ជីវិតមនុស្ស មានការទាក់ទងនឹងសម្បត្តិទ្រព្យជាប់ជានិច្ច ជាពិសេសអ្នកគ្រប់គ្រងផ្ទះ ដូច្នេះ ទើបត្រូវសិក្សាគោលធម៌ក្នុងព្រះពុទ្ធសាសនា ដើម្បីឲ្យចេះស្វែករក ចេះចាយ ចេះប្រើប្រាស់ និងចេះចាត់ចែង គឺជាអ្នកជំនាញខាងផ្នែកសេដ្ឋកិច្ចគ្រួសារ និងជំនាញខាងការប្រើប្រាស់ ចាត់ចែងឲ្យទ្រព្យសម្បត្តិប្រព្រឹត្តទៅជាប្រយោជន៍ មានគោលធម៌បដិបត្តិដូចតទៅ ៖
ក. ការស្វែងរកនិងការរក្សាទ្រព្យ ត្រូវបដិបត្តិតាមគោលធម៌ ដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្ន មាន ៤ យ៉ាងគឺ៖
១. ឧដ្ឋានសម្បទា ដល់ ព្រមដោយការប្រឹងប្រែងព្យាយាម គឺការក្រោកឈរដោយស្មារតីតស៊ូ មិនខ្លាចការហត់នឿយក្នុងមុខរបរស្វែងរកទ្រព្យ ដែលជាមុខរបរសុចរិត ( មុខរបរសុចរិត ជាមុខរបរថ្លៃថ្នូរ ) ហ្វឹកហាត់ឲ្យមានការជំនាញក្នុងវិជ្ជាជីវៈ និងចេះចាត់ចែងការងារឲ្យស្របតាមកាលៈទេសៈបច្ចុប្បន្ន ។
២. អារក្ខសម្បទា ដល់ ព្រមដោយការរក្សា គឺចេះគ្រប់គ្រងថែទាំសន្សំសំចៃ មិនខ្ជះខ្ជាយនូវទ្រព្យសម្បត្តិដែលខ្លួនខំប្រឹងប្រែងប្រមូលមក ដោយការងារសុចរិត មិនឲ្យរាត់រាយបាត់បង់ ព្រោះហេតុមិនរក្សានោះឡើយ ។
៣. កល្យាណមិត្តតា គប់រកមនុស្សល្អជាមិត្ត គឺចេះសេពគប់មនុស្ស មិនគប់មិនប្រព្រឹត្តតាមចំពោះបុគ្គលណាដែលដើរក្នុងផ្លូវនៃ អបាយមុខ ជ្រើសរកមនុស្សណាដែលចេះដឹង ទ្រទ្រង់នូវគុណធម៌ ជាបុគ្គលគួរគោរពរាប់អាន ជាអ្នកណែនាំក្នុងផ្លូវល្អ ផ្លូវចម្រើនមកជាមិត្ត ដើម្បីចម្រើនក្នុងការងារទាំងពួង ។
៤. សមជីវិតា ចិញ្ចឹមជីវិតមានតុល្យភាព គឺចេះកំណត់ដឹងនូវចំណូល និងចំណាយ រស់នៅឲ្យល្មមនឹងទ្រព្យដែលជាចំណូល មិនចេះតែចង់ហ៊ឺហា ហើយទូលាយដោយការចាយវាយនោះឡើយ ប៉ុន្តែក៏មិនត្រូវកំណាញ់ដែរ។
( គោលធម៌ស្រង់ចាក ទីឃជាណុសូត្រ អង្គុត្តរនិកាយ អដ្ឋកនិបាត )
ខ. ការបែងចែកទ្រព្យ កាលស្វែងរកទ្រព្យបានមកហើយ គប្បីចេះបែងចែកទ្រព្យនោះជា ៤ ចំណែក ហៅថា ភោគវិភាគ គឺ៖
-ឯកេន ភោគេ ភុញ្ជេយ្យ
បរិភោគចិញ្ចឹមជីវិតខ្លួនឯង ចិញ្ចឹមជីវិតអ្នកដទៃដែលគួរចិញ្ចឹម
និងប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ ទៀតតាមសមគួរ មួយចំណែក ។
-ទ្វីហិ កម្មំ បយោជយេ ប្រើជាដើមទុនប្រកបមុខរបរ ពីរចំណែក ។
-ចតុត្ថស្ស និធាបេយ្យ អាបទាសុ ភវិស្សតីតិ តម្កល់ទុកនូវចំណែកទី ៤ ដោយក្រែងមានអន្តរាយទាំងឡាយឯណានីមួយ នឹងមានទ្រព្យនៅសល់មួយចំណែកដែរ ។
( ស្រង់ចាក សិង្គាលកសូត្រ )
គ. ការបរិភោគប្រើប្រាស់ចាយវាយនូវទ្រព្យ
គប្បីរំពឹងគិតឲ្យបានយល់ច្បាស់ថា ការដែលបានស្វែងរក
និងគ្រប់គ្រងរក្សានូវទ្រព្យ
ក៏ដើម្បីនឹងប្រើប្រាស់ឲ្យបានជាប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃ
បើមិនបានប្រើប្រាស់ឲ្យកើតជាគុណប្រយោជន៍ហើយ ការស្វែងរក
និងការមានបាននូវសម្បត្តិទ្រព្យ ក៏រមែងប្រាសចាកនូវគុណតម្លៃ
គ្មានន័យខ្លឹមសារអ្វីឡើយ ដូច្នេះ
ការស្វែងរកនូវទ្រព្យសម្បត្តិមានបានច្រើនហើយ
គប្បីបដិបត្តិចំពោះទ្រព្យមួយចំណែកក្នុងចំណុច “ខ” គឺ ឯកេន ភោគេ ភុញ្ជេយ្យ ឲ្យទៅជា ៥ ចំណែកតាមព្រះពុទ្ធដីកា ដូចតទៅ៖អរិយសាវ័កក្នុងធម្មវិន័យនេះ មាននូវភោគៈទាំងឡាយ ដែលខ្លួនបានមកដោយសេចក្តីខ្នះខ្នែង ព្យាយាមដែលខ្លួនសន្សំដោយកម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ហើយ រមែងប្រើប្រាស់ដូចនេះ៖
១. ញ៉ាំងខ្លួនឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខដោយប្រពៃ ញ៉ាំងមាតាបិតា ឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខដោយប្រពៃ ញ៉ាំងបុត្រ ភរិយា ទាសកម្មករ និងមនុស្សទាំងឡាយទៀត ឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខដោយប្រពៃ ។
២. ញ៉ាំងមិត្តអាមាត្យ ឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខ ដោយប្រពៃ ។
៣. ប្រើប្រាស់ការពារនូវសេចក្តីអន្តរាយ ដែលកើតអំពីភ្លើង អំពីទឹក អំពីចោរជាដើម ហើយធ្វើខ្លួនឲ្យដល់នូវសួស្តី ព្រោះភោគៈទាំងឡាយនោះ ។
៤. ជាអ្នកធ្វើនូវពលី ៥ ប្រការ គឺ៖
១- ញាតិពលី សង្គ្រោះញាតិ ។
២- អតិថិពលី ទទួលភ្ញៀវ ។
៣- បុព្វបេតពលី ធ្វើទាន ឧទ្ទិសកុសលឲ្យដល់អ្នកចែកឋានទៅហើយ ។
៤- រាជពលី ជួយប្រទេសជាតិ ទំនុកបម្រុងរាជការដោយការបង់ពន្ធជាដើម ។
៥- ទេវតាពលី ធ្វើបុណ្យឧទ្ទិសឲ្យដល់ទេវតា ( ទេវតា ក៏ត្រូវការអនុមោទនានូវបុណ្យដែរ ) ។
៥. តម្កល់នូវទក្ខិណាទានដ៏ខ្ពង់ខ្ពស់ ជាធម្មជាតិអំណោយផលដ៏ល្អ មានវិបាកជាសុខ ប្រព្រឹត្តទៅដើម្បីស្ថានសួគ៌ដល់សមណព្រាហ្មណ៍ដែលប្រាសចាកសេចក្តី ប្រមាទ មិនជាបុគ្គលស្រវឹង តាំងនៅក្នុងខន្តិសោរច្ចៈ ជាអ្នកអប់រំទូន្មានខ្លួន ។
***កាលណាបើប្រើប្រាស់នូវទ្រព្យសម្បត្តិ សម្រេចបានជាប្រយោជន៍យ៉ាងនេះហើយ ទ្រព្យសម្បត្តិអស់ទៅក៏សប្បាយចិត្ត ឈ្មោះថាអស់ដោយល្អ ព្រោះបានគិតឃើញថា អាត្មាអញបានប្រើប្រាស់ភោគៈនោះឲ្យជាប្រយោជន៍ត្រឹមត្រូវតាមហេតុ ផល បើទ្រព្យសម្បត្តិមានការចម្រើន ក៏សប្បាយចិត្ត ព្រោះបានមកដោយការងារសុចរិត ពោលគឺ មិនមានសេចក្តីក្តៅក្រហាយចិត្ត ទាំងត្រូវអស់ ទាំងត្រូវបាន ។
( ស្រង់ចាក អាទិយសូត្រ មុណ្ឌរាជវគ្គ អង្គុត្តរនិកាយ បញ្ចកនិបាត )
No comments:
Post a Comment