ដោយភិក្ខុ យន់ សុធា (Sothea Yon) พระสุเธีย สุวณฺณเถโร
https://www.facebook.com/sothea.yon
ក្នុងរយះមុន ក្នុងខណៈពេល និងក្រោយពេលបោះឆ្នោតមក យើងបានសង្កេតឃើញនូវចលនានិងវប្បធម៌ថ្មីកើតឡើង ជាពិសេសគឺចលនារបស់ព្រះសង្ឃទាក់ទងនិងនយោ បាយ។
មានសំនួរនឹងចំលើយជាច្រើនបានកើតឡើងពីបណ្ដាសង្គម ដោយសំនួរចំលើយទាំងនោះ ដោយសរុបទៅគឺមានតែពីរពាក្យតែប៉ុណ្ណោះ «គួរនឹងមិនគួរ»។ពាក្យទាំងពីរនេះ ទោះបីជាសម្រេចចិត្ដយកមួយណាក៏ដោយ ក៏គិតថាប្រហែលជាយឺតពេលទៅហើយ ព្រោះព្រះសង្ឃពេលនេះកំពុងដើរតួនាទីសំខាន់ក្នុងនយោបាយ។
១› ចលនាមុនពេលបោះឆ្នោត
ចលនាថ្មី(Neo-Movement) យើងបានឃើញជាក់ស្ដែងមួយពេលបោះឆ្នោត មានព្រះសង្ឃមួយចំនួនតូច (អាចធំ) បានចូលរួមដើរក្បួនដង្ហើគណៈបក្ស ដែលខ្លួនចូលចិត្ដ មួយចំនួនទោះបីមិនបានចូលរួម ប៉ុន្ដែគាំទ្រ និងបញ្ចេញយោបល់ដោយទាក់ទងគ្នាតាមបណ្ដាញហ្វេសប៊ុក ស្កាយ ទូរស័ព្ទ និងវិទ្យុ មួយចំនួន។ អ្វីគួរអោយភ្ញាក់ផ្អើលនោះ គឺព្រះសង្ឃមួយចំនួនបានសន្ទនាក្រុមក្នុងហ្វេស ប៊ុកដោយលើកយកនូវគោលនយោបាយរបស់គណៈបក្សរបស់ខ្លួន ព្រមទាំងទាកទាញនូវមិត្ដភក្ដិអោយចូលរួមផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ព្រះសង្ឃដែលមានសិស្សគណនិងមានអំណាចបានបង្កើតគណៈបក្សដោយខ្លួនឯង ដូចករណី គណៈបក្ស សញ្ជាតិខ្មែរ គឺមានព្រះសង្ឃមួយរូបជាប្រធានបក្ស។
ព្រះសង្ឃមួយចំនួនដើម្បីចូលរួមសកម្មក្នុងក្បួរដង្ហែរប្រកាសរកសំលេងគាំទ្រនេះ ក្រៅពីរួមក្បួនដង្ហែរ បានប្រើវិទ្យុ ទូរទស្សន៍ និងហ្វេសប៊ុកទាញយកប្រជាប្រិយភាព ដូចករណី ប្រើសញ្ញាគណៈបក្ស លេខបួន គឺតំណែងអោយទិសទាំងបួន ឬ អរិសច្ចទាំងបួន ឬព្រហ្មវិហារធម៌ទាំងបួន ចំណែកលេខ ប្រាំពីរ មិនដឹងថាចង់មានន័យដូចម្ដេច? ផ្ទុយទៅវិញ ចំណែកលេខប្រាំពីរ ព្រះសង្ឃខ្លះ ថា ជានិមិត្ដរូបនៃការត្រាស់ដឹង បានដល់ពោជ្ឃង្គទាំងប្រាំពីរ ចំពោះលេខបួនបានដល់ អបាយមុខ និងអគតិធម៌ទាំងបួន។ នេះជាចនលាដែលកើតឡើងក្នុងខេត្ដសៀមរាប។
តើនេះជាចលនាថ្មីទេ ? ចំលើយ ប្រហែលជាមែន ហើយក៏មិនមែន វាជាចលនាមួយស្ថិតនៅលើដានចាស់ ព្រោះចលនាបែបនេះធ្លាប់កើតមកយូរហើយ ៗ មានព្រះសង្ឃមួយចំនួនតួចត្រូវបានលើកតំកើងថាជាកំពូលនៃមហាវីរជនផ្នែកចលនា។ បើវិភាគតាមទស្សនទាននានា យើងអាចហៅព្រះសង្ឃក្នុងសម័យនោះថា«ព្រះសង្ឃជាតិនិយម» ព្រោះចលនានោះគឺដើម្បីប្រទេសជាតិ តែក្រោយពីរដ្ឋប្រហារសម្ដេចព្រះនរោត្ដម សីហនុ មក ចលនាមួយបានកើតឡើង ដែលគួរអោយកត់សំគាល់ នោះគឺចលនាបក្សនិយម។ ព្រះសង្ឃត្រូវបានក្រុមអ្នកនយោបាយទាញយកប្រជាប្រិយភាព ជាឧបករណ៍ ជាឈ្នាន់ផ្នែកនយោបាយ។ចលនាបែបនេះបានរីកសាយមកដល់សម័យក្រឡាប់ចក្រ សប្រែជាខ្មៅ «ខ្មែរក្រហម» ហើយកំពុងជះឥន្ធិពលយ៉ាងខ្លាំងមកបច្ចុប្បន្ននេះ។
តើអាចហៅបានទេថាការចូលរួមដង្ហែរគណៈបក្សជាការដើមតាមគន្លងនៃព្រះពុទ្ធជាម្ចាស់?
វប្បធម៌របស់ព្រះពុទ្ធសាសនាគឺការដើរធម្មយាត្រាដើម្បីប្រកាសនយោបាយសន្ដិភាព ដល់អស់មនុស្សបានយល់ដឹង នឹងនាំយកនូវគោលនយោបាយសន្ដិភាពនេះមកអនុវត្ដអោយកើត ប្រយោជន៍ដល់ខ្លួនឯងនិងសង្គម។ ហើយម្យ៉ាងទៀតសោត វប្បធម៌នេះបានបង្ហាញផងដែរអំពីការផ្សព្វផ្សាយសាសនា ឬអាចហៅបានថា«សាសនាផ្សារភ្ជាប់នឹងសង្គម»។
ផ្ទុយទៅវិញ ការដើរក្បួនដង្ហែរគណៈបក្ស ដើម្បីប្រកាសនិងបង្ហាញអំពីគោលនយោបាយ ដើម្បីបានសំលេងការគាំទ្រអំពីសំណាក់ប្រជាជនតាមលក្ខណៈប្រជាធិបតេយ្យ។ តើព្រះសង្ឃចាំបាច់ចូលរួមទេ? រវាងធម៌វិន័យនិងសិទ្ធិជាជម្រើសសម្រាប់ព្រះ សង្ឃ និងអ្នកគាំទ្រព្រះសង្ឃអោយចូលរួម។ ទោះជាយ៉ាងណាក៏ដោយរាល់ការចូលរួម ព្រះសង្ឃ នឹងបាត់បង់នូវការសង្រួមឥន្ទ្រីយ៍ ហើយអកុសលមូលទាំងឡាយនឹងកើតមានឡើង មិនត្រឹមតែប៉ុណ្ណោះអគតិបានកើតឡើងព្រម ៗ គ្នាផងដែរ។
នេះជាចំនុចមួយ ដែលមានចរន្ដញ័រ ហើយពិបាកនឹងរេរាំង ឬទប់ស្កាត់ ព្រោះគ្រប់ ចនលាតែងតែមានផលប៉ះទង្គិច គ្រាន់តែតិចនិងច្រើនប៉ុណ្ណោះ។ សំនួរសួរបន្ដទៀតថា តើព្រះសង្ឃគួរនៅស្ងៀមនឹងចលនាសង្គមនយោបាយទេ? យើងនឹងធ្វើការវិភាគនៅពេលក្រោយចំពោះបញ្ហានេះ។
២.ចលនាក្នុងពេលបោះឆ្នោត
ក្នុងពេលបោះឆ្នោត តាមការសង្កេត និងការសន្ទនាបានឃើញថា ព្រះសង្ឃ មានសេចក្ដីសោមនស្សរីករាយក្នុងពេលចូលរួមបោះឆ្នោតនាថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ ២០១៣។ ព្រះសង្ឃមួយចំនួនបានធ្វើដំណើរទៅកាន់ស្រុកកំណើររបស់ខ្លួនដើម្បីប្រើសិទ្ធរបស់គេ តែមួយចំនួនខកចិត្ដមិនអាចប្រើសិទ្ធិរបស់គេព្រោះតែពុំមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ព្រះសង្ឃដែលខកចិត្ដពុំបានប្រើសិទ្ធក្នុងការបោះឆ្នោត មានសេចក្ដីសោកស្ដាយ មិនត្រឹមតែប៉ុណ្ណោះ បានរអ៊ូមិនពេញចិត្ដនឹងការរៀបចំរបស់គណៈកម្មការជាតិរៀបចំបោះឆ្នោត។ មួយចំនួន បានបង្ករអោយមានរឿងអាស្រូវកើតឡើងដូចករណីក្នុងសាលាបឋមសិក្សាស្ទឹងមានជ័យ ខ័ណ្ទមានជ័យ រាជធានីភ្នំពេញ។ ចំណែកព្រះសង្ឃក្នុងខេត្ដសៀមរាប និងបាត់ដំបង វិញ បានត្រឹមតែខ្សិបខ្សៀវគ្នាថាត្រូវតែ«ប្ដូរ» នោះមានន័យថា គេបានផ្ដល់សញ្ញាក្នុងការសម្រេចចិត្ដរួមគ្នា ហើយជ្រើសរើសយកនូវគណៈបក្សដែលខ្លួនពេញចិត្ដ។
ព្រះសង្ឃក្នុងខេត្ដសៀមរាប ហាក់ដូចជាមានសេចក្ដីចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះហេតុការណ៍កើតឡើងក្នុងថ្ងៃបោះឆ្នោត ជាពិសេសចំនុចទាំងឡាយរួមមានៈ
១.ការបន្លំឈ្មោះបោះឆ្នោត
២.ជនបរទេសចូលមកបោះឆ្នោត
៣.បាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត
៤.ទឹកថ្នាំសម្រាប់ផ្ដិតម្រាមដៃអាចលាងបានក្នុងរយះពេលមិនដល់ប្រាំនាទី។
ទោះជាយ៉ាងណាក៏ដោយ ចលនាតាមវត្ដនីមួយ ៗ ហាក់ដូចជាស្ងាត់ ទៅវិញ ពុំមានព្រឹត្ដិកម្មអ្វីគួរអោយកត់សំគាល់ ក្រៅពីសង្ងំស្ដាប់សំលេងការប្រកាស់លទ្ធផលបណ្ដោះអាសន្នតាមវិទ្យុ និងទូរទស្សន៍។
៣.ក្រោយពីបោះឆ្នោត
ការិយាល័យបោះឆ្នោតមួយចំនួនត្រូវបានប្រកាសលទ្ធផលការបោះឆ្នោត តាមការកំណត់របសគណៈកម្មការជាតិរៀបចំបោះឆ្នោត។ ព្រះសង្ឃទាំងក្នុងខេត្ដសៀមរាប និងខេត្ដបាត់ ក៏ដូចជាព្រះសង្ឃទូទាំងប្រទេស ហាក់បីដូចជាមានភាពរសាំរសុះ ។ មួយចំនួនចូលមើលលទ្ធផលនិងការបញ្ចេញយោបល់តាមបណ្ដាញហ្វេសប៊ុក មួយចំនួនទៀតប្រើទូរស័ព្ទសួររកគ្នា ខ្លះទៀត ចាំស្ដាប់ការប្រកាសតាមវិទ្យុអាស៊ីសេរី។
ព្រះសង្ឃក្នុងក្រុងសៀមរាប បានឈរមើលគណៈកម្មការរាប់សន្លឹកឆ្នោតដោយសេចក្ដីចាប់អារម្មណ៍ខ្លាំងបំផុត មួយចំនួនបានបញ្ចេញសំលេងអប់អរនូវគណៈបក្សដែលខ្លួនបានពេញ ចិត្ដទទួលនូវសំលេងពីប្រជាពលរដ្ឋ។
ក្រោយពីរាប់សន្លឹកឆ្នោត តាមពាក្យសំដីរបស់ព្រះសង្ឃមួយចំនួន បានដឹងថា គណ់ៈបក្សលេខប្រាំពីរទទួលសន្លឹកឆ្នោតច្រើន ហើយនឹងឈ្នះក្នុងអាណ័ត្ដិនេះ តែត្រូវខកចិត្ដ ព្រោះលទ្ធផលត្រូវផ្សាយជាបណ្ដោះអាសន្នពីសំណាក់ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់មន្ដ្រីជាន់ខ្ពស់មួយ រូបថាគណៈបក្សប្រជាជនកម្ពុជាបានទទួលសំលេង ៦៨ អាសនៈ ចំណែកសង្គ្រោះជាតិបានត្រឹម តែ ៥៥ អាសនៈ។
លទ្ធផលមិនជាផ្លូវការនេះ ធ្វើអោយចលនាព្រះសង្ឃបានកើតឡើងជាថ្មី នោះគឺព្រះសង្ឃមួយចំនួនត្រូវបានចេញទៅក្រៅវត្ដដើម្បីពិភាក្សាគ្នារាល់ជុំវិញការបោះឆ្នោត និងលទ្ធផលបោះឆ្នោត។ មួយចំនួនបានបញ្ចេញយោបល់ទាក់ទងនឹងការបង្កើតរដ្ឋាភិបាលចំរុះ ដោយបែងចែកតំណែងរដ្ឋមន្ដ្រី និងតំណែងផ្សេង ៗ ទៀត។ មួយចំនួនបានបញ្ចេញ យោបល់ ទាក់ទងនឹងការសរសេររបាយការណ៍ជួនថ្នាក់លើអោយដឹងអំពីវត្ដមានព្រះសង្ឃក្នុងការបោះ ឆ្នោត ចំណែកមួយចំនួនទៀត ត្រូវទទួលគំនាបអោយស្រង់ឈ្មោះព្រះសង្ឃដែលបោះឆ្នោតអោយ គណៈបក្សរបស់ខ្លួន និងគណៈបក្សផ្សេងទៀត។
ចំនុចត្រង់នេះ ធ្វើអោយព្រះសង្ឃមួយចំនួនបានព្យាករណ៍ទុកថា «តទៅអនាគត ការអនុញ្ញាតិអោយព្រះសង្ឃចូលរួមប្រើសិទ្ធបោះឆ្នោត នឹងមិនមាន» ព្រោះព្រះសង្ឃវ័យក្មេងមាន ជំរើសរបស់ខ្លួនហើយ។
៤.ព្រះសង្ឃគួរនឹងមិនគួរចូលរួមបោះឆ្នោត
ចំនុចពីរមានទំងំរៀងខ្លួន ។ទស្សនទាននានាបានផ្ដល់យោបល់ថា«ព្រះសង្ឃគួរ» ព្រោះអាស្រ័យច្បាប់រដ្ឋធម្មនុញ្ញដែលបានចែងថា«ប្រជាជនខ្មែរទាំងពីរភេទមានសិទ្ធិស្មើរគ្នា»។ អ្នកខ្លះថា ព្រះសង្ឃក៍ជាមនុស្សដូចជាប្រជាជនទូទៅដែរ ត្រូវប្រើសិទ្ធរបស់ខ្លួនក្នុងនាមជាប្រជាពលរដ្ខ។អ្នកខ្លះថា ព្រះសង្ឃមិនគួរនឹងចូលរួមទេ គួរជាកណ្ដាល មិនប្រកាន់បក្សនិយម គួរដើរតាម គោលនយោបាយ(ធម៌វិន័យ)របស់សាសនា។
ក្នុងចំនុចនេះ យើងអាចវាយតំលៃថា៖
១. ព្រះសង្ឃក្នុងនាមប្រជាពលរដ្ឋក្នុងប្រទេសត្រូវតែប្រើសិទ្ធរបស់ខ្លួន។
២. ព្រះសង្ឃត្រូវប្រកាន់ខ្ជាប់តាមធម៌វិន័យ គឺជាកណ្ដាល មិនលំអៀង បក្សនិយម ។
នេះជាបញ្ហាស្មុគស្មាញពីរក្នុងពេលតែមួយ ហើយត្រូវអោយសម្រេចចិត្ដកាន់យកតែម្ខាង។
បញ្ហាបែបនេះ ពុំមែនទើបតែកើតឡើងទេ តាមពិតបានកើតឡើងហើយក្នុងសម័យពុទ្ធកាល ដូចក្នុងករណីការវិវាទគ្នារវាងព្រះសង្ឃ ចលនារបស់ភិក្ខុទេវត្ដ និងការឈ្លោះគ្នារវាងព្រះញាតិរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។
ចលនាទាំងនេះ សុទ្ធនាំមកនូវផលប៉ះទង្គិចយ៉ាងខ្លាំងដល់សង្គម និងសាសនា។ តែទីបំផុត ព្រះពុទ្ធជាម្ចាស់បានសម្រេចចិត្ដជ្រើសរើសផ្លូវកណ្ដាលក្នុងការដោះស្រាយបញ្ហា ទាំងនេះ ដោយសន្ដិវិធីបំផុត។
គោលនយោបាយដោះស្រាយរបស់ព្រះពុទ្ធជាម្ចាស់ផ្អែកទៅលើចំនុច ៣ យ៉ាង គឺ
១ អោយសិទ្ធិស្មើរគ្នា មិនប្រកាន់បក្សពួក តែមានសេចក្ដីសុចរិត ស្មោះត្រង់ បង្ហាញ នូវឆន្ទះនិងសមត្ថភាពរបស់ខ្លួន ចំនុចនេះ ហៅថា «សីល»។
២. ត្រូវមានចិត្ដអំណត់អត់ធន់ មានភាពសុក្រិត ចិត្ដនឹងថ្កល់មិនលំអៀងព្រោះអគតិ ណាមួយ ចិត្ដឆ្ពោះទៅរកសេចក្ដីបរិសុទ្ធ ចំនុចនេះហៅថា«សមាធិ»។
៣. រាល់បញ្ហាកើតឡើង ត្រូវមានសុភវិនិច្ឆ័យ ,ហេតុផលច្បាស់លាស់ ចំនុចនេះហៅថា «បញ្ញា»។
ម្យ៉ាងទៀត រាល់ការសម្រេចចិត្ដរបស់ព្រះអង្គ ឈរលើចំនុចសំខាន់ ៗ ដូចជា៖
១.ដើម្បីប្រយោជន៍សុខដល់សព្វសត្វទាំងបច្ចុប្បន្ននិងអនាគត
២.ដើម្បីប្រយោជន៍សុខដល់ព្រះញាតិ
៣.ទ្រង់បំពេញប្រយោជន៍តាមតួនាទីរបស់ព្រះអង្គ។
ការសម្រេចចិត្ដខាងលើ បើផ្អៀងទៅលើចំនុចណាមួយហើយនោះ ផលប៉ះទង្គិចនឹងកើតឡើងជាមិនខាន ហើយចលនាផ្សេងនឹងកើតតាមមានដែរ។
តើព្រះសង្ឃគួរមានជំរើសបែបណា គួរដើរតាមអណាចក្រ ឬពុទ្ធចក្រ?
ការសម្រេចចិត្ដរបស់ព្រះសង្ឃគួរឈរលើផ្លូវកណ្ដាល មិនប្រកាន់បក្សពួកនិយម ហើយ តួនាទីសំខាន់របស់ព្រះសង្ឃគឺផ្ដល់សតិនិងបញ្ញាដល់បរិស័ទ្ធរបស់ខ្លួនអោយស្គាល់អំពី តំលៃជីវិតរស់នៅ ដែលប្រាសចាកការប្រើអំពើហិង្សា ផ្សព្វផ្សាយនូវមេត្ដាធម៌និងសន្ដិភាពអោយកើតមានក្នុងសង្គម។
ដូច្នេះ និមិត្ដរូបព្រះសង្ឃបានបញ្ជាក់អោយឃើញច្បាស់ហើយថា«ជាកណ្ដាល» «សាមគ្គី»«សតិនិងបញ្ញា» មិនត្រឹមតែប៉ុណ្ណោះក្នុងបារចនាជាតិថា«ជាតិ សាសនា ព្រះមហាក្សត្រ»។
សាសនានៅចំនុចកណ្ដាលរវាង «ជាតិ» និង«សាសនា»។ ដូច្នេះ មិនចាំបាច់លើកយកហេតុផលផ្សេងមកអធិប្បាយ ព្រោះហេតុផលតែប៉ុណ្ណេះក៏គ្រប់គ្រាន់ណាស់ទៅហើយ។
No comments:
Post a Comment