នៅពេលមនុស្សចាប់ផ្ដើមស្រឡាញ់គ្នា ក៏បានរៀបការបង្កើតជាគ្រួសារឡើង។ ការកសាងគ្រួសារជារឿងដែលលំបាក ហើយមានមនុស្សមិនតិចទេដែលបរាជ័យនៅក្នុងរឿងនេះ។ ការចងចំណងអាពាហ៍ពិពាហ៍ជារឿងពិបាកមួយទៅហើយក្នុងការរក មនុស្សដែលខ្លួនពេញចិត្ដបាន តែការរក្សាចំណងនេះឱ្យបានគង់វង្សវារឹតតែពិបាកថែមទៀត។ គូស្វាមីភរិយាមិនតិចទេ ដែលទីបំផុតបានរំដោះខ្លួនចេញពីនឹមអាពាហ៍ពិពាហ៍ដោយការលែងលះ។ មានហេតុផលជាច្រើនដែលធ្វើឱ្យលោកអ្នកទ្រាំរស់នៅជាមួយគ្នាតទៅទៀតលែងបាន។
ប្ដីប្រពន្ធជាបុគ្គលពីរនាក់ដែលមានទំនាក់ទំនងគ្នាយ៉ាងស៊ីជម្រៅ ដែលចំាបាច់ត្រូវតែគោរពសិទ្ធិគ្នាទៅវិញទៅមកឬចេះឱ្យតម្លៃគ្នាកុំឈ្លានពានគ្នា។ ចំពោះគូស្វាមីភរិយាដែលកំពុងស្រឡាញ់គ្នាស្រាប់តែថ្ងៃមួយពួកគេព្រោះតែគ្រួសារគេបានជំពាក់នឹងអ្វីមួយ មិនអាចអធ្យាស្រ័យឱ្យគ្នាបាន។ ទស្សនាវដ្ដី សុខភាពយើងសូមលើកយកហេតុផលដែលនាំឱ្យថ្នាំងថ្នាក់នេះ ៧ប្រការមកជម្រាបជូន។
1. ខ្វះភាពស្មោះត្រង់នឹងគ្នា
ការលាក់លៀមមិនស្មោះត្រង់នឹងគ្នាបញ្ហាហិរញ្ញវត្ថុ មានការលាក់កំបាំងការមិនគោរពពាក្យសច្ចៈការបិតកំបាំងមិនឱ្យស្គាល់ភាពលម្អៀងជាដើម។ ទាំងនេះសុទ្ធតែជារឿងដែលមិនអាចលើកលែងឱ្យបានព្រោះជាប្ដីប្រពន្ធនឹងគ្នាមិនគប្បីមានអាថ៌កំបាំងជាមួយគ្នាឡើយ។ ភាពស្មោះត្រង់ជាសសរគ្រឹះយ៉ាងរឹងមាំសម្រាប់ជីវិតប្ដីប្រពន្ធ។
2. ប្ដីប្រពន្ធមានគំនិតមិនល្អចំពោះគ្នា
អាចផ្សំគ្នាកើតឡើងបណ្ដាលមកពីអ្នកទាំងពីរពុំចុះសម្រុងនឹងគ្នា ឬអ្នកទាំងពីរពុំសក្ដិសមគ្នាឬមកពីអ្នកទាំងពីរមានគំនិតមិនដូចគ្នា ឬរបៀបរស់នៅខុសគ្នា ដូចជាប្រពន្ធចូលចិត្ដតែងខ្លួន ប្ដីពុំចូលចិត្ដជាដើម។ ប្រពន្ធមានរបៀបប្ដីឥតរបៀបប្រពន្ធស្លៀកពាក់ស្អាត ប្ដីគគ្រិចរញ៉េរញ៉ៃ ការរស់នៅដោយចែកផែនដីម្ខាងម្នាក់ និងសេពគប់មនុស្សក្នុងសង្គមខុសគ្នាទាំងនេះជាកត្ដាឈានទៅរកការបែកបាក់គ្នា។
3. មិនលើកតម្កើងគំនិតគ្នា
ជាប្ដីប្រពន្ធនិងគ្នាចំាបាច់ត្រូវតែមានការគោរពគ្នាទៅវិញទៅមក ស្គាល់តួនាទីរៀងៗខ្លួនពុំចាំបាច់ទាមទារឱ្យអ្នកណាមាន សិទ្ធអំណាចលើនរណានោះទេ។ បើប្ដីចេញទៅធ្វើការងាររកប្រាក់ចំណូលចូលផ្ទះស្ដ្រីជាប្រពន្ធត្រូវមានភារកិច្ចចាត់ចែងរៀបចំផ្ទះសម្បែង ទោះបីជាការងារទាំងនេះមិនអាចវាស់វែងជាទឹកប្រាក់បានក៏ដោយក៏បុរសជាប្ដីមិនត្រូវបន្ទាបបន្ថោកការងារទាំងនេះដែរ ចាំបាច់ត្រូវតែឱ្យតម្លៃ ហើយជួយកិច្ចការទាំងនេះដោយមិនត្រូវមើលនឹងភ្នែកទេ។ ធ្វើដូចនេះទើបរឿងវិវាទមិនកើតមានឡើងបាន។
4. រវាងអ្នកទាំងពីរចាយវាយពុំត្រូវគោលដៅ
បញ្ហានេះ ភាគច្រើនតែងធ្លាក់ទៅលើនារីភេទជាចម្បង ព្រោះស្ដ្រីជាអ្នកចំណាយសព្វបែបយ៉ាងចំពោះគ្រួសារនេះជាបញ្ហា មួយដែលស្ដ្រីធ្វើក៏ខុសពុំធ្វើក៏ខុស។ ដូច្នេះតើស្ដ្រីត្រូវធ្វើដូចម្ដេចកុំឱ្យខុស? បញ្ហានេះត្រូវធ្វើឡើងដោយយើងត្រូវមើលចំណូលជាប្រចាំរបស់គ្រួសារ(មធ្យម តិច ច្រើន)។ សុភាពស្ដ្រីត្រូវចេះលៃលកទិញដូរទុកដាក់ទៅតាមកម្រិតដែលមាន កុំឃ្លានចង់ទិញតាមអ្នកមាន នាំឱ្យវ័ណ្ឌកដល់ខ្លួនឯង បង្កើតជាបំណុលឱ្យគ្រួសារកើតក្ដីក្ដៅក្រហាយមាត់ធំមាត់តូចដាក់គ្នា ច្បាស់ជាឈានដល់ការលែងលះជា ពុំខាន។
5. រឿងលើគ្រែ
ក្នុងស្ថានភាពគ្រួសាររបស់ប្ដីប្រពន្ធ រឿងលើគ្រែជាបញ្ហាសំខាន់បំផុត ការងារនេះបើយើងយល់ព្រមជាការងាយតែបើផ្ទុយ ទៅវិញងាយនឹងក្លាយជាគ្រោះថ្នាក់ចំពោះមនោសញ្ចេតនាប្ដីប្រពន្ធណាស់។ ជាធម្មតាការរួមរ័កស្នេហាបុរសច្រើនមានចំណង់ជាងស្ដ្រី ព្រោះធម្មជាតិបានតាក់តែងមកយ៉ាងដូច្នេះ។ ចំណុចនេះហើយដែលទាមទារឱ្យភរិយាយោគយល់ឱ្យបានច្រើនអំពីបញ្ហានេះ។ ការមិនចេះយល់ទុក្ខធុរៈគ្នាពេលខ្លះអាចក្លាយទៅបញ្ហាដែលបង្កឱ្យមានការលែងលះបាន។
6. ទំនាក់ទំនងចំពោះញាតិមិត្ដ
មិនមែនគោលដៅអាចចំពោះតែឪពុកម្ដាយខាងប្ដី ហើយមិនរវល់ដល់ឪពុកម្ដាយបងប្អូនខាងប្រពន្ធឡើយ។ មនុស្សនៅជុំវិញលោកអ្នកនិងក្លាយជារបងការពារគ្រួសារឱ្យរឹងមាំ ត្រូវចេះយកចិត្ដទុកដាក់ចំពោះញាតិមិត្ដដែលនៅជុំវិញកុំមើលរម្លងហើយស្មានថាគេមិនស្មើយើង នោះជាការខុសទាំងស្រុង។ ការរស់នៅក្នុងសង្គមភាពឯកោមិនមែនបានសេចក្ដីថាលោកអ្នកបានសុខឡើយ ថ្ងៃណាមួយលោកអ្នកជួបនឹងឧបសគ្គមានតែញាតិនោះឯងដែលតែងជួយគ្រួសារលោកអ្នកឱ្យចាកផុតពីទុក្ខវេទនា។
7. អំពើហិង្សាក្នុងគ្រួសារ
នេះជាទង្វើដែលមិនអាចអត់ឱនឱ្យបានទេ ព្រោះបើកាលណាប្ដីប្រពន្ធដាច់ចិត្ដលើកដៃវ៉ៃគ្នាហើយបានន័យថាពួកគេលែង មានមនោសញ្ចេតនាការស្រឡាញ់ចំពោះគ្នាទៀតហើយ ស្នេហារបស់ពួកគេបានស្លាប់រលត់ទៅហើយ។ ប្ដីប្រពន្ធជាមនុស្សពីរនាក់ដែល ស្និទ្ធស្នាលនិងគ្នាជាងនរណាទាំងអស់ ទោះជាឪពុកម្ដាយក៏នៅតិចជាងដែរហេតុនេះមិនគួរព្រោះតែកំហឹងធ្វើឱ្យបាត់បង់នោះទេ។ អំពើហិង្សាមិនតែមិនគប្បីចំពោះមនុស្សដែលលោកអ្នកស្រឡាញ់នោះទេថែមទាំងត្រូវប្រឈមមុខចំពោះច្បាប់ទៀតផង។
អ្វីដែលលើកមកជម្រាបជូនខាងលើនេះ គ្រាន់តែជាចំណុចមួយចំនួនតែប៉ុណ្ណោះនៅមានបញ្ហាផ្សេងៗជាច្រើនទៀតដែល សុទ្ធតែជារឿងផ្ទៃក្នុងរបស់បុគ្គលម្នាក់ៗ ដូចពាក្យដែលថា ចង្កៀងផ្ទះនរណាភ្លឺផ្ទះអ្នកនោះ។ មានគូស្វាមីភរិយាមិនតិចទេ ដែលអ្នក ជិតខាងមិនបានឮសូរសម្លេងឈ្លោះប្រកែកគ្នា ឬក៏សញ្ញានៃការលែងលះនោះស្រាប់តែពួកគេដឹកដៃគ្នាទៅតុលាការលែងលះគ្នាតែម្ដង។ ទាំងនេះអាចបញ្ជាក់ថាពួកគាត់ប្រាកដជាមានរឿងអ្វីដែលមិនអាចទ្រាំរស់ជាមួយគ្នាតទៅបានហើយ។ ក្រៅពីនេះក៏នៅមានប្ដី ប្រពន្ធខ្លះឈ្លោះគ្នារាល់ថ្ងៃ វាយដំគ្នាបែកក្បាលហូរឈាមក៏នៅតែលែងគ្នាមិនដាច់នេះបានពិតជាកម្មពារមែនហើយ។
បណ្ដាំផ្ញើ
ជីវិតប្ដីប្រពន្ធប្រៀបដូចជាសម្លមួយឆ្នាំង ទាល់តែចុងភៅប្រសប់ផ្សំគ្រឿងទើបមានរសជាតិឆ្ងាញ់។ ហេតុនេះជាការពិត ហើយដែលអ្នកទាំងពីរត្រូវតែរួមគ្នាឱ្យអស់ពីលទ្ធភាព ដើម្បីសុភមង្គលនេះ។ ប្រសិនបើមានចំណុចណាមួយដែលនាំឱ្យអាក់អន់ស្រពន់ ចិត្ដចំពោះគ្នា គប្បីប្រញាប់និយាយដោះស្រាយគ្នាភ្លាមៗ ការគុំគួនទុកក្នុងចិត្ដនាំឱ្យអារម្មណ៍មួម៉ៅបណ្ដាលឱ្យមានជម្លោះកាន់តែខ្លាំងឡើង។
No comments:
Post a Comment