Sunday, November 10, 2013

ដូចម្តេច​ដែល​ហៅ​ថា​កំណាព្យ?

សាកល្បង ​ឆ្លើយ ៖ កំណាព្យ​គឺ​ជា​កម្រង​ពាក្យសំដី ដែល​មាន​ការ​ចាប់​ចុងចួន​ពិរោះ​រណ្តំ​ណែងណង មានឃ្លា មានល្បះ និងមានកម្រិតចំនួនព្យាង្គ​ជា​កំណត់…. ចេញ​ពី​ទឹកចិត្ត​រំភើប និងធ្វើ​ឲ្យ​អ្នក​ផង​រំភើប​ជាមួយ។
ឧទាហរណ៍ ៖
កាច់​ធ្មុង​ច្រក​ស្មុក
 
ដើរ​ចូល​ក្នុង​ស្រុក
ធ្វើ​ឫក​អាចារ្យ
ភូត​ភរ​ប្រជា
បាន​ច្រើន​កាលណា
ពាក់ធ្មុង​សង្ហារ
សាហាវ​លើសដើម។
ខ្មែរ​អឺយរឿងពិត
  
ខ្មែរ​តោង​ពិនិត្យ
គិតគ្រប់​ដង្ហើម
ខ្មែរបីលានប្លាយ
ស្លាប់​ឈាមសើមៗ
កុំ​ភ្លេច​រឿង​ដើម
ស្នាដៃ​ប៉ុលពត។
កំណាព្យកាព្យឃ្លោង?
ពាក្យ ​កំណាព្យ​កាព្យឃ្លោង​នេះ ដូនតា​យើង​ប្រើ​សំគាល់ ឬ​ចង្អុល​បង្ហាញ​ពី​លក្ខណៈ​ដ៏ល្អ​របស់​កំណាព្យខ្មែរ ដែល​ចេញ​​ពី​ទឹកដៃ​ដ៏ប៉ិនប្រសប់​របស់​កវី គឺថា​កំណាព្យ​នោះ​ទាំង​រូបភាព ទាំងខ្លឹមសារ មានសម្ផស្ស និងសោភ័ណ រណ្តំ​បត់បែន ឃ្លោង​បញ្ឆិត​បញ្ឆៀង មិន​ត្រង់​ស្តូក ប៉ុន្តែ​មាន​ន័យ​គ្រប់​គ្រាន់។
ឧទាហរណ៍
- សូរិយាល្ងាចថ្ងៃ សូរិយាល្ងាចថ្ងៃ ទន្សោងគោព្រៃ រកស៊ីជើងភ្នំ។
- ស៊ីតូចដោយតូច ស៊ីធំដោយធំ រកស៊ីជើងភ្នំ ផឹកទឹកដងអូរ។
- ស៊ីផឹករួចហើយ​ ប្រជល់គ្នាវរ សុទ្ធតែឡើងក អួតអាងកម្លាំង។
តួ យ៉ាង​ដូច​អត្ថបទ​កំណាព្យ​ជា​ឧទាហរណ៍​ខាង​លើ​នេះ​មាន​ន័យ​ពីរ​៖

១​ – ន័យត្រង់ ៖ និយាយ​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ទន្សោង​គោ​ព្រៃ
 - ន័យ​បញ្ឆិត​បញ្ឆៀង ៖ រៀបរាប់​ពី​ការ​ប្រកាប់​ប្រចាក់​គ្នា របស់​ពួក​ពុករលួយ​ពាលា​អាវ៉ាសែ ស៊ី​សំណូក សូក​ប៉ាន់ ក្នុង​គ្រប់​ជំនាន់។
ហេតុ​ហ្នឹង​ហើយ ទើប​ដូនតា​យើង​និយម​ប្រើ​ពាក្យ​ថា កំណាព្យ កាព្យ​ឃ្លោង​យ៉ាង​ដូច​នេះ។
តើកំណាព្យ និងកម្រងកែវ ខុសគ្នាយ៉ាងណា?
សាកល្បងឆ្លើយ ៖ កម្រងកែវ​គឺ​ជា​កម្រង​ពាក្យ​សំដី ដែល​មាន​ការ​ចាប់​ចុង​ចួន ទាក់ទង​ពិរោះ​រណ្តំ​ណែងណង​ដែរ ប៉ុន្តែ​មិន​មាន​កម្រិត​ឃ្លា ឬល្បះ ឬក៏​ចំនួន​ព្យាង្គ​ជា​កំណត់​ទេ។
ឧទាហរណ៍
មេឃ ​ប្រែ​​ស្រឡះ ពពក​ដេរដាស​ប្រែ​ជា​ស ស្លឹកឈើ​ប្រែ​ពណ៌​ខៀវ​ស្រស់​ល្អ ត្រូវ​ជំនោរ​កំដរ​បក់​រវិចៗ ចាំង​រំលេច​ពន្លឺ​សុរិយា​ភ្លឺ​ភ្លេកៗ​ដូច​សុវណ្ណ បក្សី​ទាំងគូៗ​ស្រែក​ច្រៀង​ឆ្លើយឆ្លង​យ៉ាង​រញៀវ​ខ្ញៀវខ្ញា ហោះហើរ​ឆ្វាត់ឆ្លែង​ប្រឡែង​លើ​វេហា លើ​ព្រឹក្សា​ ហាក់​អបអរ​ជូនពរ​ខ្ញុំ​និង​នាង​កំពុង​ធ្វើ ដំណើរ​តាម​ផ្លូវ​យ៉ាង​សុខ​មនោរម្យ។ (ដក​ស្រង់​ពី​រឿង “មិនទាន់អស់ចង់”)
ធាតុ​របស់​កំណាព្យ
នៅ​ក្នុង​កំណាព្យ​មាន​ធាតុ​សំខាន់ៗ ដូច​តទៅ​នេះ ៖
- ព្យាង្គ ៖ សំឡេង​មួយ​ម៉ាត់ៗ នៅ​ក្នុង​កំណាព្យ។
- ឃ្លា ៖ ព្យាង្គ​ច្រើន​រួម​គ្មាន បាន​ជា​ឃ្លា។
- ល្បះ ឬល្បះខ័ណ្ឌ ៖ ឃ្លា​ច្រើន​រួម​គ្នា​មក ដោយ​មាន​ខ័ណ្ឌ។
ព្យាង្គ និងពាក្យ
ព្យាង្គ ៖ គឺ​សំឡេង​ចេញ​មក​ម្តង ទោះ​បាន​ន័យ​ក្តី មិន​បាន​ន័យ​ក្តី។ ឧ. ក-គ-តិ-កិ-បង-សុំ-ទៅ-ឆាន់-ឮ
ពាក្យ ៖ គឺ​សំឡេង​ចេញ​មក​ម្តង​ក្តី ឬ​ច្រើន​ដង​ក្តី មាន​ន័យ​គ្រប់​គ្រាន់។ ឧ. (ពាក្យ​១​ព្យាង្គ) កខ-​ឈប់-​គិត-​ពេញ, (ពាក្យ​២​ព្យាង្គ) សំដី-​សម្រស់-​ប្រសាសន៍-​សម្បតិ្ត, (ពាក្យ​៣​ព្យាង្គ) អន្តរធាន- វិនិច្ឆ័យ-​កេងប្រវ័ញ្ច, (ពាក្យ៤ព្យាង្គ) មមើមមាយ- អណ្តែតអណ្តូង-​ឆពណ្ណរង្សី
ពាក្យពេចន៍ និងពាក្យសម្ផស្ស
១. ពាក្យពេចន៍ ៖ សម្រាប់​រំលេច​ន័យ​ខ្លឹមសារ​របស់​អត្ថបទ​កំណាព្យ​ឲ្យ​លេចធ្លោ​ឡើង ឲ្យ​អត្ថបទ​នោះ​មាន​សោភ័ណ​ខ្ពស់ ពោល​គឺ​បង្កើត​រូបារម្មណ៍ និង​បំផុស​ឲ្យ​ដឹង​ច្បាស់​ពី​គំនិត​របស់​អត្ថបទ ចង់​និយាយ​យ៉ាងណាៗ​នោះ។
២. ពាក្យ​សម្ផស្ស ៖ គឺ​ជា​ពាក្យ​គន្លឹះ​ចួន ឬ​ហៅ​ចំណាប់​ចុង​ចួន ដែល​ធ្វើ​ឲ្យ​រូបភាព ឬ​ទម្រង់​នៃ​អត្ថបទ​កំណាព្យ​មាន​សម្រស់​ល្អ​ឡើង ប្រកប​ដោយ​លក្ខណៈ​ចួន​ផ្ទួន​រណ្តំ។
គេចែកពាក្យសម្ផស្សជាពីរគឺ ៖
ក. ពាក្យ​សម្ផស្ស​ក្នុង ៖ គឺ​សំគាល់​លើ​ចំណាប់​ចួន​ផ្ទួន​រណ្តំ ដែល​ស្ថិត​ក្នុង​ឃ្លា​ជាមួយ​គ្នា។ ឧ. ស្រី​ប្តី​ពីរ​បី​ពុំ​គាប់​រាប់
ខ. ពាក្យ​សម្ផស្ស​ក្រៅ ៖ គឺ​សំគាល់​ចំណាប់​ចួន ផ្ទួន រណ្តំ ដែល​ឆ្លង​គ្នា​ពី​ឃ្លា​មួយ​ទៅ​ឃ្លា​មួយ​ទៀត ឬ​ពី​ល្បះ​មួយ​ទៅ​ល្បះ​មួយ​ទៀត។ ឧទាហរណ៍ៈ
សូរិយាកើតឃ្លង់
ក្នុងមុងចំបែង
លោកខែកើតស្រែង
 
ផ្កាយដុះកន្ទុយ។
 
មូសពាំដំរី
ពីព្រៃធ្វើនុយ
ខ្លាចាស់ពោះស្អុយ
 
ស៊ីនុយផឹនមូស។
 
រុយជាប់ពីងពាង
ទៅឈឺមាត់ឈ្លូស
បានដៃសត្វមូស
 
បឺតឈាមសព្វសត្វ។
 

(កំណាព្យ​នេះ​សរសេរ​​ក្នុង​សម័យ លន់ នុល បក​អាក្រាត​ពី​របប​ជិះជាន់​ពុករលួយ​ដល់​ខួរឆ្អឹង​ ចៃ​អាមេរិកកាំង។)
សូរស័ព្ទ ឬសូរសៀង ឬសំនៀង
សូរស័ព្ទ សូរសៀង ឬសំនៀងនេះ នៅ​ក្នុង​កំណាព្យ​មាន​សារសំខាន់​ណាស់ ព្រោះ​កំណាព្យ​ដែល​ល្អ គឺ​កំណាព្យ​ដែល​មាន​ចំណាប់​ចួន និង​ផ្ទួន​មាន​សូរ​សំឡេង​ដូច​គ្នា។ ពោល​បើ​សំនៀង​នោះ ចេញ​មក​ពី​ព្យញ្ជនៈ​ឃោសៈ ខ្យល់​គ្រលរ​សំឡេង អ៊” ត្រូវ​តែ​ឲ្យ​ចួន​ឃោសៈ​ដែរ។ ឧទារហណ៍ ៖ គិត – មិត្ត ពិត – រឹត។ គុំ – ជុំ – នំ – ធំ ។ល។ និង ។ល។
បើ ​សំនៀង​ចេញ​មក​ពី​ព្យញ្ជនៈ អឃោសៈ សំឡេង​តូច​ស្រួយ​ខ្យល់ ” ត្រូវ​តែ​ឲ្យ​ចួន​អឃោសៈ​ដែរ។ ឧទាហរណ៍ ៖ កង – បង – ឡង – សង – ដង ។ សត្វ – បាត់ – កាត់ – ម៉ាត់ ។ល។ និង ។ល។
មិន ​ត្រូវ​យក​ឃោសៈ ទៅ​ចួន​នឹង​អឃោសៈ ក៏​ប៉ុន្តែ​តាម​ការ​សង្កេត បើ​ព្យាង្គ ឬ​ពាក្យ​ទាំង​ឡាយ​ណា​ដែល​ប្រើ​ស្រៈ  ួ ” ស្រៈ  ឿ ” និង​ស្រៈ  ៀ នោះ​ព្យញ្ជនៈ​ឃោសៈ និង​អឃោសៈ អាច​ចួន​គ្នា​បាន ព្រោះ​មាន​សូរ​សំឡេង​ដូច​គ្នា។ ឧទាហរណ៍ ៖
“​ ួ ” គួ – តួគួន – ចួនពួន ខ្លួន
 ឿ “ លឿង – សឿងគ្រឿង – ក្បឿង
 ៀ “ ទិតៀន បៀតបៀនទៀត ស្នៀត
ឬ​អាច​ឆ្លង​គ្នា​បែប​នេះ​ក៏​បាន គឺ​ឃោសនៈ​ស្រៈ  ា “ ចួន​នឹង​អឃោសៈ​ស្រៈ“ ៀ “ ។ ឧទាហរណ៍ ៖ ឃ្លាន ចៀននាង​ – សៀងវាត – បៀត។
អាច​នៅ​មាន​ក្រៅ​ពី​នេះ​ខ្លះ​ទៀត ប៉ុន្តែ​ជា​សំខាន់​ចំណាំ​តែ​សូរ​សំឡេង​ដូច​គ្នា។
រង្វាស់ពាក្យ ឬមាត្រាពាក្យ
រង្វាស់ ​ពាក្យ ឬ​មាត្រា​ពាក្យ គឺ​ចំនួន​ព្យាង្គ​ជា​កំណត់​ក្នុង​ឃ្លា​នីមួយៗ និង​ចំនួន​ឃ្លា​ជា​កំណត់​ក្នុង​ល្បះ​នីមួយៗ។ គឺ​អាស្រ័យ​ចំណាប់​ចួន​ខុស​គ្នា… កំណត់​ព្យាង្គ និង​ឃ្លា ក្នុង​ល្បះ​ខុសៗ​គ្នា​នេះ​ហើយ ដែល​នាំ​ឲ្យ​រូបភាព ទម្រង់កំណាព្យ​ទាំង​ឡាយ​ខុស​គ្នា និង​មាន​ឈ្មោះ​ក៏​ប្លែកៗ​គ្នា​ដែរ។
ឧទាហរណ៍ ៖ បទ​មេ​បួន មួយ​ល្បះ​មាន​៤​ឃ្លា ក្នុង​មួយ​ឃ្លា​មាន​៤​ព្យាង្គ។ បទ​កាកគតិ មួយ​ល្បះ​មាន​៧​ឃ្លា ក្នុង​មួយ​ឃ្លា​មាន​៤​ព្យាង្គ​ស្មើ​គ្នា។
ចង្វាក់
ពាក្យ ​ចង្វាក់​នៅ​ក្នុង​កំណាព្យ​គឺ សំគាល់​ការ​លើក ឬ​ដាក់​សំឡេង​ដែល​មាន​លក្ខណៈ​ខុសៗ​គ្នា ទៅ​តាម​បទ​កំណាព្យ​នីមួយៗ។ វា​ជា​ជំនួយ​ជួយ​សម្រួល​ដល់​ការ​និពន្ធ ការ​ពោល ឬ​ការ​សូត្រ​កំណាព្យ និង​ជួយ​ជម្រុញ​ឲ្យ​កំណាព្យ​មាន​លក្ខណៈ​ពិរោះ​រណ្តំ​ជា​តន្ត្រី។
ឧទាហរណ៍ ៖ បទពាក្យ ៧ ត្រូវ​សង្កត់​សំឡេង​លើ​ព្យាង្គ ២ និង ៤ ស្តាយសាច់ ស្រអែម កែមសំដី។ បទ​ពាក្យ ៨ ត្រូវ​សង្កត់​សំឡេង​លើ​ព្យាង្គ ៣ និង ៥ – អនិច្ចា តោថ្ម លោកកសាង….
សង្កេត
 បទពាក្យ ៦ ពាក្យ៧ ពាក្យ៨ ពាក្យ៩ ពាក្យ១០ និងពាក្យ១១ ជា​ឈ្មោះ​កំ​ណាព្យ ដែល​ចាស់​បុរាណ​យើង​បាន​និយម​ប្រើ ប៉ុន្តែ​តាម​ការ​ពិត ពាក្យ” នេះ​មិន​មែន​សំគាល់​ចំនួន​ពាក្យ​នៅ​ក្នុង​ឃ្លា​ទេ ផ្ទុយ​ទៅ​វិញ​គឺ​សំគាល់​ចំនួន​ព្យាង្គ​នៅ​ក្នុង​ឃ្លា​នីមួយៗ ពោល​គឺៈ បទពាក្យ៦ មាន៦ព្យាង្គ​ក្នុងមួយឃ្លា,បទពាក្យ៧ មាន៧ព្យាង្គ​ក្នុងមួយឃ្លាបទពាក្យ៨ មាន៨ព្យាង្គ​ក្នុងមួយឃ្លា,បទពាក្យ៩ មាន៩ព្យាង្គ​ក្នុងមួយឃ្លាបទពាក្យ១០ មាន១០ព្យាង្គ​ក្នុងមួយឃ្លា និងបទពាក្យ១១ មាន១១ព្យាង្គ​ក្នុងមួយឃ្លា។
២ – តាម​ធម្មតា បើ​គេ​និពន្ធ​អត្ថបទ​កំណាព្យ​មួយ​ដែល​មាន​ច្រើន​ល្បះ គេ​ត្រូវ​រក្សា​ចំណាប់ចួន តាម​ពី​ល្បះ​ទី​១ រហូត​ដល់​ល្បះ​បញ្ចប់… មិន​ត្រូវ​ឲ្យ​ភ្លាត់ ឬ​ក៏​ដាច់​ចួន​នៅ​ដំណាក់​ណា​មួយ​ឡើយ។
៣ – ក្រោយ​ពី​ការ​សិក្សា​របៀប​សូត្រ​កំណាព្យ​ខ្មែរ យើង​អាច​សង្កេត​ឃើញ​ថាៈ បទ​កំណាព្យ​នីមួយៗ​មិន​មែន​សម្រាប់​បម្រើ​តែ​មនោសញ្ចេតនា​មួយ​ប៉ុណ្ណោះ​ទេ ផ្ទុយ​ទៅ​វិញ​បទ​ទាំង​នោះ អាច​បម្រើ​បាន​ស្ទើរ​តែ​គ្រប់​មនោសញ្ចេតនា​របស់​មនុស្ស ដូច​ជា​រំភើប សប្បាយ កំសត់ ពិពណ៌នា និរាស​ព្រាត់ប្រាស កំហឹង ទូន្មាន​ប្រៀន​ប្រដៅ សង្វេគ អវិជ្ជា ។ល។ និង ។ល។ ជាក់ស្តែង​គ្រាន់​តែ​បទ​កាកគតិ​មួយ យើង​អាច​សូត្រ​បាន​ច្រើន​បែប​គឺ ៖ សូត្រ ​បែប​កូន​ក្មេងសូត្រ​បែប​ចាស់សូត្រ​បែប​ក្អែក​លោតសូត្រ​បែប​​ក្អែក​បូលសូត្រ​​បែប​ពិពណ៌នាសូត្រ​​បែប​​ទំនួញសូត្រ​​បែប​​ពិលាបសូត្រ​​បែប​​កាក​កាត់​ត្រើយ​សូត្រ​បែប​ត្រៃ​លក្ខណ៌​ជាដើមដែល​អាស្រ័យ​ដោយ​ខ្លឹមសារ និង​មនោសញ្ចេតនា​នៃ​អត្ថបទ​នោះ​កំណត់។
——————————————————————————-
អត្ថបទដកស្រង់ចេញពីសៀវភៅ “សិល្បៈតែងកំណាព្យ” និពន្ធដោយ ពេជ្រ ទុំក្រវ៉ិល, ភ្នំពេញ ២០០២។

No comments: