សម្រាប់
បុរសៗនៅក្នុងកន្លែងធ្វើការ
ការប្រណាំងប្រជែងគ្នានៅក្នុងកន្លែងធ្វើការ
មិនមែនដើម្បីខំប្រឹងធ្វើឲ្យការងារបានប្រសើរឡើងនោះទេ
តែភាគច្រើនយើងប្រកួតគ្នាប្រជែងគ្នានៅក្នុងកន្លែងធ្វើការ
ដើម្បីបង្ហាញ ឬចង់ឲ្យមានការចាប់អារម្មណ៍ពីអ្នកធ្វើការដូចគ្នា
ឬពីអ្នកចាត់ការ តាមរយៈអ្វីដែលយើងបានធ្វើរួចហើយ។
អ្នកធ្វើការតែងតែគិតថាការធ្វើឲ្យខ្លួនឯងលេចធ្លោជាងគេនៅក្នុង
កន្លែងធ្វើការ គឺជារឿងមួយសំខាន់ណាស់
ព្រោះវាមានទាក់ទងដល់ការឡើងឋានៈ ឡើងប្រាក់ខែ
ទទួលបានការងារល្អសម្រាប់ធ្វើ
និងទទួលបាននូវការគោរពក្នុងកន្លែងដែលយើងធ្វើការ។
សម្រាប់អ្នកដែលមកធ្វើការដើម្បីបង្គ្រប់ម៉ោង
មិនបានដាក់ចិត្តដាក់កាយជួយធ្វើឲ្យក្រុមហ៊ុនប្រសើរឡើង
ដោយការខំប្រឹងប្រែងចំពោះការងារ
ឬយកចិត្តទុកដាក់ជាមួយអ្វីដែលត្រូវធ្វើ អ្នកធ្វើការប្រភេទនេះ
មិនត្រូវបានគេរាប់ថា ជាសរសៃឈាមមួយរបស់ក្រុមហ៊ុននោះឡើយ
ព្រោះអ្នកធ្វើការបែបនេះ គ្រាន់តែជាអ្នកធ្វើការក្នុងក្រុមសាមញ្ញមួយ
មិនអើពើចំពោះអ្វីទាំងអស់ដែលជាផ្នែករបស់ក្រុមហ៊ុន។ការយកទឹកចិត្ត
ផ្ទាល់របស់ខ្លួនមកបូកបញ្ចូលជាមួយការងាររបស់កន្លែង
ដែលយើងធ្វើការអាចធ្វើឲ្យយើងរក្សាបាននូវការងារនោះ
និងបានស្ថិតនៅក្នុងក្រសែភ្នែករបស់ក្រុមហ៊ុន និងអ្នកចាត់ការជានិច្ច។
ខាងក្រោមនេះ
គឺជាគោលខ្លះៗដែលអាចជួយឲ្យយើងលេចធ្លោជាងគេក្នុងចំណោមអ្នកដទៃ?
ហើយត្រូវចាំពាក្យមួយថា
“យើងត្រូវបានជួលឲ្យធ្វើការដើម្បីធ្វើការអ្វីមួយឲ្យ
គេ”តែការគ្រាន់តែមកបំពេញការងារ
តែមួយមុខ វាមិនទាន់គ្រប់គ្រាន់ឡើយ
ព្រោះយើងត្រូវបានជួលមកដើម្បីជាផ្នែកមួយរបស់ក្រុមហ៊ុន
និងបង្កើតជាសម្ព័ន្ធមួយ ដែលមានយើងនៅក្នុងនោះដែរ
ដូច្នេះអ្វីដែលយើងធ្វើ គឺធ្វើដើម្បីក្រុមហ៊ុន
និងក្នុងបំណងរបស់ក្រុមហ៊ុន នោះទើបហៅថា
យើងជាអ្នកធ្វើការសម្រាប់ក្រុមហ៊ុននោះ
ព្រោះក្រុមហ៊ុនដែលយើងធ្វើការឲ្យពឹងទាំងស្រុងចំពោះអ្នកធ្វើការ
ទាំងអស់របស់ក្រុមហ៊ុន បើមានអ្នកធ្វើការណាម្នាក់មិនសកម្មនោះ
ភពកម្សោយរបស់ក្រុមហ៊ុន និងកើតឡើងទៅតាមហ្នឹងដែរ។
នៅក្នុងយុគសម័យនេះ
ការប្រកួតគ្នារកការងារធ្វើ និងការប្រជែងគ្នានៅក្នុងកន្លែងធ្វើការ
គឺជារឿងមួយចាំបាច់ណាស់ ដើម្បីរក្សាការងារនោះផង
និងដើម្បីទទួលបាននូវការសាទរពីក្រុមហ៊ុនផង។
ខាងក្រោមនេះ គឺ ១០យ៉ាងដែលគួរធ្វើ :
១- ធ្វើដោយមិនចាំបាច់គេប្រាប់ឲ្យធ្វើ : តើអ្វីទៅដែលធ្វើឲ្យចៅហ្វាយនាយពេញចិត្តចំពោះយើង?
ត្រូវមើល
និងធ្វើអ្វីដោយរាប់តាំងពីកិច្ចការតូចតាចឡើងទៅ រហូតដល់កិច្ចការធំៗ
ដែលត្រូវបានដាក់ឲ្យធ្វើ
ត្រូវព្យាយាមធ្វើឲ្យបានចប់មុនអ្វីដែលជាពេលវេលាបានកំណត់ឲ្យ“
ត្រូវធ្វើការនេះដោយការតាំងចិត្ត
តែមិនមែនដោយពេលនៃម៉ោងធ្វើការនោះទេ” បើយើងគិតថា
ម៉ោងធ្វើការសំខាន់ជាងការបង្ហើយកិច្ចការ
ឬត្រូវយកវាទៅធ្វើនៅឯផ្ទះនោះ កិច្ចការនោះនឹងត្រូវពន្យា។
ត្រូវចាំថា
អ្នកចាត់ការដែលជាចៅហ្វាយនាយ បីដូចជាគ្រូបង្វិលម្នាក់ដូច្នោះ
បើយើងយល់ពីអ្វីដែលត្រូវធ្វើនោះ គ្រូបង្វឹកនឹងគិតថា
យើងបានយកអ្វីដែលបានបង្ហាត់មកធ្វើដោយប្រើគំនិតខ្លួនឯងផ្សំ
មិនមែនគ្រាត់តែជាការប្រាប់ដោយគ្រូបង្វឹកនោះឡើយ។
ការងារក៏ដូច្នោះដែរ អ្វីដែលត្រូវបានប្រគល់ឲ្យយើងធ្វើ
គឺជាអ្វីដែលគេដឹងថា យើងអាចធ្វើបានដូច្នេះសមត្ថភាពរបស់យើង
គឺជាឈ្មោះនៃការងារដែលមានក្នុងដៃរបស់អ្នកចាត់ការ ការរំពឹងថា
ការងារនោះអាចត្រូវបានធ្វើ គឺអាស្រ័យដោយសមត្ថភាព
និងភាពប្រាកដប្រជារបស់អ្នកធ្វើ
ហើយនេះគឺជាអ្វីដែលអ្នកចាត់ការសម្លឹងរក
“តើយើងជាម្នាក់ដែលគេត្រូវការនោះទេ?”
ការធ្វើការបានចប់ចុងចប់ដើម
ដោយគ្មានកំហុសចំពោះអ្វីដែលបានធ្វើ វាគឺជា Credit
សម្រាប់យើងនៅពេលខាងមុខ
ហើយក៏ជាម្នាក់ដែលអ្នកចាត់ការត្រូវការបំផុតដែរតែសម្រាប់អ្នកដែល
ធ្វើការបានចប់សព្វគ្រប់ដែរ
តែនៅមានកំហុសមិនបានពិនិត្យឲ្យចប់សព្វគ្រប់ជ្រុងជ្រោយ ពិតជាមិនមែន
�ម្នាក់� ដែលអ្នកចាត់ការសម្លឹងឃើញឡើយ ព្រោះគេយល់ថាអាចធ្វើបាន
តែខ្វះការទទួលខុសត្រូវនិងមិនហ្មត់ចត់ក្នុងការងារ
គ្រាន់តែជាអ្នកធ្វើឲ្យចប់ការងារ និងខ្ជីរខ្ជារក្នុងការងារ។
បើអ្វីដែលយើងត្រូវធ្វើជា �ក� និង �ខ� ហើយ
�គ�ដែលជាកិច្ចការរបស់អ្នកផ្សេងមិនទាន់ធ្វើហើយ តែយើងអាចជួយគេបាន
ឬចូលរួមជួយគេបាន សូមលូកដៃជួយ ឬចូលរួមជួយគេចុះ ការធ្វើដូច្នេះ
គឺយើងខ្លួនឯងបានបញ្ជូនសញ្ញាប្រយោលមួយឲ្យទៅចៅហ្វាយនាយរបស់យើង
រួចទៅហើយថា យើងគឺជាបុគ្គលិកសកម្មម្នាក់
យកចិត្តទុកដាក់ដល់ការងាររបស់ក្រុមហ៊ុន
ដោយមិនចាំបាច់ត្រូវរុញពីក្រោយដោយក្រុមហ៊ុនឲ្យធ្វើនេះ
ហើយដែលគេហៅថា “ធ្វើដោយមិនចាំបាច់គេប្រាប់ឲ្យធ្វើ”។
២- មិនត្រូវអង្គុយនៅស្ងៀមក្នុងពេលប្រជុំឡើយ
ការប្រជុំ
គឺជាការរំខានដល់ដំណើរការនៃការងាររបស់ក្រុមហ៊ុន
ពីព្រោះគ្មានអ្វីត្រូវបានធ្វើនៅក្នុងពេលប្រជុំនោះឡើយ។
សម្រាប់បុគ្គលិក
ដែលបានចូលរួមប្រជុំខ្លះគ្រាន់តែចូលរួមប្រជុំតែក្នុងអារម្មណ៍
របស់គាត់គឺ “ស” ទទេស្អាត នៅក្បែរជញ្ជាំង ឬរវល់ចុចមើលទូរស័ព្ទ
នេះមិនជាអ្វីដែលត្រូវធ្វើនោះឡើយ
កុំតាំងខ្លួនធ្វើជាអ្នកដែលគ្រាន់តែបានចូលរួមប្រជុំដែរ
ត្រូវនិយាយចេញពីអ្វីដែលមាន ចូលរួមផ្តល់ជាយោបល់ បើយើងយល់ថា
វាសមគួរសម្រាប់ការនិយាយចេញ
តែមិនត្រូវទៅបញ្ច្រាស់ទិសរបស់កម្មវត្ថុក្នុងអង្គប្រជុំនោះឡើយ។
តែក៏មិនត្រូវនិយាយសម្រាប់ខ្លួនឯងដែរ គឺនិយាយក្នុងនាមជាអ្នកចូលរួម
ជាសម្លេងមួយដែលគេស្តាប់បាន ហើយចង់ឮ
មិនត្រូវរួញរាក្នុងការនិយាយប្រឆាំងចំពោះអ្នកផ្សេង
ដែលនិយាយមិនត្រឹមត្រូវ
សូម្បីចៅហ្វាយនាយក៏ដោយចុះ តែក្នុងន័យការងារ
និងដោយគោរពសម្រាប់ការលូតលាស់របស់ក្រុមហ៊ុន។
ការចាំតែយល់ព្រមតាមនោះ មិនមែនជារឿងល្អនោះទេ តែគួរព្រមតាម
បើយល់ថា វាល្អ ហើយភាគច្រើនយល់ថា ល្អដែរ។
គ្មានអង្គប្រជុំណាមួយចប់ទៅដោយគ្មានសំនួរ និងចម្លើយនោះឡើយ
ដូច្នេះការបញ្ចេញយោបល់ក្នុងអង្គប្រជុំគឺ
អ្វីដែលជាការមួយគួរធ្វើប្រសើរជានៅស្ងៀមឈឹង
រង់ចាំតែស្តាប់ដោយដាក់អារម្មណ៍របស់យើងជាពណ៌ “ស”។
៣- បង្កើនទំនាក់ទំនងល្អជាមួយអ្នកធ្វើការ
គួរតាំងខ្លួនជាបុគ្គលិក
ដែលមិនចូលបក្សសម្ព័ន្ធណា មានន័យថា នៅក្នុងក្រុមហ៊ុនទាំងមូល
តែងមានក្រុមរបស់បុគ្គលិកដែល “ក” ជាបក្ស “ក” នៅពួកផ្សេងគ្នា
បើមើលឃើញមានរឿងបែបណានេះ
មិនត្រូវបណ្តាយឲ្យខ្លួនយើងក្លាយទៅជាមនុស្សម្នាក់ធ្លាក់ចូលទៅ
ប្លុករបស់ក្រុមណាមួយឡើយ គួរប្រកាន់យកភាពជាកណ្តាល
ព្រោះវាមានឱកាសច្រើន អាចឲ្យយើងបានស្គាល់ទាំងអស់គ្នា
និងនិយាយចូលជាមួយពួកគេបានទាំងអស់គ្នាដែរ។
ការចូលរួមជាមួយពួកណាមួយ
អាចឲ្យយើងបាត់បង់នូវតម្លៃជារួមមួយ
ហើយអាចក្លាយទៅជាគោលដៅនៃអ្នកនៅក្នុងពួកផ្សេងៗ
ក្នុងនោះមានទាំងការចាក់រុក ឈ្នានិះ និន្ទាព្យាបាទ
និងការរើសអើងផក៏សឹងមាន។
ដូច្នេះ
បើយើងអាចស្តាប់ជាមួយពួកអ្នកធ្វើការទាំងអស់
អាចនិយាយជាមួយអ្នកធ្វើការទាំងអស់
និងបើអាចរាប់អានជាមួយពួកគេទាំងអស់នោះ គឺជាការប្រសើរបំផុត
និងមានឈ្មោះថា យើងគឺជាបុគ្គលិកម្នាក់ដែលមានតម្លៃសម្រាប់ក្រុមហ៊ុន
ព្រោះយើងចេះសម្របខ្លួនរបស់យើងជាមួយអ្នកធ្វើការជាមួយ
និងចេះរកវិធីបង្កើតឲ្យមានទំនាក់ទំនងល្អជាមួយបរិស្ថានការងារ
នៅក្នុងកន្លែងធ្វើការ នេះគឺជាអ្វីដែលក្រុមហ៊ុននានាចង់បាន
នោះគឺបុគ្គលិកម្នាក់ដែលមិនបង្កបង្ហាឲ្យដល់ក្រុមហ៊ុន
និងជ័រសម្រាប់ផ្សារភ្ជាប់ភាពមិនស៊ីសង្វាក់ក្នុងចំណោអ្នកធ្វើការ
ជាមួយគ្នា។
៤- សម្លៀកបំពាក់ ដែលបង្ហាញពីបុគ្គលិកលក្ខណៈ
នៅក្នុងកន្លែងធ្វើការ
វាជារឿងមួយដោយឡែក និងខុសពីការស្លៀកពាក់នៅផ្ទះ ឬចេញដើរខាងក្រៅ។
អ្នកខ្លះយល់ថា ការរៀបចំខ្លួនតាមស្ទីលមួយប្លែកពីអ្នកដទៃ
អាចជួយធ្វើឲ្យគេលេចធ្លោជាងគេក្នុងចំណោមអ្នកដទៃ
គឺជាអ្វីដែលគេត្រូវធ្វើ
តាមពិតទៅការស្លៀកពាក់ឲ្យចូលដល់កម្រិតមួយស៊ីវិល័យពេក
អាចត្រូវបានមើលមកក្នុងរូបភាពមួយមិនល្អទៅវិញទេទាំងអ្នករួមការងារ
ជាមួយ និងពីភ្នែករបស់អ្នកខាងលើៗ ព្រោះគេអាចគិតថា
យើងជាមនុស្សលេងខ្លួនពេក ឬហួសហេតុពេកពីគេឯង។
នៅកន្លែងធ្វើការ
គួរប្រើសម្លៀកបំពាក់សមស្របសម្រាប់ស្ថានភាពនៃការងារ
និងសម្លៀកបំពាក់តម្រូវដោយកន្លែងធ្វើការ។ មួយវិញទៀតនោះ
មិនគួរយកកន្លែងធ្វើការធ្វើជាកន្លែងបង្ហាញម៉ូដសម្លៀកបំពាក់
ឬជាទីតាំងនៃការបង្អួតគ្នានៃភាពស៊ីវិល័យរបស់យើងនោះទេ
ការធ្វើបែបនេះ គឺជាការខ្ជះខ្ជាយលុយកាក់ដែលរកបានមកដោយលំបាក
តែគួរទុកសម្លៀកបំពាក់នោះសម្រាប់ការដើរកំសាន្ត
ឬក្នុងពិធីផ្សេងៗវិញ។
ទោះបីជាអ្វីដែលយើងស្លៀកពាក់នោះ
គឺជាទ្រព្យរបស់យើងជាបំណងរបស់យើង ជាចំណង់ចំណូលចិត្តរបស់យើងក្តី
ប៉ុន្តែកន្លែងធ្វើការទាមទារត្រឹមចំណេះដឹង
និងកម្លាំងព្រមជាមួយទឹកចិត្តរបស់យើងតែប៉ុណ្ណោះ មិនគួរយកភាពហ៊ឺហា
ឬភាពស្រស់ស្អាតមកលាយជាមួយនោះឡើយ
លើកលែងតែយើងមានគំនួចិត្តជាសម្ងាត់ជាមួយអ្នកណាមួយ
ហើយព្យាយាមចង់ទាក់ទាញការចាប់អារម្មណ៍ពីគេម្នាក់នោះ ឬចង់បង្ហាញថា
ខ្លួនយើងនេះគ្រាន់បើជាងគេ។
និយាយជារួមទៅ
ការស្លៀកពាក់ក្នុងទម្រង់មួយបែបដាមញ្ញ តែក្នុងសភាពថ្លៃថ្នូរ
គឺជាប្រការមួយគួរធ្វើឲ្យប្រសើរជាងលេងស្ទីលបែបសម័យទំនើប
ដែលនាំឲ្យខាតបង់ប្រាក់និងជួនកាលអាចត្រូវគេពេបជ្រាយផងក៏ថាបាន។
មើលជុំវិញខ្លួនយើង និងស្លៀកឲ្យប្រហែល
ឬដូចគេដែរជាជាងធ្វើឲ្យប្លែកពីគេ។
៥- ត្រូវស្គាល់លេខទូរស័ព្ទរបស់អ្នកធ្វើការជាមួយគ្នា
លេខទូរស័ព្ទរបស់អ្នកដទៃ
អ៊ីម៉ែលរបស់អ្នកធ្វើការរួមគ្នា
សឹងជារបស់មានតម្លៃសម្រាប់កិច្ចការរបស់ក្រុមហ៊ុន
ព្រោះពេលមួយយើងនឹងត្រូវការវាទាក់ទងដល់កិច្ចការរបស់ក្រុមហ៊ុន
គឺជារឿងសំខាន់
ទោះបីយើងមិនមែនជាបុគ្គលិកការិយាល័យត្រូវស្ពាយការងារទៅធ្វើនៅឯផ្ទះ
ក៏ដោយចុះ
តែការប្រាស្រ័យទាក់ទងគ្នាពីកិច្ចការរបស់ក្រុមហ៊ុនជាមួយបុគ្គលិក
ដទៃ
អាចឲ្យយើងដឹងពីកិច្ចការរបស់
ក្រុមហ៊ុនច្រើន យល់ពីអ្នកធ្វើការជាមួយយើង
និងលទ្ធភាពរុញខ្លួនយើងឡើងទៅលើមួយកម្រិតទៀត
បើមានឱកាសដូចគ្នាទៅនិងពាក្យមួយដែលគេនិយាយថា អានច្រើនដឹងច្រើន
ស្តាប់ច្រើនដឹងច្រើនដូចគ្នា។
លេខទូរស័ព្ទ អ៊ីម៉ែល
ឬអ្វីមួយដែលអ្នករួមការងារបានឲ្យមកយើង
មិនគួរប្រើវាសម្រាប់រឿងបុគ្គល
ឬសម្រាប់បង្កើតទំនាក់ទំនងពិសេសណាមួយឡើយ
ការធ្វើបែបនេះវាបង្កឲ្យមានជាការមើលស្រាលពីអ្នកទាំងឡាយ
ព្រោះគេអាចយកអ្វីដែលយើងបាននិយាយទៅប្រាប់អ្នកផ្សេងរហូតខ្លួនយើង
នេះក្លាយទៅជាគោលដៅនៃការស្អប់ពីគេដោយដឹងខ្លួន
ជួនកាលក្លាយទៅជាបញ្ហាមួយធំរហូតបាត់បង់ការងារក៏មានដែរ។
៦- ដឹងឲ្យបានច្រើនពីការងារ
ដឹងពីកិច្ចការដែលត្រូវធ្វើ
ដឹងពីក្រុមការងារដែលធ្វើការជាមួយយើងដឹងពីសមត្ថភាពរបស់អ្នកផ្សេង
គឺជារឿងមួយសំខាន់
ព្យាយាមតាមឲ្យទាន់អ្នកដែលមានសមត្ថភាពច្រើនជាងយើង
និងរៀនធ្វើអ្វីដែលយើងនៅមិនទាន់អាចធ្វើបាន
ទោះបីជាលើសម៉ោងបន្តិចក៏គ្មានអ្វីត្រូវបានគេចាត់ទុកថាជារឿងចម្លែក
ដែរ។
ការព្យាយាមបង្កើនសមត្ថភាពរបស់ខ្លួនយើងឲ្យច្ររើននៅក្នុង
កន្លែងធ្វើការ វាមានផលប្រយោជន៍ច្រើនណាស់ ព្រោះក្រុមហ៊ុនគិតថា
យើងស្រឡាញ់ការងារក្នុងក្រុមហ៊ុន
ព្យាយាមពង្រីកចំណេះដែលមាន
និងខំរៀនធ្វើកិច្ចការរបស់ក្រុមហ៊ុន ធ្វើឲ្យអ្នកចាត់ការយល់ថា
យើងជាមនុស្សបម្រុងម្នាក់សម្រាប់ពេលមានឱកាសល្អ អាចថាជា Promotion
ការឡើងប្រាក់ខែ ឬត្រូវបានប្តូរឲ្យទៅធ្វើការល្អជាង។
រៀនឲ្យបានច្រើនពីការងាររបស់ក្រុមហ៊ុន
រហូតយើងអាចជំនួសអ្នកផ្សេងបាន បើមិនដូច្នោះទេ
យើងនឹងត្រូវបានគេគិតថា
គ្រាន់តែជាអ្នកធ្វើការដែលជាបុគ្គលិកធម្មតាៗមិនមែនជាបុគ្គលិកសកម្ម
នោះឡើយ។
៧- សៀវភៅមួយចំនួន និងការរៀបចំត្រឹមត្រូវ
បើយើងជាបុគ្គលិកការិយាល័យ
មានតុផ្ទាល់ខ្លួន គួរតែមានសៀវភៅខ្លះនៅជាមួយ ទោះជាសៀវភៅអ្វីក៏ដោយ
រៀបចំវាឲ្យបានត្រឹមត្រូវល្អ ជាមួយឯកសារផ្សេងៗរបស់ក្រុមហ៊ុន។
ប្រការដែលយើងត្រូវដាក់សៀវភៅខ្លះជាមួយវាជាការទាក់ទាញមួយ
សម្រាប់ភ្នែកដទៃ និងបានប្រាប់គេថា យើងជាមនុស្សមានអារម្មណ៍ស្ងប់
ចូលចិត្តអាន និងស្រឡាញ់អ្វីដែលប្លែក មួយវិញទៀតនោះ
វាគឺជាសោភណ្ឌភាពមួយទៀតសម្រាប់ប្រាប់គេគ្រប់គ្នាថា
យើងជាមនុស្សម៉ត់ចត់និងការងារ នេះក៏ជាសញ្ញាប្រយោលមួយ
សម្រាប់ឲ្យក្រុមហ៊ុនបានឃើញពីបុគ្គលិកលក់យើងក្នុងផ្លូវល្អដែរ។
៨- ក្រុមគ្រួសារ និងអ្នករួមការងារ
ទាំងមនុស្សនៅកន្លែងធ្វើការ
និងសមាជិកគ្រួសារ ទាំងពីរយ៉ាងនេះគួរទទួលបានការស្រឡាញ់ដូចគ្នា។
ការស្រឡាញ់របស់ក្រុមគ្រួសារ គឺការស្រឡាញ់ផ្តាល់ខ្លួន
ឯការស្រឡាញ់រាប់អានជាមួយអ្នកធ្វើការ
គឺជាការស្រឡាញ់ដោយការរាប់អានក្នុងនាមជាអ្នកធ្វើការជាមួយគ្នា។
អ្វីដែលយើងអាចជួយបាននៅក្នុងកន្លែងធ្វើការ
ឬអ្វីដែលយើងអាចជួយបាននៅក្រៅកន្លែងធ្វើការ
ទោះបីវាមិនមែនជាកាតព្វកិច្ចក៏ដោយចុះ
តែវាបានបង្ហាញឲ្យអ្នកគ្រប់គ្នាផ្សេងទៀតយល់ថា
យើងជាមនុស្សម្នាក់គួរទុកចិត្តបាន និងជាមនុស្សមានចិត្ត
ដូច្នេះពាក្យល្អរបស់អ្នកផ្សេងស្តីពីយើង
គង់មានពេលមួយត្រូវបានឮដល់ក្រុមហ៊ុន
នេះគឺជាអ្វីដែលជាពិន្ទុបន្ថែមដល់យើង
ទោះបីជាក្រៅរបងរបស់ក្រុមហ៊ុនក៏ដោយចុះ តែគេអាចយល់បានថា
យើងជាមនុស្សម្នាក់គួរឲ្យទុកចិត្តបាន។
៩- រាប់អានបន្ថែមប្រសើរជាងអមិត្តបន្ថែម
ព្យាយាមជួយធ្វើ
តែមិនគួរតាំងខ្លួនថា យើងគ្រាន់បើជាងគេនោះឡើយ គ្រាន់តែជួយនោះបានហើយ
មិនបាច់និយាយថាទាល់តែយើងលូកដៃជួយទើបកិច្ចការ
នោះអាចធ្វើបានឡើយ។
ការចូលជួយអាចធ្វើឲ្យយើងបូកបន្ថែមនូវការរាប់អានថ្មីៗទៀតនៅក្នុង
រង្វង់ការងារ តែការជួយដោយបង្អួតពីខ្លួនឯង អាចធ្វើឲ្យគេជិនឆ្អន់
និងមានចិត្តជាអមិត្ត ឬអន់ចិត្តទៅវិញទេ។
ដូច្នេះបើជួយធ្វើកិច្ចការអ្វីមួយ
គឺគ្រាន់តែធ្វើទៅមិនបាច់និយាយអ្វីទេ យកសមត្ថភាព
ឬការចេះដឹងរបស់យើងមកដាក់ពីមុខប្រសើរជាងនិយាយមុន ឬអួតមុន។
មិត្តអាចត្រូវបូកបន្ថែម ឬថយចុះដោយសារតែការនិយាយច្រើនពេក
ឬអួតច្រើនពេក ឬតាំងខ្លួនថាគ្រាន់បើជាងគេពេក
ដូច្នេះសូមប្រយ័ត្នត្រង់នេះ។
១០- ធ្វើអាកប្បកិរិយាមួយប្រពៃ
មានការគោរពចំពោះប្រធានទាំងសំដី
និងកាយវិការ មានការគោរព សូម្បីជាមួយអ្នកសំអាត
អ្នកធ្វើការកំប៉ិកកំប៉ុក
ឬសូម្បីអ្នកមកប្តូរធុងទឹកសុទ្ធក៏ដោយចុះ។
ត្រូវដឹងថា
អ្នកទាំងនោះធ្វើការនៅទីនេះយូរហើយ ដូច្នេះការគោរពរបស់យើងចំពោះពួកគេ
វាជារឿងមួយសំខាន់ណាស់។ ការរៀបឫកពារមួយបែបខ្ពស់ហួសពេក
គ្មានអ្វីក្រៅពីការទទួលបាននូវការពេបជ្រាយ ឬការឲ្យតម្លៃថា
យើងជាមនុស្សក្រអឺតក្រទមនោះឡើយ។
ដូច្នេះយើងនឹងមិនទទួលបានការគោរពពីអ្នកផ្សេងដែលធ្វើការជាមួយពី
បេះដូងរបស់គេឡើយ វាប្រហែលជាមានត្រឹមតែសម្បកក្រៅប៉ុណ្ណោះ។
ភាពរួសរាយ វាយស្មើ មិនប្រកាន់
បង្កើនការរាប់អានល្អ នោះគឺជាទឹកត្រជាក់មួយកែវ
ដែលគ្រប់គ្នាអាផឹកបាន ការវាយឫកជ្រុលហួសពេក
បានត្រឹមទទួលនូវការស្អប់ពីអ្នកធ្វើការជាមួយតែប៉ុណ្ណោះ៕