង្កួវលើកនេះ មានដុះដៃ២ថែមទៀត។ ដង្កូវស្រែកយំខ្លាំងជាមុនទៅទៀត។
ដង្កូវ៖ អ្វីដែលខ្ញុំចង់បានគឺគ្រាប់អង្កាំពណ៌ខ្មៅរលោងរបស់ខ្ញុំ។ ខ្ញុំទុកឱកាសអោយជាលើកចុងក្រោយម្តងទៀត! សន្យាមកថាអ្នកនឹងមិនប្រែប្រួលទៀតទេ!
ក្អាត់៖ អោយខ្ញុំសូមទោសផងចុះ! …ខ្ញុំសន្យា!
លើកនេះក្អាត់ក៏ជ្រុះកន្ទុយបាត់។
ដង្កូវ៖ នេះជាលើកទី៣ហើយដែលអ្នក មិនគោរពពាក្យសន្យា។ អ្នកមិនទុកខ្ញុំនៅក្នុងបេះដូងឡើយ។ អ្នកធ្វើអោយខ្ញុំខកចិត្តខ្លាំងណាស់!
ក្អាត់៖ ខ្ញុំមិនចង់ធ្វើដូច្នេះទេ។ នេះជាធម្មជាតិ! អ្នកនៅតែជាឥន្ធនូដ៏ស្រស់ស្អាតសំរាប់ខ្ញុំដដែល!
ដង្កូវ៖ តែអ្នកមិនមែនជាគ្រាប់អង្កាំពណ៌ខ្មៅរលោងរបស់ខ្ញុំទៀតទេ! លាហើយ!
ដង្កូវវារចេញទៅ សម្ងំយំរហូតដល់យប់ ហើយក៏ដេកលង់លក់ទៅ។ នៅពេលដែលគេភ្ញាក់ឡើង អ្វីៗដែលនៅជុំវិញខ្លួនគេហាក់ប្រែប្រួលទាំងអស់។ ខ្លួនបែរជាមានស្លាបក្លាយទៅជាមេអំបៅ។ មេឃក៏ប្រែប្រួល ដើមឈើក៏ប្រែប្រួល អ្វីៗទាំងអស់គឺប្រែប្រួល លើកលែងតែស្នេហារបស់គេចំពោះកូនក្អាត់។ ដង្កូវក៏សំរេចចិត្តមកសូមទោសក្អាត់វិញដែលនាងចោទថាមិនគោរព សន្យា។
សួរមិនទាំងទាន់ចប់ផង កង្កែបក៏លោតស៊ីមេអំបៅបាត់ទៅ!
រួចហើយវាក៏លោតមកទំលើស្លឹកឈូកចាំមើល ផ្លូវឥន្ធនូរបស់វាយ៉ាងក្រៀមក្រំក្នុងចិត្តបន្តទៀត ដោយសង្ឃឹមថាថ្ងៃណាមួយនាងនឹងវិលមករកខ្លួនវិញជាមិនខាន៕
ស្នេហ៍កម្សត់
នាង Katie Kirkpatrick, អាយុ២១ឆ្នាំ មានជំងឺមហារីក។ ទោះជាយ៉ាងនេះក្តីនាងខិតខំរកគ្រូពេទ្យព្យាបាលដើម្បីអោយនាងអាច មានបានរៀបមង្គលការជាមួយបុរសជាទីស្រលាញ់របស់ខ្លួន។ នៅពេលដែលជំងឺធ្វើទុក្ខម្តងៗ
សួតរបស់នាងដូចជាស្ទះ និងបេះដូងរបស់នាងហាក់ដូចជាលោតញាប់ដែលធ្វើអោយនាងពិបាកដកដង្ហើម យ៉ាងខ្លាំង។
នាងពិបាកក្នុងការដកដង្ហើម ដូច្នេះនាងត្រូវការប្រើអុកស៊ីសែនជំនួយ។ នាងថេមទាំងមានការឈីចាប់ឆ្អឹងខ្នងថែមទៀត ដែលតំរូវអោយនាងប្រើថ្នាំម័រហ្វ៊ីនដើម្បីកាត់បន្ថយការឈឺចាប់។ សរីរាង្គរបស់នាងហាក់ដូចជាលែងចង់កំរើកទៀតហើយ។ តែទោះជាយ៉ាងណាក៏ដោយក៏នេះមិនអាចជាឧបសគ្គដល់ពិធីអាពាហ៍ពិពាហ៍ របស់នាងនិង កំលោះ Nick
Godwin អាយុ២៣ឆ្នាំ ដែលលង់ស្រលាញ់នាង Katie
តាំងពីនៅរៀនថ្នាក់ទី១១មកម៉្លេះ។Nick Godwin អាយុ២៣ឆ្នាំ សំរាកមួយភ្លែតនៅលើគ្រែពេទ្យក្បែរកូនក្រមុំរបស់ខ្លួន Katie Kirkpatrick នៅខាងស្តាំដៃគាត់ ដែលកំពុងសំរាកព្យាបាល។
Nick Godwin ជាអនុប្រធាន Lapeer County Sheriff។ គាត់ធ្វើការវេនយប់។ គាត់បាននាំនាង Katie ចូលមន្ទីរពេទ្យនៅបីថ្ងៃមុនថ្ងៃរៀបអាពាហ៍ពិពាហ៍។
Katie Kirkpatrick, 21 ឆ្នាំ, កំពុងពាក់ក្រវិល ប៉ុន្មាននាទី មុនពេលរៀបការជាមួយ Nick Godwin, 23 ឆ្នាំ, ដែលនាងបានស្គាល់តាំងពីថ្នាក់ទី ១១ , នៅព្រះវិហារគ្រិស្ទ នៅ Hazel Park ក្នុងថ្ងៃសៅរ៍ ១៥ មករា ២០០៥។
Dave Kirkpatrick និង ប្រពន្ធ ឱ្យមេដៃសរសើកូនប្រសារប្រុស ដោយពេញចិត្តពួកគេ បន្ទាប់ពីពួកគេរៀបការនឹងគ្នា នៅព្រះវិហារ នៅ Hazel Park ក្នុងថ្ងៃសៅរ៍ ១៥ មករា ២០០៥។
Katie Kirkpatrick Godwin, រូបខាងស្ដាំ , នៅពេលប្ដីរបស់នាង, Nick Godwin, ច្រៀងប្រលោម រួមជាមួយនឹងកូនកំដរផ្សេងទៀត នៅឆាករាំ នៅ Boulder Point Golf Club និង Banquet Center នៅ Oxford, MI, ក្នុងថ្ងៃសៅរ៍ ១៥ មករា ២០០៥។
Katie Kirkpatrick, 21 ឆ្នាំ, និង Nick Godwin, 23 ឆ្នាំ, ឱបថ្នាក់ថ្នមគ្នាបន្តិច ក្នុងពេលរង់ចាំជាងថតដែលកំពុងតែរៀបចំការថត បន្ទាប់ពីរៀបការរួចនៅ ព្រះវិហារ នៅ Hazel Park ក្នុងថ្ងៃសៅរ៍ ១៥ មករា ២០០៥។
Katie Kirkpatrick Godwin, រូបកណ្ដាល, សម្រាកមួយភ្លែត ក្នុងពេលជប់លៀងអាពាហ៍ពិពាហ៍របស់នាង នៅ Boulder Point Golf Club និង Banquet Center នៅ Oxford, MI, ក្នុងថ្ងៃសៅរ៍ ១៥ មករា ២០០៥។ Katie អស់កម្លាំង។ មុខរបស់នាង ស ដូចជារ៉ូបអាពាហ៍ពិពាហ៍របស់នាង។
ប្រាំថ្ងៃក្រោយមក Katie បានស្លាប់។ ជំងឺ មិនបានធ្វើឱ្យនាង អស់ការតស៊ូក្នុងការរស់នៅនោះទេ នាងនៅតែមានសង្ឃឹម។ នាងទទួលបានអាពាហ៍ពិពាហ៍ដ៏សមរម្យមួយ នាងទទួលបានស្នេហាមួយ និង នាងបានផ្ដល់នូវស្នេហាមួយ ហើយស្នេហារបស់នាង មិនបានស្លាប់ឡើយ។ នេះហើយជាអ្វីដែលនាង Katie បានធ្វើដើម្បីប្រយុទ្ធនឹងជំងឺមហារីក។
រឿងបុរសចង់បោកប្រាសទេវតា
កសិករម្នាក់ទៅផ្សារដើម្បីលក់គោ និង មាន់ពីរក្បាល។ ផ្ទះរបស់គាត់ នៅឆ្ងាយដាច់ស្រយាលពីគេ ។ គាត់ត្រូវដើរកាត់ព្រៃស្ងាត់ជ្រងំ ដែលសម្បូរទៅដោយពួកចោរកាចសាហាវ។ បុរសម្នាក់នេះ ភ័យពេក ក៏បន់ដល់ទេវតាថា៖“ទេវតាអឺយ ទេវតា បើព្រះអង្គជួយកូនចៅ ឱ្យធ្វើដំណើរដោយសុវត្ថិភាព កូនចៅនឹងថ្វាយប្រគេនប្រាក់ បានពីលក់គោមួយក្បាលនេះ ទាំងអស់ ដល់ចៅអធិការវត្តទុកសម្រាប់ធ្វើបុណ្យ។”
បុរសនោះក៏បានធ្វើដំណើរឆ្លងកាត់ព្រៃស្ងាត់នោះដោយសុវត្ថិភាព មែន តែគាត់នឹកស្ដាយក្រោយ ថា មិនគួរណាសន្យា ជាមួយទេវតា នាំឱ្យចំណាយអស់ប្រាក់សន្ធឹកសន្ធាប់យ៉ាងនេះសោះ។ ប៉ុន្តែភ្លាមនោះ គាត់បាននឹកឃើញ នូវគំនិតល្អមួយ។
ពេលទៅដល់ផ្សារ គាត់បានប្រកាសលក់គោរបស់គាត់ ក្នុងតម្លៃស្មើនឹង មាន់ពីរក្បាល។ មនុស្សជាច្រើនបានមកចោមរោមចង់ទិញគោរបស់គាត់ ព្រោះឮថា តម្លៃថោក។
- តែអ្នកដែលទិញគោនេះ ត្រូវតែទិញ មាន់ទាំងពីរក្បាលនេះដែរ !! កសិករនោះនិយាយ។
- អ៊ីចឹងក៏បាន ហើយចុះមាន់ទាំងពីរក្បាលនេះថ្លៃប៉ុន្មានដែរ ? អ្នកមកចោមរោមទិញសួរ។
កសិករនេះ លក់មាន់ទាំងពីរក្បាលថ្លៃស្មើគោមួយក្បាលរបស់គាត់។ គេក៏ព្រមទិញគោនិងមាន់ទាំងពីរក្បាលពីគាត់។ កសិករម្នាក់នេះ បានយកលុយប៉ុន្មានពាន់រៀល បានមកពីការលក់គោរបស់គាត់ យកទៅប្រគេនលោក តាមការសន្យាជាមួយទេវតា ហើយទុកលុយប៉ុន្មានលានរៀល បានមកពីលក់មាន់ យកទៅផ្ទះ។
សំណាងអាក្រក់ បាបកម្មដោយសារបោកប្រាសទេវតា បុរសម្នាក់នោះ បានជ្រុះបាត់លុយ នៅតាមផ្លូវពេលត្រលប់មកផ្ទះវិញ។
រឿងនិទាន៖ ត្រីមាស
ថ្ងៃមួយអ្នកនេសាទទុរគតម្នាក់បានឃើញត្រីតូចមួយពណ៌មាសនៅ ជាប់នឹងសំណាញ់របស់គាត់។ ជិតជាចម្លែកអស្ចារ្យត្រីនោះចេះនិយាយទៅកាន់បុរសនោះ។ ត្រីមាសនោះអង្វរអ្នកនេសាទអោយដោះលែងខ្លួនទៅវិញទៅ នោះត្រីមាសនឹងផ្តល់លាភសក្ការៈជាទីគាប់ចិត្តដល់អ្នកនេសាទ។ អ្នកនេសាទក៏យល់ព្រមលែងត្រីមាសទៅក្នុងទឹក។ ប៉ុន្តែត្រីមាសបានផ្តាំថា មិនត្រូវអោយអ្នកដទៃដឹងអំពីរឿងនេះឡើយ។លុះអ្នកនេសាទត្រប់មកផ្ទះវិញស្រាប់តែឃើញខ្ទមកំសត់របស់ខ្លួន ក្លាយទៅជាវិមានដ៏ស្កឹមស្កៃ ហើយភរិយារបស់ខ្លួនទៀតសោតមានសំលៀកបំពាក់យ៉ាងស្រស់ឆើតឆាយ ប្រៀបដូចជាម្ចាសក្សត្រីយ៍។ អ្នកនេសាទមានចិត្តរីករាយយ៉ាងខ្លាំង។ ប៉ុន្តែភរិយារបស់អ្នកនេសាទនៅមិនសុខមិនសាប់ចង់ដឹងពីមូលហេតុដែល នាំអោយពួកគេបានទ្រព្យសម្បត្តិទាំងនេះមក។ នាងទទូចសួរអ្នកនេសាទជាប្តីទាល់តែអ្នកនេសាទនោះប្រាប់តាមដំណើរ ដើមទង។ និយាយមិនទាន់ផុតពីមាត់ផងស្រាប់តែវិមានស្កឹមស្កៃក្លាយមកជា ខ្ទមកំសត់ដូចដើមវិញហើយទ្រព្យរបស់ផ្សេងទៀតក៏រលាយបង់អស់ដែរ៕
រឿងឧកញ៉ា៣នាក់និងព្រះនាងអារ៉ាប់
ព្រះនាងម៉ាវីយ៉ាជាស្ត្រីដែលមានសំរស់ស្រស់ផូរផង់និងមាន អំណាចនៅអារ៉ាប់។ មានបុរសជាច្រើនដែលមានងារជាឧកញ៉ាសេនាបតីជាច្រើនចង់រៀបការជា មួយព្រះនាង។ ក្នុងចំណោមបុរសទាំងនោះ មានបុរស៣នាក់ដែលត្រូវបានព្រះនាងពេញចិត្តជាងគេនិងជ្រើស រើសអោយមកជួបនឹងព្រះនាង។ ឧកញ៉ាទាំង៣នាក់នោះ សុទ្ទតែជាបុរសដែលមានរូបសង្ហារ និងមានទ្រព្យសម្បត្តិស្តុកស្តម្ភដែលធ្វើអោយព្រះនាងពិបាកសំរេច ចិត្តមិនដឹងថានឹងត្រូវជ្រើសរើសយកមួយណាឡើយ។ល្ងាចមួយព្រះនាងក្លែងខ្លួនជាស្ត្រីធម្មតាម្នាក់ រួចចូលទៅក្នុងតង់របស់បុរសទាំង៣នាក់នោះ។ ព្រះនាងចូលទៅចំពេលដែលឧកញ៉ាទាំង៣នាក់នោះទទួលទានអាហារ ហើយព្រះនាងក៏សុំអាហារខ្លះបរិភោគដែរ។ បុរសទី១ អោយអាហារនៅសល់របស់ខ្លួនទាំងប៉ុន្មានទៅនាង។ បុរសទី២ អោយកន្ទុយអូដទៅព្រះនាង។ បុរសទី៣ បានអោយចំណែកសាច់ដែលផុយនិងមានឱជារសរបស់ខ្លួនទៅនាង។
លុះស្អែកឡើង នាងបានអញ្ជើញបុរសទាំង៣នាក់នោះទៅបរិភោគអាហារនៅផ្ទះរបស់នាងវិញ។ នាងបានអោយអ្នកបំរើលើកម្ហូបដូចដែលបុរសទាំង៣បានអោយមកនាងកាល ពីល្ងាចមុន។ តែលើកនេះបុរសទី៣ មិនបរិភោគទេ ដោយទុកចំណែករបស់ខ្លួននេះជូនដល់នាងវិញ ដោយគាត់សុខចិត្តបរិភោគជាមួយឧកញ៉ា២នាក់ទៀត។ ទង្វើនេះធ្វើអោយព្រះនាងពេញចិត្តជាខ្លាំង។ ព្រះនាងក៏សំរេចចិត្តរៀបអភិសេកជាមួយបុរសទី៣នោះទៅ៕
រឿងសត្វទុងនិងត្រី
មាន សត្វទុង១ដើរស្វែងរកចាប់ត្រីជាអាហារ លុះហែលទៅបានឃើញត្រីក្អិត១ ហែលនៅខាងមុខខ្លួន ទុងនោះក៏ចឹកត្រីក្អិតនោះបាន ទើបវាគិតថាអត្មាអញនេះជាបក្សីរូបធំ ត្រូវតែបរិភោគត្រីធំៗយ៉ាងត្រីរស់ ត្រីឆ្តោ ត្រីប្រាជាដើមនោះ ទើបសមនឹងសក្តិយសរូបអញនេះ អាត្រីក្អិតរូបតូចមួយនេះ មិនសមគួរនឹងរូបអញឡើយ គិតហើយទុងក៏លែងត្រីក្អិតនោះចោលទៅ ហើយក៏ហែលទៅមុខទៀត លុះដល់កន្លែងមួយក៏ឃើញត្រីចង្វា១ហែលមកខាងមុខ ទុងនោះចឹកបានហើយគិតទៀតថា ត្រីចង្វានេះតូចណាស់ពុំសមគួរនឹងអញជាបក្សីធំនេះឡើយ គិតហើយក៏លែងត្រីចង្វានោះចោលបង់ ហើយហែលទៅមុខទៀត បានយល់ត្រីចង្វាភ្លៀង១ ទុងក៏ចឹកបានលើកឡើងនឹងស៊ី ក៏គិតថាត្រីចង្វាភ្លៀងនេះរូបតូចពេកណាស់ ពុំគួរនឹងរូបអញជាធំ គិតហើយក៏លែងត្រី នោះចោលបង់
រឿងមនុស្សឆោតជិះក្របីទូលស្រូវ១ល្អី
កាល ណោះ ព្រះមហាក្សត្រាធិបតី ប្រើរាជអាមាត្យឲ្យដើររកមនុស្សឆោតក្នុងព្រះនគរ ថាបើមនុស្សឆោតនៅក្នុងទីណានោះ ឲ្យរាជអាមាត្យនាំមនុស្សនោះចូលទៅគាល់ នឹងព្រះរាជទានរង្វាន់ឲ្យរាជអាមាត្យតាមក្តីគាប់។ ឯអាមាត្យដើររកគ្រប់ទីកន្លែងមិនឃើញសោះ លុះដើរមកដល់វាលស្រែ បែរទៅឃើញចៅជិះក្របីទូលល្អីស្រូវដូច្នេះក៏សំគាល់ថាចៅនេះឆោត ពិតប្រាកដ ទើបសួរទៅថា ចៅឯងនេះជិះលើខ្នងក្របីហើយស្រូវ១ល្អីនោះ ម្តេចមិនដាក់លើខ្នងក្របីទៅ ម្តេចខំទូលផង ចៅឯងម្តេចឆោតម្ល៉េះ?
រឿងខ្មោចចូលដប
ឯខ្មោចនោះតែបានឱកាស គឺអ្នកចំការមិននៅហើយ វាក៍តែងប្លែងកាយជារូបប្តីមកដេកនៅនឹងនាង ជារឿយៗរាល់កាលនោះហោង លុះយូរបន្តិចមកចៅប្តីនោះទៅព្រៃ ឯអាខ្មោចវាប្លែងមកដេកនាងនៅក្នុង ផ្ទះ ដល់ពេលចៅប្តីមកផ្ទះក៍បានឃើញរូបខ្មោចដូចជារូបខ្លួន ដេកជាមួយប្រពន្ធខ្លួនដូច្នោះក៍ខឹងមហិមា ស្ទុះទៅចាប់អាខ្មោចៗក៍ឈ្លោះតបថា យើងជាប្តីនាងនេះ "ផ្ទះនេះជាផ្ទះរបស់យើង ហេតុអ្វី ចៅមកចាប់យើងជាម្ចាស់ផ្ទះយើងវិញ ចៅឯងមកពីទីស្ថានណា មិនដឹងជាយើងប្តីនាងនេះទេឬ " ។ ឯចៅប្តីក៏ឈ្លោះតបថា "ផ្ទះនេះជាផ្ទះរបស់យើង នាងនោះសោតក៏ជាប្រពន្ធរបស់យើង ហេតុអ្វីចៅមកថាជារបស់ខ្លួនដូច្នោះ "។
រឿងសត្វសំពោចនិងមាន់ចែ
រឿងក្មេងកំព្រានិងព្រះចៅផែនដី
រឿង តាចន្ទរំលៀក
មានរឿងមួយ ដំណាលថា៖ កាលនោះ
មានព្រៃមួយធំ មានខ្លាសាហាវ តែងខាំមនុស្សជាច្រើន
នឹងចូលទៅរកបោចផ្ដៅវល្លិពុំបាន ។
គ្រាដែលតាចន្ទគាត់ចូលទៅបោចវល្លិក្នុងព្រៃនោះ
ខ្លាវាលបចេញពីក្នុងព្រៃ ប៉ងនឹងខាំតាចន្ទ ដែលចូលទៅបោចវល្លិ ។
តាចន្ទឃើញវាមុន ហើយគាត់រកពុទ្ធោថា៖
ឱ ! ពុទ្ធោៗ អើយ !ឆ្នាំនេះឆ្នាំខាល ទឹកបែកពាសវាល ស្លាប់ខ្លាដំរី
ស្លាប់អស់បក្សា ម្រឹគាបក្សី ស្លាប់ខ្លាដំរី
គ្មានគង់តូចមួយ ។
ផ្ដៅអញនេះ អាណាវែងៗ អញព្យួរកូនចៅ អាណាខ្លីៗ អញព្យួរត្បាល់អង្រែ ឱសត្វទាំងឡាយអើយ ! ក្នុងឆ្នាំខាលនេះ នឹងស្លាប់អស់ហើយ គ្មានគង់ទេ ។
តាចន្ទ និយាយរកពុទ្ធោយ៉ាងនេះ ជាច្រើនដង ខ្លាស្ដាប់បានឮច្បាស់ គិតថា «គួរអញសួរតានេះចង់ដឹងមើល» ។ ទើបខ្លា សួរទៅតាចន្ទវិញថា «តាអើយតា ! ក្នុងឆ្នាំខាលនេះ ទឹកធំមែនឬ ?» ។ តាចន្ទ ធ្វើភ្ញាក់និយាយទៅនឹងខ្លាថា « ឱ ! ចៅ ! ឆ្នាំនេះទឹកធំណាស់ បានជាតាភ័យនឹងកូនចៅ ទើបតារកផ្ដៅ ដើម្បីចងព្យួរកូនចៅឱ្យផុតពីទឹក» ។ ខ្លាក៏មានចិត្តភិតភ័យនឹងពាក្យតាចន្ទ គិតខ្លាចស្លាប់ ក៏ចូលមកជិត ហើយនិយាយនឹងតាចន្ទថា «តាអើយ អាណិតចងព្យួរខ្ញុំឱ្យផុតពីទឹកផងបានឬទេ ?» ។ តាចន្ទឆ្លើយថា « បាន មិនអីទេចៅ ! អង្គុយមកចាំតានៅទីនេះសិនចុះ » ។ ខ្លាក៏ចូលមកអង្គុយចាំ ។ លុះតាចន្ទបោចវល្លិផ្ដៅបាន ក៏ត្រកួញធ្វើជារម្ងក ហើយចូលទៅចងចង្កេះខ្លា ។ តាចន្ទកាន់គល់ផ្ដៅឡើងទៅលើដើមឈើខ្ពស់ហើយបង្គាប់ខ្លាឱ្យលោត ឡើង ។ តាចន្ទក៏ស្រាវទាញឡើងឱ្យផុតជើងខ្លាពីដី រួចគាត់ចុះមកវិញ ។ ខ្លាសួរថា «តា! ប៉ុណ្ណេះផុតពីទឹកហើយឬអ្វី ?» ។ តាចន្ទឆ្លើយថា «ផុតហើយចៅ!» ។ តាចន្ទក៏កាន់កាំបិតទៅកាប់ឈើជាដំបូង ។ ខ្លាឃើញសួថា «តា! តាកាប់ដំបងធ្វើអ្វី ?»។ តាចន្ទថា « កាប់យកទៅផ្ទះ ក្រែងប្រទះនឹងសត្វឯទៀត វាប្រមាទតា » ។ ខ្លាឆ្លើយថា « គ្មានខ្លាឯណាទេតា! មានតែខ្ញុំនេះឯង តែងតែខាំគេរាល់ថ្ងៃ» ។ តាចន្ទដឹងថា «ឱ ! អានេះជាសត្វកាច បើដូច្នេះ អញនឹងវាយឱ្យអស់ចិត្ត ក្នុងគ្រានេះ» ។ ទើបតាចន្ទកាន់ដំបងចូលទៅដល់ខ្លាថា « ចៅនៅឱ្យស្ងៀម តានឹងមើលចំណងឱ្យ ក្រែងវារបូតលង់ទឹកស្លាប់» ។ ខ្លាក៏នៅស្ងៀម ទើបតាចន្ទលើកដំបងវាយខ្លាៗ ក៏ប្រឹងរើបម្រះ ស្រែករោទ៍ រលាករលួតស្បែកហើមខ្លួនជាខ្លាំង មុខគួរវេទនា ហើយខ្លាក៏ប្រឹងរើបម្រះ ក្រឡះខាំខ្សែផ្ដៅដាច់ គេចរត់ទៅ ។ តាចន្ទ ក៏វិលទៅខ្ទមចាំស្រែវិញ ។ និយាយពីខ្លាដែលរត់រួចទៅនោះ បានទៅជួបនឹងដំរីមួយ ដំរីឃើញខ្លាបោល ក៏ស្រែកសួរថា « បងខ្លាឯង ភ័យនឹងអ្វី ក៏បានជាបោលមិនមើលក្រោយសោះ » ។ ខ្លាប្រាប់ទៅដំរីវិញថា « បងអើយ ! អាចន្ទរំលៀក បញ្ឆោតវាយខ្ញុំហើមខ្លួនអស់ » ។ ដំរីសួរថា អាចន្ទរំលៀកនោះ នៅឯណា?»។ ខ្លាប្រាប់ថា « វាធ្វើស្រែនៅមាត់បឹងឯនោះ » ។ ដំរីថា « អញនឹងព្រេចឱ្យវាល្អិត កុំឱ្យវាធ្វើបាបគេ » ។ ខ្លាបោលហួសទៅ ដំរីក៏ដើររកតាចន្ទនឹងព្រេច ជួបនឹងតាចន្ទហើយ តែដំរីមិនស្គាល់សួរថា « តាៗស្គាល់អាចន្ទរំលៀកដែរឬ ? » ។ តាចន្ទ សួរដំរីថា « ចៅឯងសួររកគាត់ធ្វើអ្វី ? » ដំរីថា « ខ្ញុំខឹងណាស់ វាបញ្ឆោតវាយខ្លាហើមខ្លួនអស់ » ។ តាចន្ទឆ្លើយថា « តាចន្ទ គាត់នៅខ្ទមស្រែត្រើយខាងកើតមាត់បឹង ហ្ន ! ខ្ទមគាត់សៗនុះឯង » ។ ដំរីថា « តាអាណិតជូនខ្ញុំទៅ បើខ្ញុំព្រេចវាស្លាប់ បានរបស់អ្វីប៉ុន្មានខ្ញុំជូនតាទាំងអស់ » ។ តាចន្ទឆ្លើយថា « តាអរណាស់ ចៅអើយ ! ប៉ុន្តែទឹកបឹងនេះជ្រៅណាស់ តាទៅមិនរួចទេ » ។ ដំរីថា « បើទឹកជ្រៅ តាជិះលើក្បាលខ្ញុំមក » ។ តាចន្ទ ឆ្លើយថា « អើ បើដូច្នោះ ទៅក៏ទៅ » ។ តាចន្ទក៏កាន់កាំបិតព្រាមួយទៅផង លុះទៅបានចម្ងាយមួយស្រែតាចន្ទ ក៏កាប់ក្បាលដំរី ៣ – ៤ កាំបិត មុតចេញឈាម ។ ដំរីក៏គេចបោលមកវិញ ដល់គោក រលាស់ទម្លាក់តាចន្ទ ហើយដំរីក៏បោលទៅជួបនឹងខ្លាឃ្មុំៗ ស្រែកសួរថា « បងដំរីបោលអ្វីក៏គ្មានមើលក្រោយសោះ» ។ ដំរីប្រាប់ថា « បងខ្លាឃ្មុំអើយ ! អាចន្ទរំលៀកបញ្ឆោតកាប់ក្បាលខ្ញុំឈាមអស់ » ។ ឯខ្លាឃ្មុំ ក៏ជួយខឹងដំរី ហើយសួរទៅដំរីវិញថា «អាចន្ទនោះ វានៅឯណា ? » ។ ដំរីប្រាប់ថា « វានៅធ្វើស្រែនៅមាត់បឹងធំឯនោះ » ។ ដំរីក៏បោលបាត់ ។ ខ្លាឃ្មុំ ក៏មានចិត្តខឹងគុំគួន ប្រមាថ នឹងខាំបំបែកក្បាលតាចន្ទឱ្យស្លាប់ ។ លុះថ្ងៃក្រោយ ខ្លាឃ្មុំដើរៗទៅ ឃើញតាចន្ទភ្ជួរស្រែពេលព្រឹក ។ ខ្លាឃ្មុំនឹកថា «នេះហើយ តើអាចន្ទរំលៀកនោះ ដូច្នេះអញពួនចាំនៅនេះចុះ ចាំវាមកជិត អញលោតទៅខាំវាឱ្យបាន » ។ ខ្លាឃ្មុំក៏ប្រាបចាំនៅសំយាបព្រៃ ។ តាចន្ទមិនដឹងខ្លួន ។ តាចន្ទភ្ជួរស្រែយូរ ក្រទៅខ្លាឃ្មុំក្រោកអើតមើលមក តាចន្ទឃើញខ្លាឃ្មុំអើតដូច្នោះ គាត់គិតថា« សត្វនេះ វាចង់មកប្រមាថធ្វើទុក្ខអញទៀតហើយ » ។ តាចន្ទប្រុងខ្លួន ហើយវាយដេញក្របីថា « ហី ! អានាងខំទាញឡើង តាយកឃ្មុំឱ្យស៊ី ឃ្មុំតែពីរសម្បុក កំពុងពេញទឹកផ្អែម» ។ តាចន្ទ គាត់ថាយ៉ាងនេះជាច្រើនដង ។ ខ្លាឃ្មុំឮច្បាស់ ក៏មានចិត្តចង់ស៊ីឃ្មុំ ហើយឆ្លើយមកនឹងតាថា « តាៗ ! ចែកខ្ញុំស៊ីផង » ។ តាចន្ទឆ្លើយប្រាប់ទៅខ្លាឃ្មុំវិញថា « ចៅអើយ ឃ្មុំតាតែពីរសម្បុកទេ ទុកឱ្យក្របីវាស៊ីមួយម្នាក់ សោះញ័រខ្លួន បើចៅចង់ស៊ី ចូលមកនិយាយគ្នាសិន » ។ ខ្លាឃ្មុំ ក៏ចូលមកអង្គុយ ។ តាចន្ទថា « បើចៅចូលចិត្តស៊ីដែរ នឹងឱ្យស៊ីទាំងអស់តែម្ដងទៅ ខ្លាចក្រែងក្របីវាខឹងព្រោះវាធ្លាប់ស៊ីដែរ តែតាគិតថា ចៅឯង ឱ្យតាទឹមភ្ជួរស្រែ បានមួយព្យាមចុះ តានឹងឱ្យចៅស៊ីទាំងពីរសម្បុកតែម្ដង ឯក្របីតា ឱ្យវាអត់សិនទៅចុះ សឹមរកទៀត» ។ ខ្លាឃ្មុំស្ដាប់ ត្រូវចិត្តនឹងចំណីនោះ ព្រោះត្រូវចំណង់របស់ខ្លួន ក៏អរណាស់ថា « បើដូច្នេះ ឱ្យតាដោះក្របីចេញចុះ»។ តាចន្ទ ក៏ដោះក្របីចេញមួយរំពេច ។ ខ្លាឃ្មុំ ក៏ចូលទៅឱ្យតាចន្ទទឹម ដាក់ខ្សែទាមចងរឹតរួចស្រេច ។ តាចន្ទគាត់ស្ទុះទៅកាន់កន្ទុយយាមនង្គ័ល ហើយដេញថា ហី! អានាងខំឡើងតាយកឃ្មុំឱ្យស៊ី ឃ្មុំតែពីរសម្បុក កំពុងពេញទឹក ។ ខ្លាឃ្មុំ ខំប្រឹងទាញនង្គ័លពុំកក្រើកឡើយ ។ តាចន្ទគាត់ខឹង ក៏លែងកន្ទុយយាមនង្គ័លបែរទៅវាយឯខ្លាឃ្មុំៗក៏ខំប្រឹងរើបម្រះ តាចន្ទវាយខ្លាំងណាស់ ដល់ទៅបែកហើមខ្លួនទាំងមូល ។ លុះខ្លាឃ្មុំរើរួច បោលទៅជួបនឹងចចកៗ សួរខ្លាឃ្មុំថា «បងខ្លាឃ្មុំ បោលអីគ្មានមើលក្រោយម្ល៉េះ ?» ។ ខ្លាឃ្មុំប្រាប់ទៅវិញថា « បងចចកអើយ ! អាចន្ទរំលៀក វាបញ្ឆោតវាយខ្ញុំ ហើមខ្លួនអស់»។ ហើយខ្លាឃ្មុំបោលទៅ ។ ចចកក៏អួតថា « បើដូច្នោះ ទុកឱ្យអញទៅហែកលបតាចន្ទ យកត្រីចែកគ្នាស៊ី ឱ្យអស់ កុំទុកឱ្យវាឡើយ » ។ លុះព្រឹកឡើង តាចន្ទ គាត់កាន់កាំបិតព្រាមួយនិងច្រវាមួយ ទៅលើកលបគាត់ក្នុងបឹង ។ និយាយពីចចក មកដល់ កណ្ដាលផ្លូវជួបនឹងខ្លាត្រីមួយ ។ ចចកក៏បបួលខ្លាត្រីថា «បងខ្លាត្រី ទៅស៊ីត្រីនឹងអញ »។ ខ្លាត្រីតបថា « បងចចកឯង បានត្រីពីណា ?»។ ចចកថា « អញទៅហែកលបអាចន្ទរំលៀកចែកគ្នាស៊ី » ។ ខ្លាព្រមតាមចចក ក៏មកអង្គុយនៅមាត់បឹង យូរបន្តិច ឃើញតាចន្ទអុំទូកមក ចចកសួរថា « តាស្គាល់អាចន្ទរំលៀកដែរឬទេ?» ។ តាចន្ទថា « ស្គាល់ដែរ តែអាចន្ទនោះ វានៅត្រើយបឹងខាងឯណោះទេ » ។ ចចកថា បើដូច្នេះអាណិតជូនខ្ញុំទៅ បើខ្ញុំហែកលបវាបានត្រី ខ្ញុំចែកតាពាក់កណ្ដាល » ។ តាចន្ទថា « ទៅក៏ទៅ ដ្បិតលបតា ក៏វាពុំត្រូវផង » ថាហើយចចកក៏លោតទំក្បាលទូក ។ តាចន្ទថា « ចៅកុំទៅអង្គុយក្បាលទូក វាលិចណា ! មកអង្គុយខ្ទង់មុខតាឯណេះ ទើបវាមិនលិច>>។ ចចកក៏មកអង្គុយនៅមុខតាចន្ទ ហើយហៅខ្លាត្រីថា << មកបង ប្រញាប់នឹងអាលទៅ » ។ ខ្លាត្រីថា « បងចចក អញមិនហ៊ានទៅទេ អញក្រែងតាចន្ទហើយនេះ»។ ចចកបែរមើលក្រោយថា « មិនមែនទេ » ។ តាចន្ទគាត់នៅស្ងៀម ។ ខ្លាត្រីក៏ឡើងមកអង្គុយទឹមគ្នានឹងចចក ។ តាចន្ទគាត់អុំទូកទៅប្រមាណ១០ព្យាមពីច្រាំង គាត់កាប់ក្បាលចចកមួយកាំបិត ។ ចចកលោតធ្លាក់ទឹក ខ្លាត្រីក៏លោតធ្លាក់ទឹកទាំងអស់គ្នា ខ្លាត្រីបន្ទោសចចកថា « អញថាតាចន្ទហើយ ឯងថា មិនមែនតាចន្ទទេ » ។ ចចកថា « កុំមាត់ ខំតែហែលទៅ » ។ សត្វទាំងពីរ ក៏ហែលដល់គោក ហើយបោលទៅ ។ តាចន្ទនៅធ្វើស្រែស្រូវរួចហើយក៏ទៅផ្ទះ បានសេចក្ដីសុខសប្បាយ ។
ក្រោយមកតាចន្ទ មានចិត្តសង្វេគថា « ឱ ! សត្វទាំង៤ នេះនឹងចងវេរានឹងអញតទៅមុខពុំលែង ហើយវានឹងធ្វើបាបអញនេះមិនខាន ដូច្នេះគួរអញទិញដែកឱ្យច្រើន ធ្វើកាំបិតកោរដងដែកឱ្យបាន ៥០ឬ៦០ ទុកបម្រុងការពារខ្លួនដែលស្លាប់ទៅ ។ តាចន្ទ ធ្វើកាំបិតបានស្រេចហើយ គាត់ក៏ហៅកូនចៅមកផ្ដាំថា « បើអញស្លាប់ទៅហើយ យកអញទៅកប់ ឱ្យយកកាំបិតទាំងអស់នេះទៅដាក់លើផ្នូរកុំខាន ចូកដីលប់ឱ្យជិត លុះដល់៥ – ៦ ថ្ងៃ ឱ្យកូនចៅមើលផ្នូរអញកុំខាន >> ។ តាចន្ទ ផ្ដាំកូនចៅរួចហើយ គាត់ក៏មានជំងឺឈឺក្ស័យទៅ កូនចៅក៏យកខ្មោចតាចន្ទទៅកប់ ធ្វើដូចបណ្ដាំគាត់មិនហ៊ានខាន ។
និយាយពីសត្វទាំង៤ ដែលមានវេរានឹងគ្នានោះ កាលតាចន្ទស្លាប់ទៅបាន៣ថ្ងៃ សត្វចចកស៊ើបដឹងថា តាចន្ទស្លាប់ ក៏ទៅប្រាប់ខ្លាឃ្មុំៗ ប្រាប់ដំរីៗ ប្រាប់ខ្លាធំ ភ្ជុំបបួលគ្នាចូលមកកាយខ្មោចតាចន្ទរំលៀកស៊ី ។ ចចកកាយចុងជើង ខ្លាឃ្មុំកាយក្បាល ខ្លាធំកាយកណ្ដាលខ្លួន ។ ឯដំរីឈរចាំមើល ឃើញសត្វទាំង៣មុតជើងពិការជាខ្លាំង ដួលដេកអស់។ ដំរីខឹងនឹងខ្មោចតាចន្ទថា « ជើ ! អាចន្ទ កាចតាំងពីរស់ទាល់តែស្លាប់ មិនលែងកាចសោះ ទុកឱ្យអញឈូសតែម្ដងឱ្យប៉ើងខ្មោចមកនៅលើគោក » ។ ដំរីខឹងណាស់ លើកជើងឈូសជាខ្លាំង ត្រូវនឹងកាំបិតមុតពេញជើង ក៏ដេកដួលទាំងអស់គ្នា ។
ដល់កំណត់ថ្ងៃ៧ កូនចៅតាចន្ទ នាំគ្នាទៅមើលខ្មោច ស្រាប់តែឃើញដំរី ខ្លា ចចកស្លាប់ខាងផ្នូរ ក៏នាំគ្នាពន្លះយកសាច់ ស្បែក ឆ្អឹង ភ្លុក មកលក់យកប្រាក់ធ្វើបុណ្យ ឧទ្ទិសបញ្ជូនឱ្យខ្មោចតាចន្ទរំលៀកជាសូរេចហោង ។
ខឹងខាត ប្រមាថខុស
រឿង បុរសចេះថ្នាំពិសពស់
មានថ្ងៃមួយ បុរសឈ្មោះសុខ
ធ្វើដំណើរទៅកាប់អុសក្នុងព្រៃ ។ លុះទៅដល់ព្រៃ
ជាកន្លែងកាប់អុសនោះហើយ
ឃើញខ្លាធំមួយស្លាប់នៅជើងដំបូកក្បែរច្រកផ្លូវចូល ។
ចៅសុខពិនិត្យមើលហេតុសព្វគ្រប់ទៅឃើញថា
ខ្លានេះស្លាប់ដោយពស់ចឹក
ព្រោះនៅខាងក្រោមខ្លានោះមានរន្ធពស់មួយ ។
បុរសនោះមានចិត្តសប្បុរសចំពោះសាកសពសត្វនោះណាស់
ក៏ស្រាយថង់យាមយកថ្នាំមកដុះលាបស្រលាបឱ្យ ។
លុះបានមួយស្របក់ខ្លាដឹងខ្លួនឡើងឃើញខ្លួនប្រឡាក់សុទ្ធតែថ្នាំ
ដែលលាប ក៏មានសេចក្ដីទោមនស្សនឹងបុរសដែលលាបថ្នាំឱ្យ
ហើយស្ដីឱ្យថា
«ហេតុដូចម្ដេចបានជាអ្នកឯងហ៊ានយកអ្វីមកប្រឡាក់ខ្លួនអញយ៉ាង
នេះ!» ។ បុរសនោះឆ្លើយថាយើងដើរមក បានឃើញបងឯងស្លាប់ដោយពស់ចឹក
ហើយយើងដុះថ្នាំស្រលាបលាបឱ្យបងឯងរស់តើ ! ។
ខ្លាថាអញមានស្លាប់អី ពស់ចឹកអញកាលណា !
អញកំពុងដេកលក់ស្រួលទេតើ ! បើដូច្នោះ
អញត្រូវប្រហារជីវិតឯងធ្វើជាអាហារ ។ ចៅសុខមានសេចក្ដីតក់ស្លុត
នឹងសេចក្ដីស្លាប់ជាខ្លាំង ក៏អង្វរខ្លាថាបងអើយ ! អាណិតយើងផង
កុំអាលពិឃាដយើងក្នុងគ្រានេះ
ចាំយើងទៅរកអ្នកប្រាជ្ញណាឱ្យគេជំនុំជម្រះឱ្យ
បើរកទៅឃើញថាយើងខុស សឹមបងប្រហារជីវិតយើង បើយើងត្រូវ
ត្រូវទុកជីវិតយើង ។
ខ្លាក៏ព្រមតាមសេចក្ដីអង្វររបស់ចៅសុខៗវិលមកវិញ
ប្រទះសេះនឹងក្របីនៅក្បែរផ្លូវក៏និយាយថា
បងទាំងពីរអាណិតជួយយកអាយុយើងផង
ព្រោះខ្លាដែលពស់ចឹកបានរស់ឡើង ដែលយើងដាក់ថ្នាំឱ្យ
តែវាប្រាថ្នាប្រហារជីវិតយើង ថាយើងធ្វើឱ្យវាភ្ញាក់
ហើយធ្វើឱ្យប្រឡាក់ខ្លួនវាអស់ ។ សត្វទាំងពីរដឹងសេចក្ដីសព្វគ្រប់
ក៏ពិចារណាទៅឃើញថា
តាមពិតត្រូវតែទៅកាត់សេចក្ដីឱ្យបុរសនេះឈ្នះខ្លា
ប៉ុន្តែបើអញឱ្យបុរសនេះឈ្នះទៅ មុខជាខ្លាគុំអញ
ស៊ីអញជាអាហារពុំលែង ក៏ប្រាប់ទៅចៅសុខថា
បងឯងខុសមែនហើយត្រូវឱ្យខ្លាស៊ីទៅ ។
ចៅសុខរឹតតែភ័យឡើងក៏លាសេះនិងក្របី ដើរយ៉ាងលឿនទៅទៀត
លុះប្រទះនិងសុភាទន្សាយ ចៅសុខក៏ប្ដឹងតាមដំណើរ ។
សុភាទន្សាយដឹងរឿងសព្វគ្រប់
ក៏ប្រាប់សុខថាឱ្យទៅនិយាយអង្វរខ្លាទៀតទៅ សឹមយើងទៅជួប ។
គ្រាដែលបុរសនោះ កំពុងជជែកនឹងខ្លា សុភាទន្សាយទៅដល់
ក៏ធ្វើជាសួរថាបងឯងទាំងពីរនាក់ទាស់គ្នាពីរឿងអ្វី ! ។
ខ្លានិងចៅសុខ ក៏បានប្ដឹងតាមដំណើររៀងៗខ្លួន ។សុភាទន្សាយ កាត់សេចក្ដីថា បើដូច្នេះត្រូវបងខ្លាឯងទៅដេកនៅត្រង់កន្លែងដដែល ឱ្យយូរដូចពីមុន បើដល់ពេលត្រូវភ្ញាក់ ហើយពុំស្លាប់ទេ សឹមបងឯងមកពិឃាដមនុស្សនេះធ្វើជាអាហារចុះ ។ ខ្លាទៅដេកតាមបង្គាប់ ពស់ក៏ចេញពីរន្ធមកចឹកខ្លានោះស្លាប់ទៅ ។ សុភាទន្សាយឃើញខ្លាស្លាប់ហើយក៏ប្រាប់ទៅបុរសនោះថា បងឯងកុំលាបថ្នាំឱ្យវាទៀតប្រាប់ហើយក៏លាចៅសុខទៅលំនៅវិញ ។
ធ្វើគុណ បានទោស
រឿង បងថ្លៃនិងប្អូនថ្លៃ
មានមនុស្សពីរនាក់ ជាបងថ្លៃ
ប្អូនថ្លៃនឹងគ្នា បងថ្លៃជាអ្នកក្រ
ប្អូនថ្លៃជាអ្នកមានទ្រព្យសម្បត្តិ ។ ថ្ងៃមួយឪពុកក្មេក
មានកិច្ចរវល់ត្រូវប្រាប់បងប្អូន កូនចៅឱ្យទៅស៊ីផឹកនៅផ្ទះគាត់
ប្អូនថ្លៃនោះ បានមកជួបនឹងបង បបួលទៅស៊ីឯផ្ទះឪពុកក្មេក
បងថ្លៃនិយាយប្រាប់តាមត្រង់ថា «មិនហ៊ានទៅស៊ីទេ»
ព្រោះខ្លួនជាអ្នកក្រ មិនធ្លាប់ស៊ីម្ហូបចំណីល្អ
ក្រែងមិនត្រូវបែបទេ ខ្មាសគេ
ប្អូនថ្លៃនោះជាមនុស្សចិត្តសប្បុរសនឹងបង ក៏ប្រាប់ទៅវិញថា
«មិនអីទេ ទៅពីរនាក់ចុះ បើមិនដឹង ឱ្យតែធ្វើតាមខ្ញុំៗ ស៊ីអី
ស៊ីហ្នឹងទៅ មិនក្រប៉ុន្មានទេ បងទៅជាមួយនឹងខ្ញុំចុះ» ។
បងក៏ព្រមទៅ លុះទៅបរិភោគនៅទីនោះ បបួលគ្នាស៊ីបាយតាមធម្មតាទៅ
ដល់គេលើកសម្លខ្ចៅមក ប្អូនក៏យកចង្កឹះចាប់មួយមកពម
រួចជញ្ជក់អស់ ខ្ជាក់សម្បកខ្ចៅនោះដាក់នៅនឹងកន្លែង
ហើយគេចោលសម្បកនោះទៅ ។
ឯបងនោះមិនដឹង ដោយមិនបានឃើញគេធ្វើដូច្នោះ
ក៏ខំជញ្ជក់ហើយខំទាំងទំពាសម្បកខ្ចៅនោះទាល់តែល្អិត ខំលេបទៅ ។
ប្អូនឃើញដូច្នេះ ក៏លែងស៊ីខ្ចៅនោះទៅចាប់យកឯអំពៅ
ដែលគេឡៅទុកនៅចាននោះមកស៊ីៗ រួចគេយកកន្សែងខ្ចប់ដាក់
ហើយចោលទៅទៀត ។ បងឃើញគេស៊ីអំពៅ ក៏យកអំពៅនោះ មកស៊ីនឹងគេទៀត
ខំទំពាអំពៅទាល់តែល្អិតកាក លេបទៅទៀត ប្អូនលែងស៊ីអំពៅ
វាទៅស៊ីសម្លមីសួរទៀត ទើបតែនឹងពមចូលក្នុងមាត់
នឹកឃើញបងស៊ីអំពៅទាំងកាកនោះ ហើយអស់សំណើចទប់មិនឈ្នះ
ក៏ចេញសំឡេងមកឮតែឃឹក ។ ដោយហេតុខ្យល់ទប់ឃឹកនោះ
មីសួរវាស្ទុះឡើងទៅចូលឯរន្ធច្រមុះទាំងពីរ
ចេញមីសួរនោះមកក្រៅដោយអំណាចខ្យល់ ។ បងថ្លៃឃើញដូច្នោះ
ក៏ចោលចង្កើះទៅក្នុងថាសថា «ទេ! លែងស៊ីហើយ ស៊ីឯទៀតធ្វើតាម
សូម្បីខ្ចៅនិងអំពៅទាំងសម្បក ទាំងកាក ក៏ស៊ីបានទាំងអស់
ដល់មីសួរ ខ្លុះនឹងច្រមុះដូច្នេះធ្វើតាមមិនបានទេ
ប្អូនឯងស៊ីតែឯងចុះ បងលែងស៊ីហើយ ស៊ីទៅទៀតមិនកើតទេ» ។
ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឱ្យយក
រឿង ចោរចិត្តជា
កិរដូចបានឮតៗមកថា៖ កាលនោះ
មានក្មេងប្រុសម្នាក់ នៅស្រុកមួយ អ្នកស្រុកគេហៅថា
«អាចោរចិត្តជា» ។ លុះក្មេងនោះ ចម្រើនធំឡើងឪពុកស្លាប់ទៅ
នៅតែម្ដាយ ។ ចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះ
តែវេលាយប់កាលណា ដើររកលួចទ្រព្យសម្បត្តិអ្នកស្រុកទាំងពួង ។
មាតាទូន្មានប្រដៅដូចម្ដេច ក៏មិនព្រមធ្វើតាម
ទើបមាតាយកទៅឱ្យនៅវត្ត រៀនអក្សរ ។ ចៅនោះក៏មិនខំរៀនសូត្រឡើយ
ប្រព្រឹត្តតែដើរលួចទ្រព្យគេ យកមកចិញ្ចឹមមាតានិងអាត្មា ។
គ្រូរំឭកប្រដៅដូចម្ដេចម្ដា ក៏មិនព្រមស្ដាប់ ។
ថ្ងៃមួយស្ដេចក្នុងនគរនោះ
ទ្រង់ចេញប្រថាប់ចុងព្រះរាជរោង ឱ្យសេនាបតី
នាហ្មឺនសព្វមុខមន្រ្តីចូលគាល់ ទ្រង់មានព្រះរាជឱង្ការថា
«មានខេត្តមួយនៅទំនេរ ពុំទាន់មានឈ្មោះណាទៅឈររក្សា
បើអ្នកណាយកប្រាក់៤០កហាបណៈ មកដាក់ឃ្លាំង
យើងនឹងឱ្យទៅឈរជាចៅហ្វាយស្រុកក្នុងខេត្តនោះ ។
ត្រាស់ហើយស្ដេចយាងចូលព្រះបរមរាជវាំងវិញ ។
គ្រានោះមន្រ្តីតូចម្នាក់វិលមកផ្ទះដេកកើតទុក្ខ
ចង់ធ្វើចៅហ្វាយស្រុកពន់ពេក ។
លុះដល់វេលាយប់ចូលដំណេកនិយាយនឹងភរិយាថា «នាងអើយ
ឥឡូវនេះស្ដេចមានព្រះរាជឱង្ការថា បើឈ្មោះណាមានប្រាក់៤០កហាបណៈ
ថ្វាយព្រះអង្គដាក់ឃ្លាំង
ទ្រង់នឹងឱ្យធ្វើចៅហ្វាយស្រុកនៅរក្សាស្រុកក្នុងខេត្តមួយ
ដែលនៅទំនេរ» ។ ភរិយាឆ្លើយថា «ឱ! អ្នកអើយ!
ចិត្តខ្ញុំចង់ឱ្យអ្នកធ្វើចៅហ្វាយស្រុកណាស់ តែសព្វថ្ងៃ
យើងក្រលំបាកតោកយ៉ាកពេក នឹងរកប្រាក់ថ្វាយស្ដេចពុំបានទេ»
និយាយហើយបន់ទេវតាថា
«សូមទេវតាជួយខ្ញុំឱ្យបានប្រាក់៤០កហាបណៈថ្វាយស្ដេច
ខ្ញុំនឹងបានធ្វើជាចៅហ្វាយស្រុកគ្រានេះ» ។ពេលនោះអាចោរចិត្តជា វាដើរលួចគេ ហើយមកអង្គុយក្រោមផ្ទះ មន្រ្តីនោះវាបានឮដូច្នោះ មានចិត្តអាណិត ក៏យកប្រាក់៤០កហាបណៈពីផ្ទះវា វេចនឹងកំណាត់សំពត់ជាតី មកលូកដៃតាមប្រហោងជញ្ជាំងទៅទុកឱ្យមន្រ្តីនោះ រួចត្រឡប់មកវិញ ។ លុះភ្លឺច្បាស់មន្រ្តីនោះភ្ញាក់ឡើងក្រឡេកទៅឃើញបង្វេចសំពត់ជាតី ក៏ចាប់លើកស្រាយមើលឃើញប្រាក់៤០កហាបណៈ អរណាស់ ប្រាប់ប្រពន្ធថា «យើងបានប្រាក់៤០កហាបណៈហើយ គឺទេវតាឱ្យ» ។ ប្រពន្ធស្ទុះមកមើលឃើញច្បាស់ ក៏មានចិត្តត្រេកអរពន់ពេក ។
លុះដល់ថ្ងៃរសៀល មន្រ្តីនោះយកប្រាក់៤០កហាបណៈទៅថ្វាយស្ដេចដាក់ឃ្លាំង ។ ព្រះរាជាក៏តាំងមន្រ្តីនោះឱ្យធ្វើជាចៅហ្វាយស្រុកនៅរក្សាក្នុង ខេត្តនោះតទៅ ។
ឯអាចោរចិត្តជា កាលបានដឹងថាមន្រ្តីនោះ បានធ្វើជាចៅហ្វាយស្រុកហើយ ក៏ដើរស្វែងរកលួចអ្នកស្រុកក្នុងខេត្តនោះ ធ្វើដំណើរឱ្យគេចាប់ខ្លួនវាបាន ឯពួកម្ចាស់ទ្រព្យក៏នាំអាចោរចិត្តជានោះ ទៅជូនចៅហ្វាយស្រុកៗបង្គាប់មេគុកឱ្យដាក់ច្រវាក់ ឃុំទុកក្រោមផ្ទះលោក ។ វេលាយប់ស្ងាត់អាចោរចិត្តជា និយាយរអ៊ូតែម្នាក់ឯងថា «ឱ ! ហេតុតែឯងមានចិត្តអាណិតគេ កាលគេចង់ធ្វើចៅហ្វាយស្រុកខ្លួនឯង ប្រឹងយកប្រាក់៤០កហាបណៈវេចនឹងកំណាត់ជាតី មកឱ្យគេទាំងយប់ ឥឡូវគេបានធ្វើចៅហ្វាយស្រុកហើយ គេមិនមេត្តាករុណាឯងបន្តិចសោះ គេដាក់ច្រវាក់ ឃុំឯងទុកឱ្យវេទនា» ។ អាចោរចិត្តជា និយាយតែពាក្យដដែលៗម្នាក់ឯងមិនឈប់ ។
ឯចៅហ្វាយស្រុកនិងប្រពន្ធបានឮចោរនិយាយដូច្នោះ ក៏ប្រឹក្សាគ្នាថា «គួរឱ្យឆ្ងល់ណាស់ ចោរវានិយាយនេះត្រូវដូចរឿងខ្លួនយើង គួរតែយើងចុះទៅសួរវាឱ្យជាក់មើល» ។ ទើបចៅហ្វាយស្រុក ចុះពីផ្ទះទៅសួរចោរនោះថា «ឯងនិយាយរឿងអ្វី យើងឮ តែស្ដាប់បានខ្លះ មិនបានខ្លះ ចូរឯងនិយាយរឿងនោះឱ្យយើងស្ដាប់ក្នុងវេលានេះ តាមពិតមកមើល» ។ ទើបអាចោរចិត្តជានិយាយថា «ខ្លួនខ្ញុំនេះ ជាមនុស្សប្រព្រឹត្តចោរកម្ម ដើរតែលួចទ្រព្យគេរាល់យប់ យកមកចិញ្ចឹមជីវិត កាលដែលលោកនៅជាមន្រ្តីតូច ពុំទាន់បានធ្វើចៅហ្វាយស្រុកនៅឡើយ វេលាយប់មួយនោះ ខ្ញុំដើរលួចគេ ហើយមកអង្គុយក្រោមផ្ទះលោក ឮលោកនិងប្រពន្ធនិយាយថា «យើងនឹងរកប្រាក់៤០កហាបណៈពីណាបានយកទៅថ្វាយស្ដេច ដើម្បីឱ្យបានធ្វើចៅហ្វាយស្រុកក្នុងខេត្តមួយ» ។ ប្រពន្ធលោកថា «យើងក្រីក្រម្ល៉េះ នឹងបានប្រាក់ពីណា ?» ។ ខ្ញុំឮដូច្នោះមានចិត្តអាណិតលោក ក៏ទៅយកប្រាក់៤០កហាបណៈពីផ្ទះ វេចនឹងកំណាត់សំពត់ជាតី មកដាក់ជិតក្បាលដំណេក ទុកជូនលោក រួចខ្ញុំត្រឡប់ទៅវិញ ថ្ងៃក្រោយឮគេនិយាយថា «លោកបានធ្វើចៅហ្វាយស្រុក ខ្ញុំក៏មកលួចគេក្នុងខែត្រនេះ គេចាប់ខ្លួនខ្ញុំបាននាំមកជូនលោកៗ ក៏ធ្វើទោសខ្ញុំ មិនប្រណី» ។
ចៅហ្វាយស្រុកបានស្ដាប់ ក៏ជឿជាក់ឥតសង្ស័យ ហើយថា ឱ! អាសម្លាញ់អើយ ឯងនិយាយនេះពិតប្រាកដមែន ដែលអញបានធ្វើចៅហ្វាយស្រុក ពីព្រោះតែឯងជួយ វេលានេះឯងកុំភ័យ កុំតូចចិត្ត អញនឹងដោះឯងឱ្យរួចចេញពីទោស មួយទៀតឯងនិងអញត្រូវយកគ្នាជាសម្លាញ់តទៅ ។
ចៅហ្វាយស្រុកសួរថា «ឯងឈ្មោះអី ?» ។ បុរសនោះជម្រាបថា «ខ្ញុំឈ្មោះអាចោរចិត្តជា» ។ សួររួចហើយ លោកចៅហ្វាយស្រុកក៏ឡើងទៅលើផ្ទះវិញ ។
លុះភ្លឺច្បាស់ចៅហ្វាយស្រុក បង្គាប់មេគុកឱ្យដោះអាចោរចិត្តជារួចពីទោស ហើយនិយាយថា «អាសម្លាញ់ឯងនៅនឹងអញចុះ អញចិញ្ចឹមឯងពីថ្ងៃនេះតទៅ ឯងកុំលួចគេទៀត» ។ អាចោរចិត្តជាឆ្លើយថា «រឿងលួចនោះ អញមិនឈប់ទេ ដែលអញលួចទ្រព្យគេនេះ គ្រាន់យកទៅចិញ្ចឹមមាតាម៉េម៉ាយ» ។ ចៅហ្វាយស្រុក ក៏ឱ្យប្រាក់៣០កហាបណៈឱ្យទៅឱ្យមាតា ។ អាចោរចិត្តជាមិនព្រមយក ។ ចៅហ្វាយស្រុកសួរថា ផ្ទះសម្លាញ់ឯងនៅឯណា ? ចូរឯងប្រាប់អញឱ្យត្រង់ ។ អាចោរចិត្តជាប្រាប់ថា «អញនៅផ្ទះនោះ» ហើយលាចៅហ្វាយស្រុកទៅផ្ទះវិញ ។
គ្រានោះ លោកយមរាជនិងមន្រ្តីតូចម្នាក់ កើតក្ដីវិវាទទាស់ទែងគ្នា ជាយូរខែហើយ, មន្រ្តីតូចនោះ គុំគិតសម្លាប់លោកយមរាជនោះឱ្យបាន ។ មន្រ្តីតូចនោះមានស្រីបម្រើម្នាក់ជាទីទុកចិត្ត ប្រើដូចម្ដេចបានទាំងអស់ ។ ស្រីបម្រើនោះខំផ្គាប់ផ្គុនចៅហ្វាយមិនឱ្យទាស់ចិត្ត ។ វេលាយប់ស្ងាត់មន្រ្តីនោះនិយាយនឹងស្រីបម្រើថា «វេលានេះ ចូរឯងអាណិតអញ ពីព្រោះអញស្អប់លោកយមរាជណាស់ អញចង់សម្លាប់ចោល តែមិនដឹងរកអ្នកណាជួយរឿងនេះ សព្វថ្ងៃអញឃើញតែឯងមានប្រាជ្ញា ហើយមន្រ្តីនោះបង្គាប់ស្រីបម្រើថា «ចូរឯងចេញពីអញទៅយកប្រាក់លោកយមរាជ នៅនឹងគេចុះ រួចឯងខំផ្គាប់ផ្គុនគេ ឱ្យដូចកាលនៅនឹងអញ បើឯងបម្រើខាងក្រៅ ដល់លោកយមរាជនោះគេទុកចិត្តស្និទ្ធស្នាល ត្រូវឯងចូលបម្រើខាងក្នុង លុះបានហើយឯងចាំមើលរាល់វេលាយប់ស្ងាត់កាលណាយមរាជនោះដេកលក់ ចូរឯងរម្លាយសំណឱ្យក្ដៅពុះ រួចយកទៅចាក់ក្នុងមាត់ទៅ លោកយមរាជនឹងស្លាប់មិនខានគ្មានអ្នកណាដឹងឡើយ បើឯងធ្វើបានដូចគំនិតនេះ អញនឹងចេញប្រាក់លោះឯងមកវិញឱ្យរួចពីខ្ញុំគេ» ។ ស្រីបម្រើនោះទទួលការសព្វគ្រប់ ។
វេលាយប់នោះ អាចោរចិត្តជាដើរលួចគេ ហើយវាមកអង្គុយក្រោមផ្ទះមន្រ្តីនោះ កាលមន្រ្តីនោះកំពុងនិយាយបង្គាប់ស្រីបម្រើ ឱ្យសម្លាប់យមរាជដូចម្ដេចៗ ក៏វាស្ដាប់ការណ៍បានទាំងអស់ ។
ថ្ងៃក្រោយ ស្រីបម្រើនោះលាម្ចាស់ទៅរកប្រាក់លោកយមរាជ ហើយសុំនៅផង លោកយមរាជក៏ទទួលចេញប្រាក់ លោះឱ្យទៅបម្រើរៀងមក ។ នាងនោះខំបម្រើផ្គាប់ផ្គុនលោកយមរាជ និងលោកជំទាវមិនឱ្យទាស់ចិត្ត ។ លោកយមរាជនិងជំទាវ ក៏ទុកចិត្តស្និទ្ធស្នាល ឱ្យចេញចូលក្នុងក្រៅ បម្រើជិតដិតរៀងមក ។ វេលាមួយនោះ ពេលយប់ស្ងាត់ស្រីបម្រើនោះវាដឹងថា លោកយមរាជនិងលោកជំទាវសម្រាន្តលក់ហើយ វាដុតភ្លើងរម្លាយសំណឱ្យក្ដៅពុះ ហើយវាលើកសំណនោះចាក់ក្នុងមាត់លោកយមរាជៗស្លាប់ទៅរួចត្រឡប់ទៅ ដេកតាមកន្លែងវិញ ។
លុះព្រឹកឡើង លោកជំទាវភ្ញាក់ បានដឹងថាប្ដីខ្លួនស្លាប់ ក៏ស្រែកទ្រហោយំ ។ មនុស្សផ្អើលមកមើល ឃើញលោកយមរាជស្លាប់មែន តែមិនដឹងជាស្លាប់ដោយរោគអ្វីព្រោះគ្មានស្លាកស្នាមបន្តិចសោះ ។ លោកជំទាវនោះ ទៅក្រាបថ្វាយបង្គំទូលស្ដេចតាមរឿងដែលស្លាប់ ។ ព្រះរាជាទ្រង់ចាត់ឱ្យមន្រ្តីមកមើល តែមិនដឹងជាស្លាប់ដោយរោគអ្វី ព្រោះគ្មានហេតុស្លាកស្នាម ក៏ទៅក្រាបបង្គំទូលតាមរឿង ។ ព្រះរាជាទ្រង់ឱ្យយកសពទៅបញ្ចុះទុកតាមសមគួរ ។
ក្រោយនោះ ជារដូវបុណ្យទ្វាទសមាស នាហ្មឺនសព្វមុខមន្រ្តីចូលគាល់ព្រះមហាក្សត្រៗ ទ្រង់មានព្រះរាជឱង្ការថា បើអ្នកឯណារកឈ្មោះមនុស្សដែលសម្លាប់យមរាជ បានដឹងច្បាស់ប្រាកដ យើងឱ្យធ្វើទីយមរាជ រួចទ្រង់ស្ដេចយាងចូលទៅខាងក្នុងវិញ ។ សេនាបតី នាហ្មឺនសព្វមុខមន្រ្តី ក៏ទៅផ្ទះរៀងខ្លួន ។
គ្រានោះ ចៅហ្វាយស្រុក ដែលជាសម្លាញ់នឹងអាចោរចិត្តជា ចង់ធ្វើយមរាជណាស់បានទៅរកអាចោរចិត្តជាៗសួរថា «អាសម្លាញ់ឯង មករកអ្វី ? » ។ ចៅហ្វាយស្រុកប្រាប់ថា «អញមក មានការសួរឯងបន្តិច ដ្បិតលោកយមរាជស្លាប់ ដោយឥតមាននរណាដឹងថាជាស្លាប់ព្រោះរោគអ្វី ឥឡូវស្ដេចមានព្រះរាជឱង្ការថា៖ បើអ្នកឯណារកឈ្មោះមនុស្សដែលសម្លាប់លោកយមរាជឃើញពិតប្រាកដ ទ្រង់នឹងឱ្យធ្វើទីយមរាជ រឿងនេះ អាសម្លាញ់ឯងបានដឹងឬទេ ? ដ្បិតអញចង់ធ្វើយមរាជណាស់» ។ អាចោរចិត្តជាឆ្លើយថា រឿងនេះអញបានដឹងច្បាស់ ព្រោះនៅវេលារាត្រីមួយនោះ អញដើរលួចគេហើយអញមកអង្គុយក្រោមផ្ទះមន្រ្តីតូចម្នាក់ នៅខាងជើងផ្ទះលោកយមរាជ ឆ្ងាយពីគ្នាបន្តិច មន្រ្តីនោះប្រាប់ស្រីបម្រើម្នាក់ថា អញស្អប់លោកយមរាជពេក ចង់សម្លាប់ចោល ព្រោះជាសត្រូវនឹងអញ ក្នុងគ្រានេះ ត្រូវឯងជួយអញជាប្រាកដ ដូច្នេះត្រូវឯងចេញពីផ្ទះអញ ទៅរកផ្ទះលោកយមរាជនៅ បើគេព្រមទទួលឱ្យនៅ ត្រូវឯងខំបម្រើឱ្យត្រូវចិត្តគេ បើគេទុកចិត្តស្និទ្ធស្នាល ប្រើចេញចូលខាងក្នុងវេលាណា លុះដល់យប់ស្ងាត់ ឯងត្រូវដុតភ្លើងរម្លាយសំណឱ្យក្ដៅពុះ ហើយយកទៅចាក់ក្នុងមាត់លោកយមរាជកំពុងដេកលក់ គង់ស្លាប់មិនខាន ។ រឿងនេះអញលបស្ដាប់បានចាំប្រាកដ ចូរសម្លាញ់ឯងទៅទូលស្ដេចតាមរឿងនេះចុះ តែត្រូវឱ្យគាស់ខ្មោចលោកយមរាជនោះយកមកវះមើល បើឃើញសំណនៅក្នុងពោះខ្មោចនោះមែន អាសម្លាញ់ឯងនឹងបានធ្វើយមរាជមិនខាន» ។ ចៅហ្វាយស្រុកស្ដាប់យកការណ៍បានហើយ ត្រឡប់ទៅផ្ទះវិញ ។
ថ្ងៃក្រោយចៅហ្វាយស្រុក ទៅទូលស្ដេចតាមរឿង ស្ដេចទ្រង់ឱ្យភ្នាក់ងារទៅចាប់មន្រ្តីនិងស្រីនោះ យកមកឃុំទុក ហើយទ្រង់ឱ្យគាស់ខ្មោចលោកយមរាជយកមកវះមើល ឃើញសំណនៅក្នុងពោះមែន ទើបទ្រង់ឱ្យជំនុំជម្រះរឿងនោះ ឯមេស្រីនោះឆ្លើយថា «ខ្ញុំសម្លាប់លោកយមរាជពិតប្រាកដ» ទ្រង់ឱ្យប្រហារជីវិតទាំងពីរនាក់ចោលទៅហើយទ្រង់ក៏តាំងចៅហ្វាយ ស្រុកនោះ ឱ្យធ្វើទីយមរាជ ។
ឯចៅហ្វាយស្រុក កាលបើបានធ្វើទីយមរាជហើយ ឱ្យបម្រើទៅហៅអាចោរចិត្តជា ជាសម្លាញ់ លុះវាមកដល់ប្រាប់ថា អាសម្លាញ់អើយ ! ឯងមានគុណនឹងអញច្រើនណាស់ ឥឡូវនេះអញបានធ្វើយមរាជហើយ , ដែលអញបានធ្វើយមរាជនេះ គឺដោយសារឯងជួយអញ ពីថ្ងៃនេះទៅឯងកុំលួចទៀត អញចិញ្ចឹមមាតាឯង និងសម្លាញ់ឯងលុះអស់ជីវិត» ។
អាចោរចិត្តជាឆ្លើយថា «អញសុំលួចតែម្ដងទៀត» ។ ថាតែប៉ុណ្ណោះវាក៏ត្រឡប់ទៅផ្ទះវិញ លុះយប់អាចោរចិត្តជា ទៅលួចដង្ខៅម្នាក់បានប្រាក់និងសំពត់អាវជាច្រើនយកមកជូនមាតា ។ លុះព្រឹកឡើងអាចោរចិត្តជាមកប្រាប់លោកយមរាជថា «អាសម្លាញ់យប់មិញ អញលួចគេ បានប្រាក់និងសំពត់អាវច្រើនណាស់ ពីថ្ងៃនេះតទៅ អញលះចោលរឿងរកស៊ីលួចគេហើយ អាសម្លាញ់ឯងជឿចុះ» ។ លោកយមរាជតបថា «បើឯងឈប់រកស៊ីលួចគេនោះ អញអរណាស់ បើខ្វះខាតអ្វីមករកអញៗ ឱ្យឯងកុំទើសទាល់ អញចិញ្ចឹមឯងលុះអស់ជីវិត» ។
អាចោរចិត្តជា ក៏លាលោកយមរាជទៅផ្ទះវិញ ទៅនៅរក្សាមាតាជាសុខសប្បាយ ។
លោកយមរាជ និងអាចោរចិត្តជាសម្លាញ់រាប់អានគ្នា ចិញ្ចឹមគ្នាដរាបអស់ជីវិត ដូចបានសន្យាគ្នាមក ។
រឿង បុរសជីកក្ដាម
និទាន១ថា៖ មានបុរសប្ដីប្រពន្ធ
មានកូនប្រុសមួយ កូននោះអាយុបាន១២ឆ្នាំ មាតាស្លាប់ទៅ
នៅតែឪពុកពោះម៉ាយ ។ ឪពុកក៏ធ្វើរបរលក់ដូរតែពីរនាក់នឹងកូន
លក់មិនដាច់រឹតតែក្រទៅៗ ក្រោយមក ឪពុកអនិច្ចកម្មទៅទៀត
នៅតែកូនម្នាក់ឯងរក្សាផ្ទះសម្បែង ។ ឪពុកស្លាប់ទៅបាន៥ថ្ងៃ
ក៏មកពន្យល់សប្តិថា «កូនឯងក្រលំបាកណាស់
យើងជាឪពុកគ្មានរបស់អ្វីនឹងឱ្យទេ
ដូច្នេះឱ្យកូនទៅជីកក្ដាមនៅក្រោមខ្ទមអ្នកតា នាទិសឦសានផ្ទះយើង
យកទៅលក់ចិញ្ចឹមជីវិតរៀងរាល់ថ្ងៃចុះ វេលាព្រឹក
ថ្ងៃរះឡើងកាលណា ឱ្យកូនទៅជីកយករាល់ថ្ងៃកុំខាន» ។
លុះភ្លឺច្បាស់ កូននោះភ្ញាក់ឡើង
ចាំជាក់នូវនិមិត្តសព្វគ្រប់
ក៏ចាប់យកចបដើរតម្រង់ទៅខ្ទមអ្នកតា
ជីកទៅឃើញក្ដាមមួយប្រាកដមែន
រួចយកក្ដាមនោះទៅលក់ឱ្យអ្នកផ្សារៗ ក៏ទិញយក ។
បុរសនោះបានប្រាក់ហើយត្រឡប់មកវិញ ។ថ្ងៃក្រោយវេលាព្រឹក បុរសទៅជីកក្ដាមនៅកន្លែងដដែលនោះ បានក្ដាមមួយយកទៅលក់ឱ្យអ្នកផ្សារ គេក៏ទិញយកទៅទៀត ។ បុរសនោះត្រឡប់មកផ្ទះវិញ ។
នៅទីនោះ មានមហាសេដ្ឋីម្នាក់ មានកូនស្រីក្រមុំច្រើន កូនស្រីបងៗទាំងប៉ុន្មាន មហាសដ្ឋីរៀបឱ្យមានប្ដីអស់ នៅតែកូនស្រីពៅម្នាក់ ឈ្មោះនាងពៅប្រកែកមិនព្រមយកប្ដី សូម្បីមហាសេដ្ឋីជាឪពុកម្ដាយ បង្ខំឱ្យមានប្ដីម្ដេចម្ដា ក៏នាងមិនព្រម ។
រីឯបុរសនោះ លុះថ្ងៃក្រោយ ទៅជីកក្ដាមនៅទីកន្លែងដដែល បានមួយទៀត ហើយកាន់យកទៅលក់ ។ នាងពៅ កូនក្រមុំមហាសេដ្ឋីបានឃើញ ក៏ហៅមកសួរថា «អ្នកកំលោះ យួរក្ដាមទៅណា ?» ។ បុរសនោះជម្រាបថា «ខ្ញុំយកទៅលក់» ។ នាងពៅក៏ទិញយក ហើយនាងប្រាប់ថា «ពីថ្ងៃនេះទៅ បើអ្នកបានក្ដាម កុំលក់ឱ្យអ្នកណា ត្រូវអ្នកយកមកលក់ឱ្យខ្ញុំ រាល់ថ្ងៃកុំខាន» ។ ដែលទៅជាយ៉ាងនេះ ដោយនាងនោះ មានចិត្តប្រតិពទ្ធនឹងបុរសនោះណាស់ តែអ្នកនោះមិនដឹងខ្លួនទេ ។ បុរសនោះ បានប្រាក់ហើយត្រឡប់មកផ្ទះវិញ ។ ថ្ងៃក្រោយបុរសនោះ ទៅជីកក្ដាមនៅទីកន្លែងដដែលបានទៀត រួចយកមកលក់ឱ្យតែនាងពៅនោះរាល់ៗថ្ងៃ ។ នាងពៅក៏ចេះតែទទួលទិញយកក្ដាមមិនដែលខាន ហើយមានចិត្តរឹតតែស្រឡាញ់បុរសនោះខ្លាំងឡើង ក៏ធ្វើឫកពាកិរិយាឱ្យបុរសនោះដឹង ។ បុរសនោះដឹងជាក់ថា «នាងនោះស្រឡាញ់ខ្លួនប្រាកដ» តែដោយពិចារណាថា សព្វថ្ងៃនេះខ្លួនជាអ្នកក្រីក្រលំបាកណាស់ ហើយកំព្រាផង ក៏មិនហ៊ាននិយាយថាម្ដេចឡើយ ។
ចំណែកបងស្រីៗប៉ុន្មាននាក់ បានឃើញនាងពៅជាប្អូន ធ្វើឫកពាកិរិយាស្រឡាញ់បុរសលក់ក្ដាមនោះពន់ពេក ក៏នាំគ្នាទៅជម្រាបមហាសេដ្ឋី ជាមាតាបិតា «នាងពៅជាប្អូន ធ្វើឫកពាស្រឡាញ់បុរសជីកក្ដាមនោះក្រៃពេក បុរសនោះបានក្ដាមយកមកលក់ឱ្យតែនាងពៅ ឯនាងពៅចេះតែទទួលទិញរាល់តែថ្ងៃ រួចធ្វើឫកពាកិរិយាស្រឡាញ់បុរសនោះណាស់ ទោះបីខ្ញុំទាំងអស់គ្នា និយាយទូន្មានដូចម្ដេច ក៏មិនស្ដាប់មិនតាម រឹតតែធ្វើខ្លាំង» ។ សេដ្ឋីជាបិតាមាតា ឮដូច្នោះខឹងច្រឡោតឱ្យហៅនាងពៅមក ជេរបន្ទោស ត្មះតិះដៀលថា «ហងនេះ ជាមនុស្សរឹងត្អឹងទទឹងនឹងចិត្តមាតាបិតា អញឱ្យមានប្ដី ទៅមនុស្សមានទ្រព្យសម្បត្តិ ហងឯងប្រកែកមិនព្រមយក ឥឡូវហងស្រឡាញ់អាមនុស្សកម្សត់លក់តែក្ដាមវិញ ហងឯងនេះអាក្រក់ណាស់ ចុះចេញពីផ្ទះអញឱ្យឆាប់ទៅយកអាកម្សត់លក់ក្ដាមនោះចុះ ចាប់ពីថ្ងៃនេះទៅហងឯង កុំមកឡើងផ្ទះអញ សូម្បីតែក្នុងភូមិក៏ចូលមិនបាន អញកាត់ចោលហើយ» ។ ចំណែកមាតាកាត់ចិត្តមិនដាច់ពីកូនពៅ ក៏លបវេចរបស់ស្រាលៗ ដែលមានតម្លៃ ឱ្យនាងពៅជាកូន ។ នាងពៅក៏សំពះលាមាតាយកបង្វេចដែលមាតាឱ្យនោះ ចុះចេញពីផ្ទះ សំដៅទៅផ្ទះបុរសលក់ក្ដាម និយាយពីរឿងដែលបិតាខឹងបណ្ដេញសព្វគ្រប់ ប្រាប់បុរសនោះៗ បានស្ដាប់ហើយ ឆ្លើយតបថា «សព្វថ្ងៃ ខ្លួនខ្ញុំនេះ ក្រីក្រជាទីបំផុត ហើយកំព្រាតែម្នាក់ឯងផង នាងត្រឡប់ទៅវិញចុះខ្ញុំមិនហ៊ានទទួលយកនាងទេ ខ្ញុំខ្លាចមហាសេដ្ឋីជាបិតានាងចាប់ទោស យកខ្ញុំទៅសម្លាប់» ។ នាងពៅតបថា «ខ្ញុំមិនទៅវិញទេ ស៊ូស្លាប់នឹងអ្នកហើយ!»។ បុរសនោះសួរថា «បើដូច្នេះ យើងគិតដូចម្ដេច ?» ។ នាងពៅឆ្លើយថា «បើអ្នកគិតឃើញយ៉ាងណា ខ្ញុំទទួលធ្វើតាមយ៉ាងនោះទាំងអស់» ។
បុរសនោះ នាំនាងពៅចេញចោលផ្ទះ ទៅនៅស្រុកក្រៅ ហើយធ្វើផ្ទះ១ខ្នងសម្រាប់ លុះព្រឹកឡើងមកជីកក្ដាម នៅទីដដែល យកទៅលក់ដូចថ្ងៃមុនទៀត បានប្រាក់ហើយទិញវត្ថុផ្សេងៗផ្ញើប្រពន្ធ ហើយប្រព្រឹត្តយ៉ាងនេះជាច្រើនថ្ងៃ ។ ហេតុតែជាស្រីគ្រប់លក្ខណ៍ នាងពៅនោះ ក៏ប្រណិប័តន៍ប្ដីមិនឱ្យទាស់ចិត្ត វេលាយប់ចូលដំណេកនាងពៅនិយាយនឹងប្ដីថា «ខ្ញុំសូមចិត្តប្ដី ! តាំងពីថ្ងៃនេះតទៅ សូមអ្នកកុំទៅជីកក្ដាមទៀតឡើយ ព្រោះប្រាក់កាសយើងមានច្រើនហើយ បើអ្នកចង់ទិញរបស់អ្វីៗ ក៏ទិញតាមចិត្តអ្នកចុះ ។ ប្ដីមិនព្រមតាម ។
លុះព្រឹកឡើង ប្ដីកាន់ចបទៅជីកក្ដាមទៀត ។ ប្រពន្ធឃើញដូច្នោះក៏លបដើរតាមទៅមើលដល់ទីកន្លែង ឱ្យឃើញច្បាស់មិនឱ្យដឹង លុះឃើញច្បាស់ហើយក៏ត្រឡប់មកផ្ទះវិញ ។ ចំណែកប្ដីជីកបានក្ដាមហើយយកទៅលក់ រួចទិញម្ហូបចំណីផ្ញើប្រពន្ធ ។
ថ្ងៃក្រោយ ប្ដីទៅកាប់អុសក្នុងព្រៃឆ្ងាយ នាងពៅបានឃើញប្ដីទៅរកអុស ក៏កាន់ចបទៅជីករំលើង នៅទីកន្លែងដែលប្ដីជីកក្ដាមនោះអស់ រួចត្រឡប់មកផ្ទះដាំបាយធ្វើម្ហូបចំណីទុកឱ្យប្ដីបរិភោគ ថ្ងៃល្ងាចត្រជាក់ ប្ដីមកពីព្រៃ ក៏បរិភោគបាយជាមួយគ្នា ។
លុះព្រឹកឡើង ប្ដីកាន់ចបទៅជីកក្ដាមទៀត ឃើញទីកន្លែងដីនោះធ្លុះធ្លាយរលើងរលុះខ្ចាត់ខ្ចាយអស់ ហើយបានឃើញសម្បកក្ដាមមួយធំប្លែកស្ងួតស្អាត ដូចជាហាលថ្ងៃយូរហើយ អ្នកនោះក៏កាន់សម្បកក្ដាមយកមកទុកក្រោមផ្ទះ មិនបានប្រាប់ភរិយាឱ្យដឹងទេ ភរិយាក៏សួរប្ដីថាដូចម្ដេចឡើយ ។ ដល់វេលាយប់ចូលដំណេកនាងពៅកាន់ប្រាក់របូតពីដៃជ្រុះមួយណែនទៅ ក្រោមផ្ទះ ធ្លាក់ទៅលើសម្បកក្ដាមនោះ នាងមិនហ៊ានប្រាប់ឱ្យប្ដីដឹង ដោយគិតថា «ចាំព្រឹកភ្លឺច្បាស់ឡើង សឹមចុះទៅយកប្រាក់មកទុកវិញ» ។ លុះព្រឹកឡើង នាងចុះពីផ្ទះទៅយកប្រាក់មួយណែនដែលធ្លាក់នោះ ស្រាប់តែឃើញប្រាក់ណែនពេញសម្បកក្ដាម នាងអរណាស់ យកមកឱ្យប្ដីៗសួរថា «នាងបានប្រាក់ពីណាច្រើនម្ល៉េះ ?» ។ នាងពៅជម្រាបប្ដីថា «កាលពីយប់មិញ ខ្ញុំកាន់ប្រាក់ដើម្បីយកទៅទុកខាងក្នុង ក៏របូតមួយណែនពីដៃ ធ្លាក់ទៅក្រោមផ្ទះ ខ្ញុំពុំបានចុះទៅយក ពីព្រោះគិតឃើញថា «ផ្ទះនៅឆ្ងាយពីគេ គ្មាននរណាដឹងឬឃើញ ចាំព្រឹកភ្លឺច្បាស់សឹមចុះទៅយកមកទុក ខ្ញុំចុះទៅយកស្រាប់តែឃើញប្រាក់ណែនពេញសម្បកក្ដាម ខ្ញុំក៏យកមកជូនអ្នក» ។ ប្ដីមានអំណរពន់ប្រមាណ ហើយនិយាយប្រាប់ប្រពន្ធថា «ពីថ្ងៃនេះតទៅ បងឈប់ជីកក្ដាមហើយ» ។ ប្រពន្ធអរណាស់ រាល់តែវេលាយប់ អ្នកទាំងពីរនាក់ប្ដីប្រពន្ធនាំគ្នាទម្លាក់ប្រាក់ទៅចំសម្បក ក្ដាមធំ ព្រឹកឡើងចុះទៅមើល ឃើញប្រាក់ពេញសម្បកក្ដាមនោះ ក៏យកមកទុករៀងរាល់ថ្ងៃ ទើបទម្លាក់ប្រាក់រៀល ព្រឹកឡើងឃើញប្រាក់រៀល ទើបទម្លាក់ប្រាក់ណែន ព្រឹកឡើងឃើញប្រាក់ណែន ទើបទម្លាក់គ្រឿងមាសពេជ្រ ព្រឹកឡើងឃើញគ្រឿងមាសពេជ្រ ពេញសម្បកក្ដាម ។ អ្នកទាំងពីរប្រព្រឹត្តយ៉ាងនេះចំនួនមួយឆ្នាំមានប្រាក់មាស និងគ្រឿងប្រដាប់ប្រើប្រាស់ ច្រើនណាស់រាប់មិនអស់ ទើបប្រឹក្សាគ្នាថា «យើងមានប្រាក់មាស និងគ្រឿងប្រដាប់ច្រើនម្ល៉េះ តើយើងបានអ្វីនឹងទុករបស់ទាំងអស់នេះ ?» លុះគិតឃើញ ក៏នាំគ្នាយកប្រាក់ និងគ្រឿងមាសពេជ្រទាំងអស់ទៅជីកកប់ទុកច្រើនអន្លើ ។
ក្រោយពីនោះមក ទាំងពីរនាក់ប្ដីប្រពន្ធ នាំគ្នាទៅសួរមហាសេដ្ឋីជាមាតាបិតា ទៅដល់បងស្រីទាំងអស់បានឃើញជេរថា «មេចោរចង្រៃឯង នាំប្ដីកម្សត់លក់តែក្ដាមមករកអ្វី ? ហងឯងបានឮឬទេ លោកឪពុកបណ្ដេញកាត់កាល់ចោលហើយ សូម្បីតែក្នុងភូមិ ក៏លោកហាមមិនឱ្យចូលដែរ ? មេចង្រៃឯង ចេញពីភូមិឱ្យឆាប់» ។ នាងពៅឆ្លើយថា «បងទាំងអស់ កុំមើលងាយខ្ញុំៗមកនេះដើម្បីសួរមាតាបិតាព្រោះលោកមានគុណលើ ខ្ញុំៗ មិនមកសុំទ្រព្យសម្បត្តិលោកទេ សម្បត្តិបងឯងទាំងអស់ ក៏ខ្ញុំមិនសុំដែរ ខ្ញុំមើលទៅទ្រព្យសម្បត្តិបងទាំងអស់ មានប៉ុណ្ណោះ ខ្ញុំមិនកោត មិនព្រឺឡើយ សូម្បីតែរោមជើងខ្ញុំ ក៏វាមិនព្រឺផង» ។
បងទាំងអស់ខឹងណាស់ ជេរប្រទេសចថា «ហងឯងនេះអួតណាស់ អញមិនជឿទេ» ។ នាងពៅថា «បើមិនជឿ ភ្នាល់គ្នាចុះ» ។ បងទាំងនោះថា «ភ្នាល់ដូចម្ដេច?» ។ នាងពៅថា «ឱ្យបងទាំងអស់ រាប់ប្រាក់ខ្ញុំមើល ឱ្យអស់ក្នុងមួយថ្ងៃ បើរាប់អស់ ខ្ញុំបែងចែកឱ្យរាល់គ្នា បើរាប់មិនអស់ ខ្ញុំមិនឱ្យទេ តែខ្ញុំយល់ថា កុំថាឡើយរាប់មួយថ្ងៃ ទោះជារាប់ពីរឬបីថ្ងៃ ក៏មិនអស់ដែរ» ។ បងទាំងនោះឆ្លើយថា «អញព្រមទៅរាប់ តែហងកុំកុហក អញវាយហងសម្លាប់» ។ នាងពៅប្រាប់ថា «តាមចិត្ត» ។ បងៗនាំគ្នាទៅរាប់ប្រាក់នាងពៅ រាប់តាំងពីព្រឹកទល់ល្ងាចក៏មិនអស់ នាំគ្នាត្រឡប់មកផ្ទះវិញជម្រាបសេដ្ឋីជាមាតាបិតាថា «នាងពៅជាប្អូនវាអួតថាខ្លួនវាមានប្រាក់ច្រើន ខ្ញុំទាំងអស់គ្នាមិនជឿ ហើយវាថាបើមិនជឿ ឱ្យទៅមើលឯផ្ទះវាចុះ ខ្ញុំទាំងអស់គ្នាក៏ទៅមើល ឃើញវាមានប្រាក់ច្រើនមែន ក៏ភ្នាល់នឹងវាៗថា បើខ្ញុំទាំងអស់គ្នា រាប់ប្រាក់វាអស់ក្នុងមួយថ្ងៃ វានឹងឱ្យខ្ញុំយកចែកគ្នាចុះ បើរាប់មិនអស់ វាមិនឱ្យទេ ទោះខ្ញុំទាំងស់គ្នា ចាប់រាប់តាំងពីព្រឹកទាល់ល្ងាច ក៏មិនអស់ប្រាក់វា បានជាត្រឡប់មកជម្រាបមាតាបិតាសូមជ្រាប» ។ មហាសេដ្ឋីបានស្ដាប់ ក៏ចាត់ក្រមការឱ្យទៅមើលប្រាក់នាងពៅឱ្យជាក់ច្បាស់ ។ នាងពៅក៏នាំទៅមើលគ្រប់កន្លែង ។ ក្រមការទាំងនោះបានឃើញប្រាក់នាងពៅ មានច្រើនប្រាកដមែន ក៏ត្រឡប់មកជម្រាបមហាសេដ្ឋីតាមដំណើរសព្វគ្រប់ ។ មហាសេដ្ឋីបានជ្រាបមានចិត្តត្រេកអរណាស់ ក៏ចាត់បម្រើឱ្យទៅហៅនាងពៅនិងកូនប្រសាមកប្រាប់ថា «កូនឯងមកនៅជាមួយនឹងមាតាបិតាវិញចុះ» ទើបមហាសេដ្ឋីបង្គាប់ក្រមការឱ្យកេណ្ឌរទេះក្របីគោជាច្រើន ទៅដឹកជញ្ជូនប្រាក់និងទ្រព្យសម្បត្តិនាងពៅ យកមកទាំងអស់ ដាក់លើផ្ទះពាសពេញល្វែង ។ មហាសេដ្ឋីឃើញប្រាក់នាងពៅច្រើនមែន មានអំណរពន់ប្រមាណ ក៏សរសើរថា «កូនអញនេះ ពេញជាមានបុណ្យ អំណឹះតទៅកូនទាំងពីរនឹងបានធ្វើជាសេដ្ឋីតំណវង្សពុំខាន ឯការណ៍ដែលបិតាខឹងបណ្ដេញកូននោះ អ្នកកុំប្រកាន់ខឹងនឹងបិតា» ។ នាងពៅនិងប្ដីក៏នៅផ្ទះជាមួយមាតាបិតាដូចដើមវិញ ។ ចំណែកបងស្រីទាំងប៉ុន្មានក៏កោតខ្លាចនាងពៅ និងប្អូនថ្លៃនោះណាស់ ។ លុះមហាសេដ្ឋីជាបិតាទទួលមរណភាពទៅវេលាណា ប្ដីនោះនិងនាងពៅភរិយា ក៏បានឡើងធ្វើជាសេដ្ឋីជំនួសបិតាតទៅ ។
ឈើពុក កុំដាក់គូទអង្គុយ
រឿង អណ្ដើកនិងស្វា
មានរឿងនិទានមួយថា អណ្ដើកនិងស្វា
វាសុំធ្វើដន្លងគ្នា តែគ្មានកូនចៅទៅចងពន្ធអ្វីទេ
គ្រាន់តែនិយាយថា សុំគ្នាធ្វើដន្លង ។ សត្វទាំងពីរ
ស្រឡាញ់រាប់អានគ្នា ដូចដន្លងអ្នកទាំងពួងនោះដែរ ។
លុះចំណេរយូរទៅ ដន្លងខាងស្វានោះ គេមានកូនត្រូវរៀបការ
គេហៅភ្ញៀវពួកស្វា សន្មតថ្ងៃនឹងស៊ីការ
ទើបនឹកឃើញអណ្ដើកជាដន្លងថា «យើងការកូននេះ ហៅភ្ញៀវអស់ហើយ
នៅតែអណ្ដើកជាដន្លង មិនទាន់បានទៅប្រាប់ឥឡូវ
ជិតថ្ងៃការណាស់ទៅហើយ បើដូច្នោះឱ្យបម្រើទៅអញ្ជើញគាត់ផង
បំណាច់យើងរាប់អានគ្នា យូរឆ្នាំណាស់មកហើយ»
គិតហើយក៏ចាត់បម្រើឱ្យទៅអញ្ជើញ ។
ថ្ងៃដែលគេប្រជុំញាតិស៊ីការនោះ អណ្ដើកក៏ទៅដល់ដែរ
តែនឹងឡើងទៅស៊ីផឹកនឹងគេមិនរួច ។ ពួកស្វាបានឃើញ
ក៏ទៅប្រាប់ដន្លងស្វាថា «ដ្បិតដន្លងអណ្ដើកមកដល់ហើយ
នៅឯក្រោមដើមឈើ» ។ ដន្លងស្វាចុះមក
ឃើញអណ្ដើកក៏ប្រាប់ថាដន្លងឯង ឡើងមិនរួចនឹងគេ
មានតែដន្លងឯងខាំវល្លិនេះចុះ យើងនឹងស្រាវឡើង
ប៉ុន្តែបើមិនទាន់ដល់ទៅកន្លែងដែលយើងអង្គុយទេ
ដន្លងឯងកុំនិយាយឱ្យសោះ ទោះបីឃើញអ្វី ឬគេថាអ្វីក៏ដោយ
តែនិយាយធ្លាក់មកស្លាប់ហើយ ។
អណ្ដើកទទួលបណ្ដាំដន្លងនោះសព្វគ្រប់ហើយ ក៏ទទួលខាំវល្លិ ។
ពួកស្វាទាំងប៉ុន្មាន ក៏ស្រាវវល្លិនោះឡើង
នាំអណ្ដើកទៅឯថ្នាក់លើ ។
លុះទៅជិតដល់កន្លែង ដែលគេនឹងដាក់នោះ
ជួនជាដន្លងស្រីស្វា ឃើញអណ្ដើក ក៏សួរដោយរាប់អានថា «ដន្លង!
សុខសប្បាយទេឬ ?» ។ អណ្ដើកភ្លេចពាក្យបណ្ដាំ
ហាមាត់ស្ដីទៅនឹងដន្លង
ក៏របូតមាត់ធ្លាក់ខ្លួនដល់ដីបែកស្នូកដូចគេបោកនឹងថ្ម
ស្លាប់នៅវេលានោះ ខានស៊ីការនោះទៅ ៕
មាត់អណ្ដើក
រឿង មាយាស្ត្រី
កាលពីព្រេងនាយ
មានបុរសម្នាក់ មានប្រពន្ធនៅជាមួយគ្នា តែពុំមានកូន លុះយូរទៅ
ប្រពន្ធនោះមានសាហាយ នាំមកដេកក្នុងផ្ទះតែសព្វថ្ងៃ ។ ថ្ងៃមួយ
ប្ដីទៅជីកដំឡូងក្នុងព្រៃ
ដល់ថ្ងៃក្ដៅចូលទៅអាស្រ័យនៅខ្ទមអ្នកតា១ ។
ប្រពន្ធរៀបចំអីវ៉ាន់ទៅបន់អ្នកតានោះ
ឱ្យទៅធ្វើប្ដីឱ្យស្លាប់នឹងយកសាហាយធ្វើប្ដី រៀបស្រេចហើយ
ក៏យកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមអ្នកតានោះ ។
ប្ដីឃើញប្រពន្ធដើរចូលទៅខ្ទមអ្នកតា ក៏នឹកឆ្ងល់ថាប្រពន្ធអញ
វាមករកអ្វីក្នុងខ្ទមអ្នកតានេះ ?
គិតហើយក៏ចូលទៅពួនក្រោយខ្នងអ្នកតា លបស្ដាប់ប្រពន្ធ ។ ឯប្រពន្ធ
ក៏ចូលទៅអុជទៀនធូប ហើយបន់អ្នកតាថា
«ខ្ញុំមិនចង់យកប្ដីខ្ញុំទេ ខ្ញុំយកប្ដីទៀត
សូមអ្នកតាកាច់ប្ដីខ្ញុំឱ្យស្លាប់ទៅ ខ្ញុំនឹងថ្វាយជ្រូកមួយ» ។
ប្ដីឮដូច្នោះ ក៏ឆ្លើយឡើងពីក្រោយខ្នងអ្នកតា «អើ
បើនាងមានសាហាយហើយបើចង់ឱ្យកាច់ប្ដីនាងឯងឱ្យស្លាប់នោះ
ងាយទេ វិលទៅផ្ទះវិញត្រូវរកមាន់ក្រាបទាំងមេទាំងពងមួយសម្បុក
ស្ងោរឱ្យប្ដីនាងឯងស៊ីទៅ វាស្លាប់ហើយ» ។ មេនោះឮដូច្នោះ
ស្មានថាអ្នកតាបង្គាប់
ក៏ប្រញាប់វិលមកផ្ទះវិញរកទិញបានមេមាន់ក្រាបមួយសម្បុក
ស្ងោរទុកឱ្យប្ដីស៊ី ដើម្បីនឹងឱ្យស្លាប់ ហើយនឹងបានយកសាហាយ ។
លុះដល់ព្រលប់ ប្ដីមកពីជីកដំឡូង ដល់ផ្ទះហើយ សូរថា
«គេហ៍អើយ! បានអីស៊ីបាយ ? » ។ មេនោះឆ្លើយថា «ខ្ញុំបានមេនិងពង
មាន់ក្រាបមួយសម្បុកស្ងោរទុកឱ្យអ្នក» ។ ប្ដីថា «រៀបបាយមកស៊ី» ។
ប្រពន្ធក៏លើកបាយ ព្រមទាំងមេនិងពងមាន់ក្រាប មកឱ្យប្ដីស៊ី ។
ប្ដីស៊ីអស់ហើយធ្វើជាឈឺ ដេកថ្ងូរហ៊ឹៗ ។
មេនោះអរណាស់គិតស្មានថា ប្ដីឈឺមែន
ត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយ ដ្បិតឮថ្ងូរ ។
ឯប្ដីក៏ធ្វើជាដេកទៅ ។
មេនោះគិតស្មានថាប្ដីស្លាប់ក៏បើកទ្វារនាំយកសាហាយចូលទៅដេក
ជាមួយ ។ អ្នកទាំងពីរកំពុងតែនិយាយគ្នា ប្ដីក៏ក្រោកឡើងអង្គុយ
ហៅប្រពន្ធមកប្រាប់ថា «រងាណាស់» ។ឯប្រុសសាហាយ ឃើញប្ដីមេនោះ ក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទាន់ ក៏ចូលទៅពួនក្នុងពាងធំ១ នៅខាងដំណេក សម្ងំចាំប្ដីនោះដេក ខ្លួននឹងចេញពីពាងទៅដេកនឹងមេនោះទៀត ។ ប្ដីបានឃើញ តែធ្វើមិនឃើញមិនដឹង ប្រាប់ប្រពន្ធថា «រងាណាស់ ឯងដាំទឹកឱ្យគ្នាងូតបន្តិច នឹងអាលស្លាប់» ។ មេនោះ ឮថាចង់ស្លាប់ដូច្នោះ អរណាស់ ដ្បិតត្រូវនឹងពាក្យដែលត្រូវបន់អ្នកតា ។
លុះប្រពន្ធដាំទឹកពុះហើយ ប្ដីថា «ទៅដងទឹកត្រជាក់បាន១ក្អមមកយកមកលាយនឹងទឹកក្ដៅនេះ» ។ ប្រពន្ធឮប្ដីប្រើដូច្នោះ ក៏យកក្អមចេញទៅដងទឹក ។ ប្ដីឃើញប្រពន្ធចេញទៅបាត់ ក៏ក្រោកឡើងដើរទៅលើកទឹកពុះ១ខ្ទះ នោះយកទៅស្រោចលើសាហាយ ដែលនៅក្នុងពាងនោះស្លាប់ទៅ ហើយចូលទៅដេកវិញ ធ្វើជាថ្ងូរហ៊ឹៗទៀត។ មេនោះវិលពីដងទឹកមកវិញ មើលទៅឃើញសាហាយត្រូវទឹកក្ដៅរួញសរសៃដូចគេដកចេញពីពាងមក ក៏ឱនខ្សឹបថា «ថ្វីក៏មិនឱនទៅវាមិនទាន់ទេ» ។ អានោះឆ្ងក់ដដែល ។ មេនោះយកដៃទៅចាប់ជ្រមុជទៅ ត្រូវស្លឹកត្រចៀក រលេះជ្រុះទាំងសក់ មើលបានដឹងជាប្ដីស្រោចទឹកក្ដៅស្លាប់សាហាយទៅហើយ ក៏ពុំស្ដី យកគម្របពាងមកគ្រប ហើយយកទឹកឱ្យប្ដីងូត ។ ឯប្ដីក៏មិនស្ដី ទឹកក៏មិនងូត ប្រាប់ប្រពន្ធថា អញគ្រាន់បើហើយ» ។ ហើយហៅប្រពន្ធចូលទៅដេកទៅ ។
លុះព្រឹកព្រហាមឡើង មេនោះ ពុំដឹងបើគិតដូចម្ដេច និងយកខ្មោចឱ្យរួចចេញផុតពីផ្ទះ ក៏នឹកឃើញថា «ក្នុងស្រុកនេះ មានចោរ៤នាក់ តែងតែលបលួចអីវ៉ាន់អ្នកផងសព្វថ្ងៃ សព្វយប់គ្រប់ភូមិ ដូច្នេះអញនឹងគិតឱ្យចោរទាំង៤នាក់នោះ យកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃឱ្យបាន» គិតហើយក៏ដើរខ្ចី សំពត់ ហូល អាវព្រែគេ យកមកហាលជុំវិញផ្ទះ ។ ឯចោរទាំង៤នាក់នោះឃើញហើយគិតគ្នាថា «ជើ! មេនោះមានណាស់តើ! យប់នេះ យើងទៅលបលួចវាឱ្យបានកុំខាន សព្វថ្ងៃយើងស្មានថាវាក្រ» ។ មេនោះក៏ហាលសំពត់ហូលអាវព្រែនោះ លុះដល់ពេលល្ងាចយកទៅជូនគេវិញ ហើយយកខ្សែចងរឹតរូតពាងខ្មោចនោះឱ្យជាប់ ទុកឱ្យចោរចូលលួចមកសែងយកទៅ។
ឯចោរទាំង៤នាក់ លុះយប់ក៏បបួលគ្នាទៅលួច ចូលទៅរករបស់ទាំងនោះពុំឃើញ,ប្រទះឃើញតែពាងមួយ ចងមាត់ជាប់ បើកពុំរួច ។ ចោរទាំង៤នាក់ និយាយគ្នាថា «របស់អស់នោះវាដាក់ក្នុងពាងនេះហើយ បើដូច្នេះត្រូវយើងសែងពាងនេះ» ថាហើយក៏នាំគ្នាសែងពាងនេះទៅ ដល់ព្រៃឆ្ងាយក៏ស្រាយលូកមើល ។
អាមួយលូកដៃទៅ ត្រូវសក់ថា «វើយ សូត្រ» ដកដៃចេញ ។ អាមួយលូកដៃទៅត្រូវស្លឹកត្រចៀក ត្រូវភ្នែក ច្រមុះ ស្រែកថា «វើយខ្មោចទេ» ។ អាមួយ មិនជឿ លូកដៃទៀត ត្រូវដើមទ្រូង ដឹងថាខ្មោចមែន ក៏ស្ទុះរត់ចោលហើយខឹងណាស់ថា ដ្បិតមេនោះ បញ្ឆោតឱ្យសែងខ្មោចចោលបាន ។ ចោរទាំង៤នាក់គិតគ្នាថា «យើងឃ្លាំមើលមេនោះ បើឃើញវាដើរទៅណាតែម្នាក់ឯង ត្រូវគ្នាយើងចោមរោម ចាប់វាវាយឱ្យវារាង កុំឱ្យវាបញ្ឆោតយើងទៀត ។ ចួនជាថ្ងៃមួយ មេនោះចុះទៅកំពង់រកទិញអីវ៉ាន់ ដ្បិតមានសំពៅទើបនឹងមកដល់ពីស្រុកក្រៅ ។ មេនោះដើរដល់កណ្ដាលផ្លូវក៏ជួបនឹងចោរទាំង៤នាក់នោះ ចោរឃើញក៏នាំគ្នាព្រួតចាប់នឹងវាយ ហើយជេរពីរឿងដែលវាបញ្ឆោតនោះ ។ មេនោះឆ្លើយថា «ណ្ហើយអ្នក បើអ្នកវាយខ្ញុំ ក៏ឥតប្រយោជន៍ដែរ ដ្បិតខ្ញុំទៅទារប្រាក់ពីនាយសំពៅ ដូច្នេះចូរមក! អញ្ជើញទៅនឹងខ្ញុំៗទារប្រាក់បាន ចែកគ្នាចាយលេង» ។
ចោរទាំង៤នាក់ឮថាវាទៅទារប្រាក់ដូច្នោះ ក៏ចូលចិត្តបបួលគ្នាទៅ មេនោះផ្ដាំចោរទាំង៤នាក់ថា «អស់អ្នកឈរចាំខ្ញុំ នៅលើច្រាំងចុះ បើកាលណាឃើញខ្ញុំបោយដៃនោះ អ្នកនាំគ្នាចុះទៅចុះ បានប្រាក់ហើយ» ។
មេនោះ និយាយផ្ដាំចោរទាំង៤នាក់ ហើយក៏ចុះទៅសំពៅនិយាយនឹងនាយសំពៅ លក់ចោរទាំង៤នាក់ វាថាចោរនេះជាខ្ញុំរបស់វា ហើយចង្អុលបង្ហាញនាយសំពៅថា «នុះហ្ន! វាទាំង៤នាក់ បើវាចុះមក ខ្ញុំឡើងទៅលើគោក សូមអ្នកចាប់ដាក់ច្រវាក់វាឱ្យជាប់ទៅ កុំឱ្យវារត់បាន» ។ នាយសំពៅព្រមហើយ សួរថា «ខ្ញុំនាងឯងទាំង៤នាក់លក់ថ្លៃប៉ុន្មាន ? ។ មេនោះថា «ម្នាក់ថ្លៃពីរណែន» ។ នាយសំពៅឱ្យមួយណែនកន្លះ វាក៏ព្រមលក់ ហើយចេញមកក្រៅ បក់ដៃហៅចោរទាំង៤នាក់ ។ ចោរទាំង៤នាក់គិតស្មានថាវាហៅឱ្យទៅយកប្រាក់ ក៏នាំគ្នាចុះទៅ ដល់ហើយស្រាប់តែនាយសំពៅប្រើមនុស្សឱ្យដាក់ច្រវាក់នៅបាតសំពៅ ទាំងអស់គ្នា ។ មេនោះក៏យកប្រាក់ឡើងមកបាត់ ។ បានប្រាក់ហើយ មេនោះដើរវិលមកផ្ទះវិញ ដល់កណ្ដាលផ្លូវចួនជាយប់ពុំហ៊ានដើរទៅទៀត ក៏ឡើងទៅដេក លើដើមឈើមួយនៅប្របផ្លូវនោះ ។ ឯចោរទាំង៤នាក់ លុះនាយសំពៅដាក់ច្រវាក់ជាប់ហើយ ក៏និយាយគ្នាថា «ជើមេនេះហៅពេញជាប្រាជ្ញាធំ វាបញ្ឆោតឱ្យយើងសែងខ្មោចទៅចោលក្នុងព្រៃហើយ ឥឡូវវាលក់យើងបានទៀត» ។ ចោរទាំង៤នាក់ខឹងណាស់ កាច់ច្រវាក់បាក់រត់ចេញពីសំពៅ ដើរឡើងមកលើគោក រត់មកទាំងយប់នោះ ចួនជាយប់យូរណាស់ ក៏នាំគ្នាឡើងទៅដេកលើដើមឈើធំ ដែលមេនោះដេក ។ ចោរបីនាក់ឡើងទៅដេកលើមែកដោយខ្លួនពីគ្នា ។ ចោរម្នាក់ឡើងទៅក៏ជួបនាងនោះ នៅលើចុងឈើ អាចោរនោះថា «អី ! ហងឯងស្លាប់ហើយម្ដងនេះ! ហងឯងធ្លាប់បញ្ឆោតយើង ឥឡូវហងឯងរត់ចុះបើរួច!» ។ មេនោះលើកប្រាក់បង្ហាញ ហើយឱនខ្សឹបថា «ណ្ហើយអ្នក! អ្នកកុំស្ដីកុំឱ្យអ្នកទាំងបីនាក់ទៀតដឹង ហើយយើងត្រូវយកគ្នាជាប្ដីប្រពន្ធ នឹងយកប្រាក់នេះទៅចាយរកស៊ីស្រួលជាង អ្នកកុំធ្វើបាបខ្ញុំធ្វើអ្វី» ។
អាចោរឮដូច្នោះក៏មិនស្ដីខិតចូលទៅជិត លូកឱបកៀកមេនោះហើយថា «អើប្អូនឯងហៅប្រាជ្ញាធំ បញ្ឆោតខ្ញុំពីរបីដងហើយ ឥឡូវបងបាននាងជាប្រពន្ធ ដោយសារព្រេងសំណាងយើង» និយាយហើយក៏ឱបតាមចិត្តមេត្រី ។ មេនោះពុំបម្រះហើយថា «ខ្ញុំខ្លាចក្រែងអ្នកស្រឡាញ់ខ្ញុំមិនស្មោះ ឯខ្ញុំស្រឡាញ់អ្នកស្មោះចិត្តមួយហើយ» ។ អាចោរនោះថា «បងស្រឡាញ់ស្មោះហើយ នាងពុំដឹងចិត្តបង ចង់ឱ្យបងស្បថ ឬឱ្យបងធ្វើម្ដេច ?» ។ មេនោះថា «បងស្រឡាញ់ចិត្តមួយនឹងគ្នា មានតែលិឍអណ្ដាតគ្នា» ទើបមេនោះលៀនអណ្ដាត ហើយឱនទៅរកអាចោរនោះ ។ ឯអាចោរលិឍអណ្ដាតមេនោះ ហើយលៀនអណ្ដាតឱ្យមេនោះលិឍវិញ មេនោះខាំអណ្ដាតអាចោរនោះដាច់អស់មួយកំណាត់ ហើយច្រានទម្លាក់ពីលើចុងឈើធ្លាក់ដល់ដី ស្រែកឮតែឡុលៗ ។ ឯចោរបីនាក់ គិតស្មានថា នាយសំពៅចោមចាប់ ក៏លោតពីលើមែកឈើរត់ទៅហើយស្រែកហៅគ្នាថា «វ៉ឺយ! គ្នាយើងរត់នាយសំពៅដេញហើយ» ។ អាចោរដែលដាច់អណ្ដាតនោះ ស្រែកហៅគ្នាវាថា «មេនោះ នៅលើចុងឈើ ត្រូវមកចាប់» ប៉ុន្តែវាដាច់អណ្ដាតដូច្នោះ និយាយមិនច្បាស់ ឮតែឡុលៗ គ្នាវាគិតស្មានថាគេដេញចាប់ចេះតែប្រឹងរត់យកតែប្រះអាយុរៀង ខ្លួន ។ ឯមេនោះ ចុះពីលើចុងឈើ យកប្រាក់ទៅផ្ទះឱ្យប្ដី នៅរកស៊ីជាមួយនឹងប្ដីជាសុខសប្បាយតទៅ ។
អ្នកមានប្រាជ្ញា តែងនាំអាត្មាឱ្យសុខចម្រើន
រឿង ស្រីក្ងោកមាស
ដើមឡើយមានបុរសម្នាក់បានទទួលពាក្យបណ្ដាំពីអាពុកប្រដៅថា
កុំឱ្យយកប្រពន្ធជាស្រីប្ដីលែងនឹងស្រីសៅកែ
ឱ្យយកស្រីក្រមុំព្រហ្មចារីនីនឹងម៉េម៉ាយប្ដីស្លាប់ធ្វើជាប្រពន្ធ
ហើយកុំយកក្លើនឹងមនុស្សគ្រូបី
ហើយស្ដេចឥតធម៌កុំឱ្យនៅក្នុងនគរនោះ
បុរសនោះបានយកប្រពន្ធស្រីទាំង ៤ នាក់នោះ
នឹងយកក្លើមនុស្សគ្រូបីល្បងមើល មានថ្ងៃ ១
នោះក្ងោកមាសរបស់ស្ដេចវាទៅរកស៊ីក្បែរផ្ទះបុរសនោះ
ហើយបុរសនោះគិតពីសោតមើល
បានចាប់សត្វក្ងោកមាសនោះយកទៅចងលាក់ក្នុងទ្រុង ១
ហើយដាក់ចំណីបាយទឹកឱ្យសត្វនោះអាស្រ័យ រួចបុរសនោះបានយកមាន់គក ១
ទៅកាប់បោចស្រេច យកទៅធ្វើជាម្ហូបអាស្រ័យ
ពេលនឹងអាស្រ័យបុរសនោះបានយកប្រពន្ធទាំង ៤
ហើយនឹងក្លើនោះទៅអាស្រ័យសាច់មាន់គកនោះទាំងអស់គ្នា
ហើយបុរសនោះនិយាយថា សាច់នេះគឺក្ងោកមាសរបស់ស្ដេច
អញលួចកាប់យកសាច់មកស៊ីនេះ ។
ក្រោយមកដល់បាត់សត្វក្ងោក
ស្ដេចឱ្យប៉ាវគងសួររកសត្វក្ងោកនោះ
ទើបនាងស្រីប្ដីលែងនឹងស្រីសៅកែនិយាយនឹងនាងក្រមុំ-
នាងប្ដីស្លាប់ថា ប្រាប់ពួកអ្នកប៉ាវគងទៅថា
ប្ដីយើងវាលួចកាប់សត្វក្ងោករបស់ស្ដេចយកសាច់ស៊ី
ព្រោះវាធ្វើបាបវាយជេរយើងខ្លាំងណាស់
ទើបស្រីក្រមុំនឹងស្រីប្ដីស្លាប់អង្វរទៅវិញថា
កុំធ្វើបាបប្ដីរបស់ខ្លួនដូច្នោះមិនល្អទេ
នោះស្រីសៅកែនឹងស្រីប្ដីលែងថា បើនាងឯងមិនចូលគំនិតនឹងយើង
មុខជាយើងប្ដឹងអ្នកប៉ាវគងហើយ
ស្រាប់តែស្រីទាំងពីរនោះប្ដឹងអ្នកប៉ាវគងតាមដំណើរដែលប្ដីប្រាប់
ថា លួចកាប់សត្វក្ងោកស្ដេចយកសាច់ស៊ីនោះ
រួចពួកប៉ាវគងបានចាប់យកបុរសនោះទៅថ្វាយស្ដេច ហើយទូលតាមដំណើរ
ស្ដេចឱ្យនាំបុរសនោះទៅពិឃាដ
លុះនាំទៅដល់មាត់ទ្វារវាំងអ្នកចាំទ្វារសួរថា
អ្នកនាំមនុស្សទោសមកនេះ ស្ដេចបានជំនុំជម្រះហើយឬនៅ
អ្នកនាំថានៅទេ
អ្នកចាំទ្វារពុំព្រមបើកទ្វារហើយបាននិយាយរឿងប្រាប់អ្នកនាំថា
មានរឿង១នោះសេដ្ឋីចិញ្ចឹមឆ្កែ ៥០០
លុះយប់អាចោរជីកអុងម៉ុង្គចូលទៅលួចយកទ្រព្យសម្បត្តិរបស់សេដ្ឋី
នោះចូលទៅក្នុងអុងម៉ុង្គនោះទាំងអស់
ឆ្កែសេដ្ឋីបានទៅខាំអាចោរស្លាប់ក្នុងអុងម៉ុង្គនោះស្លាប់ទាំងអស់
លុះព្រឹកឡើងមហាសេដ្ឋីឃើញបាត់ទ្រព្យសម្បត្តិដូច្នោះនឹកខឹងនឹង
ឆ្កែថាមិនចេះចាំរបស់ ក៏សម្លាប់ឆ្កែនោះទៅ
លុះខ្មោចចោរធុំអសោចឡើងទៅមើលឃើញចោរស្លាប់ដូច្នោះក៏នឹកស្ដាយ
ឆ្កែក្រោយ កំពុងតែនិយាយបន្តិច
ឃើញបម្រើស្ដេចឱ្យទៅហៅបុរសនោះជំនុំជម្រះវិញ
លុះស្ដេចសួរបុរសនោះពីសម្លាប់សត្វក្ងោកមាស បុរសទូលស្ដេចថា
ក្ងោកនោះមិនបានសម្លាប់ទេ មានកន្លែងទុកដោយល្អ
ឯសម្លាប់នោះគឺមាន់គកទេ ស្ដេចបានឱ្យទៅយកសត្វក្ងោកនោះវិញ
ស្ដេចបានលើកទោសបុរសនោះលែង
ហើយបុរសនោះបានលាស្ដេចលែងក្នុងនគរនោះ ព្រោះស្ដេចឥតធម៌
ឯស្រីទាំងពីរដែលប្ដឹងពីបុរសនោះថាកាប់ក្ងោកនោះ
ក៏បុរសនោះលែងចោលចេញ៕រឿងសត្វចាបសម្លាប់ដំរីស្ដ
មានដំរីស្ដ១
ដើររកស៊ីក្នុងព្រៃដាច់ចេញពីហ្វូងតែម្នាក់ឯង
ថ្ងៃមួយបានដើរទៅជួបប្រទះនឹងមេចាប
កំពុងតែក្រាបក្រុងកូននៅកណ្ដាលផ្លូវដែលខ្លួនដើរ
មេចាបនិយាយអង្វរដំរីថា « សូមលោកអាណិតមេត្តាកុំដើរជាន់កូនខ្ញុំ
» ដំរីមិនព្រមទទួលយកពាក្យអង្វរក៏ឆ្លើយតទៅវិញថា
អញមិនដឹងមិនស្គាល់អាណាទេអញចេះតែដើរជាន់ ស្លាប់អាណាក៏ដោយ
ចាបឯងខ្លួនតូចប៉ុណ្ណេះនឹងធ្វើអ្វីអញបាន
បើទុកជាចាបឯងមានចំនួនច្រើនដល់ទៅ ១ ម៉ឺន
ក៏អញជាន់ឈ្លីនឹងជើងឆ្វេងអញតែម្ខាងឱ្យស្លាប់ល្អិតល្អោចអស់ឥត
សល់មួយដែរ
ដំរីថាតែប៉ុណ្ណេះហើយក៏ដើរជាន់កូនចាបខ្ទេចខ្ទីស្លាប់អស់ទៅ
មេចាបឃើញកូនស្លាប់ដូច្នោះហើយ
ក៏កើតទុក្ខក្ដៅក្រហាយសោកស្ដាយកូនណាស់
ទើបហើរទៅទំលើមែកឈើហើយនិយាយប្រាប់ដំរីថា «
ដំរីឯងហ៊ានមើលងាយអញ ដ្បិតតែឃើញអញខ្លួនតូច កម្លាំងតិច
ប៉ុន្តែឯងមិនទាន់ដឹងកម្លាំងបញ្ញាអញទេ
ចាំមើលអញនឹងធ្វើសងសឹកដល់ឯងវិញ »
មេចាបនិយាយរួចហើយក៏ហើរទៅរកពឹងសត្វក្អែកឱ្យទៅចឹកចោះភ្នែក
ដំរីឱ្យបែកជាដំបៅទាំងសងខាង
ក្អែកក៏ទទួលយកអាសាទើបមេចាបទៅពឹងសត្វរុយទៀត
ឱ្យរុយពងដាក់ភ្នែកដំរី
ឱ្យកើតជាដង្កូវចុះក្នុងភ្នែកទាល់តែខ្វាក់ទាំងពីរ
កាលដំរីនោះឈឺភ្នែកបែកខ្វាក់ទាំងពីរងងឹតមើលផ្លូវមិនឃើញហើយ
ក៏កើតទុក្ខវេទនា លំបាកនឹងរកស្មៅស៊ី នឹងរកផឹកទឹកក៏ពុំបាន
មេចាបឃើញដំរីខ្វាក់ភ្នែកដូច្នោះហើយក៏ទៅពឹងសត្វកង្កែប
ឱ្យឡើងទៅយំលើកំពូលភ្នំ ដំរីឮកង្កែបយំ
មានចិត្តត្រេកអរដោយសម្គាល់ថាមានត្រពាំងទឹក
ទើបដើរឡើងទៅលើកំពូលភ្នំ កាលដំរីទៅដល់កំពូលភ្នំហើយ
កង្កែបលោតចុះទៅយំក្នុងជ្រោះវិញ ដំរីដើរតាមសំឡេងកង្កែបទៅទៀត
លុះដល់មាត់ជ្រោះក៏រអិលជើងរមៀលធ្លាក់ទៅក្នុងជ្រោះស្លាប់ទៅ
ឯមេចាបបានដឹងថាដំរីស្លាប់ហើយ ក៏មានចិត្តត្រេកអរណាស់ ។
រឿង មនុស្សខ្ពើមអាចម៍ជិះដំរី ខ្ពើមក្តីឡើងចុងត្នោត
កាលពីព្រេងនាយ
មានបុរស់ម្នាក់ខ្ពើមក្តី
ទៅឡើងចុងត្នោតហើយយកស្លឹកត្នោតចាក់ស្មុគ ចាក់ធ្វើរូបសត្វផ្សេងៗ
ហើយគិតថា «អញលក់ស្មុគទាំងអស់នេះ
យកប្រាក់ទៅទិញសម្លៀកបំពាក់និងទិញក្របីធ្វើស្រែ
ហើយនឹងលោះខ្ញុំប្រើ បើកាលណាអញប្រើវាមិនបាន អញនឹងវាយធាក់វា»
ថាតែប៉ុណ្ណោះក៏យកជើងធាក់ស្មុគនោះ
ធ្លាក់មិនតិចតួចធ្លាក់ទាល់តែភ្លាត់ជើងធ្លាក់ពីលើចុងត្នោត
តែបុរសនោះប្រវាចាប់ចុងស្លឹកត្នោតជាប់
ដូចជាគេចងព្យួរតែកត្នោកនៅនោះ ។
បុរស់នោះភ័យណាស់មិនដឹងបើនឹងគណនាឡើយ ។
ពេលនោះ បុរសម្នាក់ទៀតដែលខ្ពើមអាចម៍
ជិះនៅតែលើខ្នងដំរី ក៏បរដំរីនោះទៅ លុះដល់ក្រោមដើមត្នោត
បុរសខ្ពើមក្តីក្រឡេកឃើញ ក៏ស្រែកហៅថា «ឱអ្នកជិះដំរី
មេត្តាជួយយកអាយុខ្ញុំផង» ។
បុរសជិះដំរីក្រឡេកឃើញបុរសខ្ពើមក្តីតោងធាងត្នោតព្យួរខ្លួននៅ
នោះ ក៏ឆ្លើយតបទៅវិញថា «មិនដឹងជួយដូចម្តេចទេ» ។
បុរសនៅលើចុងត្នោតថា «អ្នកឯងបរដំរីមកទីខាងក្រោមខ្ញុំ
ហើយអ្នកឯងឈរទាញជើងខ្ញុំចុះ» ។ បុរសជិះដំរីឮហើយ
ក៏បរដំរីទៅពីខាងក្រោម រួចក្រោកឈរលើខ្នងដំរី
លើកដៃប្រវាចាប់ជើង កំពុងតែចាប់ជើង ដំរីនោះដូចគេទទោកដេញវាៗ
ក៏ដើរទៅ ។ បុរសពីរនាក់ក៏នៅព្យួរតែកត្នោតនៅនោះ ។
បុរសខាងលើភ័យពេក រាគអាចម៍ដាក់ក្បាលបុរសខាងក្រោម ។
ជបុរសពីរនាក់ភ័យណាស់មិនដឹងធ្វើដូចម្តេច ។ ក្នុងវេលានោះ
មានបុរសទំពែកទាំង៤ នាក់ដើររកស៊ីកាន់ក្តី
លុះដើរទៅដល់កន្លែងនោះបុរសពីរនាក់ដែលតោងធាងត្នោតនោះ ស្រែកថា«
នែលោកទាំង ៤នាក់ដែលដើរ នោះមេត្តាជួយយកឱ្យខ្ញុំផង
សឹមខ្ញុំទៅនៅជាខ្ញុំបម្រើលោក» ។ បុរសទំពែក ៤ នាក់ឮងើបមើលទៅ
ឃើញបុរសពីរនាក់នោះ ក៏ជំនុំគ្នាថា
«យើងទាំង៤នាក់តាំងពីដើររកស៊ីកាន់ក្តីមក យូរថ្ងៃខែឆ្នាំ
ហើយមិនដែលបានខ្ញុំប្រើសោះ
ឥឡូវយើងគិតយកអាពីរនាក់នេះធ្វើជាខ្ញុំយើង » គិតដូច្នោះហើយ
បុរសទាំង៤ នាក់ដើរចូលទៅក្រោមដើមត្នោត ក៏និយាយថា
«យើងមិនដឹងធ្វើម្តេចទេ» ។ បុរសពីរនាក់ថា «ឱលោកអើយ!
លោកយកសំពត់នោះចងនឹងកលោក ម្នាក់១ជ្រុង
ហើយឈរទាញឱ្យុតឹងពីក្រោមខ្ញុំៗ នឹងទម្លាក់ខ្លួនទៅលើសំពត់នោះ» ។
បុរស៤នាក់ ស្តាប់ហើយក៏ធ្វើតាមពាក្យបុរសពីរនាក់ ស្រេចហើយ
បុរសពីរនាក់ទម្លាក់ខ្លួនមកចំសំពត់នោះ ។ ឯបុរសទាំង ៤
ក៏ទង្គិចក្បាលគ្នាស្លាប់អស់ទៅ ។
បុរសពីរនាក់ដឹងថាអ្នកទាំង៤នាក់ ស្លាប់ហើយភ័យណាស់
លុះយប់មានផ្ទះយាយចាស់ម្នាក់ប្តីគាត់មិននៅ
ទៅធ្វើចម្ការបុរសពីរនាក់ក៏នាំគ្នាសែងខ្មោចបុរសទំពែកទាំង៤
យកទៅដាក់នៅរានហាលផ្ទះនោះ ហើយនាំគ្នារត់បាត់ទៅ ។ លុះព្រឹកឡើង
យាយចាស់ភ្ញាក់ពីដេកចេញទៅលុបមុខខាងក្រៅ ឃើញខ្មោចនោះហើយ
ភ្ញាក់ព្រើតថា «យីខ្មោចអ្វីមកស្លាប់នៅនេះ?»
ថាហើយក៏អូសខ្មោចនោះមួយម្តងៗ យកទៅដាក់ក្នុងផ្ទះ
ហើយយកខ្មោចនោះមករុំសំពត់ស យកមកដាក់ខាងក្រៅផ្ទះ
យំទួញថាប្តីស្លាប់ ហើយដើរទៅរកអ្នកស្រុកឱ្យគេជួយយកទៅកប់
អ្នកស្រុកមកជួយយកខ្មោចនោះទៅកប់ ហើយត្រឡប់មកផ្ទះវិញ ។
លុះស្អែកឡើងយាយចាស់ធ្វើដូចមុនទៀត ប្រាប់គេថា
«ប្តីខ្លួនត្រឡប់មកវិញ» ។ អ្នកស្រុកគេក៏ជួយទៀត លុះខានស្អែកឡើង
យាយធ្វើយ៉ាងនេះទៀត ទាល់តែគ្រប់ខ្មោចទាំង ៤ ។
អ្នកស្រុកគិតគ្នាថា«យើងទៅវាយខ្មោចនោះ ក្រែងមកទៀត»
គិតហើយនាំគ្នាទៅចាំនៅផ្លូវដែលយកខ្មោចនោះទៅកប់ ។
លុះព្រលប់តាប្តីយាយនោះអស់អង្ករ ត្រឡប់ពីចម្ការមកយកអង្ករស៊ី
លីឆ្នាំងមួយផង មកដល់ប្រទះនឹងពួកអ្នកស្រុកដែលគេចាំនោះ
គេស្រែកថា «កនយើងមកទៀតហើយ»
គេនាំគ្នាដេញវាយតាស្រែកថា«ខ្ញុំទេ ខ្ញុំមកពីចម្ការ »។ គេថា
«អាឯងស្លាប់ទៅហើយមកវិញ ៤-៥ ដងឱ្យតែគេលំបាក»
គេក៏វាយតានោះទាល់តែស្លាប់ទៅ ៕៚
ខ្ពើមអាចម៍ជិះដំរី ខ្ពើមក្តីឡើងចុងឈើ
រឿង បុរសដណ្តឹងប្រពន្ធ
កាលពីព្រេងនាយ
មានបុរសម្នាក់ចង់បានប្រពន្ធ ទៅដណ្តឹងកូនគេម្នាក់ ។
ម្តាយឪពុកគេថា «បើចង់បានកូនយើងជាប្រពន្ធ
លុះតែឱ្យយើងចងត្រាំទឹកបានបីយប់ ទើបយើងឱ្យកូនបាន» ។
បុរសនោះ ក៏ព្រមឱ្យគេចងត្រាំទឹក
ដល់ត្រាំទឹកបានពីរយប់បុរសនោះឃើញភ្លើងឆេះលើកំពូលភ្នំ
ក៏លើកដៃឡើងអាំងលេង ។ គេមើលមកឃើញគេថាបុរសនោះអាំងភ្លើង
គេមិនឱ្យកូនគេជាប្រពន្ធឡើយ ។ បុរសនោះ ខឹងណាស់ទៅប្តឹងចៅក្រម
ចៅក្រមឱ្យទៅកោះហៅម្តាយឪពុកខាងស្រីនោះមកជំនុំជម្រះ ។
ចៅក្រមយកសំណូកពីអ្នកចុងក្តី ក៏កាត់ថា «ចៅឯងត្រូវចាញ់គេហើយ
មិនត្រូវបានកូនគេទេ បើដូច្នេះ ចៅឯងទៅរៀបបាយមកឱ្យយើងស៊ី» ។
ឯចៅនោះ ឮចៅក្រមកាត់ថាមិនត្រូវបានកូនគេជាប្រពន្ធ
ហើយគេប្រើទៅរៀបបាយមកឱ្យគេស៊ីផង ក៏តូចចិត្តណាស់
ដើរបណ្តើរយំបណ្តើរ ទៅប្រទះនឹងសុភាទន្សាយៗ សួរថា
«ថ្វីបងក៏បានជាយំ?» ។ បុរសនោះ ប្រាប់តាមដំណើរសព្វគ្រប់ប្រការ
។ សុភាទន្សាយសួរថា « គេឱ្យបងឯងទៅណា? » ។ បុរសនោះថា
«ឥឡូវគេប្រើឱ្យទៅរៀបបាយ » ។ សុភាទន្សាយថា « អើបងរៀបរួច មកយក
ហៅអញទៅផង អញទៅជួយជំនុំឱ្យ តែអញទៅមុខជាឈ្នះហើយ
បើបងឯងរៀបបាយមក ស្លកុំដាក់អំបិលប្រហុក ។
អំបិលប្រហុកដាក់ក្បែរខាងនោះស្លតែត្រីនិងបន្លែហើយ » ។
បុរសនោះឮសុភាទន្សាយអួតដូច្នោះក៏អរណាស់
ខំទៅរៀបបាយដូចបង្គាប់សុភាទន្សាយ
ហើយក៏យកមកជូនគេពីរនាក់នឹងសុភាទន្សាយ ។ ទៅដល់
ចៅក្រមឃើញសុភាទន្សាយមក ក៏សួរថា « បងទន្សាយមករកអ្វី?» ។
សុភាទន្សាយថា « មកជួយជំនុំក្តីលោក» ។ ចៅក្រមថា
«អើចាំស៊ីបាយរួចសិន» ។ ឯចៅក្រម ដល់ស៊ីបាយនោះទៅសួរថា
ស្លអ្វីក៏សាបម៉្លេះ ? » ។ សុភាទន្សាយឆ្លើយឡើងថា «
ភ្លើងឆេះលើកំពូលភ្នំថាក្តៅដល់ ចុះអំបិលប្រហុកដាក់ក្បែរនោះ
ម្តេចក៏បានជាមិនប្រៃដល់? » ។ សុភាទន្សាយឆ្លើយតែប៉ុណ្ណោះ
ចៅក្រមទាល់ប្រាជ្ញា ទើបកាត់សេចក្តីឱ្យបុរសនោះឈ្នះ
ឱ្យបានប្រពន្ធបុរសនោះ ៕៚
ចេះឯង ឱ្យក្រែងចេះគេ
រឿង ទេវតាសែកសោយ
កាលពីព្រេងនាយ
មានមនុស្សកម្សត់ពីរនាក់ប្តីប្រពន្ធ មានកូនប្រុសមួយ ។
កូននោះកើតឡើងវេលាណា មានទេវតាអាក្រក់មកថែរក្សាសែកសោយ ។
តាំងពីទេវតាអាក្រក់មកសែកសោយក្មេងនោះ
ឪពុកម្តាយក៏ស្លាប់ចោលអស់ទៅ ។ ក្មេងនោះនៅជាមួយនឹងជីដូនៗ
ក៏ថែរក្សាដរាបដល់អាយុ ២០ ឆ្នាំ ។ ថ្ងៃមួយ ក្មេងនោះចូលទៅក្នុងព្រៃ
ដើម្បីរកអុស កំពុងតែកាប់អុស មានទេវតាមួយអង្គទៀត ជាទេវតាល្អ
ជួយឱ្យចម្រុងចម្រើនយសសក្តិភោគសម្បត្តិ ។
ទេវតានោះនិយាយនឹងទេវតាអាក្រក់ថា
«តាំងពីអ្នកឯងចូលមករក្សាមនុស្សនោះកាលណា
ម្តាយអាពុកគ្នាស្លាប់ចោលអស់ហើយ គ្នាក្រលំបាកពន់ពេក
ហើយថាឫទ្ធិអ្នកឯងពូកែមែន » ។ ទេវតាអាក្រក់និយាយតបទៅវិញថា «
អ្នកជឿថាអំណាចខ្ញុំពូកែទេ? » ។ ទេវតាល្អឆ្លើយថា « ខ្ញុំជឿហើយ
ប៉ុន្តែខ្ញុំសូមរក្សាមនុស្សនេះម្តង» ។ ទេវតាអាក្រក់
ព្រមបើកអំណាចឱ្យទេវតាល្អថែរក្សាហើយហោះទៅ ។
ទេវតាបណ្តាលឱ្យមនុស្សនោះកំពុងតែកាប់អុស
ក៏ដាក់ដឹងចុះហើយភ្ញាក់ខ្លួនព្រើតលោគិតថា « ឱអញ បើអញរស់នៅ
គ្រាន់អញនឹងរកស៊ីចិញ្ចឹមជីវិតជីដូនអញ បើប្រសិនជាអញស្លាប់ទៅ
តើបានអ្នកណានឹងរកស៊ីចិញ្ចឹមជីដូនអញទៀត បើដូច្នេះ
អញគិតទៅនិយាយបបួលយាយអញទៅនៅធ្វើខ្ញុំសេដ្ឋី
គ្រាន់តែសុំបាយគេស៊ី ប្រហែលជាគេព្រមហើយ »
គិតតែប៉ុណ្ណេះក៏លែងកាប់អុស ត្រឡប់ទៅវិញ
ទៅដល់និយាយប្រាប់ជីដូនតាមដំណើរសព្វគ្រប់
ដែលខ្លួនគិតកាលទៅកាប់អុស ។
ជីដូចបានស្តាប់ហើយក៏ចូលចិត្តព្រមតាមចៅ បុរសកម្សត់ទាំងពីរនាក់
គឺជីដូននិងចៅ ក៏នាំគ្នាដើរទៅផ្ទះមហាសេដ្ឋី
ដល់ចូលទៅក្នុងកំពែងរបងហើយ
ទៅងង្គុយបត់ជើងនៅមាត់ជណ្តើរមហាសេដ្ឋី ។ លុះបន្តិចទៅ
មហាសេដ្ឋីប្ដីប្រពន្ធនាំគ្នាចេញមកក្រៅ
ក្រឡេកទៅឃើញអ្នកទាំងពីរនាក់អង្គុយក៏សួរថា «
ឯងមកនេះមានប្រាថ្នាអ្វី? » ។ បុរសកម្សត់នោះ
ឆ្លើយជម្រាបទៅសេដ្ឋីថា « ខ្ញុំពីរនាក់ជីដូននិងចៅនេះ
មកសុំនៅធ្វើជាខ្ញុំបម្រើលោក គ្រាន់តែយកបាយចិញ្ចឹមជីវិត» ។
មហាសេដ្ឋីស្តាប់ហើយឆ្លើយថា « អើឯងនៅចុះ » ។
បុរសនោះជម្រាបទៅមហាសេដ្ឋីថា
«សូមលោកមេត្តាឱ្យខ្ញុំនៅបម្រើខាងលើផ្ទះបាយហើយនិងផ្ទះធំ» ។
មហាសេដ្ឋីព្រម ទើបយាយចាស់នោះ សុំគ្រាន់តែដេញមាន់ទា
កុំឱ្យស៊ីស្រូវ កាលណាគេយកស្រូវទៅហាល ។ បុរសនោះ
ខំយកចិត្តទុកដាក់បម្រើសេដ្ឋីមិនឱ្យទាស់ចិត្តបន្តិចសោះ ។
មហាសេដ្ឋីមានចិត្តអាណិតស្រឡាញ់រាប់អាន ។ លុះយូរទៅប្រមាណជា ៣-៤
ឆ្នាំ បុរសនោះ សុំមហាដេដ្ឋីទៅនៅឃ្វាលក្របីវិញ ដល់នៅឃ្វាលក្របី
ផ្លាស់អស់ខ្សែពួរចាស់ៗទាំងប៉ុន្មាន ជួសជុលក្រោលឱ្យស្អាតល្អឡើង
ក្របីទាំងអស់ចំនួន ១០០ ក្បាល ។ ដល់យូរទៅ
មហាសេដ្ឋីប្តីប្រពន្ធនិយាយគ្នាថា «តាំងពីអានេះទៅឃ្វាលក្របី
យើងមិនដែលទៅមើលវាម្តងសោះ
ដូច្នេះត្រូវយើងនាំគ្នាទៅមើលវាម្តង» ក៏នាំប្តីប្រពន្ធទៅ
លុះទៅដល់ មើលទៅក្របី ខ្សែពួរ និងក្រោល ពេញចិត្តទាំងអស់
ក៏ត្រឡប់មកវិញនិយាយគ្នាថា «អានេះជាមនុស្សល្អ កាលដែលយើងឃើញមុន
មិនដែលមានប្រដាប់សម្រាប់ក្របីថ្មី យ៉ាងនេះទេ ឥឡូវនេះមានព្រម
អានេះជាមនុស្សចិត្តត្រង់នឹងចៅហ្វាយនាយ» ។
បុរសនោះទៅឃ្វាលក្របីរាល់ថ្ងៃ មានកាលថ្ងៃមួយនោះ
ពេលល្ងាចដេញក្របីត្រឡប់មកក្រោលវិញ មកដល់ត្រពាំងមួយ
ដេញក្របីចុះទៅត្រពាំងទឹក ទៅជាន់ដុំមាសនៅក្នុងត្រពាំងនោះ
បែរទៅខាងណា ក៏សុទ្ធតែដុំមាស ពេញត្រពាំងទាំងអស់ ។ បុរស់នោះថា
«ដុំថ្មអ្វីក៏ច្រើនម្ល៉េះ ប៉ះជើងស្ទើរស្លាប់ហើយ »
ថាហើយក៏យកដុំមាសមួយដុំមក គិតថា «អញយកដុំថ្មនេះទៅផ្ញើយាយអញ
ព្រោះថ្មនេះល្អ» ។ បុរសនោះ ដេញក្របីមកចូលក្រោល
រួចហើយក៏យកដុំមាសនោះទៅឱ្យជីដូនៗ បានឃើញដុំមាសហើយ សួរថា
«ចៅយកពីណាមក យកទៅវិញទៅយាយមិនហ៊ានយកទេ ដុំមាសធំម្ល៉េះ » ។
បុរសដឹងជាដុំមាសដូច្នោះហើយ ក៏យកទៅទុកក្នុងត្រពាំងវិញ
ចំណាំកន្លែងទុក រួចត្រឡប់មកវិញ ។
ថ្ងៃក្រោយមក ព្រះមហាក្សត្រ ទ្រង់ល្បងចិត្តពួកសេនាបតី
ទ្រង់មានព្រះបន្ទូលទៅនឹងអាមាត្យថា «
អ្នកឯងទៅប្រាប់សេនាបតីទាំង៤ ថា « ល្ងាចនេះ
ឱ្យដេកចាំព្រះបរមរាជវាំងនៅចុងព្រះរាជរោង» ។
អាមាត្យនាំយកព្រះបន្ទូលទៅជម្រាបសេនាបតីទាំង ៤ តាមដំណើរ ។
សេនាបតីទាំងនោះ ក៏រៀបខ្លួនមកដេកតាមព្រះរាជឱង្ការពេលមកដេកនោះ
មិនគិតប្រុងប្រយត្នសោះ គិតតែពីដេកទាល់ភ្លឺ ។ លុះយប់ជ្រៅស្ងាត់
ស្តេចទ្រង់យាងមកទតសេនាបតីទាំង ៤ នោះ ឃើញដេកទាំងអស់គ្នា
ក៏ទ្រង់យាងត្រឡប់ទៅក្រឡាព្រះបន្ទំវិញ ដល់ព្រឹកឡើង
ទ្រង់មានព្រះបន្ទូលឱ្យចាប់សេនាបតីទាំងនោះ
យកទៅកាប់សម្លាប់ចោលទៅ ។ លុះល្ងាចក្រោយទៀត
ទ្រង់មានព្រះបន្ទូលឱ្យហៅមហាសេដ្ឋីទាំង ៤ ឱ្យមកដេកដូចមុនទៀត ។
មហាសេដ្ឋីដែលជាចៅហ្វាយបុរសកម្សត់នោះ ភ័យណាស់
ព្រោះមិនដឹងជាមានរឿងអ្វី បានជាស្តេចឱ្យសម្លាប់សេនាបតីទាំង៤
មុននោះ ឥឡូវដល់មកខ្លួនទៀត គិតថាមុខជាស្លាប់ហើយ
កូនប្រពន្ធទាំងប៉ុន្មានយំសោកទាំងអស់គ្នា ។ លុះបន្តិចទៅ
ឮទៅដល់បុរសកម្សត់ៗ ក៏ឡើងមកសួរថា « ហេតុម្តេច
បានជាយំសោកយ៉ាងនេះ? » ។ មហាសេដ្ឋីប្រាប់ទៅតាមរឿង ។ បុរសថា «
បើដូច្នេះ ខ្ញុំសូមទៅដេកជំនួស » ។ មហាសេដ្ឋីឮដូច្នោះហើយ ក៏អរណាស់
ឱ្យរកសំពត់អាវល្អៗ យកមកឱ្យបុរសកម្សត់នោះស្លៀកដោយគិតថា
មុខជាស្លាប់ហើយ ។ លុះបុរសរៀបខ្លួនស្រេច
នឹងទៅដេកចាំវាំងជាមួយពួកមហាសេដ្ឋីឯទៀត តែពេលទៅ
បុរសនោះយកទាំងដាវមួយទៅផង ទៅដល់ហើយក៏ដេក ។ ពួកមហាសេដ្ឋីឯទៀត
គេអង្គុយនិយាយគ្នាលេង លុះដល់យប់ជ្រៅ ទើបនាំគ្នាដេកអស់ទៅ ។
បុរស់នោះ ដឹងថាគេដេកស្ងាត់ ក៏ក្រោកឡើងអង្គុយម្នាក់ឯង ។
លុះយប់ជ្រៅស្ងាត់ ស្តេចទ្រង់ចេញមកដូចមុនទៀត
មកដល់ចុងព្រះរាជរោង បុរសនោះក្រឡេកឃើញទាញដាវបាន
ដេញកាប់ធ្វើជាកាប់ផុតៗ ស្តេចរត់រួចទៅ ។ ក្នុង១យប់នោះ
ស្តេចចេញមក ៣ ដង ។ បុរសដេញកាប់ទាំង ៣ ដងសេ្តចទ្រង់រត់ទៅវិញ ។
លុះព្រឹកឡើង ស្តេចទ្រង់មានព្រះបន្ទូលឱ្យចាប់សេដ្ឋីទាំង ៣ នាក់
ដែលដេកនោះ យកទៅកាប់ចោល
ហើយទ្រង់មានព្រះបន្ទូលឱ្យហៅបុរសកម្សត់នោះទៅ
ទ្រង់មានព្រះបន្ទូលសួរបុរសកម្សត់ថា «ឯងជាសេដ្ឋីឈ្មោះអ្វី?» ។
បុរសកម្សត់ក្រាបទូលថា «ទូលព្រះបង្គំជាខ្ញុំ
ជាកូនមហាសេដ្ឋីឈ្មោះនោះ» ។ ស្តេចមានព្រះបន្ទូលឱ្យទៅហៅមហាសេដ្ឋី
ដែលជាចៅហ្វាយបុរសកម្សត់នោះមក ទ្រង់មានព្រះបន្ទូលសួរថា
«នេះជាកូនអ្នកមែនឬអ្វី? » ។មហាសេដ្ឋីក្រាបទូលឆ្លើយទទួលថា «កូនមែន» ។ ស្តេចមានព្រះបន្ទូលថា «បើកូនមហាសេដ្ឋីឯង អញសុំធ្វើជាកូនអញ» ។ មហាសេដ្ឋីក៏ថ្វាយបុរសនោះទៅស្តេច ហើយក្រាបបង្គំលាទៅផ្ទះវិញ ។ ស្តេចមានព្រះរាជបុត្រីមួយព្រះអង្គ ទ្រង់ក៏រៀបផ្សំផ្តុំនឹងបុរសកម្សត់នោះ ជាប្តីប្រពន្ធទៅ ហើយអភិសេកឱ្យឡើងសោយរាជ្យយូរទៅ ស្តេចបុរសនឹកឃើញទៅដល់មាស ដែលនៅក្នុងត្រពាំង ក៏ត្រាស់បង្គាប់ទៅមហាសេដ្ឋីឪពុក ឱ្យទៅដឹកមាសមកដាក់ឃ្លាំងទុក ។
មានមួយថ្ងៃ ស្តេចបុរសនោះ ចង់ចេញទៅកាន់ចុងព្រះរាជរោង ឱ្យសេនាបតីគាល់ ក៏ទៅទូលស្តេចឪពុកៗ ទ្រង់ហាមថា « ឯងជាតិជារាស្រ្ត បើចេញទៅត្រូវយកមហេសីទៅផង » ។ ស្តេចបុរសទ្រង់យាងចេញទៅកាន់ចុងព្រះរាជរោង ជាមួយអគ្គមហេសី ពួកនាហ្មឺនទាំងពួងគាល់ត្រៀបត្រា ។ វេលានោះ ទេវតាអាក្រក់ ដែលរក្សាបុរសនោះអំពីដើម ត្រឡប់មកវិញក៏ជួបទេវតាល្អ ហើយនិយាយថា «ឥឡូវនេះអ្នករក្សាមនុស្សនេះ តាំងពីនៅលំបាក ទាល់តែបានធ្វើជាស្តេចថែមទៀត នោះឃើញថាអំណាចអ្នកពូកែមែន បើបើដូច្នេះអ្នកចេញទៅ ឱ្យខ្ញុំរក្សាម្តង» ។ ទេវតាល្អ ប្រគល់សេ្តចកម្សត់ឱ្យទៅទេវតាអាក្រក់ហើយហោះទៅ ។ ពេលនោះ មានភ្លៀងផ្គរ ទេវតាអាក្រក់ក៏បណ្តាលចិត្តស្តេចបុរសនោះមួយរំពេច ស្តេចនោះមិនបានគិត លោមានព្រះបន្ទូលចំពោះពួកនាហ្មឺន ដែលគាល់ត្រៀបត្រាថា អញឮផ្គរលាន់ ស្រណោះកាលនៅឃ្វាលក្របីពីដើមណាស់ » គ្រាន់តែប៉ុណ្ណោះ មហេសីឮក៏ស្ទុះទៅរកព្រះបិតាហើយក្រាបទូលថា «ព្រះវរបិតា មិនគួរឱ្យខ្ញុំម្ចាស់ទៅអាមនុស្សឃ្វាលក្របីនេះ សោះខ្ញុំម្ចាស់លែងយកហើយ ព្រោះវានិយាយចំមុខនាហ្មឺន ដែលគាល់ត្រៀបត្រាថា « ឮផ្គូរលាន់ ស្រណោះកាលនៅឃ្វាលក្របីពីដើម ខ្ញុំម្ចាស់ខ្មាសពួកនាហ្មឺនសព្វមុខមន្រ្តីណាស់ ខ្ញុំម្ចាស់មិនយកជាប្តីទេ» ។ ស្តេចបិតាឮដូច្នោះ ក៏ឱ្យចាប់ស្តេចនោះយកទៅដាក់គុកទៅ ។ ដាក់គុកបានពាក់កណ្តាលថ្ងៃ ទេវតាល្អដែលរក្សាមុននោះត្រឡប់មកវិញ ហើយនិយាយទៅនឹងទេវតាអាក្រក់ថា «អ្នកមានឫទ្ធិណាស់ ចូលមករក្សាភ្លាម ស្តេចបុរសបានជាប់គុកភ្លាម ដូច្នេះអ្នកអញ្ជើញទៅចុះ ទុកឱ្យខ្ញុំរក្សាវិញ» រួចហើយទេវតាល្អក៏បណ្តាលចិត្តស្តេចបុរសៗនឹកឃើញភ្លាមថា « អញមិនគួរភ្លាត់សម្ដីឱ្យទាល់តែជាប់គុកសោះ ប៉ុន្តែគ្មានអ្នកណាដឹងថា អញជាប់គុកនៅឡើយទេដូច្នេះអញបង្គាប់ទៅសេដ្ឋីឪពុកអញ ឱ្យយកមាសដែលមកពីក្នុងត្រពាំងនោះ ដំធ្វើជារូបក្របី ១០០ ដាក់ជើងពានមាស ១០០ យកមកឱ្យអញក្នុងថ្ងៃស្អែកនេះពីព្រឹក» គិតតែប៉ុណ្ណោះក៏ប្រើមេគុកឱ្យទៅប្រាប់សេដ្ឋីថា «ស្តេចមានព្រះបន្ទូលថា ឱ្យយកមាសដំធ្វើរូបក្របី ១០០ ដាក់លើជើងពានមាស ១០០ ហើយយកទៅថ្វាយស្តេចដល់កន្លែងទ្រង់» ។ សេដ្ឋីឮហើយ ក៏ហៅជាងទាំងពួង ឱ្យធ្វើក្នុងមួយយប់ឱ្យហើយ លុះព្រឹកឡើង ឱ្យខ្ញុំស្រីសេដ្ឋី១០០ នាក់ ទូលយកទៅថ្វាយសេ្តចក្នុងព្រះរាជវាំង ។ ស្តេចបិតាក្មេកទតមកឃើញ ឱ្យអាមាត្យរត់ទៅមើល ។ អាមាត្យមកក្រាបទូលវិញទ្រង់មានព្រះបន្ទូលឱ្យហៅអ្នកទូលក្របី នោះមក ហើយទ្រង់មានព្រះបន្ទូលថា «នាងឯងរាល់គ្នា យកក្របីមាសនេះទៅណា?» ។ ស្រីទាំងនោះថា « ខ្ញុំម្ចាស់យកមកថ្វាយព្រះអង្គ» ។ ស្តេចទ្រង់ជ្រាប ទ្រង់ឱ្យហៅព្រះរាជបុត្រីថាមហេសីស្តេចកម្សត់ ឱ្យចេញមកមើល ហើយមានព្រះបន្ទូលថា «កូនអើយ! ដែលប្តីឯងវាថាស្រណោះកាលឃ្វាលក្របីនោះ មិនមែនក្របីសត្វទេ គឺរូបក្របីមាសនេះឯង កូនមើលក្របីនេះចុះ ណ្ហើយកូនកុំខឹងនឹងប្តី យកប្តីវិញទៅ » មានព្រះបន្ទូលតែប៉ុណ្ណោះក៏ទ្រង់ឱ្យទៅដោះស្តេចបុរសកម្សត់មក ហើយទ្រង់អភិសេកនឹងនាងជាព្រះរាជបុត្រីឱ្យឡើងសោយរាជសម្បត្តិ ជាសុខសប្បាយរៀងទៅ ព្រមទាំងយាយជីដូននៃបុរសនោះផង ៕៚
រឿង ចៅកាំបិតបន្ទោះ
កាលដើមឡើយ មានបុរសពីរនាក់
ជាបងប្អូននឹងគ្នា ម្តាយឪពុកស្លាប់អស់ទៅនៅតែពីរនាក់បងប្អូន
ក៏បបួលគ្នាទៅនៅវត្ត រៀនអក្សរ ធម៌អាថ៌ សាស្រ្តាបាលីនឹងលោកសង្ឃរាជ
លោកក៏មេត្តាករុណាប្រៀនប្រដៅឱ្យរៀនសូត្រ ។
ក្មេងទាំងពីរនាក់ព្យាយាមណាស់ រកក្មេងណាស្មើគ្មាន ដល់រៀនចេះចប់
លោកគ្រូបំបួសនេន ។ នេនទាំងពីរ ពុំខ្ជិលសោះ
ខំរៀនសូត្រនិងបម្រើគ្រូពុំឱ្យគ្រូអាក់អន់ព្រះទ័យឡើយ ។
នេនទាំងពីរបួសបាន ៥ វស្សា នឹកចង់សិក្ខ ក៏ចូលទៅវន្ទាលាគ្រូសិក្ខ ។
គ្រូក៏ព្រមឱ្យសិក្ខៗរួចលោកគ្រូផ្តាំបុរសបងឱ្យទៅនៅរកស៊ី
ស្រុកចិន នឹងបានជាចៅសួធំក្នុងស្រុកចិន ។ ឯបុរសប្អូន
គ្រូពុំបានផ្តាំអ្វើឡើយដ្បិតគ្រូមើលឱ្យឃើញថា
បុរសប្ទូននឹងបានសោយរាជ្យជាសម្តេចនគរពីរ ទើបលោកគ្រូផ្តាំថា
«ចៅឯងទៅរកស៊ីបើនឿយណាស់កុំដេក យកប្រពន្ធត្រូវមើលម្តាយក្មេក
ចូលដំណេកកុំនិយាយនឹងប្រពន្ធ បើឯងរក្សាពាក្យទាំង ៣ម៉ាត់នេះបាន
ស្មើបាននគរពីរ អញគ្មានអ្វីឱ្យឯងទេ» ។ បុរសទាំងពីរនាក់បងប្អូន
ក៏លាគ្រូដើរទៅ ។
បុរសបងទៅរកស៊ីឯស្រុកចិនតាមពាក្យគ្រូផ្តាំ
ក៏បានជាចៅសួធំមែន ។ បុរសប្អូនមិនដឹងរកស៊ីអ្វី
ទៅនៅនឹងបងប្អូនញាតិសន្តាន
គេក៏អាណិតដណ្តឹងប្រពន្ធរៀបការធ្វើផ្ទះឱ្យនៅ ។
បុរសនោះភ្លេចពាក្យគ្រូផ្តាំ ក៏នៅរកស៊ីនឹងប្រពន្ធ
ជូនមានស៊ីជួនអត់ បានព្រឹកអត់ល្ងាច បានល្ងាចអត់ព្រឹក
សំពត់ស្លៀកក៏គ្មាន មានតែខោកញ្ចាស់ពាក់កណ្តាលភ្លៅមួយ
ដាច់លេចមុខលេចក្រោយ ។ បុរសនោះតែងដើរទៅកំពង់ទឹក
ក្រែងមានគេមកពីស្រុកចិន នឹងបានសួរដំណឹងពីបងខ្លួន ។ថ្ងៃ១មានសំពៅមួយមកពីស្រុកចិន បុរសនោះក៏ចុះទៅសួរគេថា «អ្នកនាយសំពៅអើយ! អ្នកដែលបានប្រទះឃើញខ្មែរម្នាក់ដែរឬទេ ? គាត់ទៅនៅរកស៊ីស្រុកចិន ៥ឆ្នាំហើយ» ។ នាយសំពៅប្រាប់ថា «ឃើញខ្មែរម្នាក់ដែរ ឥឡូវគេបានជាចៅសួមានងារធំក្នុងស្រុកចិន គ្មានអ្នកណាមានស្មើទេ?» ។ បុរសសួរទៅនាយសំពៅទៀតថា «អ្នកនាយសំពៅអញ្ចើញទៅវិញថ្ងៃណា?»នាយសំពៅថា «៣ថ្ងៃទៀតខ្ញុំវិលទៅវិញហើយ » ។ បុរសនិយាយនឹងនាយសំពៅថា «អ្នកនាយសំពៅ បើអ្នកអញ្ជើញទៅវិញ សូមអ្នកអាណិតឱ្យខ្ញុំសូមដោយសារទៅផង» ។ នាយសំពៅព្រមឱ្យទៅ ។ បុរសនោះក៏លានាយសំពៅមកផ្ទះវិញ ។ ទៅដល់ផ្ទះ បុរសនិយាយនឹងប្រពន្ធថា «នាងអើយ!យើងសព្វថ្ងៃនេះ ក្រលំបាកណាស់ ឥឡូវនេះឮដំណឹងថាបងអញ ដែលទៅនៅស្រុកចិនគេមាន គេបានជាចៅសួធំក្នុងស្រុកចិន ឥឡូវបងចង់ទៅសួរ ក្រែងបងគេឃើញឯងក្រ គេអាណិតឱ្យប្រាក់កាសចាយ សំពត់អាវស្លៀកពាក់ខ្លះ» ។ ប្រពន្ធឮប្តីថាដូច្នោះ សួរថា «ចុះអ្នកទៅជាមួយអ្នកណា? » ។ បុរសជាប្តីប្រាប់ថា បងសុំដោយសារសំពៅគេ គេព្រមឱ្យទៅ ៣ ថ្ងៃទៀត គេចេញសំពៅហើយ» ។ ប្រពន្ធថា «បើអ្នកទៅក៏ទៅចុះ» ។ លុះដល់៣ថ្ងៃ បុរសក៏ចុះទៅ ។ នាយសំពៅឃើញបុរសនោះទៅ ក៏គេហៅចុះសំពៅចេញទៅ ។ កាលបើសំពៅរៀងទៅ បុរសនោះមើលថែទាំ ជួយរក្សារបស់ទ្រព្យនាយសំពៅដូចរបស់ខ្លួន ។ នាយសំពៅឃើញបុរសនោះមានគំនិតមារយាទល្អ ក៏ស្រឡាញ់រាប់អានអាណិត ឱ្យបាយទឹកស៊ីតែសព្វថ្ងៃរៀងទៅ ។ ឯប្រពន្ធបុរសនោះ កាលក្រោយបុរសជាប្តីទៅស្រុកចិន ក៏លួចមានសហាយយកមកដេកយប់ ។ ថ្ងៃឱ្យទៅវិញ ។ និយាយពីបុរសដែលទៅជាមួយនឹងនាយសំពៅ លុះដល់ស្រុកចិន ក៏សួរនាយសំពៅថា« វិលទៅស្រុកខ្មែរវិញថ្ងៃណា ប្រាប់ខ្ញុំផង» ។ នាយសំពៅប្រាប់ថា «៣ថ្ងៃទៀតនឹងចេញទៅ»។ បុរសឮដូច្នោះក៏ទៅសួររកបង ទៅដល់មាត់ទ្វារផ្ទះបង ឃើញមនុស្សចាំទ្វារសួរគេថា «នេះហើយឬ ផ្ទះលោកចៅសួខ្មែរ ?» ។ អ្នកចាំទ្វារប្រាប់ថា «នេះហើយផ្ទះលោកចៅសួ» ។ អ្នកចាំទ្វារសួរបុរសវិញថា «អ្នកឯងមកពីណាមកសួររកផ្ទះចៅសួ?» ។ បុរសប្រាប់ថា «ខ្ញុំមកពីស្រុកខ្មែរលោកចៅសួនេះ ជាបងខ្ញុំបង្កើត» ។ មនុស្សចាំទ្វារ មើលទៅបុរសនោះ រូបអាក្រក់ ស្លៀកខោពាក់កណ្តាលភ្លៅ សំពត់គ្មានដណ្តប់ លេចមុខចេញក្រោយ មិនសមប្អូនលោកចៅសួខ្លួនសោះ ។ អ្នកចាំទ្វារមិនស្ងៀម ទៅប្រាប់លោកចៅសួៗមិននៅ ទៅគាល់ស្តេច ក៏ជម្រាបប្រពន្ធថា «អ្នកចៅហ្វាយស្រី! មានមនុស្សម្នាក់មកពីស្រុកខ្មែរ រូបអាក្រក់ស្លៀកខោពាក់កណ្តាលភ្លៅ គន់ទៅខោដាច់ដាចលេចមុខលេចក្រោយ ហើយប្រាប់ខ្ញុំថា «ត្រូវជាបងប្អូនលោកចៅហ្វាយប្រុសបង្កើតឥឡូវខ្ញុំបានឱ្យចាំនៅ មាត់ទ្វារ» ។ នាងជាប្រពន្ធចៅសួនោះ នឹកខឹងថា «អាមនុស្សកម្សត់ទុគ៌តនេះមកពីណា ក៏ហ៊ានមកបង្កាច់កេរ្តិ៍ថា ប្តីអញជាបងវាបង្កើត» ក៏ប្រើមនុស្សឱ្យទៅចាប់បុរសនោះ ដាក់ច្រវាក់ទុកនៅរោងសេះថា «ចាំប្តីមកនឹងឱ្យយកទៅសម្លាប់» ។ បុរសនោះ លុះគេយកទៅដាក់ច្រវាក់ក៏នឹកថា «ឱអញអើយ! សង្វាតមកពីស្រុកខ្មែរ ដល់ស្រុកចិនព្រោះតែបង ឥឡូវគេមាន គេពុំគិតអាណិតឈាម ដែលកើតមកពោះជាមួយគ្នាសោះ គេឆ្មើងមាន គេហ៊ានចាប់ឯងមកដាក់ច្រវាក់នឹងសម្លាប់ផង «ឱអញអើយ!បើទៅស្រុកខ្មែរវិញ រកស៊ីតាមខ្លួនក្រគ្មាននរណាហ៊ានធ្វើបានទេ» ។ បុរសនោះពុំដឹងជាបងទៅគាល់ស្តេច ។ លុះចៅសួជាបងវិលមកដល់ផ្ទះ ប្រពន្ធប្រាប់ថា «មានបុរសកម្សត់ម្នាក់មកពីស្រុកខ្មែរនិយាយថា លោកជាបងបង្កើត តែខ្លួននោះអាក្រក់ ស្លៀកខោពាក់កណ្តាលភ្លៅដាច់ដាចលេចមុខលេចក្រោយ ឥឡូវខ្ញុំឱ្យដាក់ច្រវាក់ទុកនៅរោងសេះ ចាំលោកអញ្ជើញមក ឱ្យនាំទៅសម្លាប់» ។ ចៅសួជាបងឮហើយថា «ទៅយកវាមកមើល ក្រែងប្អូនបង្កើតមែន» ហើយចៅសួឱ្យដោះច្រវាក់បុរសនោះ ។ លុះបុរសនោះមកដល់ស្គាល់ជាប្អូនបង្កើតមែន ក៏រៀបបាយឱ្យស៊ី មើលទៅប្អូនឃើញស្លៀកខោពាក់កណ្តាលភ្លៅចៅសួក៏ឱ្យខោមួយស្លៀក ហើយសួរប្អូនថា «ប្អូននៅឯនាយ មិនដឹងរកស៊ីអ្វីទេ ក្រណាស់ ហើយមានប្រពន្ធផងបានអីស៊ី» ។ បងឮប្អូននិយាយក៏នឹកអាណិតប្អូន មិនចេញស្តី ហើយសួរថា «ប្អូនមកជាមួយអ្នកណា?» ។ បុរសប្អូនជម្រាបថា «ខ្ញុំមកនឹងនាយសំពៅ គេឱ្យដោយសារមក» ។ ចៅសួបងថា «ចុះគេទៅវិញថ្ងៃណា» ។ បុរសប្អូនប្រាប់បងថា «៣ថ្ងៃទៀត គេចេញសំពៅទៅវិញ» ។ ចៅសួបងដឹងដូច្នោះ ក៏ស្ងៀមទៅឱ្យលើកបាយមក ហៅបុរសជាប្អូនស៊ីជាមួយគ្នា លុះស៊ីរួចប្រាប់ប្អូនថា «ប្អូននៅដេកផ្ទះនេះចុះ បងទៅលេងផ្ទះចិនសែ» ។ ចៅសួទៅផ្ទះចិនសែ ចិនសែឃើញក៏រៀបកៅអី ថ្នាំចិនខ្សៀទឹកតែទទួល ហើយចៅសួនិយាយនឹងចិនសែថា «អ្នកចិនសែខ្ញុំមករកមើលឱ្យប្អូនខ្ញុំបន្តិច វាចេះតែក្រីក្រអ៊ីចឹងទៅ ឬវានឹងគ្រាន់បើនឹងឡើងដែរ? » ។ ចិនសែទាញសៀវភៅរកមើលសព្វៗទៅទាយថា «ប្អូនលោកមិនជាអ្នកក្ររហូតទេ ៧ ឆ្នាំទៀត នឹងបានសោយរាជ្យជាស្តេចនគរពីរ លោកនឹងបានជាធំក្នុងរាជការដោយសារប្អូន ប៉ុន្តែឥឡូវនេះលំបាកណាស់ ដល់វិលទៅស្រុកវិញពាក់កណ្តាលផ្លូវ និងបានទ្រព្យតម្លៃនគរពីរជាសម្រាប់ខ្លួន តែថាឃ្លាតទៅវិញ ដល់កំណត់បានសោយរាជ្យ នឹងបានទ្រព្យនោះមកជាសម្រាប់បុណ្យវិញទាំងអស់»។ ចៅសួបានដឹងដំណឹងប្អូនដូច្នោះ ក៏លាចិនសែទៅផ្ទះវិញ ។ ដល់ ៣ ថ្ងៃ នាយសំពៅគេផ្ទុកសំពៅ រៀបនឹងចេញទៅថ្ងៃនោះ ចៅសួជាបងយកផាឌិបមក ហែកមួយត្បូង ហុចទៅឱ្យបុរសជាប្អូន ។ បុរសជាប្អូន ក៏ទទួលយកផាឌិបមួយត្បូងលាបងចុះទៅ ដើរបណ្តើរគិតបណ្តើរ នឹកតូចចិត្តស្ទើរមិនចង់កាន់ផាឌិបនោះសោះ ចេះតែនឹកតូចចិត្តថា «ឱ! បងប្អូននឹងគ្នា តាំងពីឪពុកម្តាយស្លាប់ចោលទៅ នៅកំព្រាតែបងប្អូនពីរនាក់ កាលវេលាក្រ ចេះស្រឡាញ់រាប់អានគ្នា ដល់វេលាមានទាត់គ្នាចោល ឆ្មើងមាន ស្ទើរមិនរាប់គ្នា មាសប្រាក់ ដាក់ឃ្លាំងគរគោក មិនហ៊ានយកឱ្យគ្នាមួយស្លឹង យកតែខ្មោចផាឌិបឱ្យគ្នាមួយត្បូង» ។ លុះបុរសនោះដើរទៅដល់កំពង់ ក៏ឡើងលើសំពៅ នាយសំពៅ ឱ្យកូនឈ្នួលស្រាវយុថ្កាសាក្តោងបើកទៅ ហើយនាយសំពៅសួរបុរសនោះថា «ប្អូនទៅឯលោកចៅសួ តើលោកឱ្យអ្វីខ្លះ?» ។ បុរសប្រាប់នាយសំពៅថា «គ្មានឱ្យអ្វីទេ ឱ្យតែផាឌិបមួយត្បូងនិងខោមួយ» ។ នាយសំពៅបានដឹងហើយក៏នៅស្ងៀម ។ លុះបើកសំពៅទៅដល់ពាក់កណ្តាលផ្លូវ យប់ងងឹតនឹងទៅពុំរួច ក៏ឱ្យបោះយុថ្កាដេក ។ ហេតុតែបុណ្យដល់បុរសក៏នឹងឃើញពាក្យដែលគ្រូផ្តាំថា «នឿយណាស់កុំដេក ឥឡូវអស់អ្នកសំពៅនេះដេកអស់ ដូច្នេះ អញកុំឱ្យដេក» ក៏អង្គុយនៅក្បែរដងក្តោង ពុំហ៊ានដេក ។ លុះដល់អធ្រាត្រ មានយក្ខ១ ហោះមកឃើញសំពៅ វាចុះមកប៉ងនឹងស៊ីមនុស្ស ហើយវាឈ្ងោកមើលទៅក្នុងសំពៅ ធ្លាក់ពុកមាត់ទៅលើបុរសនោះៗ ក៏ស្ទុះទៅស្រវាចាប់ជាប់ហើយស្រែកថា «អាឯង ស្លាប់នឹងដៃអញឥឡូវនេះហើយ» ។ យក្ខឮបុរសថាដូច្នោះ ភិតភ័យណាស់ តែស្ទុះទៅមិនរួច ដ្បិតបុរសនោះចាប់ពុកមាត់ជាប់ យក្ខភ័យក្រែងស្លាប់ ក៏និយាយនឹងបុរសនោះថា «អ្នកបុរសអើយ! បើអ្នកអាណិតលែងខ្ញុំៗនឹងតបគុអ្នក ជាខ្សែចងដៃ ដំបងវាយឯង ឆ្នាំងឆ្អិនឯង ។ ខ្សែនិងដំបងនេះ បើមានបច្ចាមិត្រពីណាមកប្រមាថ ឱ្យតែខ្សែទៅចងដំបងទៅវាយ បច្ចាមិត្រនោះ នឹងស្លាប់វិនាសអន្តរាយអស់ ។ ឯឆ្នាំនេះ បើឃ្លានអាហារចំណី ហើយនិងចង់បរិភោគអាហារចំណីអ្វី ប្រាប់ឆ្នាំងថា៖ «ឆ្អិនឡើងអញស៊ី» ក៏ឆ្អិនឯង ។
នឿយណាស់កុំដេក យកប្រពន្ធឱ្យមើលម្តាយក្មេក ដេកយប់កុំនិយាយនឹងស្រី
រឿង ចៅតប់ប្រមល់
កាលពីព្រេងនាយ
មានបុរសពីរនាក់បានធ្វើកងការកុសលជាមួយគ្នា
លុះបុរសទាំងពីររំលាយខន្ធទៅ បុរសម្នាក់បានទៅកើតជាព្រះឥន្រ្ទ
បុរសម្នាក់ទៀតទៅកើតជាបុរសកម្សត់ មានប្រពន្ធក្រលំបាកណាស់
រកស៊ីនេសាទដាក់លបយកត្រី ជាអម្រស់អម្រចិញ្ចឹមជីវិត ។ គ្រា១
ព្រះឥន្រ្ទបានបើកទិព្វចក្ខុ ទតឃើញបុរសនោះ វេទនាលំបាកដូច្នោះ
មានសេចក្តីអាសូរករុណា វេលាយប់ព្រះឥន្រ្ទយកមាស៣ដុំ
ទៅដាក់ក្នុងលបបុរសនោះ ។ លុះព្រឹកឡើង បុរសនោះទៅលើកលបមើល
ឃើញមាសមិនស្គាល់ជាមាស សម្គាល់ថាជាថ្ម ក៏ចោលទៅក្នុងទឹក
ហើយដាក់លបទៅក្នុងទឹកវិញ ។ បុរសបានមើលលបទៀតគម្រប់៣ដង ។
ព្រះឥន្រ្ទយកមាសដាក់ក្នុងលបដូចមុនទៀត ។ បុរសឃើញដូច្នោះ នឹកខឹង
ក៏ចងមាសទាំង៣ដុំនោះពុនយកទៅធ្វើជាថ្មជើងក្រានដាំបាយ ។
ប្រពន្ធបុរស មិនស្គាល់មាស
ក៏យកដុំមាសនោះទៅធ្វើជាថ្មជើងក្រានតាមបង្គាប់ប្តី ។
ក្រោយនោះ មានព្រះរាជអាជ្ញាមកទារពន្ធ
មើលទៅឃើញដុំមាស ដែលបុរសនោះធ្វើថ្មជើងក្រាន
ក៏ឱ្យបុរសយកមាស៣ដុំនោះបង់ពន្ធ ដែលបុរសនោះជំពាក់រាជការ ។
បុរសនោះ នឹកអរណាស់ ដោយខ្លួនទ័លក្រ ហើយព្រះរាជអាជ្ញា
យកដុំថ្មជើងក្រានដូច្នោះ ក៏ព្រមតាម បានប្រគល់ថ្មជើងក្រានទាំង ៣
ដុំនោះទៅឱ្យព្រះរាជអាជ្ញាភ្លាម ។
លុះព្រះអាជ្ញាបានដុំមាសពីបុរសនោះហើយ ក៏យក ១ ដុំទៅ
ថ្វាយព្រះមហាក្សត្រ ។ លុះទ្រង់សាកសួរពីហេតុផលបានមាសនោះ
ព្រះរាជអាជ្ញាទូលតាមដំណើរ ។ ស្តេចទ្រង់ជ្រាបថា
មានមាសពីបុរសដូច្នោះ ទ្រង់ឱ្យហៅបុរសនោះៗ ទៅដល់ទ្រង់សាកសួរទៀត ។
បុរសក្រាបទូលថា «មាសរបស់ខ្លួន ៣ ដុំបានជូនមកព្រះរាជអាជ្ញាហើយ» ។
ស្តេចឱ្យទារយកមាស ២ ដុំពីព្រះរាជអាជ្ញានោះ
ហើយទ្រង់បង្គាប់ឱ្យបុរសនោះ រកមាសមកថ្វាយព្រះអង្គថែមទៀត ។
បុរសនោះក្រាបទូលថា «រកមាសទៀតពុំបានទេ» ។
ស្តេចទ្រង់ឱ្យយកបុរសនោះទៅឃុំ ។ ព្រឹកឡើង
នាយតម្រួតដែលជាអ្នករក្សានោះ ប្រើឱ្យធ្វើការដោយជេរស្តីបុរសនោះ
។ លុះទ្រង់ជ្រាបដល់ស្តេចៗ ទ្រង់ឱ្យហៅបុរសនោះ
មកសួរពីហេតុធ្វើការឱ្យមានទាស់ចិត្តនាយតម្រួត ។
បុរសនោះក្រាបទូលថា «
ទូលព្រះបង្គំមានសេចក្តីតប់ប្រមល់នៅក្នុងខ្លួនខ្លាំងណាស់» ។
ស្តេចក៏មានព្រះបន្ទូលថា «បើដូច្នោះ
ត្រូវចៅឯងរកសត្វតប់ប្រមល់នោះមកឱ្យអញ បើឯងរកពុំបានទេ
អញនឹងឱ្យគេពិឃាតឯង ក្នុងគ្រានេះ» ។ បុរសឮដូច្នោះក៏ភ័យ គិតថា
«មុខជាស្លាប់ហើយក្នុងគ្រានេះ
មិនដឹងជាទៅរកសត្វតប់ប្រមល់ឯណាទេ» តែមិនហ៊ានប្រកែក
ដោយខ្លាចអំណាចស្តេច ក៏ក្រាបបង្គំលាស្តេចដើរចេញទៅ ដោយបំណងថា
នឹងដើរឱ្យស្លាប់ក្នុងព្រៃ លុះដើរចូលព្រៃឆ្ងាយទៅ ។
ព្រះឥន្រ្ទបើកព្រះនេត្រទិព្វមកឃើញបុរសនោះមានសេចក្តីវេទនា
លំបាកដូច្នោះ ក៏និមិត្តជាអាស្រម ១ នៅខាងមុខទីដែលបុរសដើរទៅ
ហើយព្រះឥន្រ្តកាឡាខ្លួនធ្វើជាព្រះមហាឥសី ។
បុរសមើលទៅឃើញអាស្រមដូច្នោះ ក៏មានចិត្តត្រេកអរ
ដើរចូលទៅថ្វាយបង្គំឥសីក្នុងអាស្រមនោះ ។ ឥសីសួរថា
«ចៅមានហេតុអ្វី?» ។ បុរសនោះ ទូលឥសីតាមដំណើរ
ដែលស្តេចឱ្យរកសត្វតប់ប្រមល់យកទៅថ្វាយ ។ ឥសីថា «ចៅកុំព្រួយ»
រួចឥសីបានយកបំពង់ពក ១ មកសែកមន្តវិជ្ជាសិល្ប៍សាស្រ្តកើតជាខ្លា
សិង្ហ ដំរី ពស់ រមាស សុទ្ធតែជាសត្វសាហៅទាំងអស់
ហើយឥសីសែកជប់បង្រួញសត្វទាំងនោះ ច្រកក្នុងបំពង់ពក
ប្រគល់បំពង់ពកនោះឱ្យទៅបុរស រួចផ្តាំថា «ឱ្យយកទៅថ្វាយស្តេច
ប៉ុន្តែមុននឹងបើកឆ្នុក
ឱ្យស្តេចប្រមូលព្រះរាជវង្សានុវង្សមកជួបជុំ
ហើយបិទទ្វារវាំងឱ្យជិត សឹមបើកឆ្នុកមើល
ព្រោះសត្វនោះរត់រហ័សណាស់» ។លុះបុរសនោះទទួលបណ្តាំឥសីស្រេចហើយ ក៏នាំយកសត្វដែលច្រកក្នុងបំពង់ពក ទៅថ្វាយស្តេច ក្រាបទូលថា «ទូលព្រះបង្គំរកសត្វតប់ប្រមល់បានហើយ នៅក្នុងបំពង់ពកនេះ «ហើយក៏ទូលតាមដំណើរ ដែលឥសីផ្តាំមក ។ ស្តេចឱ្យប្រមូលព្រះរាជវង្សានុវង្សជួបជុំហើយ ទ្រង់ចាត់ការបិទទ្វារកំពែងវាំងស្រេច ទ្រង់ឱ្យអាមាត្យបើកឆ្នុកបំពង់ពកនោះ ។ ខ្លា ដំរី សិង្ហ រមាស ពស់ ក៏ចេញពីក្នុងបំពង់ពកមកខាំស្តេចនិងព្រះរាជវង្សានុវង្សទាំងនោះឱ្យ ដល់នូវមរណភាពអស់ទៅ ។
ក្រោយមក ពួកអ្នកនគរបានឃើញបុរសនោះមានឫទ្ធានុភាពដូច្នោះ ក៏រៀបអភិសេកបុរសនោះឱ្យឡើងសោយរាជសម្បត្តិ ជាព្រះមហាក្សត្រក្នុងនគរនោះទៅ ។
សត្វទាំងឡាយក៏លាស្តេចបុរសនោះចូលទៅនៅព្រៃ ផ្តាំថា «បើស្តេចមានភ័យ ឬមានការអ្វី គ្រាន់តែនឹកដល់ នឹងមកជួយយកអាសារជាដរាប» ។
កម្លាំងអ្វី មិនស្មើកម្លាំងកម្ម
រឿង ចៅផ្កាប់ត្រឡោក
កាលពីព្រេងនាយ មានសេដ្ឋីប្តីប្រពន្ធ
មានកូនក្រមុំមួយនាក់ រូមឆោមល្អណាស់ ។ ពួកកំលោះៗជាច្រើន
ស្មគ្រចិត្តស្រឡាញ់
បានប្រាប់មាតាបិតាឱ្យចូលទៅដណ្តឹងកូនក្រមុំមហាសេដ្ឋីៗនោះ
ក៏ព្រមឱ្យឥតប្រកែក តែមានធ្វើខសន្យាថា «បើកំលោះឈ្មោះណាចង់បាន
ត្រូវសង់ផ្ទះ ៥ ល្វែងតែមួយថ្ងៃឱ្យហើយ បើធ្វើមិនហើយ
សេដ្ឋីនោះផ្តាច់មិនឱ្យកូនក្រមុំទេ» ។ កំលោះដទៃៗ ប៉ុន្មានៗ
ខូចខាតជំនួនជាច្រើននាក់ ដោយធ្វើផ្ទះមួយថ្ងៃមិនហើយ
សេដ្ឋិក៏ផ្តាច់មិនឱ្យកូនក្រមុំ ។ ខណៈនោះ មានកំលោះម្នាក់
ជាអ្នកមានគំនិត មានឧបាយកលប្រាជ្ញា ឈ្មោះថា «ចៅផ្កាប់ត្រឡោក»
ជាកូនអ្នកមានគ្រាន់បើ បានសុំប្រាក់មាតាបិតាយកទៅទិញឈើ
លបធ្វើផ្ទះប្រុងប្រៀបគ្រប់ប្រដាប់ជាស្រេច
រួចកោសរូសខាត់ត្រឡោក១យ៉ាងស្អាត
ហើយប្រាប់មាតាបិតាឱ្យទៅដណ្តឹងកូនក្រមុំមហាសេដ្ឋីនោះ ។
ឯមាតាបិតាក៏ទិញផ្លែឈើ មើមឈើ បានច្រើនតុ ហើយពឹងញាតិសន្តាន
ឱ្យជួយកាន់ជំនួននោះ ទៅដល់ផ្តះមហាសេដ្ឋីលើកដៃជម្រាបថា «ខ្ញុំបាទ
នាងខ្ញុំ មកសូមដណ្តឹងកូនក្រមុំលោក
ផ្សំផ្គុំនឹងកូនប្រុសកំលោះខ្ញុំបាទ នាងខ្ញុំ ទោះបីខុសត្រូវ
សូមលោកមហាសេដ្ឋីអភ័យទោស សូមឱ្យបានជាសាច់សន្តាន
ស្ពានមេត្រីរៀងទៅ» ។
សេដ្ឋីទាំងប្តីប្រពន្ធស្តាប់ហើយឆ្លើយថា
«យើងឥតប្រកែកថាអ្វីទេអ្នក! តែថា
ថ្ងៃស្អែកនេះអ្នកធ្វើផ្ទះ៥ល្វែងឱ្យហើយស្រេច
ទើបបើធ្វើមិនហើយយើងនិងផ្តាច់ មិនឱ្យកូនក្រមុំទេ» ។
មាតាបិតាចៅផ្កាប់ត្រឡោកឮហើយ ជម្រាបថា
«បើកូនខ្ញុំធ្វើផ្ទះថ្ងៃស្អែកនេះមិនហើយស្រេចទេ
សូមលោកសេដ្ឋីផ្តាច់កូនក្រមុំលោកចុះ ជំនួនប៉ុន្មានតុនេះ
ខ្ញុំបាទនាងខ្ញុំក៏សុខចិត្តជូនលោកទាំងអស់
ឥតគិតយកថ្លៃពីលោកឡើយ» ហើយជូនជំនួនទាំងអស់ទៅសេដ្ឋីៗ
ក៏ឱ្យខ្ញុំកំដរលើកទៅផ្ទេរទុកពេញមួយល្វែងផ្ទះ ហើយយកសម្បកតុ
ថាសមកឱ្យវិញ ។ មាតាបិតាចៅផ្កាប់ត្រឡោក ទទួលតុថាសគ្រប់ចំនួនហើយ
ក៏សំពះលាមហាសេដ្ឋីនាំគ្នាត្រឡប់មកផ្ទះវិញ ។ក្រោយនោះ មហាសេដ្ឋីនិងភរិយា នាំគ្នាទៅមើលជំនួននៅលើផ្ទះ ឃើញសុទ្ធតែផ្លែឈើមានតម្លៃប្លែកៗ ពីប្រទេសឆ្ងាយខ្លះ នៅស្រុកអាយខ្លះ សេដ្ឋីក៏ញញឹមញាក់មុខដាក់ប្រពន្ធថា «ជំនួននេះ យើងមុខជាបានស៊ីទទេទៀតហើយ» ។
ចំណែកមាតាបិតាចៅផ្កាប់ត្រឡោក ទៅដល់ផ្ទះក៏និយាយប្រាប់កូនថា «សេដ្ឋីព្រមឱ្យហើយ» តែគេថា «ឱ្យកូនធ្វើផ្ទះតែក្នុងថ្ងៃស្អែកនេះ ឱ្យហើយស្រេច» ។ ចៅផ្កាប់ត្រឡោក ឮមាតាបិតានិយាយប្រាប់ដូច្នោះ មានចិត្តត្រេកអរណាស់ ជម្រាបមាតាបិតាថា «លោកម៉ែលោកឪពុកកុំព្រួយបារម្ភ មុខជាបានដូចគំនិត ដែលកូនគិតទុកពីថ្ងៃមុន» ហើយចៅផ្កាប់ត្រឡោក ក៏ទៅនិយាយពឹងបងប្អូនអ្នកចេះការជាងផ្ទះបានគ្នាច្រើនឱ្យគេជួយ សង់ផ្ទះតែក្នុងថ្ងៃស្អែកនេះឱ្យហើយ ។ បងប្អូនគេជួយទាំងអស់គ្នា ហើយចៅផ្កាប់ត្រឡោកត្រឡប់មកផ្ទះ ស្លៀកពាក់តែងខ្លួនស្អាតបាត ពឹងកំលោះផងគ្នាឱ្យជូនទៅផ្ទះសេដ្ឋីនោះ លុះឡើងទៅដល់លើផ្ទះ សេដ្ឋីសួរថា «ចៅឯងមកមានការអ្វី? » ចៅផ្កាប់ត្រឡោកលុតជង្គង់ប្រណម្យជម្រាបថា «ម៉ែឪពុកបាទប្រើខ្ញុំបាទជាកូនឱ្យមកសូមក្រាបប្រណិប័តន៍លោកឪពុក អ្នកម្តាយ សូមទានប្រាប់ទីកន្លែងត្រង់ណា ឱ្យទានខ្ញុំបាទនឹងសង់ផ្ទះ ខ្ញុំបាទនឹងអាលទៅចាត់ការធ្វើក្រែងមិនហើយ ជូនលោកឪពុកលោកម្តាយ ក្នុងវេលាថ្ងៃស្អែកនេះ » ។
សេដ្ឋីទាំងប្តីប្រពន្ធ គន់មើលរូបឫកពាចៅផ្កាប់ក្រឡោក នឹកសសើរក្នុងចិត្តថា «កូនប្រសារអញគ្រាន់បើដែរ តែមុខជាខូតខាតជំនួនដូចអ្នកមុនៗ ទៀតហើយ» ហើយសេដ្ឋីប្រាប់ទីកន្លែងឱ្យសង់នៅខាងជើង ឆ្ងាយពីផ្ទះធំ ចំនួន ៥ ព្យាម ។
ចៅផ្កាប់ត្រឡោកបានឮសេដ្ឋីប្រាប់ហើយ ក៏ក្រាបសំពះលា នាំគ្នាត្រឡប់ទៅផ្ទះវិញ លុះទៅដល់ប្រមូលបងប្អូនជួបជុំយកគ្រឿងផ្ទះ ដែលធ្ងន់ៗ ផ្ទុករទេះស្រេចពីយប់ របស់ណាល្មមលីសែង ក៏ចាត់ចែងផ្គូផ្គងដាក់មុខគ្នាស្រេច ។
លុះព្រឹកឡើង ខ្លះដឹកនឹងរទេះ ខ្លះលីសែង ទៅដល់ផ្ទះសេដ្ឋី ខ្លះកាប់ដី ខ្លះជីករណ្តៅសសរ តាមខ្នាត់ទំហំផ្ទះ ៥ ល្វែង ខំធ្វើស្រុះគ្នាមិនឈប់ ឈប់តែពេលបរិភោគ បាយ បរិភោគបាយរួចនាំគ្នាធ្វើទៀត ទាល់តែហើយស្រេចក្នុងវេលាថ្ងៃនោះ រួចចៅផ្កាប់ត្រឡោកឡើងទៅលុតជង្គង់សំពះជូនផ្ទះមហាសេដ្ឋីជាមាតា បិតាក្មេក ហើយនាំគ្នាត្រឡប់ទៅផ្ទះវិញ ។
លុះដល់ថ្ងៃខែបានឫក្សល្អ មាតាបិតាទាំងពីរខាងក៏រៀបវិវាហមង្គលការកូនរួចស្រេច ។ ឯចៅផ្កាប់ត្រឡោក លាក់តែត្រឡោកនោះមិនឱ្យនរណាឃើញសោះ ដល់ពេលយប់រៀបផ្សំដំណេករួចហើយ ក៏ដេកក្នុងផ្ទះជាមួយគ្នា ។ ចៅផ្កាប់ត្រឡោក យកត្រឡោកនោះ ទៅផ្កាប់គ្របពីលើស្វាស២រួចស្លៀកសំពត់ចងក្បិនប្រយត្នមិនឱ្យ ត្រឡោកធ្លាក់បាន ហើយដេកឃ្លាតពីភរិយា ធ្វើកិរិយាសម្ងំមិនបានពាល់ដល់ចុងដៃជើងភរិយានោះឡើយ ប្រើឧបាយយ៉ាងនេះ អត់ធន់បាន៣យប់ ។ យប់ក្រោយទៀតនាងភរិយានោះ រសាប់រសល់ខ្វល់ចិត្តគិតសង្ស័យថា «ប្តីអញនេះ ដេកជាមួយគ្នាយូរយប់ហើយ គាត់ធ្វើព្រងើយកន្តើយ ហាក់ដូចជាគ្មានត្រូវការនឹងអញសោះ ជាគាត់ខ្ទើយឬក្ស័យលិង្គ?» គិតក្នុងចិត្តដូច្នោះហើយ ក៏ចង់ដឹងប្រថុយលបលូកស្ទាបមើលឱ្យច្បាស់ ។
ចៅផ្កាប់ត្រឡោកដេកពុំលក់ទេ តែធ្វើជាស្រមុកខុលៗ ។ នាងប្រពន្ធនោះ លូកដៃស្ទាបត្រង់ស្វាសនោះ ពានទៅលើត្រឡោកផ្កាប់រលីងណិល ដកដៃមកវិញគិតថា«ប្តីអញនេះ នឹងថាខ្ទើយឫក្ស័យលិង្គក៏មិនមែន សណ្ឋានហាក់ដូចជាភេទស្រីតែ ពោះគ្មានប្រឡាយ មុខគួរឱ្យឆ្ងល់ណាស់!» ។
លុះព្រឹកឡើង ខ្សឹបប្រាប់ម្តាយ តាមដំណើរ ដែលលបស្ទាបប្តីសព្វគ្រប់ ។ ម្តាយឮហើយ ដកដង្ហើមធំថា «ឱកូនអញអើយ! បានប្តីអ្វីក៏មិនដូចបុរសទាំងពួង ហើយនឹកបន្ទោសកូនប្រសាប្រុសនោះថា «បើវាគ្មានប្រដាប់ដូចប្រុសទាំងពួងទេ ហេតុម្តេចក៏ស្រឡាញ់កូនអញម្ល៉េះ?» គិតហើយ ក៏ប្រាប់សេដ្ឋីជាប្តីថាតាមដំណើរកូនស្រីប្រាប់សព្វគ្រប់ ។ សេដ្ឋីស្តាប់ហើយគិតថា «បើអញនិយាយខ្លាំង ខ្មាសអ្នកជិតខាង» ហើយនិយាយខ្សឹបខ្សៀវតែពីរនាក់ប្តីប្រពន្ធថា «កូនប្រសាយើងនេះ វាគ្រាន់បើដែរ ណ្ហើយគេហ៍អើយ! អាណិតវា ឱ្យប្រាក់ភស្តុភាបណ្ណាការនិងថ្លៃផ្ទះ មួយពាន់ប្រាំរយណែនទៅវា ហើយប្រាប់វាឱ្យទៅនៅម៉ែឪវាវិញចុះ» គិតព្រមគ្នាហើយហៅកូនប្រសាថា «ជីឯងមកនេះ» ។ ចៅផ្កាប់ត្រឡោកឮសេដ្ឋីឪពុកក្មេកហៅខ្លួនហើយ ក៏ទៅអង្គុយជិតសំពះសេដ្ឋីៗ ប្រាប់ថា «ឯង ហាក់ដូចជាមិនស្រឡាញ់កូនអញសោះ! ណ្ហើយចុះ អញឱ្យប្រាក់មួយពាន់ប្រាំរយណែន ឯងយកទៅផ្ទះឪពុកម្តាយឯងវិញចុះ» រួចក៏រាប់ប្រាក់ប្រគល់ឱ្យគ្រប់ចំនួន។ ចៅផ្កាប់ត្រឡោកទទួលយកប្រាក់ហើយជម្រាបថា «លោកឪពុក! ខ្ញុំបាទសុំហឹបធំ១ ដាក់ប្រាក់យកទៅឱ្យដល់ផ្ទះខ្ញុំបាទផង» ។ សេដ្ឋីក៏ឱ្យហឹបដាក់ប្រាក់ ចាត់បាវព្រាវឱ្យសែងតាមចៅផ្កាប់ត្រឡោកទៅដល់ផ្ទះ ហើយជូនប្រាក់មួយពាន់ប្រាំរយណែននៅក្នុងហិបទៅមាតាបិតា ជម្រាប់រឿងសព្វប្រាប់ ក៏ត្រឡប់មកផ្ទះសេដ្ឋីវិញ ។ លុះដល់ហើយ ចៅផ្កាប់ត្រឡោក ធ្វើឫកកិរិយាសញ្ជប់សញ្ជឹង ហាក់ដូចជារឭកអាល័យសេដ្ឋីនិងភរិយានោះពន់ពេក ។
សេដ្ឋីឃើញហើយសួរថា «ឯង! អញឱ្យប្រាក់ទៅនៅផ្ទះម៉ែឪឯងវិញហើយ ហេតុម្តេចក៏មិនទៅ?» ។
ចៅផ្កាប់ត្រឡោកឆ្លើយជម្រាបសេដ្ឋីថា «ខ្ញុំបាទរឭកអាល័យលោកម៉ែលោកឪពុកនិងនាងជាភរិយាខ្លាំងណាស់ សុំនៅទទួលទានដំណេកតែមួយយប់នេះទៀតព្រឹកឡើងខ្ញុំបាទសូម ប្រណិប័តន៍លាទៅផ្ទះវិញ» ។
សេដ្ឋីប្តីប្រពន្ធនិយាយគ្នាថា «យើងឱ្យវាដេកមួយយប់ទៀត ចុះវាមិនទាន់ជាអ្វីទេ ដូចជាដេកជាមួយនឹងប្រុសផងគ្នា» ។ លុះពេលយប់បរិភោគបាយរួច ចៅផ្កាប់ត្រឡោកក៏ចូលទៅដេកជាមួយនឹងភរិយា ត្រឡោកនៅផ្កាប់ដដែល ដល់យប់ចៅនាងភរិយាគិតថា «យប់ស្អែកនេះ ប្តីអញទៅនៅផ្ទះគាត់វិញហើយ អញចង់ស្ទាបសង្កេតឱ្យច្បាស់» ។ ឯចៅផ្កាប់ត្រឡោកដេកផ្ងារដេកពុំលក់ ព្រោះកើតតម្រេកខ្លាំង ដូចជាគេទូលត្រឡោក ។ នាងភរិយានោះ លូកដៃទៅប៉ះត្រឡោកៗ ធ្លាក់ឮសូរតែខ្វស់ ។ ចៅផ្កាប់ត្រឡោកងាកផាំង ចូលទៅរួមរសនឹងនាងភរិយានោះដោយកម្លាំងដ៏ខ្លាំងក្លា ។ លុះព្រឹកឡើង នាងនោះនិយាយជម្រាបម្តាយ«ម៉ែអើយ!បើប្តីខ្ញុំលាទៅផ្ទះវិញ សូមម៉ែអាណិតកូន ឃាត់កុំឱ្យគាត់ទៅ» ។ មាតាសង្ស័យណាស់សួរកូនៗ និយាយខ្សឹបជម្រាបមាតាថា«ម៉ែ! ប្តីខ្ញុំគាត់មានប្រដាប់ដូចប្រុសទាំងពួង មិនមែនជាខ្ទើយទេ» ។
ម្តាយដឹងចិត្តកូនក៏ខ្សឹបជម្រាបសេដ្ឋីជាប្តីដោយស្ងាត់ថា «កូនយើងទាំងពីរ វាត្រូវចិត្តវាហើយ» ។
សេដ្ឋីឮភរិយានិយាយប្រាប់រឿងកូនសព្វគ្រប់ ក៏តបថា «កាលមុន ឯងនិយាយប្រាប់អញៗ ក៏ជឿថាពិតមែន អញបានសងថ្លៃភស្តុភាបណ្ណាការនិងថ្លៃផ្ទះមួយពាន់ប្រាំរយណែនឱ្យទៅ វា ឥឡូវថាកូនប្រសាយើងមានប្រដាប់ដូចបុរសទាំងពួង ណ្ហើយចុះគេហ៍អើយ! បើត្រូវចិត្តគ្នាវាហើយ ប្រាក់ដែលយើងឱ្យកូនប្រសានោះ ដូចជាឱ្យទៅកូនយើងទេ ប្តីប្រពន្ធវាមាន ក្រជាជាមួយគ្នាចុះ«ហើយសេដ្ឋីក៏ស្ងៀមស្ងាត់រាប់អានជាកូនតរៀង ទៅ ។
លុះដល់សេដ្ឋីប្តីនិងភរិយាចាស់ជរា ទទួលមរណភាពទៅវេលាណា ស្តេចក្នុងព្រះនគរនោះ ទ្រង់ព្រះមេត្តាប្រោស តាំងចៅផ្កាប់ត្រឡោក និងភរិយាឱ្យធ្វើជាសេដ្ឋីតាងបិតាលុះអស់ជីវិត។
ត្រឡាចម្តេចមានបណ្តូល មនុស្សមួយទាំងមូល ណាក៏គ្មានប្រាជ្ញា
រឿង តម្លង់ ៧ សន្តាន
កាលពីព្រេងនាយ
មានបុរសប្តីប្រពន្ធ
នាំគ្នាទៅសួរសុខទុក្ខបងប្អូននៅភូមិព្រៃសណ្តែក
ដើរៗទៅប្រទះនឹងអាតម្លង់ ៧ សន្តាន កំពុងតែទឹមគោភ្ជួរស្រែ ។
បុរសប្តីប្រពន្ធនោះ សួរថា «អ្នកអើយអ្នក!
ផ្លូវណាកាត់ត្រង់ទៅលើភូមិព្រៃសណ្តែក
ដ្បិតខ្ញុំខានមកយូរឆ្នាំហើយ មិនដឹងជាផ្លូវណាគួរទៅឱ្យត្រង់
?» ។
កូនក្រោលបង្គោលស្នឹង អាក្រហមមួយនេះ
ម្តាយក្មេកគាត់ចែក ឯអាស្នែងកន្ទែកឪអញគាត់ឱ្យ
អញមិនលួចគោរបស់អាណាមកទឹមទេ» ។ឯបុរសប្តីប្រពន្ធដែលសួរផ្លូវនោះ ឮហើយនិយាយគ្នាថា «អ្នកនេះ យើងសួរផ្លូវគាត់ៗនិយាយពីគោ ហើយស្តីគំរោះគំរើយឱ្យយើងផង ណ្ហើយគេហ៍! យើងកុំខ្ចីសួរវា យូរឆាប់គង់តែនឹងទៅដល់ផ្ទះបងប្អូនមិនខាន» ហើយក៏បណ្តើរគ្នាហួសទៅ ។ ឯអាតម្លង់៧ សន្តាននោះ ក៏ខំភ្ជួរស្រែមិនឈប់ ដល់ពេលថ្ងៃជិតត្រង់ មេតម្លង់ជាប្រពន្ធក៏ទូលបាយទៅឱ្យប្តីបរិភោគ លុះទៅដល់ក៏ដាក់ល្អីបាយក្រោយម្លប់ឈើ នៅភ្លឺស្រែ ។ ប្តីឃើញប្រពន្ធយកបាយមកឱ្យ ក៏ឈប់ភ្ជួរស្រែ បរិភោគបាយ និយាយទាំងខឹងប្រាប់ប្រពន្ធថា «មានបុរសប្តីប្រពន្ធបណ្តើរគ្នាមកពីណាចោទប្រកាន់ថា អញលួចគោវា ឯគោ១នឹមនេះ ប្រាកដជាម៉ែឪឯងចែកមក» ។ ប្រពន្ធឃើញមាត់ប្តីនិយាយម្ហបៗ នឹកស្មានថាស្តីឱ្យខ្លួន ស្រាប់តែខឹង ហើយឆ្លើយតបតៅវិញថា «អញគិតថាប្តីមកភ្ជួរស្រែទាល់ថ្ងៃត្រង់ ខំប្រញាប់ប្រញាល់ទូលបាយមកឱ្យស៊ី ឥឡូវទៅជាថា ឯងមានសហាយ អញសហាយនឹងឈ្មោះអាណា គាត់រកមុខឱ្យឃើញ» ។ ឯប្តីមិនស្ដីទាល់តែពមបាយអស់មួយកូនល្អី ប្រពន្ធថាអ្វីក៏មិនឮផង ។ លុះប្តីបរិភោគរួច ប្រពន្ធកន្រ្តាក់យកល្អី ។ ប្តីសួរថា «ឯងមានការអ្វីឯផ្ទះ បានជាប្រញាប់ម្ល៉េះ?» ប្រពន្ធថា «អញមុខជាប្រាប់ម៉ែឪអញមិនខាន» ហើយកណ្តៀតល្អីត្រឡប់ទៅដល់ផ្ទះ ជួបនឹងម្តាយ និយាយទាំងខឹងមុខក្រហមប្រាប់ម្តាយថា «កូនប្រសាម៉ែឯងវាល្អហើយ! ខ្ញុំទូលបាយទៅឱ្យស៊ី ដាក់ល្អីស្ទើរតែមិនទាន់ វាស្តីឱ្យខ្ញុំថាមានសហាយ» ។
ចំណែកម្តាយនោះ ខឹងញ័រឡើងថា «ហងឯង ដូច្នេះទេតើ បានជាមុខក្រហម អញថាកូនថាចៅ បានជាចាំផ្ទះឱ្យវា ឥឡូវវាថាឯងលួចថ្នាំវាយកទៅដូរដូង មេអន្តរធានឯងក្រោយៗ កុំនិយាយដូច្នេះ មិនត្រូវទេ សូម្បីតែថ្នាំ១ឆ្នុក ក៏អញមិនលួចយកផង បើទុកជាអញយកមែន ម្តាយនឹងកូនមិនត្រូវហងឯងពោលឱ្យអញខ្មាសគេទេ ចាំឪហងឯងមក អញប្រាប់ឱ្យជេរវាយប្រដៅហងឯងមិនខាន» ។
លុះយូរបន្តិច ប្តីមកពីកាប់បង្គោលធ្វើរបងបង្ការមិនឱ្យគោក្របីចូលស៊ីសំណាប សន្ទូង ប្រពន្ធនិយាយប្រាប់ប្តីថា «កូនស្រីយើងវាយកបាយទៅឱ្យប្តី ខ្ញុំចាំផ្ទះឱ្យវា លុះមកវិញ វាថាខ្ញុំជាម្តាយលួចថ្នាំវាដូរដូង ខ្ញុំខឹងណាស់» ។
ប្តីស្តាប់មិនឮ ខឹងនឹងប្រពន្ធក៏ជេរថា «មេចោរគ្រហរ! ហងឯងប្រចណ្ឌអញអីម៉្លេះ! អញមានស្លៀកពាក់តែងតួដើរលេងចង់ស្រីឯណា អញទៅកាប់ឈើធ្វើបង្គោលរបងទេតើ! អញអត់តែម្តងនេះ ក្រោយៗបើហងឯងនៅតែស្តីប្រចណ្ឌអញទៀត មុខជាអញធាក់ឱ្យដួលទាំងជំហរមិនខាន» ហាមប្រពន្ធហើយ បរិភោគបាយ រួចទៅចងសន្ទួចបានត្រី ត្រឡប់មកផ្ទះវិញ ។ វេលាថ្ងៃល្ងាច ប្រពន្ធក៏ធ្វើត្រីស្លអាំងឱ្យប្តីបរិភោគខ្លះ រ៊ំលែកទុកព្រឹកខ្លះ ដើម្បីនឹងធ្វើសម្រាប់យកទៅប្រគេនលោកកូនឯវត្ត និងកូនប្រុសតូចម្នាក់ឱ្យនៅរៀនអក្សរជាមួយនឹងលោកបងនោះ ។
លុះព្រឹកឡើង ម្តាយនោះដាំបាយដួសដាក់ចាន មានម្ហូបពីល្ងាចស្រាប់ ទូលយកទៅដល់កុដិប្រគេនលោកកូន ហើយនិយាយថា « ខ្ញុំព្រះករុណារឭកលោកកូនណាស់! មួយទៀតប្អូនតូចវារៀនអក្សរក្រាន់បើទេ?» ។ លោកកូននោះប្រាប់ថា «ចម្រើនពរញោម! អាត្មាសព្វថ្ងៃនេះ កុំពុងស្រឡាញ់សីលផ្នួសណាស់ អាត្មាមិនសឹកទេ» ។ ម្តាយក៏ហៅកូនតូចដែលនៅបម្រើបងនោះថា «អានាង! លាលោកបងទៅផ្ទះនឹងម្តាយបានមួយថ្ងៃសិន ដ្បិតឪពុកឯងរឭកណាស់» ។ កូនតូចឆ្លើយប្រាប់ម្តាយថា «ត្រីងៀតលោកបង នៅពីរកន្ទុយទុកក្នុងកុដិ ពេលល្ងាច ខ្ញុំយកពីរចម្រៀក ដុតស៊ីបាយ ដែលសល់ពីលោកឆាន់ពេលព្រឹកនោះ» ។
ឯលោកសង្ឃ ដែលគង់នៅជិតកុដិទាំងប៉ុន្មាន បានឮម្តាយនឹងកូននិយាយតែដោយខ្លួន មិនទទួលសម្រុងគ្នាដូច្នេះ លោកទាំងអស់ទប់ពុំបាន ក៏សើចទ្រហឹងអឺងអាប់ ។ ឧបាសិកានោះ ក៏សំពះលាលោកកូនត្រឡប់មកដល់ផ្តះវិញ ហើយលុតជង្គង់ជូនបុណ្យប្តីថា «ខ្ញុំជូនបុណ្យអ្នកផង» ។ ប្តីឆ្លើយថា «អើ! អញឃើញបាយសម្លខអាំង ព្យួរទុកនៅសង្រែក អញស៊ីអស់ទៅហើយ» ។ ប្រពន្ធក៏មើលមុខប្តីៗ មើលមុខប្រពន្ធ ប៉ប្រិចភ្នែកម៉ក់ៗ ធ្វើវាហឺតែដោយខ្លួន ។ លុះយូរបន្តិច ស្រាប់តែប្អូនស្រីបង្កើតខាងប្តី នៅភូមិដទៃឆ្ងាយមកដល់ បានផ្លែពង្រមួយផ្តិលនិងស្លឹកប្រស់ស្វាមួយសំណុំមកផ្ញើបង និយាយសួរបងថា «បងបានភ្ជួររាស់ដកស្ទួងបានស្រែប៉ុន្មានហើយ?» ។ បងទាំងប្តីប្រពន្ធឆ្លើយប្រាបទៅប្អូនស្រីវិញថា «អើហង! ល្មមទុកដាក់ឱ្យវាមានប្តីទៅចុះ តែហងមើលកុំឱ្យតែចេះលេងបៀផឹកស្រាជក់អាភៀន» ។
ប្អូនស្រីស្ងាប់មិនឮទៀត ក៏ប្រាប់ទៅបងទាំងពីរនាក់ថា «ខ្ញុំស្តាយត្រឡាចខ្ញុំមួយទ្រើងណាស់ កំពុងតែផ្កាក្តឹបតូចៗ ស្រាប់តែមេជ្រូកវាទៅឈ្មួសគល់ដាច់ងាប់អស់» ។ បងទាំងពីរនាក់ថា «អើហង! ល្មមទៅផ្ទះក៏ទៅចុះ ល្ងាចណាស់ហើយ ក្រែងកូនវាយំរក» ។ ប្អូនស្រីនោះ ក៏ត្រឡប់ទៅផ្ទះវិញ ។
ព្រោះអ្នកទាំង ៧ នាក់ គឺបុរសស្រី្ត ប្តីប្រពន្ធ ម្តាយឪពុក លោកភិក្ខុ កុមារជាកូននិងប្អូនស្រី សុទ្ធតែថ្លង់និយាយមិនចុះសម្រុងគ្នា បានជារឿងនេះគេហៅថា រឿងតម្លង់៧សន្តាន ។
ស្តាប់មិនជាក់ កុំអាលញាក់ចិញ្ចើម
រឿង អន្ទង់វែងឆ្នាំងវែង
ក្នុងកាលកន្លងទៅហើយ
មានមនុស្សពីរនាក់ជាប្តីប្រពន្ធ ។ ថ្ងៃមួយ
ប្តីចេញទៅរកអន្ទង់ដើម្បីធ្វើជាអាហារ
បានអន្ទង់១យកមកប្រគល់ឱ្យប្រពន្ធ ប្រាប់ថា
«ចូរឯងយកអន្ទង់នេះទៅស្លស៊ី» ។ ប្រពន្ធឆ្លើយថា
«ចុះបើអន្ទង់នេះវែងម្ល៉េះ
បានឆ្នាំងវែងពីណានឹងយកមកស្ងោរអន្ទង់នេះបាន?» ។ ប្តីឮហើយ
នឹកក្នុងចិត្តថា «ប្រពន្ធអញល្ងង់អីម្ល៉េះ!» ហើយប្រាប់ប្រពន្ធថា
«បើឯងរកឆ្នាំងវែងពុំបានទេ ឯងយកអន្ទង់នេះទៅព្យួរទុកទៅ!» ។
ប្រពន្ធក៏យកអន្ទង់ទៅព្យួរទុក ហើយគេចទៅដេកបំបៅកូនក្នុងមុងទៅ ។
ប្តីក៏យកអន្ទង់នោះមកកាប់ចិញ្រ្ចាំ ហើយយកឆ្នាំងមកដាក់ស្លកកូរ
លុះឆ្អិនក៏ដោះដួស រួចហៅប្រពន្ធឱ្យមកស៊ីៗ រួចលាងចានទុក
តែសម្លអន្ទង់នោះសល់បន្តិចនៅបាតឆ្នាំង ប្តីមិនលាងឆ្នាំងនោះទេ
ហើយចេញទៅភ្ជួរស្រែបាត់ទៅ ។ ឯប្រពន្ធ ដឹងថាប្តីចេញទៅបាត់ហើយ
នឹកដល់សម្លកកូរអន្ទង់ដែលឆ្ងាញ់ ក៏ស្ទុះក្រោកឡើង
ទៅយកឆ្នាំងនោះមកលិឍ ដល់ខំលិទ្ធណាស់ទៅ ក្បាលនាំងនោះ
ចូលទៅក្នុងឆ្នាំងៗ គ្របជាប់ពីលើ
មិនដឹងធ្វើដូចម្តេចនឹងយកឆ្នាំងនោះចេញបាន ក៏វាទៅពួនក្នុងមុង ។
លុះប្តីត្រឡប់មកពីភ្ជួរស្រែវិញ រកប្រពន្ធពុំឃើញក៏ស្រែកហៅ
ឮសូរឆ្លើយសំឡេងនោះក្រងូរងល់ ហាក់ដូចជាចម្លែកណាស់
ប្តីដើរចូលមករកមើល ទើបរកដំបងវាយឆ្នាំងនោះបំបែកទៅ ។
ប្រពន្ធលាន់មាត់ស្រែកថា «យ៉ា!អញពួននឹងគាត់ឯងសោះ» ។
ប្តីនឹកអស់សំណើច ក៏ដើរចេញទៅ ។
អន្ទង់វែងឆ្នាំងវែង
រឿង ស្រីកណ្តុរល្អោច គឺកណ្តុរបំផ្លាញ
កាលពីដើម មានបុរសម្នាក់មានប្រពន្ធ ។
បុរសនោះ តែងទៅកាប់ចម្ការសព្វថ្ងៃ លុះកាប់ចម្ការទៅដល់ដើមជ្រៃមួយ
ស្តេចកណ្តុរស ដែលនៅនឹងដើមជ្រៃនោះ មានសេចក្តីភិតភ័យ
ហើយហើយទៅអង្វរបុរសដែលកាប់ព្រៃធ្វើចម្ការនោះថា ”
សុំឱ្យបុរសទុកតែដើមជ្រៃមួយនេះ
ខ្ញុំនឹងឱ្យរង្វាន់ជាមាសក្នុងមួយថ្ងៃមួយដុំ ” ។ បុរសនោះ
ក៏ព្រមទុកដើមជ្រៃឱ្យ ។ ស្តេចកណ្តុរស
បានយកមាសមកប្រគល់ឱ្យបុរសនោះតែរាល់ថ្ងៃ ។ បុរស បានមាសហើយ
យកទៅប្រគល់ឱ្យប្រពន្ធតែរាល់ថ្ងៃ ។ ប្រពន្ធសួរថា ”
អ្នកបានមាសពីណា? ” ។ ប្តីថា “នាងកុំចង់ដឹងអី ចេះតែទុកទៅ” ។
ប្រពន្ធថា ” បើអ្នកមិនប្រាប់ខ្ញុំ
ខ្ញុំនឹងទៅប្តឹងអ្នករាជការចៅទៃ ឬទៅទូលស្តេចថា
អ្នកលួចព្រះរាជទ្រព្យ ” ។ បុរសនោះ ឮប្រពន្ធថាដូច្នោះ ក៏ភ័យ
ហើយបានថ្លែងប្រាប់ទៅប្រពន្ធ
តាមដំណើរដែលបានមាសពីស្តេចកណ្តុរសនោះ ។
នាងប្រពន្ធបានដឹងដូច្នោះហើយ ក៏ប្រាប់ទៅប្តីវិញថា ” អ្នកនេះ
ហៅពេញជាឆោត ចាញ់ប្រាជ្ញាសត្វ
បើអ្នកកាប់ដើមជ្រៃនោះឱ្យរម្លំហើយពុះបំបែកយកមាសពីក្នុងដើម
ជ្រៃនោះ នឹងបានច្រើន ព្រោះស្តេចកណ្តុរស
វាយកមាសតែពីក្នុងដើមជ្រៃនោះ ” ។ បុរសបានឮសម្ដីប្រពន្ធហើយ
ក៏ជឿ លុះព្រឹកឡើង ទៅកាប់រម្លំដើមជ្រៃនោះរលំទៅ ហើយក៏ពុះមើល
ពុំឃើញមានមាសអ្វីបន្តិចសោះ ។
ស្តេចកណ្តុរសក៏រត់ចោលដើមជ្រៃនោះទៅ ។ វេលាយប់ស្តេចកណ្តុរស
នាំគ្នាទៅលួចយកមាស ពីផ្ទះបុរសនោះអស់មកវិញ ៕៚
ចង់ស៊ីកុំតាមឃ្លាន
រឿង បុរសចាក់ស្មុគ
កាលពីដើមម្នាក់ចេះចាក់ស្មុគ ។ បុរសនោះ
ចង់បានខ្ញុំប្រើ ក៏ឡើងទៅចាក់ស្មុគលើចុងត្នោត
ហើយគិតតែម្នាក់ឯងថា ” បើអញចាក់ស្មុគបាន១ លក់បាន ១០ សេន
បើចាក់ស្មុគបាន ១០០០ នឹងលក់ទៅបាន ១០០ រៀល រួចអញលោះមនុស្សប្រើ
បើប្រើមិនបានដូចចិត្ត អញនឹងធាក់វាយវា ” ។
បុរសនោះមិនគ្រាន់តែគិតគ្នុងចិត្ត ក៏ងាដៃលើកទាំងជើង
ធាក់ធាងត្នោត ក៏របូតខ្លួនធ្លាក់ពីលើចុងត្នោត
តែបានដៃប្រវាចាប់ស្លឹកត្នោតជាប់តាន់ក៏នៅតែកតោកៗ
ដូចជាគេព្យួរ ។ គ្រានោះ មានទម័កដំរីម្នាក់ ជិះដំរីមកជិតនោះ ។
បុរសនោះស្រែកថា ” បើអ្នកណាជួយដាក់ខ្ញុំពីចុងត្នោតបាន
ខ្ញុំសុខចិត្តចូលទៅបម្រើលោកអស់ ១ ជីវិត ” ។ ទម័កដំរីឮហើយ
មានចិត្តត្រេកអរ បរដំរីចូលទៅដល់ក្រោមដើមត្នោត
ឈរលើខ្នងដំរីដៃតោងជើងបុរសនោះជាប់ ដូចជាអង្រួនខ្នងដំរីនោះ
ដំរីក៏ដើរទៅ ។ ទម័កដំរីក៏ព្យួរជាមួយនឹងបុរសនោះ ។
គ្រានោះមានមនុស្សទំពែក ៤ នាក់
ដើរស្វែងរកមនុស្សទៅបម្រើប្រពន្ធគ្រប់គ្នា
លុះដើរទៅដល់ក្រោមដើមត្នោតនោះ
ទម័កដំរីនិងបុរសចាក់ស្មុគស្រែកថា ”
បើលោកអ្នកណាជួយខ្ញុំឱ្យបានរួចពីចុងត្នោតនេះ
ខ្ញុំទាំងពីរនាក់ សុខចិត្តទៅនៅបម្រើលោកអស់១ជីវិត ។ ទំពែកទាំង ៤
នាក់នោះឮហើយ ត្រេកអរណាស់ គិតថា បានដូចសេចក្តីប្រាថ្នា
ក៏ស្រែកថា ” យើងទាំង ៤ នាក់នឹងជួយអ្នកឱ្យរួច ” ។ ទំពែកទាំង ៤
ឈរក្រោមដើមត្នោត យកសំពត់ចងកខ្វែងទល់ មុខគ្នាជា ៤ ជ្រុង
ហើយស្រែកប្រាប់ទៅបុរសចាក់ស្មុគនិងទម័កដំរីថា ”
ចូរអ្នកទាំងពីរនាក់ទម្លាក់ខ្លួនពីលើចុងត្នោតនោះមកចុះ! ” ។
បុរសចាក់ស្មុគនិងទម័កដំរីទម្លាក់ខ្លួនទាំងពីរនាក់
មកលើសំពត់ដែលបុរសទំពែកទាំង ៤ នាក់ចងនោះ
ដូចជាគេទាញសំពត់ជាប់នឹងកទំពែកទាំង ៤
ជល់ក្បាលគ្នាស្លាប់ទាំងបួននាក់ទៅ ។ ឯទម័កដំរីនិងបុរសចាក់ស្មុគ
ឃើញទំពែកទាំង ៤ នាក់ស្លាប់ដូច្នោះ ភ័យណាស់
ទៅនិយាយនឹងយាយចាស់ម្នាក់ថា ” បើនិយាយគិតដូចម្តេចឱ្យបានសុខ
យើងទាំងពីរនាក់ នឹងនៅបម្រើយាយ ទាល់អស់ជីវិត ” ។ យាយចាស់
មានចិត្តត្រេកអរ ដោយប្តីខ្លួនទៅកាប់ចម្ការឯព្រៃ ហើយនិយាយថា ”
បើដូច្នោះ អ្នកទៅយកខ្មោចទាំង ៤ នោះមកដាក់ក្នុងផ្ទះ
ចងរុំឱ្យស្រេច ” រួចយាយចាស់ឱ្យយកខ្មោច ១ ចេញពីផ្ទះមក
គាត់ស្រែកយំ ។ អ្នកស្រុកសួរ គាត់ប្រាប់ថា ” ប្តីគាត់ស្លាប់”
អ្នកស្រុកក៏ជួយយកខ្មោចនោះទៅដុត យាយចាស់ប្រាប់ថា
“សូមអ្នកទាំងអស់ដុតធ្វើឱ្យល្អ
ដ្បិតប្តីខ្ញុំគាត់ស្រឡាញ់ខ្ញុំណាស់ កាលដែលគាត់នៅរស់ ” ។
លុះគេយកខ្មោច ១ ទៅដុតហើយយាយចាស់ស្រែកថា ”
ប្តីគាត់ទៅផ្ទះទៀតហើយ ” ។ អ្នកស្រុក ក៏ទៅយកមកដុតទៀត ។
លុះដុតទៅគម្រប់ ៤ លើក
ទើបឃើញតាចាស់ប្តីយាយនោះចេញមកពីព្រៃចម្ការ
មានខ្លួននោះប្រឡាក់សុទ្ធតែធ្យូង ពួកអ្នកស្រុកឃើញ
ក៏នាំគ្នាដេញចាប់តាចាស់នោះ យកទៅដុតទាំងរស់ឱ្យស្លាប់ទៅ ៕៚
រឿង អ្នកដំណើរពីរនាក់ដណ្តើមគ្នាដេកកណ្តាល
កាលពីព្រេងនាយ
មានមនុស្សពីរនាក់ដើរទៅផ្លូវឆ្ងាយ
ចួនយប់ក្នុងព្រៃងងឹតដើរទៅមិនរួច បបួលគ្នាដេកក្នុងព្រៃ ។
អ្នកទាំងពីរនាក់ ចង់ដេកកណ្តាលតែរៀងខ្លួន
ប៉ុន្តែមិនដឹងគិតធ្វើដូចម្តេចនឹងបានដេកកណ្តាល ។
បុរសទាំងពីរនាក់គិតគ្នាថា ” បើដូច្នោះ យើងដេកយកជើងទល់គ្នា ”
ហើយបុរសទាំងនោះ ក៏ដេកយកជើងទល់គ្នាទាំងពីរនាក់ទៅ ។
ក្រោយមកមានខ្លាមកឃើញមនុស្សដេកយកជើងទល់គ្នា ហើយទទូរសំពត់ជិត
មើលមិនដឹងជាសត្វអ្វីវែងដូច្នោះ ឆ្ងល់ណាស់ដ្បិតមិនដែលឃើញ
ក៏បបួលអស់សត្វឯទៀតជាច្រើន មានទាំងដំរី ក្របី គោ រមាស រមាំង
ក្តាន់ប្រើស ទ្រាយ ចចក ស្វាន ស្វា គ្រប់សត្វទាំងអស់មកមើល
គ្មានសត្វណាមួយស្គាល់សោះ ។ ក្រោយមកទៀត
សត្វទាំងអស់នោះគិតគ្នាថា ” ឥឡូវនេះ
នឹងមានអ្នកឯណាស្គាល់សត្វនេះ? ពួកយើងបបួលគ្នាមកមើលសត្វនេះ
ច្រើនភាសាណាស់ហើយ នៅសល់សត្វអ្វីទៀត ដែលមិនទាន់បានមកមើល? ” ។
អស់សត្វទាំងនោះ គិតគ្នាទៅ ឃើញនៅសល់តែទន្សាយពុំបានមក មួយទៀត
ឮល្បីថា ” ទន្សាយនោះ ជាអ្នកមានប្រាជ្ញា
ចេះនិយាយក្បួនច្បាប់ទម្លាប់ ចេះកលមាយា ចាំទំនឹមទំនៀមច្រើន
បើដូច្នេះ យើងប្រើបងដំរីឱ្យទៅអញ្ជើញបងទន្សាយនោះទើបបាន
ដ្បិតបងទន្សាយបើមាននរណាទៅពឹងការអ្វីគាត់ៗ កាន់ខ្លួនណាស់ ” ។
សត្វទាំងនោះ គិតគ្នាហើយ ឱ្យដំរីទៅអញ្ជើញទន្សាយ ។
ដំរីក៏ទៅឃើញទន្សាយអង្គុយនៅលើក្បាលដំបូក ។
ទន្សាយឃើញដំរីដើរយេកយោកមកពីនាយ ក៏សួរថា ” បងដំរី!
មានហេតុអ្វី បានជារលះរលាំងមក? ” ។ ដំរីឆ្លើយថា ” បងទន្សាយ!
ដ្បិតមានសត្វអ្វីមួយចម្លែកណាស់ គ្មាននរណាស្គាល់សោះ
បានជាអស់សត្វក្នុងព្រៃនេះឱ្យខ្ញុំមកអញ្ជើញបងទន្សាយឯងទៅមើល
ក្រែងបងទន្សាយឯងស្គាល់សត្វនោះ” ។ ឯទន្សាយឮដូច្នោះ ហើយសួរថា ”
សត្វនោះដូចម្តេច តូចឬធំ វែងឬខ្លី ? ។ ដំរីថា ” សត្វនោះ ធំចុង
ធំគល់ តូចកណ្តាល ហើយវែងប្រមាណប្រាំហត្ថ ” ។
ទន្សាយឮដូច្នោះឆ្លើយឡើងថា ” ឱបើដូច្នោះ បងដំរីកុំព្រួយចិត្ត
ចាំខ្ញុំទៅមើលឱ្យស្គាល់សត្វនោះ
ប៉ុន្តែបងដំរីឯងឱ្យខ្ញុំជិះលើក្បាលបងឯងទៅ ” ។
ដំរីឮដូច្នោះហើយ ដើរចូលតៅឱនក្បាលឱ្យទន្សាយជិះលើក្បាល
ទន្សាយធ្វើជាក្អេងក្អាង លុះទៅដល់ហើយ ចុះពីក្បាលដំរី
យកស្លឹកឈើដែលមានស្នាមដង្កូវវារដូចជាអក្សរ
កាន់លើកឡើងធ្វើជាសំបុត្រថា ” អស់បងប្អូនស្តាប់ខ្ញុំ
ដ្បិតខ្ញុំជាបម្រើព្រះឥន្រ្ទៗ លោកប្រើឱ្យនាំសំបុត្រមក ”
ហើយទន្សាយឡើងលើដំបូកធ្វើជាអានសំបុត្រថា ” សត្វនេះ
ព្រះឥន្រ្ទលោកប្រើមក ឈ្មោះសត្វយោគីយោគា យកទាំងអស់គ្នា យកទាំងអញ
យកទាំងឯង ” ។ អស់សត្វឮទន្សាយមើលសំបុត្រថា ”
ព្រះឥន្រ្ទឱ្យមកយកទាំងអស់គ្នា ” ក៏ស្ទុះបោលជាន់គ្នាស្លាប់
បាក់ដៃបាក់ជើងពាសពេញ ស្រែកលាន់ទាំងព្រៃ ។ មនុស្ស២នាក់នោះ
ដឹងថាសត្វទាំងនោះ ផ្អើលភ្ញាក់រត់ជាន់គ្នាស្លាប់ដូច្នោះ
ក្រោកឡើងលើកដៃសំពះទន្សាយថា ” បងទន្សាយ មានគុណនឹងយើងខ្លាំងណាស់
បើប្រសិនជាយើងមិនបានបងទន្សាយមកធ្វើឧបាយកលឱ្យយើងទេ
នោះសមខ្លាវានឹងខាំយើងស៊ីជាចំណីវាទៅហើយ
បងទន្សាយឯងមានប្រាជ្ញាល្មមធ្វើជាសុភាបាន” ។
ឯមនុស្សទាំងពីរនាក់មើលទៅឃើញអស់សត្វជាន់គ្នា
ស្លាប់ពេញព្រៃដូច្នោះ បបួលគ្នាអារយកសាច់រែកទាំងពីរនាក់
ដើរទៅបន្តិច ឃើញខ្លាសម្គមមួយដំរីជាន់បាក់ជើង ដើរបានតិចៗ
ក៏បបួលគ្នាយកខ្សែចងដឹងយកទៅ
លុះដើរទៅបន្តិចជួបនឹងអ្នកបររទេះគោ ។ ឯអ្នកបររទេះគោនោះ
ឃើញអ្នកទាំងពីររែកសាច់មកដូច្នោះក៏បញ្ឍប់រទេះសួរថា ”
អ្នកធ្វើដូចម្តេច ក៏បានសាច់ច្រើនម្ល៉េះ? ។ អ្នកនោះបញ្ឆោតថា ”
ឆ្កែកំបាក់ជើងខ្ញុំនេះឯង វាដេញខាំ ដ្បិតឆ្កែនេះជាឆ្កែប្រដេញ
វាតែងតែដេញសត្វមក មិនដែលស្ងួតឆ្នាំងដល់មួយពេលទេ
ក្រែងតែគ្មានសត្វ បើព្រៃឯណាមានសត្វហើយ
មិនដែលរួចពីអាក្លឹកឆ្កែប្រដេញខ្ញុំនេះទេ
ឱ្យតែវាឃើញស្នាមជើងនោះ
សង្ឃឹមថាបានឱ្យលាងឆ្នាំងចាំឱ្យហើយទៅ
មុខជានឹងបានមិនដែលខានទេ ” ។
ឯអ្នកបររទេះគោឮអ្នកនោះនិយាយអួតប្រាប់ដូច្នោះ
ហេតុតែជាមនុស្សល្ងង់មិនស្គាល់ក៏ចង់បានខ្លាកំបាក់ជើងសម្គមនោះ
គិតថា ជាឆ្កែមែនទែន ហើយនិយាយអង្វរលួងលោមថា ” បើដូច្នោះ
អ្នកអាណិតខ្ញុំៗ
សុំទិញឆ្កែអ្នកយកទៅប្រដេញដ្បិតស្រុកខ្ញុំមានសត្វច្រើនណាស់ ” ។
អ្នករែកសាច់ឆ្លើយថា ” បើខ្ញុំលក់ឆ្កែនេះឱ្យអ្នកទៅ
ផ្ទះខ្ញុំសមនឹងស្ងួតឆ្នាំងហើយ រកអ្វីស៊ីគ្នានទេ
ប៉ុន្តែអ្នកបានជួបនឹងខ្ញុំម្តង បើមិននិយាយគ្នាក៏មិនបាន
ឆ្កែខ្ញុំនេះ ខ្ញុំស្រឡាញ់វារកអ្វីប្រៀបគ្មានទេ បើអ្នកចង់ទិញ
តើអ្នកឱ្យថ្លៃប៉ុន្មាន ? ” ។ អ្នកបររទេះគោឆ្លើយថា ”
ខ្ញុំមានតែគោមួយនឹមនេះឯង ហើយគោនេះ
ខ្ញុំស្រឡាញ់រកអ្វីប្រៀបគ្នាទេ
ដ្បិតបរមួយថ្ងៃរាល់ល្ងាចមិនឈប់សោះក៏បាន
ក្នុងមួយថ្ងៃឱ្យទឹកផឹកតែម្តង ទាំងល្បឿនទៀតក្នុងស្រុកអាយនេះ
គ្មានគោណាលឿនស្មើទេ តែឥឡូវនេះ ចិត្តខ្ញុំចង់បានឆ្កែអ្នកឯង
យកទៅដេញសត្វឯស្រុកខ្ញុំៗ សុំដូរថ្នូរគោមួយនឹម ព្រមទាំងកណ្តឹង
ចង្រ្កង់ ត្រដោក ខ្សែទាម ខ្សែចន្ទោលគ្រប់ប្រដាប់
ស្រាប់តែឡើងជិះបរតែម្តង ខ្ញុំសុំតែខ្លួននិងប្រពន្ធចុះចេញ” ។
អ្នករែកសាច់ឮអ្នកបររទេះថា ” ដូចជាគោមួយនឹងគ្រប់ប្រដាប់
ស្រាប់តែឡើងបរ ” ក៏នឹកអរក្នុងចិត្តណាស់
ដោយសាររែកសាច់វាធ្ងន់ផង ហើយធ្វើជាមិនចង់ដូរទេ
តែក្នុងចិត្តដូរណាស់ និយាយថា ” ឆ្កែខ្ញុំនេះ ខ្ញុំស្រឡាញ់ណាស
ឥឡូវអ្នកមកសុំដូរពីខ្ញុំទៅ
ខ្ញុំខំកាត់ចិត្តដូរឱ្យអ្នកទៅចុះ ប៉ុន្តែអ្នកថ្នមវាឱ្យល្អ
កុំឱ្យវាអត់ឃ្លាន ហើយអ្នកយកសាច់នេះ ទុកឱ្យវាស៊ីតាមផ្លូវទៅ ”
។ ឯអ្នករែកសាច់ ឱ្យសាច់ទៅអ្នកនោះល្មមខ្លាស៊ីឆ្អែត
ហើយយកសាច់ដាក់លើរទេះបរទៅ ។ អ្នកម្ចាស់រទេះគោនោះ
ក៏ដឹកខ្លាសម្គមកំបាក់ជើងទេ ទៅបន្តិចទៅ
ឱ្យសាច់ទៅខ្លាស៊ីជារឿយៗ ។ ខ្លានោះបានសាច់ស៊ី មានកម្លាំង
ក៏ក្រាញមិនចង់ទៅ ត្រាតែដាច់ខ្សែ ហើយដើរចូលក្នុងព្រៃទៅ
អ្នកនោះដឹងថាខ្លាបោលចូលទៅក្នុងព្រៃហើយ ក៏រត់ទៅតាមចាប់
ហើយហៅថា ” បឺសៗ ! អាក្លឹកមកឯអាយ” ។ ខ្លាឃើញមនុស្សទៅជិត
បែរមកគំរាមធ្វើហ៊ែៗ ហ៊ៗ សន្ធាប់ឱ្យអ្នកនោះ ។ អ្នកនោះ
ឃើញខ្លាគំរាមមុខគួរឱ្យខ្លាចដូច្នោះ ក៏ថយមកក្រោយវិញ
មិនហ៊ានតាមទៅទៀត ប៉ុន្តែនឹកស្តាយ មើលទៅរទេះបរទៅបាត់
មិនដឹងជាទៅដល់ណា ។ អ្នកម្ចាស់ខ្លាបានរទេះគោនោះហើយ
ក៏ម្នីម្នាដាក់អម្រែកលើរទេះ ឡើងជិះទាំងពីរនាក់ បរជាប្រញាប់ទៅ
ឱ្យតែហួសពីមុខម្ចាស់រទេះនោះ ។
ឯអ្នកម្ចាស់រទេះដល់ខ្លាបោលចូលព្រៃទៅហើយ នឹកស្តាយណាស់
មិនដឹងគិតធ្វើដូចម្តេច ក៏បបួលប្រពន្ធត្រឡប់ទៅផ្ទះវិញ ។
យកហេះទៅដូរហោះ
រឿង អាសម្គមបាញ់លលក
មានមនុស្សម្នាក់
ជាកូននៃអ្នកត្រកូលក្រីក្រ បុរសនេះតាំងពីចម្រើនធំឡើង
គ្មានរកស៊ីអ្វីសោះ ខំប្រឹងសង្វាតតែខាងការបរបាញ់
ទាល់តែស្ទាត់ជំនាញ បើបុរសនោះបាញ់តម្រង់សត្វណា
ចង់ឱ្យត្រូវក្បាល ត្រូវក ឬទ្រូង រមែងត្រូវតាមបំណង
តែរូបឆោមលោមពណ៌បុរសនោះ អាក្រក់មាឌស្គមកំព្រឹង សក់ក្រញាង
មុខក្រញុះ អ្នកស្រុកគេដាក់ឈ្មោះហៅថា «អាសម្គមបាញ់លលក»
ព្រោះវាតែងដើរបាញ់លលករាល់ថ្ងៃ ។
ថ្ងៃមួយ អាសម្គមបាញ់លលក
លីស្នាដើរទៅស្វែងរកបាញ់លលក បានប្រទះឃើញភូមិសេដ្ឋី១
មានដើមឈើដុះត្រសាយត្រសុំដង្គុំដង្គោល
ជាទីលំនៅនៃបក្សីមានលលកជាដើម ។
សេដ្ឋីនោះជាអ្នកសម្បូណ៌សម្បុកសម្បត្តិ
ព្រមទាំងមានកូនក្រមុំពីរនាក់ផង ។ អាសម្គមបាញ់លលក
លីស្នាដើររសៀរតាមរបងភូមិសេដ្ឋី
ក៏ជួបជាកូនស្រីសេដ្ឋីទាំងពីរបណ្តើរគ្នាលេងតាមសួនច្បារ
ក្នុងភូមិរបស់ខ្លួន
ដ៏ដេរដាសដោយផ្ការីកស្គុសស្គាយផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់
នៅពេលព្រឹកព្រហាម ។ អាសម្គមបាញ់លលកដើរសសៀរតាមភូមិ ងើយមើលលើ
ក្រែងមានសត្វលលកទំនៅចុងឈើ ។ កាលបើអាសម្គមបាញ់លលក
ងាកភ្នែកចុះឡើង ចោលកន្ទុយភ្នែកទៅក្នុងភូមិ
ខ្សែភ្នែកក៏រត់ទៅប៉ះទង្គិចនឹងរូបរាងនាងក្រមុំទាំងពីរ
ដែលប្រកបដោយគ្រឿងតែងប្រាណ មានលម្អស្រស់ស្រងៅ
ទាំងមានព្រលឹងសាច់ទ្រលុកទ្រលន់
នាំឱ្យភ្ញាក់កន្ទ្រាក់ដួងចិត្តប្រុសនៅវេលាឃើញដំបូង ។
ឯអាសម្គមបាញ់លលក គ្រាន់តែចោលភ្នែកទៅប៉ះរូបនាងនោះភ្លាម
ក៏ស្រឡាំងកាំងភាំងស្មារតី ភ្លេចខ្លួន
ជ្រុះទាំងស្នាទាំងព្រួញដល់ដី ។ អាសម្គមបាញ់លលក
តាំងពីបានឃើញកូនសេដ្ឋី ក៏ស្រឡាញ់ជាប់ក្នុងចិត្ត នឹកឥតភ្លេច
ហើយក៏ទៅដល់ផ្ទះ ថ្លែងប្រាប់ឪពុកម្តាយ
និយាយនឹងម្តាយឱ្យទៅដណ្តឹងកូនសេដ្ឋីឱ្យ ។ ម្តាយនិយាយនឹងកូនថា
«នែកូន! ម្តេចក៏ឯងទៅស្រឡាញ់ កូនសេដ្ឋីអ៊ីចេះ!
បើឯងក្រីក្រភោគសម្បត្តិ ទាំងរូបឯងទៀតក៏អាក្រក់ មិនសមនឹងកូនគេ
ធ្វើម្តេចគេនឹងឱ្យឯង ?» អាសម្គមបាញ់លលក ក៏និយាយនឹងម្តាយថា
«ម៉ែ! បើម៉ែមិនទៅដណ្តឹងឱ្យខ្ញុំទេ ខ្ញុំក៏អស់ឃើញមុខម៉ែ
ម៉ែក៏លែងបានឃើញមុខខ្ញុំ តាំងពីថ្ងៃនេះទៅហើយ » ។ម្តាយដែលមានចិត្តអាណិតកូន ឮកូននិយាយដូច្នោះ ក៏ស៊ូកាត់កេរ្តិ៍ខ្មាស ទៅនិយាយស្នើការនឹងសេដ្ឋីៗ ក៏តបវិញថា «ខ្ញុំឥតបើស្អប់ខ្ពើមអីកូននាងទេ ប៉ុន្តែកូនខ្ញុំៗ នឹងឱ្យពុំបាន ដ្បិតមិនទាន់គ្រប់ការ ណ្ហើយនាង! ប៉ុណ្ណេះទុកជាស្រេចចុះ កុំបាច់ទៅមកទៀត» សម្ដីប៉ុណ្ណេះ ជាសម្ដីបង្វែងដានមិនចង់ឱ្យ ។ ម្តាយអាសម្គមបាញ់លលក ទញ់តុះគំនិតរកឧបាយកលនិយាយទៀតគ្មាន ក៏លាសេដ្ឋីត្រឡប់ទៅផ្ទះប្រាប់កូន ។ អាសម្គមបាញ់លលក គ្រាន់តែម្តាយប្រាប់ដូច្នោះភ្លាម ក៏ផ្លាស់ទឹកមុខក្រៀមក្រំ អង្គុយត្របោមក្បាលជង្គង់ ដង្ហើមឃូរៗ បាយលែងនឹក ទឹកលែងស្រេកចេះតែនឹកមមៃៗ ហាក់ដូចជាកូនសេដ្ឋីនៅចំពោះមុខស្រស់ៗ ដោយកម្លាំងសេចក្តីស្នេហាខ្លាំងពេក ហើយបែរជាមិនបានដូចបំណង ។ នៅវេលាដែលអាសម្គមបាញ់លលកចូលដេក ក៏ចូលទៅទាំងនឹកអាល័យទៅជាមមើ ស្រែកច្រៀងទាំងយប់ថា៖
«ឆោមអើយឆោមឆើតទាំងពីរប្រាណ ធ្វើម្តេចនឹងបានមកកៀកកើយឱ្យដូចជាពូកនិងខ្នល់ខ្នើយ បើម៉្លេះទៅហើយអស់សង្ឃឹម» ។
អាសម្គមបាញ់លលក ទុកជាដឹងថា គេលែងឱ្យហើយដូច្នោះ លុះព្រឹកឡើង ក៏នៅតែលីស្នា និងស្ពាយបំពង់ព្រួញ ដើរទៅសំដៅភូមិសេដ្ឋីរាល់ថ្ងៃឥតខានសោះ ពួនចាំលបមើលកូនសេដ្ឋី ។
ថ្លែងពីបុរសម្នាក់ទៀត ជាកូនអ្នកមានសម្បត្តិ ទាំងរូបឆោមនោះក៏សក្តិសម ទឹកមុខឡើងស្រស់បំព្រង ជាទីពេញចំណង់នៃស្រ្តីភាព ។ បុរសនោះក៏ស្រឡាញ់កូនសេដ្ឋីនោះដែរ លុះទៅដណ្តឹង សេដ្ឋីក៏មិនព្រមឱ្យ ។ បុរសនោះ ទុកជាដឹងថាគេមិនព្រមឱ្យ ក៏នៅតែលបមើលកូនសេដ្ឋីរាល់ថ្ងៃ ។ ចួនជាពេលមួយ បុរសនោះក៏ទៅអាសម្គមបាញ់លលកក៏ទៅ ហើយបានជួបគ្នា អាសម្គមបាញ់លលកសួរថា «អ្នកឯងទៅណា?» ។ បុរសនោះឆ្លើយថា «ខ្ញុំមកលបមើលកូនសេដ្ឋី » ឆ្លើយហើយសួរថា «ចុះឯងមកធ្វើអ្វីដែរ? » ។ អាសម្គមបាញ់លលកថា «ខ្ញុំក៏មកមើលកូនសេដ្ឋីដែរ» ។ បុរសនោះថា «យើ!រាងនេះ អួតឯងចង់បានកូនសេដ្ឋីផង! ប៉ុនអម្បាលរូបខ្ញុំ គេនៅតែមិនឱ្យ» ។ អាសម្គមបាញ់លលកថា «បងឯងចាំមើល ខ្ញុំយកទាល់តែបាន» ។
ជួនជាថ្ងៃនោះ សេដ្ឋីប្តីប្រពន្ធនាំគ្នាទៅវត្ត នៅតែកូនក្រមុំពីរនាក់ចាំផ្ទះ ។ អាសម្គមបាញ់លលកដឹងដូច្នោះ កំពុងតែគិតរកឧបាយ ក៏ចួនជាក្រឡេកទៅឃើញសត្វលលកមួយទំនៅចុងឈើមុខផ្ទះសេដ្ឋី ។ អាសម្គមបាញ់លលក បានឱកាសក៏យឺតស្នាបាញ់ឮសូរក្លឹងបាប់ ស្រាប់តែលលកទធាក់ចើង ទទះស្លាបនៅទីធ្លាមុខផ្ទះ ។ លំដាប់នោះ កូនក្រមុំសេដ្ឋីម្នាក់ចុះទៅដី ឃើញលលកនោះហើយ ក៏ស្រែកប្រាប់បងថា «អ្នកបង! អ្នកណាបាញ់លលកធ្លាក់មកនេះ? » ថាហើយក៏រើសលលកទៅ ។ អាសម្គមបាញ់លលកធ្វើដូចជាមិនដឹង ដល់គេបោចរួចហើយ ស្រាប់តែឡូឡារកលលក ដែលខ្លួនបាញ់នោះថា «នរណាលួចលលកអញទៅណា? តែអញរកឃើញមុខជាប្តឹងរាជការឱ្យយកទៅដាក់គុកពុំខាន » ។ នាងក្រមុំទាំងពីរនាក់ ឮដូច្នោះក៏ភ័យស្រែកប្រាប់ថា «លលកបងឯងខ្ញុំយកមកនេះហើយ » ។ អាសម្គមបាញ់លលកស្តីគំរាមថា «ម្តេចក៏ហ៊ានលួចលលកអញ ត្រូវយកមកឱ្យអញ » កូនស្រីសេដ្ឋីក៏យកលលកមកឱ្យ ។ អាសម្គមបាញ់លលកថា «ទេ! លលកអញនៅរោមនៅស្លាប ឥឡូវនាងឯងយកទៅបោចរោមស្លាបអស់ហើយ ក្រែងតែអាំងឱ្យឆ្អិនឱ្យអញបានអញយក ។ «នាងក្រមុំទាំងពីរនាក់ ក៏យកទៅអាំង ឆ្អិនហើយយកមកឱ្យ ។ អាសម្គមបាញ់លលកថា «នរណាស៊ីតែសាច់លលក ក្រែងតែមានស្រាផឹកផង ទើបស៊ីកើត» ។ នាងទាំងពីរនាក់ ហេតុតែខ្លួនជាស្រីប្រកបដោយសេចក្តីភ័យច្រើន ក៏ទៅយកស្រាមកឱ្យ ឱ្យមួយពែងហើយថាមួយពែងទៀតទាល់តែស្រវឹងដួលដេកលើផ្ទះនោះទៅ ។ ឯនាងក្រមុំទាំងពីរនាក់គិតគ្នាថា «បើយើងបណ្តោយឱ្យវានៅក្នុងទីហ្នឹង តែឪម៉ែមកវិញឃើញ យើងមុខជាមានរឿង «គិតហើយ មិនដឹងយកទៅណា ក៏នាំគ្នាសែងអាសម្គមបាញ់លលក យកទៅលាក់ក្នុងផ្ទះ ។ ដល់ពេលយប់ អាសម្គមបាញ់លលកដឹងខ្លួន ក៏ស្រែកថា «មូសខាំណាស់ » ។ កូនសេដ្ឋីភ័យ ក្រែងឪពុកដឹង ក៏នាំគ្នាសែងទៅដាក់ក្រោមគ្រែដេករបស់ខ្លួន ។ អាសម្គមបាញ់លលកស្រែកទៀតថា «សង្កើចខាំណាស់ » ។ នាងទាំងពីរនាក់ក៏លើកមកឱ្យដេកលើគ្រែ ក្នុងមុងជាមួយ ដោយគិតថា វាស្រវឹងស្រា នឹងធ្វើអ្វី! ។ ពេលនោះ អាសម្គមបាញ់លលកបានឱកាស ក៏តាំងលូកប្រឡែងស្ទាបអង្អែល ដោយសេចក្តីស្រឡាញ់ដរាបដល់បានរួមដំណេក ជាមួយនឹងនាងក្រមុំទាំងពីរនាក់នោះទៅ ។
ចេះដប់មិនស្មើប្រសប់មួយ
រឿង អាប៉ាងនាងតី
ក្នុងសម័យមួយនោះ ជារដូវស្រូវទុំ
អាប៉ាងទៅដេកចាំស្រូវវា ទាំងយប់ទាំងថ្ងៃ មានទាំងចាប៉ីមួយទៅផង
វេលាថ្ងៃឡើង ថែទាំស្រូវ ដល់ពេលយប់ទំនេរ តែងដេញចាប៉ី
ហើយស្រែកច្រៀងផង ។ លុះច្រៀងរាប់យប់ទៅ
មានខ្មោចស្រីក្រមុំម្នាក់ឮសូរចម្រៀងច្រៀងចាប៉ីពីរោះពេកក៏ដើរ
ទៅស្តាប់ ទៅអង្គុយអាំងភ្លើងក្រោមខ្ទមអាប៉ាង យូរបន្តិចទៅ
អាប៉ាងក្រឡេកទៅក្រោមផ្ទះ
ឃើញខ្មោចដែលតំណែងខ្លួននោះអង្គុយអាំងភ្លើង អាប៉ាងសួរទៅថា
«អាណាអង្គុយក្រោមខ្ទមនេះ?» ។ មេខ្មោចប្រាប់ថា «ខ្ញុំ» ។ អាប៉ាងថា
«ប្រហែលជាខ្មោចទេ» ។ មេខ្មោចឆ្លើយថា «ខ្មោចថាមិនខ្មោច»។
អាប៉ាងសួរថា «ហោងឯងឈ្មោះអី? មករកអី?» ។ មេខ្មោចឆ្លើយថា
«ខ្ញុំឈ្មោះតី, ខ្ញុំមកស្តាប់ថាប៉ី»។ អាប៉ាងថា «ឡើងមក!
បើមកស្តាប់ចាប៉ី » ។ មេខ្មោចឡើងទៅអង្គុយជិតអាប៉ាងៗ
ក៏ស្រឡាញ់គ្នាយកជាប្តីប្រពន្ធទៅ ។ ដល់រួចស្រូវ មេខ្មោចនោះ
សួរទៅអាប៉ាងថា «ឥឡូវរួចស្រូវហើយ តើឯងព្រមយកអញឬទេ?
បើឯងមិនយកអញៗ នឹងកាច់យកឯង» ។ អញព្រមយក
ប៉ុន្តែចាំអញដឹកស្រូវទៅទុកផ្ទះសិន» ។
លុះអាប៉ាងដឹកស្រូវយកទៅទុករួចហើយ ក៏ត្រឡប់មកយកមេកន្តីនោះវិញ
។ មេកន្តី ក៏នាំអាប៉ាងទៅជម្រាបសួរពួកបងប្អូនខ្មោចទាំងប៉ុន្មាន
រួចក៏នៅជាមួយគ្នាទៅ ។
ប្រហែលជាងមួយខែ ពួកខ្មោចទាំងប៉ុន្មានបបួលគ្នា
ព្រមទាំងអាប៉ាងឱ្យទៅរកបាញ់សត្វមកធ្វើជាអាហារ ។
អាប៉ាងក៏ទៅជាមួយនឹងពួកខ្មោចនោះ លុះទៅដល់កណ្តាលព្រៃដើមត្រថុក
ដែលខ្មោចទាំងពួងសម្គាល់ថា ដើមឈើទាល បានប្រទះនឹងកង្កែបមួយ
ខ្មោចទាំងនោះស្រែកថា «ប្រយត្នវ៉ីកនយើង! ដំរីធំណាស់ ទៅហើយ! »។
អាប៉ាងឮគេស្រែកថាដំរី ក៏ប្រឹងរកមើល មិនឃើញដំរីសោះ
ឃើញតែកង្កែបលោតមកត្រង់មុខអាប៉ាងៗ ក៏ចាប់ដាក់ក្នុងថ្នក់សំពត់ទៅ
។ ខ្មោចអស់នោះ ចេះតែស្រែកថា «ប្រយត្នវ៉ីដំរីស្តមួយធំណាស់»
ហើយស្រែកសួរអាប៉ាងថា «ឃើញដំរីឬទេ?» ។ អាប៉ាងស្រែកថា
«មិនឃើញទេ!» ។ ពួកខ្មោចក៏នាំគ្នាដើរមកដល់ជិតអាប៉ាងហើយថា
«ទៅអាប៉ាងទៅផ្ទះយើង រកសត្វមិនបានទេ» ។ អាប៉ាងថា
«អញបានកង្កែបមួយ» ។ ខ្មោចទាំងនោះ សួរទៅអាប៉ាងថា
«យ៉ាងដូចម្តេចអាប៉ាងកង្កែបនោះ? ឯងចែកឱ្យយើងរាល់គ្នាស៊ីផង» ។
អាប៉ាងយកកង្កែបចេញពីថ្នក់ ហើយបង្ហាញទៅពួកខ្មោចនោះ ។
ខ្មោចអស់នោះឃើញ ក៏នាំគ្នារត់ព្រោងព្រាតអស់ទៅហើយវាមានវាចាថា
«ទុកប្តីមីកន្តីឱ្យនៅមិនបានទេ ព្រោះវាខ្លាំងពូកែណាស់
វាហ៊ានចាប់ដំរីយកទៅដាក់ក្នុងថ្នក់វា បើដូច្នោះ
យើងឱ្យអាប៉ាងនេះនៅមិនបានទេ ឱ្យវាទៅវិញទៅ!»
អាប៉ាងក៏បានរួចខ្លួន ហើយត្រឡប់ទៅផ្ទះវិញ ។ល្ងង់មើលតែខ្មោច
រឿង ហោរនិងតាចាស់ដូនចាស់
កាលពីព្រេងនាយមានហោរម្នាក់ជាអ្នកទាយ
គន់គូរមើលឆុតណាស់ហោរនោះនៅស្រុកជាមួយនឹងតាចាស់យាយចាស់ ។
មានកាលថ្ងៃមួយ
តាចាស់ដូនចាស់គាត់នាំគ្នាទាំងពីរនាក់ទៅនេសាទត្រីនៅបឹងក្បែរ
ភូមិគាត់ ។ ពេលនោះគាត់រុតបានត្រីរ៉ស់១ហើយនិងបានទន្សាយលង់ទឹក១
ដល់ល្ងាចគាត់ត្រឡប់មកផ្ទះវិញគាត់យកទន្សាយគ្របនឹងអង្រុតទុកនៅ
កណ្តាលច្បារបន្លែខាងមុខផ្ទះគាត់ ត្រីរ៉ស់
គាត់ដាក់ទ្រុងប្រោះទុកក្នុងត្រពាំងនៅជិតច្បារបន្លែគាត់
ក្បែរកន្លែងទុកទន្សាយ ។
ដល់ព្រឹកឡើង តាចាស់យាយចាស់គិតគ្នាថា
«យើងទៅរកហោរទាយមើលថាព្រឹកនេះយើងបានម្ហូបអ្វីស៊ី?
បើហោរនោះទាយត្រូវសឹមជឿថាពូកែមែន ព្រោះចាប់បានត្រីរ៉ស់ ១
ទន្សាយ១បម្រុងនឹងទុកធ្វើម្ហូបអាហារស៊ីព្រឹកនេះហើយ» ។ដល់ព្រមព្រៀងគ្នាស្រេចហើយ ក៏ដើរទៅលុះទៅដល់មុខផ្ទះហោរនោះតាចាស់ក៏ស្រែកសួរទៅម្ចាស់ផ្ទះ ថា « អើអ្នកអើយ! លោកគ្រូនៅៗហ្នឹងឬ? ។ ម្ចាស់ផ្ទះក៏ប្រាប់មកតាចាស់ដូនចាស់ថា «គាត់នៅនេះមានការអ្វី? តាយាយអញ្ជើញចូលមក! » ។
តាចាស់យាយចាស់នោះនាំគ្នាចូលទៅបានបន្តិច ហោរដណ្តឹងសួរមកតាយាយថា«ចុះអញ្ជើញមកនេះ មានការអ្វី?» ។ តាចាស់យាយចាស់ជម្រាបទៅហោរវិញថា «ខ្ញុំមកនេះ មានការបន្តិច, សូមលោកគ្រូមេត្តាករុណាចុះ» ។ ហោរសួរថា «មានការអ្វី? ចូរថាមកចុះ! » ។ តាចាស់យាយចាស់ថា «ឱលោកគ្រូអើយ! យើងខ្ញុំទាំងពីរនាក់នេះអត់ម្ហូបអាហារទទួលទាន ពីរបីថ្ងៃហើយ, តើព្រឹកនេះនឹងបានអ្វីទទួលទានឬទេ? » ។ ហោរចាប់ក្តារឆ្នួនឡើងវាយលេខមើលឱ្យតាយាយ មើលរួចស្រេច ក៏ជម្រាបតាយាយសថា « ព្រឹកនេះតាយាយឯង មុខតែលិទ្ធប្រហុកក្នុងពាង!» ។ តាយាយឮហោរថាដូច្នោះក៏នឹកក្នុងចិត្តថា «ហោរនេះ គ្មានពូកែទេ ទាយផ្តេសផ្តាសសោះ យើងកុំជឿ!» គិតតែប៉ុណ្ណោះក៏នាំគ្នាលាហោរមកផ្ទះវិញហើយយាយក៏ប្រើតាឱ្យទៅ ចាប់យកត្រីពីទ្រុងទៅធ្វើក្បែរត្រពាំងជិតផ្ទះ តាលូកចាប់ត្រីយកមកក្រៅត្រីវាបម្រះរួច លោតចុះត្រពាំងទៅ ។ តាក៏ស្ទុះទៅយកអង្រុតដែលគ្របទន្សាយមកដេញរុតត្រី ។ ឯទន្សាយនៅក្នុងអង្រុតនោះក៏ផ្អើលរត់បាត់ទៅទៀត ។ យាយមើលពីលើមកឃើញទន្សាយរត់ចូលទៅក្នុងព្រៃ ក៏ស្រែកប្រាប់ថា «តាៗ! ទន្សាយរួចទៅហើយ!» ។ តាប្រាប់ទៅវិញថាឯង សមតែស៊ីប្រហុកក្នុងពាង ដូចគេទាយពីព្រឹកម៉ិញនោះឯង » ។ តាឮយាយថាដូច្នោះ ក៏នឹកឃើញថា «គ្រូទាយឆុតមែន» ដល់ពេលបាយព្រឹកតាមចាស់ដូនចាស់ក៏នាំគ្នាស៊ីប្រហុកក្នុងពាងដូច ហោរទាយឱ្យនោះឯង ។ ទើបតាចាស់ ដូនចាស់ជឿថា«ហោរចេះដឹងត្រឹមត្រូវតាមក្បួនតម្រាប្រាកដមែន» ។
កុំអានអួតអាត្មា ត្មះតម្រាប្រាជ្ញព្រេងនាយ
No comments:
Post a Comment