តាមច្បាប់ខ្មែរ
ចំពោះប្តីប្រពន្ធដែលមានចំណងអាពាហ៍ពិពាហ៍ស្របច្បាប់
តើទ្រព្យសម្បត្តិណាខ្លះត្រូវចាត់ទុកជាទ្រព្យរួម
ហើយទ្រព្យណាខ្លះជាទ្រព្យដោយឡែក?
ការបែងចែកទ្រព្យរួម និងទ្រព្យដោយឡែក គឺវាអាស្រ័យនឹងប្រព័ន្ធទ្រព្យសម្បត្តិ ដែលប្តីប្រពន្ធទាំងពីរជ្រើសរើស។ ក្រមរដ្ឋប្បវេណីខ្មែរទុកលទ្ធភាពឲ្យប្តីប្រពន្ធ ធ្វើកិច្ចសន្យា ដើម្បីកំណត់ការបែងចែក និងការចាត់ចែងទ្រព្យសម្បត្តិ ដែលគេហៅថា ប្រព័ន្ធទ្រព្យសម្បត្តិតាមកិច្ចសន្យា។ ក្រមរដ្ឋប្បវេណីតម្រូវថា កិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធចាំបាច់ត្រូវតែធ្វើឡើងជា លាយលក្ខណ៍អក្សរ ហើយដើម្បីអាចយកទៅតតាំងជាមួយនឹងតតិយជនបាន កិច្ចសន្យានេះត្រូវតែចុះបញ្ជីត្រឹមត្រូវ នៅក្រសួងយុត្តិធម៌។
បើសិនជាប្តីប្រពន្ធមិនបានធ្វើកិច្ចសន្យាទ្រព្យសម្បត្តិទេ ការបែងចែក គ្រប់គ្រង និងចាត់ចែងទ្រព្យ គឺត្រូវធ្វើតាមច្បាប់ ដែលបានកំណត់ ដែលគេហៅថា ប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់។
ទ្រព្យសម្បត្តិដោយឡែក
ច្បាប់ (មាត្រា ៩៧២ នៃក្រមរដ្ឋប្បវេណី) កំណត់ថា ត្រូវចាត់ទុកជាទ្រព្យដោយឡែករបស់សហព័ទ្ធតែម្ខាង (របស់ប្តី ឬរបស់ប្រពន្ធ) គឺ៖
ក្រមរដ្ឋប្បវេណីខ្មែរកំណត់ថា “ទ្រព្យសម្បត្តិរួម គឺជាទ្រព្យសម្បត្តិទាំងឡាយ ដែលប្តីប្រពន្ធទាំងសងខាង ឬតែម្ខាងទទួលបាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍” (មាត្រា ៩៧៣ នៃក្រមរដ្ឋប្បវេណី)។ និយាយជារួម លើកលែងតែទ្រព្យសម្បត្តិទាំងបីប្រភេទខាងលើ រាល់ទ្រព្យទាំងអស់ ដែលទទួលបានក្នុងពេលអាពាហ៍ពិពាហ៍ (ដូចជា ប្រាក់ខែ ប្រាក់ចំណូលពីការប្រកបអាជីវកម្ម ផ្ទះ ដី ឡាន ដែលទិញក្នុងពេលមានចំណងអាពាហ៍ពិពាហ៍) ត្រូវចាត់ទុកជាទ្រព្យរួមទាំងអស់ ទោះបីជាទ្រព្យនោះរកបានដោយសហព័ទ្ធណាមួយក៏ដោយ។
យើងសង្កេតឃើញថា នៅក្នុងសង្គមខ្មែរយើង មានករណីច្រើន ដែលមានតែប្តីជាអ្នកធ្វើការរកស៊ី ឯប្រពន្ធ គឺជាមេផ្ទះ។ ក្នុងករណីនេះ តើប្រពន្ធដែលជាមេផ្ទះ មានសិទ្ធិទៅលើប្រាក់ខែ ឬប្រាក់ចំណូល ដែលបានពីការងាររបស់ប្តីដែរឬទេ?
ក្នុងករណីនេះ ប្រាក់ខែ ឬប្រាក់ចំណូល ដែលបានពីការងាររបស់ប្តី គឺជាទ្រព្យដែលទទួលបានក្នុងចំណងអាពាហ៍ពិពាហ៍ ហើយតាមច្បាប់ គឺត្រូវចាត់ទុកជាទ្រព្យសម្បត្តិ។ ដូច្នេះ ប្រពន្ធត្រូវមានសិទ្ធិស្មើគ្នាលើទ្រព្យរួមនេះ បើទោះបីជាគាត់មិនធ្វើការក៏ដោយ។ តាមពិតទៅ ក្នុងក្រមរដ្ឋប្បវេណី ត្រង់មាត្រា ៩៨០ គឺមានចែងយ៉ាងច្បាស់ថា "គេហកិច្ច ត្រូវចាត់ទុកថាមានតម្លៃស្មើនឹងការងារដែលធ្វើក្រៅផ្ទះដែរ”។ មានន័យថា បើទោះបីជាស្រ្តីជាមេផ្ទះ មិនធ្វើការបានប្រាក់ខែមែន ក៏ប៉ុន្តែ គាត់គឺជាអ្នករ៉ាប់រងកិច្ចការក្នុងផ្ទះ ដែលត្រូវរាប់ជាការងារមួយដែលមានតម្លៃដូចជាការងារក្រៅផ្ទះដែរ។
ចំពោះការប្រើប្រាស់ គ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិវិញ តើត្រូវធ្វើដូចម្តេច?
ចំពោះទ្រព្យសម្បត្តិរួម ច្បាប់កំណត់ថា ប្តីប្រពន្ធត្រូវមានសិទ្ធិស្មើគ្នា ក្នុងការប្រើប្រាស់ ទទួលផលប្រយោជន៍ និងគ្រប់គ្រង (មាត្រា ៩៧៤ នៃក្រមរដ្ឋប្បវេណី) ដោយមិនបែងចែកថា អ្នកណាធ្វើការបានប្រាក់ខែច្រើនជាងអ្នកណាទេ។ ក៏ប៉ុន្តែ ការប្រើប្រាស់ទ្រព្យសម្បត្តិរួមនេះ ត្រូវតែធ្វើឡើងនៅក្នុងទំហំចាំបាច់ ដោយផ្អែកទៅលើភាពចាំបាច់នៅក្នុងជីវភាពរស់នៅ មិនមែនចេះតែចាយវាយតម្រូវទៅតាមចិត្តចង់ខ្លួនឯងទេ។
ចំពោះកិច្ចសំខាន់ៗ ដែលទាក់ទងនឹងការចាត់ចែងទ្រព្យរួម ដូចជា ការលក់ដូរ ឬការយកទៅធ្វើជាអំណោយជាដើម ត្រូវតែមានការព្រមព្រៀងពីប្តីប្រពន្ធទាំងសងខាង។
ចំពោះទ្រព្យផ្ទាល់វិញ ទ្រព្យរបស់អ្នកណា អ្នកនោះជាអ្នកគ្រប់គ្រង និងចាត់ចែង ដោយមិនចាំបាច់មានការព្រមព្រៀងពីសហព័ទ្ធម្ខាងទៀតទេ។
នៅក្នុងករណីលែងលះវិញ តើទ្រព្យសម្បត្តិទាំងអស់នេះត្រូវបែងចែកដូចម្តេច?
ចំពោះការបែងចែកទ្រព្យ ក្នុងករណីមានការលែងលះ ច្បាប់ឲ្យអាទិភាពទៅលើការព្រមព្រៀងគ្នារវាងប្តីប្រពន្ធ។ បើសិនជាគ្មានការព្រមព្រៀងគ្នាទេ ទើបត្រូវបែងចែកតាមច្បាប់ គឺរបៀបបែងចែក ដែលមានចែងក្នុងមាត្រា ៩៨០ នៃក្រមរដ្ឋប្បវេណី។ គោលការណ៍នៃការបែងចែកទ្រព្យតាមច្បាប់នេះ គឺទ្រព្យសម្បត្តិផ្ទាល់របស់សហព័ទ្ធមួយណា ត្រូវសហព័ទ្ធនោះជាអ្នកទទួលបានផ្តាច់មុខ ចំណែកទ្រព្យសម្បត្តិរួម គឺត្រូវបែងចែកគ្នាស្មើ (ពាក់កណ្តាលម្នាក់)។
គួរបញ្ជាក់ថា ទ្រព្យសម្បត្តិប្តីប្រពន្ធអាចមានទ្រព្យរួម និងទ្រព្យផ្ទាល់ខ្លួន ចំណែកកាតព្វកិច្ចលើបំណុលវិញ ក៏ត្រូវមានការបែងចែកជាបំណុលរួម និងបំណុលផ្ទាល់ខ្លួនដែរ។
បំណុលរួម ដែលប្តីប្រពន្ធត្រូវតែទទួលខុសត្រូវរួមគ្នា គឺបំណុលទាំងឡាយណា ដែលប្តីប្រពន្ធទាំងពីរជាអ្នកខ្ចីរួមគ្នា ឬក៏សហព័ទ្ធណាមួយជាអ្នកខ្ចី ប៉ុន្តែមានការព្រមព្រៀងជាលាយលក្ខណ៍អក្សរពីសហព័ទ្ធម្ខាងទៀត។ មានប្រភេទបំណុលខ្លះ គឺមានបំណុល ដែលមានជាប់ពាក់ព័ន្ធនឹងការរក្សាជីវភាពរួមប្តីប្រពន្ធ ការអប់រំ ថែទាំ និងព្យាបាលកូន បំណុលដែលជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រង និងថែរក្សាទ្រព្យសម្បត្តិរួម ត្រូវបានច្បាប់ចាត់ទុកថាជាបំណុលរួមដោយស្វ័យប្រវត្តិ ដែលប្តីប្រពន្ធចាំបាច់ត្រូវតែទទួលខុសត្រូវរួមគ្នា ទោះបីសហព័ទ្ធណាជាអ្នកខ្ចីក៏ដោយ ហើយគ្មានការព្រមព្រៀងជាលាយលក្ខណ៍អក្សរពីសហព័ទ្ធម្ខាងទៀតក៏ដោយ៕

- ទ្រព្យសម្បត្តិ ដែលសហព័ទ្ធមាន នៅមុនពេលរៀបអាពាហ៍ពិពាហ៍ មានន័យថា មុនពេលរៀបការ ភាគីខាងណាមានទ្រព្យអ្វី ក្រោយពេលរៀបការ ទ្រព្យនោះ ត្រូវស្ថិតនៅជាកម្មសិទ្ធិដោយឡែករបស់ភាគីនោះដដែល មិនត្រូវរាប់ជាទ្រព្យរួមទេ។
- ទ្រព្យសម្បត្តិដែលសហព័ទ្ធណាមួយទទួលបានក្នុងចំណងអាពាហ៍ពិពាហ៍ ប៉ុន្តែ ទទួលជាកេរមរតក ឬដោយអំណោយ (ប្រទានកម្ម ឬអច្ច័យទាន)។ ឧបមាថា ក្រោយរៀបការហើយ ឪពុកម្តាយរបស់ភាគីខាងប្តីគាត់ស្លាប់ទៅ ហើយបន្សល់ទុកទ្រព្យជាកេរទៅឲ្យកូន ទ្រព្យនេះត្រូវជាទ្រព្យផ្ទាល់របស់ប្តី។ ក្នុងករណីអំណោយ បើម្ចាស់អំណោយឲ្យទៅអ្នកណា គឺជាទ្រព្យផ្ទាល់របស់អ្នកនោះ បើសិនជាម្ចាស់អំណោយបញ្ជាក់ច្បាស់ថាឲ្យទៅទាំងពីរនាក់ប្តីប្រពន្ធ គឺជាទ្រព្យរួម។
- ទ្រព្យសម្បត្តិជាតម្លៃតប ដែលទទួលបានពីការចាត់ចែងទ្រព្យសម្បត្តិទាំងពីរប្រភេទខាងលើ។ ឧទាហរណ៍ថា ភាគីជាប្រពន្ធមានដីមួយកន្លែង ដែលជាទ្រព្យផ្ទាល់ ដែលគាត់មានតាំងពីមុនពេលរៀបការ។ ក្រោយមក ក្នុងពេលជាប់ចំណងអាពាហ៍ពិពាហ៍ គាត់លក់ដីនេះចេញ រួចហើយយកលុយដែលបានពីការលក់ដីនេះ ទៅទិញផ្ទះមួយល្វែង ផ្ទះនេះ នៅតែជាទ្រព្យសម្បត្តិផ្ទាល់របស់គាត់ ទោះបីជាទិញនៅក្នុងពេលមានចំណងអាពាហ៍ពិពាហ៍ក៏ដោយ។
ក្រមរដ្ឋប្បវេណីខ្មែរកំណត់ថា “ទ្រព្យសម្បត្តិរួម គឺជាទ្រព្យសម្បត្តិទាំងឡាយ ដែលប្តីប្រពន្ធទាំងសងខាង ឬតែម្ខាងទទួលបាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍” (មាត្រា ៩៧៣ នៃក្រមរដ្ឋប្បវេណី)។ និយាយជារួម លើកលែងតែទ្រព្យសម្បត្តិទាំងបីប្រភេទខាងលើ រាល់ទ្រព្យទាំងអស់ ដែលទទួលបានក្នុងពេលអាពាហ៍ពិពាហ៍ (ដូចជា ប្រាក់ខែ ប្រាក់ចំណូលពីការប្រកបអាជីវកម្ម ផ្ទះ ដី ឡាន ដែលទិញក្នុងពេលមានចំណងអាពាហ៍ពិពាហ៍) ត្រូវចាត់ទុកជាទ្រព្យរួមទាំងអស់ ទោះបីជាទ្រព្យនោះរកបានដោយសហព័ទ្ធណាមួយក៏ដោយ។
យើងសង្កេតឃើញថា នៅក្នុងសង្គមខ្មែរយើង មានករណីច្រើន ដែលមានតែប្តីជាអ្នកធ្វើការរកស៊ី ឯប្រពន្ធ គឺជាមេផ្ទះ។ ក្នុងករណីនេះ តើប្រពន្ធដែលជាមេផ្ទះ មានសិទ្ធិទៅលើប្រាក់ខែ ឬប្រាក់ចំណូល ដែលបានពីការងាររបស់ប្តីដែរឬទេ?
ក្នុងករណីនេះ ប្រាក់ខែ ឬប្រាក់ចំណូល ដែលបានពីការងាររបស់ប្តី គឺជាទ្រព្យដែលទទួលបានក្នុងចំណងអាពាហ៍ពិពាហ៍ ហើយតាមច្បាប់ គឺត្រូវចាត់ទុកជាទ្រព្យសម្បត្តិ។ ដូច្នេះ ប្រពន្ធត្រូវមានសិទ្ធិស្មើគ្នាលើទ្រព្យរួមនេះ បើទោះបីជាគាត់មិនធ្វើការក៏ដោយ។ តាមពិតទៅ ក្នុងក្រមរដ្ឋប្បវេណី ត្រង់មាត្រា ៩៨០ គឺមានចែងយ៉ាងច្បាស់ថា "គេហកិច្ច ត្រូវចាត់ទុកថាមានតម្លៃស្មើនឹងការងារដែលធ្វើក្រៅផ្ទះដែរ”។ មានន័យថា បើទោះបីជាស្រ្តីជាមេផ្ទះ មិនធ្វើការបានប្រាក់ខែមែន ក៏ប៉ុន្តែ គាត់គឺជាអ្នករ៉ាប់រងកិច្ចការក្នុងផ្ទះ ដែលត្រូវរាប់ជាការងារមួយដែលមានតម្លៃដូចជាការងារក្រៅផ្ទះដែរ។
ចំពោះការប្រើប្រាស់ គ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិវិញ តើត្រូវធ្វើដូចម្តេច?
ចំពោះទ្រព្យសម្បត្តិរួម ច្បាប់កំណត់ថា ប្តីប្រពន្ធត្រូវមានសិទ្ធិស្មើគ្នា ក្នុងការប្រើប្រាស់ ទទួលផលប្រយោជន៍ និងគ្រប់គ្រង (មាត្រា ៩៧៤ នៃក្រមរដ្ឋប្បវេណី) ដោយមិនបែងចែកថា អ្នកណាធ្វើការបានប្រាក់ខែច្រើនជាងអ្នកណាទេ។ ក៏ប៉ុន្តែ ការប្រើប្រាស់ទ្រព្យសម្បត្តិរួមនេះ ត្រូវតែធ្វើឡើងនៅក្នុងទំហំចាំបាច់ ដោយផ្អែកទៅលើភាពចាំបាច់នៅក្នុងជីវភាពរស់នៅ មិនមែនចេះតែចាយវាយតម្រូវទៅតាមចិត្តចង់ខ្លួនឯងទេ។
ចំពោះកិច្ចសំខាន់ៗ ដែលទាក់ទងនឹងការចាត់ចែងទ្រព្យរួម ដូចជា ការលក់ដូរ ឬការយកទៅធ្វើជាអំណោយជាដើម ត្រូវតែមានការព្រមព្រៀងពីប្តីប្រពន្ធទាំងសងខាង។
ចំពោះទ្រព្យផ្ទាល់វិញ ទ្រព្យរបស់អ្នកណា អ្នកនោះជាអ្នកគ្រប់គ្រង និងចាត់ចែង ដោយមិនចាំបាច់មានការព្រមព្រៀងពីសហព័ទ្ធម្ខាងទៀតទេ។
នៅក្នុងករណីលែងលះវិញ តើទ្រព្យសម្បត្តិទាំងអស់នេះត្រូវបែងចែកដូចម្តេច?
ចំពោះការបែងចែកទ្រព្យ ក្នុងករណីមានការលែងលះ ច្បាប់ឲ្យអាទិភាពទៅលើការព្រមព្រៀងគ្នារវាងប្តីប្រពន្ធ។ បើសិនជាគ្មានការព្រមព្រៀងគ្នាទេ ទើបត្រូវបែងចែកតាមច្បាប់ គឺរបៀបបែងចែក ដែលមានចែងក្នុងមាត្រា ៩៨០ នៃក្រមរដ្ឋប្បវេណី។ គោលការណ៍នៃការបែងចែកទ្រព្យតាមច្បាប់នេះ គឺទ្រព្យសម្បត្តិផ្ទាល់របស់សហព័ទ្ធមួយណា ត្រូវសហព័ទ្ធនោះជាអ្នកទទួលបានផ្តាច់មុខ ចំណែកទ្រព្យសម្បត្តិរួម គឺត្រូវបែងចែកគ្នាស្មើ (ពាក់កណ្តាលម្នាក់)។
គួរបញ្ជាក់ថា ទ្រព្យសម្បត្តិប្តីប្រពន្ធអាចមានទ្រព្យរួម និងទ្រព្យផ្ទាល់ខ្លួន ចំណែកកាតព្វកិច្ចលើបំណុលវិញ ក៏ត្រូវមានការបែងចែកជាបំណុលរួម និងបំណុលផ្ទាល់ខ្លួនដែរ។
បំណុលរួម ដែលប្តីប្រពន្ធត្រូវតែទទួលខុសត្រូវរួមគ្នា គឺបំណុលទាំងឡាយណា ដែលប្តីប្រពន្ធទាំងពីរជាអ្នកខ្ចីរួមគ្នា ឬក៏សហព័ទ្ធណាមួយជាអ្នកខ្ចី ប៉ុន្តែមានការព្រមព្រៀងជាលាយលក្ខណ៍អក្សរពីសហព័ទ្ធម្ខាងទៀត។ មានប្រភេទបំណុលខ្លះ គឺមានបំណុល ដែលមានជាប់ពាក់ព័ន្ធនឹងការរក្សាជីវភាពរួមប្តីប្រពន្ធ ការអប់រំ ថែទាំ និងព្យាបាលកូន បំណុលដែលជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រង និងថែរក្សាទ្រព្យសម្បត្តិរួម ត្រូវបានច្បាប់ចាត់ទុកថាជាបំណុលរួមដោយស្វ័យប្រវត្តិ ដែលប្តីប្រពន្ធចាំបាច់ត្រូវតែទទួលខុសត្រូវរួមគ្នា ទោះបីសហព័ទ្ធណាជាអ្នកខ្ចីក៏ដោយ ហើយគ្មានការព្រមព្រៀងជាលាយលក្ខណ៍អក្សរពីសហព័ទ្ធម្ខាងទៀតក៏ដោយ៕
No comments:
Post a Comment