Sunday, November 10, 2013

ប្រវត្តិកំណាព្យខ្មែរ

បើយើង​ពឹង​ផ្អែក​លើ​បទ​ភ្លេង និង​ទំនុក​ច្រៀង​នៃ​វង់​ភ្លេង​អារក្ស​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​ តន្រ្តីខ្មែរ​យល់​ថា ជា​វង់ភ្លេង​ខ្សែ​ដែល​កើត​មុន​គេ ដូច​គ្នា​នឹង​គ្រឿង “ដំគង​កាប់​ក្របី​របស់​បង​ប្អូន​ជន​ជាតិ” ដែរ​នោះ ជា​តន្ត្រី​សម្រាប់​បម្រើ​ពិធី​ផ្សេងៗ  បូជា​អារក្ស​អ្នកតា ដែល​ជា​ជំនឿ​របស់​ខ្មែរដើម ហើយ​ដែល​កើត​មាន​​តាំង​ពី​មុន​សម័យ​ព្រះពុទ្ធ​សាសនា និង​ព្រហ្មញ្ញ​សាសនា រហូត​ចូល​មក​កម្ពុជា “៣០៩ឆ្នាំ មុនគ.ស” នេះ….ម្យ៉ាងទៀត បើ​យើង​ពឹង​ផ្អែក​លើ​ទំនុក​ច្រៀង បទ​ភ្លេង​នៃ​វង់​ភ្លេង​ប្រពៃណី​(ភ្លេងការ) ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​យល់​ថា​កើត​មាន​តាំង​ពី​សតវត្សរ៍​ទី១ នៃ​គ្រឹស្ត​សករាជ គឺ​ក្នុង​ពេល​ដែល​រៀប​អាពាហ៍​ពិពាហ៍ មង្គលការ ព្រះថោង​និង​នាងនាគ (ហ៊ុនទៀន និង​នាង​លីវយី ឬ​ព្រះនាង​សោមា​កូនព្រះច័ន្ទ្រ)ហើយ​ដែល​មាន​បទ​មួយ​ចំនួន​ទាក់​ទង​នឹង​ប្រវត្តិសាស្រ្ត ដូចជា​ បទព្រះថោង​នាងនាគ នាគព័ន្ធ ជាដើម យើង​ឃើញ​ថា​កំណាព្យ​ខ្មែរ​ដែល​កើត​មាន​មុន​គេ គឺ​បទ​មេបួន ដែល​ក្នុង​មួយ​ល្បះខណ្ឌ​មាន ៤ឃ្លា និង​ក្នុង​មួយ​ឃ្លា​មាន ៤ព្យាង្គ ស្មើគ្នា។រហូត ​​មក​ដល់​ចុង​សតវត្សទី៦ ដើម​សម័យ​ចេនឡា ទើប​យើង​ឃើញ​មាន​៤ទម្រង់​កំណាព្យ​មួយ​បទ​ទៀត កើត​ឡើង  ឈ្មោះបទបថ្យាវត្ត គឺ​ក្នុង​១​ល្បះ​មាន​៤​ឃ្លា និង​ក្នុង​១​ឃ្លា​មាន​៨​ព្យាង្គ… ប៉ុន្តែ​ការ​ចាប់​ចុងចួន មិន​ដូច​បទ​កាព្យ​៨ ដែល​កើត​សម័យ​ក្រោយ​ទេ។នៅ​ក្នុង​រឿង​រាមកេរ្តិ៍ ពី​ខ្សែ​១ ដល់​ខ្សែ​១០​ ដែល​កើត​មាន​នៅ​សម័យ​អង្គរ គេ​ឃើញ​មាន​ទម្រង់​កំណាព្យ ៥បទ​ទៀត កើត​ឡើង​គឺ - បទកាកគតិៈ ដែល​ក្នុង​១​ល្បះ​ខណ្ឌ មាន​៧​ឃ្លា និង​ក្នុង​១​ឃ្លា​មាន​៤​ព្យាង្គ​ស្មើគ្នា។
- បទព្រហ្មគីតិៈ ១​ល្បះ​មាន​៤​ឃ្លា  ឃ្លា​ទី​១​មាន​៥​ព្យាង្គ ឃ្លា​ទី​២​មាន​៦​ព្យាង្គ ឃ្លា​ទី​៣​មាន​៥​ព្យាង្គ និង​ឃ្លា​ទី​៤​មាន​៦​ព្យាង្គ។- បទពំនោលៈ ១​ល្បះ​មាន​២​ឃ្លា​  ឃ្លា​ទី​១​មាន​៦​ព្យាង្គ ឃ្លា​ទី​២​មាន​៤​ព្យាង្គ និង​ឃ្លា​ទី​៣មាន​៦​ព្យាង្គ។- បទបន្ទោលកាកៈ ១​ល្បះ​មាន​៤​ឃ្លា  ឃ្លា​ទី​១​មាន​៤​ព្យាង្គ ឃ្លា​ទី​២​មាន​៦​ព្យាង្គ ឃ្លា​ទី​៣​មាន​៤​ព្យាង្គ ឃ្លា​ទី​៤​មាន​៦​ព្យាង្គ។- បទភុជង្គលីលាៈ ១​ល្បះ​មាន​៣​ឃ្លា  ឃ្លា​ទី​១មាន​៦​ព្យាង្គ ឃ្លា​ទី​២​និង​ទី​៣​មាន​៤​ព្យាង្គ។ទម្រង់ ​កំណាព្យ​ទាំង​៥​ខាង​លើ មាន​តាំង​ពី​សម័យ​អង្គរ​មក​ម្ល៉េះ ប៉ុន្តែ​គេ​ពុំ​ទាន់​ឃើញ​ប្រើ​ឈ្មោះ​នៅ​ឡើយ។ រហូត​មក​ដល់​សតវត្ស​ទី​១៥ ឆ្នាំ១៤៩៨ ក្នុង​ល្បើក​អង្គរវត្ត-អ្នកប៉ាង ទើប​កំណាព្យ​ដដែល​នេះ​មាន​ប្រើ​ឈ្មោះ​ជា កាកគតិ ព្រល្មគីតិពំនោល បន្ទោលកាក និង​ភុជង្គលីលា។នៅ ​ក្នុង​រឿង​រាមកេរ្តិ៍ ពី​ខ្សែ​៧៥​ ដល់​៨០ ដែល​ជា​ស្នាដៃ​បន្ត ហើយ​ដែល​អ្នក​ស្រាវជ្រាវ​អក្សរសាស្ត្រ​ជាតិ​យល់​ថា​ជា​ស្នាដៃ​កើត​ក្រោយ​ សម័យ​អង្គរ ឬ​ក៏​ក្រោយ​ពេល​ជ្រួល​ច្របល់​ចលាចល ព្រោះ​សៀម​លុក​លុយ​ក្រុងអង្គរ​នោះ គេ​ឃើញ​មាន​កំណាព្យ​ថ្មី​មួយ​ទៀត គឺបទពាក្យ៦ ដែល​ក្នុង​១​ល្បះ​មាន​៤​ឃ្លាក្នុង​១​ឃ្លា​មាន​៦​ព្យាង្គ​ស្មើ​គ្នា។មក ​ដល់​សម័យ​ចតុមុខ ចាប់​ពី​ពេល​ដែល​ព្រះ​ចៅ​ពញាយ៉ាត​ប្តូរ​រាជធានី​ពី​អង្គរ​មក​តាំង​នៅ​ ស្រីសន្ធរ រួច​មក​ភ្នំពេញ និង​ការ​ផ្លាស់ប្តូរ​ទីក្រុង​ចុះ​ឡើង ពី​ភ្នំពេញ​ទៅ​លង្វែក ពី​លង្វែក​ទៅ​ឧត្តុង្គ និង​កន្លែង​ដទៃ​ជា​ច្រើន​ទៀត រហូត​ដល់​សម័យ​នរោត្តម​ប្តូរ​ទីក្រុង​ពី​ឧត្តុង្គ​មក​ភ្នំពេញ… ដល់​សព្វ​ថ្ងៃ​នេះ គេ​ឃើញ​មាន​កំណាព្យ​ជា​ច្រើន​ទៀត​បាន​កើត​ឡើង។- បទពាក្យ៧  ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន៧ព្យាង្គ- បទពាក្យ៨៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន៨ព្យាង្គ- បទពាក្យ៩៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ- បទពាក្យ១០៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន១០ព្យាង្គ- បទពាក្យ១១៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន១១ព្យាង្គហើយ ​មាន​បទ​ជា​ច្រើន​ទៀត​ដែល​ជា​របៀប​សរសេរ​បំភ្លៃ​ចេញ​ពី​បទ​ទាំងឡាយ​ខាង​ ក្រោយ​នេះ ដូចជា  បទនមោ បទកខ បទអក្សរលូនបទអក្សរសង្វាស បទ​កង្កែប​លោត​កណ្តាល​ស្រះ បទ​កង្កែប​លោត​លើ​គោក បទ​កង្កែប​លោត​ស្លាក់​ពេជ្រ បទ​កង្កែប​លោត​ផ្ទាត់​ខ្ចៅ បទ​នាគ​បរិព័ទ្ធ បទ​នាគ​គៀវ​ក្រវាត់ បទ​នាគរាជ​ប្លែង​ឫទ្ធ បទ​គោ​ព័ទ្ធ​ស្នឹង បទ​សឹង្ហតោ​លេង​កន្ទុយ បទ​រមាំង​ដើរ​ព្រៃ បទ​ផ្កា​ឈូក​រីក បទ​ក្រប​ចក្រវាឡ បទ​ម្ករ​ខ្ជាក់​កែវ បទ​ឆ័ត្រ​បី​ដាន បទ​រលក​យោល​យាវ បទ​រលក​ខ្ទប់​ច្រាំង បទ​សហរា បទ​វិវិធមាលី បទ​ពស់​លេប​កន្ទុយ បទ​ថយ​ក្រោយ​ចូល​ព្រែក បទ​សត្វ​កាង​ស្លាប បទ​រមាំង​បើក​បាស បទ​ទន្សាយ​ទីស​ទាស បទ​មាន់​ទឹក​បណ្តើរ​កូន បទ​សរថី​ទាញ​រថ បទ​អើយរ៉ា បទ​ត្រឡាច​ឡើង​ទ្រើង បទ​សុក្រទិន​វិសាល បទ​សោរទិន​វិសាល បទ​យត្តិភ័ង្គ បទ​ស​បាត់​ស​ប៉ឹង បទ​ជាប់​ទង បទ​ត្រី​ពិធព័ន្ធ បទ​សឡាប​លូន បទ​វង្សវិចិត្រ និង​ព្រះ​ចន្ទ្រ​បាំង​ឆ័ត្រ។
ទំនាក់​ទំនង​រវាង​កំណាព្យ និង​ទម្រង់​សិល្បៈ​ដទៃ​ទៀត
បើ ​យើង​សង្កេត​មើល​ស្នាដៃ​ផ្នែក​អក្សរសាស្ត្រ ដែល​បុព្វបុរស​ដូនតា​យើង​បាន​បន្សល់​ទុក​ដល់​យើង​សព្វថ្ងៃ​នេះ យើង​នឹង​ឃើញ​​ភ្លាម​ថា​ភាគ​ច្រើន​សុទ្ធ​តែ​ជា​កំណាព្យ​កាព្យ​ឃ្លោង ដូចជា​រឿង​រាម​កេរ្តិ៍ ទុំទាវ ទិព្វសង្វារ កាកី ច្បាប់ប្រុស ច្បាប់ស្រី ច្បាប់កេរ្តិ៍កាល ច្បាប់ក្រម ល្បើកជុច​និងត្រី (។ល។​និង។ល។) នេះ​ជា​សក្ខីភាព​បញ្ជាក់​អំពី​វិធី​សាស្ត្រ​អប់រំ​បែប​បុរាណ​របស់​ដូនតា​យើង ដែល​យក​រូបភាព​កំណាព្យ “ពិរោះ​ត្រចៀក” ជា​មធ្យោបាយ ដើម្បី​ងាយ​ស្រួល​បញ្ចូល​ខ្លឹមសារ​នៃ​ការ​អប់រំ​ទូន្មាន​ទាំងឡាយ ដែល​លោក​ចង់​បាន ឲ្យ​ទៅ​ដក់​ជាប់​ចាំ​ជាប់​ក្នុង​សតិ​អារម្មណ៍​របស់​កុលបុត្រ​កុលធីតា​របស់​ ខ្លួន។នៅ ​ក្នុងសង្គម​កម្ពុជា​យើង កំណាព្យ​មាន​ឥទ្ធិពល​ធំ​ណាស់។ ក្រៅ​ពី​ការ​រស់នៅ​និង​បំពេញ​តួនាទី​ដោយ​ឯកឯង​(ស្មូត្រ ឬ​សូត្រ​កំណាព្យ) កំណាព្យ​បាន​ជះ​ឥទ្ធិពល និង​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​បំផុត​ជាមួយ​នឹង​ទម្រង់​សិល្បៈ​ដទៃ​ ទៀត​របស់​ខ្មែរ​យើង ដូចជាៈ ភ្លេង​អារក្ស ភ្លេង​ប្រពៃណី​”ភ្លេងការ” របាំ​ប្រពៃណី របាំ​បុរាណ ល្ខោន​ស្រមោល​(ស្បែកធំ-ស្បែកតូច) ល្ខោនខោល​(ល្ខោន​ពាក់​មុខ) យីកេ​អាប៉េ ល្ខោន​មហោរី ល្ខោន​បាសាក់ អាយ៉ៃ ​ចាប៉ី(។ល។​និង​។ល។)។ទម្រង់​សិល្បៈ​ទាំងអស់​នេះ ត្រូវ​ការ​កំណាព្យ​ជា​ចាំបាច់ សម្រាប់​ជួយ​កម្រិត​ទម្រង់ ជួយ​លើក​សម្ផស្ស និង​សោភ័ណ​របស់​ខ្លួន។ចំពោះ ​អ្នក​សិក្សា​ទម្រង់​សិល្បៈ​ខ្មែរ​វិញ កំណាព្យ​ក៏​ជា​កត្តា​មួយ​សំខាន់​ក្នុង​កត្តា​ច្រើន​ទៀត ដែល​ជួយ​បញ្ជាក់​អំពី​ចំណាស់ និង​ទម្រង់​សិល្បៈ​នីមួយៗ។ផ្ទុយ​ទៅ​វិញ​ទម្រង់​សិល្បៈ​ដទៃ​ទៀត​ក៏​បាន​ជះ​ឥទ្ធិពល​ធំ​ធេង​ដែរ សម្រាប់​បញ្ជាក់​អំពី​ចំណាស់​នៃ​កំណាព្យ​នីមួយៗ​របស់​យើង។ ដូច្នេះ​បើ​ចង់​សិក្សា​កំណាព្យ​ខ្មែរ គួរ​សិក្សា​ពី​ទម្រង់​សិល្បៈ​ខ្មែរ​ដទៃទៀត​ផង ហើយ​បើ​ចង់​សិក្សា​ពី​ទម្រង់​សិល្បៈ​ដទៃ​ទៀត ក៏​មិន​អាច​បោះបង់​ចោល​កំណាព្យ​បាន​ដែរ។——————————————————————————-អត្ថបទដកស្រង់ចេញពីសៀវភៅ “សិល្បៈតែងកំណាព្យ” និពន្ធដោយ ពេជ្រ ទុំក្រវ៉ិល, ភ្នំពេញ ២០០២។ 

No comments: