(Photo by Dung Ma)
ក្នុងលោកនេះ តើមនុស្សប្រភេទណាខ្លះ ជាមនុស្សរស់នៅ មិនសាងនូវប្រយោជន៍?
ខាងក្រោមនេះ ជាជនដែលធ្វើប្រយោជន៍របស់ខ្លួន អោយខូចបង់៖
១. មនុស្សនិយាយច្រើនមួយ, គឺច្រើនពោលរោយរាយ ឡេះឡោះ លេចវាល ចូលព្រៃ ឥតអសារ ឃ្លាតចាកសភាពពិត និង គុណប្រយោជន៍។ ដោយសារតែជក់ខ្យល់ និយាយច្រើនពេក ក៏បាត់បង់ពេលវេលា បំពេញកិច្ចការដែលនាំអោយចម្រើន។
២. មនុស្សចូលចិត្តជជែករឿងនយោបាយ ដោយគ្មានគោលដៅ និង គោលជំហរ ជាក់លាក់, គឺជជែក យកឈ្នះចាញ់គ្នា ដោយពាក្យពេចន៍អសុរស រិះគន់ និន្ទា ប្រមាថដល់អ្នកដទៃ ព្រោះមានសេចក្ដីចង្អៀតចង្អល់ និង ការច្រណែនក្នុងចិត្ត។
៣. អ្នកត្រេកកាមគុណ លោភលន់ ឥតព្រំដែន ជាជនឥតអសារ ព្រោះតែងរវល់ជាប់ គ្មានពេលធ្វើខ្លួនអោយក្លាយជាមនុស្សដ៏ប្រសើរ ដោយការអប់រំចិត្ត អប់រំសម្ដី អប់រំចរិយាមារយាទ ឬ ស្វែងរកចំណេះដឹងល្អៗ ដាក់ក្នុងខ្លួន។
៤. មនុស្សដែលចូលចិត្តរវើរវាយ ស្រើបស្រាល ក្នុងរឿងស្នេហា តែងមិនអាចញាំងអោយកើតប្រយោជន៍បច្ចុប្បន្ន ព្រោះមិនមានចិត្តនឹងនរ គ្រាន់នឹងបំពេញការងារសំខាន់ៗក្នុងជីវិត។
៥. មនុស្សដែលដេកចាំប្រយោជន៍ ដេកចាំសំណាង តែងដេកចាំទទេៗ ព្រោះក្នុងលោកនេះ មិនមានប្រយោជន៍អ្វី ដែលកើតឡើងដោយការមិនធ្វើអ្វីសោះនោះទេ។ មនុស្សដែលមានភ័ព្វសំណាងល្អក្នុងលោកនេះ គឺច្រើនជាមនុស្សស្ទុះស្ទា ស្វាហាប់ក្នុងការងារ ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីលាភសក្ការៈចូលទៅជិតខ្លួន។
៦. អ្នកលេងល្បែងស៊ីសង ភ្នាល់គ្នា
៧. មនុស្សប្រមឹក ស្រវឹងងប់ងុល
៨. មនុស្សដែលចូលចិត្តដើរលេងច្រើន ចោលការងារសំខាន់ៗ និង ភារៈកិច្ចរបស់ខ្លួន។
៩. មនុស្សដែលជួបធម៌ហើយ តែមិនអាចយល់, មនុស្សដែលយល់ធម៌ហើយ តែមិនព្រមយកទៅបដិបត្តិ។
១០. មនុស្សដែលគិតថា «កើតមកតែមួយជាតិ ត្រូវឆ្លៀតសប្បាយអោយអស់ដៃ» ដូច្នេះ តែងប្រមាទក្នុងបុណ្យនិងបាប មិនគិតសាងល្អ សន្សំកុសល សម្រាប់ជាទីពឹង ក្នុងបច្ចុប្បន្ន និង ពេលអនាគត។
* ប្រយោជន៍ តែងមានចំពោះជនឯណា ដែលស្គាល់នូវប្រយោជន៍ ហើយប្រឹងប្រែង សាងនូវប្រយោជន៍ទាំងនោះ។ ជនដែលមិនស្គាល់នូវប្រយោជន៍ តែធ្វើប្រយោជន៍នានា អោយខូចបង់។*
~ នភ ហង្សផលា
No comments:
Post a Comment