“ខ្ញុំ​បាន​ឈប់ និង​សម្រាក​ពី​ការងារ​សិល្បៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​មើល​ទៅ​អាច​នឹង​ឈប់​តែ​ម្ដង”។ នេះ​ជា​ការ​លើកឡើង​របស់​ អ្នកនាង ខៀវ សុខារ៉ាវី។ អ្នកនាង បាន​និយាយ​ថា ការណ៍​ដែល​នាង​បញ្ឈប់​ការងារ​សិល្បៈ​ ព្រោះតែ នាង​រវល់​នឹង​ការ​បើក​មុខរបរ​ពីរ ទី១ ហាង​អ៊ុត សក់ និង ​ហាង​ម៉ាស្សា ដែល​មាន​ឈ្មោះ​ថា ផ្កាឈូក នៅ​តាម​បណ្ដោយ​ផ្លូវ​តីរវិថី​ (មាត់ទន្លេ) ។
អ្នកនាង ​ខៀវ សុខារ៉ាវី ដែល​បាន​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​លើក​ដំបូង​ ក្នុង​ឆ្នាំ​២០០៦ បាន​បញ្ជាក់​ថា ការ​បញ្ចប់​អាជីព​ជា​អ្នក​សិល្បៈ​នេះ ក៏​ព្រោះតែ​នាង​ចង់​បង្កើត​នូវ​អ្វី​ដែល​ថ្មីៗ ជាពិសេស​ ចង់​ពង្រីក​មុខ​របរ​សព្វថ្ងៃ​នេះ ឲ្យ​កាន់តែ​ធំ និង​រឹងមាំ នា​ពេល​ខាង​មុខ។
ការប្រកាស​សាជាថ្មី​ពី​ការ​មិន​វិល​ត្រឡប់​ចូល​ក្នុង​ពិភព​សិល្បៈ​នេះ ត្រូវ​បាន​គេ​ដឹង​ថា នាង​បាន​បោះបង់​អាជីព​សិល្បៈ​ ខណៈ​នាង​បរាជ័យ​មង្គល​ការ​ជាមួយ​ លោក​ ស៊ុក សុភា កាល​ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០០៨។
ជាបន្តបន្ទាប់ សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​​ថា នាង​បាន​រៀបការ​ជាមួយ​អាណិកជន​អាមេរិក​ស្ងាត់ៗ និង​បាន​ចេញ​ទៅ​រស់​នៅ​ប្រទេស​អាមេរិក​ជាមួយ​ស្វាមី រហូត​​ទទួល​បាន​​ចំណង​ដៃ​អាពាហ៍ពិពាហ៍​កូន​ស្រី​ម្នាក់។ ក្រោយ​មក​ទៀត​​ នាង​ខៀវ​ សុខារ៉ាវី បាន​នាំ​កូន​ស្រី ​ដែល​មាន​អាយុ​ជាង​១ឆ្នាំ វិល​មក​រស់​នៅ​ជាមួយ​ម្ដាយ​របស់​នាង​វិញ៕