Monday, November 25, 2013

វិធី​លម្ហែ​អារម្មណ៍

លោកអ្នក​ដែលមាន​បញ្ហា​ផ្លូវចិត្ដ​តែងតែ​មាន​អារម្មណ៍​តានតឹង និង​មិនមាន​ភាព​សប្បាយ​រីករាយ​ដូច​លោកអ្នក​ដែលមាន​អារម្មណ៍​ស្រស់ថ្លា និង​រីករាយ​គ្រប់​ពេលវេលា​នោះទេ។ នេះ​គឺជាបញ្ហា​ចោទ​យ៉ាង​សំខាន់​ដែល​លោកអ្នក​មួយចំនួន​នោះ​មិនទាន់​បាន​ជ្រាបច្បាស់​ពីវិធី​សាស្ដ្រ​អ្វីខ្លះ ដើម្បី​ឱ្យខ្លួន​ចៀសផុត​ពីបញ្ហា​ផ្លូវចិត្ដ​ទាំងនោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង
នៅពេល​នេះ ប្រិយមិត្ដ​នឹងបាន​ជ្រាប​ពីវិធី​លម្ហែ​អារម្មណ៍​ដើម្បី​បំបាត់​បញ្ហា​ផ្លូវចិត្ដ ដែល​លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា អ្នក​ឯកទេស​វិកលវិទ្យា​នៃគ្លីនិក​សាន់រ៉ាយ អត្ថា​ធិប្បាយ​នៅលើទំព័រ​ទស្សនាវដ្ដី សុខភាពយើង។
ការ​ថែទាំ​សុខភាព​ផ្លូវចិត្ដ​ជាបញ្ហា​សំខាន់
វិបត្ដិ​ផ្លូវចិត្ដ​នឹង​បណ្ដាល​ឱ្យ​លោកអ្នក​មាន​អារម្មណ៍​ស្មុគស្មាញ តានតឹង ស្ដ្រេស ពិបាក​ដោះស្រាយ ធុញថប់ និង​គិតច្រើន​ទៅលើ​រឿង​ការងារ​ក៏ដូចជា​រឿង​ក្រុមគ្រួសារ។ លោកអ្នក​ដែលមាន​បញ្ហា​ផ្លូវចិត្ដ​ត្រូវធ្វើ​យ៉ាងណា​ថែទាំ​សុខភាព​ផ្លូវចិត្ដ និង​អារម្មណ៍​របស់​ខ្លួនឯង​ឱ្យបាន​ស្បើយ ដើម្បី​បញ្ចៀស​ពីវិបត្ដិ​ផ្លូវចិត្ដ​ទាំងឡាយ។ ការ​ថែទាំ​សុខភាព​ផ្លូវចិត្ដ​ជាបញ្ហា​ដែល​សំខាន់​សម្រាប់​លោកអ្នក ហើយ​លោកអ្នក​ត្រូវដឹង និង​បាន​ស្វែងយល់​ពីការ​ថែទាំ​សុខភាព​ផ្លូវចិត្ដដោយ​ខ្លួនឯង​ទើប​អាច​ចៀសផុត​ពីបញ្ហា​នេះបាន។ ខាងក្រោម​នេះជា​ប្រការ​ដែល​លោកអ្នក​គប្បី​ប្រតិបត្ដិ និង​មិនគួរ​ប្រតិបត្ដិ ៖
  • ប្រការ​មិនគួរ​ធ្វើ ៖ គ្រប់ប្រភេទ​នៃជម្ងឺ​ផ្លូវចិត្ដ​ទាំងអស់​ផ្ដើមចេញ​ជាអាការ ដូចជា​បណ្ដាល​ឱ្យលោកអ្នក​ឈឺក្បាល គេង មិនលក់ និង​គិតទៅ​លើបញ្ហា​ស្មុគស្មាញ​ច្រើន​ជាដើម។ ដូចនេះ​ប្រការ​ដែល​លោកអ្នក​មិនគួរ​ប្រតិបត្ដិ គឺការ​ប្រើប្រាស់​ថ្នាំ​ងងុយ​គេង​ផ្ដេសផ្ដាស ព្រោះ​ថ្នាំ​ងងុយគេង​ដែល​ប្រើប្រាស់​ដោយ​មិនមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​អាច​បណ្ដាល​ឱ្យ​ញៀន និង​បង្កឱ្យ​មាន​បញ្ហាសុខភាព​ថែមទៀត​ផង។ មួយ​វិញទៀត​លោកអ្នក​មួយចំនួន​នៅពេល​ដែលមាន​វិបត្ដិ​ដំណេក​ក៏ទទួលទាន​សុរា​បន្ដិចបន្ដួច ដើម្បី​ឱ្យ​គេងលក់ ហើយ​មួយចំនួន​ទៀត​ពិបាកចិត្ដ​ខ្លាំង ពិបាក​ដោះស្រាយ​បញ្ហាក៏​សម្រេចចិត្ដ​ប្រើប្រាស់​ថ្នាំញៀន ដើម្បី​ភាព​សប្បាយ និង​បំបាត់​អារម្មណ៍​តានតឹង។ រីឯ​លោកអ្នក​មួយចំនួន​ទៀត​នោះ​ឈានទៅ​រកការ​លេងល្បែង ប្រព្រឹត្ដ​អំពើ​ពាលា ប៉ោឡែ ដោយសារ​ការ​ពិបាកចិត្ដ និង​ធុញថប់​ទៀតផង។ ប្រការ​ទាំងនេះ​សុទ្ធតែ​ជាប្រការ​គួរ​ចៀសវាង​ចំពោះ​លោកអ្នក​ដែលមាន​បញ្ហា​ផ្លូវចិត្ដ ព្រោះ​វាអាច​ជាដើម​ហេតុ​កាន់តែ​ធ្វើឱ្យ​សុខភាព​របស់លោកអ្នក​មាន​បញ្ហា​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ដ។
  • ប្រការ​គួរធ្វើ ៖ នេះជា​ប្រការ​សំខាន់​សម្រាប់​លោកអ្នក​ដែលមាន​បញ្ហា​ផ្លូវចិត្ដ​គួរ​ប្រតិបត្ដិ​ក្នុងការ​ដោះស្រាយ​នូវ​អារម្មណ៍ តានតឹង ភាព​ស្មុគស្មាញ និង​បញ្ហា​ពិបាក​ដោះស្រាយ។ លោកអ្នក​ត្រូវ​ប្រើប្រាស់​ពេលវេលា​ឱ្យបាន​សមស្រប និង​គ្រប់គ្រាន់ ទាំងក្នុង​នាម​ជានិស្សិត ជាមន្ដ្រី​រាជការ ជា​អ្នកជំនួញ ឬ​ជាអ្នក​ការិយាល័យ ដើម្បី​ផ្ដល់​ចំណី​អាហារ​ផ្នែក​សុខភាព​ផ្លូវចិត្ដ​ឱ្យបាន​ត្រឹមត្រូវ និង​មានភាព​រឹងមាំ។ សូម​លោកអ្នក​កុំ​ប្រើប្រាស់​ពេលវេលា​នោះ​ដោយដាក់​សម្ពាធ​ទៅលើ​ខួរក្បាល​ច្រើនពេក។ និយាយ​ជារួម​លោកអ្នក​ត្រូវ​ជ្រើសរើស​ពេលវេលា​សមស្រប​ណាមួយ​ក្នុងការ​សម្រាក​លម្ហែកាយ និង​ចិត្ដ នៅក្នុង​ចុង​សប្ដាហ៍ ឬ​ពេលវេលា​ឈប់​សម្រាក​ណាមួយ។ លោកអ្នក​មិនត្រូវ​បិទឱកាស​ខ្លួនឯង​ក្នុងការ​សម្រាក​លម្ហែ​ខួរក្បាល​នោះទេ។ បើ​មិនមាន​ការឈប់​សម្រាក​លម្ហែ​អារម្មណ៍ បញ្ហា​សុខភាព​ផ្លូវចិត្ដ​នឹងអាច​កើតមាន​ឡើង​នៅពេល​ណាមួយ​ដែល​លោកអ្នក​ទទួល​អារម្មណ៍​ថា​តានតឹង។
រូបភាពទស្សនាវដ្ដីសុខភាពយើង
វិធី​លម្ហែ​អា​រម្មណ៍
លោកអ្នក​អាច​ជ្រើសរើស​ការ​លម្ហែ​សម្រាក​កាយ និង​ចិត្ដ តាម​វិធី​ជាច្រើន​ដែល​លោកអ្នក​ចូលចិត្ដ ដូចជា​ការ​ចំណាយ​ពេលវេលា​នៅចុង​សប្ដាហ៍ ឬ​ថ្ងៃឈប់​សម្រាក​ណាមួយ​ដើម្បី​ដើរ​លម្ហែកម្សាន្ដ​នៅតាម​រមណីយដ្ឋាន ការ​ជួបជុំ​ជជែក​ជាមួយ​មិត្ដភក្ដិ​រឿង​សប្បាយៗ ការ​ដើរ​កម្សាន្ដ ស្ទូចត្រី និង​ការដើរ​កម្សាន្ដ​នៅតាម​ទីជនបទ​ដែលមាន​បរិយាកា​សស្រស់​ស្រាយ​ខ្យល់បរិសុទ្ធ​ពីធម្មជាតិ។ ការ​ដើរ​កម្សាន្ដ​ជាមួយ​មិត្ដភក្ដិ​ឬ​ក្រុមគ្រួសារ​នៅតាម​ចម្ការ បង្កើត​កម្មវិធី​ជប់លៀង​ក្នុង​ឱកាស​ណាមួយ​ជួប​ជាមួយ​មិត្ដភក្ដិ​ស្និទ្ធស្នាល ជជែក​ពិភាក្សា​ឬ​ប្រាប់ពី​បញ្ហា​លំបាក​ក្នុងចិត្ដ​ជាមួយ​មិត្ដ​ជិតស្និទ្ធ ដើម្បី​ដោះស្រាយ និង​ជួយ​លើក​ទឹកចិត្ដ​គ្នា​ទៅវិញ​ទៅមក។ បើសិន​ជា លោកអ្នក​មិនមាន​ពេល​ច្រើន​ក្នុងការ​ដើរ​កម្សាន្ដ​ចេញ​ទៅក្រៅ លោកអ្នក​អាច​ជ្រើសរើស​វិធីហាត់​ប្រាណ​ណាមួយ​ក៏បាន ដើម្បី​សម្រួល​ដល់​សុខភាព​រាងកាយ​ក៏ដូចជា​ផ្លូវចិត្ដ​ផងដែរ។ ការធ្វើ​លំហាត់​ប្រាណ​មាន​វិធី​ជាច្រើន ដូចជា​ការ​ដើរ រត់ រាំ ឬការ​ហាត់​កីឡាកាយ វប្បកម្ម និង​ការធ្វើ​លំហាត់ប្រាណ តាមវិធី​សម្មាធិ វិធី​យូហ្គា ឬវិធី​ហាត់​ថៃជិ នេះក៏​ជាវិធី​មួយដែល​ជួយ​កាត់បញ្ហា​ផ្លូវចិត្ដ​ផងដែរ។ វិធីសាស្ដ្រ​ដែល​ការពារ​កុំឱ្យ​មាន​បញ្ហា​ផ្លូវចិត្ដ​នេះ គឺ​អាស្រ័យ​ទៅលើ​ចំណង់​ចំណូលចិត្ដ និង​ពេលវេលា​សមស្រប​ណាមួយ​របស់​លោកអ្នក។
ការ​លើក​ទឹកចិត្ដ
គ្រប់ពេល​ដែល​មនុស្ស​នៅជិត​ខ្លួនមាន​បញ្ហា​ផ្លូវចិត្ដ លោកអ្នក​អាច​បញ្ចេញ​ការ​លើកទឹក​ចិត្ដ​របស់ខ្លួន​ទៅដល់​មិត្ដភក្ដិ​ឬ មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន ព្រោះនេះ​គឺកត្ដា​រួមចំណែក​មួយ​ដែលជួយ​ស្រោចស្រង់​អារម្មណ៍ និង​សុខភាព​ផ្លូវចិត្ដ​របស់​មនុស្ស​ម្នាក់។ បើសិន​ជាការ​ជ្រើសរើស​យកវិធី​លម្ហែ​អារម្មណ៍​ហើយ​នៅតែ​មិនមាន​ប្រសិទ្ធភាព​ទៀតនោះ គឺ​ត្រូវតែ​មានការ​ជួយ​លើក​ទឹកចិត្ដ​ពីមនុស្ស​ដែល​នៅជុំវិញ​ខ្លួន ដូចជា​សហគមន៍ មិត្ដភក្ដិ ក្រុមគ្រួសារ ជាពិសេស​គឺមនុស្ស​ជាទី​ស្រឡាញ់​រាប់អាន ដើម្បី​មានអ្នក​ផ្ដល់​កម្លាំងចិត្ដ និង​លើក​ទឹកចិត្ដ។ ក្នុង​ដំណាក់​កាល​ចុងក្រោយ​នៅតែ​មិនអាច​ស្រោចស្រង់​បានទៀ​តនោះ គឺ​មានតែ​ការ​សម្រាក និង​ព្យាបាល​ជាមួយ​នឹង​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​សុខភាព​ផ្លូវចិត្ដ ទើបអាច​ជួយ​ដោះស្រាយ​បញ្ហានេះ​បាន។
ដំបូន្មាន​អ្នក​ជំនាញ
លោកអ្នក​ត្រូវ​បែងចែក​ពេលវេលា​ឱ្យបាន​ត្រឹមត្រូវ​ក្នុងការ​សម្រាក​លម្ហែ​អារម្មណ៍ រឿង​ការងារ និង​រឿង​ដទៃទៀត។ លោកអ្នក​មិនអាច​យកបញ្ហា​ទាំងនោះ​មក​លាយឡំ​គ្នា​ក្នុងពេល​តែមួយ​បាន​នោះទេ ព្រោះ​វានឹង​បណ្ដាល​ឱ្យអារម្មណ៍​របស់​លោកអ្នក​កាន់តែ​មានភាព​ស្មុគស្មាញ និង​មិនអាច​ទទួលបាន​ឱកាស​រីករាយ​នោះទេ។

No comments: