Friday, December 20, 2013

តើ​ការទាមទារ​ឲ្យ​បោះឆ្នោត​ឡើងវិញ​នៅក្នុង​អាណត្តិ​ទី​៥​នេះ​អាច​ទៅរួច​ទេ​?​

ដោយ៖​ អ៊ឹង ប៊ុនថន​ | ថ្ងៃចន្ទ ទី16 ខែធ្នូ ឆ្នាំ2013, ម៉ោង 10:42 AM​

ស្តាប់សំឡេង៖​

ចម្លងទុក
​ គណបក្ស​សង្គ្រោះ​ជាតិ ប្រកាសថា គោលដៅ​នៃ​ការធ្វើ​បាតុកម្ម រយៈពេល​៣​ខែ​ទៅមុខ​ទៀត​នេះ គឺ​ទាមទារ​ឲ្យមាន​ការរៀបចំ​បោះឆ្នោតជាតិ​អាណត្តិទី​៥​នេះ​ឡើង​វិញ បន្ទាប់​ពី​គណ​បក្ស​​ប្រជាជន​កម្ពុជា បដិសេធ​បង្កើត​គណៈកម្មកា​រឯក​រាជ្យ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៨ ​ខែកក្កដា​។​
​ការទាមទារ​នេះ ត្រូវបាន​អ្នកវិភាគ​មើលឃើញថា ស្រដៀង​នឹង​ប្រទេស​ថៃ ដែល​បាតុករ​របស់​គណបក្ស​ប្រឆាំង​ទាមទារ​ឲ្យ​លោកស្រី​ យី​ង​ឡាក់​ ចុះ​ចេញ​​​ពី​​​តំណែង​​បាន​​ដូច​​បំណង ហើយ​​រៀបចំ​បោះឆ្នោត​ឡើងវិញ ដោយប្រើ​រយៈ​ពេល​ពីរ​ខែ​ប៉ុណ្ណោះ​។​
​ទោះជា​យ៉ាងណា លោក​បណ្ឌិត សុខ ទូច អ្នកវិភាគ​នយោបាយ គិតថា ស្ថានការណ៍​កម្ពុជា​ពេលនេះ មិន​ដូច​នៅ​ថៃ​នោះទេ​។ លោក​បាន​ឡើង​ពី​អំណះ​អំណាង​​ដូច​ជា ការ​ដែល​បាតុ​ករ​ថៃ​ទាមទារ​បាន​ជោគជ័យ​ គឺ​អ្នក​មាន​ទ្រព្យ​គាំទ្រ​ផ្នែក​ថវិកា​ដល់​ដំណើរការ​បាតុកម្ម កងទ័ព​អព្យាក្រិត ព្រះ​មហា​ក្សត្រ​​មាន​​អំណាច​​អាច​គ្រប់គ្រង​រដ្ឋាភិបាល​អន្តរកាល គ.ជ.ប ​​ថៃ​ឯ​ក​រាជ្យ និង​គោលដៅ​ធំ​ គឺ​បញ្ចប់​ការដឹកនាំ​នយោបាយ​របស់​ខ្សែស្រឡាយ​ ថាក់ស៊ីន ស៊ី​ណា​​វ៉ាត់ត្រា​​។ ប៉ុន្តែ​នៅ​កម្ពុជា​លោក​ថា បញ្ហា​សំខាន់​ត្រូវ​មាន​ គជប ​ឯករាជ្យ​សិន មុន​នឹង​បោះ​ឆ្នោត​​ឡើងវិញ ៖ "ហើយ​យើ​ងអ្នក​ណា​ដែល​អន្តរ​កាល អញ្ចឹងអ្នក​ណា​បាន​មិន​បាន​ អ្នក​ហ្នឹង​ហើយទៅ​​កែ​ច្នៃ គជប។ ​គជប ជានិច្ច​ជា​កាល​ពិបាក ដល់​ពេល​នោះ គេ​មាន​រដ្ឋាភិបាល​អន្តរ​កាល​ ហើយ​​គេ​​​អត់​មើល​ គជប។ គជប គេគោរពតាមវិជ្ជា​ជីវៈរបស់​គេ ហើយ​យើង​នេះ អ្នក​ណា​មាន​រដ្ឋាភិបាល អាហ្នឹង​មាន​ឥទ្ធិ​ពល​ទៅ​លើ​ គជប អញ្ចឹង​​សូម​ឲ្យ​គណបក្ស​ប្រឆាំង​ត្រូវ​កែ​ គជប សិន ឲ្យ​ គជប ហ្នឹង​អព្យា​ក្រឹត​សិន ដើម្បី​អី? ដើម្បី​បោះឆ្នោ​តពេល​ណាក៏​យើង​ជឿ​ដែរ យើង​សុំ​បោះឆ្នោត​ថ្មីហើយ​បើ​ គជប រង​ឥទ្ធិ​ពល​នរណា​ម្នាក់ តើ​គេ​ព្រម​ទទួល​យក​ គជប​ នោះ​អត់"។​
​មាត្រា​៣ ថ្មី​នៃ​ច្បាប់​ស្តីពី​ការរៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ មាន​ខ្លឹមសារ​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ត្រូវធ្វើឡើង​រៀង​រាល់​ប្រាំ​​ឆ្នាំ​​ ម្តង​។ ក្នុងករណី​រដ្ឋស​ភា​​ត្រូវ​រំលាយ​មុន​អាណត្តិ ការបោះឆ្នោតជ្រើ​សតាំង​រដ្ឋ​សភា​ថ្មី ត្រូវធ្វើ​យ៉ាងយូ​រយៈពេល​៦០​ថ្ងៃ ចាប់តាំងពី​ការរំលាយ​សភា​នោះ​។​
​ចំណែក​មាត្រា​៧៨ នៃ​រដ្ឋធម្មនុញ្ញ ចែងថា រដ្ឋសភា​មិន​អាច​ត្រូវបាន​រំលាយ​មុន​ផុត​អាណត្តិ​ឡើយ វៀរលែងតែ​ក្នុង​ករណី​ដែល​រាជរដ្ឋាភិបាល ត្រូវ​បាន​ទម្លាក់​ពីរដង ក្នុង​រយៈពេល​១២​ខែ​។​
​លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត និច​ហ្វ្រិ​ច យល់ថា ការបោះឆ្នោត​ឡើងវិញ ត្រូវការ​ពេលវេលា​ច្រើន​ទៀត ពិសេស​ទាល់​តែ​គណបក្ស​ប្រជាជន​កម្ពុជា​យល់ព្រម​ដែរ​ ៖ "ការ​បោះឆ្នោត​មួយ​អាចប្រ​ព្រឹត្ត​ទៅ​បាន​ទាល់​តែ​មាន​ភាគី​លើស​ពី​ពីរ​ ចូលរួម ឥឡូវ​បើ​ភាគី​តែ​មួយ​នោះ​ប្រហែល​ជា​មិន​អាច​ទៅ​រួច​ទេ ហើយ​មួយ​ទៀត យើង​ឃើញ​ថា​ សម្រេច​នូវ​គោល​បំណង​នេះ គឺ​ជា​គោល​បំណង​របស់​ភាគី​តែ​ម្ខាង ហើយ​នៅ​មាន​បញ្ហា​បច្ចេក​ទេស​ច្រើន​ទៀត ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​ចុះ​ឈ្មោះ​​ យុទ្ធ​នា​ការ​​ឃោស​នា ការ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​​ទៀត​ផង អញ្ចឹង​ខ្ញុំ​គិត​ថា​ ប្រហែល​​ជា​ត្រូវ​ការ​ពេល​វេលាដើម្បី​ធ្វើ​ការ​កែ​ទម្រង់ មុន​នឹង​ឈាន​ទៅ​រក​ការ​បោះឆ្នោត ដើម្បី​ធានា​ឲ្យ​ការ​បោះឆ្នោត​ម្តង​ទៀត​ហ្នឹង​ឯង ចេញ​មក​លទ្ធ​ផល​​ទទួល​យក​បានដោយ​គណបក្ស​ទាំងពីរ"។
​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង មានប្រសាសន៍ថា ការទាមទារ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ មិន​អាច​ធ្វើឡើង​ក្នុង​រយៈពេល​ខ្លី​ដូច​នៅ​ប្រទេស​ថៃ​ឡើយ​។ លោក ស ខេង បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន កាលពី​សប្តាហ៍​មុន​នេះ​ថា ការរៀបចំ​បោះឆ្នោត​ឡើងវិញ គឺ​អាច​ទៅរួច​ក្នុង​រយៈពេល​១​ឆ្នាំទៅ​២​ឆ្នាំ​។
​សម្រាប់​អ្នកវិភាគ​ស្ថានការណ៍​សង្គម លោកស្រី ជា វណ្ណាត យល់ថា កាលៈទេសៈ​នេះ មេដឹកនាំ​គណបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ ត្រូវ​ចូល​តុ​ច​ចារ​ទល់មុខគ្នា​​សិន មុន​នឹង​និយាយ​ពី​ការ​បោះ​ឆ្នោត​ឡើងវិញ បើ​ពុំនោះ​ទេ លទ្ធផល​នៃ​ការបោះឆ្នោត​ថ្មី​នោះ នៅតែ​មិន​អាច​ទទួល​ស្គាល់​ពី​ភាគី​ណាមួយ​ដដែល​ ៖ "​បើ​សិន​ណា​ជា​យើង​អត់​ត្រូវ​គ្នា​សោះដូច​សព្វ​ថ្ងៃ​ហ្នឹង យើង​បោះឆ្នោត​ម្តង​ទៀត មិន​ថា​អ្នក​ណា​ចាញ់​ មិន​ថា​​អ្នក​ណា​ឈ្នះ​ទេ គណបក្ស​​ណា​ក៏​ដោយ​ គណបក្ស​ប្រជា​ជន​ចាញ់​ក៏​មិន​ព្រម​ទទួល​យក​ដែរ ការ​បោះឆ្នោត​អី​ បើ​យើងអត់មាន​យន្ត​ការ​អី​មួយ​សម្រាប់​ឲ្យ​​​ទុក​ចិត្ត​ទាំង​អស់​គ្នា​ផង អត់ទាន់​​មាន​អី​ផង ​ហើយ​យើង​ចេះ​តែ​និយាយ​ទទេ​ៗ​ម៉េច​កើត វា​ទាល់​តែមាន​​ស្ថាប័នមួយ​ដែល​គ្រប់​ភាគី​ទាំង​អស់ ប្រជា​ពលរដ្ឋ​លោក​​​ទុក​ចិត្តថា​ ​នេះ​ជា​ស្ថាប័ន​ឯករាជ្យ អព្យាក្រឹត​ មាន​តម្លាភាព ជឿ​​ទុក​ចិត្ត​បាន អាហ្នឹង​បាន​យើង​អាច​បោះឆ្នោត​បាន​ទៀត ចុះ​​បើ​យើង​អត់​ទាំង​មាន​ផង យើង​ចេះ​តែ​ថា​បោះ​ៗៗៗ តើ​​គណបក្ស​សង្គ្រោះ​ជាតិ​ សុខ​ចិត្ត​ចាញ់​ទៀត​ទេ ឬ​មួយ​ក៏​គណបក្ស​ប្រជា​ជន​សុខ​ចិត្ត​ចាញ់​ទេ អត់ព្រម​អ្នក​ណា​ចាញ់​ទេ"។
​ប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ​របស់ ​គជប លោក ឆាយ សុផាន់​ណា ឲ្យដឹងថា ការចំណាយ​ថវិកា​សរុប ជិត​២០​លាន​ដុល្លារ​អាមេរិក សម្រាប់​រៀបចំ​ការ​បោះ​ឆ្នោត​​ជាតិ​ឆ្នាំ​២០១៣ ដោយ​​គិត​តាំងពី​ចំណាយ​ចុះឈ្មោះ​ផងដែរ​។ លោក​បញ្ជាក់ថា ថវិកា​ទាំងនោះ បានមក​ពី​ម្ចាស់​ជំនួយ​ជិត​មួយ​លាន​ដុល្លារ ហើយ​​ក្រៅពី​នោះជា​ថវិកា​ជាតិ​៕
សូមសរសេរមកកាន់​ លោក អ៊ឹង ប៊ុនថន​ តាមរយៈ chanthorn@vodhotnews.com

Tags: ការបោះឆ្នោត - នយោបាយ - វិភាគព្រឹត្តិការណ៍ - គណបក្សសង្គ្រោះជាតិ - គណបក្សប្រជាជន

ឆន្ទៈ​ពិត​របស់​ពលរដ្ឋ​គឺ​ចង់ឲ្យ​មាន​អាជ្ញាកណ្តាល​ឯករាជ្យ​ក្នុង​ការរៀបចំការ​​បោះឆ្នោត​​

ដោយ៖​ កែវ ភិរម្យ​ | ថ្ងៃព្រហស្បតិ៍ ទី12 ខែធ្នូ ឆ្នាំ2013, ម៉ោង 09:29 AM​

​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ដែល​ចូលរួម​ការ​ប្រារព្ធ​ទិ​វា​សិទ្ធិមនុស្ស​នៅ​ឆ្នាំ​២០១៣​នេះ​ជាមួយ​សង្គម ​ស៊ីវិល និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​ឆន្ទៈ​ពិត​របស់​ពួកគេ ចង់ឲ្យ​មាន​អាជ្ញា​កណ្តា​ល​មួយ ដែល​ត្រូវតែ​ឯករាជ្យ​សម្រាប់​រៀបចំ​ការបោះឆ្នោត​។​
​ការទាមទារ​នេះ ត្រូវបាន​លើកឡើង ក្នុង​ពិធី​អបអរសាទរ និង​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​សិទ្ធិមនុស្ស​ក្រោម​ប្រធានបទ​«​យើងទាំងអស់គ្នា​លើកស្ទួយ និង​ការពារ យុត្តិធម៌​សង្គម​ »​ដែល​​រៀបចំ​ដោយ​ក្រុម​សង្គម​ស៊ីវិល​។ ចំណែក​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដង្ហែ​ក្បួន​ក្នុង​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​១០​ ធ្នូ​នេះ​ដែរ ដោយ​មាន​ប្រធានបទ​«​យើង​ទាមទារ​សិទ្ធិ​ក្នុង​ការជ្រើស​រើស​មេដឹកនាំ​»​។​
​កំពុង​អង្គុយ​ក្រោម​ម្លប់​ដើម​ពោធិ៍ នៅ​កែង​សួនច្បារ​សណ្ឋាគារ សាន់វេ ទល់មុខ​សា្ថនទូត​​អាមេរិក បន្ទាប់​ពី​ចូលរួម​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ​នេះ ប្រជាពលរដ្ឋ​មួយ​ក្រុម មកពី​ខេត្ត កំពង់​ចាម​ នៅក្នុង​ដៃ​មាន​កាន់​កាបូប ឬ​ថង់​ដាក់​សម្ភារ​ផ្សេងៗ ភាគច្រើន​ពូក​គាត់​មាន​បង់ ក ក្រមា ​និង​ពាក់មួក​ដែលមាន​ចង​បូ​ពណ៌​លឿង រំលេច​ដោយ​ពាក្យ​មួយ​ឃ្លា​ថា​«​យើង​ទាមទារ​សិទ្ធិ​ជ្រើសរើស​មេដឹកនាំ​»​។​
​នៅក្រោម​បូរ​ពណ៌​លឿង​ពីលើ ដែល​មាន​សរសេរ​ពាក្យ​ថា “​មាន​យុត្តិធម៌​មាន​សន្តិភាព​ ” ។ លោកពូ ភា​ង និយាយថា មុន​ពេល​បោះឆ្នោត​គាត់​បាន​ចូលរួម​តវ៉ា​សុំឲ្យ ដូរ គជប  តែ​មិន​បាន​​សម្រេច លុះ​ក្រោយ​បោះឆ្នោត​គាត់​បាន​ចូលរួម​គ្រប់ពេល​បាតុកម្ម​ទាំងអស់ ក្នុងការ​ទាមទារ​រក​យុត្តិធម៌ សម្រាប់​ម្ចាស់​ឆ្នោត «​ពាក្យ​បុរាណ​លោក​ ពោល​ថា ក្តាម​នៅ​ស្រែ​ណា​វា​កាត់​ស្រែ​នោះ បើ​អញ្ចឹង​យើង​ចាប់​ក្តាម​ហ្នឹង​ចេញ​បាន​ស្រែ​នោះ [​ទើបបាន​]​សុខ​។ ឧទាហរណ៍​ថា បើ​ថា​អ្នក​ហ្នឹង​ចោរ​ហើយ លួច​ហើយ​ឲ្យ​អ្នកហ្នឹង​ធ្វើ​ទៀត នៅតែ​លួច​ទៀត នៅ​តែ​លំបាក​អញ្ចឹង​តកូនតចៅ​ទៅទៀត កាលណា​តែ​លួច​របស់​គេ​ម្ចាស់​គេ តវ៉ា​ហើយ​ដល់​ពេល​រក​ទៅ អ្នក​ឯង​អត់​លួច​ឲ្យគេ​ឆែក​ទៅ​»​។​
​គជប ត្រូវ​រង​ការរិះគន់​ថា មិន​ឯករាជ្យ ដោយ​លម្អៀង​ទៅ​គណបក្សកាន់អំណាច​។ ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៨​ ខែកក្កដា​កន្លងមក មាន​ភាពមិនប្រក្រតី​មួយចំនួន​កើតឡើង ដូច​ជា ការបើកចំហ​កញ្ចប់​សុវត្ថិភាព ជាដើម​។​
​លោក​អ៊ុំ លីម អាយុ​៧៨​ឆ្នាំ​មក​ពី​ខេត្ត​កំពង់ចាម​ដែរ បាន​លើ​ឡើង​ថា គជប មាន​បញ្ហា​ច្រើន ទើប​គាត់​មក​តវ៉ា​ច្រើន​លើក​មក​ហើយ ដើម្បី​ឲ្យ​អន្តរជាតិ​ជួយ​រក​យុត្តិធម៌ ក្នុង​ការ​បោះ​ឆ្នោត​​«​ សិទ្ធិសេរីភាព​មិនទាន់​ពេញលេញ សូម​លោក​បញ្ជាក់​មើល តើ​២៣​តុលា​និយាយ​អី​ខ្លះ ? ហើយ​ប្រទស​ធំៗ មហាអំណាច​ដែល​ទទួលស្គាល់ ខ្មែរ​នោះ ឲ្យ​បោះឆ្នោត​ដោយ​សុ​ក្រឹត្យ​យុត្តិធម៌​នោះ​ឥឡូវ​អត់​មាន​សុ​ក្រឹត្យ​ យុត្តិធម៌​ទេ​? អាណត្តិ​ទី​៥​នេះ​កាន់តែ​ពិបាក​ទៅៗ ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​អត់​សុខចិត្ត​ទេ​»​។​
​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ទៅកាន់ អ្នកគាំទ្រ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ទិវារ​សិទ្ធិមនុស្ស​១០​ធ្នូ​ ថា ដើម្បី​មាន​ការគោរព​សិទ្ធិ​ផ្សេងៗ​ឲ្យបាន​ល្អ យើង​​ត្រូវមាន​សិទ្ធិ​ពេញលេញ​ក្នុង​ការជ្រើសរើស​មេដឹកនាំ ត្រូវ​មាន​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ​និង​យុត្តិធម៌​«​ដូច្នេះ​ អ្នក​ដែល​លួច​សន្លឹកឆ្នោត​របស់​យើង គឺ​គេ​លួច​សិទ្ធិ​របស់​យើង សិទ្ធិ​ផ្លាស់ប្តូរ​អ្នកដឹកនាំ​ទាល់តែ​មាន​សិទ្ធិ​ផ្លាស់ប្តូរ​អ្នកដឹកនាំ ទើប​យើង​អាច​ជ្រើសរើស​មេដឹកនាំ​ល្អ មាន​មេដឹកនាំ​ល្អ​ដែល​គោរព អនុវត្ត​លើ​ក​តំកើង​សិទ្ធិ​របស់​យើង សិទ្ធិ​មាន​ជីវិត​រស់​ដោយ​ថ្លៃថ្នូរ​សម្បូរ​សប្បាយ សិទ្ធិ​មាន​ប្រាក់ខែ មាន​ជីវភាព​ខ្ពង់ខ្ពស់ សិទ្ធិ​មាន​សេរីភាព​ពេញលេញ ។ ទាល់តែ​យើង​ជ្រើសរើស​មេដឹកនាំ​តាម​ឆន្ទៈ​របស់​យើង បាន​យើង​ធានា​សិទ្ធិ​ដ៏ទៃទៀត​»​។​
​លោក​មេធាវី សុក សំអឿន សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត យល់ឃើញថា ការ​មិន​ជឿជាក់​លើ គជប គឺ​ដោយសារ ខ្វះ​យន្តការ​ដោះស្រាយ​វិវាទ​របស់ គជប ខ្លួនឯង​« ឧទាហរណ៍​ដូច​ការដោះស្រាយ​កន្លងមក មាន​បើ​កញ្ចប់​[​សុវត្ថិភាព​]​មួយចំនួន​មាន​បញ្ហា ហើយ​មិន​ព្រម​បើក​តទៅទៀត​»​។​
​គណបក្សកាន់អំណាចរ​បស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​យល់ព្រម​ឲ្យមាន​ការកែ​ទម្រង់​ស៊ីជម្រៅ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា បន្ទាប់​ពី​ពលរដ្ឋ​នាំគ្នា​ធ្វើ​បាតុកម្ម មិន​ទទួល​ស្គាល់​​លទ្ធផល​បោះឆ្នោត​អាណត្តិ​ទី​៥​នេះ​៕
សូមសរសរមកកាន់ លោក កែវ ភិរម្យ​ តាមរយៈ keophirum@gmail.com

Tags: ការបោះឆ្នោត - ស៊ើបអង្កេត

សង្គម​ស៊ីវិល​៖​ បើ​មាន​ការបង្ក្រាប​លើ​បាតុករ​នោះ​អន្តរជាតិ​នឹង​លូកដៃ​ចូល​នយោបាយ​កម្ពុជា​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃសុក្រ ទី20 ខែធ្នូ ឆ្នាំ2013, ម៉ោង 05:09 PM​

ស្តាប់សំឡេង៖​

ចម្លងទុក
ក្រុមបាតុករ​គាំទ្រ​គណបក្សសង្គ្រោះ​ជាតិ តវ៉ា​នៅ​ទីលាន​ប្រជា​​ធិប​តេយ្យ​ នា​ពេល​កន្លង​មក (រូបថត តាំង វីដា)
មន្ត្រី ​អង្គការ​សង្គម​ស៊ីវិល ​ដែល​ធ្វើការ​ពាក់ព័ន្ធ​ផ្លូវច្បាប់ និង​សិទ្ធិមនុស្ស​ លើកឡើងថា ប្រសិន​បើ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រើ​កម្លាំង​បង្ក្រាប​លើ​បាតុករ​នៅ​ខែក្រោយមែន​នោះ អាច​ជា​ចំណុច​ចាប់ផ្តើម ​ដែល​សហគមន៍​អន្តរជាតិ​លូកដៃ​ចូល​ក្នុង​នយោបាយ​កម្ពុជា​។​
​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ព្រមាន​ថា ប្រសិន​ការធ្វើ​បាតុកម្ម​ទាមទារ​ឲ្យមាន ការបោះឆ្នោត​ឡើងវិញ មិន​មាន​ការឆ្លើយតប​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ពួកគេ​អាច​នឹង​បិទ​ផ្លូវ​សំខាន់​នៅ​រាជធានី​ភ្នំពេញ​។ ទាក់ទង​ចំណុច​នេះ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃទី​២០​​ខែ​ធ្នូ​ថា ប្រសិនបើ​មាន​ការបិទផ្លូវ​នោះ លោក​នឹង​ប្រើ​វិធានការ​ផ្លូវ​ច្បាប់​ដើម្បី​ដោះស្រាយ​។​
​ការបង្ហាញ​ជំហរ​រឹង​ដាក់គ្នា​រវាង​គណបក្ស ​ទាំងពីរ​នេះ នាំ​ឲ្យ​មន្ត្រី​អង្គការសង្គម​ស៊ីវិល សម្តែង​ការព្រួយ​បារម្ភ​ពី​ហិង្សា​អាច​​កើតមានឡើង​។​
មេធាវី និងជា​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​លោក នី ចរិយា ចង់ឲ្យ​ភាគី​ទាំង​ពីរ​ជួប​គ្នា​បន្ទាន់​ដើម្បី​បញ្ចៀស​ហិង្សា​។ តែ​លោក​ថា ដោយសារតែ លទ្ធផល​នៃ​ការបោះឆ្នោត​មិនទាន់​មាន​ការទទួលស្គាល់​ជា​អន្តរជាតិ ហើយ​បើ​មាន​ហិង្សា​ទៀត​នោះ អាច​នឹង​មាន​ការព្យួរ​អាសនៈ​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​ ៖ “​ដោយសារតែ​ការបោះឆ្នោត​របស់​យើង​កន្លងមកនេះ មិនទាន់​មាន​ប្រទេស និង​អង្គការ​អន្តរជាតិ​ផ្សេងៗ មិនទាន់​បាន​ទទួលស្គាល់ ជា​ផ្លូវ​ជា​ផ្លូវច្បាប់ អញ្ជឹង​ប្រាកដជា​មាន​ការព្យួរ អាសនៈ​នៅ​អង្គការសហប្រជាជាតិ​ហើយ​”​។​
​នាយក​ប្រតិបត្តិ ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយសេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ លោក ហង្ស ពុទ្ធា លើកឡើងថា បើ​មាន​ហិង្សា​កើតឡើង​នោះ ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ​ នឹង​ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់​និង​ប្រវត្តិសាស្ត្រ​។ លោក បន្តថា ប្រសិនបើ​មាន​ការប្រើ​អាវុធ​លើ​ប្រជាជន​ដែល​មិន​មាន​អាវុធ​នោះ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នឹង​អន្តរាគមន៍​ ៖ “​សេចក្តី​របស់​ នាយករដ្ឋមន្ត្រី​បាន បង្ហាញ​ហើយ​ថា បើ​មាន​ការបិទផ្លូវ គឺ​ដំណោះ​ស្រាយ​ឈាម ហើយ​កម្ពុជា​ក៏​ជា​សមាជិក​របស់​ICC ដែរ អ៊ីចឹង​អន្តរជាតិ​បើ​ឃើញ​ថា​កម្ពុជា ជួប​ការលំបាក​ក្នុង​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​ការរស់នៅ​ហើយ អាច​នឹង​មាន​ការ​លូកដៃ​ចូល ពេល​នោះ​ខ្ញុំ​គិតថា ភាព​ប្រឈម​គ្នា ឈាន​ទៅ​រក​ដំណោះស្រាយ​ណាមួយ ដែល​ភាគី​អន្តរជាតិ ប្រហែលជា​អាច​លូកដៃ​ចូល​”​។​
ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ លោក ហ៊ាង រិទ្ធី មានប្រសាសន៍ថា ប្រសិនបើ​មានហិង្សា​កើតឡើង​នោះ ប្រទេស​ជា​ភាគី​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​​ទីក្រុង​​បារីស​ មានកាតព្វកិច្ចអន្ត​រាគមន៍​។​
​ប្រធាន​លេខាធិការដ្ឋាន​ប្រតិបត្តិ​ នៃ​គណៈកម្មាធិការ​ប្រព្រឹត្ត​កម្ម​លោក សួន ប៊ុន​ស័ក្តិ លើកឡើងថា អន្តរជាតិ​អាច​លូកដៃ​កម្រិត​ណាមួយ​នោះ ​គឺ​អាស្រ័យ​​​លើ​ទំហំ​នៃ​អំពើហិង្សា​ ៖ “​មាន​វិធានការ​ចាស់ដៃ វិធានការ​ហិង្សា ពី​អាជ្ញាធរ ហើយ​ប្រសិន​វិធានការ​ចាស់ដៃ​ពី​អាជ្ញាធរ​នោះ ប៉ះពាល់​ដល់​អាយុជីវិត​ច្រើន​ប្រជាពលរដ្ឋ ហើយ​កម្រិត​ហិង្សា​នេះ​ធំធេង​អញ្ជឹង វា​អាច​ឈាន​ទៅ​ដល់​បទល្មើស​ព្រហ្មទណ្ឌ​មួយ ដែល​ជា​យុត្តធិការ​របស់ ICC ដែរ ប៉ុន្តែ​យើង​សង្ឃឹមថា ប្រទេស​កម្ពុជា​យើង​គឺ​មិន​ដល់​ថ្នាក់​នោះ ជា​លើក​ទី​ពីរ​ដូច​ករណី​របប​ខ្មែរក្រហម​ទេ​”​។​
តាម​គម្រោង​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ដឹកនាំ​បាតុករ​បិទ​ផ្លូវ​ នៅក្នុង​ខែ​មករា​ខាងមុខ​នេះ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា យល់​ព្រម​​រៀបចំ​​ការ​បោះ​ឆ្នោត​​ឡើង​វិញ៕
សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Tags: សង្គមស៊ីវិល - នយោបាយកម្ពុជា

បទសម្ភាសន៍​​លោក កែម ទ្បី​៖ បើ​​ក្រសួង​​សុខាភិបាល​មិន​មាន​​លទ្ធភាព​សង គេ​អាច​កាត់​ថវិកា​ទាំងស្រុង​តែ​ម្តង​សម្រាប់​ស្រុក​ខ្មែរ​​

ដោយ៖​ ដួង សុខា​ | ថ្ងៃសុក្រ ទី20 ខែធ្នូ ឆ្នាំ2013, ម៉ោង 02:00 PM​

ស្តាប់សំឡេង៖​

ចម្លងទុក
លោកកែម ឡី ​សមាជិក​អនុគណៈកម្មការ​ត្រួតពិនិត្យ​មូលនិធិ​សកល​នៅ​កម្ពុជា (រូបថត ដួង សុខា)
​ មូលនិធិ​សកល​(Global Fund) ដែលជា​អង្គការ​អន្តរជាតិ​មួយ ផ្តល់​ជំនួយ​មក​កម្ពុជា​ក្នុង​វិស័យ​សុខាភិបាល ព្រមាន​ផ្តាច់ ឬ​ផ្អាក​ជំនួយ​របស់​ខ្លួន មក​កម្ពុជា ជាង​១០០ ០០០ ០០០ ដុល្លារ​អាមេរិក ប្រសិនបើ​ក្រសួង​​សុខាភិបាល មិន​សង​លុយ​ជាង ៤៧ ០០០០ ដុល្លារ​អាមេរិក មក​អង្គការ​វិញ នៅ​ត្រឹម​ថ្ងៃ​ទី​៩ ខែ​មករា​ឆ្នាំ​២០១៤​។ របាយការណ៍​មូលនិធិ​សកល ចេញផ្សាយ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៣ បង្ហាញថា ចំនួន​ទឹកប្រាក់​នេះ សម្រាប់​គម្រោង​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើ​ស្បែក កាមរោគ និង​របេង ត្រូវបាន​មន្ត្រី​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណក​សាស្ត្រ​(CNM) និង​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើ​ស្បែក និង​កាមរោគ​(NCHARDS)  នៃ​ក្រសួង​សុខាភិបាល យកមក​ប្រើប្រាស់​ខុស​គោលដៅ​។​
​សមាជិក​អនុគណៈកម្មការ​ត្រួតពិនិត្យ​ មូលនិធិ​សកល​នៅ​កម្ពុជា លោក កែម ទ្បី អះអាងថា របាយការណ៍​នេះ​មានតម្លៃ និង​ឧត្តមភាព​ខ្ពស់​ដែល​អ្នក​ជាប់​​ពាក់ព័ន្ធ​មិន​អាច​បដិសេធ​បាន​។​
VOD៖ តើ​មូលនិធិ​សកល បាន​ជួយ​អ្វីខ្លះ​ក្នុង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​?
​លោក កែម ទ្បី​៖ មូលនិធិ​សកល ស្រុក​ខ្មែរ​យើង​បាន​ទទួល​ក្នុង​៩​ជុំ បាន​៧​ជុំ​។ ៧​ជុំ​[​មាន​] ទឹកប្រាក់​​ប្រហែល​ជា​៣៣០ ០០០ ០០០ ដុល្លារ​[​អាមេរិក​]​។ ក្នុងនោះ គឺ​យើង​បាន​ចាយ​អស់​ប្រហែល​ជា​​ ២០០ ០០០ ០០០​ដុល្លារ ​ហើយ​សម្រាប់​ស្រុក​ខ្មែរ ទៅលើ​វិស័យ​បី​សំខាន់ៗ​។ ទី​១ គឺ​ខាង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺអេដស៍ ទី​២ គឺ​ខាង​ជួយ​ផ្នែក​ជំងឺរបេង ទី​៣ ខាង​ផ្នែក​ជំងឺគ្រុនចាញ់​។ នៅក្នុង​កិច្ច​ការ​ទាំងអស់​នេះ យើង​ឃើញថា តាំងពី​ឆ្នាំ​២០០២ ដែល​ជា​ជុំ​ទី​១ ស្រុក​ខ្មែរ​បាន​ទទួល​[​ជំនួយ​] រហូតមក​ដល់​ជុំ​ទី​៩ នៅ​ឆ្នាំំ​២០០៩-២០១០ សម្រាប់​កិច្ច​ការពារ ហើយ​នឹង​ការព្យាបាល​ជំងឺ​ទាំង​៣​ហ្នឹង រហូតដល់​ឆ្នាំ​២០១៥​។ ភាគច្រើន​ថវិកា​សម្រាប់​ជួយ​ទៅ​លើ​[​ជំងឺ​]​គ្រុនចាញ់ របេង និង​ជំងឺអេដស៍ គឺ​[​បាន​]​មក​ពី​មូលនិធិ​សកល​។ ទី​២ [​ជំនួយ​បាន​]​មកពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​​[​ដើម្បី​អភិវឌ្ឍន៍​​ អន្តរជាតិ​]​។ ទី​៣ [​ជំនួយ​បាន​]​មកពី​ប្រទេស​ផ្សេង​។​
VOD៖ ប្រសិនបើ​ក្រសួង​សុខាភិបាល មិន​អាច​សង​ចំនួន​ប្រាក់​ទាំងអស់ តាម​ការកំណត់ កម្ពុជា​អាច​នឹង​បាត់បង់​ជំនួយ​ប្រមាណ ១០០​លាន​ដុល្លារ​អាមេរិក ពី​អង្គការ​អន្តរជាតិ​មួយ​នេះ​។ តើ​ការ​បាត់​​មូល​និធិ​នេះ​អាច​ប៉ះពាល់​អ្វីខ្លះ ដល់​​វិស័យ​​សុខាភិបាល​?
លោក កែម ទ្បី​៖ ដោយសារ​តែ​យើង​ទទួល​លុយ​ច្រើន​ពី​មូលនិធិ​សកល សម្រាប់​ការកាត់បន្ថយ​ជំងឺឆ្លង ហើយ​ឥ​ទ្បូ​វ​នេះ មូលនិធិ​សកល​តម្រូវ​ឲ្យ​សង​រហូតដ​ល់​ទៅ ៤៧០ ០០០ ដុល្លារ ដែល​យើង​​បាន​យក​លុយ​គេ ដោយ​ខុស​ប្រក្រតី​។ ជាពិសេស ផ្នែក​ជំងឺគ្រុនចាញ់ [​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណក​សាស្ត្រ​] [​ទទួលបាន​] រហូតដល់ ៤១០០ ០០០ ដុល្លារ ហើយ​អង្គការ​មេ​ឌី​ខាំ (MEDiCAM) [​ទទួលបាន​] រហូតដល់ ២០ ០០០ ដុល្លារ​។ ខាង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើ​ស្បែក និង​កាមរោគ [​ទទួលបាន​] រហូត​ទៅ​ដល់ ៤០ ០០០ ដុល្លារ​។ កន្លែង​នេះ គឺ​សំខាន់​ណាស់​។ ប្រសិនបើជា ក្រសួង​សុខាភិបាល​មិន​មាន​លទ្ធភាព​សង​គេ ហើយ​មិន​សង​គេ​ឲ្យទាន់​ពេលវេលា​កំណត់​៣០​ថ្ងៃ​ទេ ទី​១ គេ​[​មូលនិធិ​សកល​] អាច​​កាត់​ថវិកា​​​ទាំងស្រុង​តែម្តង​សម្រាប់​មកជួយ​ស្រុក​ខ្មែរ​យើង​។ វា​ប៉ះពាល់​ហ្នឹង​ធំ​ទីមួយ គឺ​ខ្មែរ​យើង ជាពិសេស អ្នក​ជំងឺអេដស៍​ដែល​កំពុងតែ​ទទួល​ថ្នាំ​ព្យាបាល និង​ការឧបត្ថម្ភ​ផ្សេងៗ ប្រហែល ៥០ ០០០ ទៅ ៦០ ០០០ នាក់​នេះ គឺ​រង​ផលប៉ះពាល់​ខ្លាំង​មែនទែន ពីព្រោះ​ថ្នាំ​ព្យាបាល​ជំងឺ​អេដស៍​មិន​អាច​ផ្តាច់​បានទេ គឺ​ត្រូវ​ទទួល​ការព្យាបាល ការ​លេបថ្នាំ​ជាប្រចាំ​។ រឿង​ទី​ពីរ ផលប៉ះពាល់ ដោយ​សារ​តែ​អត្រា​នៃ​ការ​ផ្ទុកមេរោគ​អេដស៍​ហ្នឹង​នៅ​ខ្ពស់​នៅ​ទ្បើយ នៅ​ស្រុក​ខ្មែរ​។ យើង​ត្រូវការ​ថវិកា​នេះ ដើម្បី​ទប់ស្កាត់​ជាក់ស្តែង ដើម្បី​ឲ្យ​សម្រេច​គោលដៅ​នៅ​ឆ្នាំ​២០១៥ ឬ​២០២០ មិន​មាន​ការឆ្លង ឬ​ស្លាប់​ដោយសារ​ជំងឺ​អេដស៍​។ យើង​មាន​គោលដៅ កាត់បន្ថយ​ទម្រង់​ខ្លះ​នៃ​ជំងឺគ្រុនចាញ់​។ ហើយ​ដល់​[​ឆ្នាំ​]២០២០ ទៅ​[​ឆ្នាំ​]២០៣០ យើង​មាន​គម្រោង​កាត់បន្ថយ​ជំងឺគ្រុនចាញ់​ទាំង​ស្រុង​​តែម្តង ហើយ​បង្កើត​ប្រសិទ្ធភាព​នៃ​ការព្យាបាល​។ អញ្ចឹង បើសិនជា​[​រដ្ឋ​]​អត់​មាន​ថវិកា​ហ្នឹង សំណួរ​សួរថា​តើ​រដ្ឋ​មាន​ថវិកា​ជំនួស ក្នុង​ការសម្រេច​យុទ្ធសាស្ត្រ​ហ្នឹង​ដែរ ឬ​យ៉ាងណា​?
VOD៖ អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណក​សាស្ត្រ លោក ឌួង សុជាតិ ដែល​ជាប់​សង្ស័យ​ពី​ករណី​ពុក​រលួយ​​នេះ បាន​បដិសេធ​ប្រពឹត្ត​អំពើ​ពុក​រលួយ​។លោក ធ្លាប់​ប្រាប់​VOD​ថា របាយការណ៍​របស់​មូលនិធិ​សកល ចេញផ្សាយ​តែមួយ​ចំហៀង មិន​គ្រប់​ជ្រុង​ជ្រោយ និង​មិន​ត្រឹមត្រូវ​។ តើ​លោក​យល់​យ៉ាងណា​ចំពោះ​ការ​លើកទ្បើង​នេះ​?
​លោក កែម ទ្បី​៖ ការសិក្សា​នេះ គឺជា​ការ​សិក្សា​តាមដាន ត្រួតពិនិត្យ​មើល​ការចាយវាយ​ថវិកា​គ្រប់​ជ្រុងជ្រោយ​។ គេ​[​មូលនិធិ​សកល​] មាន​ការពិភាក្សា​គ្រប់​លំដាប់ថ្នាក់ ជាពិសេស​គឺ​ពិភាក្សា​ជាមួយ​ទទួល​ជំនួយ​ផ្ទាល់​​ជាមួយ​អ្នក​ទទួល​ជំនួយ​បន្ត​ ។ ជាពិសេស [​មូលនិធិ​សកល​] ពិភាក្សា​ស៊ីជម្រៅ​ជាមួយ​គណៈកម្មការ​សម្របសម្រួល​។ គេ​យក​ឯកសារ​ចេញពី​កុំព្យូទ័រ​នី​មួយៗ គេ​យក​ខួរ​ក្បាល​​ទៅ​ពិនិត្យមើល ហើ់យ​យើង​មិន​អាច​បន្លំ​គេ​បានទេ គឺ​អ៊ី​ម៉ែ​ល​ឆ្លងឆ្លើយ ឬមួយ​កិច្ច​ការគ្រប់គ្រង​ថវិកា គេ​ត្រួតពិនិត្យ​ច្បាស់លាស់​។ គេ​មាន​ទំនាក់ទំនង​ច្បាស់លាស់​ជាមួយ​ក្រុមហ៊ុន​នៅ​ខាង​ក្រៅ​​[​ប្រទេស​] ដែល​បាន​ផ្តល់​លុយ​ឲ្យ​អ្នកណា​ដែល​ទទួល​លុយ​ហ្នឹង​។ អញ្ចឹង នៅពេល​មុន​នឹង​ចេញ​របាយការណ៍​ហ្នឹង គេ​ឲ្យ​យើង​តវ៉ា បានន័យថា គេ​យក​មក​បង្ហាញ​លទ្ធផល​ហ្នឹង​។ ប្រធាន​​អ្នកសម្របសម្រួល​មូលនិធិ​សកល ឯកឧត្តម ទា ផល្លា ក៏​មិន​បដិសេធ​ទាំងស្រុង​ដែរ នូវ​ការ​ខិលខូច​មួយចំនួន​នោះ​។ យើង​មិន​អាច​ប្រកែក​​​អញ្ចឹង​បានទេ​។ ភស្តុតាង​នៃ​ការស៊ើបអង្កេត បើ​សិន​ជា​យើង​អាន​ទៅ គឺ​មាន​តម្លៃ​ខ្ពស់ មាន​ឧត្តមភាព​ខ្ពស់​ណាស់​នៅក្នុង​គុណភាព​នៃ​របាយ​ការណ៍​​នេះ​។ ខ្ញុំ​គិតថា មូលហេតុ​នៃ​ការផ្លាស់ប្តូរ​អ្នកដឹកនាំ​ដែល​មាន​ការពាក់ព័ន្ធ ឧទាហរណ៍ ដូចជា​នៅ​​មជ្ឈ​មណ្ឌល​​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើ​ស្បែក បើ​យើង​បដិសេធ ហេតុ​អី​បានជា​យើង​បញ្ឈប់​អ្នក​ហ្នឹង​? ហេតុ​អី​បានជា​យើង​ឲ្យ​អ្នកហ្នឹង​ចេញ​?
VOD៖ មូលហេតុ​អ្វី​បានជា​មូលនិធិ​សកល​មិន​ដាក់​ពាក្យបណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) ឲ្យ​ស៊ើបអង្កេត​ករណីនេះ​?
​លោក កែម ទ្បី​៖ មូលនិធិ​សកល​មាន​ការិយាល័យ នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស​។ គេ​មាន​ក្រុម​ស៊ើបអង្កេត​នៅ​ទូទាំង​ពិភពលោក​តែម្តង​។ ក្រុម​ហ្នឹង គឺ​ឲ្យតែ​ប្រទេស​ណា​ទទួល​ថវិកា​ពី​មូលនិធិ គេ​តែងតែ​ចុះមក​ធ្វើ​ការស្រាវជ្រាវ​ពីរ​ឆ្នាំ​ម្តង ឬ​ក៏​បី​ឆ្នាំ​ម្តង​។ គេ​មាន​Mandate [​អាណត្តិ​] របស់គេ តាម​រក​ថវិកា​​របស់​គេ​។ គេ​តាម​ពិនិត្យមើល​ការចាយវាយ​ថវិកា​របស់​គេ ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​។ បើសិនជា [​ការចាយវាយ​]​មិន​ត្រឹមត្រូវ គេ​គ្រាន់តែ​ឲ្យ​សង​គេ​។ បើ​យើង​មិន​សង​ទេ គឺ​យើង​មិន​អាចមាន​លទ្ធភាព​ទទួល​លុយ​របស់​គេ​បាន​ទេ​។ កន្លែង​នេះ​មាន​ឥទ្ធិពល​ជាង​ការប្តឹង​ទៅ​ទៀត​។ ការប្តឹង​ផ្តល់​ជា​សិទ្ធិ​របស់​​គណៈកម្មការ​សម្របសម្រួល​មូលនិធិ​សកល​។ តែ នៅ​ប្រទេស​នី​មួយៗ គេ​បង្កើត​ក្រុម​សម្របសម្រួល​មូលនិធិ​សកល ហើយ​និង​ក្រុម​ត្រួតពិនិត្យ​មូលនិធិ​សកល ដែល​មាន​សមាសភាព​ស​មាជិក​មកពី​រដ្ឋាភិបាល មក​ពី​ដៃគូ​អភិវឌ្ឍន៍ អង្គការ​ស៊ីវិល និង​តំណាង​ជនរងគ្រោះ​។ អ្នក​[​ទាំងអស់​]​ហ្នឹង ដែល​ជា​អ្នកត្រួតពិនិត្យ​ច្បាស់លាស់​។ ប្រសិនបើ [​ពួកគាត់​] ឃើញ​ករណី​ទាំងអស់​ហ្នឹង អ្នក​ហ្នឹង​អាច​ប្តឹង​បាន ពី​ព្រោះ​អ្នក​ហ្នឹង​តំណាង​ឲ្យ​មូលនិធិ​នៅ​តាម​ប្រទេស​នី​មួយៗ ហើយ​ប្រធាន​យន្តការ​សម្របសម្រួល​មូលនិធិ​សកល គឺ​រដ្ឋាភិបាល​។ ឯកឧត្តម ទា ផល្លា រាល់ថ្ងៃ ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ហើយ​គាត់​ជា​ប្រធាន​សម្របសម្រួល​គណៈកម្មកា​រ​មូលនិធិ​សកល​។ អញ្ចឹង​គាត់​មាន​លទ្ធភាព ប្រសិនបើ​គាត់​ឃើញ​[​ការ​ប្រើ​ប្រាស់​​ថវិកា​​​ខុស​​​គោល​​ដៅ​] គេ​[​មូលនិធិ​សកល​] មិន​យល់​ទា​ស់អី​ទេ​។ ខាង​មូលនិធិ​សកល យើង​ត្រូវ​ប្តឹង​តែ​ម្តង​៕
សរសេរមកកាន់លោក ដួង សុខា តាមរយៈ duong.sokha@vodhotnews.com

Tags: មូលនិធិសកល - កែមឡី

លោក សម រង្ស៊ី ឆ្លើយតប​នឹង​លោក ហ៊ុន សែន ចំពោះ​ការបដិសេធ​បោះឆ្នោត​ឡើងវិញ​​

ដោយ៖​ អ៊ឹង ប៊ុនថន​ | ថ្ងៃសុក្រ ទី20 ខែធ្នូ ឆ្នាំ2013, ម៉ោង 02:59 PM​

លោកសម រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះជាតិ (រូបថត តាត ឧត្តម)
​ លោក សម រង្ស៊ី បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​ការបដិសេធ​របស់លោក ហ៊ុន សែន ក្នុង​ការទាមទារ​ឲ្យ​បោះឆ្នោត​ឡើងវិញ និង​ចុះចេញ​ពី​តំណែង បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា​"គ្មាន​ការបោះឆ្នោត​ឡើងវិញ ព្រោះ​គ្មាន​អ្នក​រំលាយ​សភា​"​នោះ​។​
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រាប់​VOD​ថា ការលួចបន្លំ​សន្លឹកឆ្នោត​ក៏​មិន​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែរ​ ​៖ "លោក ហ៊ុន សែន គាត់​បាន​និយាយថា គាត់​មិន​ព្រម​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​ទេ ហើយ​គាត់​មិន​ព្រម​រំលាយ រដ្ឋសភា​ទេ ពីព្រោះ​គាត់​អះអាងថា រដ្ឋធម្មនុញ្ញ​អត់​មានចែង​អំពី​ការរំលាយ​រដ្ឋសភា មុនអាណត្តិ ហើយ​អត់​មានចែង​ពី​នាយករដ្ឋមន្ត្រី ចុះចេញ​ពី​តំណែង​មុនអាណត្តិ យោងតាម​រដ្ឋធម្មនុញ្ញ តែ​ខ្ញុំ​សូម​ឆ្លើយ​ទៅ​គាត់​វិញ​ថា រដ្ឋធម្មនុញ្ញ​ក៏​មិន​មាន​ចែង​ផង​ដែរ អំពី​ការលួចបន្លំ​សន្លឹកឆ្នោត រដ្ឋធម្មនុញ្ញ​មិន​មាន​អនុញ្ញាត ឲ្យ​លួច​បន្លំ​សន្លឹកឆ្នោត ឲ្យ​បោះឆ្នោត​ក្លែងបន្លំ​ទេ អ៊ីចឹង​ហើយ​អត់​មាន​ចែង​ទាំងអស់​ហ្នឹង"។
​លោក ហ៊ុន សែន បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន បន្ទាប់​ចេញពី​ប្រជុំ​សភា​ដើម្បី​បោះឆ្នោត​តែងតាំង​ លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​លោក ចម ប្រសិទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដែល​ត្រូវ​បំបែក​ជា​ពីរ​នោះ ថា​ការបោះឆ្នោត​ឡើងវិញ មិន​អាច​ធ្វើ​ទៅ​បាន​ទេ ព្រោះ​សភា​បច្ចុប្បន្ន​មិន​ត្រូវបាន​រំលាយ ដូច​មានចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ ៖ “​អ្នក​ដែល​មិន​គាំទ្រ​ខ្ញុំ មិនមែន​ត្រឹមតែ​ថ្ងៃនេះ​ទេ តាំងពី​ជំនាន់​ក្រោយ​ពី​រំដោះ​ពី ប៉ុល ពត ភ្លាម​ក៏​គេ​ចង់ឲ្យ​ខ្ញុំ​ចាក​ចេញពី​តំណែង​រួចទៅហើយ អញ្ជឹង​ខ្ញុំ​គ្មាន​ការភ្ញាក់ផ្អើល​ចំពោះ​ការទាមទារ ហើយ​ក៏​ខ្ញុំ​ដឹង​ដែរ ថា​អ្នកណា អ្នក​ឲ្យ​សរសេរ​អំពី “​ហ៊ុន សែន អើយ​ចាកចេញ​ទៅ​” នោះ​ខ្ញុំ​ដឹង មិនមែន​អ្នក​ធ្វើ​បាតុកម្ម​ធម្មតា​ទេ ក៏​ប៉ុន្តែ​គឺជា​មេដឹកនាំ​នយោបាយ ខ្ញុំ​ឡើង​តាម​រដ្ឋធម្មនុញ្ញ ខ្ញុំ​ចុះ​ក៏​ចុះ​តាម​រដ្ឋធម្មនុញ្ញ អញ្ជឹង​សូម​បញ្ជាក់​ឲ្យ​ហើយ គ្មាន​ការបោះឆ្នោត​ឡើងវិញ ព្រោះ​គ្មាន​អ្នក​រំលាយ​សភា ហើយ​ក៏​គ្មាន​យន្តការ​កំណត់ ពី​ការបោះឆ្នោត​មុខ​អាណត្តិ​នោះទេ​”​។​
​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​ឱ​សាទវាទ​ចំនួន​៣​ខែ ឲ្យ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​បោះឆ្នោត​ឡើងវិញ ហើយ​លោក ហ៊ុន សែន ចុះចេញ​ពី​តំណែង និង​ព្រមាន​បាតុកម្ម​បិទផ្លូវ នៅ​ដើមឆ្នាំ​២០១៤​ខាងមុខនេះ​៕
សូមសរសេរមកកាន់ លោក អ៊ឹង ប៊ុនថន​ តាមរយៈ chanthorn@vodhotnews.com

Tags: នយោបាយ - លោក សម រង្ស៊ី

ប្រវត្តិ​នៃ​ពិធីបុណ្យ​អ៊ុំ​ទូក ​ ​

ភ្នំពេញ​៖ នៅ​ខែ​ក​ក្តិ​កមាន​ពិធីបុណ្យ​ជាច្រើន ដែល​ក្នុងនោះ​មាន​ពិធីបុណ្យ​ធំៗ​ចំនួន ៣​គឺ​ពិធីបុណ្យ​ប្រណាំងទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប ដែល​គេ​តែង​រៀបចំ​ជា​រៀងរាល់ឆ្នាំ​នៅ ព្រះរាជាណាចក្រ​កម្ពុជា​។ ពិធីបុណ្យ​ទាំងនេះ​គេ​ប្រារព្ធ​ធ្វើ​ទន្លេចតុមុខ មាន​រយះពេល ៣​ថ្ងៃ គឺ​ចាប់ពី ថ្ងៃទី ១៤, ១៥​កើត ដល់​ថ្ងៃ ១​រោច ខែ​ក​ក្តិ​ក នៅពេល​យប់​មានការ​បណ្តែតប្រទីប​។ រីឯ​ពិធីបុណ្យ​អកអំបុក សំពះ​ព្រះ​ខែ​វិញ គេ​ប្រារព្ធ​ធ្វើ​នៅ​ពាក់​កណ្តាលរាត្រី ១៥​កើត ខែ​ក​ក្តិ​ក តែប៉ុណ្ណោះ​។​ ​

យោងតាម​ឯកសារយោង​របស់​គេហ​ទំព័រ http://km.wikipedia.org បាន​ឲ្យ​ដឹងថា ពិធីបុណ្យ​អុំទូក ត្រូវបាន​គេ​ប្រារព្ធ​ធ្វើ​តាំងពី​សម័យបុរាណ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ពជើងទឹក ខ្មែរ ដែល​បាន​រំដោះទឹកដី​រួចផុត​ពី​ការជិះជាន់ របស់​ពួក​ខ្មាំងសត្រូវ​(​ពួក​ចាម​) ។ ពិធី​នេះ​បានទទួល​ការនិយម​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់ទិសទី ហើយ​នាំគ្នា​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ ដោយមាន​ការប្រណាំង​ទូក​អុំ និង​ទូក​ចែវ​បុរស​-​នារី បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ឆ្លុះបញ្ចាំង​ពី​ជំនឿ​សាសនា​យ៉ាង​មុតមាំ ។

ក្នុងឱកាស​នោះ គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​មកពី​បណ្ដា​ខេត្ត ក្រុង​មួយចំនួន​យក​ទូ​កមក​ប្រណាំង​ដណ្ដើមយក​ជ័យជម្នះ ឱ្យ​ខេត្ត​របស់ខ្លួន​ទៀតផង ។ នៅ​អំឡុង​ឆ្នាំ ១១៧៧ ពួក​ចាម​បាន​លើកទ័ព​មក​ធ្វើការ​លុក​(​លុយ​) ត្រួតត្រា​ប្រទេស​កម្ពុជា​អស់​រយៈពេល​ប្រមាណ​៤​ឆ្នាំ ខណៈនោះ​ព្រះបាទ​ជ័យ​វធន (​ជ័យ​វរ្ម័នទី​៧) បានធ្វើការ​បង្រួបបង្រួម​ជាតិ ចំណាយ​ពេលវេលា​រៀបចំ​យុទ្ធសាស្ត្រ​កងទ័ព ប្រយុទ្ធប្រឆាំង​ចំពោះ​ពួក​ចាម រហូត​ទទួលបាន​ជ័យជម្នះ ហើយ​ព្រះអង្គ​បាន​ឡើង​គ្រង​រាជសម្បត្តិ​ដឹកនាំ​ប្រទេសជាតិ នៅ​ឆ្នាំ​១១៨១ និង​បានធ្វើឱ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន រុងរឿង​ដល់​កម្រិត​កំពូល​ថែម​(​ទៀត​) ។

តាម​ឯកសារ​ប្រវត្តិសាស្ត្រ និង​សិលាចារឹក នានា បាន​បញ្ជាក់ថា ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បាន​ឡើង​គ្រង​រាជសម្បត្តិ​នៅ​រាជធានី​សោធ​បុ​រៈ និង​រៀបចំ​កសាង​ប្រទេសជាតិ​ឡើងវិញ ដូចជា កសាង​ប្រាសាទ សាលាសំណាក់ មន្ទីរពេទ្យ ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ​ពាសពេញ​ផ្ទៃ​ប្រទេស ។​ ​តាមរយៈ​ចម្លាក់​នៅ​ប្រាសាទបាយ័ន គេ​សង្កេតឃើញ​មាន​ប្រាង្គ​ប្រាសាទ​មុខ​បួន​បែរ​នៅ​គ្រប់​ទិស ដែល​ធ្វើឱ្យ​អ្នកប្រាជ្ញ​ជាតិ អន្តរជាតិ​មួយចំនួន​យល់ថា "​ប្រាសាទបាយ័ន ជា​វិមាន​ទេព ក្នុង​រឿងព្រេង​និទាន​មាន​លក្ខណៈ​អច្ឆរិយ​ខ្លាំងណាស់ " ។ នៅតាម​ជញ្ជាំង​នៃ​ប្រាសាទ មាន​ចម្លាក់​ទាក់ទង​ទៅនឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ទំនៀមទម្លាប់​ប្រពៃណី សាសនា សិល្បៈ កីឡា ជាពិសេស​ការធ្វើ​សឹកសង្គ្រាម​ជាមួយ​ពួក​ចាម ដែល​ដឹកនាំ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ទទួលបាន​ជ័យជម្នះ​យ៉ាង​ធំធេង​តាមរយៈ​ចម្បាំង​កងទ័ពជើងទឹក ។

អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ចម្បាំង​កងទ័ពជើងទឹក ដែល​ត្រូវបាន​គេ​ឆ្លា​ក់ជាប់​នឹង​ជញ្ជាំង​យ៉ាង​ល្អ​ប្រណីត​គួរ​ឲ្យ​គយគន់ ខ្លាំងណាស់ ។ ចម្លាក់​នៃ​កងទ័ពជើងទឹក​នេះ​ត្រូវបាន​កុលបុត្រ​ខ្មែរ​ជំនាន់​ក្រោយ ចងចាំ​ពី​គុណបំណាច់​របស់​បុព្វបុរស​ខ្លួន ដែល​បាន​រំដោះទឹកដី​ឲ្យ​រួច​ពី​ការត្រួតត្រា​របស់​ខ្មាំងសត្រូវ ហើយ​នាំគ្នា​ប្រារព្ធ​ធ្វើ​ពិធី​អុំទូក​រម្លឹក​គុណបំណាច់​ដ៏​ថ្លៃថ្លា នេះ​ជា​រៀងរល់​ឆ្នាំ ។

ពិធី​នេះ មាន​តាំងពី​សម័យ​មហា​អង្គរ រហូតមក ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​តែង​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យអុំទូក ដើម្បី​ធ្វើការ​ប្រលង​ប្រណាំងទូក​គ្រប់​ប្រភេទ ទាំង​បុរស និង​ស្ត្រី ដែល​មកពី​គ្រប់​ខេត្ត​ក្រុង ។​ ​ចំណែក​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​ឈាមជ័រ​ដូចគ្នា ទោះបីជា​សព្វថ្ងៃនេះ​បាន​ឃ្លាតឆ្ងាយ​ពី​យើង ហើយ​រស់នៅ​ក្រោម​ការត្រួត​ត្រា​របស់​ប្រទេស​វៀតណាម យ៉ាងណាក៏ដោយ ក៏​ពួកគាត់​នៅតែ​រក្សា​នូវ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ដដែល គេ​តែងតែ​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ជា​រៀងរាល់ឆ្នាំ​មិនដែល ខកខាន​នោះទេ ។ ជា​រៀងរាល់ឆ្នាំ​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម នៅ​ខេត្ត​ឃ្លាំង​បាន​ប្រារព្ធ​ធ្វើ​ពិធី​នេះ ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​របស់​កងទ័ព​ខ្មែរ​នា​សម័យ​មហានគរ ដែល​ដណ្ដើម​ជ័យជម្នះ​ពី​ពួក​ចាម ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ហើយ​រៀបចំ​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​រុងរឿង​ដល់​កម្រិត​កំពូល ។

តាម​ឯកសារ​ស្រាវជ្រាវ​ជ្វ្រា​វ​តន្ត្រី និង​ជីវិត​របស់​អ្នកស្រី​កែវ ណា​រុំ បាន​បញ្ជាក់ថា ស្ដេច​ក្រាញ់ នៅ​កម្ពុជា​ក្រោម ស្រុក​បាសាក់​បានរៀបចំ​កងទ័ព​ជា​៣​ក្រុម ដើម្បី​ការពារ​ភូមិសាស្ត្រ​របស់ខ្លួន គឺ​១-​ទ័ពស្រួច​ហាត់​ច្បាំង​នឹង​ទូក​ដែលមាន​ទ្រង់ទ្រាយ​ដូច​សព្វថ្ងៃ ។ ២-​ទ័ព​ជំនួយ​ហាត់​ច្បាំង​នឹង​ទូក​ចែវ​មាន​ទ្រង់ទ្រាយ​ដូច​ទូក​សព្វថ្ងៃ​ដែរ និង ទី​៣-​ទ័ព​បាសាក់ គឺ​ទូក​ធំ​មាន​ដំបូល​ចែវ​ក្ដោង​រាង​ស្រួច​ដំបូល កាត់មុខ​ឥត​ជញ្ជាំង​សម្រាប់​ផ្ទុក​ស្បៀង​កងទ័ព ។ របៀប​បង្ហាត់​ទូក​ចម្បាំង​នេះ ស្ដេច​ក្រាញ់​នៅ​កម្ពុជា​ក្រោម តែង​ឲ្យ​មន្ត្រី​នៅក្រោម​ឱវាទ ធ្វើ​ការប្រលង​ប្រណាំងទូក​នៅ​ថ្ងៃទី​១៥​កើត ខែកត្តិក ដោយ​ឲ្យ​កេណ្ឌ​ទាហានជើងគោក និង​ជើង​ទឹក​មក​ធ្វើការ​សមយុទ្ធ​ជា​រៀងរាល់ឆ្នាំ រយៈពេល​មួយ​យប់​មួយថ្ងៃ និង​បាន​ក្លាយជា​ទំនៀមទម្លាប់​ដ៏ មាន​សារសំខាន់​សម្រាប់​ជនជាតិខ្មែរ ។​ ​ក្នុង​ពិធី​នេះ មានការ​លយប្រទីប ដើម្បី​ឧទ្ទិស​កុសល​ដល់​ព្រះ​គង្គា និង​ព្រះធរណី​ដែល​បាន​ផ្ដល់នូវ​សេចក្ដីសុខ​សប្បាយ ភោគផល​ក្នុង​ការងារ​កសិកម្ម របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ ។

នៅពេល​យប់ តាម​ក្រសួង​នីមួយៗ មាន​បណ្ដែតប្រទីប​លម្អ​ទៅដោយ​ភ្លើង​ចម្រុះ​ពណ៌​គួរ​ជាទី​គយគន់ និង​បាញ់​កាំជ្រួច​ព្រោងព្រាត ដែលមាន​មនុស្សម្នា​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ បញ្ចេញ​នូវ​ស្នាមញញឹម​គ្រប់គ្នា ។ ចំណែកឯ​ពិធី​អកអំបុក និង​សំពះ​ព្រះ​ខែ​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើឡើង ដើម្បី​រម្លឹក​ដល់​ព្រះ​ពោធិសត្វ ដែល​យកកំណើត​ជា​ទន្សាយ​បាន​លះបង់​អាយុសង្ខារ​ក្នុងការ​បំពេញ​បារមី​ទាន ដល់​ឥន្ទ្រ​ព្រាហ្មណ៍​។ ការគិត​របស់​ព្រះ​ពោធិសត្វ នេះ បាន​ក្ដៅ​ដល់​ឥន្ទ្រ​ព្រាហ្មណ៍ ហើយ​ព្រះអង្គ​បាន​និយាយថា "​ជីវិត​ខ្ញុំ​នឹង​ក្ស័យ​ជាមិនខាន​ធ្វើ​ម្ដេចនឹងបាន​អាហារ​បរិភោគ​" ។

ពេលនោះ​ទន្សាយ​ពោធិសត្វ បាន​ពោលថា "​ខ្ញុំ​មានតែ​សាច់ និង​ឈាម​ត្រូវការ​ឲ្យ​ជា​ទាន បើ​អ្នក​ចង់បាន​ចូរ​រក​អុស​មក​បង្កាត់ភ្លើង​ទៅ​ចុះ ខ្ញុំ​នឹង​លោត​ចូលក្នុង​ភ្លើង​ឲ្យ​បានជា​អាហារ​បរិភោគ​" ។ ឥន្ទ្រ​ព្រាហ្មណ៍​គ្រាន់តែ​ឮដូច្នេះ ក៏​ទៅ​បង្កាត់ភ្លើង​ចំណែកឯ​ទន្សាយ ក៏​លោត​ចូល​ភ្លើង​ភ្លាម​ប៉ុន្តែ ដោយ​អំណាច​នៃ​សេចក្ដី​ជ្រះថ្លា ព្រះឥន្ទ្រ​ក៏​ហោះ​ទៅ​ទ្រ​មិន​ឲ្យ​ភ្លើង​ឆេះ​រោម​មួយ​សរសៃ​ឡើយ ។

ឃើញ​ដូច្នេះ ព្រះឥន្ទ្រ​ក៏​ហោះ​ទៅ​ឋាន​លើ យក​ថ្មកែវ​មនោសិលា​គូស​រូប ទន្សាយ​នៅក្នុង​រង្វង់​ព្រះ​ចន្ទ ជាប់​តាំងពី​នោះ​រហូតមក ហើយ​មនុស្ស​គ្រប់រូប​ឃើញ​រូប​ទន្សាយ​ច្បាស់​នៅ​ថ្ងៃ​១៥​កើត ។ ចំណែក​អ្នកស្រុក​តែង​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ជា​រៀងរាល់ឆ្នាំ ដើម្បី​រម្លឹក​ដល់​ព្រះ​ពោធិសត្វ នៅតាម​វត្ត​អារាម ភូមិ​ស្រុក និង​ទីប្រជុំជន​នានា ដោយមាន​ចេក អំបុក ទឹកដូង ផ្លែឈើ ៕ ​

ប្រវត្តិ​កោះ​ត្រល់​ ត្រូវ​បាន​បញ្ចូល​ក្នុង​ កម្ម​វិធី​សិក្សា​ក្រសួង​អប់​រំ

ភូមិសាស្ត្រកោះត្រល់ នៃដែនសមុទ្រកម្ពុជា ដែលដើមឡើយជា កោះប្រវត្តិសាស្ត្រ នៃ ប្រទេសកម្ពុជា បានត្រូវកត់ត្រា ដាក់ចូលក្នុង សៀវភៅសិក្សាសង្គមថ្នាក់ទី៨ នៃ ការបោះពុម្ពផ្សាយឆ្នាំ ២០១១ របស់ក្រសួងអប់រំ យុវជន និង កីឡា គឺជា ការបង្កើតបាននូវការរំលឹកឡើងវិញ ពី ប្រវត្តិកោះសមុទ្រដ៏ធំមួយនេះ ធ្លាប់ស្ថិតនៅក្នុងការគ្រប់គ្រង របស់ កម្ពុជា កាលពីសម័យរាជាណាចក្រមុនៗ គឺ នៅមុន ការចូលមកដាក់នឹមត្រួតត្រា របស់ អតីតអាណានិគម បារាំងនៅឆ្នាំ១៨៦៣។
នៅក្នុងសៀវភៅសិក្សាសង្គមរបស់សិស្សថា្នក់ទី៨ នៅទំព័រទី៣ បានសរសេរថា តំបន់មាត់សមុទ្រ តំបន់នេះស្ថិតនៅ ប៉ែកនិរតីប្រទេសកម្ពុជា មានខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកែប និង ខេត្តកំពត ហើយចែកចេញជាបីផ្នែក មានទំនាបឆ្នេរ ឆ្នេរ និងឈូង និងមានប្រវែង ៤៤០គីឡូម៉ែត្រ ពីតំបន់ចាំយាមព្រំដែនថៃ ដល់ហាទៀងព្រំដែនប្រទេសវៀតណាម។ ឈូងសមុទ្រកម្ពុជា សំបូរដោយប្រជុំកោះ ដូចជា កោះកុង កោះរ៉ង់ កោះរង់សន្លឹម កោះថ្មី កោះទន្សាយ កោះតាង កោះពូលូវៃ ហៅកោះអាចម៍សេះជាដើម។ ប៉ុន្តែកោះត្រល់ ជាកោះភ្នំដ៏ធំមួយនៅបាំងពីមុខខេត្តកំពត ដែលពីដើមឡើយជាផ្នែកមួយនៃទឹកដីខ្មែរ បច្ចុប្បន្ននេះ បានកាន់កាប់ដោយប្រទេសវៀតណាម ដែលភាសាវៀតណាម ហៅថា កោះភូកុក (Phu Quoc) ។
ប៉ុន្តែប្រវត្តិសាស្ត្រ មិនបានវិលទៅរកអតីតកាលនោះទេ គេថាកង់រទេះវិលបានក៏អាស្រ័យ លើការទាញរបស់សត្វពាហនៈ។ ការកាត់កោះត្រល់ចូលក្នុងទឹកដីកូសាំងស៊ីន គឺជាការទទួលខុសត្រូវមួយរបស់អាណានិគមបារាំង ដែលក្រោយមក វាបានក្លាយជារបស់វៀតណាមដោយជៀសមិនរួច គឺដោយសារតែអតីតអាណានិគមនេះ បានកាត់ដោយជាមួយនឹងទឹកដីកម្ពុជាក្រោមកាលពីថ្ងៃ៤ ខែមិថុនា ឆ្នាំ១៩៤៩។
លោក សឺន ស៊ូប៊ែរ្តិ៍ អ្នកនយោបាយខ្មែរម្នាក់ មកពីគណបក្សសិទិ្ធមនុស្ស និងជាអ្នកវិភាគខាងប្រវត្តិសាស្ត្រខ្មែរមួយរូប មិនបានស្ដីបន្ទោសមកលើមេដឹកនាំខ្មែរគ្រប់ជំនាន់ទេ តែគាត់ថាគឺជាកាតព្វកិច្ចមួយរបស់ប្រទេសអាណានិគមបារាំង ៖”មែនទែនទៅចៅហ្វាយស្រុកនៅ កំពត សូមអោយបារាំងជួយមើលព្រោះពីខ្មែរទៅពិបាកជិះការណូតអីទៅ ជិះទូកទៅម្ល៉ោះហើយអោយបារាំងជួយមើលកោះហ្នឹង បារាំងហ្នឹងវាបានដាក់ចូលទៅក្នុងរដ្ឋបាលកូសាំងស៊ីន ដល់ឆ្នាំ១៩៤៩ បារាំងផ្ដល់កូសាំងស៊ីនទៅ អធិរាជបាវដាវភ្ជាប់តាំងពីកោះត្រល់ហ្នឹងទៅ”។
បើនិយាយពីប្រវត្តិសាស្ត្ររបស់ទឹកដីកម្ពុជា កោះត្រល់ ពិតជាផ្នែកមួយរបស់កម្ពុជា យ៉ាងពិតប្រាកដ ប៉ុន្តែភាពមិនច្បាស់លាស់ បានកើតឡើងនៅពេលអាណានិគមបារាំងបានកាត់តំរឹមខ្សែព្រំដែនទឹកសមុទ្រជាមួយដែនដីកម្ពុជាក្រោម គេហៅថា តំបន់កូសាំងស៊ីន ទៅអោយវៀតណាម ។
ប៉ុន្តែបើវិលទៅរកសម័យកាលស្ដេចអង្គឌួង រហូតមកដល់សម័យកាលរបស់អតីតព្រះមហាក្សត្រព្រះនរោត្តម សីហនុ កាលពីក្នុងទសវត្ស ១៩៦០ ព្រះអង្គមិនដែលបានទទួលស្គាល់ទាំងស្រុងថា កោះត្រល់គឺជាផ្នែកមួយរបស់វៀតណាមនោះទេ។ តែបើគិតមកដល់ពេលនេះ គឺកាន់តែជ្រៅប្រវត្តិសាស្ត្រ ពិតជាមិនវិលត្រឡប់ក្រោយវិញឡើយ។ ការគ្រប់គ្រង កោះត្រល់ ដោយប្រទេសវៀតណាម គឺនៅតែជាកំហុសរបស់អាណានិគមបារាំង និងមេដឹកនាំខ្មែរជំនាន់មុនៗ ។
លោក សុខ ទូច បណ្ឌិតវិទ្យាសាស្ត្រខាងនយោបាយ មានប្រសាសន៍ថា បើគិតទៅអតីតកាល គឺជាការទទួលខុសត្រូវរួមគ្នា ទាំងអាណានិគមបារាំង ក៏ដូចមេដឹកនាំខ្មែរជំនាន់មុន ៖” ការបាត់បង់នេះ ហៅថាពពួក តាមដែលខ្ញុំដឹងវាក្លាយជាឈ្មោះវៀតណាមទៅហើយ ខេត្តច្រើនឯទៀត ដែលប្រែក្លាយជា ខេត្តខ្មែរ ខេត្តឃ្លាំង អីហ្នឹងទៅជា ខេត្តឈ្មោះវៀតណាម នេះជាប្រវត្តិសាស្ត្រមួយ ប្រវត្តិសាស្ត្រនេះ គឺជា ការជូរចត់សម្រាប់ អ្នកដឹកនាំជំនាន់មុនៗ ដែលលោកមិនបានដោះស្រាយរឿងនេះ អោយបានជ្រះស្រឡះ មុននៃការបណ្ដេញអាណានិគមបារាំង”។
កោះត្រល់ ដែលវៀតណាម ហៅថា កោះភូកុក វាមានទំហំដី ៥៧៤គីឡូម៉ែត្រការ៉េ។ បើតាមគេហទំព័រ Wikipedia អន្តរជាតិ វាស្ថិតនៅក្នុងទឹកដីភូមិសាស្ត្រ ខេត្តគៀងអាង ប្រទេសវៀតណាម។ វាជាតំបន់ទេសចរណ៍ ដ៏មានប្រជាប្រិយភាពរបស់វៀតណាម។  វាសម្បូរដោយ ត្រី និង ជាសំបុកចំការម្រេចរបស់ប្រជាជនវៀតណាម។  កោះ Phu Quoc បានក្លាយជាដែនទឹកប្រវតិ្តសាស្ត្រ របស់ វៀតណាម នេះ បើតាមផ្ទាំងសីលាវត្ត Cau វៀតណាម នៅឆ្នាំ១៩៣៧ ។  កាលពីក្នុង សង្គ្រាមវៀតណាម នៅឆ្នាំ១៩៧៣ កោះនេះបានក្លាយជា ជំរុំឃុំអ្នកទោសដ៏ធំបំផុត របស់ វៀតណាមខាងត្បូង។
សំរាប់លោក វ៉ា គឹមហុង ប្រធានគណកម្មាធិការព្រំដែនកម្ពុជា ក៏មានប្រសាសន៍ថា អគ្គទេសាភិបាលបារាំងកាលណោះ បានយកមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន នៅឆ្នាំ១៩៣៩ ហើយក្រោយមកកាត់ទៅអោយវៀតណាមតាមរយៈទឹកដីកូសាំងស៊ីន ៖”ដូច្នេះតាំងពីឆ្នាំ១៩៤៩ បារាំងដាក់អោយភ្ជាប់ខេត្តហាទៀង តាំងពី១៩៤៩ មកដល់ឥឡូវយើងអត់ដែលមានពេលជជែកដេញដោលអោយស៊ីជំរៅទេ រហូតដល់១៩៦៤ព្រះករុណាដាក់ផែនទីទៅអោយអង្គការសហប្រជាជាតិ អោយប្រទេសជិតខាងទទួលស្គាល់ យើងដាក់ខ្សែ ប្រ៊ីយេ អគ្គទេសាភិបាល ថាអោយកោះត្រល់នៅក្រោមការគ្រប់គ្រងហាទៀង ហ្នឹងកំពុងទាមទាររឿងព្រំដែនរវាងប្រទេសកម្ពុជា វៀតណាម ។ វៀតណាមគេអត់ព្រមទេ គេអត់ឆ្លើយទេ”។
បើតាមគេហទំព័រ Wikipedia អន្តរជាតិនៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហម បានចូលវាយលុកហើយបានកាន់កាប់កោះនេះ ប៉ុន្តែភ្លាមៗនោះកងទ័ពវៀតណាមបានចូលដណ្ដើមកាន់កាប់បានវិញ ។
លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មានប្រសាសន៍ថា ជាការល្អ អី្វជាប្រវត្តិសាស្ត្រ គឺត្រូវតែអោយ កូនខ្មែរបានដឹងនោះ បើទោះបីមានការប្រែប្រួលយ៉ាងក៏ដោយ ៖” តាមការពិតប្រវត្តិសាស្ត្រគឺជាមុខវិជ្ជាពិត ហើយខ្ញុំគិតថាអ្វី ដែលក្រសួងលើកឡើងដាក់បញ្ចូលក្នុងកម្មវិធីសិក្សាអប់រំនិយាយពីបញ្ហា ប្រវត្តិកោះត្រល់ ដែលជាកោះរបស់ខ្មែរ ហើយបានចូលក្នុងសៀវភៅសិក្សាប្រវត្តិសាស្ត្រ យើងគិតថាចង់អោយកូនខ្មែរបានដឹងលឺស្វែងយល់អំពីប្រវត្តិសាស្ត្រអំពីកោះត្រល់”។
យ៉ាងណាក៏ដោយគេថា រឿងរ៉ាវប្រវត្តិសាស្ត្រនៃដែនទឹកសមុទ្រកោះត្រល់ ដែលវៀតណាម ហៅថា កោះភូកុក វាបានដើរឆ្ងាយជិត ១០០ឆ្នាំ ទៅហើយបើយើងក្រឡែកទៅរកអតីតកាលគឺសែនឆ្ងាយសន្លឹម ដូចជើងមេឃតែបើតាមសៀវភៅសិក្សាសង្គមថ្នាក់ទី៨ នៃក្រសួងអប់រំប្រទេសកម្ពុជា កោះត្រល់ ឬកោះភូកុក គឺជាកោះភ្នំដ៏ធំមួយនៅបាំងពីមុខខេត្តកំពត។ បើយ៉ាងណាប្រវត្តិសាស្រ្តបានរំកិលទៅមុខគ្មានពេលឈប់ឡើយ៕
ប្រភពឯកសារ៖ សំឡេងប្រជាធិបតេយ្យ (VOD)-ប្រវត្តិកោះត្រល់

ប្រវត្តិ​ពិធីបុណ្យ​បណ្ដែតប្រទីប

ពុទ្ធបរិស័ទ​ ខេមរា​ជាតិ តែងតែ​ធ្វើ​ពិធី​បណ្ដែតប្រទីប នៅ​យប់​ពេញបូណ៌មី​ខែអស្សុជ ក្រោយមក​គេ​ក៏​លើក​យកមក​ធ្វើ​នៅវេលា​យប់​ថ្ងៃទី១៤ ១៥កើត និង ១រោច ខែ​ក​ត្ដិក​វិញ ដើម្បី​បូជា​ជូន​ចំពោះ​ព្រះ​ចង្កូម​កែវ នៅ​ពិភពនាគ ព្រះពុទ្ធ​បាទ​នៅ​ស្ទឹង​ន​ម្មនា និង​នៅ​កន្លែង​៝ទៀតៗ ដោយ​ប្រជាជន​មានជំនឿថា ជា​កុសល​យ៉ាង​ធំ​ហើយ​បានផ្ដល់​ផល​យ៉ាង​ប្រសើរ ដើម្បី​សេចក្ដីសុខ​ចម្រើន​រុងរឿង​ដល់​ខ្លួន ដល់​ប្រជាជន និង​ប្រទេសជាតិ​ផងដែរ។

យោងតាម​គម្ពីរ​ទាឋា​វត្ស​ភាសាបាលី ដែលមាន​ចែង​ពី​ទី​ដែល​ព្រះ​ចង្កូម​កែវ​ទាំង៤ នៃ​ព្រះសម្មាសម្ពុទ្ធ​ប្រតិ​ស្ថាន​នៅ ទី​ទាំង៤នោះ​គឺ៖ ទី១ នៅ​ត្រៃ​ត្រឹង​សួគ៌ ទី២ នៅ​ពិភពនាគ ទី៣ នៅ​ស្រុក​គ​ន្ធា​រៈ និង​ទី៤ គឺ​នៅ ទន្ត​បរៈក​លិង្គ​រដ្ឋ។ ចំណែកឯ​ពាក្យ​សរសេរ​ដោយ​ព្រះបាទ​យស្ស​បា​ទេ ទាំង​បាលី ទាំង​សម្រាយ ក៏បាន​ចែងថា ព្រះពុទ្ធ​បាទ​នៃ​ព្រះសម្មាសម្ពុទ្ធ​ប្រតិ​ស្ថាន​នៅ​ទី​ទាំង៥ ក្នុង​ភាណវារៈ​ផងដែរ ទី​ទាំង៥នោះ​គឺ ទី១ នៅ​សុវណ្ណ​មា​លិ​កប​ព៌​ត ទី២ នៅ​សុវណ្ណ​ប​ព៌​ត ទី៣ នៅ​សុ​មន​កូដ​ប​ព៌​ត ទី៤ នៅ​យោ​នគរបុរី និង​ទី៥ នៅ​ស្ទឹង​នម្ម​ទា។

ពិធី​បណ្ដែតប្រទីប​នេះ គេ​ប្រារព្ធ​ឡើង​នៅក្រោយពេល​ពិធីបុណ្យ​អុំទូក​នៅ​ថ្ងៃនីមួយៗ វេលា​ម៉ោង៦យប់​គេ​ចាប់ផ្ដើម​អុជ​ប្រទីបជ្វាលា​នៅ​ដំណាក់​ផែ​មុខ​ ព្រះបរមរាជវាំង ។ ប្រទីបនីមួយៗត្រូវមាន​រចនា​រូបភាពផ្សេងៗគ្នា ដើ​យ​បណ្ដែត​ខ្លួន​លូនសន្សឹមៗ យ៉ាង​សង្ហារ​នៅលើ​ផ្ទៃ​ទន្លេ និង​មាន​ពិធី​បាញ់​កា​ជ្រួច​ចម្រុះ​ពណ៌​ជាច្រើន​ទៀតផង​ដែរ៕


ដកស្រង់​ចេញពី​សៀវភៅ​សិក្សា​សង្គម គេហវិទ្យា ថ្នាក់​ទី៩របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ឆ្នាំ២០០១ ទំព័រ​ទី១២៩ ដល់ ១៣៣ ។

ប្រវត្តិ និង ជំនឿ​នៃ​ការជូន​កាដូ​ឆ្នាំ​ថ្មី​



នាពេល​បំណាច់​ឆ្នាំ​ចាស់ ផ្លាស់​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​​២០១០ កន្លងមកនេះ តើ​លោកអ្នក​មាន​បានទទួល​កាដូ​អ្វីខ្លះ ពី​មិត្តភក្តិ ឬ​សាច់ញាតិដែរទេ​? ឬ​បាន​​ជូនកាដូ​ដល់​អ្នក​ណាខ្លះ ហើយ ?

    * ​ទោះបី​ជា​អ្នក​ខ្លះ មិនមាន​ទម្លាប់​ជូន​កាដូ​​គ្នាទៅវិញទៅមកក៏ដោយ តែ​ប្រពៃណី​ជូន​កាដូ​ឆ្នាំ​ថ្មី ក៏ដូចជា​បុណ្យ​គ្រិស្ត​ម៉ាស់(​ណូអែល​) នៅ​អឺរ៉ុប បាន​សាយ​
​ភាយ​ឥទ្ធិពល​មក​ដល់​ទ្វីប​អាស៊ី រួម​ទាំង​ប្រទេសកម្ពុជា​ផងដែរ ហើយ​ខាងក្រោម​នេះ​ជា​ប្រវត្តិ នឹង​ជំនឿ​ខ្លះៗ ស្តីអំ​ពី​ការជូន​កាដូ​ឆ្នាំ​ថ្មី នៅលើ​ពិភពលោក​... ។​
    ​* ចំពោះជនជាតិ​រ៉ូ​ម៉ាំង ជា​អ្នក​ដំបូង​គេ ដែល​មាន​ប្រពៃណី​ជូន​អំណោយ (​កាដូ​) ឆ្នាំ​ថ្មី ។ ពី​ដើមឡើយ ជនជាតិ​រ៉ូ​ម៉ាំង មានតែ​ពិធីសុំ​
​ពរ​ទេវតា រៀងរាល់​ដើមឆ្នាំ​ប៉ុណ្ណោះ ដោយ​ក្នុង​ពិធី​មាន​ការ​សម្លាប់​ព​ពែ ឬ​ចៀម ថ្វាយ​ម្ចាស់​ទឹក​ម្ចាស់​ដី យ៉ាង​គគ្រឹកគគ្រែង ហើយ​គេ​ក៏​ឆ្លៀត​
​ឱកាស​ឲ្យកាដូ​ដែរមានតម្លៃ ទៅតាម​លទ្ធភាព​ជូន​សមាជិក​ព្រឹទ្ធសភា ដែល​គ្រប់គ្រង​ចក្រភព​រ៉ូម នា​សម័យ​នោះ ដើម្បី​ឲ្យ​ការរស់នៅ​បាន​សុខ​ស្រួល
ហើយ​ប្រពៃណី​បែបនេះ បាន​​សុសសាយ​ទូទាំង​ពិភពលោក រហូត​មកដល់​បច្ចុប្បន្ននេះ ។​
    * ​ចំពោះ​មិត្តសំឡាញ់ណា​មិនទាន់​មាន​គូគាប់​ ជនជាតិ​រ៉ូម ​ជូន​ត្រឹមតែ​មែកឈើ​ស្រស់ប៉ុណ្ណោះ ដើម្បី​ជូនពរ​ឲ្យ​មាន​សំណាង​ល្អ មាន​
​ជ័យជំនះ សុខភាព​ល្អ​ដូចជា​មែកឈើ​ស្រស់ពេញ​មួយឆ្នាំ ។ ប៉ុ​​ន្តែ សម្រាប់អេ​ហ្ស៊ី​បវិញ ការជូនកាដូ​ឆ្នាំ​ថ្មី​ដែល​ល្អ​បំផុត​គឺ​ស៊ុត ព្រោះ​ពួកគេ​មានជំនឿថា
ស៊ុត ជារបស់សម្គាល់​នៃ​ជីវិត​ការ​ចាប់កំណើត និង​ការ​ចាប់ផ្តើមជាថ្មី លុះ​មកដល់​ឆ្នាំ​ថ្មី ​គេតែង​យក​ស៊ុត មក​ប្រឡង​ថ្វី​ដៃគ្នា ដោយការ​គូររូប​លើ​សំបក​ស៊ុត យ៉ាង​ស្អាត
ហើយ​យក​ទៅ​ឲ្យ​សាច់ញាតិ ឬមិត្ត​ជាទី​ស្រ​​លាញ់ ទុក​ជា​ការ​ជូនពរឲ្យ​មាន​សំណាង​ល្អ ។​
    * ​ចំពោះជនជាតិ​អឺរ៉ុប ដែល​មាន​វិទ្យាសាស្ត្រ​ជឿនលឿន តែង​តែនិយម​ជូន​ប្រតិទិន​ ឬ​សៀវភៅ​ឲ្យ​គ្នា​ទៅវិញទៅមក ព្រោះ​ក្នុងពេលនោះ​
​វត្ថុ​ទាំង​២​នេះ មានតម្លៃស័ក្តិសម​ជា​កាដូ​បំផុត ។​
    ​* ចំពោះជនជាតិ​ចិន​បុរាណ គេនិយម​ជូន​ស្លឹក​តែ ក្នុង​ប្រអប់​យ៉ាងស្អាត ជា​កាដូ​ចំពោះ​គ្នា ព្រោះជា​និមិត្តរូបនៃ​ភាព​មានបាន សម្បូរ​សប្បាយ យកទៅ​ជូន​ផ្ទះ​ណា
​គេ​ពេញចិត្ត​ទទួល ហើយ​អ្នក​ទទួល ក៏មាន​សំណាង​ល្អ រីឯ​អ្នក​ប្រគល់ឲ្យ ក៏​បាន​សុខ​សប្បាយ​​​ដែរ គេ​ចាត់ទុក​ជា​កាដូ​ផ្តល់​ផល​ល្អ​ទាំង​សងខាង ។​
    ​* បើ​និយាយ​ពី​កាដូ​ពេញនិយម​បំផុត របស់​ជនជាតិ​ចិនវិញនោះ គឺគ្មាន​អ្វី​ល្អ​ជាង​ផ្លែក្រូច​ទេ ។ គ្រាន់តែ​យក​ផ្លែក្រូច​ពណ៌​មាស​លឿង​ឆ្អៅ ដាក់​
​កន្ត្រក ទៅជូន​ម្ចាស់ផ្ទះ​នោះ គេ​នឹង​ត្រេកអរ​ ហើយ​សូម្បី​មក​ទល់​សព្វថ្ងៃ ផ្លែក្រូច​​នៅតែ​មាន​ភាព​លេចធ្លោ នៅក្នុង​គេហ​ដ្ឋា​នរបស់​ជនជាតិ​ចិន គ្រប់ៗ​ផ្ទះ ព្រោះ​វា​គឺជា​និមិត្តរូប​នៃ​សេចក្តីសុខ មាន​ទ្រព្យសម្បត្តិ  ដែល​ជនជាតិ​ចិន និយម​ហៅ​ថា ‹​ហេងៗ​នោះឯង​
​។ ក្រៅពីនេះ សព្វថ្ងៃ​ក៏​មាន​ការនិយម​ជូន​កាដូ​ដល់​គ្នា ជា​វត្ថុ របស់របរ​ប្រើប្រាស់​ផ្សេងៗ រួម​ទាំង​លុយ​កាក់​ផងដែរ ជាពិសេស​សម្រាប់​ជនជាតិ​ចិន និ​​យម​ជូន​ប្រាក់​ក្នុង​ថង់​ក្រហម ដែល​គេ​ហៅថា ‹​អាំង​ប៉ៅ​នោះឯង​... ៕