ដូច្នេះបានជាឃើញវត្តអារាមច្រើននៅកណ្ដាលក្នុងចំណោមភូមិ ។ វត្តទាំងឡាយច្រើនសង់នៅលើទីទួលខ្ពស់ មិនលិចទឹកនៅរដូវវស្សា ឬសង់នៅលើកំពូលភ្នំ ។ នេះជាលក្ខណៈមួយបង្ហាញថា វត្តជាទីសក្ការៈ ត្រូវស្ថិតនៅទីខ្ពស់ ជាងលំនៅរបស់ប្រជារាស្រ្ដ ប្រហាក់ប្រហែលនឹងបុរាណប្រាសាទ ដែលគេសាងនៅលើកំពូលភ្នំដែរ ។ វត្តទាំងនោះមាន ៖
»វត្តសង់លើភ្នំណា យកឈ្មោះតាមភូមិនោះ ដូចជា ភ្នំស្រង់ ភ្នំសន្ទុក ភ្នំដិល ភ្នំបាធាយ ភ្នំស្អាង ភ្នំធន់មន់ ភ្នំសំពៅ ភ្នំតាម៉ៅ ។ល។
»វត្តសង់លើទីទួលណា គេដាក់ឈ្មោះតាមទីទួលនោះ ។ ឧទាហរណ៍ៈ វត្តទួលព្រេច វត្តទួលរកា វត្តទួលស្ដី ជាដើម ។
»វត្តមួយចំនួនសង់លើទីតាំងរបស់អង្គចាស់ៗពីបុរាណ ទើបយកឈ្មោះតាមអង្គនោះ ឬ ព្រះធាតុនោះ ឬតំាងនោះ ។ ឧ. វត្តអង្គប្រួច វត្តតាសូរ វត្តព្រះធាតុ វត្តតាំងក្រសាំង វត្តតាំងផ្លោត ។ល។
»បញ្ជាក់
»» តាំង គឺទួលក្នុងដងព្រៃ ដែលគេកាប់ឆ្ការកសាងជាភូមិ ឬកសាងជាវត្ត ។ ក្រៅពីទួល អង្គ ព្រះធាតុ តាំង វត្តអារាមត្រូវបានគេកសាងនៅកន្លែងផ្សេងៗទៀតជិតៗភូមិដូចជាកន្លែងរំលិច ។ រំលិចជាអន្លង់ទឹកមានសណ្ឋានទ្រវែងទាល់ចុងដើម
គ្មានផ្លូវទឹកហូរចេញចូលច្រើនជិតស្ទឹងជិតព្រែក ។
នៅខាងខ្ពស់គេហៅក្បាលរំលិច ខាងទាបគេហៅចុងរំលិច ។ រំលិចក៏ជាប្រភពទឹកមួយដែរ ។
កន្លែងមាន ក្រាំង មានខ្នារ មានព្នៀត មានរលាំង …. ។ ឧ. វត្តក្រាំងយ៉ូវ វត្តរលាំងកែន ។
»» ក្រាំង គឺជាទួលដែលមានទីវាល គេដាក់ឈ្មោះក្រាំងទៅតាមដើមឈើដែលដុះនៅលើដីក្រាំងនៅ ដូចជាៈ ក្រាំងធ្នុង ក្រាំងព្នៅ ក្រាំងចេក….។
»» ខ្នារ
គឺដីទួលខ្ពស់ ព័ទ្ធជុំវិញដោយត្រពាំង ឬស្រះដែលកើតឯដោយធម្មជាតិ
ឥតមានអ្នកណាជីក ហើយគេកសាងវត្តនៅលើទីទួលនោះ ។ ឧ. វត្តខ្នារ នៅឃុំស្រឡប់ជាដើម
។ រីឯត្រពាំងដែលនៅជិតនោះ ក៏ឲ្យឈ្មោះហៅថា ត្រពាំងខ្នារជាដើម ។
»» ព្នៀត
គឺដីទួលទាបៗ នៅជាប់ពីមាត់បឹងប៉ាចហាច ឬមាត់បឹងមានស្រែ មានព្រៃរបោះ ។
ជួនកាលគេកសាងភូមិ កសាងវត្តនៅលើទីទួលនោះឈ្មោះថា វត្តព្នៀត ឬ ភូមិព្នៀត ….។ល។
»» រលាំង
គឺទួលប៉ែកខាងខ្ពស់ជិតរំលិច ឬក្បាលរំលិច ពេលគេកសាងជាវត្តជាភូមិនៅទីនោះ
គេឲ្យឈ្មោះភូមិ ឬវត្តតាមឈ្មោះរលាំងនោះ ។ ឧ. រលាំងគ្រើល រលាំងចេក រលាំងឈូក
ជាដើម ។
»» គោក
គឺទួលកណ្ដាលវាល ឬកណ្ដាលវាលស្រែ ឬក៏នៅកណ្ដាលទីដែលមានទឹកលិច បើគេកសាងភូមិ
ឬវត្តនៅទីនោះ គេក៏ដាក់ឈ្មោះតាមគោកនោះទៅ ។ ឧ. វត្តគោកព្រីង គោកសណ្ដែក
គោកត្រប់ គោកគង់ ។ល។
គេសាងវត្ត នៅទីកន្លែងផ្សេងៗទៀតដែលមានប្រភពទឹក ដូចជា លំហាច រហាល បារាយណ៍ស្ដុកជាដើម ។
No comments:
Post a Comment