Monday, November 25, 2013

ទឹកចិត្ដ​គ្រូបង្រៀន

បើតាម​សៀវភៅ​វចនានុក្រម​សម្ដេច​សង្ឃរាជ ជួន ណាត បាន​សរសេរ​ថា ទឹកចិត្ដ​គឺជាទឹក​រក្សាចិត្ដ​ដែលមាន​នៅក្នុង​បេះដូង។ ពាក្យថា​គ្រូ​គឺជាអ្នក​ដែលមាន​ចិត្ដ្ដ​ធ្ងន់ អ្នកដែល​គួរ​គោរព អ្នកបង្ហាត់​បង្រៀន​ចំណេះ​វិជ្ជាសិល្ប៍​សាស្ដ្រ​ផ្សេងៗ​ទៅដល់​សិស្ស។ ចុះបើ​ពាក្យ​ទាំងពីរ​នេះរួម​បញ្ចូលគ្នា តើមាន​អត្ថន័យ​យ៉ាងដូចម្ដេច​ទៅ?

រូបភាពទស្សនាវដ្តីសុខភាពយើង
ទស្សនាវដ្ដី សុខភាព​យើង បានជួប​ជាមួយ​នឹង​ព្រះតេជគុណ​មហា​សុវណ្ណ​ប្បជោត កង ណាម៉ានី ចៅអធិការ​វត្ដ​សំពៅមាស និង​ជាវិនយធរ​អនុ​គណខ័​ណ្ឌ៧មករា ព្រះតេជគុណ​នឹង​ធ្វើការ​បកស្រាយ​អំពី​ប្រធានបទ​ទឹកចិត្ដ​គ្រូបង្រៀន ដើម្បីឱ្យ​លោកអ្នក​នាងកញ្ញា បាន​ជ្រាប​អំពី​ប្រធានបទ​នេះ។
ទឹកចិត្ដ​គ្រូបង្រៀន​ជាអ្វី?
ទឹកចិត្ដ​គ្រូបង្រៀន​គឺជា​សន្ដានចិត្ដ​ដ៏ជ្រាល​ជ្រៅ​លើកិច្ច​ការងារ​ទាំងឡាយ​ដែល​ត្រូវ​បង្រៀន​សិស្ស​ដោយ​សេចក្ដី​ជ្រះថ្លា ដោយមិន​ប្រកាន់​ពីវណ្ណៈ​សិស្ស។ ទាក់ទង​នឹង​សន្ដានចិត្ដនេះ មាតាបិតា​ឬគ្រូ​មិនខុសគ្នា​នោះទេ បើ​នៅក្នុង​សៀវភៅ​ធម៌វិញ​លោកបាន​សម្ដែង​ថា មាតាបិតា​ជាអាចារ្យ​ទីមួយ ឬជាគ្រូ​ទីមួយ​ជាអ្នក​បង្រៀន​កូន ឬសិស្ស​ឱ្យចេះ​និយាយ ឱ្យ​ចេះដើរ ចេះឈរ ចេះ​ស្លៀកពាក់ គឺ​មាតា បិតា​ជាគ្រូ​ដើម។ បន្ទាប់មក​គ្រូ​ជាអ្នកផ្ដល់​ចំណេះដឹង ចំណេះ​វិជ្ជាទៅដល់​សិស្ស​គេចាត់​ទុកថា​ជាគ្រូ​ទី២​របស់​សិស្ស។ ដូចនេះ​ទឹកចិត្ដ​គ្រូ មិនខុស​ពីមាតាបិតា​ប៉ុន្មាន​ទេ ដែលមាន​សន្ដានចិត្ដ​ទៅលើ​កូន។ ផ្ដើម​ពាក្យថា​កូនមាន​ន័យថា​គ្រូចាត់ទុក​កូនសិស្ស​ដូចជាកូន​របស់​ខ្លួនដែរ ទឹកចិត្ដ​របស់គ្រូ​មាន​មេត្ដា ករុណា មាន​ព្រហ្មវិហារ​ធម៌​ចំពោះ​សិស្ស។ បើខ្វះ​ព្រហ្មវិហារ​ធម៌ ករុណា​ធម៌ ភារៈកិច្ច ឬ​កាតព្វកិច្ច របស់គ្រូ​ក៏មិនល្អ​ក្នុងការ​បង្រៀន​ដែរ។ មានន័យថា​គ្រូ​ត្រូវមាន​ករុណាធម៌​ចំពោះ​សិស្ស​ដោយ​ស្មោះស្ម័គ្រ ដោយ​មិនគិតពី​វណ្ណៈ​របស់​សិស្ស​ឡើយ ដូច្នេះ​គ្រូត្រូវ​ស្រឡាញ់​សិស្ស​ស្មើៗគ្នា នេះជា​ទឹកចិត្ដ​របស់គ្រូ។
តួនាទី​គ្រូមាន​ចំពោះ​សិស្ស
តួនាទី​គ្រូមាន​ចំពោះ​សិស្ស​មានប្រាំ​ចំណុច​គឺ ៖
1 . គ្រូត្រូវ​ប្រៀនប្រ​ដៅ អប់រំ ទូន្មាន ណែនាំ​សិស្ស ដោយ​ទឹកចិត្ដ​ជ្រះថ្លា និង​ពន្យល់​សិស្ស​ឱ្យចៀសវាង​នូវអំពើ​ផ្សេងៗ​ដែលខុសពី​ច្បាប់​សង្គម ច្បាប់​សាលា ច្បាប់​ប្រទេស។
2 . គ្រូត្រូវ​ផ្ទេរនូវ​ចំណេះដឹង ឬភាព​ឆ្លាតវៃ​ទាំងឡាយ​ទៅឱ្យ​សិស្ស​គ្រប់ៗគ្នា ដោយ​ឥតលាក់លៀម ឬ​មិនលាក់​កំណួច និង​លាក់គំនិត។
3 . គ្រូត្រូវ​បង្រៀន​សិស្សឱ្យ​អស់ពី​សមត្ថភាព ឬ​ចំណេះដឹង​របស់ខ្លួន​ដើម្បីឱ្យ​សិស្ស​បានទ​ទួលជា​ធម្មតា​សិស្ស​មិនអាច​ទទួលបាន​នូវការ​ផ្ទេរ​ទាំងអស់​នោះទេ ដូច្នេះ​គ្រូត្រូវ​ប្រឹងប្រែង​យ៉ាងម៉េច​ឱ្យសិស្ស​យល់ និងចាប់​យកបាន។
រូបភាពទស្សនាវដ្តីសុខភាពយើង
4 . គ្រូត្រូវ​ចេះលើក​តម្កើង និង​សម្ដែង​ពីគុណ​សម្បត្ដិ​របស់​សិស្ស​នៅចំពោះ​មុខ​លោកគ្រូ​អ្នកគ្រូ ចាស់​ព្រឹទ្ធាចារ្យ​នានា​ជាដើម។
5 . គ្រូមាន​តួនាទី​ជាអ្នក​ការពារ​សិស្ស​កុំឱ្យ​កូនសិស្ស​ធ្វើខុស​នឹងច្បាប់​សង្គម ការពារ​រឿង​ខាងក្រៅ​កុំឱ្យ​មានបញ្ហា​ដល់​សិស្ស។
នៅពេល​ដែលគ្រូ​មានសន្ដាន​ចិត្ដដ៏ល្អ​បែបនេះ សិស្ស​រមែង​តបស្នង​ជូន​ចំពោះ​គ្រូវិញ។ កាតព្វកិច្ច​របស់សិ​ស្សមាន​ចំពោះ​គ្រូ រួមមាន​ប្រាំចំណុច​ដែរ គឺ ៖
1 . ជាសិស្ស​ត្រូវធ្វើ​ជាសិស្ស​ល្អ ជាសិស្ស​គំរូ មានន័យថា​គោរពច្បាប់​រដ្ឋ ច្បាប់​ចរាចរណ៍ ពេលក្នុង​សាលា​ត្រូវ​គោរពច្បាប់​សាលា វិន័យ​សាលា ពេលក្នុង​ថ្នាក់ត្រូវ​គោរព​លោកគ្រូ​អ្នកគ្រូ ចាស់​ព្រឹទ្ធាចារ្យ។ ឧទាហរណ៍ ពេលដែល​លោកគ្រូ​អ្នកគ្រូ ឬ​អ្នកដទៃ​ចូលមក ជាសិស្ស​ត្រូវក្រោក​ឈរ នេះជាការ​សម្ដែង​នូវការ​គោរព​របស់​សិស្ស។ បើតាម​ទំនៀម​ទម្លាប់​ខ្មែរវិញ ពេល​ក្រោកឈរ​ឡើង​តែងតែ​មានការ​អម​ដោយការ​លើកដៃ​សំពះ​ទៀតផង។
2 . ជួយធ្វើ​ការងារ​ឱ្យគ្រូ ប្រសិន​ពីដើមវិញ​សិស្ស​ភាគច្រើន​ទៅរៀន​គឺទៅនៅ​ជាមួយ​គ្រូ ប៉ុន្ដែ​បច្ចុប្បន្ននេះ​សិស្ស​ទៅរៀន​គឺ មិនមែន​នៅជាមួយ​គ្រូទេ។ ពីដើម​ពេលទៅរៀន​នៅវត្ដសិស្ស​ត្រូវ​រៀន និង​នៅជាមួយ​លោក ដូចនេះ​លោក​គឺជាគ្រូ សិស្សត្រូវ​បម្រើ លោក​ដោយ​ការដាំទឹក​ក្ដៅ ទឹក​ត្រជាក់ ធ្វើ​កិច្ចការ​គ្រប់បែប​យ៉ាង មានន័យថា​មក​រស់នៅ​ជាមួយ​លោក​ដូចជាគ្រូដែរ។ ពេល​ចប់ពី​ការសិក្សា ឬ​វិស្សមកាល​ទើបសិស្ស​អាច​ត្រឡប់​ទៅលំនៅដ្ឋាន​វិញ។
3. ត្រូវ​យកចិត្ដ​ទុកដាក់​ក្នុងការ​រៀនសូត្រ ពេលគ្រូ​បង្រៀន​សិស្ស​ត្រូវស្ដាប់ មិន​ត្រូវ​ជជែក​គ្នា ឬ​ឡូឡា​ក្នុងថ្នាក់​ទេ មិនត្រូវ​រំខាន​ពេលគ្រូ​កំពុង​ពន្យល់​នោះទេ។ គ្រូឱ្យ​កត់អ្វី សិស្សត្រូវ​យកចិត្ដ​ទុកដាក់​ក្នុងការ​កត់ និង​ស្ដាប់ ប្រសិន​ជារៀន​មិនយល់​ត្រូវចេះ​សួរ។ អង្គអ្នក​រៀនមាន​បួនគឺ សុ ចិ ពុ លិ។
4 . សិស្ស​ត្រូវបម្រើគ្រូ​ជា​លក្ខណៈ​តូចៗ មាន​ដូចជា​គក់ច្របាច់​ជាដើម។
5 . រៀន​ចំណេះវិជ្ជា​គ្រប់បែប​យ៉ាង​ដោយ​យកចិត្ដ​ទុកដាក់​ពេលគ្រូ​បង្រៀន សិស្សត្រូវ​យកចិត្ដទុកដាក់​ស្ដាប់។ សិស្ស​ត្រូវចេះ​គោរពច្បាប់​រដ្ឋ ច្បាប់​សាលា ច្បាប់​សង្គម ច្បាប់​គ្រួសារ ជាពិសេស​ត្រូវចេះ​ឱ្យតម្លៃ​គ្រូ និង​យកចិត្ដ​ទុកដាក់​ក្នុងការ​រៀនសូត្រ ដូច​សុភាសិតខ្មែរ​បានពោល​ថា ចេះពី​រៀន មាន​ពីរក។
ដំបូន្មាន​របស់​អ្ន្នកប្រឹក្សា
ទាក់ទង​នឹងដំបូន្មាន​នេះ ព្រះ​តេជគុណ​មានសង្ឃដីកា​ថា ទាំង​លោកគ្រូ​អ្នកគ្រូ​ត្រូវជាគ្រូ​ដ៏ល្អ​របស់​សិស្ស ធ្វើយ៉ាង​ណាត្រូវ​បំពេញ​កាតព្វកិច្ច​តួនាទី​ជាគ្រូ ទាំងពាក្យ​សំដី ទាំង​កាយវិការ ត្រូវ​ប្រើពាក្យ​សំដី​ល្អ និយាយអ្វី​ត្រូវតែ​គិតគូរ​ជាមុន​សិន។ ទាំងការ​និយាយ​ទាំងការ​ដើរ មានន័យថា​ គ្រប់​ឥរិយាបថ គ្រូ​ត្រូវជាគំរូ​ល្អ ត្រូវមាន​សីលធម៌​ល្អ ត្រូវមាន​សុវជីវធម៌ ត្រូវមាន​គុណ​ធម៌ ដើម្បី​ជាគំរូ​ដ៏ល្អ​ដល់សិស្ស ដើម្បីឱ្យ​សិស្ស​ទទួលយក​គំរូល្អ​ពីគ្រូ។ បើសិស្ស​ត្រូវយក​ចិត្ដទុកដាក់​រៀនសូត្រ ព្រោះ​ចំណេះ​ដឹង​គឺជាផ្លូវ​មួយដ៏ប្រសើរ​សម្រាប់​ថ្ងៃអនាគត។ បើ​ទៅសាលារៀន មិនមែន​ទៅរៀន​ដើម្បី​បានសញ្ញា​បត្រ ចប់​ឌីប្លូម ចប់​បាក់ឌុប ឬបាន​បរិញ្ញាបត្រ បាន​អនុបណ្ឌិត និង​បណ្ឌិត​នោះទេ ទៅរៀន​ដើម្បី​ធ្វើការ​អប់រំ​ខ្លួនឱ្យ​ទៅជា​មនុស្ស​ល្អ នេះជា​ចំណុចសំខាន់​សម្រាប់​មនុស្ស​ម្នាក់ៗ មិនមែន​គ្រាន់តែ​ទៅរៀន​យក​ចំណេះដឹង​ដាក់ខ្លួន​ដើម្បី​ធ្វើការងារ ដើម្បី​ស៊ីឈ្នួល​គេ ដើម្បី​ទៅបម្រើ​គេ ដើម្បី​ធ្វើជា​អ្នកដឹកនាំ​គេនោះ​ទេ វា​មិនទាន់​ថាល្អនោះទេ។ ដូចពាក្យ​ខ្មែរយើង​បានចែង​ថា បុរស​សង្ហា​ដោយវិជ្ជា នារី​សោភា​ដោយ​ចរិយា បុរស​មានវិជ្ជា​ខ្វះចរិយា​ប្រៀប ដូច​សុរិយា​អត់មាន​រស្មី មាន​វិជ្ជាប៉ុន្ដែ​ខ្វះចរិយា ខ្វះ​មារយាទ ខ្វះ​គុណធម៌ ខ្វះ​សីលធម៌ ដូចជា​ព្រះអាទិត្យ​រះមក​ប៉ុន្ដែអត់​មានពន្លឺ។

No comments: