Friday, September 6, 2013

កំពូល​ផ្លូវ​​មហា​គ្រោះថ្នាក់​​​សម្រាប់​ក្មេងៗធ្វើ​ដំណើរ​ទៅ​សាលារៀន​

​​ក្នុង​រូបភាព​ខាងក្រោម​នេះ ​ប្រិយមិត្ត​នឹង​បាន​ទស្សនា​​​​ទិដ្ឋភាព​ជាក់ស្ដែង​ មួយ​នៃ​ដំណើរ​ទៅ​សិក្សា​ដ៏​លំបាក​​របស់​ក្មេងៗ​សិស្ស​សាលា​​មួយ​ចំនួន​មក​ពី ​បណ្ដា​ប្រទេស​ផ្សេងៗ ​ដែល​បាន​លះបង់​កម្លាំង​កាយ​ចិត្ត​របស់​ពួកគេ​​​ជា​រៀងរាល់​ថ្ងៃ​ ​ហ៊ាន​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ​ដ៏​គ្រោះថ្នាក់​បំផុត។ ​​តាម​រយៈ​រូបភាព​​ខាងក្រោម​នេះ ​​​បង្ហាញ​​ថា ពួកគេ​​កំពុង​ប្រថុយ​ជីវិត​របស់​គេ​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​​​ក្រេប​ជញ្ជក់ ​​ចំណេះ​ដឹង។
១ ប្រទេស​ចិន
​​​​​​នេះ​គឺ​ជា​ក្មេងៗ​សិស្សសាលា​មក​ពី​ភូមិ ​Genguan ស្ថិត​នៅ​ក្នុង​ខេត្ត​ Guizhou ភាគ​និរតី​ប្រទេស​ចិន។ ស្ថិត​​នៅ​ក្នុង​ទំហំ​ផ្លូវ​ត្រឹមតែ​កន្លះ​ម៉ែត្រ​ ពួកគេ​​​​ត្រូវ​បង្ខំចិត្ត​ធ្វើ​ដំណើរ​​ទៅ​សាលា​ក្នុង​ស្ថានភាព​បែប​នេះ​ជា​ រៀងរាល់ថ្ងៃ ទោះបី​ជា​ពួក​គេ​ប្រឈម​នឹង​​គ្រោះថ្នាក់​យ៉ាងណា​ក៏​ដោយ។ ជា​រៀង​រាល់​ថ្ងៃ​ ​​គេ​ត្រូវ​ចំណាយ​ពេល​​ ២​ម៉ោង​​​​ធ្វើ​ដំណើរ​ឆ្លងកាត់​រូងភ្នំ និង​ច្រាំង​ថ្ម​​ដើម្បី​ទៅ​សាលារៀន​របស់​ពួកគេ​។
​២ ឥណ្ឌូណេស៊ី
​ងាក​មក​ប្រទេស​ឥណ្ឌូណេស៊ី​ឯណេះ​វិញ​ ក៏​មិនចាញ់​ចិន​ប៉ុន្មាន​ដែរ។ ស្ថិត​នៅ​ក្នុង​ភូមិ​មួយ​នៃ​ក្រុង Padang កោះ​ស៊ូ​មាត្រា ក្មេងៗ​សិស្ស​សាលា​ត្រូវ​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​​​ឈើ​បាក់បែក​​ជា​ច្រើន ​ដំណាក់កាល ​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ​​ជាង​ ១១​គីឡូម៉ែត្រ។ ភ្លៀង​ធ្លាក់​ដ៏​ខ្លាំងក្លា​បាន​​​កាត់ផ្ដាច់​ផ្លូវ​របស់​ពួកគេ​​កាល​ពី​ ឆ្នាំ​២០១២​ កន្លង​ទៅ​​នេះ ហើយ​ទោះបី​ជា​វា​​គ្រោះថ្នាក់​យ៉ាងណា​ក៏​ដោយ ​ក៏​ពួកគេ​ត្រូវ​តែ​បង្ខំចិត្ត​​ត្រូវ​ធ្វើ​ដំណើរ​​តាម​ផ្លូវ​នេះ​ដែរ​ ​ទើប​អាច​​​ទៅ​សាលា​រៀន​​គេបាន។
​​​​​​​​​​​៣​ ហ្វីលីពីន​
​ក្មេងៗ​សិស្ស​សាលា​ជា​ច្រើន​ មក​ពី​ភូមិ​ដាច់ស្រយាល​ភាគ​ខាងកើត​ទីក្រុង​ម៉ានីល ​​បាន​ប្រើប្រាស់​​ពោះវៀន​​កង់ឡាន​​ដើម្បី​ជិះ​​ធ្វើ​ជា​មធ្យោបាយ​ធ្វើ​ ដំណើរ​​​​​ឆ្លងកាត់​ទន្លេ​តូចៗ​ទៅ​សាលារៀន ហើយ​ពេល​ខ្លះ ពួកគេ​បាន​ខកខាន​ទៅ​សាលា​​ទៀត​ផង​ នៅពេល​ដែល​មាន​ទឹកហូរ​ខ្លាំង​​ដោយ​សារ​ភ្លៀង​ធ្លាក់។​ ប្រជាពលរដ្ឋ​នៅ​សហគមន៍​ខាងលើ​នេះ កំពុង​ស្នើសុំ​ដល់​រដ្ឋាភិបាល​ជួយ​អភិវឌ្ឍ​តំបន់​នេះ​​ផង​ ដើម្បី​ជួយ​​សម្រួល​ដល់​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​ពួកគេ។​​​​​​​​
៤ ប្រទេស​វៀតណាម
​អាច​ចាត់​ទុក​ថា ​ក្មេងៗ​សិស្ស​សាលា​ហ្វីលីពីន​ មាន​សំណាង​ជាង​ក្មេងៗ​សិស្សសាលា​វៀតណាម​នៅ​ពេល​នេះ ព្រោះ​ថា​ក្មេងៗ​​សិស្សសាលា​វៀតណាម​​​នៅ​ឃុំ​ Trong Hoa ​ស្រុក​ Minh Hoa ខេត្ត ​ Quảng Bình ត្រូវ​ហែល​ឆ្លង​ទឹក​ដោយ​​គ្មាន​ពោះវៀន​​កង់ឡាន​នោះ​ឡើយ។ ពួក​គេ​ត្រូវ​​ដោះ​ខោអាវ​​ចេញ​​ដាក់​ចូល​ក្នុង​​ស្បោង​​​ដ៏​ធំ​មួយ​​ដែល​​ មិន​ជ្រាប​ទឹក​ ជា​មួយ​នឹង​សម្ភារៈ​សិក្សា​ផ្សេងៗ​ទៀត មុន​នឹង​​ហែល​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ទៀត។ ​ពួកគេ​នឹង​ស្លៀក​សំលៀក​បំពាក់​នេះ​ឡើងវិញ ​នៅ​ពេល​ដល់​ត្រើយ​ម្ខាង​​ទៀត ​ដែល​នេះ​ជា​​ទម្លាប់​មួយ​ពួកគេ​ត្រូវ​ធ្វើ​ជា​រៀងរាល់​ថ្ងៃ​​។​​​​​

៥ ប្រទេស​នេប៉ាល់​
​ខាង​លើ​នេះ គឺ​ជា​ក្មេងៗ​សិស្សសាលា​​ប្រទេស​នេប៉ាល់​កំពុង​ធ្វើ​ដំណើរ​ដោយ​ខ្សែកាប​ ភ្ជាប់​ទៅ​ត្រើយ​ម្ខាងទៀត​​នៃ​ច្រាំង​ទន្លេ​​ក្នុង​រយៈ​កម្ពស់​ដ៏​ខ្ពស់​មួយ ​​។ របាយការណ៍​​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​កំពុង​មាន​ការ​ព្រួយបារម្ភ​​​ និង​បាន​រិះគន់​ដល់​រដ្ឋាភិបាល​ថា​ខ្វះ​ការ​យក​ចិត្ត​ទុកដាក់​ដល់​​​​​ការ​ អភិវឌ្ឍ​​​​​ផ្លូវ​គមនាគមន៍​នេះ​។ ​​
៦ ប្រទេស​កូឡុំប៊ី​
ក្មេងៗ​សិស្សសាលា​របស់​កូឡុំប៊ី​​ក៏​មិន​ចាញ់​ក្មេងៗ សិស្សសាលា​មក​ពី​ប្រទេស​នេប៉ាល់​ប៉ុន្មាន​ដែរ ពោល​គឺ​ពួកគេ​ក៏​បាន​ប្រើប្រាស់​ខ្សែកាប​ដូចគ្នា​នេះ​​ដើម្បី​ធ្វើ​ដំណើរ​​ ពី​ត្រើយម្ខាង​​ទៅ​ត្រើយ​ម្ខាង​ទៀត។  ស្ថិត​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​ភាគ​អាគ្នេយ៍​ទីក្រុង​ Bogota ក្មេងៗ​​ត្រូវ​ធ្វើ​ដំណើរ​​​ក្នុង​ល្បឿន​ដ៏​លឿន​បំផុត​មួយ​ត្រឹមតែ ​១​នាទី​ប៉ុណ្ណោះ​ក្នុង​ចម្ងាយ​៨០០​ម៉ែត្រ​៕

No comments: