Tuesday, November 5, 2013

បុរាណ​សុភាសិត

វិស័យ​ចិត្ត​ល្អ​នឹង​ក្រ​ខ្លួន                            មើល​ក្បួន​លំអាន ​បុរាណ​ប្រាម

ការ​ខុស​ចោល​ទៅ​ការ​ត្រូវ​តាម                ឯ​តាម​គួរ​កាត់​រំលត់​ខ្លះ ។
កុំ​ទៅ​បណ្ដោយ​ឲ្យ​វា​ឆេះ                            ក្រែង​ទាល់​ចំណេះ​លត់ ​មិន​ឈ្នះ
នឹង​បង់​របស់​អស់​តបះ                                កាន់​មានៈ​គង់​មនុស្ស​គេ​និន្ទា ។
គិត​អ្វី​ឲ្យ​វែង​កុំ​បែង​ខ្លី                                    វិស័យ​ចង់​ស្រី​មើល​ឫកពា
ផ្គាប់​ស្ដេច​តោង​មើល​ព្រះ​ទ័យា                  ផ្គាប់​រាស្រ្ត​ដូច​គ្នា​ តោង​មើល​ចិត្ត ។
ភ្ញៀវ​មក​តោង​មើល​អាការ​ចេញ                 ពោល​ពាក្យ​ម្ដេច​មិញ​គង់​ឃើញ​ ពិត
ពាក្យ​ស្លែង​រែង​ស្លូត​ជួន​ជា​មិត្រ                   ពាក្យ​ពិត​ជួន​ពាល​មមាល​វិញ ។
ពាក្យ​លេង​ជួន​ឡ​កល​ប្រាជ្ញា                      ពាក្យ​ព្រាង​មុសាការ​គេ​ដេញ
អួត​ខ្លួន​តោង​ឃ្លាត​ពី​ខ្លៅ​ចេញ                     ស្រឡាញ់​តោង​ថ្នម​លោម ​មើល​ចិត្ត ។
គេ​លើក​កុំ​ឡើង​ទៅ​តាម​យស                    ឡើង​ខ្ពស់​មើល​ទាប​រក្សា​មិត្រ
ដើរ​មុខ​ទុក​ក្រោយ​កុំ​ឲ្យ​ជិត                         លោក​ប្រែ​តោង​ប្រព្រឹត្ត​ចិត្ត​កុំ​ប្រែ ។
កាន់​ប្រាជ្ញ​កុំ​ប្រប​សម្រប​តាម                      ហួស​ហើយ​កុំ​ហាម​ឲ្យ​តាម​កែ
បទ​ខ្លី​តោង​វៀរ​វៀស​បែរ                            រៀន​ស្នេហ៍​តោង​ស្និទ្ធ​ចិត្ត​ឲ្យ​ស្ងួន ។
ប្រាក់​មាន​លើក​ឲ្យ​គេ​ខ្ចី​ទៅ                        ចំណេះ​ចេះ​នៅ​តែ​ក្នុង​ក្បួន
ប្រពន្ធ​នៅ​ឆ្ងាយ​អំពី​ខ្លួន                              ដល់​ជួន​ត្រូវការ​រអារ​ចិត្ត ។
ចេះ​ច្រើន​លំបាក​យ៉ាត​នឹង​គេច                 ចេះ​តិច​ព្រួយ​ប្រាណ​រំខាន​គិត
ល្ងង់​ល្ងើ​ប្រើការ​ដូច​ងងឹត                          ឥត​បើ​គិត​មិន​កើត​ការ​នោះ​បាន ។
តាំង​ខ្លួន​តោង​ឃ្លាត​ពី​ខ្លៅ​ចេញ                 វែង​ណាស់​លលេញ​ហួស​ប្រមាណ
លក់​ដូរ​មើល​ដើម​ឲ្យ​ដឹង​ដាន                    គិត​អាន​សឹម​ធ្វើ​តាម​ប្រាជ្ញា ។
ទូក​លឿន​ជិះ​លុប​អុំ​ឲ្យ​លិច                      ត្បូង​ពេជ្រ​រឹង​ម្ដេច​គង់​ប្រេះ​ឆា
ទី​ស្ងាត់​ប្រយ័ត្ន​ចេញ​វាចា                          គិត​អាថ៌​ឯណា​កុំ​អាង​ជិត ។
ភ្លាត់​មាត់​មិន​ទប់​កំពប់​ប្រាក់                     ភ្លាត់​ជើង ៗ បាក់​មាន​ថ្នាំ​បិទ
ភ្លាត់​ការ​គង់​កែ​បំបែរ​គិត                           ភ្លាត់​ចិត្ត​គង់​ចាប់​ទៅ​តាម​ចេះ ។
យល់​ញាតិ​ឃ្លាត​ច្បាប់​ចាប់​រវាត                យល់​ការ​គង់​ឃ្លាត​ឃ្លៀង​ ចំណេះ
ដំរី​ជើង​បួន​គង់​ភ្លាត់​អេះ                            អ្នក​ប្រាជ្ញ​ដែល​ចេះ​គង់​ភ្លាត់​ខ្លះ ។
ចាប់​ត្រី​ដៃ​ពីរ​តម្រា​ហាម                           ចាក់​អង្ករ​យក​អង្កាម​ហាម​មិន​ឈ្នះ
អុំ​ទូក​ឡើង​ភ្នំ​ខំ​មានៈ                                 បង់​ព្រះ​ទៅ​សំពះ​ឯ​បាយាប ។
ស្លៀក​សសាង​ព្រឹត​ចិត្ត​នៅ​ខ្មៅ               ចោល​ប្រាជ្ញ​តាម​ខ្លៅ​ចង់​ចៀស​បាប
លូក​វែក​ឲ្យ​ដឹង​រស​ប្រៃ​សាប                    យក​ខ្សាច់​មក​គាប​បាន​ប្រេង​ឬ ។
ឫស្សី​ធ្វើ​ក្លាក់​ដាក់​គ្មាន​ថ្នាំង                       គង​ស្គរ​រគាំង​វាយ​មិន​ឮ
សុរិយា​មិន​យក​ជា​ពន្លឺ                              កាន់​ជឿ​អំពិល​អំពែក​សត្វ ។
ចង​អ្វី​មិន​ខ្ជាប់​ស្មើ​សង្សារ                          ការ​អ្វី​មិន​ស្មើ​ការ​ប្រតិបត្តិ
ស្ងាត់​អ្វី​មិន​ស្មើ​ចិត្ត​ដែល​ស្ងាត់                   កាច​អ្វី​មិន​ស្មើ​ជន​ពាលា ។
រោគ​អ្វី​មិន​ស្មើ​ឃ្លាន                                   ទាន​អ្វី​មិន​ស្មើ​ទាន​ទេសនា
មាន​អ្វី​មិន​ស្មើ​មាន​ប្រាជ្ញា                         ជា​អ្វី​មិន​ស្មើ​ចិត្ត​ជា​បុណ្យ ។
រហ័ស​អ្វី​មិន​ស្មើ​ចិត្ត​ដែល​នឹក                  មុត​អ្វី​មិន​ស្មើ​ទឹក​ហូរ​ជោរ​ជន់
ធ្ងន់​អ្វី​មិន​ស្មើ​ព្រះ​គុណ​ធ្ងន់                      ធន់​អ្វី​មិន​ស្មើ​ប្រពន្ធ​ប្រើ ។
មើល​មេឃ​តោង​មើល​ទៅ​ទេវតា           ចូល​ព្រៃ​ព្រឹក្សា​តោង​មើល​លើ
យក​មិត្រ​មើល​ចិត្ត​ឲ្យ​ស្មោះ​ស្នើ              យក​ក្លើ​តោង​មើល​ឲ្យ​សម​ប្រាណ ។
ធ្វើ​ស្រែ​ចំការ​ឲ្យ​មើល​ស្មៅ                     ទុក​ដាក់​កូន​ចៅ​មើល​សន្ដាន
ធ្វើ​ទី​លំនៅ​មើល​ភូមិ​ឋាន                       បរិភោគ​ប្រមាណ​មើល​អាហារ ។
ដាវ មុត ៗ មែន​នៅ​ក្នុង​ស្រោម              វិជ្ជា​ចេះ​ព្រម​មិន​ត្រូវការ
ជាតិ​ស្រី​ឥត​ប្ដី​នឹង​ព្យាបាល                    គផសារ​ឥត​ហ្ម​នឹង​ប្រដៅ ។
ទឹក​ខ្លាច​គេ​ដង​ទុក​ដំកល់                       ជាតិ​ដែក ៗ ដុល​ខ្លាច​ដំឆៅ
គ្រញូង​ខ្លាច​ធ្វើ​ខ្នួច​កួច​ដូច​ស្មៅ              ទូក​ខ្លាច​គេ​ទៅ​ជាន់​គែម​ផ្អៀង ។
ហោរា​ប្រយ័ត្ន​មាត់​រអិល                        ជាង​ទង​កាន់​សីល​ប្រយ័ត្ន​ទៀង
ចៅ​ក្រម​ប្រយ័ត្ន​មិន​លំអៀង                 អ្នក​ផ្ទៀង​ប្រយ័ត្ន​បាត់​អក្ខរា ។
លលេង​កូន​ក្មេង​គង់​អាប់​យស            លលេង​នឹង​ពស់​គង់​ចឹក​ផ្សា
លលេង​អ្វី ៗ គង់​គេថា                         លេង​ស្រី​លេង​ស្រា​គង់​ឆ្កួត​ចិត្ត ។
ឯ​ស្រា​នឹង​ស្រី​បី​នឹង​ល្បែង                    គួរ​លះ​គួរ​លែង​កុំ​ប្រព្រឹត្ត
ព្រោះ​នាំ​ឲ្យ​ខ្វល់​អំពល់​ចិត្ត                    វិបរិត​ផ្ដាស ៗ ក្នុង​លោកិយ ។
តែ​ថា​ឯ​ស្រា​នឹង​ការ​ល្បែង                   គួរ​លះ​គួរ​លែង​បាន​មិន​អ្វី
ឯ​ត្រង់​ចំណង់​នឹង​ស្រី ៗ                       លោកិយ​ឃើញ​ក្រ​បើ​លះ​បាន ។
លះ​បាន​តែ​លោក​ព្រះ​យោគា              ភាវនា​ចំរើន​ព្រះ​កម្មដ្ឋាន
បន្ថយ​ក្ដី​ស្រេក​សម្រេក​ឃ្លាន              តាំង​នៅ​ក្នុង​ឈាន​ស្ងប់​ស្ងាត់​អើយ ។

No comments: