សារពាង្គកាយ
របស់មនុស្សទាំងមូល
ភ្នែកអាចចាត់ទុកថាជាសរីរាង្គមួយសំខាន់បំផុត ។
ភាពស្រស់ស្អាតនៃពិភពលោកដែលមាននៅជុំវិញខ្លួនយើង
គឺជាកម្មសិទ្ធផ្ដាច់មុខតែមួយគត់របស់ភ្នែក ។ វា
ពិតជាមានគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់
ប្រសិនបើយើងមិនបានយកចិត្ដទុកដាក់ថែរក្សាភ្នែកឱ្យបានល្អ
នឹងមកពិនិត្យព្យាបាលឱ្យទាន់ពេលវេលានោះ ។
មូលហេតុបង្កជំងឺភ្នែក
តាមធម្មតាភ្នែកច្រើនមានបញ្ហា
ដោយសារការធ្វេសប្រហែស មិនបានព្យាបាលឱ្យបានទាន់ពេលវេលា
តែជួនកាលវាក៏អាចបណ្ដាលមកពីគ្រោះថ្នាក់ដោយចៃដន្យដែរ។
ការធ្វេសប្រហែស ៖ នៅពេលចេញមកខាងក្រៅ
យើងត្រូវប្រឈមមុខនឹងបរិយាកាសជុំវិញ
ដែលហុចផលអវិជ្ជមានដល់ភ្នែកជាច្រើន
ដូចជាពន្លឺព្រះអាទិត្យដែលមានកម្ដៅខ្លាំង អាចបណ្ដាលឱ្យឈឺភ្នែក
រកាំភ្នែក ភ្នែកស្ងួតទឹកជាដើម ធូលីដីដែលមានពាសពេញអាកាស
អាចបណ្ដាលឱ្យភ្នែកឡើងបាយ រលាកភ្នែក រមាស់ភ្នែកជាដើម។
ការអានសៀវភៅរយៈពេលយូរ
ដោយមិនបានសម្រាក ការទទួលរងនូវពន្លឺខ្លាំងពេក ពីអេក្រង់ទូរទស្សន៍
ឬកុំព្យូទ័រ ការព្រងើយកន្ដើយនឹងរោគសញ្ញាតូចតាចមួយចំនួន
ក៏ជាមូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ដល់ភ្នែកផងដែរ។
គ្រោះថ្នាក់ចៃដន្យ ៖
មានករណីធ្ងន់ធ្ងរជាច្រើន ដែលបានស្ដែងចេញឡើងតាមរយៈគ្រោះថ្នាក់នេះ
ដូចជារបួសភ្នែកបណ្ដាលមកពីការចាក់រុកឬវាយតប់គ្នាដែលបណ្ដាលឱ្យភ្នែក
ជាំ ឬប្រេះស្រាំនិងសត្វចឹកដែលអាចបណ្ដាលឱ្យខ្វាក់ភ្នែកតែម្ដង។
គ្រាប់ថ្ម សត្វ ល្អិត
ឬគ្រាប់ស្រូវចូលភ្នែក
ករណីទាំងនេះបើទុកយូរមិនប្រញាប់ព្យាបាលឱ្យទាន់ពេលទេនោះ
វានឹងអាចនាំឱ្យបាត់បង់នូវឱកាស សង្ឃឹមឬគ្មានសង្ឃឹមតែម្ដង។
ប្រភេទជំងឺភ្នែក
សព្វថ្ងៃនេះ
មន្ទីរពេទ្យរដ្ឋឯកទេសភ្នែក មានរហូតដល់ទៅ១៦កន្លែង នៅទូទាំងប្រទេស។
នៅក្នុងឆ្នាំ២០០៥ មានអ្នកជំងឺ ភ្នែករហូតដល់ទៅ ២០.០០០នាក់
ដែលបានទទួលយកនូវសេវាកម្ម ពីអ្នកជំនាញរបស់យើង
ហើយបានរកឃើញនូវប្រភេទជំងឺមួយចំនួន។
ជំងឺភ្នែកស្ងួតទឹក ៖
ដោយសារខែនេះជាខែប្រាំង អាកាសធាតុក្ដៅខ្លាំងជាហេតុ
នាំឱ្យមានអាការនេះ កើតលើប្រជាពលរដ្ឋ ខ្មែរប្រមាណជា៧០%។
រោគសញ្ញារបស់ជំងឺនេះមាន ដូចជាហៀរទឹកភ្នែក ចាញ់ពន្លឺ
មានអារម្មណ៍ថាដូចជាមានអ្វីនៅក្នុងភ្នែក ភ្នែក រកាំ
ស្រវាំងភ្នែកជាដើម។ ជំងឺនេះ មិនសូវជាធ្ងន់ធ្ងរប៉ុន្មានទេ
ដោយអាចព្យាបាលបាន ដោយគ្រាន់តែដាក់ថ្នាំទឹកភ្នែកសិប្បនិម្មិត
ប៉ុណ្ណោះ។
ភ្នែកមីញ៉ូប ៖
គឺជាលក្ខណៈរបស់ភ្នែកដែល មិនអាចមើលឆ្ងាយបានច្បាស់ តែមើលជិតច្បាស់
ដោយសារកាំពន្លឺ ឬរូបភាព មកផ្ដុំគ្នានៅខាងមុខសរសៃបាតភ្នែក
(រ៉េទីន) ជាហេតុនាំឱ្យភ្នែកចុករោយ ក្ដៅភ្នែក ហៀរទឹកភ្នែក
ឧស្សាហ៍ព្រិចភ្នែកពេលមើលវត្ថុ នៅឆ្ងាយ និងឈឺក្បាលនៅម្ដុំថ្ងាស។
អាការទាំងនេះកាន់តែខ្លាំង នៅពេលប្រើប្រាស់ភ្នែកច្រើន ដូចជាអានសៀវភៅ
ឬប្រើកុំព្យូទ័រ។ ជាទូទៅមនុស្សអាយុចាប់ពី៤០ ដល់៥០ឆ្នាំ
តែងតែប្រឈមមុខនឹងបញ្ហានេះ។
ជំងឺបាយភ្នែកពីកំណើត ៖
រោគសញ្ញាទូទៅនៃជំងឺនេះ គឺចលនារបស់ភ្នែកប្រព្រឹត្ដិទៅ
ដោយមិនប្រក្រតី គំហើញមានការ ថយចុះ កូនក្រមុំភ្នែកឡើងស
ហើយភ្នែកដូចជារាងស្រលៀងបន្ដិច។ ជំងឺទឹកដក់ក្នុងភ្នែក ៖
អាការរោគមាន ដូចជាហៀរទឹកភ្នែកខ្លាំង ខ្លាចពន្លឺថ្ងៃខ្លាំង
កញ្ចក់ភ្នែករីកធំ ហើយគំហើញក៏មានការ ថយចុះខ្លាំង។
របួសខ្ទាំគ្រាប់ភ្នែក ៖
ភាគច្រើនបង្កឡើងដោយសារ ការវាយតប់គ្នា ឬប៉ះទង្គិចនឹងភ្នែកខ្លាំង
ដែលបណ្ដាលឱ្យហើមត្របក ភ្នែក កញ្ចក់ភ្នែកស្រអាប់
ឈាមនៅក្នុងបន្ទប់មុខភ្នែក គំហើញថយចុះខ្លាំង
ហើយជាពិសេសឈឺចាប់ក្នុងភ្នែកខ្លាំង។
របួសធ្លាយគ្រាប់ភ្នែក ៖
ការគប់គ្នាដោយវត្ថុរឹង ឬស្រួចទៅលើភ្នែក
អាចបណ្ដាលឱ្យគំហើញមានការថយចុះជាខ្លាំង កូន ក្រមុំមិននៅចំកណ្ដាល
បន្ទប់មុខនៃភ្នែករាក់ ប្រស្រីភ្នែកលៀនតាមមុខរបួស
ជាពិសេសធ្លាយកញ្ចក់ភ្នែកដែលជាអាការធ្ងន់ធ្ងរ។
វិធីការពារភ្នែក
មានវីធីងាយៗ
ដូចជាការពាក់វែនតាការពារកម្ដៅថ្ងៃ រៀងរាល់ពេលដែលយើងចេញក្រៅផ្ទះ
ឬពេលដែលអាកាសធាតុក្ដៅ ខ្លាំង (ដើម្បីកាត់បន្ថយកម្ដៅ)
ឬក៏អាចពាក់មួកសុវត្ថិភាព ដើម្បីការពារធូលីដីហុយចូលភ្នែក
និងគួរតែលុបមុខជាមួយនឹងទឹកស្អាតជា
និច្ចនៅរាល់ពេលដែលមានធូលីជាប់ភ្នែក ឬពេលមកពីខាងក្រៅវិញ។
ការទទួលទានបន្លែ ឬផ្លែឈើដែលមានជីវជាតិវីតាមីនអា ដូចជា ការ៉ុត ល្ហុង
ខ្នុរជាដើម ក៏អាចជួយថែរក្សាភ្នែកបានដែរ
តែការទទួលទានថ្នាំគ្រាប់វីតាមីនអាច្រើនពេក
ពិតមិនមានប្រយោជន៍ចំពោះ មនុស្សធំទេ
ផ្ទុយទៅវិញវាធ្វើឱ្យហើមសរសៃអុបទិច។ ថ្នាំគ្រាប់ វីតាមីនអានេះ
វាមានប្រសិទ្ធភាពខ្ពស់ សម្រាប់តែក្មេងអាយុក្រោម ៦ឆ្នាំប៉ុណ្ណោះ។
វិធីបូរាណមួយចំនួន
មិនគួរយកមកប្រើទេ ជាអាទិការលាងភ្នែកដោយទឹកម្លូ
ករណីភ្នែករលាត់ដោយការអេះ ឬទង្គិច
វានាំឱ្យមេរោគដែលមាននៅលើស្លឹកម្លូ មានឱកាសយ៊ាយីភ្នែកបាន។
រីឯកុមារគួរត្រូវយកចិត្ដទុកដាក់ តាំងពីកើតមកភ្លាម
ដោយត្រូវសម្អាតភ្នែក និងមុខឱ្យបានស្អាតជានិច្ច ហើយគួរនាំកុមារ
ទៅទទួលថ្នាំគ្រាប់វីតាមីនអា ឱ្យបានគ្រប់គ្រាន់
និងគួរបន្ដក់ថ្នាំអង់ទីប៊ីយ៉ូទិចនៅក្នុងភ្នែកផង។
ករណីកុមារភ្នែកក្រហម ហើមភ្នែក មើលមិនច្បាស់ល្អ
ឬកូនក្រមុំភ្នែកពណ៌ស គួរប្រញាប់នាំកុមារទៅកាន់
មន្ទីរពេទ្យជាបន្ទាន់។ ចូរអប់រំកូនចៅកុំឱ្យលេង
របស់ណាដែលអាចបង្កមហន្ដរាយដល់ភ្នែក ហើយបើសិនជាមានការប៉ះទង្គិច
រកាំភ្នែកខ្លាំង ឬឈឺ ភ្នែកខ្លាំង ពិសេសបើសង្ស័យថាភ្នែកមានបញ្ហា
សូមប្រញាប់មកកាន់មន្ទីរពេទ្យភ្នែក ដែលនៅជិតលោកអ្នកបំផុត
ដើម្បីទទួលការពិនិ ត្យ និងព្យាបាលឱ្យបានត្រឹមត្រូវ
និងទាន់ពេលវេលា៕
No comments:
Post a Comment