ស្ដ្រីគ្រប់រូបពិតជាចង់ឱ្យកូនមានសុខភាពល្អ រឹងមាំ និងស្រស់ស្អាតនៅពេលដែលកូនខ្លូនបានចេញមករស់នៅពិភពខាងក្រៅ ។ អាងត្រគាកស្ដ្រីមានតួនាទីសំខាន់ណាស់ ជាសរីរៈភេទរបស់ស្ដ្រី មិនតែប៉ុណ្ណោះត្រគាកក៏ជាអ្នកទ្រទ្រង់នូវសរីរៈផ្សេងៗទៀត របស់ស្ដ្រី ដែលអាចបញ្ចៀសគ្រោះថ្នាក់ដោយសារមេរោគទៀតផង។ អ្វីដែលសំខាន់នោះគឺអាចបង្កឱ្យមានបញ្ហាចំពោះទារកនៅពេលសម្រាល។
ដើម្បីឱ្យជ្រាបកាន់តែច្បាស់អំពីហេតុផលស្ដ្រីពិបាកសម្រាលកូន ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយ លោកវេជ្ជបណ្ឌិត អ៊ូច ឌីណា ឯកទេសផ្នែកសម្ភព និងរោគស្ដ្រីនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការបកស្រាយចំពោះមូលហេតុទាំងនេះ។
មូលហេតុដែលស្ដ្រីពិបាកសម្រាលកូន
មូលហេតុដែលស្ដ្រីខ្លះសម្រាលកូនមិនរួច គឺអាចបណ្ដាលមកពីកត្ដាម្ដាយ និងកត្ដាទារក។
1 . ការសម្រាលពិបាកដោយមូលហេតុបណ្ដាលមកពីម្ដាយ
- ពិបាកដោយសារមាត់ស្បូនបើកមិនប្រក្រតី ៖ បញ្ហានេះគឺបណ្ដាលមកពីមាត់ស្បូនរឹង មិនទន់ជ្រាយ។ បញ្ហារឹងនៃមាត់ស្បូនអាចបណ្ដាលមកពីភាពស្អិតនៃកោសិកាមាត់ស្បូន ឬមកពីការរួញស្វិតនៃមាត់ស្បូន ក្រោយពីមានស្លាកស្នាមរបួសដោយការដុតមាត់ស្បូនជាដើម។ ដោយឡែកបញ្ហានេះអាចកើតមានឡើង ដោយមិនមានហេតុផលច្បាស់លាស់ក៏មានដែរ។
- ពិបាកដោយកម្លាំងកន្ដ្រាក់របស់សាច់ដុំស្បូនមិនប្រក្រតី ៖ មិនប្រក្រតីភាពនៃការកន្ដ្រាក់របស់សាច់ដុំស្បូន អាចបណ្ដាល ធ្វើឱ្យស្បូនខ្សោយ នោះក៏ជាមូលហេតុធ្វើឱ្យការសម្រាលមានឧបសគ្គ។
- ពិបាកដោយសារមានដុំអ្វីមួយរាំងស្ទះនៅមុខដំណើរសម្រុតចុះរបស់ទារកដែលត្រូវសម្រាល។
- ពិបាកដោយសារឆ្អឹងអាងត្រគាករបស់ម្ដាយខុសខ្នាត ៖ ម្ដាយដែលមានទម្រង់ឆ្អឹងត្រគាកតូចចង្អៀត មិនអាចអនុញ្ញាត ឱ្យសម្រាលតាមបែបធម្មជាតិបានទេ ត្រូវដោះស្រាយដោយធ្វើការវះកាត់។
- ការសម្រាលពិបាកដែលបណ្ដាលមកពីទារកនៅក្នុងផ្ទៃ។ មូលហេតុដែលបណ្ដាលឱ្យមានការសម្រាលមិនរួចនោះគឺ ការ បង្ហាញទ្រង់ទ្រាយខុសរបៀប។
- ចំពោះការសម្រាលធម្មតា ទារកក្នុងផ្ទៃត្រូវបង្ហាញកំពូលក្បាលមកមុន ផ្ទុយទៅវិញករណីបង្ហាញគូទមុន(ចំពោះអ្នកកូន ដំបូង) បង្ហាញមុខមកមុន និងបង្ហាញថ្ងាសមកមុន ទារកខ្លះទៀតមានទំហំធំពេក ឯខ្លះទៀតបំពាក់ទៅដោយដុំពកនៅលើកញ្ចឹងកឬ នៅកញ្ចូញគូទ និងខ្លះទៀតមានក្បាលធំពេក។ ទាំងនោះជាមូលហេតុដែលធ្វើឱ្យមាតាមួយចំនួនសម្រាលកូនមិនអាចរួច ហើយតម្រូវ ធ្វើការវះកាត់ ដើម្បីដោះស្រាយបញ្ហា។
ផលប៉ះពាល់នៃការពិបាកសម្រាលកូន
តម្រូវធ្វើការវះកាត់ជាចាំបាច់ ពុំដូច្នោះទេការសម្រាលតាមធម្មជាតិមិនអាចប្រព្រឹត្ដទៅបានឡើយ។ ហើយអាចបណ្ដាលឱ្យ មានគ្រោះថ្នាក់ដល់ជីវិតទាំងម្ដាយទាំងកូន។
ដំបូន្នានអ្នកជំនាញ
យើងសង្កេតឃើញជារឿយៗចំពោះគ្រួសារមួយចំនួន ឬស្ដ្រីមួយចំនួនដែលសម្រាលជួបឧបសគ្គ ចេះតែធ្វើសំណូមពរឱ្យគ្រូពេទ្យចាក់ថ្នាំបើកស្បូន ជួនកាលខឹងសម្បានឹងគ្រូពេទ្យមិនព្រមចាក់ថ្នាំឱ្យ។ ចំពោះបញ្ហាទាំងអស់នេះគឺគ្រូពេទ្យទេ ដែលជាអ្នកធ្វើរោគវិនិច្ឆ័យនឹងវាយតម្លៃទៅលើបញ្ហាទាំងនោះ។
ការចាក់ថ្នាំឱ្យមាត់ស្បូនបើកក្ដី ការចាក់ថ្នាំឱ្យឈឺពោះក្ដី វាអាចទទួលផលល្អ លុះត្រាណាការសម្រាលនោះគ្មានឧបសគ្គ។ ផ្ទុយទៅវិញចំពោះស្ដ្រីឈឺពោះសម្រាលហើយជួបប្រទេះបញ្ហាដូចបានរៀបរាប់ខាងលើ ការចាក់ថ្នាំឱ្យស្បូនបើក ឬឱ្យឈឺពោះនោះ ជាអាវុធដ៏គ្រោះថ្នាក់បំផុតសម្រាប់បញ្ចប់ជីវិតមាតានិងទារក។
No comments:
Post a Comment