ក្រោយពេលសម្រាលកូនលើកទីមួយរួចហើយអ្វីដែលស្ដ្រីត្រូវយកចិត្ដទុកដាក់ជាបន្ដទៀតក្រៅពីការថែទាំសុខភាពកូនក៏ដូចជាខ្លួនឯងនោះគឺត្រូវចាប់ផ្ដើមគិតគូរពីការពន្យារកំណើត។ ការមានផ្ទៃពោះញឹកញាប់ពេកនឹងមានផលប៉ះពាល់ទាំងសុខភាពម្ដាយព្រមទាំងកូន។ ស្ដ្រីក៏ដូចជាស្វាមីមានតួនាទីគ្រប់គ្រងឱ្យបានអំពីកំណើតកូននីមួយៗ ដើម្បីសុភមង្គលគ្រួសារទាំងមូល។
ការកំណត់ពេលវេលាឱ្យមានកូន
គូស្វាមីភរិយាទាំងអស់គប្បីមានផែនការច្បាស់លាស់ក្នុងការរៀបចំគ្រួសារ។ ការកំណត់ពេលវេលាមានកូន ចំនួនកូនបានរួមចំណែកយ៉ាងធំធេងដើម្បីឱ្យគ្រួសារមានសុភមង្គល។ ដើម្បីសុខភាពម្ដាយ និងកូន លោកអ្នកគួរតែទុកចន្លោះពេលពីកំណើតកូនមួយទៅកំណើតកូនមួយទៀត យ៉ាងហោចណាស់ក៏មានរយៈពេលពីរឆ្នាំដែរ។ ក្រោយពេលសម្រាលកូនលើកទីមួយរយៈពេល៦សប្ដាហ៍ ស្ដ្រីគប្បីត្រូវពិនិត្យសុខភាពរបស់ខ្លួនសាជាថ្មី ដើម្បីឱ្យប្រាកដថាសុខភាពសរីរាង្គបន្ដពូជបានត្រឡប់មករកសភាពដើមវិញ ហើយអាចចាប់ផ្ដើមរួមភេទពេលនោះក៏ត្រូវគិតគូរផងដែរអំពីមធ្យោបាយពន្យារកំណើត។
មធ្យោបាយពន្យារកំណើត
ដោយសារការរីកចម្រើនផ្នែកវេជ្ជសាស្ដ្រ ធ្វើឱ្យមានមធ្យោបាយពន្យារកំណើតកាន់តែច្រើន ដែលមានដូចជា ៖
ក្រៅពីនេះក៏នៅមានវិធីមួយចំនួនទៀតដែលត្រូវបានគេជ្រើសរើសយកមកអនុវត្ដ ដូចជាការរួមភេទតាមវដ្ដរដូវរបស់ស្ដ្រី ការពិនិត្យសីតុណ្ហភាពក្នុងខ្លួនស្ដ្រីជាដើម។ មុននឹងសម្រេចចិត្ដប្រើប្រាស់មធ្យោបាយពន្យារកំណើតណាមួយ ស្ដ្រីទាំងអស់ត្រូវតែទៅរកមណ្ឌលសុខភាព ឬទីកន្លែងដែលមានសេវាត្រឹមត្រូវ។ សូមធ្វើការពិនិត្យសុខភាពជាមុនទើបអាចប្រើប្រាស់មធ្យោបាយពន្យារកំណើត ណាមួយបាន។
ផលប៉ះពាល់នៃការមានកូនញឹកញាប់
មានមនុស្ស២នាក់ដែលទទួលរងនូវផលប៉ះពាល់ ប្រសិនបើមិនមានការកំណត់កំណើតឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ។
1. ការប៉ះពាល់ទៅលើកុមារ
គ្រោះថ្នាក់នៃការស្លាប់របស់កុមារតូចៗ នឹងកើនឡើងជិត៥០ភាគរយ ប្រសិនបើនៅចន្លោះពេលកំណើតកូនមួយទៅកំណើតកូនមួយទៀត មានរយៈពេលតិចជាង២ឆ្នាំ។ ការសម្រាលកូនមួយទៀតគឺជាការគំរាមកំហែងធំបំផុតមួយដែលប៉ះពាល់ដល់សុខភាព និងការលូតលាស់របស់កុមារដែលមានអាយុតិចជាងពីរឆ្នាំ។ ការបំបៅកូនដោយទឹកដោះម្ដាយសម្រាប់កូនបងនឹងត្រូវកាត់ផ្ដាច់ឆាប់ពេក ហើយម្ដាយមានពេលវេលាតិចតួចក្នុងការរៀបចំអាហារ ពិសេសសម្រាប់កូនបងដែលនៅតូចនេះ។ ម្ដាយពុំអាចផ្ដល់នូវការថែទាំ និងការយកចិត្ដទុកដាក់កូនបងតាមសេចក្ដីត្រូវការរបស់គេ ជាពិសេសនៅពេលដែលគេមានជម្ងឺម្ដងៗ។ កុមារដែលកើតក្នុងចន្លោះពេលតិចជាង២ឆ្នាំច្រើនតែមានការរីកចម្រើនផ្នែករាងកាយ និងប្រាជ្ញាពុំបានល្អដូចកុមារដែលកើតក្នុងចន្លោះពេលពីរឆ្នាំ ឬច្រើនជាងនេះ។
បន្ទាប់ពីមានផ្ទៃពោះ និងការសម្រាលកូនមក សរីរាង្គរបស់ស្ដ្រីត្រូវការពេលវេលា២ឆ្នាំដើម្បីឱ្យវិលមករកសភាពដើមវិញ។ បើពុំដូច្នេះទេសុខភាពម្ដាយនឹងរងគ្រោះយ៉ាងខ្លាំង ប្រសិនបើមានការសម្រាលកូនញឹកញាប់ពេក។ ដើម្បីឱ្យមានសុខភាព និងថាមពលឡើងវិញ ម្ដាយត្រូវការពេលវេលា ចំណីអាហារត្រឹមត្រូវមុនពេលមានផ្ទៃពោះម្ដងទៀត។ ប្រសិនបើស្ដ្រីមានផ្ទៃពោះមុនពេលសរីរាង្គមានសភាពដូចដើមឡើងវិញបន្ទាប់ពីសម្រាលកូនលើកមុន។ ទារកក្រោយច្រើនកើតមកមិនគ្រប់ខែ និងមិនគ្រប់ទម្ងន់។ ទារកដែល មិនគ្រប់ទម្ងន់ច្រើនតែលូតលាស់មិនសូវល្អ ឈឺច្រើន ហើយច្រើនស្លាប់នៅឆ្នាំដំបូងនៃជីវិត។ សរីរាង្គស្ដ្រីងាយទ្រុឌទ្រោមណាស់ ដោយសារភាពមានផ្ទៃពោះញឹកញាប់ ការសម្រាលកូន ការបំបៅដោះកូនដោយទឹកដោះម្ដាយ និងការថែរក្សាកូនតូចៗ។ បន្ទាប់ពីមាន ផ្ទៃពោះ៤ដងមក ជាពិសេសទៅទៀតប្រសិនបើការសម្រាលកូនមុនៗមិនមានចន្លោះឃ្លាតពីគ្នាលើសពី២ឆ្នាំទេ ស្ដ្រីនឹងអាចមាន គ្រោះថ្នាក់កាន់តែខ្លាំង ដូចជាស្លេកស្លាំង (កង្វះគ្រាប់ឈាមក្រហម) និងការធ្លាក់ឈាម (បាត់បង់ឈាមច្រើន)។
ប្រការគួរប្រតិបត្ដិទាក់ទងនឹងការមានផ្ទៃពោះ
ស្ដ្រីគួរតែកំណត់ពេលវេលាឱ្យមានផ្ទៃពោះលើកដំបូងយ៉ាងហោចណាស់មានអាយុ១៨ឆ្នាំ ព្រោះកាលវេលានេះអាចជួយឱ្យ ស្ដ្រីមានសុវត្ថិភាពក្នុងការមានផ្ទៃពោះ ការសម្រាល និងជួយកាត់បន្ថយគ្រោះថ្នាក់នៃទារកដែលកើតមិនគ្រប់ទម្ងន់។ យុវតីដែលមានអាយុតិចជាង១៨ឆ្នាំ សរីរាង្គពុំទាន់មានលក្ខណៈគ្រប់គ្រាន់ក្នុងការពពោះទេ។ ការសម្រាលកូនរឹតតែមានការលំបាក និងគ្រោះថ្នាក់ថែមទៀត។
ស្ដ្រីដែលមានអាយុចាប់ពី៣៥ឆ្នាំឡើងទៅការមានផ្ទៃពោះ និងការសម្រាលកូនមានគ្រោះថ្នាក់ដល់សុខភាពកាន់តែខ្លាំងឡើង។ ប្រសិនបើស្ដ្រីមានអាយុលើសពី៣៥ធ្លាប់មានផ្ទៃពោះ៤ដង ឬច្រើនជាងនេះ ការមានផ្ទៃពោះក្រោយៗទៀតបង្កគ្រោះថ្នាក់ ដល់សុខភាពផ្ទាល់របស់ម្ដាយ និងទារកនៅក្នុងផ្ទៃ។
ដំបូន្មានអ្នកជំនាញ
ទោះបីជាយ៉ាងណា គ្រប់ស្ដ្រីទាំងអស់មិនត្រូវសម្រេចចិត្ដប្រើប្រាស់មធ្យោបាយពន្យារកំណើតណាមួយដោយមិនបានទទួលការប្រឹក្សាពីគ្រូពេទ្យជំនាញ និងការពិនិត្យសុខភាពជាមុននោះដែរ។ បុរសក៏ដូចជាស្ដ្រីដែរ ត្រូវតែទទួលខុសត្រូវចំពោះការការពារ ការមានផ្ទៃពោះដែលមិនទាន់ចង់បាន និងការកំណត់ចំនួនកូនដែលចង់បាន។
No comments:
Post a Comment