Monday, November 25, 2013

ចង់​បាន​កូន​ប្រុស ឬ​កូន​ស្រី?

ក្រោយ​ពី​ពេល​រៀប​ការ​រួច​មក ប្ដី​ប្រពន្ធ​ចាប់​ផ្ដើម​ចោទ​ជា​សំណួរ​ជា​ច្រើន​ក្នុង​នោះ​មាន​ការ​ប្រាថ្នា​ចង់​បាន​កូន​ប្រុស​ឬ​កូន​ស្រី ដែល​ជា​សំណួរ​ដែល​ចោទ​ឡើង​ញឹក​ញាប់​ជាង​គេ​បំផុត។ ហេតុ​អ្វីបាន​ជា​មាន​គភ៌​កូន​ស្រី​ឬ​កូន​ប្រុស?​តើគួរ​សម្រេច​ចិត្ដ​ចង់​បាន ឬ​ជ្រើស រើស​កូន​ស្រីឬ​កូន​ប្រុស​នៅ​ពេល​ណា​ទើប​បាន​សម​តាម​បំណង? ទស្ស​នា​វដ្ដី សុខ​ភាព​យើង​នឹង​ចាប់​ផ្ដើម​បើក​កកាយ​រឿង​ទាំង​នេះ ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ឱ្យ​បាន​យល់​ដឹង។
រូបភាពទស្សនាវដ្ដីសុខភាពយើង
មុន​នឹង​ឈាន​ទៅ​បក​ស្រាយ​អំពី​វិធី​សាស្ដ្រ​ចង់​បាន​កូន​ប្រុស​ឬកូន​ស្រី​ដូច​បំណង និង​ទទួល​បាន​ជោគ​ជ័យ​ខ្ញុំសូម​លើក​មក ជម្រាប​ជូន​អំពី​ចំណេះ​ដឹង​វិទ្យា​សាស្ដ្រ​ទាក់​ទងនឹង​ការ​មាន​គភ៌​ជា​កូន​ប្រុស​ឬកូន​ស្រី​ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​មួយ​ចំនួន​ជាមុន​សិន។
ប្រវត្ដិ​ក្រូម៉ូ​សូម រឿង​រ៉ាវ​សេ​នេ​ទិច
ផែន​ការ​នៃការ​ផលិត​សរីរាង្គ​កាយ​របស់​មនុស្ស ដែល​ជា​កេរ្ដិ៍​តំណែល​សេនេ​ទិច​តគ្នា​ពី​ឪពុក​ម្ដាយ​មាន​នៅក្នុង​កោ​សិកា នីមួយៗ នៃខ្លួន​របស់​យើង។ ធាតុ​ផ្សំ​សរីរៈ​រាង្គ​កាយ ដែល​ហៅ​ម្យ៉ាង​ទៀត​ថា សេ​ណូម​វាផ្សំ​ផ្ដុំឡើង​ពី​អាស៊ីដ​ដេអ៊ុក​ស៊ីនុយ​ក្លេអ៊ិច (ឌណៅ) ដែល​បាន​បង្កើត​បាន​ជា​ក្រូម៉ូ​សូម។
ក្រូម៉ូ​សូម​ស្ថិត​នៅ​ក្នុង​កោសិ​កា​របស់​យើង ជាគូ​ឬជា​សមាស​ភាគ​ពីរ មួយ​ទទួល​បាន​ពីឪពុក​មួយ​ទៀត​បាន​មក​ពី​ម្ដាយ។ ក្នុង ចំណោម​ក្រូម៉ូ​សូម​ទាំង​២៣​គូ មាន​តែមួយ​គូគត់​ដែល​មិន​ដូច​គ្នា​ទេ គឺ​ក្រូម៉ូ​សូម​ភេទ។ ស្ដ្រី​ជាម្ដាយ​មាន​ក្រូម៉ូ​សូម​ដូចគ្នា​មួយ​គូ ឬ​ចំនួន​ពីរ ដែល​ជាក្រូម៉ូ​សូម​អ៊ិច(ខ)​ទាំង​ពីរ រីឯ​បុរស​មាន​ក្រូម៉ូ​សូម​អ៊ិច(ខ)មួយ​និងក្រូម៉ូ​សូម​តូច​អ៊ី​ក្រិច​(យ)​មួយ។
តើ​ភេទ​របស់​ទារក​ត្រូវ​បាន​កំណត់​នៅ​ពេល​ណា?
តើ​ទារក​មាន​ភេទ​ប្រុស​ឬ​ភេទ​ស្រី? ការ​ជ្រើស​រើស​ឬ​កំណត់​ភេទ​កើត​មាន​ឡើង​នៅ​ពេល​ដែល​មេជីវិត​ទាំង​ពីរ​ជួប​គ្នា(ការក​កំណើត)។ ចំពោះ​ការ​បង្ក​ជា​គភ៌ ឪពុក​ម្ដាយ​ម្នាក់ៗ​ត្រូវ​បង្កើត​ឬ​ផលិត​កាម៉ែត​(គឺជា​អូវុល​ឬ​មេ​ជីវិត​ភេទ​ស្រី​សម្រាប់​ស្ដ្រី​ជា​ម្ដាយ ឯ បុរស​ជា​ឪពុក​ជា​ស្ពែម​ម៉ាតូ​សូអ៊ីដ ឬ​មេជីវិត​ភេទ​ប្រុស)។ ការ​បង្ក​កំណើត​ត្រូវ​មាន​កេរ្ដិ៍​តំណែល​សេនេ​ទិច​របស់​ឪពុក​​ម្ដាយ​ម្នាក់​ពាក់ កណ្ដាល ព្រោះ​ថា​ក្រូម៉ូ​សូម​ដែល​ដូចគ្នា​នោះ​បាន​ញែក​ចេញ​ពី​គ្នា។
ស្ដ្រី​ជា​ម្ដាយ​មាន​ក្រូម៉ូ​សូម​អ៊ិច​ចំនួន​២។ អូវុល​នឹង​ទទួល​យក​ក្រូម៉ូ​សូម​មួយ​ក្នុង​ចំណោម​ក្រូម៉ូ​សូម​អ៊ិច​ទាំង​ពីរ។ រីឯ​បុរស​ជា ឪពុក​មាន​ក្រូម៉ូ​សូម​អ៊ិច​ចំនួន​មួយ និង​ក្រូម៉ូ​សូម​អ៊ីក្រិច​ចំនួន​មួយ។ ដូច​គ្នា​ផង​ដែរ​ស្ពែម​ម៉ាតូ​សូអ៊ីដ​មាន​ក្រូម៉ូ​សូម​អ៊ិច​មួយ និង​ក្រូម៉ូ​សូម អ៊ី​ក្រិច​មួយ។ ដោយ​ហេតុ​ថា ការ​កំណត់​ភេទ​កើត​ឡើង​នៅ​ពេល​មាន​ការ​បង្ក​កំណើត​ជា​ពិសេស​ពេល​ស្ពែម​ម៉ាតូ​សូអ៊ីដ​ណា​មួយ​រំលាយ ខ្លួន​ចូល​គ្នាជា​មួយ​អូវុល។
ប្រសិន​បើ​ស្ពែម​ម៉ាតូ​សូអ៊ីដ​ទី១​ដែល​ជ្រៀត​ចូល​ទៅក្នុង​អូវុល​មាន​ក្រូម៉ូ​សូម​អ៊ិច(ខ)​នោះ​ទារក​នឹង​មាន​ក្រូម៉ូ​សូម​អ៊ិច​ចំនួន២ ហើយ​នឹង​កើត​បាន​កូន​ស្រី។ ហើយ​បើសិន​ជា​ស្ពែម​ម៉ាតូ​សូអ៊ីដ​ទី១​ដែល​ជ្រៀត​ចូល​ទៅក្នុង​អូវុល​មាន​ក្រូម៉ូ​សូម​អ៊ីក្រិច​(យ) នោះ​ទារក នឹង​មាន​ក្រូម៉ូ​សូម​អ៊ិច​ចំនួន​មួយ និង​ក្រូម៉ូ​សូម​អ៊ីក្រិច​ចំនួន​មួយ កូន​ដែល​នឹង​កើត​មក​នឹង​មាន​ភេទ​ប្រុស។
បណ្ដាំ​ផ្ញើ ៖ អ្វី​ដែល​បាន​រៀប​រាប់​មក​នេះ ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​បន្ដ​ស្វែង​យល់​និង​អនុវត្ដ​វិធី​សាស្ដ្រ​ចង់​បាន​កូន​ប្រុស​ឬកូន​ស្រី​តាម ប្រាថ្នា។ ទាក់​ទង​ទៅនឹង​មូល​ហេតុ​ចង់​បាន​កូន​ប្រុស​ឬកូន​ស្រី និង​វិធី​សាស្ដ្រ​ឬ​បច្ចេក​ទេស​ចង់​បាន​កូន​ប្រុស​ឬកូន​ស្រី​សូម​រង់​ចាំ​អាន ទស្ស​នា​វដ្ដី សុខភាពយើង លេខ​ក្រោយៗ​ទៀត​ដោយ​អនុ​គ្រោះ។

No comments: