មក ដល់បច្ចុប្បន្ន ពោលគឺឆ្នាំ២០១៣ នេះតែម្តង ដែលជាពេលវេលានៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ របស់ប្រជាពលរដ្ឋខ្មែរ តែគេបែរជាសង្កេតឃើញមានការចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ពី យុវជន។ ជាក់ស្តែង គេឃើញមានយុវជនបានចូលរួមក្នុងក្បួនដង្ហែរបស់គណបក្សនយោបាយ ដូចជាក្បួនដង្ហែររបស់គណបក្សធំៗ រួមទាំងគណបក្សតូចៗ ដទៃទៀតផងដែរ។ មកទល់ពេលនេះ តើយើងអាចនិយាយបានថាយុវជនខ្មែរបានយល់ដឹងច្បាស់លាស់ ហើយឬនៅក្នុងរឿងនយោបាយ? តើយុវជនគួរតែយល់ដឹងអ្វីខ្លះពីនយោបាយ?
ជា ការពិតណាស់ នយោបាយប្រៀបបាននឹងទឹក ហើយប្រជាពលរដ្ឋប្រៀបបានទៅនឹងត្រី ដូច្នេះត្រីមិនអាចរស់នៅដោយគ្មានទឹកបានទេ។ វាជារឿងល្អមួយ នៅពេលដែលប្រជាពលរដ្ឋរស់នៅក្នុងប្រទេសនោះ ចាប់អារម្មណ៍ពីរឿងនយោបាយ រួមទាំងរឿងសង្គមជាតិរបស់ខ្លួន។ ប៉ុន្តែនយោបាយមិនមែនជាការស្រែកជេរគ្នានោះទេ។ នយោបាយមិនមែនជាការស្រែកថា«ប្តូរ ឬមិនប្តូរ» នោះទេ។
យើង អាចឃើញនូវការផ្លាស់ប្តូរមួយចំនួននៅប៉ែកអឺរ៉ុបជាគំរូ ដូចជាបដិវត្តន៍ផ្កាម្លិះ និងបដិវត្តន៍ផ្សេងៗទៀតដែលអាចនិយាយបានថាជាការផ្លាស់ប្តូរបរិបទ នៃសង្គមមួយលឿនពេក គឺលឿនរហូតនឹកស្មានមិនដល់។ ចុះសម្រាប់យុវជនខ្មែរមួយចំនួន ដែលតែងតែគិតថាខ្លួនឯងបានដឹងច្រើនពីរឿងនយោបាយ បានធ្វើអ្វីខ្លះដែលអាចចាត់ទុកថាជាការចូលរួមក្នុងនយោបាយ។
ការ យល់ដឹងពីរឿងនយោបាយគឺជារឿងចាំបាច់ណាស់សម្រាប់យុវជនខ្មែរ ហើយរហូតមកដល់ពេលនេះយើងឃើញមានយុវជនយ៉ាងច្រើនបានចូលរួមក្នុង សកម្មភាពផ្សេងៗ នៃនយោបាយ។ ប្រសិន បើយើងរស់នៅក្នុងសង្គមមួយ ភាពចាំបាច់មួយដែលយើងត្រូវតែធ្វើនោះ គឺការយល់ដឹងពីវិស័យនយោបាយក្នុងប្រទេសរបស់ខ្លួន គ្មាននរណាម្នាក់ដែលអាចរស់នៅគេចផុតពីនយោបាយនោះទេ គ្រាន់តែការចូលរួមក្នុងនយោបាយនោះតិច ឬក៏ច្រើនប៉ុណ្ណោះ។ ក៏ប៉ុន្តែការចូលរួមក្នុងនយោបាយតម្រូវឲ្យយុវជន ស្វែងយល់ឲ្យបានច្រើនពីវា ឬយើងអាចនិយាយបានថា គឺជាការចូលរួមប្រកបដោយចំណេះដឹង ទើបអាចធ្វើឲ្យសង្គមជាតិទាំងមូលមានភាពរីកចំរើនបាន។ បច្ចុប្បន្ននេះ មានយុវជនភាគច្រើន បានតោងកន្ទុយគ្នា ឬតាមគ្នាចូលរួមគ្នាក្នុងវិស័យនយោបាយ ដោយហេតុនេះការចូលរួមរបស់ពួកគេហាក់ដូចជាមិនសូវមានឥទ្ធិពលដល់ អ្នកនយោបាយនោះទេ។ នៅមានយុវជនមួយចំនួនធំ នៅតែនិយាយថា រឿងនយោបាយយើងកុំសូវយកចិត្តទុកដាក់ពេក ទុកឲ្យអ្នកនយោបាយគេធ្វើទៅ ចំណែកយើងធ្វើអ្វីដែលជាប្រយោជន៍សម្រាប់គ្រួសាររបស់យើងទៅបានហើយ។ មិនតែប៉ុណ្ណោះ គេគិតថាការដង្ហែក្បួនឃោសនាជារឿងដែលសប្បាយ ហើយពួកគេមានឱកាសស្រែកតាមផ្លូវសារធារណៈ ដែលមើលទៅហាក់ដូចជាអានាធិបតេយ្យណាស់ នេះឬជាការចូលរួមរបស់យុវជន?
ដើម្បី ឲ្យដឹងច្បាស់ពីនយោបាយយើងគួរដឹងពី៖ ប្រវត្តិអ្នកនយោបាយ ជាផ្នែកមួយដែលយុវជនគួរតែយកចិត្តទុកដាក់តាមដាន។ ប្រវត្តិរបស់គាត់ធ្លាប់បានជួយអ្វីខ្លះដល់សង្គមជាតិ ដែលមិនមែនជាផលប្រយោជន៍ផ្ទាល់ខ្លួន ឬបុគ្គលដែលជាបក្សពួករបស់ខ្លួន។ អ្វីដែលយើងគ្រប់គ្នាត្រូវសម្លឹងមើលនោះ គឺគេមិនមែនដូចជាអ្នកនយោបាយបច្ចុប្បន្ន ដែលដើរអរគុណប្រជាពលរដ្ឋ។ ជាក់ស្តែង លោកសម រង្ស៊ី និងលោក កឹម សុខា ដើរអរគុណប្រជាពលរដ្ឋទៅវិញ នេះឬជាអ្នកនយោបាយដែលមកជួយប្រជាពលរដ្ឋខែ្មរ ប្រហែលជាប្រជាពលរដ្ឋខែ្មរកំពុងតែជួយគាត់ទេមើលទៅ។
សកម្ម ភាពអ្នកនយោបាយពួកគេត្រូវតែជាមនុស្សដែលមានទសពិធរាជធម៌ ដែលជាធម៌ទាំងដប់យ៉ាង ដែលត្រូវតែមានសម្រាប់អ្នកដឹកនាំ ក៏ដូចជាអ្នកនយោបាយ។ (ទាន៖ការធ្វើអំណាយ,សីល៖ការរក្សាសីល៥ជានិច្ចឬរក្សាសីល១០មួយដងមួយកាល, បរិច្ចាគ៖ការចំណាយជាទ្រព្យទំនុកបម្រុងប្រទេសជាតិ, អាជ្ជវ ៖ មានសេចក្តីត្រង់, មទ្ទវ៖មានសេចក្តីទន់ភ្លន់ស្លូតសុភាពរាបសា, តប ៖ ការកាន់ឧបោសថសីលតាមកាលកំណត់ម្តងៗ, អក្កោធន ៖ មិនក្តៅក្រហាយអ្នកដទៃ, អវិហឹសា ៖ មិនបៀតបៀនអ្នកដទៃ, ខន្តី ៖ មានសេចក្តីអត់ធន់, អវិរោធន ៖ មិនបំពានលើច្បាប់។)
ស្វែង យល់ព័ត៌មានទាក់ទងនឹងនយោបាយការស្វែងយល់ព័ត៌មានគឺជាផ្នែកដែល សំខាន់មួយដែលយុវជនទាំងអស់គ្នាគួរតែយកចិត្តទុកដាក់។ ការស្តាប់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ហើយយកព័ត៌មានទាំងនោះមកថ្លឹងថ្លែង នោះទើបយើងទទួលបាននូវព័ត៌មានពិត។
អ្នក នយោបាយគឺជាអ្នកមកជួយពួកយើងមិនមែនពួកយើងជាអ្នកជួយអ្នក នយោបាយទេ។ ប៉ុន្តែពួកយើងត្រូវតែចូលរួមក្នុងនយោបាយផងដែរ ហើយការចូលរួមរបស់ពួកយើងត្រូវតែប្រកបដោយចំណេះដឹង។ ម្យ៉ាងវិញទៀតប្រទេសរបស់យើងអាចរីកចំរើនទៅបានវាមិនអាស្រ័យ ទៅលើអ្នកដឹកនាំទាំងស្រុងនោះទេ តែវាអាស្រ័យដោយប្រជាពលរដ្ឋផងដែរ។ ដូច គ្នានេះដែរលទ្ធិប្រជាធិបតេយ្យមិនមានប្រទេសណាមកជួយធ្វើទេ គឺទាល់តែប្រជាជនក្នុងប្រទេសនោះចាប់ដៃគ្នាធ្វើ ទើបប្រជាធិបតេយ្យអាចកើតមានឡើង៕

No comments:
Post a Comment