ព្រះសម្ពុទ្ធបរិនិព្វានកន្លងទៅមួយសតវត្សហើយ
។ កាលនោះ មានភិក្ខុមួយក្រុម នៅក្នុងដែលវជ្ជី ជាអ្នកល្មោភលាភសក្ការៈ
បានបញ្ញត្តនូវវត្ថុ ១០ ប្រការ ដែលផ្ទុយនឹងពុទ្ធប្បញ្ញត្ត ។
ឯព្រះបាទកាលាសោក ក៏ជឿតាមពាក្យបញ្ចុះបញ្ចូលរបស់ពួកភិក្ខុទាំងនោះដែរ ។
វត្ថុ
១០ ប្រការនោះ គឺ :
១- កប្បតិ
សិង្គិលោណកប្បោ ..... វិនយប្បញ្ញត្តក្នុងសន្និធិការកសិក្ខាបទ
ក្នុងសុត្តវិភង្គថា «របស់ជាយាវកាលិក (របស់ដែលភិក្ខុអាចទទួលឆាន់បានត្រឹមតែពីពេលអរុណរះ
រហូតដល់ពេលថ្ងៃត្រង់ប៉ុណ្ណោះ) បើភិក្ខុបានទទួលប្រគេន
ហើយទុកដាក់អោយកន្លងរាត្រីយកមកឆាន់ ត្រូវអាបត្តុបាចិត្តិយៈ» ។
ពួកវជ្ជីបុត្តកភិក្ខុ សំដែងឡើងថា « អំបិលដែលដាក់ក្នុងក្លាក់ស្នែង
បើទុកអោយកន្លងរាត្រី ហើយយកមកឆាន់ជាមួយនឹងអាហារបិណ្ឌបាតដែលសាបបាន
មិនត្រូវអាបត្តិឡើយ ។
២- កប្បតិ
ទ្វង្គុលកប្បោ ..... វិនយប្បញ្ញត្តិក្នុងវិកាលភោជនសិក្ខាបទ
ក្នុងសុត្តវិភង្គថា «ភិក្ខុឆាន់របស់ជាយាវកាលិក ក្នុងវេលាវិកាល (ក្រៅពីពេលអរុណរះដល់ពេលថ្ងៃត្រង់) ត្រូវអាបត្តិបាចិត្តិយៈ» ។
ពួកវិជ្ជីបុត្តកភិក្ខុសំដែងឡើងថា «បើព្រះអាទិត្យជ្រេរពីត្រង់ទៅហើយប្រមាណពីរធ្នាប់
ក៏ភិក្ខុគួរឆាប់របស់ជាយាវកាលិកបាន មិនត្រូវអាបត្តិឡើយ» ។
៣- កប្បតិ
គាមន្តរកប្បោ ..... វិនយប្បញ្ញត្តិក្នុងបឋមវារណាសិក្ខាបទ
ក្នុងសុត្តវិភង្គថា «ភិក្ខុហាមភោជន
ហើយក្រោកចាកទីនោះទៅឆាន់អនតិរិត្តភោជន
(ភោជនដែលមិនទាន់ធ្វើវិនយកម្ម
គឺភោជនដែលមិនទាន់ធ្វើឱ្យទៅជារបស់គួរជាមុនសិន
ដូចជារបស់ដែលមានគ្រាប់អាចដុះបានជាដើម) ត្រូវអាបត្តិបាចិត្តិយៈ» ។
ពួកវជ្ជីបុត្តភិក្ខុ សំដែងឡើងថា «បើភិក្ខុគិតថាអញនឹងចូលទៅកាន់ស្រុកដូច្នេះ
ក៏ត្រូវឆាន់អនតិរិត្តភោជនបាន មិនត្រូវអាបត្តិឡើយ» ។
៤- កប្បតិ
អាវាសកប្បោ ..... វិនយប្បញ្ញត្តិក្នុងឧបោសថក្ខន្ធកៈទី ២ ក្នុខន្ធកវិន័យថា
«ទីអាវាសដែលនៅក្នុងសីមាជាមួយគ្នា
ភិក្ខុនឹងសង្ឃកម្មទាំងពួង មានឧបោសថកម្មជាដើមផ្សេងគ្នាមិនគួរ
បើធ្វើដូច្នេះ ត្រូវអាបត្តិទុក្កដ, កម្មដែលធ្វើនោះសោត
ក៏មិនមែនជាសង្ឃកម្មឡើយ» ។ ពួកវជ្ជីបុត្រកភិក្ខុសំដែងឡើងថា «ត្រូវធ្វើបាន
ឥតមានទាស់ឡើយ» ។
៥- កប្បតិ
អនុមតិកប្បោ ..... វិនយប្បញ្ញត្តិក្នុងចម្បេយ្យក្ខន្ធកៈទី ៩
ក្នុងខន្ធកវិន័យថា «ភិក្ខុនឹងធញវើសង្ឃកម្មទាំងពួង
ត្រូវប្រជុំភិក្ខុដែលមាននៅក្នុងសីមាជាមួយគ្នា
អោយមកប្រជុំព្រមជាប់ហត្ថបាសគ្នា ឬ បាននាំឆន្ទៈបរិសុទ្ធ
(គឺនាំដំណឹងភិក្ខុដែលមានធុរៈមិនបានចូលមកប្រជុំ) នៃភិក្ខុដែលមានកិច្ចធុរៈ
មិនបានមកកាន់ហត្ថបាសនោះ ទើបធ្វើបាន, បើមិនធ្វើដូច្នេះ
ហៅថា ធ្វើកម្មជាពួកត្រូវអាបត្តិទុក្កដ, កម្មដែលធ្វើនោះសោត
ក៏មិនមែនជាសង្ឃកម្មឡើយ» ។ ពួកវជ្ជីបុត្តកភិក្ខុ សំដែងឡើងថា «មិនចាំបាច់មកជួបជុំគ្នាដូច្នោះទេ
បើមកដល់មុន នឹងធ្វើសង្ឃកម្មមុនបណ្ដើរទៅក៏បាន ឥតមានទាស់ឡើយ» ។
៦- កប្បតិ
អាចិណ្ណកប្បោ ..... ព្រះធម៌វិន័យពុទ្ធសាសនាមានរបៀបរៀបរៀងជាខ្នាត
ជាបន្ទាត់ កំណត់ទុកមកថា នេះខុស នេះត្រូវ រួចជាស្រេចហើយ, សេចក្ដីប្រតិបត្តិជាចរិតរបស់ឧបជ្ឈាយ៍
អាចារ្យត ៗ មក បើត្រូវសមតាមរបៀបធម៌វិន័យនោះ
ទើបអោយសិស្សានុសិស្សទាំងពួងប្រតិបត្តិតាម, បើមិនត្រូវ
មិនសមទេនោះ សិស្សានុសិស្សទាំងពួង មិនត្រូវប្រតិបត្តិតាមឡើង ។
ពួកវជ្ជីបុត្តកភិក្ខុសំដែងឡើងថា «សេចក្ដីប្រតិបត្តិជាចរិតទំនៀមទម្លាប់របស់ឧបជ្ឈាយ៍
អាចារ្យ ទោះខុសក្ដី ត្រូវក្ដី សិស្សានុសិស្សទាំងពួង ត្រូវប្រតិបត្តិតាមបាន
ឥតមានទាស់ឡើយ» ។
៧- កប្បតិ
អមថិតកប្បោ ..... ទឹកដោះស្រស់ដែលប្រែចាកភាពដើមហើយ
នៅតែមិនទាន់ក្លាយទៅជាទធិ (ទឹកដោះជូរ, ទឹកដោះជូរឡើងពពុះ)
មានវិនយប្បញ្ញត្តិថា «ភិក្ខុហាមភោជនហើយក្រោកចាកទីនោះ
ហើយឆាន់ទឹកដោះជាអនតិរិត្តនោះ ត្រូវអាបត្តិបាចិត្តិយៈ
(តាមន័យក្នុងបឋមបវារណាសិក្ខាបទ)» ។
ពួកវជ្ជីបុត្តកភិក្ខុសំដែងឡើងថា «ឆាន់បាន
មិនត្រូវអាបត្តិឡើយ» ។
៨- កប្បតិ
ជលោគី បាតុំ ..... តរុណសុរា
គឺសុរាដែលគេដាក់គ្រឿងស្រវឹងផ្សំត្រាំជាមួយគ្នាហើយ តែនៅខ្សោយ
មិនទាន់ពេញជាទឹកស្រវឹងនៅឡើយ, បើភិក្ខុផឹក ត្រូវអាបត្តិបាចិត្តិយៈ
(តាមន័យក្នុងសុរាបានសិក្ខាបទ ក្នុងសុត្តវិភង្គ) ។
ពួកវជ្ជីបុត្តកភិក្ខុសំដែងឡើងថា «តរុណសុរានោះ
ភិក្ខុផឹកបាន មិនត្រូវអាបត្តិឡើយ» ។
៩- កប្បតិ
អទសភំ និសីទនំ ..... វិនយប្បញ្ញត្តិក្នុងនិសីទនសិក្ខាបទ
ក្នុងសុត្តវិភង្គថា «ភិក្ខុនឹងធ្វើសំពត់និសីទនៈ (សំពត់សំរាប់ភិក្ខុក្រាលអង្គុយ)
ត្រូវធ្វើអោយមានជាយ, បើមិនធ្វើដូច្នេះទេ ត្រូវអាបត្តិបាចិត្តិយៈ» ។
ពួកវជ្ជីបុត្តកភិក្ខុសំដែងឡើងថា «មិនបាច់ធ្វើអោយមានជាយ
ក៏អាចប្រើបានដែរ មិនត្រូវអាបត្តិឡើយ» ។
១០- កប្បតិ
ជាតរូបរជតំ ..... វិនយប្បញ្ញត្តិក្នុងរូបិយសិក្ខាបទ
ក្នុងសុត្តវិភង្គថា «ភិក្ខុមិនត្រូវទទួល ឬ ត្រេកអរចំពោះមាស ឬ ប្រាក់, បើទទួល
ឬ ត្រេកអរ ត្រូវអាបត្តិបាចិត្តិយៈ» ។
តែក្នុងមេណ្ឌកប្បញ្ញត្តិ ក្នុងភេសជ្ជខន្ធកៈទី ៦ ក្នុងខន្ធកវិន័យ
មានពុទ្ធានុញ្ញាតអោយភិក្ខុត្រេកអរចំពោះបច្ច័យ ៤ ដែលកើតអំពីរូបិយៈ គឺ មាស
ឬ ប្រាក់នោះបាន ។ ពួកវជ្ជីបុត្តកភិក្ខុសំដែងឡើងថា «ភិក្ខុគួរទទួល
ទាំងគួរត្រេកអរចំពោះមាស ឬ ប្រាក់នោះ មិនត្រូវអាបត្តិឡើយ» ។
បាតុភាពដែលលេចឡើងក្នុងរង្វង់នៃព្រះពុទ្ធសាសនានេះ
បានធ្វើអោយព្រះអរហន្តទាំងឡាយ មានការព្រួយបារម្ភចំពោះការសាបរលាបទៅ
នៃព្រះពុទ្ធឱវាទ ព្រោះនេះ ជាប្រថ្នូលអាក្រក់ដំបូង
ដែលវានឹងអាចចេះតែសាយភាយបន្តទៅទៀត ។ អាស្រ័យហេតុនេះហើយ
ទើបលោកធ្វើការតស៊ូយ៉ាងស្វិតស្វាញ ញ៉ាំងព្រះបាទកាលាលោក ដែលលុះជឿតាមការបញ្ចុះបញ្ចូលរបស់ពួកពួកវជ្ជីបុត្តកភិក្ខុនោះ
អោយយល់ការណ៍ពិត យល់នូវធម៌វិន័យរបស់ព្រះពុទ្ធអង្គវិញ
ហើយឯកភាពសំរេចព្រះទ័យរៀបចំ អោយមានជាទុតិយសង្គាយនា នោះឡើង ។
សង្គាយនាទី
២ នោះ ហៅថា «សត្តសតិកាសង្គាយនា» ក៏បាន
ព្រោះមានការកសង្ឃ ចំនួន ៧០០ អង្គ មានព្រះ រេវតត្ថេរ ជាប្រធាន
ជាអ្នកបុច្ឆាព្រះវិន័យ ព្រះសូត្រ ព្រះបរមត្ថ សត្វកាមិត្ថេរ ជាអ្នកវិសជ្ជនា, ព្រះបាទកាលាសោក
ព្រះចៅក្រុងវេសាលី ជាពុទ្ធសាសនូបត្ថម្ភក៍, ធ្វើនៅវាលុការាម
ក្រុងវេសាលី, ធ្វើ ៨ ខែ ទើបសំរេច, ក្រោយព្រះពុទ្ធបរិនិព្វានកន្លងទៅបាន
១០០ ឆ្នាំ ។
រៀបរៀងដោយ
ម៉ែន ប្រាង
* អាំ ឆន
កែសំរួលដោយ ឱម ខែម
No comments:
Post a Comment