បុរសកើតមកសម្រាប់ធ្វើជាស្វាមី ធ្វើជាឪពុក និយាយរួមជាស្ថាបនិកគ្រួសារទាំងមូល។ ហេតុនេះហើយភារៈកិច្ច និងការទទួលខុសត្រូវរបស់បុរសពិតជាធំធេងខ្លាំងណាស់។ ទំនួលខុសត្រូវនេះបានញ៉ាំងឱ្យបុរសជាច្រើនខិតខំពុះពារ ដើម្បីបានសម្រេចជោគ ជ័យ។ ផ្ទុយទៅវិញក៏មានបុរសខ្លះអាត្មានិយមមិនគិតពីគ្រួសារ ឈ្លក់នឹងការសប្បាយភ្លើតភ្លើនម្នាក់ឯង ដើរតែបង្កើតកូនចោលដូច កូនមាន់កូនទាអ៊ីចឹង។ បុរសគ្រប់រូបអាចធ្វើឪពុកប៉ុន្ដែឪពុកគ្រប់រូបមិនមែនសុទ្ធតែល្អនោះទេ។
ដើម្បីជាជំនួយដល់លោកជាបុរសដែលបាននឹងក្លាយទៅជាឪពុកនៃកូន ទស្សនាវដ្ដី សុខភាពយើង សូមរួមចំណែកជាគំនិតមួយចំនួនដល់លោកនៅក្នុងករណីយកិច្ចដ៏ពិបាកនេះ។
បុរសជាឪពុកល្អ
អស់លោកទាំងឡាយនៅពេលដែលធំពេញវ័យរៀបការក្លាយជាស្វាមីនោះ គឺជាការបានសម្រេច២៥ភាគរយនៃជីវិត។ ក្រោយពេលរៀបការមានកូនក៏ជាសម្រេច បាន២៥ភាគរយទៀត ចំណែកឯការចិញ្ចឹមកូនឱ្យធំធាត់បានល្អប្រកបដោយគុណធម៌ និង អនាគតភ្លឺស្វាងគឺជាសម្រេចបាន៥០ភាគរយបន្ថែមទៀត។ បុរសជាភេទខ្លាំង ជាអ្នកកាន់ចង្កូតនៃរថយន្ដគ្រួសារ ហេតុនេះហើយបុរស មានតួនាទីជាច្រើនដែលត្រូវបំពេញ ដើម្បីធានានូវការផ្ដល់សុភមង្គលនិងសេចក្ដីសុខដល់គ្រួសារទាំងមូល។
ឪពុកដ៏ល្អដែលរូបលោកត្រូវបានចាត់ទុកជាបង្គោលមួយសម្រាប់គ្រួសារទាំងមូល និងជាមនុស្សយ៉ាងសំខាន់ក្នុងការកំណត់លក្ខណៈគ្រួសារក្នុងសង្គមខ្មែរ។ នៅក្នុងសង្គមខ្មែរ សម្រាប់គ្រួសារដែលមានសម្ព័ន្ធភាពប្ដីប្រពន្ធ បុរសជាប្ដីត្រូវបានចាត់ទុកជាជំហរគ្រួ សារមួយយ៉ាងសំខាន់។
សិល្បៈនៃការធ្វើជាឪពុកល្អ
តាមទំនៀមទម្លាប់ខ្មែរពីមុនមក បុរសគឺជាអ្នកចេញទៅធ្វើការ ឬរកស៊ីសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ខ្លួន។ ចំណែកឯការទទួលខុសត្រូវនៅក្នុងការអប់រំកូនចៅ ភាគច្រើនត្រូវបានតម្រូវទៅលើម្ដាយ។ ឪពុក និងម្ដាយត្រូវមានការទទួលខុសត្រូវយ៉ាងធ្ងន់ធ្ងរ សម្រាប់ការចិញ្ចឹមបីបាច់ថែរក្សាកូនរហូតដល់រូបកូនមានអាជីព ឬបន្ទាប់ពីបានកសាងគ្រួសាររបស់គេផ្ទាល់។ ខាងក្រោមនេះ ជា ចំណុចនានាដែលលោកអ្នកជាឪពុកត្រូវប្រតិបត្ដិ។
1 . ឪពុកធ្វើជាមេដឹកនាំ ៖ ឪពុកជាអ្នកដែលគេឱ្យតម្លៃខ្ពស់ខ្លាំងទៅលើការដឹកនាំគ្រួសារ និងកូនៗ។ ឪពុកជាអ្នកដែលត្រូវចាប់អារម្មណ៍ខ្លាំងទៅលើការដឹកនាំប្រៀនប្រដៅកូនៗ ហើយជាអ្នកកំណត់នូវអនាគតរបស់កូន។ ឪពុកត្រូវធ្វើជាគំរូរបស់កូននៅគ្រប់ សកម្មភាពទាំងអស់ទាំងពាក្យសម្ដីត្រូវតែមានភាពម៉ឺងម៉ាត់។ លោកឪពុកជាអ្នកផ្ដល់ឱ្យកូនក្នុងភាពជាអ្នកមាំទាំ ហើយកូនៗរបស់ លោកភាគច្រើនគឺជាអ្នកប្រកបធម៌ និងចេះស្ដាប់ដំបូន្មានល្អៗ។ ប៉ុន្ដែប្រសិនបើ លោកឪពុកជាអ្នកដែលមិនបានហេតុផលគ្រប់គ្រាន់ក៏ ដូចជាគំនិតឯកច្ឆន្ទក្នុងការសម្រេចចិត្ដធ្វើការងារអ្វីមួយដោយមិនបានគិតគូរឱ្យបានហ្មត់ចត់នោះអាចធ្វើឱ្យរូបលោកបាត់បង់នូវតម្លៃ របស់ខ្លួនបាន។
2 . ឪពុកជាអ្នកការពារ ៖ ឪពុកគឺជាអ្នកដែលមើលការថែទាំ អ្នកការពារ និងអ្នកគិតគូរយ៉ាងច្រើនទៅលើអនាគតរបស់ កូនៗ។ ជាពិសេសទៅទៀត លោកអ្នកត្រូវឆ្លៀតយកពេលវេលាច្រើនសម្រាប់ការអប់រំទូន្មានប្រៀនប្រដៅ ដើម្បីតម្រង់នូវអនាគត កូនៗ។ ក្រៅពីនេះលោកឪពុកក៏ជាអ្នកទទួលស្គាល់នូវហេតុផលនានាផងដែរ ទើបធ្វើការសម្រេចចិត្ដ។
3 . ឪពុកជាទីប្រឹក្សា ៖លោកឪពុកជាទីប្រឹក្សា ជាអ្នកជួយស្វែងរកដំណោះស្រាយ ហើយក៏ជាអ្នកមានភាពស្និទ្ធស្នាលថែមទៀតដល់កូន។ លោកឪពុកនៅពេលនេះជាអ្នកដែលអាចដឹងសុខទុក្ខ និងបញ្ហាផ្ទាល់ជាច្រើនរបស់កូនៗ និងជាអ្នកយល់ដឹងពីចិត្ដ សាស្ដ្រនិងតម្រូវការរបស់កូនៗ។
4 . ឪពុកជាមិត្ដស្និទ្ធស្នាល ៖ លោកឪពុកដែលជាមិត្ដស្និទ្ធស្នាល គឺជាអ្នកដែលជំរុញ និងបង្ក នូវបរិយាកាសរីករាយមួយ សម្រាប់គ្រួសារ។ អាកប្បកិរិយារបស់លោកបានផ្ដល់នូវភាពកក់ក្ដៅដល់រូបកូនៗណាដែលចេះស្ដាប់ដំបូន្មាន រស់នៅក្នុងភាពសម្បូណ៌ សប្បាយ បង្កើតជាមោទនភាពដ៏អស្ចារ្យមួយ។ ប៉ុន្ដែបើភាពស្និទ្ធស្នាលរបស់លោកមានកម្រិតខ្លាំងពេកចំពោះកូន កម្រិតនោះអាចធ្វើ ឱ្យលោកបង្ហាញអស់នូវចំណុចខ្សោយដែលបណ្ដាលឱ្យកូនៗអាចនឹងខិលខូចហើយអាចបង្កជាបញ្ហាសម្រាប់គ្រួសារបានដូចដែលពាក្យ ថា ៖ “ស្រឡាញ់កូនរហូតទាល់តែស្គាល់ចិត្ដ”។
ចំណុចទាំង៤ខាងលើដែលលើកមកជម្រាបជូនលោកអ្នកខាងលើ ទោះបីជាមិនបានពេញលេញល្អក៏អាចក្លាយជាចំណែកមួយនៃការប្រតិបត្ដិរបស់លោកអ្នកក្នុងភារៈជាឪពុកនេះ។ ក្រៅពីនេះលោកឪពុកទាំងអស់អាចថ្លឹងថ្លែងរកចំណុចរួមមួយនៃតួនាទី និង ការសម្របសម្រួលនៅក្នុងគ្រួសារសម្រាប់ជំរុញគ្រួសារឱ្យប្រាសចាកភាពសៅហ្មងទាំងឡាយ។
បណ្ដាំផ្ញើ
បុរសគ្រប់រូបគប្បីជ្រាបថា បើសិនលោកអ្នកគ្រាន់តែចង់ធ្វើជាឪពុកគេនោះជារឿងងាយហើយស្រួលជាទីបំផុត។ ផ្ទុយទៅវិញប្រសិនបើលោកអ្នកចង់ធ្វើជាឪពុកល្អពិតជាត្រូវចំណាយពេល កម្លាំងកាយ និងកម្លាំងចិត្ដច្រើនបំផុត។ លោកអ្នកត្រូវយល់ថា ការចិញ្ចឹមកូនប្រៀបដូចការដាំដើមឈើហូបផ្លែមួយដើម ទាល់តែមានការថែទាំត្រឹមត្រូវ ដូចជាជ្រួយដី ដាក់ជី ដកស្មៅ ស្រោច ទឹកជាដើម ទើបលោកអ្នកទទួលបានផលល្អ ហើយបេះផ្លែឈើនោះមកទទួលទានបាន។ បើលោកអ្នកគ្រាន់តែដាំដើម្បីដាំនោះ លោក អ្នកក៏ទទួលលទ្ធផលទៅតាមនោះដែរហើយ។
No comments:
Post a Comment