ពាក្យស្លោកខ្មែរ


កំភ្លាញស្លាប់ពីព្រោះមាត់

និយមន័យ៖     ការ​និយាយ​ពុំ​ស្គាល់​កាល​គួរ ឬ​ពុំ​គួរ ។
អត្ថាធិប្បាយ៖
            អត្ថានុរូប
             ត្រីកំភ្លាញ ទោះ​នៅ​ទីណា​ក៏​មិន​ស្ងាត់​កំបាំង​ដែរ ។ ជាទម្លាប់​ពី​កំណើត​របស់​វាៗ​តែង​ធ្វើ​មាត់​ចឹបៗ នាំ​ឱ្យ​​មាន​រលក​ដល់​ផ្ទៃ​ទឹក​ខាងលើ ។ ឯ​មនុស្ស​ឃើញ​ហើយ​ក៏​យក​សន្ទូច​មក​ស្ទូច ឬ​យក​ឈ្នាង​មក​ជញ្ជាត់ ។ ត្រី​កំភ្លាញ​ក៏​ងាប់​អសារ​បង់ ។
              អត្ថប្បដិរូប
               មាន​មនុស្ស​មាត់​ ដាច​ខ្លះ និយាយ​អ្វីៗ​ពុំ​សូវ​បាន​គិត​ដល់​បរិយាកាស​នៅ​ជុំ​វិញ​ខ្លួន​ទេ ។  គេ​និយាយ​តាម​ការ​នឹក​ឃើញ ដោយ​ពុំ​បាន​គិត​ថា រឿង​នេះ​គួរ​និយាយ ឬ​មិន​គួរ​ទេ ។ ជួនកាល គេ​និយាយ​ទៅ​ប៉ះពាល់​ដល់​កិត្តិយស​អ្នក​មាន​អំណាច​ណា​ម្នាក់ ។  មិន​ស្ងាត់​កំបាំង ស្រាប់​តែ​គេ​មក​ចាប់​យក​ទៅ​ធ្វើ​ទោស​ទណ្ឌ ចួន​កាល​រហូត​ដល់​ស្លាប់​ក៏​សឹង​មាន ៕

ក្របីនឹងចេក ក្អែកនឹងពងមាន់

និយមន័យ៖   របស់​ជា​ទី​ចូល​ចិត្ត​នៃ​ភាគី​មួយ ។ អត្ថាធិប្បាយ៖
             អត្ថានុរូប
             ធម្មតា ក្របី កាលណា​ឃើញ​ស្លឹក​ចេក វា​បោល​តម្រង់​ទៅ​រក​ស៊ី​ភ្លាម ព្រោះ​ស្លឹក​ចេក​ជា​ចំណី​យ៉ាង​ឆ្ងាញ់​សម្រាប់​វា ។  ឯ​ពងមាន់​ក៏​ជាទី​ចូលចិត្ត​នៃ​សត្វ​ក្អែក​ដែរ ។
             អត្ថប្បដិរូប
              សុភាសិត ​ទាំង​ពីរ​ឃ្លា​ខាងលើ​នេះ មាន​ន័យ​តែ​មួយ​ដូច​គ្នា ។ លោក​ចង់​និយាយ​ដៅ​ទៅ​លើ​របស់​ដែល​ជា​កម្មវត្ថុ និង​ជា​ទី​ពេញ​ចិត្ត​នៃ​ភាគី​មួយ ។ ដូចជា មនុស្ស​កាល​ណា​បាន​ឃើញ​មាស​ប្រាក់ កែវ​កង ពិទូរ្យសូរ្យកាន្ត តែង​លោភ​លន់​ចង់​បាន​តាម​តណ្ហា​របស់​ខ្លួន ។
               គេ ​អាច​ចែក​សុភាសិត​នេះ​បាន​ម្យ៉ាង​ទៀត​ថា មនុស្ស​ដែល​ស្រឡាញ់​គ្នា ត្រូវ​ចិត្ត​គ្នា កាលណា​បាន​ឃើញ​គ្នា គេ​តែង​រត់​រក​គ្នា​ជានិច្ច ។

ក្រក៏ក្រចុះឱ្យតែមាន


និយមន័យ៖    ក្រ​ទ្រព្យ​សម្បត្តិ​ចុះ​ ឱ្យ​​តែ​មាន​ចំណេះ​វិជ្ជា ។
អត្ថាធិប្បាយ៖
            មនុស្ស ​គ្រប់​គ្នា​កើត​ឡើង​សុទ្ធ​តែ​ចង់​មាន ចង់​បាន​ទ្រព្យ​សម្បត្តិនិង​បុណ្យ​សក្តិ ។ តែ​ការ​ចង់​បាន​នេះ វា​ពុំ​ប្រាកដ​ថា​បាន​សម​តាម​បំណង​ទេ ។
            ពេល​នេះ លោក​ចង់​ពោល​ថា បើ​បាន​ជា​កើត​មក​ហើយ​ក្រីក្រ​ក៏​ក្រ​ទៅ​ចុះ​ឱ្យ​តែ​មាន​ចំណេះ​វិជ្ជា ។ លោក​បាន​ឱ្យ​តម្លៃ​ទៅ​ចំណេះ​វិជ្ជា​ថា ជា​ទ្រព្យសម្បត្តិ​ប្រសើរ​ឧត្ដុង្គ​ឧត្ដម​បំផុត ព្រោះ​គ្មាន​អ្នកណា​មក​ឆក់​ដណ្ដើម ឬ​លួច​ប្លន់​បាន​ទេ សូម្បី​តែ​ភ្លើង​ក៏​មិន​អាច​ឆេះ​បាន​ផង ។ ឯ​ទ្រព្យសម្បត្តិ​ប្រើប្រាស់​នានា ចោរ​អាច​ឆក់​ប្លន់ ឬ​ភ្លើង​ឆេះ​អន្ដរធាន​ក្នុង​រយៈពេល​ខ្លី​បំផុត ។
            ដូច្នេះ លោក​ឱ្យ​ស្វែង​រក​ចំណេះ​វិជ្ជា​មក​ទុក​ក្នុង​ខ្លួន ។ កាល​បើ​មាន​ចំណេះ​វិជ្ជា​ហើយ ទ្រព្យសម្ប័ទ បុណ្យសក្តិ កើត​តាម​ក្រោយ​យ៉ាង​ងាយ​បំផុត ។

ក្បាលអ្នកណា​ សក់​អ្នក​ហ្នឹង​

និយមន័យ៖    អ្នកណា​ធ្វើ អ្នក​នោះ​ទទួល ។
អត្ថាធិប្បាយ៖


         អត្ថានុរូប
          ធម្មតា ​ក្បាលនិង​សក់ ជា​របស់​នៅ​ជាប់​ជាមួយ​គ្នា ។ សក់​ដុះ​នៅ​លើ​ក្បាល​អ្នកណា វា​ជា​សម្បត្តិ​របស់​អ្នក​នោះ​ឯង ។ គឺ​គ្មាន​អ្នកណា​ផ្សេង​យក​ក្បាល​មក​ទទួល ឬ​រំលែក​បាន​ទេ ឬ​មាន​អ្នកណា​ផ្សេង​មក​តវ៉ា​ថា សក់​លើ​ក្បាល​អ្នក​ឯង​ជា​របស់​ខ្ញុំ​ដែរ ។

          អត្ថប្បដិរូប
           ពាក្យ​ នេះ​លោក​និយាយ​ប្រៀប​ធៀប​ទៅ​លើ​ទង្វើ​អ្វី​មួយ ​ដែល​អ្នកណា​ម្នាក់​បាន​ប្រព្រឹត្ត បាន​ធ្វើ បាន​សាង ។  រីឯ​លទ្ធផល​ដែល​ត្រូវ​ផ្ដល់​ឱ្យ​​មក​វិញ​គឺ​អ្នក​ធ្វើ​នោះ​ឯង​ជា​អ្នក​ទទួល ​ ដោយ​មិន​អាច​អំពាវនាវ​ហៅ​រក ឬ​ជួល​អ្នកណា​ផ្សេង​ឱ្យ​​មក​ជួយ​ទទួល​រង​ទុក្ខ​ទោស ឬ​ជួយ​រំលែក​បាន​ទេ ។
           ករណី​នេះ សម​ដូច​ពាក្យ​ចាស់​លោក​ពោល​ថា «ភ្លើង អ្នកណា​ជាន់ អ្នក​នោះ​ឯង​ជា​អ្នក​ក្ដៅ» ។

ក្ដាមស្រែណាកាត់ស្រែនោះ

និយមន័យ៖   ជន​ល្មួច​នៅ​ត្រង់​ណា​លួច​នៅ​ត្រង់​នោះ ។
អត្ថាធិប្បាយ៖
           អត្ថានុរូប
           ក្ដាម ជា​សត្វ​ចង្រៃ បើ​វា​នៅ​ត្រង់​ណា វា​កាត់​បំផ្លាញ​ត្រង់​នោះ ។ ហេតុ​នេះ​ហើយ បាន​ជា​គេ​ឃើញ​ស្រែ​ណា​ដែល​សម្បូរ​ក្ដាម​ច្រើន ស្រែ​នោះ​ពុំ​សូវ​បាន​ភោគផល​ល្អ​ទេ ។ ព្រោះ​ក្ដាម​កាត់​ស៊ី​ពន្លក​ស្រូវ​ខ្ចីៗ​ខ្ទេចខ្ទីរ​អស់​ហើយ ។
           គេ​មិន​ដែល​ឃើញ​ក្ដាម​ដើរ​កាត់​ស្រូវ​នៅ​ស្រែ​ណា​ឆ្ងាយៗ​ពី​កន្លែង​វា​រស់​នៅ​ទេ ។
           អត្ថប្បដិរូប
             ក្ដាម លោក​ប្រៀប​ទៅ​នឹង​មនុស្ស​ល្មួច ។ ធម្មតា មនុស្ស​ល្មួច បើ​នៅ​ក្នុង​ស្រុក​ភូមិ​ណា វា​តែង​លួច​ក្នុង​ស្រុក​ភូមិ​នោះ ។ ម្យ៉ាងទៀត មនុស្ស​ល្មួច​នេះ បើ​នៅ​ក្នុង​អង្គភាព​វិញ គេ​ឱ្យ​​កាន់​អង្ករ លួច​អង្ករ បើ​ឱ្យ​​កាន់​សាំង លួច​សាំង ។ល។
           សព្វ​ថ្ងៃ​នេះ​ ដោយ​វិទ្យាសាស្ត្រ​ជឿនលឿន ជន​ល្មួច​នេះ​ក៏​ជឿនលឿន​ដែរ គឺ​វា​មិន​នៅ​តែ​មួយ​កន្លែង​ទេ ។ វា​ធ្វើ​ការ​បន្លាស់​ទី​កន្លែង​មួយ​ទៅ​ទី​កន្លែង​មួយ​ទៀត រហូត​ដល់​ផ្លាស់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​ផង ។ ព្រោះ​ការ​លួច​នេះ​គឺ​ជា​អាជីព​សម្រាប់​ពួកវា​ទៅ​ហើយ ៕

ក្ដាមស្រែណាកាត់ស្រែនោះ


និយមន័យ៖   ជន​ល្មួច​នៅ​ត្រង់​ណា​លួច​នៅ​ត្រង់​នោះ ។
អត្ថាធិប្បាយ៖

           អត្ថានុរូប
           ក្ដាម ជា​សត្វ​ចង្រៃ បើ​វា​នៅ​ត្រង់​ណា វា​កាត់​បំផ្លាញ​ត្រង់​នោះ ។ ហេតុ​នេះ​ហើយ បាន​ជា​គេ​ឃើញ​ស្រែ​ណា​ដែល​សម្បូរ​ក្ដាម​ច្រើន ស្រែ​នោះ​ពុំ​សូវ​បាន​ភោគផល​ល្អ​ទេ ។ ព្រោះ​ក្ដាម​កាត់​ស៊ី​ពន្លក​ស្រូវ​ខ្ចីៗ​ខ្ទេចខ្ទីរ​អស់​ហើយ ។
           គេ​មិន​ដែល​ឃើញ​ក្ដាម​ដើរ​កាត់​ស្រូវ​នៅ​ស្រែ​ណា​ឆ្ងាយៗ​ពី​កន្លែង​វា​រស់​នៅ​ទេ ។
           អត្ថប្បដិរូប
             ក្ដាម លោក​ប្រៀប​ទៅ​នឹង​មនុស្ស​ល្មួច ។ ធម្មតា មនុស្ស​ល្មួច បើ​នៅ​ក្នុង​ស្រុក​ភូមិ​ណា វា​តែង​លួច​ក្នុង​ស្រុក​ភូមិ​នោះ ។ ម្យ៉ាងទៀត មនុស្ស​ល្មួច​នេះ បើ​នៅ​ក្នុង​អង្គភាព​វិញ គេ​ឱ្យ​​កាន់​អង្ករ លួច​អង្ករ បើ​ឱ្យ​​កាន់​សាំង លួច​សាំង ។ល។
           សព្វ​ថ្ងៃ​នេះ​ ដោយ​វិទ្យាសាស្ត្រ​ជឿនលឿន ជន​ល្មួច​នេះ​ក៏​ជឿនលឿន​ដែរ គឺ​វា​មិន​នៅ​តែ​មួយ​កន្លែង​ទេ ។ វា​ធ្វើ​ការ​បន្លាស់​ទី​កន្លែង​មួយ​ទៅ​ទី​កន្លែង​មួយ​ទៀត រហូត​ដល់​ផ្លាស់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​ផង ។ ព្រោះ​ការ​លួច​នេះ​គឺ​ជា​អាជីព​សម្រាប់​ពួកវា​ទៅ​ហើយ ៕

កុំផ្ញើស្រានឹងអ្នកប្រមឹក

និយមន័យ៖   កុំ​យក​របស់​អ្វី​ទៅ​ផ្ញើ​នឹង​អ្នក​កំពុង​ត្រូវការ ។
អត្ថាធិប្បាយ៖
             មុន ​នឹង​ផ្ញើ​របស់​អ្វី​មួយ​ទៅ​នឹង​អ្នកណា​ម្នាក់ គេ​ត្រូវ​ដឹង​ពី​ចំណុច​ខ្សោយ​អ្នក​នោះ​សិន ។ ព្រោះ​ថា មនុស្ស​ដែល​មាន​ចំណុច​ខ្សោយ​តែង​ត្រូវ​ការ​ចំណុច​ខ្លាំង ។ គឺ​មនុស្ស​ដែល​កំពុង​ត្រូវការ​អ្វី ហើយ​អ្វី​នោះ​បាន​មក​ដល់​ដៃ ។ គេ​ប្រាកដ​ជា​បេះ​បោច​របស់​នោះ​មិន​ខាន បើ​មិន​ច្រើន​ក៏​តិច​តួច​ដែរ ។ ឧទាហរណ៍ ៖
       * យក​ដែក ផ្ញើ​នឹង​ជាង​ដែក ដែល​កំពុង​ត្រូវការ​ដែក
       * យក​ឈើ ផ្ញើ​នឹង​ជាង​ឈើ ដែល​កំពុង​ត្រូវ​ការ​ឈើ
       * យក​លុយ ផ្ញើ​នឹង​អ្នក​ក្រីក្រ
       * យក​អង្ករ ផ្ញើ​នឹង​អ្នក​កំពុង​ដាច់​ពោះ
            ដូចនេះ ការ​យក​ស្រា​ទៅ​ផ្ញើ​នឹង​អ្នក​ប្រមឹក​ក៏​មាន​ន័យ​ដូច​គ្នា ។ ទោះបី​គេ​ដឹង​ថា មនុស្ស​នោះ​ស្លូត​ត្រង់ និង​ស្មោះ​ត្រង់​យ៉ាងណា​ក៏​ដោយ ។ ពាក្យ​ចាស់​លោក​ពោល​ថា មនុស្ស​ទៀង​មិន​ឈ្នះ​ទ័ល តែ​ទ័ល​ហើយ មុខ​ជា​ហ៊ាន​ប្រថុយ​បេះ​បោច​ខ្លះ​មិន​ខាន

កុំប្រដៅក្រពើឱ្យហែលទឹក

និយមន័យ៖   មុន​ប្រដៅ​គេ ត្រូវ​ដឹង​ពី​សមត្ថភាព​គេ​សិន ។
អធិប្បាយ៖

អត្ថានុរូប
           សត្វ ​ក្រពើ មាន​ការ​ស្ទាត់​ជំនាញ​បំផុត​ក្នុង​ការ​ហែល​ទឹក​តាំង​ពី​កំណើត​វា​មក ព្រោះ​វា​ធ្លាប់​រស់​នៅ​តែ​ក្នុង​ទឹក​មួយ​ជីវិត ។ ដូច្នេះ​មិន​បាច់​បង្វឹក​វា​ឱ្យ​​ចេះ​ហែល​ទឹក​ទេ ។
អត្ថប្បដិរូប
          បើ​អ្នក​ចង់​និយាយ​ពី​អ្វី​ដែល​មាន​ន័យ​ប្រហាក់​ប្រហែល​នឹង​ការ​ប្រៀន​ប្រដៅ គេ​តោង​ដឹង​ពី​ជំនាញ​របស់​គេ​សិន ។ ឧទាហរណ៍៖
*    មិន​ត្រូវ​និយាយ​ពី​បច្ចេកទេស​ធ្វើ​តុ ទូ តាំង ប្រាប់​ដល់​ជាង​អាជីព​តុ ទូ តាំង​ទេ ។
*    មិន​ត្រូវ​និយាយ​ពី​ច្បាប់​ប្រាប់​បណ្ឌិត​ច្បាប់​ទេ ។
*    មិន​ត្រូវ​និយាយ​ពី​គរុកោសល្យ​ប្រាប់​លោក​សាស្ត្រាចារ្យ​ទេ ។
           សរុប​មក គេ​មិន​ត្រូវ​និយាយ​ពី​កិច្ចការ​អ្វី​មួយ​ប្រាប់​ទៅ​អ្នក​ដែល​មាន​អាជីព​ ក្នុង​កិច្ចការ​នោះ​ទេ វៀរ​លែង​តែ​គេ​សួរ ។

កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ក្រម៍ កុំទុកចិត្តអភិប្រាយ

 និយមន័យ៖   កុំ​ទុក​ចិត្ត​មនុស្ស ទោះ​ក្នុង​ប្រភេទ​ណា​ក៏​ដោយ ។
អត្ថាធិប្បាយ
  កុំ​ទុក​ចិត្ត​បរទេស កុំ​ទុក​ចិត្ត​អភិនេស្រ្កម៍ កុំ​ទុក​ចិត្ត​អភិប្រាយ ប្រើ​ទំ​លែង​ខ្ពស់ រំពឹង​ឱ្យ​ឆ្ងាយ ស្ដាប់​ពាក្យ​បរិយាយ បណ្តាំ​មេជី  ។
ព្រះរាជ​សម្ភារ ទ្រង់​មាន​បន្ទូល​ថា ឱ្យ​ប្រយត្ន​មនុស្ស​បី​ពួក​នេះ​គឺ៖
កុំ​ទុក​ចិត្ត​បរទេស
            បរទេស គឺ​ជា​ជាតិ​សាសន៍​ទីទៃ​ពី​ម្ចាស់​ស្រុក ។ គេ​តែង​មាន​ទំនៀម​ទម្លាប់ ប្រពៃណី ជំនឿ​សាសនា វប្បធម៌​ផ្សេង​ពី​ម្ចាស់​ស្រុក ។ ទោះបី​ពួក​នេះ​កើត​ក្នុង​ប្រទេស​ម្ចាស់​ស្រុក ឬ​ចូល​ជាតិ​សាសន៍​ក៏​ដោយ ។ មនុស្ស​ដែល​មាន​ប្រពៃណី វប្បធម៌​ខុស​គ្នា​បែប​នេះ តែង​មាន​ចិត្ត​គំនិត​ប្លែក​គ្នា​ពី​ម្ចាស់​ស្រុក​ដែរ ។ ដូច្នេះ គេ​មិន​ត្រូវ​ទុក​ចិត្ត​ឱ្យ​​អស់​ពី​ពោះ​ឡើយ ។
កុំ​ទុក​ចិត្ត​អភិនេស្ក្រម៍
            អភិនេស្ក្រម៍ គឺ​ពួក​ជន​ដែល​តាំង​ ខ្លួន​ថា​ជា​អ្នក​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយាធម៌ ប្រកាន់​ខ្ជាប់​នូវ​សីលទាន ភាវនា ។ ពួក​ជន​នេះ រាប់​ទាំង​អ្នក​បួស​ដែល​តាំង​ខ្លួន​ថា​ជា​អ្នក​ស្ងប់ ប្រកប​ដោយ​គុណធម៌​ខ្ពស់ និង​វិសេស​វិសាល​ក្រៃលែង​លើស​គេ ។ គ្រប់​ឥរិយាបថ ពួក​ខ្លះ​ធ្វើ​ឫក​រម្យទម ស្រគត់​ស្រគំ សង្រួម​ឥន្ទ្រីយ៍​គួរ​ឱ្យ​​គោរព ។ ប៉ុន្តែ​មាន​ជន​ខ្លះ គ្រាន់​តែ​យក​ខ្លួន​មក​ជ្រក​ក្នុង​ស្បែក​លា ។ ឯ​ធាតុ​ពិត នៅ​ខាង​ក្នុង​គឺ​ជា​សត្វ​ខ្លា​កំណាច​ដែល​ប្រកប​ដោយ​គ្រោះ​ថ្នាក់​យ៉ាង​ ក្រៃលែង ។
             គេ​មិន​ត្រូវ​សម្គាល់​មនុស្ស​ល្អ ឬ​អាក្រក់​ដោយ​គ្រាន់​តែ​ឃើញ​សម្បក​ក្រៅ​ប៉ុណ្ណោះ​ទេ ។ សម​ដូច​ពុទ្ធភាសិត​ពោល​ថា «អតិ សន្តេបិ នាស្មសេ» មិន​ត្រូវ​ទុក​ចិត្ត​មនុស្ស​ដែល​ធ្វើ​ឫក​រម្យទម​ឡើយ ។

កុំ​ទុក​ចិត្ត​អភិប្រាយ
            អភិប្រាយ គឺ​ជន​ដែល​មាន​វោហារ​សព្ទ​ម៉េត​ប្រាយ និង​មាន​សម្ដី​ថ្វី​មាត់​ពូកែ​ប្រាជ្ញ​ប្រោក និយាយ​មិន​ចេះ​ហត់ ទោះ​ទៅ​ទីណា​ក៏​ឮ​សូរ​តែ​មាត់ ។ ព្រោះ​គេ​ជា​មនុស្ស​មាន​ទេពកោសល្យ​ក្នុង​ការ​និយាយ ចេះ​ធ្វើ​ឱ្យ​គេ​ជឿ​តាម​ទស្សនៈ​ខ្លួន ។ ជន​ប្រភេទ​នេះ ក៏​មិន​គួរ​ឱ្យ​​ទុក​ចិត្ត​ទាំង​អស់​បាន​ទេ ។

កង់ត្រាចកង់ធ្នង់


និយមន័យ៖   វាសនា​កម្ម​មនុស្ស​ម្នាក់ៗ​មិន​មាន​ភាព​ប្រាកដ​និយម​ទេ ។

អត្ថាធិប្បាយ៖

អត្ថានុរូប
          រទេះ​គោ ឬ​ក្របី មាន​កាំ និង​ខ្នង​កង់​ធ្វើ​ពី​ឈើ​ខ្លឹម ស្វិត​ជាប់​ល្អ ។
        ​  ខ្នង កង់ ផ្គុំ​ឡើង​ពី​ឈើ​ច្រើន​កំណាត់ ។ កំណាត់​នីមួយៗ​មិន​ប្រាកដ​ជា​ប្រភេទ​ឈើ​តែ​មួយ​មុខ​ទេ ។ គេ​ជ្រើស​យក​ឈើ​ដែល​ស្វិត​មាំ ។ ជួន​គេ​យក​ឈើ​ត្រាច​ខ្លះ ឈើ​ធ្នង់​ខ្លះ មក​ផ្គុំ​ចម្រុះ​គ្នា ។
           ពេល​គេ​បរ​រទេះ​ទៅ គេ​ឃើញ​កំណាត់​ឈើ​ត្រាច​នៅ​លើ ឈើ​ធ្នង់​នៅ​ក្រោម ។ បន្ទាប់​មក ឈើ​ធ្នង់​ឡើង​លើ ឈើ​ត្រាច​មក​នៅ​ក្រោម​ម្ដង​វិញ ។ កង់​ត្រាច កង់​ធ្នង់ ចេះ​តែ​ផ្លាស់​ប្ដូរ​គ្នា​ជា​រហូត​ទៅ ។
អត្ថប្បដិរូប
           មនុស្ស​ ម្នាក់ៗ​រមែង​មាន​វាសនា​កម្ម​ខុសៗ​គ្នា ។ ជួនកាល គេ​ឃើញ​បុរស «ក» មាន​បុណ្យសក្តិ​ខ្ពស់ ឬ​មាន​ទ្រព្យសម្បត្តិ​ស្ដុក​ស្ដុម្ភ ។ ឯ​បុរស «ខ» មាន​ជីវភាព​ជា​ជន​សាមញ្ញ ឬ ក្រីក្រ​តោក​យ៉ាក ។ បន្ទាប់​មក គេ​ឃើញ​លោក «ក» ប្រព្រឹត្ត​ខុស​ធ្លាក់​បុណ្យសក្តិ ឬ​ចាញ់​ល្បែង​ធ្លាក់​ខ្លួន​ក្រីក្រ​លំបាក​លំបិន​ពេក​ក្រៃ ។ ឯ​បុរស «ខ» ស្រាប់​តែ​រក​ស៊ី​កាក់​កប មាន​លុយ​ចាយ​សម្បូរ​សប្បាយ មាន​រថយន្ត​ ផ្ទះថ្ម ឡើង​ជា​អ្នក​មាន​ស្ដុកស្ដម្ភ មាន​គេ​គោរព​កោតក្រែង​រអែង​បុណ្យស័ក្ត​ទៀត​ផង ។

កក់​ក្ដៅ​ដូច​អាំង​ផេះ

និយមន័យ៖  ការ​ទុក​ចិត្ត​ដែល​ឥត​ខ្លឹមសារ ។
អត្ថាធិប្បាយ
       មនុស្ស ​ដែល​រងា​តែង​រក​អាវ​ក្រាស់ៗ​មក​ពាក់​ដើម្បី​ឱ្យ​កក់​ក្ដៅ ។  បើ​គ្មាន​អាវ​ពាក់​ការពារ​ទេ គេ​តែង​បង្កាត់​ភ្លើង​អាំង​ឱ្យ​​កក់​ក្ដៅ ។
       មនុស្ស ​រងា​ពេល​នេះ លោក​និយាយ​ប្រៀប​ប្រដូច​នឹង​មនុស្ស​គ្មាន​ទីពឹង ។  ដូច្នេះ​មនុស្ស​នេះ​ត្រូវ​ស្វែង​រក​ទីពឹង គ្រាន់​ជា​បង្អែក​ពឹង​ពាក់​ពំនាក់​អាស្រ័យ ។  ការ​ដែល​ស្វែង​រក​ទីពឹង​នេះ ចួនកាល​ក៏​ពឹង​ទៅ​លើ​អ្វី​ដែល​គ្មាន​ផលប្រយោជន៍​គ្មាន​ខ្លឹមសារ​បន្តិច​សោះ ។
        ឧទាហរណ៍៖ នាយ «ក» បាន​ទៅ​ពឹង​ពាក់​លោក «ខ»  ឱ្យ​​ជួយ​រក​ការងារ​ធ្វើ ឬ​រក​មុខ​របរ​អ្វី​មួយ​ដើម្បី​ចិញ្ចឹម​ជីវិត ។  តាំង​ពី​ថ្ងៃ​នោះ​មក នាយ «ក»  ចេះ​តែ​សង្ឃឹមនិង​កក់​ក្ដៅ​ចិត្ត​ជាប់​ជានិច្ច​ថា គេ​មុខ​ជា​ជួយ​រក​មុខ​របរ ឬ​ការងារ​អ្វី​មួយ​ឱ្យ​ខ្លួន​មិន​ខាន ។  តែ​តាម​ពិត​លោក «ខ»  គ្រាន់​តែ​បាន​ទទួល​អ៊ឺអើ តែ​បបូរ​មាត់​ប៉ុណ្ណោះ គឺ​ឥត​បាន​ជួយ​រក​អ្វី​បន្តិច​ឡើយ ។
       ម្យ៉ាងទៀត ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ស្រុក​ភូមិ​មួយ​ដែល​មាន​ចោរ​លួច ចោរ​ប្លន់​ជា​​ញឹកញាប់ ។ ប៉ុន្តែ​សមត្ថកិច្ច​បង្ក្រាប​ហាក់​ដូចជា​គ្មាន​ប្រសិទ្ធភាព​សោះ ។ ដូច្នេះ ប្រជាពលរដ្ឋ​ហាក់​ដូចជា​គ្មាន​ជំនឿ​ទៅ​លើ​សមត្ថកិច្ច​សោះ គឺ​គេ​កក់​ក្ដៅ​ដូច​អាំង​ផេះ​ដែរ ៕

No comments: