ព្រះគុណម៉ែ
»ម៉ែចិញ្ចឹមកូនឥតគិតណាយ ទាំងចិត្តទាំងកាយប្រគល់ឲ្យ
បំបៅដោះកូនឥតមានស្បើយ យប់ថ្ងៃក៏ដោយ រាប់វេលា ។
»ម៉ែធ្លាប់ហួងហែង ពីក្រមុំ ឥឡូវកូនយំសុំអាហារ
ម៉ែបើកឱ្យបៅកណ្តាលផ្សារ រីករាយចិន្តា ភ្លេចអៀនខ្មាស ។
»ដៃម៉ែទាំងពីរ បីត្រកង អង្អែលថ្នាក់ថ្នម ទោះនឿយណាស់
ទ្រូងម៉ែកូនកើយ មិនដែលផ្លាស់ កក់ក្តៅជាងជាក់ រាល់ថ្ងៃយប់ ។
»ភ្លៅម៉ែទាំងគូ ជាពូកខ្នើយ ទុកឱ្យកូនកើយ មិនដែលឈប់
ជាពូកជាខ្នើយ រាល់ថ្ងៃយប់ គេងលក់ស្កល់ស្កប់ សុខចិន្តា ។
»ពេលចូលនិន្ទ្រា ម៉ែបំពេរ ច្រៀងលួងលោមថែ ដោយវាចា
ពិរោះរណ្តំ ដូចសារិកា ស័ព្ទសៀងវាចាដូចសេកសោម ។
»ដល់ពេលកូនឆី ម៉ែបញ្ចុក ចំណីចំណុក ដោយថ្នាក់ថ្នម
ឱ្យកូនបានឆីដៃប្រលោម ឆីឆ្អែតហើយថ្នម ឱ្យគេងលក់ ។
»ពេលកូនឈឺចុះ ម៉ែមិនខ្ពើម មិនដែលរអើមក្លិនលាមក
ដៃម៉ែកើបកាយ ទោះស្មោគគ្រោក ម៉ែលាងលាមកទាំងញញឹម ។
»ពេលកូនចង់លេង ម៉ែជាមិត្ត ជាក្លើស្គាល់ចិត្ត គ្មានអ្នកផ្ទឹម
ពេលកូនសប្បាយ ម៉ែញញឹម ពេលកូនម៉ែយំ ម៉ែលួងចិត្ត ។
»ពេលកូនងូតទឹក ម៉ែងូតឱ្យ លាងមុខលាងក្រោយ មិនដែលគិត
ដុសក្អែលសំបោរ នៅជាប់ដិត ដោយក្តីស្នេហ៍ស្និទ្ធ ទឹកចិត្តម៉ែ ។
»ពេលមានធុរៈ ត្រូវឃ្លាតចាក ដួងចិត្តជំពាក់ លើមាសមេ
ត្រឡប់ដល់ផ្ទះ រកមាសស្នេហ៍ ឱបថើបថ្នមថែ ក្នុងឱរា ។
»ព្រះគុណម៉ែធ្ងន់ ច្រើនអនេក ទោះកូនពន់រែក ផែនពសុធា
មកអធិប្បាយ គុណមាតា មិនអាចពណ៌នា ឱ្យចប់បាន ។
ភារកិច្ចចំពោះមាតាបិតា
ភូមិធម៌ភូមិសុខ ភូមិបុណ្យទៅមុខ កូនរកមិនត្រូវ
មិនស្តាប់វាចា ទេសនាម៉ែឳ តែងចង្អុលផ្លូវ
ប្រាប់កូនប្រុសស្រី។
តែកូនមិនដឹង ច្រើនណាស់តែខឹង នឹងម៉ែឳស្តី
តាមពិតគួរស្តាប់ សូរស័ព្ទសម្តី លោកអើយគប្បី
គោរពបូជា។
ដូចស្តាប់ព្រះសង្ឃ លំអុតឱនអង្គ បង្គំវន្ទា
ព្រះពុទ្ធដាក់ក្បួន ប្រធួននាមា ឈ្មោះថាបុព្វា
ចារ្យ(គ្រូខាងដើម)។
សម្រាប់ទូន្មាន កូនចៅគ្រប់ប្រាណ ឲ្យបានយ៉ាងឆ្នើម
កុំឲ្យដើរលេង ជាល្បែងគួរខ្ពើម កុំឲ្យងងើម
សប្បាយជ្រុលពេក។
ពេលយប់ព្រលប់ មើលការឲ្យគ្រប់ ទុកដាក់ហើយដេក
ហើយភ្ញាក់ពីយប់ ប្រារព្ធពុនរែក កុំឲ្យទាស់ភ្នែក
អ្នកផងទាំងឡាយ។
មើលគេអ្នកមាន គេមិនអត់ឃ្លាន គេមានប្រាក់ចាយ
ព្រោះគេបានស្តាប់ ច្បាប់ឳពុកម្តាយ ទើបបានសប្បាយ
នាយលោកនេះហោង។
នេះធម៌ទេសនា របស់មាតា និងបិតាផង
បើកូនណាស្តាប់ នូវច្បាប់គន្លង កូននោះលែងឆ្គង
ចាស់ផងស្ងួនភ្ញា។
ព្រះពុទ្ធដាក់ឈ្មោះ បាលីពីរោះ បុព្វទេវា
ទេព្តាខាងដើម អ្នកផ្តើមរក្សា បុត្រីបុត្រា
ហៅទេវតាផ្ទះ។
គឺម្តាយឳពុក ជាអ្នកម្ចាស់មុខ កូនមិនសំពះ
ម៉ែឳទូន្មាន ឈ្លានពានចង់ឈ្នះ សត្រូវនឹងព្រះ
កន្លោងអាត្មា។
ប្រទូស្តមើលងាយ នឹងឳពុកម្តាយ ស្រែកហៅទេព្តា
អំពីខាងក្រៅ ដឹងនៅឯណា ឈ្លោះនឹងទេព្តា
គឺម៉ែឳឯង។
តែងតែលំបាក ក្រីក្រតោកយ៉ាក ជាតិនេះឃើញស្តែង
ហើយទៅរងទុក្ខ ខាងមុខពុំលែង លុះភ័យទើបស្វែង
រកហោរគ្រូទាយ។
ហោរបូកលេខា តាមក្បួនឃើញថា ខុសគ្រូខាងម្តាយ
ឬខាងឳពុក កុំទុកយូរឆ្ងាយ ត្រូវលែងលោមថ្វាយ
គ្រូពីរទើបជា។
ហោរទាយត្រូវណាស់ កូនស្តាប់មិនច្បាស់ បែរទៅវន្ទា
អ្នកតាអារ័ក្ខ ទេព្រឹក្សល្បាក់សា ម៉ែឳអាត្មា
មិនថ្វាយបង្គំ។
មិនលន់តួទោស អំពើកំហុស ជូនចំណីនំ
ធ្វើសម្លបាយ មកថ្វាយបង្គំ ខមាលាសុំ
ឱ្យអត់ទោសពៃរ៍។
ដូច្នេះមិនធ្វើ យកចែកទៅផ្ញើ គល់ឈើក្នុងព្រៃ
ដុំថ្មអ្នកតា វន្ទាសព្វថ្ងៃច័ន្ទ ធូបបីសរសៃ
និយាយសុំសុខ។
ម៉ែឳមិនឱ្យ ព្រោះតែជឿធ្លោយ ចោលគុណទៅមុខ
ច្រើនជឿបែបនេះ ដូច្នេះគ្រប់ស្រុក ត្រង់ម្តាយឳពុក
ចេះចោលទទេ។
ម៉្យាងទៀតធ្វើបុណ្យ ច្រើនតែចោលគុណ គ្មានគិតរិះរេ
ឈមទៅតែវត្ត ម្តាយអត់ទទេ ព្រោះជឿតាមគេ
រកបុណ្យខាងក្រៅ។
ដើមបុណ្យលើផ្ទះ ខ្លួនកើតទាន់ព្រះ កន្លោងគង់នៅ
បានត្រីត្រកាល ក្បាលឱ្យម៉ែឳ កណ្តាលនាំទៅ
យកបុណ្យឯវត្ត។
កណ្តាលសុទ្ធឆ្ងាញ់ សាច់ពោះពងខ្លាញ់ ធ្មេញលោកចុកមាត់
ម៉ែឳជរា ទន្តាបាក់ហ្មត់ ទុកក្បាលឱ្យគាត់
ក្បាលសុទ្ធតែឆ្អឹង។
នេះហៅបុណ្យខុស ទាំងស្រីទាំងប្រុស ខ្ញុំប្រាប់កុំខឹង
ម៉ែឳនៅរស់ ចូរអស់លោកប្រឹង ធ្មេញគាត់នៅរឹង
បានឆ្ងាញ់ពិសា។
ខ្លះជឿបុណ្យខ្លាំង យួរម្ហូបទាំងឆ្នាំង ទៅថ្វាយវត្តវ៉ា
ម៉ែឳទូន្មាន ចង់បានណាស់ណា ភ្លយសួរកូនថា
មានសល់ឬទេ។
ព្រឹកឡើងឃ្លានបាយ ញ័រពោះញើសខ្ចាយ ឃើញសម្លគេ
កូនឆ្លើយវឹងថ្កាន មិនបានសល់ទេ ខ្ញុំស្លគ្រាន់តែ
ទៅវត្តទេកូវ។
ម៉ែឳសយរថា បើដួសកាលណា នឹងហូបឥឡូវ
កូនខ្លះឆ្លើយប្រាប់ ថាបាបណាស់ឳ គេថាមិនត្រូវ
ឳស៊ីមុនលោក។
ម៉ែឳចាស់ៗ គាត់ឃ្លានខ្លាងណាស់ គួរឱ្យអធ្យោគ
ឳទារពិសា កូនថាមុនលោក ពុំបានបរិភោគ
គេថាបាបផង។
នេះបុណ្យថ្កាប់មុខ ឬបុណ្យចោលស្រុក ព្រោះដើរផ្លូវឆ្គង
បុណ្យមិនត្រកាល វិសាលឡើយហោង ព្រោះដើរគន្លង
ឱ្យម៉ែឳអត់។
ពួកខ្លៅសាមាន្យ មិនចេះធ្វើទាន ច្រើនធ្វើទានក្បត់
សទ្ធាហួសជ្រៅ ជ្រុលទៅតែវត្ត ឱ្យព្រះដើមអត់
ស្រេកឃ្លានពេកក្រៃ។
នេះឯងខុសណាស់ មកពីមិនច្បាស់ ច្បាប់ធម៌វិន័យ
បានជាប្រព្រឹត្ត គំនិតព្រសផ្សៃ បន្ថោកតម្លៃ
នៃអ្នកមានគុណ។
យស់ខុសស្រឡះ ព្រោះមិនស្គាល់ព្រះ មិនច្បាស់ដើមគុណ
អ្នកប្រាជ្ញបុរាណ ថាបើធ្វើបុណ្យ គួរថ្វាយម្តាយមុន
សឹមថ្វាយព្រះសង្ឃ។
រៀបចង្ហាន់ព្រះ បូជាសំពះ មើលព្រះឱ្យត្រង់
ព្រះគឺម៉ែឳ តម្រូវតម្រង់ វេរាភត្តថ្វាយសង្ឃ
ត្រូវថ្វាយព្រះមុន។
គឺជូនភោជនា មាតាបិតា បូជាតបគុណ
ទើបថ្វាយព្រះសង្ឃ ទ្រទ្រង់សីលបុណ្យ ព្រោះម្តាយមានគុណ
រកអ្វីស្មើគ្មាន៊
ត្រូវធ្វើបុណ្យខ្នើត ម៉ែឳហូបកើត កំពុងស្រេកឃ្លាន
ម៉ែឳនៅរស់ កូនត្រូវធ្វើទាន បំបាត់ក្តីឃ្លាន
ហៅធ្វើបុណ្យខ្នើត។
ហៅបុណ្យខែភ្លឺ កុំចាំលោកឈឺ បរិភោគលែងកើត
ជូនលោកកាលជា ហៅថាបុណ្យខ្នើត លោកបរិភោគកើត
បានជាងរនោច។
លុះបាត់ជីវិត បុណ្យខែងងិត ដូចថ្ងៃដប់រោច
កូនចៅទាំងឡាយ យកបាយឱ្យខ្មោច ម៉ែឥតប្រយោជន៍
ខ្មោចណាចេះស៊ី។
កត្កិកមាសា ចេញខ្យល់រងារ ត្រជាក់ពេញទី
មិនគិតរកភួយ បានមួយឬពីរ ទាំងមិនសាមគ្គី
រកពូកជូនលោក។
ត្រូវរករបស់ ជាស្ទបទាន់រស់ ដណ្តប់ជូនលោក
កុំចាំដាច់ខ្យល់ ទើបខ្វល់យំសោក រកស្ទបជូនលោក
ដណ្តប់រុំអុស។
ឱ្យភ្លើងត្រេកអរ ទទួលអំណរ មិនដឹងត្រូវខុស
ម្តេចមិនខ្វល់ខ្វាយ ជូនម្តាយកាលរស់ ម្តេចចាំខ្យល់អស់
ទើបធ្វើឧឡារ។
កាលលោករស់នៅ ព្រឹកល្ងោចក្តួលក្តៅ ស្រេចឃ្លានអស្ចារ្យ
មិនគិតក្រខ្សត់ ឱ្យអត់អាហារ ឱ្យតែធ្វើការ
ចាំផ្ទះឱ្យគេ។
ចំណីត្រីសាច់ ចង់ស្ទើរប្រកាច់ ឥតជូនសោះទេ
ដល់ឈឺផ្តេតតៗ ម្ហេតៗឥតល្ហែ ដេកជុះទើបគេ
ជូននំចំណី។
ទាំងជិតទាំងឆ្ងាយ មូលមកសួរម្តាយ ទាំងប្រុសទាំងស្រី
ធូរេននំបុ័ង សំរាំងថ្មីៗ ម្តាយឈឺលែងស្តី
រឹងថ្គាមស្ងួតក។
កូនហៅអឺម៉ែ! ម៉ែស្គាល់ខ្ញុំទេ? បានចំណីល្អ
ម្តាយពោលខ្សាវៗ គ្រាវៗឆ្លើយត ថាអើ!ឯងមក
ម៉ែអរណាស់ណា។
កាលម៉ែមិនឈឺ មិនមានជម្ងឺ នោះកូនរាល់គ្នា
មិនអាណិតម៉ែ លុះម៉ែជរា ទើបកូនរាល់គ្នា
មករុញបញ្ចូល។
ឪម៉ែស្លាប់បាត់ ទើបកូនច្រវ៉ាត ប្រាប់ញាតិត្រកូល
ឃោសនាធនធាន ព្រៀងលានឱ្យចូល មកជុំប្រមូល
ធ្វើបុណ្យឱ្យខ្មោច។
ខែផល្គុណចែត្រ ថ្ងៃក្តៅក្រឡែត ឆ្ងាយទឹកហិនហោច
ម៉ែឪចាស់ៗ ក្តៅគួរអាណោច មិនរែកទឹកស្រោច
ឪពុកម្តាយសោះ។
មិនមានថ្នមថ្នាក់ មិនដងទឹកដាក់ ពាងដោយសង្រ្គោះ
ដល់ពេលលោកស្លាប់ នោះស្រាប់តែស្មោះ អប់ទឹកក្អមនោះ
ហៅលើកចង្អាស់។
ម៉ែឪរស់នៅ មិននាគ្នាទៅ ធ្វើការប្រវ៉ស់
ដាក់វេនក្រោយមុន តបគុណលោកចាស់ ស្លាប់ហើយធ្វើណាស់
ដណ្តើមគ្នាដុស។
ដូចសោចគល់ឈើ ងាកងើកងេងើ មិនដឹងត្រូវខុស
ទើបកូនវន្ទា ស្មាលាទោសខុស ម៉ែឪនៅរស់
មិនដែលវន្ទា។
កាលមានជីវិត នោះកូនគ្មានគិត ម្តេចរួចវេរា
ម៉ែឪទូន្មាន កូនគ្មានបូជា បំពេញសទ្ធា
ឱ្យម្តាយស្មាទាន។
ស្តាប់ធម៌ទេសនា ឱ្យម្តាយជ្រះថ្លា រកសួគ៌និព្វាន
ប្រើម្តាយដូចខ្ញុំ នៅចាំចង្ក្រាន ឱ្យទៅស្មាទាន
ឱ្យឆាប់មកវិញ។
មើលកូនថែចៅ ខែនេះកូនទៅ ដកស្ទូងស្រែមិញ
ម្តាយទៅរូតរះ មកផ្ទះចំណេញ ម្តាយប្រាប់ទៅវិញ
អញ្ញស្តាប់លោកទេសន៍។
កូនថាស្ទូងហើយ ស្តាប់ចុះម៉ែអើយ ខែនេះកុំធ្វេស
កណ្តាប់ក្រៀមហែង ម៉ែឯងប្រហែស ដើរស្តាប់លោកទេសន៍
សំណាប់ចុកថ្នាល។
មួយខែបួនសីល គេថាម្តាយខ្ជិល ពួកកូនត្រកាល
ទុកម្តាយគ្រាន់ប្រើ បម្រើធ្ងន់ស្រាល ម្តាយខូចខួរក្បាល
លែងស្គាល់ពុទ្ធដីកា។
ស្លាប់ទៅដូចអុស គេដុតឆេះសុស ហើយគេនាំគ្នា
រើសធាតុដាក់ថោ ភ្នែកស្លោអនិច្ចា! ហៅញាតិកា
ហែរធាតុទៅវត្ត។
ឱ្យនៅស្តាប់ធម៌ ឱ្យធាតុត្រេកអរ ព្រោះលែងប្រើគាត់
កាលម្តាយរស់នៅ មិនឱ្យទៅវត្ត ដុតឆេះខ្មោចហ្មត់
ទើបឱ្យទៅថ្កាន។
ហេតុនេះអ្នកអើយ កុំធ្វើព្រងើយ ប្រុសស្រីគ្រប់ប្រាព
បម្រើមាតា បិតាកុំខាន ទើបសុខក្សេមក្សាន្ត
បានអាយុវែង។
កុំគប្បីធ្វេស កុំឈ្លោះចចេស នឹងម៉ែឪឯង
ជាតិនេះជាតិក្រោយ ទុក្ខសោកពុំលែង ព្រះពុទ្ធសម្តែង
ច្បាស់ឥតសង្ស័យ។
អវចីនរក ទំរាំរួចទុក្ខ យូរយាពេកក្រៃ
អាយុមួយកប្ប គ្មានរាប់ខែថ្ងៃ បើមាននិស្ស័យ
ទើបរួចមកបាន។
កើតមកជាប្រេត រួចទើបអណ្តែត កើតជាតិតិរច្ឆាន
លុះអស់វេរា ទើបកើតមនុស្សបាន ខ្វិនខ្វាក់ក៏មាន
គថ្លង់ឃ្លង់ស្រែង។
ជាឆ្គួតច្រើនជាតិ ព្រោះទោសប្រមាថ ឪពុកម្តាយឯង
មើលងាយដល់ព្រះ ក្នុងផ្ទះឥតក្រែង ទើបបានចម្បែង
រងទុក្ខច្នេះណា។
ថ្លែងចប់ប៉ុណ្ណេះ សូមបញ្ឈប់ស្លេះ សង្ខេបវាចា
ថ្លែងមកប៉ុន្មាន សូមបានផលា និសង្សប្រាថ្នា
ដល់និព្វានហោង។
និពន្ធដោយ បណ្ឌិត អ៊ូ ចុង។
បណ្ដាំម៉ែ
១. នឹកស្រុកនឹកស្រែ នឹកពុកនិងម៉ែ ធ្លាប់ថែកូនស្ងួន
ពេលនេះរូបកូន បានឃ្លាតចាកខ្លួន ម៉ែលែងបានធួន
ថែកូនទៀតហើយ។
ថែកូនទៀតហើយ។
២. ទោះបីឃ្លាតឆ្ងាយ កូននឹកអ្នកម្ដាយ គ្មានពេលល្ហែល្ហើយ
បើបាននៅជិត នែបនិត្យកៀកកើយ កូននឹងបានស្បើយ
ល្ហើយពីទុក្ខា។
ល្ហើយពីទុក្ខា។
៣. បួនឆ្នាំកូនបែក នៅឆ្ងាយអនេក ឆ្ងាយពីមាតា
រៀននៅភ្នំពេញ ថ្នាក់បរិញ្ញា កូនខំសិក្សា
តាមបណ្ដាំម្ដាយ។
តាមបណ្ដាំម្ដាយ។
៤. ពាក្យពេចន៍ម៉ែផ្ដាំ កូននៅចងចាំ ចាំគ្មានរសាយ
ពេលខ្លះកូននឹក រលឹកអ្នកម្ដាយ ទឹកភ្នែកហូរខ្ចាយ
ព្រោះចាំពាក្យម៉ែ។
ព្រោះចាំពាក្យម៉ែ។
៥. ម៉ែថាកូនប្រុស ចេះដឹងត្រូវខុស ណាប្រុសមាសស្នេហ៍
មិនត្រូវប្រព្រឹត្ត ស្រាស្រីល្បែងល្បែ កូនចាំពាក្យម៉ែ
ជាក់ទុកក្នុងប្រាណ។
ជាក់ទុកក្នុងប្រាណ។
៦. ខំប្រឹងសិក្សា វិជ្ជាអស់អាថ៌ សាស្ត្រាជាស្ពាន
វាអាចចម្លង កូនបានសុខសាន្ត កូននឹងស្រាកស្រាន្ត
ព្រោះតែចំណេះ។
ព្រោះតែចំណេះ។
៧. វិជ្ជាជាទ្រព្យ ចាប់វាឲ្យជាប់ កុំអោយរបេះ
កូននឹងសោយផល ព្រោះតែតម្រិះ ជាយានជំនិះ
ជិះដល់អវសាន។
កូននឹងសោយផល ព្រោះតែតម្រិះ ជាយានជំនិះ
ជិះដល់អវសាន។
៨. ពេលពុកបែកទៅ ម៉ែថែកូនពៅ ដោយគ្មានស្រាកស្រាន្ត
ម៉ែធ្វើការងារ សព្វគ្រប់បែបយ៉ាង ទុកដាក់ចានក្បាន
និងការសព្វមុខ។
និងការសព្វមុខ។
៩. ម៉ែមិនដែលត្អូញ ចំពោះរូបកូន ទោះបីមានទុក្ខ
ម៉ែតែងញញឹម សង្ឃឹមទៅមុខ ថានឹងផុតទុក្ខ
ព្រោះកូនទាំងបី។
ព្រោះកូនទាំងបី។
១០. កូនសូមអរគុណ គុណម៉ែដែលធ្ងន់ ធ្ងន់ហួសវិស័យ
មិនអាចពណ៌នា អំពីតម្លៃ ពិសេសពេកក្រៃ
មិនអាចពណ៌នា អំពីតម្លៃ ពិសេសពេកក្រៃ
លើសអស់សាគរ។
១១. ក្នុងមួយជីវិត កូនមិនបំភ្លេច អ្នកម្ដាយបវរ
ព្រោះម៉ែមានគុណ ធ្ងន់លើសផែនថ្ម រាប់លានគីឡូ
ព្រោះម៉ែមានគុណ ធ្ងន់លើសផែនថ្ម រាប់លានគីឡូ
មិនអាចគណនា។
១២. ថ្ងៃនេះកូនអរ ព្រោះមានអំណរ សរសេរពណ៌នា
ពីបណ្ដាំម្ដាយ និងគុណមហិមា ដែលម៉ែពុះពារ
ពីបណ្ដាំម្ដាយ និងគុណមហិមា ដែលម៉ែពុះពារ
ដើម្បីរូបកូន៕
No comments:
Post a Comment