Sunday, October 13, 2013

ត្រៃលក្ខណ៍​ ឬ​ លក្ខណៈ​ ៣​យ៉ាង​នៃ​ធម្មជាតិ​

ត្រៃលក្ខណ៍​ ឬ​ លក្ខណៈ​ ៣​យ៉ាង​នៃ​ធម្មជាតិ​
អ្វី​ទាំងអស់​ក្នុង​លោក ភាវៈក្ដី​ ធម្មជាតិ​ក្ដី លោភៈក្ដី​ មនុស្សសត្វក្ដី​ សុទ្ធ​តែ​ឋិត​នៅ​ក្នុង​លក្ខណៈ​៣​យ៉ាង​គឺៈ
១-អនិច្ចំ​ មិន​ទៀងទាត់​មិន​ឋិតឋេរ​។
២-ទុក្ខំ​ ជា​ទុក្ខលំបាក​វេទនា ពិបាក​នឹង​ទ្រាំទ្រ​។
៣-អនត្តា​ ពុំ​ស្ដាប់​បង្គាប់​ មិន​មែន​ជា​របស់​ខ្លួន​គ្មាន​អត្តៈ​។
ភាវៈ​ទាំងអស់​កើតឡើង​ឯង តាម​ធម្មជាតិ​ ចាប់​តាំង​អំពី​រូបធាតុ​តូចៗ​ល្អិត ដែលជា​បរមាណុធាតុ​ ផ្ដុំផ្សំគ្នា​ ជា​សង្ខតៈ​ បង្កបង្កើត​ ជា​ធាតុ​ ដី​ ទឹក​ ភ្លើង​ ខ្យល់​ អស់កាលយូរ​។ ធាតុ​ទាំងនេះ​ ផ្ដុំផ្សំផ្គុំគ្នាជា​ សង្ខតធាតុ​ ក៏​បង្កើត​បានជា​រុក្ខជាតិ​ ជាសត្វ​ ជាមនុស្ស​ ជាទេវតា​ ជា​ដើម​។ ភាវៈ​ ទាំងអស់​ កើត​មាន​ឡើង​ ដោយ​សារ​ទំនាក់ទំនង​នៃ​សង្ខតធាតុ​ ហើយ​បាន​ ទៅ​ជា​សង្ខារ​។
ឯនិព្វាន​ ជា​ទី​រលត់ទុក្ខ​ ផុតទុក្ខ​ ប្រាចាក​សង្ខារ​ការ​តាក់តែង​ មាន​តែ​សេចក្ដីសុខ​ដ៏​បរិសុទ្ធ​។ កាល​បើ​គ្មាន​សង្ខារ​ តាក់តែង​, ព្រះនិព្វាន​ ក៏​គ្មាន​រូប​ កាល​បើ​គ្មាន​រូប ព្រះនិព្វាន​ក៏​ឋិត​នៅ​ក្រៅ​អំណាច​ ច្បាប់​ធម្មជាតិ​ ដែល​ជា​ត្រៃលក្ខណ៍​។ បាន​សេចក្ដីថា​ ព្រះនិព្វាន​ គ្មាន​ការកើត​ ចាស់​ ឈឺ​ ស្លាប់​ គ្មានទុក្ខ​ ផុត​ចាក​ទុក្ខ​ទាំងពួង មាន​តែ​និរាមិសសុខ​ ជា​បរមសុខ​តែ​ម៉្យាង​។
គ-សុខៈ​ Le Bonheur:​
សុខៈ​សេចក្ដី​សុខ​សប្បាយ​រីករាយ​ ត្រជាក់ចិត្ត​ ស្រួលកាយ​ មាន​២​យ៉ាង​គឺៈ
១-លោកិយសុខ​ សុខ​ក្នុង​លោកិយ​ លាយឡំ​ដោយទុក្ខ​។
២-បរមសុខ​ សុខ​ដ៏​បរិសុទ្ធ​ ដ៏ប្រសើរ​ គ្មាន​លាយឡំ​ដោយ​ទុក្ខ​គឺ​ព្រះនិព្វាន​។
សេចក្ដីសុខ​ ទាំងពីរ​ប្រភេទ​នេះ តែងតែ​កើត​មាន​ឡើង​ដោយ​ឥទ្ធិពល​នៃ​ការ​កសាង​សន្សំ​ ធ្វើបុណ្យ​ ធ្វើល្អ​ ខំប្រឹង​ព្យាយាម​ស្វែងរក​បន្តិច​ម្ដងៗ នៃ​មនុស្ស​ សត្វ​រាល់រូប​។ ឯ​គោល​បំណង​ធំបំផុត​ នៃ​ពុទ្ធលទ្ធិ​ គឺ​ការ​រលាស់​ខ្លួន​ចេញ​ឲ្យ​ផុត​អំពី​ទុក្ខ ក្នុង​សង្សារវដ្ត​ ហើយ​បាញ់​ឆ្ពោះ​ទៅ​រក​បរមសុខ​គឺ​ព្រះនិព្វាន​។ ដើម្បី​នឹង​បានសម្រេច​បរមសុខ​ មនុស្ស​ត្រូវ​ដើរ​តាម​មាគ៌ា មជ្ឈិមាបដិបទា​ ៨​ប្រការ​គឺៈ
-សម្មាទិដ្ឋិ​ យល់​ក្នុង​ផ្លូវ​ត្រូវ​(យល់ត្រូវ)​
-សម្មាសង្កប្បៈ​ ត្រិះរិះ​ក្នុង​ផ្លូវ​ត្រូវ​(ត្រិះរិះត្រូវ)​
-សម្មាវាចា​ និយាយ​ក្នុង​ផ្លូវ​ត្រូវ​(និយាយត្រូវ)​
-សម្មាកម្មន្ដៈ​ ប្រកប​ការងារ​ក្នុង​ផ្លូវ​ត្រូវ​(ការងារត្រូវ)​
-សម្មាជីវៈ​ ចិញ្ចឹមជីវិត​ក្នុង​ផ្លូវ​ត្រូវ​(ចិញ្ចឹមជីវិតត្រូវ)​
-សម្មាវាយាមៈ​ ព្យាយាម​ក្នុង​ផ្លូវ​ត្រូវ​(ព្យាយាម​ត្រូវ)​
-សម្មាសតិ​ ភ្ញាក់រឭក​ក្នុង​ផ្លូវ​ត្រូវ​(រលឹកត្រូវ)​
-សម្មាសមាធិ​ តម្កល់​ចិត្ត​ក្នុង​ផ្លូវ​ត្រូវ​(តម្កល់ចិត្តត្រូវ)​
ដែល​រួម​ បាន​ដល់ សីល​ សមាធិ​ បញ្ញា​។
កម្ម​ Action​
កម្ម​ គឺ​ អំពើ​ កិច្ចការ​ ការងារ​ ដែល​បុគ្គល​មួយ​រូបៗ បាន​ធ្វើ​ បាន​ប្រព្រឹត្ត​ ដោយ​កាយ​ វាចា​ ចិត្ត​។
កម្ម​នេះ​មាន​ពីរយ៉ាង​គឺៈ
១-កម្មល្អ​ អំពើ​ល្អ​ គឺ​ កុសលកម្ម​ បុណ្យ​។
២-កម្មអាក្រក់​ អំពើ​អាក្រក់​ គឺ​ បាបកម្ម​ បាប​។
កម្មទាំងពីរ​យ៉ាង​ តែង​កើត​មាន​ឡើង​គ្រប់​ពេលវេលា​ដោយ​សារ​ការ​ប្រព្រឹត្តិ ការធ្វើ​ របស់​មនុស្ស​ម្នាក់ៗ​ពោល​គឺ​ មនុស្ស​ជាអ្នក​កសាង​កម្មនេះ​ដោយ​ខ្លួន​ឯង ហើយ​ត្រូវ​ទទួល​យក​ខ្លួន​ឯង​នូវ​ផល​នៃ​កម្ម​នេះ​។ កម្មទាំងពីរ​នេះ​អាច​ផ្ដល់​ផល​ជា​២​បែប​គឺៈ
១-ផល​កើត​ចេញ​អំពី​កម្ម ក្នុង​បច្ចុប្បន្ន​ជាតិ​នេះ​។
២-ផល​កើត​ចេញ​មក​អំពី​កម្ម​ ក្នុង​អតីតជាតិ​។
កម្ម​ខ្លះ​ អំពើ​ខ្លះ​ រមែង​ផ្ដល់​ផល​ ហុច​ផល​ភ្លាមៗ​ក្នុង​បច្ចុប្បន្ន​។ កម្មខ្លះ​ អំពើខ្លះ​ រមែង​ហុចផល​ ឲ្យ​អ្នក​ធ្វើ អ្នក​ប្រព្រឹត្ត​ នៅ​ពេល​ខាង​ក្រោយ​ដ៏យូរ​ ឬ​ ក្នុង​អនាគត​។
កម្មនេះ​ ជា​សម្បត្តិ​ផ្ទាល់​របស់​មនុស្ស​ម្នាក់ៗ​។ កម្មនេះ​តែង​ចែក​មនុស្ស​សត្វ ឲ្យ​ខ្ពស់ទាប​ ល្អ​ អាក្រក់​ ស​ ខ្មៅ​ តម្រូវ​តាម​ការ​កសាង​ ឬ​ អំពើ​របស់​មនុស្ស​ម្នាក់ៗ​។ គេ​សាប​ព្រួស​បណ្ដុះ​ពូជបែប​ណា រមែង​ទទួល​ផល​បែប​នោះ​។ អ្នកធ្វើ​អំពើ​ល្អ កម្មល្អ​ រមែង​ទទួល​ផល​ល្អ ផលបុណ្យ​។ ឯ​អ្នក​ធ្វើ​អំពើ​អាក្រក់​ រមែង​ទទួល​ផលអាក្រក់​ គឺ​ផលបាប​។ ធ្វើល្អ​ បានល្អ​ ធ្វើអាក្រក់​បាន​អាក្រក់​។ កម្មស​ ឲ្យផល​ស​ កម្មខ្មៅឲ្យ​ផល​ខ្មៅ​។ ខ្លួន​ទីពឹង​ខ្លួន​ សេចក្ដី​បរិសុទ្ធិ​ និង​មិន​បរិសុទ្ធិ ស្រេច​តែ​ខ្លួន​ឯង​ គ្មាន​អ្នក​ដទៃណា​ មក​សាង​ឬ​ទទួល​ជំនួស​ខ្លួន​ឡើយ​។ កម្មស​ អំពើល្អ​ ផ្ដល់​ផល​ឲ្យ​បាន​សុខ​សប្បាយ​។ កម្មខ្មៅ​ អំពើ​អាក្រក់​ ផ្ដល់ផល​ឲ្យ​បាន​ទុក្ខលំបាក​វេទនា​។
ហេតុនេះ​ ដើម្បី​ឲ្យ​បាន​សេចក្ដីសុខ​សប្បាយ​រីករាយ​មាន​ជោគជ័យ​ និង​សុភមង្គល​ គប្បី​នាំគ្នា​ខំសាង​ ខំធ្វើ​អំពើ​ល្អ​ អំពើបុណ្យ​ ឲ្យ​បាន​ច្រើន​ ព្រោះ​អំពើ​ល្អ​នេះ​ជា​ពូជ សម្រាប់​ឆ្នៃ​រចនា​យើង​ម្នាក់ៗ ឲ្យ​បាន​ខ្ពង់ខ្ពស់​ ថ្លៃថ្នូរ​ សុខសប្បាយ​គ្រប់ពេល​វេលា​តាំង អំពី​បច្ចុប្បន្ន​ រហូត​ដល់​អនាគត​៕
ដកស្រង់ចេញពីសៀវភៅ ​សិក្សាវប្បធម៌​ អរិយធម៌​ខ្មែរ​-ឥណ្ឌា​
សម្រាប់ថ្នាក់​ទីបញ្ចប់​ និង ​ថ្នាក់ត្រៀមឧត្ដមសិក្សា​
និពន្ធដោយ​ លោក ទាវ ឆៃសុក ​សាស្ត្រចារ្យបរិញ្ញា ​វិទ្យាល័យ ទួលគោក

No comments: