Monday, May 26, 2014

ប្រាយុទ្ធ ចាន់អ៊ូចា​​ជានរណា? ជាមេទ័ពថៃ​​ជាន់ខ្ពស់ និង ជាខ្លាភាគ​ខាងកើត ក្នុងជួរ​កងទ័ព

នៅព្រឹក​ថ្ងៃទី២៦​ឧសភា មេបញ្ជាការ កងទ័ពជាន់​ខ្ពស់ថៃ​លោក ប្រាយុទ្ធ ចាន់អ៊ូចា  ត្រូវបាន​ទទួល​​ការ​តែងតាំង​​ជា​ប្រធាន​​ក្រុម​ប្រឹក្សា​​ជាតិ ដើម្បីសន្ដិភាព​ និង សណ្ដាប់ធ្នាប់ ក្នុងអំឡុងពេល​ធ្វើរដ្ឋប្រហារ​ បន្ទាប់ពីលោក​បាន​ប្រកាស ប្រើច្បាប់​​អាជ្ញា​សឹក​កាល​ពីថ្ងៃទី២០ឧសភា ហើយពីរ​ថ្ងៃក្រោយមក គឺនៅថ្ងៃទី២២ឧសភា លោកក៏ប្រកាស​ធ្វើរដ្ឋប្រហារ។ ការតែងតាំងនេះ គឺក្រោមព្រះរាជ​អនុញ្ញាត​​​របស់​​ព្រះមហាក្សត្រ​ថៃ ដើម្បីគ្រប់គ្រង និងរៀបចំប្រទេសថៃ ​ឱ្យមានសណ្ដាប់ធ្នាប់​ឡើងវិញ។ នេះបើតាមការបញ្ជាក់​របស់លោក​ប្រាយុទ្ធ​​នៅក្នុងសន្និសីទកាសែត បន្ទាប់ពីបានទទួលការតែងតាំង។ តើមេទ័ព​ដែលជា​សមាជិកខ្លា ភាគខាងកើត​ នៅក្នុងជួរកងទ័ព និង បានបញ្ចប់សាលាបណ្ឌិតសភា យោធា រូបនេះមានប្រវត្តិយ៉ាងណាខ្លះ?
ស្តាប់សម្លេង៖
ប្រវត្តិខ្លះៗរបស់មេទ័ពថៃលោកប្រាយុទ្ធ ចាន់អូចារ Prayuth Chan-ocha
លោកប្រាយុទ្ធ ចាន់អូចារ Prayuth Chan-ocha កើត ថ្ងៃទី 21 ខែមិនា ឆ្នាំ 1954 លោកបានឡើងកាន់តំណែង ជាមេបញ្ជាការកងទ័ព​ជាន់ខ្ពស់ថៃ កាលពីខែតុលាឆ្នាំ២០១០។ មិនត្រឹមតែជាមេទ័ពថៃធម្មតានោះទេ តែលោកប្រាយុទ្ធ ត្រូវបានគេចាត់ទុកថា ជា​មេបញ្ជាការ​ម្នាក់​ ដែលមានភាពស្មោះត្រង់ និង មានភាពម៉ឺងម៉ាត់ក្នុងការដឹកនាំកងទ័ព។ អ្វីដែលគេដឹងច្បាស់បំផុតនោះ គឺលោក ប្រាយុទ្ធ  បានប្រកាន់ជំហរមួយគឺ ប្រឆាំងនឹងចលនាធ្វើការផ្លាស់ប្ដូរ ក្រុមអាវក្រហម​ជាក្រុមគាំទ្រ ដល់អតីតនាយករដ្ឋមន្ដ្រីថៃ​លោកថាក់ ស៊ីនស៊ីណវ៉ាត្រា និង រដ្ឋាភិបាលរបស់ប្អូនស្រីលោកថាក់ ស៊ីន គឺលោកស្រី យីងឡាក់។
ការសិក្សារបស់មេទ័ពជាន់ខ្ពស់ថៃរូបនេះ

លោកប្រាយុទ្ធបានសិក្សានៅ វិទ្យាស្ថានកងទ័ព និង មហាវិទ្យាល័យ ជាតិ និង ការពារជាតិ នៃប្រទេសថៃ។ លោកបានចូលរួមវគ្គ ទ័ពថ្មើរជើង មូលដ្ឋាន និង ទ័ពថ្មើរជើង កម្រិតខ្ពស់ មុននឹងបានសិក្សា យកបរិញ្ញាបត្រ នៅក្នុងការ បណ្ឌិតសភាយោធា។ លោក​ប្រាយុទ្ធ​ធ្លាប់ ជាសមាជិកនៃក្លឹប " ខ្លាភាគខាងកើត " ដែលភាគច្រើនអគ្គមេបញ្ជាការជាន់ខ្ពស់ជាច្រើន មានប្រវត្តិចេញពីក្លឹបនេះ។ បន្ទាប់ពីបានបញ្ចប់ការសិក្សា ពី បណ្ឌិតសភា យោធា លោកប្រាយុទ្ធ បានបម្រើការ នៅក្នុងកងវរសេនាធំ ថ្មើរជើង និង ធ្លាប់ជា​អនុប្រធាន បញ្ជាការឯកភាពទូទៅក្នុងកងពលថ្មើរជើង មុនក្លាយជា អនុប្រធាន បញ្ជាការឯកភាព ទូទៅសម្រាប់​កងទ័ពតំបន់ទី1។
និយាយពីបទពិសោធការងារវិញ បន្ទាប់ពីរដ្ឋប្រហារនៅឆ្នាំ 2006 , លោកប្រាយុទ្ធ ត្រូវបានតែងតាំងជាតំណាងរាស្រ្តក្នុង រដ្ឋសភា តំណែងនេះលោក បានចូលរួមជាមួយ គណៈកម្មាធិការ ស្តីពី បរិស្ថាន និង ធនធានធម្មជាតិ ។ ក្រៅពីតួនាទីជាទាហាន លោក​ប្រាយុទ្ធមានតួនាទីជាក្រុមប្រឹក្សានៅក្នុងក្រុមហ៊ុនមួយចំនួន ក្រុមហ៊ុនផ្គត់ផ្គង់ អគ្គិសនី ជាតិ។ ពីឆ្នាំ 2007 ដល់ ឆ្នាំ 2010 លោកគឺជា នាយក នៃក្រុមហ៊ុន ប្រេង សាធារណៈថៃ។ ហើយនៅឆ្នាំ2010 លោក ជាអគ្គនាយកនៃធនាគារ យោធាថៃ និង ជាប្រធាន ក្លឹបបាល់ទាត់ សម្ពន័្ធយោធា។
លោកប្រាយុទ្ធ ប្រកាន់ជំហរមួយគឺ ប្រឆាំងនឹងចលនាធ្វើការផ្លាស់ប្ដូរក្រុមអាវក្រហម តែហេតុអ្វីរូបនេះនិយាយថា​យោធានៅ​កណ្តាល?
ត្រឹមបបូរមាត់ប៉ុណ្ណោះ ចំពោះពាក្យថាមិនលម្អៀង ព្រោះបន្ទាប់ពីលោកចូលកាន់តំណែង​​​​​ លោកចង់ឱ្យកងទ័ពថៃ ឈរនៅចំ​កណ្ដាល​​​​​ជានិច្ច ជាពិសេសក្នុងរឿងនយោបាយ ដោយមិនលម្អៀង ទៅភាគីនយោបាយណាមួយឡើយ ប៉ុន្តែសកម្មភាព​របស់​លោក ត្រូវបាន​សាធារណជន លើកជាសំណួរ ជុំវិញសកម្មភាពចូលខ្លួន ក្នុងឆាកនយោបាយថៃ។ ជាពិសេស​អ្នកដែល​នៅពីក្រោយ​ការ​បង្ក្រាប ក្រុមអាវក្រហមក្នុងការបះបោរ កាលពីខែមេសាឆ្នាំ 2009 និង ខែមេសា ខែឧសភា ឆ្នាំ2010  គ្មានអ្នកណាឡើយ​ក្រៅពី​មេទ័ពរូបនេះ។
បន្ថយអំណាចដើម្បីឲ្យគេមើលឃើញថាមិនលម្អៀង

លោកប្រាយុទ្ធតែងតែ ហៅរដ្ឋប្រហារយោធា ថាមិនមែនជា រដ្ឋប្រហារ តែជាទង្វើរដើម្បីការពារជាតិ ក្នុងនោះលោកបាន​បន្ថយ​អំណាច​​​​របស់ខ្លួន បន្ទាប់ពីក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស បានដាក់សម្ពាធ តាមរយៈការចូលជ្រៀតជ្រែក ក្នុងការស៊ើបអង្កេត​ទៅលើ​ក្រុមបាតុករដែលស្លាប់ កាលពីឆ្នាំ២០១០ ខណៈពេលដែលពួកគេធ្វើការតវ៉ា ។ ក្រោយមក​ទៀត​លោក ប្រាយុទ្ធ​ក៏បានដើរតួ​ជា​មនុស្សម្នាក់​ដែលសំខាន់ ក្នុងការទំនាក់ទំនង ជាមួយសាច់ញាតិ ជនរងគ្រោះដែលត្រូវស្លាប់ ក្នុងការតវ៉ា  ហើយបានសហការ​ជាមួយ​​រដ្ឋាភិបាល របស់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ដែលឈ្នះនូវកៅអីសភា ក្នុងឆ្នាំ២០១១ រីឯរដ្ឋាភិបាលវិញ ក៏បាន​សហការ​ យ៉ាងពេញដៃពេញជើង ជាមួយមេទ័ពរូបនេះផងដែរ។
រដ្ឋប្រហាដោយយោធា បានកើតឡើងចៀសមិនរួច ក្រោមហេតុផល ការពារផលប្រយោជន៍ជាតិ តើលោកមេទ័ពរូបនេះ​នឹងរៀបចំ​ការបោះឆ្នោតដែររឺទេ?
លោកប្រាយុទ្ធ បានលើកឡើងថា ការបោះឆ្នោតនឹងត្រូវរៀបចំឡើង ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ តែក៏ត្រូវមើល​ពី​ស្ថានភាព​ជាក់ស្ដែង នៅពេលបច្ចុប្បន្នដែរ បើស្ថានភាពអំណោយផល ពេលវេលានៃការបោះឆ្នោត ​ក៏អាចរៀបចំបាន​ឆាប់រហ័ស​ដែរ។ ផ្ទុយទៅវិញ បើបញ្ហាអសន្ដិសុខ នៅតែកើតមាន វាពិតជាលំបាក​សម្រាប់ការរៀបចំ ការបោះឆ្នោត​ទៅតាមការស្នើសុំ។ ចំណុចនេះ ខ្ញុំក៏ចង់រំលឹកសុភក្រ័ដែរថា ជាទូទៅ និង តាមបទពិសោធកន្លងមក យោធាតែងតែកាន់តំណែង មួយឆ្នាំ ឬ ពីរឆ្នាំទើប​រៀបចំ​​ឲ្យមានរដ្ឋាភិបាលថ្មី។ ដោយឡែករដ្ឋាភិបាលថ្មី ដែលតែងតាំង ទោះជាតាមរយៈការបោះឆ្នោតក៏ដោយ ក៏ត្រូវទម្លាក់​តាមរយៈ​ ការប្លន់អំណាច ព្រោះតែអំណាចយោធា និង ឥទ្ធិពលព្រះមហាក្សត្រ មានច្រើនលើសលប់។
នាថ្ងៃ​អនាគត​លើកលែងតែ រដ្ឋាភិបាលដែលចេញពី ការរៀបចំរបស់រាជវាំង និងយោធា ទើបអាចឈរជើង ជាប់រហូតផុតអាណត្តិ តែដរាបណាខ្សែស្រឡាយ លោកថាក់ស៊ីន រឺ សូម្បីដៃជើងក្តី ក៏មិនអាចឈរនៅរឹងមាំបានដែរ ព្រោះការរំលំរបបលោកថាក់ស៊ីន ក្នុងបំណងជីកទាំងឬស។
ជាក់ស្តែងរដ្ឋាភិបាលលោកស្រីយីងឡាក់​ប្អូនលោកថាក់ ស៊ីន ក៏មិនអាចចៀសផុតដែរ ទោះជាលោក​ប្រាយុទ្ធ ចាន់អ៊ូចា ដែលតាម​គម្រោង​នឹងចូលនិវត្ដិន៍ នៅខែកញ្ញាឆ្នាំ២០១៤នេះ ប៉ុន្ដែបានផ្អាកចូលនិវត្ដិន៍ ដោយសារតែភាពចលាចល ភាពជាប់គាំង​នយោបាយ ក្នុងប្រទេសថៃ លោកក៏បានសម្រេចចិត្ដប្រឆាំងនឹងអំពើហិង្សា ដែលអូសបន្លាយយ៉ាងយូរនេះ ។
អត្ថបទដោយយ៉ាន់ លីណា

No comments: