ពាក្យឃាត់មិនឲ្យ ធ្វើការអាក្រក់
ជាការលាមក ឲ្យធ្វើល្អទៅ
។
ឲ្យដុសខាត់ចិត្ត កុំឲ្យហ្មងសៅ
នេះឯងលោកហៅ ពុទ្ធសាសនា
។
វិចារណកថាស្ដីអំពីអដ្ឋង្គិកមគ្គ
អ្នកឧកញ៉ា ទា-សាន
អតីតរដ្ឋមន្ត្រីរៀបរៀង
១- អដ្ឋង្គិកមគ្គ គឺអ្វី ?
អដ្ឋង្គិកមគ្គនោះមានអង្គ
៨ គឺៈ
១-
សម្មាទិដ្ឋិ ការយល់ឃើញត្រូវ ។
ឯការយល់ឃើញត្រូវនេះ
សំដៅការយល់ឃើញត្រូវចំពោះអរិយសច្ច ៤ ប្រការ មានទុក្ខសច្ចជាដើម
នឹងមគ្គសច្ចជាទីបំផុត ។
២-
សម្មាសង្កប្បោ ការត្រិះរិះត្រូវ ។
ឯការត្រិះរិះត្រូវនេះ
គឺសំដៅកុសលវិតក្កៈ ៣ មាននេក្ខម្មវិតក្កៈ
គឺការត្រិះរិះនឹងចេញចាកកាមជាដើម ។
៣-
សម្មាកម្មន្តោ ការធ្វើត្រូវ ។
ឯការធ្វើត្រូវនេះ
គឺសំដៅវិរតិចេតនាវៀរមិនប្រព្រឹត្តនូវកាយទុច្ចរិត ៣ ។
៤-
សម្មាវាចា ការនិយាយត្រូវ ។
ឯការនិយាយត្រូវនេះ
គឺសំដៅវិរតិចេតនាវៀរមិនពោលនូវវចីទុច្ចរិត ៤ ។
៥-
សម្មាអាជីវោ ការចិញ្ចឹមជីវិតត្រូវ
(របស់បព្វជិតពុទ្ធសាសនិក) ។
ឯការចិញ្ចឹមជីវិតត្រូវនេះ
គឺសំដៅវិរតិចេតនា វៀរមិនប្រព្រឹត្តនូវអនេសនៈ ២១ នឹងបាបធម៌ ៤
៦-
សម្មាវាយាមោ ការព្យាយាមត្រូវ ។
ឯការព្យាយាមត្រូវនេះ
គឺសំដៅបធាន ៤ មានសំវប្បធានជាដើម ។
៧-
សម្មាសតិ ការតាំងស្មារតីត្រូវ ។
ឯការតាំងស្មារតីត្រូវនេះ
គឺសំដៅសតិបដ្ឋាន ៤ មានកាយានុបស្សនាសតិបដ្ឋានជាដើម ។
៨-
សម្មាសមាធិ តាំងចិត្តឲ្យស្ងប់ត្រូវ ។
ឯការតាំងចិត្តឲ្យស្ងប់ត្រូវនេះ
គឺសំដៅការចំរើនឈាន មានការចំរើនរូបជ្ឈាន ៤ ជាដើម ។
២-
តើត្រូវចំរើនដូចម្ដេច ដើម្បីនឹងបំពេញអដ្ឋង្គិកមគ្គ គឺមគ្គប្រកបដោយអង្គ ៨
នេះ ឲ្យសម្រេចកើតមានជាក់ច្បាស់ឡើងបាន ?
ឯអដ្ឋង្គិកមគ្គ
គឺមគ្គប្រកបដោយអង្គ ៨ នេះជាភាវេតព្វធម៌ គឺធម៌ដែលយោគាវចរ
គប្បីចំរើនឲ្យសម្រេចកើតមានជាក់ច្បាស់ឡើង ។ ត្រង់នេះបានសេចក្ដីថា
យោគាវចរគប្បីចំរើនគុណធម៌ដែលជាតួនៃអង្គនីមួយ ៗ ដូចបានពណ៌នាខាងលើនេះ
ឲ្យសម្រេចកើតមានប្រាកដឡើងដូចតទៅនេះ
ដើម្បីនឹងចំរើនអង្គសម្មាទិដ្ឋិឲ្យកើតមានជាក់ច្បាស់ឡើងនោះ
យោគាវចរគប្បីលើកទុក្ខ ១២ កងមានជាតិទុក្ខជាដើម
មករំពឹងត្រិះរិះពិចារណាស្រាវជ្រាវរកហេតុបច្ច័យឲ្យរឿយ ៗ រៀងរាបដរាប
លុះត្រាតែញាណ គឺការដឹងច្បាស់ ៤ ប្រការកើតឡើងគឺ ៖
១-
ទុក្ខេញាណំ ដឹងច្បាស់នូវកងទុក្ខ
គឺដឹងច្បាស់ថាទុក្ខមានព្រោះមានខន្ធ ៥ ជាទីកើត
នឹងជាទីតាំងសម្រាប់ឲ្យទុក្ខនោះ អាចមានដំណើរប្រព្រឹត្តទៅបាន
ព្រមទាំងដឹងច្បាស់ថា
ទុក្ខនោះជាបរិញ្ញាតព្វធម៌គឺធម៌គប្បីកំណត់ទុកក្នុងចិត្តថា
ទុក្ខនេះតែងតែបៀតបៀនសត្វ ធ្វើឲ្យកើតមានសេចក្ដីឈឺចាប់
សេចក្ដីខ្លោចផ្សាក្ដៅក្រហាយគ្រប់បែបយ៉ាងគ្មានសត្វណាដែលស្ថិតនៅលើត្រៃភព
អាចគេចខ្លួនឲ្យរួចចាកទុក្ខនោះបានសោះឡើយ ។
២-
ទុក្ខសមុទយេញាណំ ដឹងច្បាស់នូវហេតុនៃកងទុក្ខ គឺដឹងច្បាស់ថា តណ្ហា ៣
ប្រការ គឺកាមតណ្ហា ១ ភវតណ្ហា ១ នឹងវិភវតណ្ហា ១ ជាហេតុនាំឲ្យខន្ធ ៥
កើតឡើងក្នុងភពថ្មីទៀត ព្រមទាំងដឹងច្បាស់ថា តណ្ហា ៣
ប្រការនោះជាបហាតព្វធម៌ គឺធម៌គប្បីលះឲ្យដាច់ស្រឡះចេញ ។
៣-
ទុក្ខនិរោធេញាណំ ដឹងច្បាស់នូវកិរិយារលត់នៃទុក្ខពោលគឺដឹងច្បាស់ថា
កិរិយារលត់នៃតណ្ហា ៣ ប្រការ ជាហេតុនាំឲ្យខន្ធ ៥ រលត់ជាលំដាប់
ប្រមទាំងដឹងច្បាស់ថា កិរិយារលត់នៃតណ្ហា ៣ ប្រការជាសច្ឆិកាតព្វធម៌
គឺធម៌គប្បីធ្វើឲ្យជាក់ច្បាស់ឡើង ។
៤-
ទុក្ខនិរោធគាមិនីបដិបទាយញាណំ ដឹងច្បាស់នូវបដិបទា ដែលអាចញ៉ាំងទុក្ខឲ្យរលត់ទៅបាន
ពោលគឺដឹងច្បាស់ថាអដ្ឋង្គិកមគ្គ ជាបដិបទាអាចធ្វើឲ្យជាក់ច្បាស់
នូវកិរិយារលត់នៃតណ្ហា ៣ ប្រការនោះបាន ព្រមទាំងដឹងច្បាស់ថា អដ្ឋង្គិកមគ្គនោះជាភាវេតព្វធម៌គឺធម៌គប្បីចំរើនសម្រេចកើតមានប្រាកដឡើង
។
នៅខណៈដែលអង្គសម្មាទិដ្ឋិកើតមានក្នុងខន្ធសន្ដាន
ដូចបានពណ៌នាខាងលើនេះបរិបូណ៌ហើយ ទើបអង្គសម្មាទិដ្ឋិនោះ
ប្រែទៅជាមគ្គុទ្ទេសក៍ដឹកនាំយោគាវចរឲ្យត្រិះរិះគិតឃើញនូវកុសលវិតក្កៈ
៣ ប្រការគឺៈ នេក្ខម្មវិតក្កៈ ត្រិះរិះចេញចាកកាម ១, អព្យាបាទវិតក្កៈ
ត្រិះរិះវៀរមិនព្យាបាទដល់អ្នកដទៃ ១, នឹងអវិហង្សាវិតក្កៈ
ត្រិះរិះវៀរមិនបៀតបៀនអ្នកដទៃ ១
ថាជាការចាំបាច់គប្បីបំពេញឲ្យសម្រេចឡើង ទើបជាហេតុអាចនាំឲ្យចំរើនអង្គឯទៀតគឺ
អង្គសម្មាកម្មន្តោ សម្មាវាចា សម្មាអាជីវោ, សម្មាវាយាមោ, សម្មាសតិ
នឹងសម្មាសមាធិ ឲ្យសម្រេចឡើងជាពិតប្រាកដបាន ។
កាលបើយោគាវចរបានត្រិះរិះគិតឃើញត្រូវដូច្នេះ
ហើយក៏ប្ដេជ្ញាចិត្តទៅសុំបព្វជ្ជាជាភិក្ខុក្នុងព្រះពុទ្ធសាសនា
ខំព្យាយាមសមាទាននូវចតុប្បារិសុទ្ធិសីល មានបាតិមោក្ខសំវរសីលជាដើម
ហើយតាំងវិរតិចេតនាវៀរមិនប្រព្រឹត្តនូវកាយទុច្ចរិត ៣ , នូវវិចីទុច្ចរិត
៤, នូវអនេសនៈ ២១ នឹងនូវបាបធម៌ ៤ ជាលំដាប់តទៅ ។
កាលបើអង្គសម្មាកម្មន្តោ
សម្មាវាចា នឹងសម្មាអាជីវោ បានសម្រេចកើតមានឡើងប្រាកដហើយ យោគាវចរបព្វជិតនោះ
ក៏តាំងចិត្តឲ្យចុះស៊ប់ក្នុងការចំរើនកម្មដ្ឋាន ដើម្បីព្យាយាម ៖
១-
បំពេញនូវបធាន ៤ មានសំវរប្បធានជាដើម ជាប្រយោជន៍ដើម្បីនឹងលះនូវឧបក្កិលេស
១៦ មានអភិជ្ឈាវិសមលោភៈជាដើម ដែលជាកិលេសធ្វើចិត្តឲ្យសៅហ្មង
នឹងដើម្បីបំពេញគុណធម៌ផ្សេង ៗ មានឥទ្ធិបាទ ៤ នឹងពល ៥ ជាដើម
ដែលមិនទាន់កើតមានក្នុងខន្ធសន្ដានឲ្យសម្រេចកើតមានឡើង
ប្រយោជន៍ដើម្បីជាកម្លាំងសម្រាប់ទ្រទ្រង់ក្នុងការចំរើនកម្មដ្ឋានផ្សេង ៗ
តទៅទៀត ។
២-
ចំរើនសតិបដ្ឋាន ៤ មានកាយានុបស្សនាសតិបដ្ឋានជាដើម
ជាប្រយោជន៍ដើម្បីនឹងលះនីវរណៈ ៥ មានកាមច្ឆន្ទៈជាដើម
ដែលជាសត្រូវនឹងសមាធិចិត្ត ឲ្យវិនាសសាបសូន្យអស់ពីខន្ធសន្ដាន ។
៣-
ចំរើនឈានមានរូបជ្ឈាន ៤ ជាដើមជាប្រយោជន៍ដើម្បីនឹងលះរាគៈ ទោសៈ
មោហៈឲ្យអស់ពីខន្ធសន្ដាន
ហើយញ៉ាំងអង្គសម្មាវាយាមោសម្មាសតិនឹងសមា្មសមាធិឲ្យសម្រេចកើតមានប្រាកដឡើងជាលំដាប់
។
ដើម្បីនឹងចំរើនឈានឲ្យសម្រេចនូវប្រយោជន៍បានជាក់ច្បាស់នោះ
ទើបអង្គសម្មាទិដ្ឋិ ដែលជាមគ្គុទ្ទេសក៍នោះ
ដឹកនាំយោគាវចរឲ្យនឹកគិតឃើញត្រូវថា គប្បីចាប់ផ្ដើមចំរើនសិណជាបឋម
ឲ្យបានសម្រេចនូវអប្បនាសមាធិជាមុនសិន
ពីព្រោះអប្បនាសមាធិនេះជាមូលដ្ឋានសម្រាប់ឲ្យឈានចិត្ត ៨
មានរូបជ្ឈានចិត្ត ៤ ជាដើមអាចកើតឡើងបានហើយពីព្រោះឈានចិត្តនីមួយ ៗ
សុទ្ធតែសម្បយុត្តដោយអង្គឯកគ្គតាគឺ អប្បនាសមាធិនោះឯង ។
កាលបើនឹកគិតឃើញដូច្នេះហើយ
ទើបយោគាវចរតាំងចិត្តព្យាយាមចំរើនសិណ, ចំរើនឈាន
នឹងចំរើនវិបស្សនាភាវនារៀងរាបដរាបលុះត្រាតែបានសម្រេចនូវអប្បនាសមាធិ
ឈានចិត្ត ៨ នឹងវិបស្សនាញាណ ១០ សមតាមគោលបំណងសព្វគ្រប់ដោយប្រការដូច្នេះឯង
។
រីឯលទ្ធផលដែលយោគាវចរ
បានបំពេញឲ្យសម្រេចកើតមានឡើងដូចបានរៀបរាប់ខាងលើនេះជាសក្ខីភាព
បញ្ជាក់សេចក្ដីឲ្យឃើញថាលោកបានចំរើនអដ្ឋង្គិកមគ្គឲ្យសម្រេចឡើងជាក់ច្បាស់ហើយ
។
ចំណែកឯគុណធម៌ដែលយោគាវចរបានចំរើន
ឲ្យសម្រេចកើតមានឡើងនោះ បណ្ឌិតលោកបែងចែកជា ៣ គំនរ ហៅថាត្រៃខន្ធគឺ
លោកយកសុចរិត ១០ នឹងសម្មាអាជីវៈធ្វើជាគំនរ ១ ហៅថា សីលខន្ធ, យកសមាធិចិត្ត
នឹងឈានចិត្ត ៨ ធ្វើជាគំនរ ១ ហៅថា សមាធិខន្ធ ហើយយកវិបស្សនា-ញាណ ១០
ធ្វើជាគំនូរ ១ ទៀត ហៅថា បញ្ញាខន្ធ ។
គឺត្រៃខន្ធនេះហើយដែលបណ្ឌិតលោក
ចាត់ទុកថាជាគ្រឿងសម្រាប់កំចាត់បង់នូវរាគាទិក្កិ-លេស
ឲ្យវិនាសសាបសូន្យអស់ខន្ធសន្ដានទៅបានជាពិតប្រាកដនោះ ។
៣-
តើត្រៃខន្ធនេះ
អាចកំចាត់នបង់នូវរាគាទិក្កិលេសឲ្យវិនាសសាបសូន្យអស់ពីខន្ធសន្ដានទៅបានដោយប្រការដូចម្ដេចទៅ
?
ចំពោះរឿងនេះ
ខ្ញុំសូមបញ្ជាក់ថា ៖
១-
សីលខន្ធដែលប្រកបដោយសុចរិត ១០ មានកាយសុចរិត ៣ ជាដើម
នឹងសម្មាអាជីវៈអាចការពារយោគាវចរឲ្យរួចផុតចាកវិតិក្កមទោសគឺកិលេសយ៉ាងគ្រោតគ្រាតទាំងឡាយបាន
។
២-
រីឯសមាធិខន្ធ ដែលមានបរិបូណ៌ដោយសមាធិចិត្ត នឹងឈានចិត្ត ៨
រមែងញាំងខន្្ធសន្ដានឲ្យរួចផុតចាករាគៈ នឹងទោសៈ
ពីព្រោះឈានចិត្តដែលសម្បយុត្តដោយអង្គឧបេក្ខា នឹងឯកគ្គតា
រមែងតែតាំងនៅជាកណ្ដាលមិនអើពើ
គឺមិនសោមនស្សមិនទោមនស្សចំពោះឥដ្ឋានិដ្ឋារម្មណ៍ ហើយរារាំងប្រឆាំងមិនឲ្យរាគៈ
ទោសៈ ចូលមកកើតក្នុងខន្ធសន្ដានបានសោះឡើយ ។
៣-
ចំណែកឯបញ្ញាខន្ធ ដែលពោរពេញទៅដោយវិបស្សនាញាណ ១០ សម្រាប់បន្ទោបង់នូវមោហៈ
នឹងសក្កាយទិដ្ឋិ ពីព្រោះវិបស្សនាញាណ
គឺញាណដែលដឹងច្បាស់នូវដំណើរនៃសង្ខារធម៌ទៅតាមការណ៍ពិតនោះ
ក៏រមែងតែប្រឆាំងរារាំងមិនឲ្យមោហៈ
នឹងសក្កាយទិដ្ឋិចូលមកកើតក្នុងខន្ធសន្ដានបានសោះ
ដែលជាហេតុធ្វើឲ្យខន្ធសន្ដាននោះរីងហួតស្ងួតផុតចាកមោហៈ សក្កាយទិដ្ឋិ
នឹងវិចិកិច្ឆាអស់ទៅបាន ។
លុះណាតែយោគាវចរបានប្រកបដោយត្រៃខន្ធនេះ
ទើបយាគាវចរអង្គនោះមានសមត្ថភាពអាចលះសំយោជនៈ ១០ ដាច់ស្រឡះ
ដើម្បីការត្រាស់ដឹងមគ្គផលនិព្វានសមដូចសេចក្ដីប្រាថ្នាទៅបាន ។
នៅទីនេះ
ខ្ញុំពុំធ្វើអត្ថាធិប្បាយអំពីការត្រាស់ដឹងមគ្គផលនិព្វានទេ
ខ្ញុំគ្រាន់តែលើកយកគោលធម៌ខ្លះមកបញ្ជាក់ ដើម្បីឲ្យងាយយល់នូវលក្ខណៈនៃការត្រាស់ដឹងនោះ
ដូចមានសេចក្ដីតទៅនេះ៖
សំយោជនៈទាំងឡាយណា
ដែលយោគាវចរលះដាច់ស្រឡះអស់ទៅហើយ សំយោជនៈទាំងឡាយនោះ
ទុកដូចជារួចផុតស្រឡះចាកខន្ធសន្ដានអស់ទៅហើយ ។
ម្យ៉ាងទៀតសំយោជនៈទាំងឡាយណា ដែលរួចផុតស្រឡះចាកខន្ធសន្ដាននោះអស់ទៅហើយ ។
បើនិយមតាមទ្រឹស្ដីខាងលើនេះ
គេអាចសន្និដ្ឋានបានថា កិរិយាលះសំយោជនៈ ១០
ដាច់ស្រឡះជាសមុដ្ឋាននៃការត្រាស់ដឹងនូវមគ្គ ៤ មានសោតាបត្តិមគ្គជាដើម
ហើយកិរិយារួចផុតស្រឡះចាកសំយោជនៈ ១០ ជាសមុដ្ឋាននៃការត្រាស់ដឹងនូវផល ៤
មានសោតាបត្តិផលជាដើម ហើយកិរិយារលត់នៃសំយោជនៈ ១០
ជាសមុដ្ឋាននៃការត្រាស់ដឹងនូវនិព្វាននោះឯង ។
បើអស់លោកជាពុទ្ធបរិស័ទណាចង់ជ្រាប
តើមគ្គ ៤ ផល ៤ នឹងនិព្វានគឺជាអ្វីនោះ
ខ្ញុំសូមអញ្ជើញអស់លោកជាពុទ្៩ធបរិស័ទនោះអានសៀវភៅ លោកុត្តរាភិសម័យ ដែលខ្ញុំបាននិពន្ធហើយបានបោះពុម្ពចែកផ្សាយជាធម្មទាននោះទៀត
អស់លោកគង់នឹងបានជ្រាបអំពីរឿងនេះពុំខានឡើយ
៤-
បើអដ្ឋង្គិកមគ្គជាបដិបត្តិធម៌ សម្រាប់ការត្រាស់ដឹងមគ្គ ផល និព្វានទេ
តើហេតុដូចម្ដេច បានជាបណ្ឌិតលោកចាត់ទុកអដ្ឋង្គិកមគ្គនោះ
ថាជាទុក្ខនិរោធគាមិនីបដិបទា គឺបដិបទាអាចញ៉ាំងកងទួុក្ខឲ្យរលត់ទៅវិញ ?
បានជាបណ្ឌិតលោកចាត់ទុកអដ្ឋង្គិមគ្គ
ថាជាទុក្ខនិរោធគាមិនីបដិបទាទៅវិញ ពីព្រោះការត្រាស់ដឹងមគ្គ ៤ ផល ៤
នឹងនិព្វានរមែងជាមូលហេតុនាំឲ្យខន្ធ ៥ រលត់ជាលំដាប់ពុំខានឡើយ ។
នៅពេលដែលខន្ធ ៥ ត្រូវបានរលត់ហើយ ទុក្ខ ១២ កងដែលមានខន្ធ ៥
នោះជាទីតាំងនឹងជាទីកើត ក៏ត្រូវរលត់ព្រមជាមួយគ្នាជាលំដាប់ដែរ ។
អាស្រ័យហេតុនេះ
ទើបបណ្ឌិតលោកពោលថាអដ្ឋង្គិកមគ្គជាទុក្ខនិរោធគាមិនីបដិបទាដោយប្រការដូច្នេះឯង
។
៥-
តើការត្រាស់ដឹងមគ្គ ៤ ផល ៤ នឹងនិព្វាន ជាហេតុអាចញ៉ាំងខន្ធ ៥
ព្រមទាំងទុក្ខ ១២ កង ឲ្យរលត់ទៅបានដោយប្រការដូចម្ដេចទៅ ?
ដើម្បីឲ្យងាយយល់
ខ្ញុំសូមរំឭកម្ដងទៀតថា ការត្រាស់ដឹងនិព្វានដែលនឹងសម្រេចឡើងបាន
ក៏ព្រោះកិរិយារលត់នៃកិលេសជាមូលហេតុហើយកិរិយារលត់នៃកិលេសដែលនឹងសឹម្រេចកើតមានឡើងបាន
ក៏ព្រោះការត្រាស់ដឹងមគ្គ ៤ ផល ៤ ជាមូលហេតុ ។
សេចក្ដីបញ្ជាក់នេះ
នាំឲ្យសន្និដ្ឋានបានថា កិរិយារលត់នៃកិលេសនោះហើយ
ដែលជាមូលហេតុមិមនត្រឹមតែនាំឲ្យការត្រាស់ដឹងនិព្វានសម្រេចឡើងបានប៉ុណ្ណោះទេ
ថែមទាំងនាំឲ្យតណ្ហា ឧបាទាន នឹងកម្មរលត់អស់ជាលំដាប់ទៀត
ដូចមានសេចក្ដីបញ្ជាក់ហេតុផលតទៅនេះ ៖
តណ្ហា
គឺសេចក្ដីប្រាថ្នានូវអារម្មណ៍ ៥ មានរូបជាដើម
ដែលនឹងមានដំណើរប្រព្រឹត្តទៅជាធម្មតាបាន ក៏ព្រោះមានរាគាទិក្កិលេសគឺ
រាគៈ ទោសៈ មោហៈ ជាមូលហេតុ ។ កាលបើរាគាទិក្កិលេសជាដើមហេតុរលត់អស់ទៅហើយ
រីឯតណ្ហាដែលជាផលក៏ត្រូវតែរលត់ព្រមជាមួយគ្នាជាលំដាប់ដែរ ។
-
ឧបាទាន ៤ មានកាមុប្បាទាន គឺសេចក្ដីជំពាក់ចិត្តនឹងកាមជាដើម ដែលនឹងមានដំណើរប្រព្រឹត្តទៅជាប្រក្រតីបាន
ក៏ព្រោះមានតណ្ហានោះឯងជាមូលហេតុ ។ កាលបើតណ្ហារលត់អស់ទៅហើយ
រីឯឧបាទាន ៤ ដែលជាផល ក៏ត្រូវរលត់ព្រមជាមួយគ្នាជាលំដាប់ដែរ ។
-
កម្ម ២ ប្រការគឺ កុសលកម្ម ១ នឹងអកុសលកម្ម ១ ដែលនឹងកើតមានឡើងបាន ពីព្រោះឧបាទាន
៤ មានកាមុប្បាទានជាដើមនោះ ឯងជាមូលហេតុ ។ កាលបើឧបាទាន ៤
ជាដើមហេតុរលត់អស់ទៅហើយ រីឯកម្ម ២ ប្រការដែលជាផល
ក៏ត្រូវរលត់ព្រមជាមួយគ្នាជាលំដាប់ដែរ ។
-
ខន្ធ ៥ ដែលនឹងកើតមានឡើងក្នុងភពថ្មីទៀតបាន ក៏ព្រោះមានកម្ម ២
ប្រការជាមូលហេតុ ។ កាលបើកម្ម ២ ប្រការរលត់អស់ហើយ, រីឯខន្ធ
៥ ដែលជាផល ក៏ត្រូវរលត់ព្រមជាមួយគ្នាជាលំដាប់នោះដែរ ។
រីឯទុក្ខ
១២ កងដែលនឹងកើតមានឡើងបាន ក៏ព្រោះមានខន្ធ ៥ នោះជាទីកើត កាលបើខន្ធ ៥
រលត់អស់ទៅហើយ ទុក្ខ ១២ កងក៏ត្រូវរលត់ព្រមជាមួយគ្នាជាលំដាប់ដែរ ។
សរុបសេចក្ដីទៅឃើញថា
កិរិយារលត់នៃរាគាទិក្កិលេស ជាមូលហេតុអាចនឹងញ៉ាំងខន្ធ ៥ ព្រមទាំងទុក្ខ
១២
កងឲ្យរលត់ទៅបានពិតមែនតែមិនមែនឲ្យរលត់ក្នុងពេលជាបច្ចុប្បន្ននេះទេ
គឺឲ្យរលត់ទៅឯអនាគតនៅពេលដែលអាយុក្ខ័យមកដល់ឯណោះ ។
អាស្រ័យហេតុនេះ
ទើបនិព្វានដែលសម្រេចកើតមានឡើងដោយកិរិយារលត់នៃកិលេសនោះ ក៏ត្រូវមាន ២
ប្រការដែរគឺ ឧបាទិសេសនិព្វាន ១ នឹងអនុប្បាទិសេសនិព្វាន ១ ។
ឯឧបាទិសេសនិព្វាន
គឺនិព្វានដែលសម្រេចកើតមានឡើងដោយកិរិយារលត់នៃកិលេសទុកជានិព្វានបច្ចុប្បន្ន
រីឯអនុប្បាទិសេសនិព្វាន គឺនិព្វានដែលសម្រេចកើតមានឡើង
ដោយកិរិយារលត់ទាំងកិលេស ទាំងបញ្ចក្ខន្ធនោះទុកជានិព្វានទៅអនាគត ។
ត្រង់នេះសសេចក្ដីឲ្យឃើញថា
កិរិយារលត់នៃកិលេសក្នុងបច្ចុប្បន្នជាហេតុនាំឲ្យបញ្ចក្ខន្ធ
នឹងកងទុក្ខរលត់ទៅអនាគតទៀតពុំខានឡើយ ។
៦-
តើបណ្ឌិតលោកយល់ឃើញដូចម្ដេច ទើបលោកខំព្យាយាមបំពេញនូវអដ្ឋង្គិកមគ្គ
ដើម្បីនឹងធ្វើឲ្យខន្ធ ៥ រលត់លែងឲ្យកើតក្នុងភពថ្មីទៀតយ៉ាងដូច្នេះ ?
បើតាមយោបល់ខ្ញុំ
ប្រហែលបណ្ឌិតសោកចាត់ទុកខន្ធ ៥ នោះ ជាសេចក្ដីទុក្ខសោក
សេចក្ដីឈឺចាប់ក្ដៅក្រហាយខ្លោចផ្សាគ្រប់បែបយ៉ាងគ្មានសត្វណាដែលស្ថិតនៅលើត្រៃភព
អាចនឹងគេចខ្លួនឲ្យរួចផុតទុក្ខ ១២ កងនោះបានឡើយ ។ មិនតែប៉ុណ្ណោះ
ពីព្រោះខន្ធ ៥ នោះ ជាអ្នកនាំមកនូវអារម្មណ៍ ៥ មានរូបជាដើម សម្រាប់លួងលោមចិត្ត
ធ្វើសត្វឲ្យស្រវឹងជ្រប់នឹងកាមគុណ ៥ វង្វែងភ្លេចភ្លាំងស្មារតី
ភ្លេចខ្លួនជាប់ស្អិតនៅវិលវល់ក្នុងវដ្ដសង្សារ
រងទុក្ខវេទនារកទីបំផុតគ្មានសោះឡើយ ។
អាស្រ័យហេតុនេះហើយ
បានជាបណ្ឌិតលោកស្វែងរកឧបាយដើម្បីនឹងដោះខ្លួនឲ្យរួចផុតស្រឡះចាកខន្ធ
៥ នោះដោយប្រការដូច្នេះឯង ។
លំដាប់អំពីនេះ
ខ្ញុំនឹងធ្វើអត្ថាធិប្បាយបញ្ជាក់អំពីខន្ធ ៥ នឹងទោសនៃខន្ធ ៥ នោះ
ដូចមានសេចក្ដីតទៅនេះ ៖
ឯខន្ធ
៥ នោះគឺ ៖
១-
រូបក្ខន្ធ គឺគំនររូប គំនររូបនេះ មានមហាភូតរូប ៤ គឺ ដី ទឹក ភ្លើង
ខ្យល់ នឹងឧបាទាយរូប ២៥ មានបសាទ ៥ អារម្មណ៍ខាងក្រៅ ៥ ជាដើម ។ល។
២-
វេទនាខន្ធ គឺគំនរវេទនា គំនរវេទនា មានវេទនា ៥ គឺ សោមនស្ស ទោមនស្ស
សុខ ទុក្ខ នឹងឧបេក្ខា ។ ឯវេទនាគឺចិត្តដែលសោយអារម្មណ៍ហើយដឹងថា
អារម្មណ៍នោះ ៗ ជាសោមនស្ស ឬ ជាទោមនស្ស ឬជាសុខជាទុក្ខ ឬ ជាឧបេក្ខា ។
៣-
សញ្ញាខន្ធ គឺគំនរសញ្ញា គំនរសញ្ញានេះ មានសញ្ញា ៥ គឺ រូបសញ្ញា
សទ្ទសញ្ញា គន្ធសញ្ញា រសសញ្ញា នឹងផោដ្ឋព្វសញ្ញា ។
ឯសញ្ញាគឺចិត្ត
ដែលសំគាល់ដឹងនូវរូប សម្លេង ក្លិន រស (សម្ផស្សប៉ះពាល់ត្រូវដោយអណ្ដាត)
នឹងផោដ្ឋព្វៈ (សម្ផស្សដែលប៉ះពាល់ត្រូវដោយកាយ) ។
៤-
សង្ខារក្ខន្ធ គឺគំនរគំនិត គំនរគំនិតនេះ មានចេតសិក ៥២
ចែកចេញជាកុសលចេតសិក ២៥ ជាអកុសលចេតសិក ១៤ នឹងជាអញ្ញសមានាចេតសិក ១៣ ។
រីឯសង្ខារ គឺចិត្តដែលសញ្ចេតនា គឺគិតនូវការជាកុសលឬជាអកុសល
តែងគិតឃើញនូវគំនិតផ្សេង ៗ ហៅថា ចេតសិកនោះឯង ។
៥-
វិញ្ញាណក្ខន្ធ គឺគំនរវិញ្ញាណ គំនរវិញ្ញាណមានវិញ្ញាណ ៦ គឺ
ចក្ខុវិញ្ញាណ ដឹងតាមភ្នែក សោតវិញ្ញាណ ដឹងតាមោត្រចៀកឃានវិញ្ញាណ ដឹងតាមច្រមុះ
ជិវ្ហាវិញ្ញាណ ដឹងតាមអណ្ដាត កាយវិញ្ញាណដឹងតាមកាយ នឹងមនោវិញ្ញាណ ដឹងតាមចិត្ត
។
(នៅមានត)
No comments:
Post a Comment