Sunday, November 10, 2013

អត្ថន័យពាក្យថា អ្នកនាង អ្នកស្រី លោកស្រី៖

១- នៅសម័យដើម មុនជំនាន់១៩៧៥ ពាក្យថា អ្នកនាង ជាភាសាសុជីវធម៌ សម្រាប់ហៅនារីក្មេងៗ ដែលមិនទាន់រៀបការ ឬចំពោះនារីដែលយើង មិនដឹងថា រៀបការហើយឬនៅ។ ប៉ុន្តែ នារីដែលចង់បង្ហាញថា ខ្លួននៅលីវ មិនទាន់រៀបការ ច្រើនប្រាប់អ្នកស្រុក អោយហៅថាខ្លួនគេថា កញ្ញា។ ប៉ុន្តែនៅសម័យ២០១៣នេះ មនុស្សច្រើនគិតភាន់ច្រឡំថា ពាក្យអ្នកនាង មានន័យថា ស្រីមេម៉ាយ ទើបមាននារីខ្លះនាំគ្នាប្រកែក ដើម្បីបង្ហាញភាពលីវរបស់ខ្លួន។ តាមពិត នៅក្នុងអត្ថបទអក្សរសិល្ប៍ខ្មែរ ជំនាន់មុន ឬ សូម្បីតែចម្រៀងលោកស៊ីនស៊ីសាមុត អ្នកស្រីរស់សិរីសុទ្ធា ក៏ប្រើពាក្យថា អ្នកនាង យកមិនអស់ទេ ដែលសំដៅ ទៅលើនារីក្មេង មិនថា នៅលីរ ឬ មិននៅលីវ ក៏ដោយ។

២-ពាក្យថា លោកស្រី ប្រើសម្រាប់ស្ត្រី ដែលរៀបការជាមួយបុរស ដែលមានឋានន្តរសក្តិ មានមុខការងារ ក្នុងក្រសួង ជាមន្ត្រីរាជការ ឬ អ្នកមានមុខមាត់ ក្នុងសង្គម តែស្ត្រីទាំងនេះ ច្រើនជាមេផ្ទះ មិនមានការងារ មុខនាទីការងារ ក្នុងសង្គមអ្វីឡើយ។
៣- ចំណែកពាក្យថា អ្នកស្រី គឺសម្រាប់សំដៅទៅស្ត្រី ដែលរៀបការហើយ ហើយដែលមានកាន់ការងារ មានមុខនាទីទទួលខុសត្រូវ ជាបុគ្គលិកមួយ ឬជានាយក ក្នុងក្រសួង ឬ ក្រុមហ៊ុន ឬ មានមុខរបរដោយខ្លួនឯង។

៤- ស្ត្រីមេម៉ាយ ក៏អាចហៅថា អ្នកស្រីបានដែរ អោយតែមានមុខនាទីកាន់កាន់ ការងារអ្វីមួយ ក្នុងនាមខ្លួន ជាបុគ្គលិក ដោយខ្លួនឯង តែមិនមែន ស្ត្រីដែលទទួលឋានៈ តាមរយៈស្វាមី ដែលជាអ្នកមានឋាននន្តរសក្តិ។

៥- ចំពោះស្ត្រីសាមញ្ញទូទៅ ដែលពុំមានមុខរបរ ឬ មុខមាត់ក្នុងសង្គម នៅក្នុងកិច្ចសម្ភាសន៍អ្វីមួយ យើងហៅគាត់ថា អ្នកស្រី ដដែល។ ប៉ុន្តែទម្លាប់ខ្មែរពីដើម គេច្រើនហៅជាញាតិ ទៅវិញ ដូចជា អ្នកបង អ្នកមីង លោកអ៊ំ លោកយាយ ជាដើម គឺសំដៅទៅអ្នកស្រុកធម្មតា រាប់គ្នាទៅមកជាញាតិភូមិផងរបងជាមួយ។

៦- លោកស្រីជំទាវ សំដៅទៅភរិយាមេផ្ទះរបស់ សមាជិកគណរដ្ឋមន្ត្រី ឬ ភរិយាមេផ្ទះ របស់ ឧត្តមសេនិយ៍ ជាដើម។ ចំណែក អ្នកស្រីជំទាវ សំដៅទៅលើស្ត្រី ដែលកាន់នាទីការងារធំៗ ដូចបុរសដែរ ក្នុង គណរដ្ឋមន្ត្រី ឬ ក្រសួងរដ្ឋភិបាល ផ្សេងៗ

ដូច្នេះ ពាក្យថា លោកស្រី គឺ សំដៅទៅ ភរិយាមេផ្ទះ របស់លោកគេហបតី សេដ្ឋី ឬ មន្ត្រី តែម៉្យាងប៉ុណ្ណោះ។ ស្រី្តខ្លះសំដែងនូវការអាក់អន់ចិត្ត ពេលគេហៅខ្លួនថា អ្នកស្រី មិនមែនលោកស្រី។ នោះព្រោះមកពីគេឃើញពាក្យ លោក នៅពីមុខពាក្យ ស្រី ទើបគិតច្រឡំថា ពាក្យ លោក មានកម្រិតខ្ពស់ជាង ពាក្យថា អ្នក រួចហើយក៏មានចិត្តលោភចង់បានបុណ្យខ្ពស់ អោយគេគោរព ដោយភ្លេចគិតពីអត្ថន័យដើមដ៏ត្រឹមត្រូវរបស់ពាក្យ។

អ្នកស្រី កែវ ច័ន្ទបូរណ៍
រូបភាពបង្ហាញ៖ អ្នកស្រី នៅសារិម​ អតីតបុគ្គលិកវីអូអេ

No comments: