Wednesday, October 9, 2013

បទពិសោធជោគជ័យអាជីវកម្មរបស់សហគ្រិនជប៉ុន

Cambodia Japan Entrepreneur Festival 2013
ភ្នំពេញ៖ សហគ្រិន​ជប៉ុន​ ជាង​៣០​នាក់​ បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ មក​​ជួប​ជុំ​នឹង​យុវជន​កម្ពុជា​ ៦០០នាក់​​ ក្នុង​សិក្ខា​សាលា​មួយ​កាល​ពី​ថ្ងៃ​ទី​២៧ មករា នៅ​មជ្ឈ​មណ្ឌល​សហប្រតិបត្តិការ​កម្ពុជា ជប៉ុន (CJCC) ដើម្បី​ចែក​ចាយ​បទពិសោធ​ភាព​ជោគ​ជ័យ​ក្នុង​វិស័យ​ជំនួញ​របស់​ពួកគេ​។
អ្នកស្រី Wakana Nukui តំណាង​អ្នក​រៀប​ចំ​កម្ម​វិធី បាន​ប្រាប់​ឱ្យ​ដឹង​ថា សិក្ខាសាលា​នេះ ធ្វើ​ឡើង​ក្នុង​បំណង រឹត​បន្តឹងចំណង​មិត្ត​ភាព​រវាង​កម្ពុជា​ ជប៉ុន​​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ ព្រម​ទាំង​ដើម្បី​ចែក​រំលែក​បទពិសោធ​ទាក់​ទង​នឹង​វិស័យ​ធុរកិច្ច​។
សហគ្រិន ឬ​ថៅកែ​ ​ជប៉ុន​ទាំង​នោះ បានលើក​ឡើង​ពី​កត្តា​ជំរុញ​ឱ្យ​អាជីវ​កម្ម​ជោគជ័យ​មាន​ ការ​ដឹង​គុណ ការ​យល់​និង​ស្វែង​យល់​ពី​គ្នា សេក្តី​ស្រលាញ់ និង​ក្តី​រីក​រាយ​ជាមួយ​នឹង​អាជីវកម្ម។​
លោក Shinji Ishizuka ប្រធាន​ក្រុម​ហ៊ុន Lic Place KK បាន​និយាយ​ថា៖ «ការដឹង​គុណ​ មាន​តម្លៃ​ណាស់​ក្នុង​ភាព​ជោគ​ជ័យ​នៃ​អាជីវ​កម្ម»។ ការ​ដឹង​គុណ​នេះ លោក​សម្តៅ​ទៅ​លើ ការ​ផ្តល់​តម្លៃ​លើអ្នក​ដែល​ធ្វើ​ឱ្យ​ការ​រក​ស៊ីរបស់សហគ្រិន​ដំណើរ​ការ វា​ប្រៀប​បី​ដូចជា ការ​ដឹង​គុណ​ចំពោះ​អ្នក​ដែល​បាន​សង្គ្រោះជីវិត​ស្រី្តឆ្លង​ទន្លេ​អ៊ី​ចឹង​ ដែរ​។
ចំពោះ​​អ្នក​ស្រី Miyuki Iida ដែល​បាន​ចាប់​អាជីវ​កម្ម​លក់​សម្លៀក​បំពាក់​ដោយ​ខោអាវ​តែ​ប្រាំ​កំប្លេ​ ប៉ុណ្ណោះ រហូត​ដល់​បច្ចុប្បន្ន អ្នក​ស្រី បាន​ក្លាយ​ជា​ប្រធាន​ក្រុមហ៊ុន  Angle’s Closet KK បាន​ផ្តល់​ដំបូន្មាន​ថា សហគ្រិន​ដែល​ជោគ​ជ័យ​ គឺ​ចេះ​យល់​ និង​ស្វែង​យល់​ពី​គ្នា​ជាមួយ​ដៃ​គូ​រកស៊ី​របស់ខ្លួន​។ យល់​ពី​គ្នា​គឺ​យល់​ពី​ វប្បធម៌ ស្ថានភាព របស់​ដៃ​គូ​អាជីវកម្ម ដោយ​ត្រូវ​ដឹង​ថា​មនុស្ស​មាន​វប្បធម៌​ និង​វ័យ​ខុស​គ្នា នោះ​ការ​គិត​ក៏​មាន​ភាព​ខុស​គ្នា​ដែរ។
«សេក្តី​ស្រលាញ់»​ នេះ​ទស្សនៈ​វិជ្ជាធុរកិច្ច​របស់​សហគ្រិន​ Tatsunori Saito ប្រធា​នក្រុម​ហ៊ុន Infinity KK។ លោក​បាន​ធ្វើ​ការ​ពន្យល់​ថា សហគ្រិន​ត្រូវ​តែ​មាន​សេក្តី​ស្រលាញ់ ចំពោះ​អាជីវ​កម្ម​ ដៃ​គូ​ជំនួញ និង​អតិថិជន​របស់​ខ្លួន ព្រោះ​ថា«​ក្រុម​ហ៊ុន​មិនមែន​មានតែ​យើង​ម្នាក់​អាច​ដំណើរ​ការ​បាន​នោះទេ»។
ការ​ធ្វើ​ជំនួញ​ មើល​ទៅ​ហាក់​ដូច​ជា​ស្មុគ​ស្មាញ ឬ​តឹង​តែង​ខ្លាំង​ សម្រាប់​ធុរកិច្ច​ជន​មួយ​ចំនួន តែ​លោក Shinji Yamazaki  ប្រធាន​ក្រុម​ហ៊ុន KK Social Marketing បាន​ឱ្យ​យោបល់​ថា អាជីវ​កម្ម​ជោគជ័យ​ សហគ្រិន​ត្រូវ​ចេះ​ធ្វើ​រី​ករាយ​នឹង​វា ដោយ​ត្រូវចេះ​​ធ្វើយ៉ាង​ណា​​ឱ្យ​ខ្លួន​ឯង​ និង​បុគ្គលិក អ្នកនៅ​ជុំវិញ​ខ្លួន រីករាយ​នឹង​ការ​រកស៊ី​របស់​ខ្លួន​។
អ្នក​ចូលរួម​កម្មវិធី ពិសេស​យុវជន​ផ្ទាល់​តែ​ម្តង បាន​សម្តែង​នូវ​អារម្មណ៍​រី​ករាយ​ ដោយ​ពួកគេ​បាន​និយាយខ្លួន​​ទទួលបាន​ចំណេះ​ដឹង​ជា​ច្រើន​ ហើយ​មាន​គំនិត​ចង់​បើក​អាជីវ​កម្ម​ផ្ទាល់​ខ្លួន​ទៀត​ផង​។
កញ្ញា​ ស៊ុន រង្សី និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​ហិរញ្ញ​វត្ថុ​និង​ធនាគារ បាន​ប្រាប់​ថា៖ «សិក្ខា​សាលា​នេះ ល្អ​ ព្រោះ​ខ្ញុំ​បានទទួល​ចំណេះ​ថ្មី​ៗ​ជាច្រើន»។ កញ្ញា​បន្តថា បន្ទាប់​ពី​ចូល​រួម​កម្មវិធី​នេះ កញ្ញា​មាន​គម្រោង​បើ​ក​អាជី​វកម្ម​ លក់​សម្ភារៈ​ទារក និង​​ផ្នែកពិធី​ការ។
យុវជន​ម្នាក់​ទៀត​ ឈ្មោះ អូន សៀក​ឡេង និសិ្សត​ឆ្នាំ​ទី៣ ផ្នែក​សេដ្ឋកិច្ច និយាយថា៖​«បើ​ខ្ញុំមិន​បាន​មក​ចូល​រួម​ទេ​នោះ​ ខ្ញុំ​មិន​បាន​ដឹង​ពី​គន្លឹះ​អាជីវ​កម្ម​នោះ​ឡើយ»។ លោក បាន​យល់​ឃើញថា​យុវជន​ខ្មែរ​ ភាគច្រើន​ទាល់តែ​បញ្ចប់​ការសិក្សា​​ទើប​ចាប់​ផ្តើម​អាជីវកម្ម ដោយសារ​តែ​គ្មាន​ការ​លើកទឹកចិត្ត​។
កញ្ញា​ រង្សី​ បាន​អំពាវ​នាវ​ដល់​រដ្ឋា​ភិបាល​ ​ឱ្យ​ជួយ​លើក​ទឹក​ចិត្ត​ដល់​យុវជន​ក្នុងការ​ចាប់​អាជីវ​កម្ម ព្រោះ​វា​មាន​សារៈ​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​សេដ្ឋ​កិច្ច​កម្ពុជា​ដើរ​បាន ​ល្អ។ កញ្ញា​បាន​ស្នើ​ដល់​រដ្ឋាភិបាល ជួយសម្រួល​ដល់​យុវជន​ដែល​មាន​បំណង​បង្កើត​អាជីវ​កម្ម​ ដោយ​រដ្ឋ​គួរ​ជួល​ទីតាំង​ក្នុង​តម្លៃ​ទាប​ជាង​តម្លៃ​ទី​ផ្សារ និង​កាត់​បន្ថយ​ពន្ធ​ដល់​យុវជន។
អ្នកស្រី​ Kurihara បានប្រាប់​​ឱ្យ​ដឹង​ថា ​សិក្ខា​សាលា​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ជាលើក​ទី​មួយ​ ហើយ​វានឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ឆ្នាំ​បន្តបន្ទាប់​ជារៀង​រាល់​ឆ្នាំ​ ពិសេស​ទៀត​នោះ​ នឹង​មាន​គម្រោង​បង្កើត​កម្មវិធី​​ប្រកួត​ប្រជែង នាពេល​ខាង​មុខ៕

No comments: