Monday, November 25, 2013

ជីវិតក្នុងពេលអាពាហ៍ពិពាហ៍

 ពិធីចូលរោង
ក. សម័យបុរាណ
លោក​មហា​ និង​កូន​មហា​ ២​ នាក់​ (ឬនាង​ឈ្មាយ ​និង​កូន​ឈ្មាយ​ ២ ​នាក់) និង​មានតា​បិតា​កូន​ប្រុស ព្រម​ទាំង​ញាតិ​មួយ​ចំនួន​ នាំ​យក​ថង់​រង​ចូល​ទៅ​ជួប​លោក​មេបា​ អនុញ្ញាត​សុំ​ដី​សង់​រោង​ សុំ​វាល​លែង​ក្របី​សុំ​ព្រៃ​កាប់​អុស​ សុំ​ត្រពាំង​ដង​ទឹក …..... លោក​មេបា​តែង​តែ​អនុញ្ញាត​តាម​សំនូមពរ​។

នៅ​ពេល​លោក​មហា​ ឬ​នាង​ឈ្មាយ​ ចុះ​ពី​លោក​មេបា​ ចូល​ទៅ​ជួប​នឹង​លោក​អាចារ្យ​ ជំរាប​ថា លោក​មេបា​ បាន​អនុញ្ញាត​ឲ្យ​ធ្វើ​រោង​ផ្កា​ស្លា​ រោង​ដាំបាយ​ តាម​ក្បួន​ដំនេក​នាគ។
លោក​អាចារ្យ​ពេលា​ ចាប់​យក​ផ្តិល​ទឹក​ដែល​មាន​ស្ទន់​ ទៅ​រំងាប់​ចង្រៃ​។​ កាល​បើ​លោក​អាចារ្យ​រំងាប់​បាន​ចប់​សព្វ​គ្រប់​ហើយ​ ទើប​អ្នក​ ធ្វើ​រោង​ ចាប់​ជីក​រណ្តៅ​ដាំសសរ​រោង​ តាម​ការបង្គាប់​បញ្ជា​ពី​លោក​អាចារ្យ​ពេលា​។

ខ. សម័យបច្ចុប្បន្ន
ពិធី​ចូល​រោង​សម័យ​នេះ​មិន​ប្រាដក​ថា​ដូច​នឹង​សម័យ​បុរាណ​ឡើយ​ គេ​មិន​បាច់​សង​រោង​ផ្កា​ស្លា​ទេ​ ពី​ព្រោះ​ លោក​មេបា​អនុញ្ញាត​ឲ្យ​កូន​ប្រុស​ ទៅ​ស្នាក់​នៅ​លើ​ផ្ទះ​កូន​ស្រី​ ឬ​ខាង​កូន​ស្រី​ សុំ​ផ្ទះ​អ្នក​ជិត​ខាង​ឲ្យ​កូន​ប្រុស​ស្នាក់​នៅ​តែ​ម្តង​។

ឯ​ផ្កា​ស្លា​វិញ​ ខាង​ស្រី​ជា​អ្នក​រក​ទិញ​ បើ​ទិញ​បាន​ត្រូវ​យក​ទៅ​ដាក់​លើ​ផ្ទះ​ខាង​កូន​ស្រី​ ឯ​ពីធី​កាត់​ផ្កា​ស្លា​មិន​មាន​ទេ​។ ​តែ​នៅ​ឆ្នាំ​ ២០០៥ ​ដល់​ ២០០៧ ​នេះ ​មាន​ចាប់​ធ្វើ​ពិធី​កាត់​ផ្កា​ស្លា​ឡើង​វិញ​ តែ​ការ​ធ្វើ​ពិធី​កាត់​ផ្កា​ស្លា​នោះ​ គ្រាន់​តែ​ជា​និមិត្ត​រូប​ ដោយ​យក​ផ្កា​ស្លា​នោះ​ ទៅ​ចង​ផ្អោប​នឹង​វត្ថុ​អ្វី​មួយ​ ហើយ​រៀប​ធ្វើ​ពិធី​កាត់​ផ្កា​ស្លា​ប៉ុណ្ណោះ​។

 ពិធីហែកំនត់
ក. សម័យបុរាណ
នៅ​កន្លែង​ខ្លះ​ គេ​និយាយ​ថា​ ហែ​កំនត់​ តែ​កន្លែង​ខ្លះ​ទៀត​គេ​និយាយ​ថា​ហែ​ជំនូន​។ តើ​កំនត់ ឬ​ជំនូន​គឹ​ជា​អ្វី? នៅ​មុន​ថ្ងៃ​របៀប​អាពាហ៍​ពិពាហ៍​ លោក​មេបា​បាន​ហៅ​លោក​មហា​ និង​មាតា​បិតា​កូន​ប្រុស ទៅ​សួរ​បញ្ជាក់​ថា​ នៅ​ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍​ តើ​អ្នក​ជូន​អ្វី​ខ្លះ​?
មាតា​បិតា​ខាង​ប្រុស​ និង​ខាង​ស្រី​ ពិភាក្សា​គ្នា​ នៅ​ពេល​ដែល​មាតា​បិតា​ខាង​ប្រុស​ ជូន​អ្វី​ ហើយ​មាតា​បិតា​ខាង​កូន​ស្រី​យល់​ព្រម​ នោះ​លោក​មហា​នឹង​កត់​ត្រា​ទុក។ នៅ​ពេល​ពិភាក្សា​គ្នា​ចប់​ លោក​មហា​បាន​អាន​កំនត់​ត្រា​ជូន​លោក​មេបា​ស្តាប់​ ជា​កសិណសាក្សី​ធំ​បំផុត និង​មាតា​បិតា​ទាំង​សង​ខាង​ស្តាប់​។ បើ​គ្មាន​ការ​ជំទាស់​ទេ​ ចាត់​ទុក​ថា​កំនត់​នោះ​ត្រឹម​ត្រូវ​ហើយ។ ​លោក​មហា​ជូន​កំនត់​ត្រា​នោះ​ទៅ​ខាង​កូន​ស្រី​មួយ​ច្បាប់​ និង​ខាង​កូន​ប្រុស​មួយ​ច្បាប់​។ ការ​កត់​ត្រា​នេះ​ នឹង​ក្លាយ​ទៅ​ជា​កំនត់​ត្រា​ ដែល​គេ​តែង​តែ​ហៅ​កាត់​ថា​កំនត់ រហូត​មក។

ខ.សម័យបច្ចុប្បន្ន
បន្ទាប់​ពី​ពី​ការ​ភាក្សា​សុំ​យោបល​រវាង​សាច់​ញាតិ​ភាគ​គឺ​ ខាង​កូន​ប្រុស​ធា​នា​ទិញ​បណ្ណា​ការ​ មក​ជូន​មាតា​បិតា​ខាង​កូន​ស្រី​តែ​ម្តង​។ ​ការ​ទិញ​គ្រឿង​បណ្ណាការ​នេះ ​ទោះ​មិន​គ្រប់​តាម​ការ​កំណត់​ក៏ដោយ​ ក៏​គេ​ហៅ​ថា​ ការ​ហែ​កំនត់​ ឬ​ហែ​ជំនូន​ដដែល​។ 

ពិធីកាត់សក់
ក.សម័យបុរាណ
    ពិធី​កាត់​សក់​កូន​ប្រុស​កូន​ស្រី​ សម័យ​នោះ​ មិន​មែន​ជា​ពិធី​កាត់​សក់​ គ្រាន់​តែ​ជា​និមិត្ត​រូប​ដូច​សម័យ​បច្ចុប្បន្ន​នោះ​ទេ គឺ៖
    ១. កូន​ស្រី​ គេ​ទុក​សក់​វែង​បួង​ គ្រាន់​តែ​កោរ​ជើង​សក់​ កោរ​រោម​ចញ្ចើម ​រោមមុខ​ ឲ្យ​មាន​សាច់​សល្អ​ប៉ុណ្ណោះ។
    ២. កូន​ប្រុស​ របៀប​ពិធី​កាត់​សក់​នៅ​រោង​ផ្កា​ស្លា​ ឯពិធី​កាត់​សក់​នោះ​គឺ​គេ​កាត់​សក់​មែន​ទែន​ មិន​មែន​គ្រាន់​តែ​កាត់​ជា​និមិត្តរូប​នោះ​ទេ។ លុះ​កាត់​សក់​ចប់​ហើយ​ទើប​លោក​មេបា​បញ្ជា​ឲ្យ​ធ្វើ​ពិធី​ផ្សេង​ទៀត។

ខ.សម័យបច្ចុប្បន្ន    
    ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍​បច្ចុប្បន្ន ​មាន​ត្រឹម​តែ​មួយ​ព្រឹក​ ឯ​ពិធី​កាត់​សក់​គ្រាន់​តែ​រៀប​ចំ​ដើម្បី​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ ​គឺ​មិន​ធ្វើ​ដូច​ការ​ពី​ជំនាន់​ដើម​នោះ​ទេ​គឺ​គេ​កាត់ៗ​យក​តែ​ម្តង​។ ពិធី​កាត់​សក់​យូរ​អស់​គឺ​ចំណាយ​ពេល​មួយ​ម៉ោង​ ដោយ​សារ​អ្នក​ភ្លេង​លេង​កំប្លែង​ដើម្បី​ឲ្យ​ពីធី​កាន់​តែ​មាន​ភាព​សប្បាយ​ រើក​រាយ​ក្នុង​ពេល​កាត់​សក់​។

ពិធីសែនចងដៃ
ក.សម័យបុរាណ
ស្រុក​ខ្លះ​គេ​ហៅ​ថា​ សែន​មេបា​ធំ​ សែន​ជីដូន​ជីតា​ សែន​ចាស់​ទុំ​។ ពិធី​សែន​កួច​ដៃ​នេះ​ គេ​ច្រើន​រៀប​ចំ​ធ្វើ​ បន្ទាប់​ពី​និមិន្ត​ព្រះ​សង្ឃ​ចំរើន​ព្រះ​បរិត្ត​រួច។​ ពិធី​សែន​កួច​ដៃ​នេះ​ កូន​ស្រី​ត្រូវ​ធ្វើ​នៅ​លើ​ផ្ទះ​ខ្លួន​។​បើ​ធ្វើ​រួច​ ទើប​លោក​មេបា​ចាស់​ទុំ​ នាំ​គ្នា​ចុះ​មក​រោង​ផ្កា​ស្លា​ រៀប​ចំ​ធ្វើ​ឲ្យ​កូន​ប្រុស​បន្ត​ទៅ​ទៀត។

ហតុអ្វីក៏ត្រូវធ្វើបែកគ្នា
បើ​តាម​ប្រពៃ​ណី​ខ្មែរ​ពី​សម័យ​បុរាណ​ កូន​ស្រី​ត្រូវ​គោរព​ជីដូន​ជីតា​ខាង​ស្រី ដែល​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ​ និង​ជីដូន​ជីតា​ដែល​កំពុង​រស់​រាន​មាន​ជីវិត​ផង​។ បន្ទាប់​មក​ជីដូន​ជីតា​ដែល​កំពុង​មាន​ជីវិត​រស់​នៅ​ ចាប់​យក​អំបោះ​ឆៅ​ពណ៌​ស​៣​សរសៃ​ផ្គុំ​គ្នា​ ហើយ​កួច​កណ្តោល​ យក​ទៅ​ចង​ដៃ ​ប្រសិទ្ធិ​ពរ​ជ័យ​ឲ្យ​កូន​ចៅ​។ មិន​ត្រឹម​តែ​យក​អំបោះ​ឆៅ​ពណ៌​ស​ចង​ដៃ​ទេ​ បាន​យក​មាស​, ប្រាក់, គោ, ក្របី, ស្រែ, ចំការ.................  តាម​ការ​ស្រឡាញ់​រាប់​អាន​ផង​ តាម​ធន​ធាន​ដែល​ខ្លួន​មាន​ផង​។
បញ្ជាក់
បើ​មាន​មីង​មា​ ឬ​លោក​យាយ​លោក​តា​ណា ​ដែល​មិន​បាន​ចូល​រួម​នៅ​ក្នុង​ពីធី​សែន​ចង​ដៃ​នេះ​ទី​ គេ​អាច​ចូល​រួម​ចង​ដៃ​នៅ​ក្នុង​ពិធី​សំពះ​ផ្ទឹម​ក៏​បាន​។

ខ.សម័យបច្ចុប្បន្ន   
នៅ​ទី​ក្រុង​ ឬ​ទី​ក្រុង​ភ្នំ​ពេញ​មិន​ដែល​មាន​ឃើញ​មាន​រៀប​ពិធី​សែន​កួច​ដៃ​ទេ។ តែ​បើ​នៅ​តាម​ស្រុក​ស្រែ​ចំការ​វិញ​ នៅ​មាន​គេ​ធ្វើ​ពិធី​សែន​កួច​ដៃ​នេះ​ច្រើន។

 តើផ្កាស្លាជានិមិត្តរូបអ្វី?
ផ្កា​ស្លា​ជា​និមិត្ត​រូប​របស់​កូន​ប្រុស និង​កូន​ស្រី​ដែល​បាន​ចាប់​ដៃ​គ្នា​រៀប​ការ​។ បើ​តាម​អបិយ​ជំនឿ​ពី​បុរាណ បើ​ផ្កា​ស្លា​មាន​ស្នាម​ប្រេះ ឬ​បែក​ត្រង់​ណា​មួយ​នោះ គេ​ថា​កូន​ស្រី​មាន​ឫកពា​មិន​ល្​អ ឬ​អាច​និយាយ​ថា​បាន​ក្បត់​ប្រពែណី​ខ្មែរ​រួច​ទៅ​ហើយ។

ដូច្នេះ នៅ​ពេល​ដែល​គេ​កាត់​ផ្កា​ស្លា​ម្តងៗ​ គេ​ត្រូវ​រក​កាំ​បិត​ឲ្យ​មុត​ល្អ។ ឯអ្នក​ឡើង​កាត់​ផ្កា​ស្លា​វិញ​ គេ​រើស​យក​មនុស្ស​មាន​ភាព​ម៉ត់​ចត់​ មិន​ខ្ជីខ្ជា​ ទើប​គេ​រក​ឲ្យ​ឡើង​កាត់​ផ្កា​ស្លា។ បើ​មាន​ភាព​មិន​ម៉ត់​ចត់​គេ​មិន​ឲ្យ​ឡើង​ទេ ព្រោះ​ខ្លាច​អពមង្គល។

តែ ​បើ​សម័យ​បច្ចុប្បន្ន​ ច្រើន​តែ​ឲ្យ​ខាង​ស្រី​ឲ្យ​អ្នក​ភ្នួង​ រក​ផ្កា​ស្លា​យក​មក​ដាក់​លើ​ផ្ទះ​កូន​ស្រី​តែ​ម្តង​ កុំ​ឲ្យ​មាន​ផល​ពិបាក់​ក្នុង​ការ​ឡើង​កាត់​ពេល​ថ្ងៃ​រៀប​ការ។

 ហេតុអ្វីត្រូវធ្វីពិធីបង្វិលពពិល?
ដោយ​យោង​ទៅ​តាម​ក្បួន​ច្បាប់​ពី​បុរាណ បាន​រៀប​រាប់​ថា​ ឲ្យ​រក​មនុស្ស​ចំនួន ៩ នាក់​ដែល​មិន​អភព្វ(ជា​មនុស្ស​ដែល​មាន​សិរី​សួរ​ស្តី​មិនអភព្វ​គូ) គឺ​ប្រុស ៥ នាក់ និង​ស្រី ៤ នាក់​ឲ្យ​អង្គុយ​ជុំ​វិញ​កូន​ប្រុស​កូន​ស្រី រួច​ចាប់​ផ្តើម​បង្វិល​ពពិល​ចំនួន ១៧ ជុំ ហើយ​ឲ្យ​គ្រវាស​ចេញ ៧ ជុំ។

ការ​គ្រវាស ៧ ជុំ​នេះ បាន​ន័យ​ថា បណ្តេញ​ភាព​ឧបទ្រុប​ចង្រៃ​ចេញ​ឲ្យ​អស់​ពី​ខ្លួន​អ្នក​ទាំង​ពីរ រីឯ​ការ​គ្រវាស​ចំនួន ១០ ជុំ​ទៀត បាន​នន័យ​ថា​ហៅ​សិរី​សួស្តី ឲ្យ​ចូល​មក​ដើម្បី​ឲ្យ​អ្នក​ទាំង​ពីរ​រស់​នៅ​ប្រកប​ដោយ​សុភ័ក្តិ​មង្គល​ និង​រក​ស៊ី​មាន​បាន​តកូន​តចៅ​មាន​គេ​ស្រឡាញ់​រាប់​អាន​ច្រើន​។

 ការប្រើគងនិងឃ្មោះ
ការប្រើគង៖ តាម​ទំនៀម​ទំលាប់​ខ្មែរ​ពី​សម័យ​បុរាណ ការ​ប្រើ​គង​គឺ​ទាក់​ទង​ទៅ​នឹង​សង្គម​មនុស្ស (មនុស្ស​ច្រើន​អ្នក) ដូច​ជា​ប្រារព្ធ​ពិ​ធី​បុណ្យ ដារ, ភ្ជុំបិណ្ឌ, ចូល​ព្រះ​វស្សា, ចេញ​ព្រះ​រស្សា, កឋិន, ដង្ហែព្រះ, ធ្វើ​រួម​ភូមិ.......... គេ​ត្រូវ​វាយ​គង​ដើម្បី​ជា​សញ្ញា​។

ការប្រើឃ្មោះ៖ ការ​ប្រើ​ប្រាស់​ឃ្មោះ​មាន​លក្ខណៈ ទាក់​ទង​ទៅ​នឹង​ជីវិត​រស់​នៅ​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ម្នាក់ៗ តាំង​ពី​កើត​មក​រហូត​ដល់​ស្លាប់​ទៅ​វិញ ដូច​ជា ពិធី​ធ្វើ​បុណ្យ​កោរជុក, ចូល​ម្លប់, បួស, អាពាហ៍​ពិពាហ៍, ចម្រើន​អាយុ, បុណ្យ​សព្វ,...... គេ​ត្រូវ​ប្រើ​ឃ្លោះ។

សំគាល់៖ ឃ្លោះ​ក្តី គង​ក្តី ជួង​ក្តី ជា​របស់​មាន​តម្លៃ​ខ្ពង​ខ្ពស់ ចំពោះ​ឯកជន​មិន​សូវ​ទិញ​ប្រើ​ទេ។ គេ​ច្រើន​ប្រមូល​ប្រាក់​គ្នា ទិញ​របស់​នោះ ទៅ​តំកល់​ទុក​នៅ​ក្នុង​វត្ត ធ្វើ​ជា​សម្បត្ត​សាធារណៈ សម្រាប់​មនុស្ស​ទូទៅ​ខ្ចី​យក​ទៅ​ប្រើ​ប្រាស់​ម្តង​ម្កាល។

ហេតុអ្វីត្រូវយកលក្តទៅកប់?
លក្ត ជា​ភាព​ចង្រៃ ដែល​កើត​ចេញ​ពី​មាត់ រួម​ទាំង​ពាក្យ​សំដី​របស់​មនុស្ស​នេះ​ឯង។ គេ​ឲ្យ​យក​ទៅ​កប​ឲ្យ​បាន​ជ្រៅ ហើយ​ធាក់​បិទ​ឲ្យ​ជិត កុំ​ឲ្យ​ចង្រៃ គឺ​ពាក្យ​សំដែ​អាក្រក់​ទាំង​អស់ ដែល​នាំឲ្យ​មាន​ជំលោះ​កើតមានឡើង។

បើ​នាង​កប់លក្ត​បិទ​ជិត​ល្អហើយ បាន​ន័យ​ថា នាង​មាន​សំដី​សុភាព រាបសា ទន់ភ្លន់ ពិរោះ ធ្វើឲ្យ​អ្នក​ដទៃ​ស្រឡាញ់​រាប់​អាន។ ដែល​អ្នក​ទាំង​នោះ តែង​ប្រសិទ្ធ​នាម​ឲ្យ​នាង​ថា «ជា​ស្រី​គ្រប់​លក្ខណ៍»។

ប៉ុន្តែ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ពុំ​ដែល​ឃើញ​គេ​ធ្វើ​ឡើយពីព្រោះ ៖
- ពេលវេលា​ខ្លី​ពេក មិន​អាច​ធ្វើ​បាន
- មាន​ទ្រព្យ​ធន​តិច មិន​អាច​ចំណាយ​ច្រើន
- គេ​មិន​សូវ​យល់​ពី​អត្ថន័យ នៃ​ការ​ធ្វើ
- ពុំ​សូវ​មាន​អ្នក​ចេះ​ធ្វើ
   
 តើអំបោះពណ៌អ្វីជាមង្គល?
ការប្រើអំបោះពណ៌មង្គល គឺគេប្រើសម្រាប់យកទៅចងដៃ នៅក្នុងពិធីមង្គលការកូនប្រុសស្រី ហើយជាលក្ខណៈសម្គាល់ខុសៗគ្នាសម្រាប់ជនជាតិ ឬ សាសនានីមួយៗ ដូចជាប្រពៃណីៈ

១. ជនជាតិខ្មែរ គេប្រើអំបោះពណ៌ស សម្រាប់សម្គាល់ជនជាតិខ្មែរ។

២. ជនជាតិចិន/ វៀតណាម គេប្រើអំបោះពណ៌ក្រហម សម្រាប់សម្គាល់ជនជាតិចិន/ វៀតណាម។

៣. អ្នកស្រឡាញ់គោរពព្រះពុទ្ធ គេប្រើពណ៌លឿង សម្រាប់សម្គាល់ព្រះពុទ្ធសាសនា។

៤. អ្នកស្រឡាញ់គោរពព្រះយេស៊ូ គេប្រើពណ៌ខ្មៅ សម្រាប់សម្គាល់គ្រិស្តសាសនា។

No comments: