ព្រះពុទ្ធបានសម្ដែងថា ហេតុនៃក្តីវិនាសមានដូចតទៅៈ
១- បុគ្គលអ្នកទ្រុស្តធម៌, ស្អប់ធម៌
ធម៌ សំដៅដល់ការបង្រៀន ឬ គោលការណ៍ទាំងឡាយណាដែលត្រឹមត្រូវទៅតាមសភាវៈពិត ពុំមែនជាការក្លែងបន្លំ, ល្បួងលួងលោម, បញ្ឆោតបញ្ចុះបញ្ចូល ។ ធម៌ក៏បានដល់ការបង្រៀនទាំងឡាយរបស់ព្រះសម្មាសម្ពុទ្ធផងដែរ ព្រោះព្រះពុទ្ធបង្រៀនតែអ្វីដែលពិត (ចូរប្រយ័ត្នច្រឡំគ្នារវាងការបង្រៀនរបស់ព្រះពុទ្ធ និង ទស្សនៈមួយចំនួនដែលពុទ្ធសាសនិកបានតាក់តែងឡើងដូចជាធម៌ដែលយើង ធ្លាប់ឮព្រះសង្ឃ និង ពុទ្ធបរិស័ទសូត្រនៅពេលបុណ្យទានជាដើម ។ ធម៌របស់ព្រះពុទ្ធ មិនមែនមានន័យថា ធម៌សម្រាប់សូត្រឡើយ ។ ប៉ុន្តែក៏មានធម៌ដែលជាការបង្រៀនរបស់ព្រះពុទ្ធ ត្រូវបានគេសូត្រដែរ, ដូចជាធម៌ពហុទេវា គឺមង្គលសូត្រ និង ធម្មចក្កប្បវត្តនសូត្រ ជាដើម) ។ ន័យម្យ៉ាងទៀតថា ធម៌ = សភាវៈពិត ។ ហេតុនេះបុគ្គលអ្នកទ្រុស្តធម៌ ស្អប់ធម៌ គឺបុគ្គលទ្រុស្ត និងស្អប់នូវមុខវិជ្ជាពិត មុខវិជ្ជាមិនកុហក ហើយចូលចិត្តតែការបង្រៀនឬទ្រឹស្តីទាំងឡាយណាដែលជាការកុហក, លួងលោម, បញ្ឆោត បំភ័ន្តបន្លំ ។
ប្រការនេះ នឹងនាំមកនូវក្តីវិនាសជាច្រើន ក្នុងនោះវិនាសដំបូងបំផុតដែលខ្លួនគេមិនដឹងគឺវិនាសបញ្ញា គឺគេមិនដឹងការពិត ដោយហេតុតែគេស្អប់ការពិត មិនព្យាយាមស្វះស្វែង ខ្នះខ្នែងឈ្វេងយល់ សង្កេតពិនិត្យ គិតពិចារណា សិក្សា ឲ្យបានដឹងការពិត ដោយហេតុតែគេមិនចូលចិត្តអ្វីដែលពិត ចូលចិត្តនិងលុះតែក្នុងការបំភ័ន្តគំនិតប្រាជ្ញា។ ហេតុនេះ ចាប់ពីពេលនោះទៅ គេបានចេះ និងបានដឹង និងសិក្សាតែក្នុងរឿងមិនត្រឹម មិនត្រូវ ហើយការប្រព្រឹត្តិរបស់គេ ទាំងពាក្យសម្ដី ទាំងទង្វើ ក៏សុទ្ធតែប្រព្រឹត្តក្នុងនិយាមខុសពីការពិតទាំងអស់ ហើយលទ្ធផលក៏ស្របតាមអ្វីដែលគេធ្វើនោះឯង ។ ដូច្នេះ ការទ្រុស្តធម៌ និងស្អប់ធម៌ ជាប្រមុខនៃក្តីវិនាសទី១ ។
២- បុគ្គលស្រលាញ់ពេញចិត្ត និង សេពគប់នឹងជនជាអសប្បុរស មានកិរិយាមិនសេពគប់នឹងជនជាសប្បុរស
ជនជាអសប្បុរស មានន័យស្មើនឹងបុគ្គលពាលដែរ ហើយមានគ្រឿងសម្គាល់គឺ :
ក. បុគ្គលល្ងង់ខ្លៅ គ្មានគំនិតប្រាជ្ញា ហើយមិនគិតកសាងសមត្ថភាព និងគំនិតប្រាជ្ញា ជាបុគ្គលរីករាយក្នុងភាពល្ងង់ខ្លៅ មិនស្តាប់ដំបូន្មានលោកអ្នកប្រាជ្ញ ឬចាស់ព្រឹទ្ធាចារ្យ ចាត់ទុកជាបុគ្គលពាលជំពូកមួយ ដោយហេតុធ្វើខ្លួនឲ្យជាបុគ្គលមិនមានប្រយោជន៍ ឬធ្វើខ្លួនឲ្យបាត់បង់ឱកាសក្នុងការសាងគុណតម្លៃ ក្នុងពេលដែលខ្លួន មានឱកាសកើតជាមនុស្ស ។
ខ. បុគ្គលស្វែងរកក្តីសុខ ឬ ប្រយោជន៍ខ្លួនឯង ដោយការធ្វើឲ្យខូចប្រយោជន៍អ្នកដទៃ ខូចក្តីសុខអ្នកដទៃ
គ. បុគ្គលធ្វើឲ្យខូចប្រយោជន៍អ្នកដទៃផង ខ្លួនឯងផង
នៅក្នុងមង្គលសូត្រ ព្រះពុទ្ធបង្រៀនថា ការសេពគប់ត្រូវតែធ្វើឡើងដោយបញ្ញា ត្បិតថា បើសេពគប់ជាមួយមនុស្សប្រភេទណា យើងនឹងក្លាយជាមនុស្សប្រភេទនោះដែរ ទោះតិច ឬច្រើនមិនលែងឡើយ ។ បុគ្គលពាលទាំង៣ ជំពូកខាងលើ ជាប្រភេទមនុស្សគួរឲ្យខ្លាចជាងអ្វីៗទាំងអស់ ហើយមិនគប្បីសេពគប់ជាដាច់ខាត ព្រោះការសេពគប់ជាមួយបុគ្គលប្រភេទនេះ ផ្សេងពីធ្វើអោយយើងវិនាសប្រយោជន៍អសោច កេរ្តិ៍ឈ្មោះ អស់ទ្រព្យសម្បត្តិ ខាតពេលវេលា គំនិតប្រាជ្ញាទៅ ថែមទាំងនាំឲ្យយើងក្លាយជាបុគ្គលពាលជាមួយគេផងទៀត ។ ព្រះពុទ្ធបានបង្រៀនថា ប្រសិនបើក្នុងលោកនេះមានតែមនុស្សពីរនាក់ គឺម្នាក់ជារូបយើង ហើយម្នាក់ទៀតជាបុគ្គលពាលក្តី ក៏មិនគប្បីទៅសេពគប់បុគ្គលនោះឡើយ ហើយគប្បីនៅតែម្នាក់ឯងដោយរឹងមាំចុះ ។
ចំណែកជនជាសប្បុរសបានដល់បុគ្គលទាំងឡាយណាដែលជាអ្នកមានចំណេះវិជ្ជា ខ្ពង់ខ្ពស់ មានគុណធម៌ មានគំនិតប្រាជ្ញា មិនបៀតបៀនឲ្យខូចប្រយោជន៍ កេរ្តិ៍ឈ្មោះខ្លួនឯងផង មិនបៀតបៀនក្តីសុខអ្នកដទៃផង ធ្វើតែអំពើជាប្រយោជន៍ដល់ខ្លួនឯងផង ធ្វើតែកិច្ចការជាប្រយោជន៍រួមផង ។ បុគ្គលណាសេពគប់នឹងលោកអ្នកជាសប្បុរសទាំងនេះ រមែងមិនសាបសូន្យ មិនមានទោស ហើយលោកតែងដឹកនាំឲ្យយើងដើរទៅរកក្តីចម្រើនជានិរន្តរ៍ទៀតផង ។ បុគ្គលដែលមិនបានសេពគប់នឹងលោកជាអ្នកសប្បុរសបែបនេះ បុគ្គលនោះពេញជាខាតបង់យ៉ាងធំធេងក្នុងជីវិត ព្រោះមិនបានចាប់យកឱកាស ទាំងប្រយោជន៍ ទ្រព្យសម្បត្តិ ទាំងគំនិតប្រាជ្ញា និងភ័ព្វសំណាងផ្សេងៗ ។ ហេតុនេះបុគ្គលអ្នកចូលចិត្តសេពគប់នឹងជនជាអសប្បុរស មានកិរិយាមិនសេពគប់នឹងជនជាសប្បុរស ជាប្រមុខនៃក្តីវិនាសទី២ ។
៣- អ្នកដេកច្រើន១, អ្នកនិយាយច្រើន១, អ្នកខ្ជិលច្រអូស១, ពេលខឹងសម្ដែងឲ្យគេឃើញបាន១
ដេកច្រើនពេក ខាតពេលក្នុងការប្រកបការងារ សិក្សារៀនសូត្រ បណ្តាលឲ្យស្ពឹកដៃជើង ស្ទក់ខួរក្បាល អ័ព្ទគំនិត ស្វិតក្រៀមប្រាជ្ញា ប្រាថ្នានឹងគិតអ្វីក៏ពុំធ្លុះធ្លាយ ទោរទន់ទៅរកតែក្តីងោកងុយ លុះពេលក្រោកពីដំណេកកាលណា ក៏ប្រាថ្នានឹកឃើញតែបរិភោគ រួចក៏ងោកងុយទៀត ។
ប្រសិនបើធម្មជាតិអនុគ្រោះឲ្យមនុស្សនិយាយច្រើនជាងស្តាប់ និងច្រើនជាងមើលនោះ ធម្មជាតិមុខជាបានបង្កើតឲ្យមនុស្សមានមាត់ពីរ ឯត្រចៀកតែមួយ និងភ្នែកតែមួយដែរហើយ ។ និយាយច្រើនពេក រមែងមានការភ្លាំងភ្លាត់ ប្រាសចាកសិល្បៈ នាំឲ្យការនិយាយក្លាយជារោយរាយឥតខ្លឹមសារ ។ និយាយរឹតតែច្រើន ទំលាយ អាថ៌កំបាំងកាន់តែច្រើន បង្ហាញឲ្យគេឃើញចំណុចខ្សោយកាន់តែច្រើន ។ អ្នកស្តាប់កាន់តែធុញថប់ អ្នកដទៃមិនបាននិយាយ ធ្វើឲ្យខ្លួនឯងបាត់បង់ឱកាសស្តាប់គំនិតរបស់ដៃគូ ធ្វើឲ្យបាត់បង់ព័ត៌មានពីដៃគូ ខានសិក្សាពីអ្នកដទៃ ខាតប្រាជ្ញា ។
មិនថាបុគ្គលណាជឿព្រះ ឬ មិនជឿព្រះឡើយ ប៉ុន្តែគ្រប់គ្នាបានទទួលអ្វីមួយសុទ្ធតែបានមកដោយការប្រកបការងារ មិនដែលបានមកដោយព្រះ ឬអាទិទេពយកមកឲ្យឡើយ ហើយបើគេធ្វើការដោយត្រឹមត្រូវនោះ ទោះជាគេបួងសួងព្រះក្តី មិនបួងសួងព្រះក្តី ក៏សុទ្ធតែបានផលដូចគ្នា ។ ព្រះពុទ្ធបានសម្ដែងថា តថាគត មិនដែលបង្រៀនថា ឲ្យអ្នករង់ចាំព្រេងសំណាងឡើយ ប៉ុន្តែតថាគត តែងតែបង្រៀនអ្នកឲ្យធ្វើការដើម្បីទទួលបានផលសំណាង(១) ។ ព្រះពុទ្ធសាសនាជឿថា មនុស្សមានព្រេងសំណាងពីអតីតជាតិ ប៉ុន្តែបានអះអាងថា ព្រេងសំណាងគឺអ្វី ដែលគេធ្វើហើយពីពេលខាងដើមនោះ ប្រៀបដូចជាកំណប់ដែលគេកប់នៅក្នុងដី ដែលគេត្រូវតែធ្វើការ គឺតោងតែជីកកកាយយកចេញពីក្នុងដី ប្រកបដោយក្តីព្យាយាមយ៉ាងមាំ ប្រាសចាកក្តីរាយមាយ ទើបអាចរកកំណប់នោះឃើញ បើពុំនោះទេ កំណប់នោះនឹងនៅក្នុងដីជារៀងរហូត ។ ហេតុនេះ បុគ្គលណាមិនធ្វើការ ឬ ធ្វើមិនមានក្តីព្យាយាមឲ្យបានពេញលេញទេ បើទោះបីខ្លួនគេជាមនុស្សមានភ័ព្វក្តី ក៏គេក្លាយទៅជាមនុស្សឥតភ័ព្វទៅវិញ ។ ផ្ទុយទៅវិញ បុគ្គលណាពុំមានព្រេងសំណាងក្តី បើគេខិតខំធ្វើការ មិនខ្ជិលច្រអូស យកចិត្តទុកដាក់ពិនិត្យ ពិចារណារកវិធី រហូតឃើញឧបាយដ៏ត្រូវនោះ គេក៏អាចរកទ្រព្យបានដែរ ដូចពុទ្ធភាសិតថា បុគ្គលឆ្លងអន្លង់ទុក្ខ (និងឧបសគ្គគ្រប់ប្រការ ដោយរួមទាំង ភាពល្ងង់ខ្លៅ ភាពក្រខ្សត់ ៘ ) បានដោយក្តីព្យាយាម ។ កាលណាមានភាពខ្ជិលច្រអូសហើយ ប្រយោជន៍ទាំងឡាយ មានការស្វែងរកទ្រព្យសម្បត្តិក្តី កិត្តិយសក្តី ស្វែងរកចំណេះវិជ្ជាក្តី ទោះជាជននោះអធិដ្ឋានចំពោះព្រះ ឬអាទិទេពណា ក៏គេមិនបានសម្រេចអ្វីឡើយ ។ បើពោលដល់ការស្វែងរកធម៌ជាន់ខ្ពស់ ដើម្បីសម្រេចមគ្គផល និព្វានទៀតនោះរឹតតែមិនបានសម្រេចសោះតែម្តង ត្បិតធម៌ទាំងនោះត្រូវការនូវក្តី ព្យាយាមយ៉ាងខ្លាំង ទាំងការហាត់ពត់ផ្លូវកាយ និងផ្លូវចិត្តឲ្យដល់ថ្នាក់ឯក ។
ខឹងសម្ដែងឲ្យគេឃើញបាន គឺបញ្ចេញអាកប្បកិរិយាឲ្យអ្នកដទៃដឹង ឬ មើលយល់បានថាយើងខឹង ឬ ត្រូវបានកំហឹងគ្របដណ្តប់ហើយ ។ បុថុជ្ជន គឺជនដែលនៅក្រាស់ដោយកិលេស រមែងមានការញាប់ញ័រ គឺសប្បាយរីករាយ រំភើប ពោលគឺសោមនស្ស និង ទោមនស្សចំពោះលោកធម៌ ៨ យ៉ាងគឺមាន៖ លាភសក្ការៈ១, ការបាត់បង់យសស័ក្តិ១, ការបាននូវការសរសើរ១, ការបានសុខសប្បាយ១, ការបាត់បង់លាភ សក្ការៈ១, ការបាត់បង់យសស័ក្តិ១, ការបាននូវការនិន្ទារិះគន់១, ការបាននូវទុក្ខទោស១។ មួយសោតក្នុងជីវិតប្រចាំថៃ្ង មនុស្សគ្រប់រូបតែងប៉ះទង្គិចនឹងរឿងមិនជាទីពេញចិត្តក៏ច្រើន ដូចជារងនូវការតិះដៀល ឬ និយាយបង្កាច់បង្ខូច ឬ ត្រូវគេបៀតបៀនជាដើម។ ជាទូទៅបុគ្គលដែលមានការអប់រំចិត្តតិចតួច ឬ ជាអ្នកមិនមានការគ្រប់គ្រងអារម្មណ៍ ឲ្យបានល្អនោះ រមែងប្រតិកម្មតាមសភាវគតិនៃកំហឹង (កំហឹងទល់កំហល់) ។
ប្រការនេះ ធ្វើឲ្យអ្នកដទៃ ជាពិសេសគូសត្រូវងាយនឹងមើលចំណុចខ្សោយរបស់យើង ហើយងាយនឹងរុញច្រាន ឬអូសទាញយើងឲ្យធ្លាក់ទៅក្នុងរណ្តៅអន្តរាយផ្សេងៗ។ ចំពោះអ្នកដទៃ នឹងមើលមកយើងថា ជាប្រភេទមនុស្សពុំមានក្តីអត់ធ្មត់ ជាមនុស្សចិត្តស្រាល ។ ជនជាសប្បុរស និង បណ្ឌិតទាំងឡាយ លោករមែងមិនសេពគប់នឹងបុគ្គលគ្មានខន្តីខ្ជាប់ខ្ជួនឡើយ ដែលការណ៍នេះធ្វើឲ្យយើងក្រៅពីងាយត្រូវសត្រូវធ្វើបាបទៅ នៅបាត់បង់ឱកាសនៃការអនុគ្រោះពីលោកអ្នកសប្បុរស និង បណ្ឌិតទាំងឡាយ បាត់បង់ឱកាសទទួលបានប្រយោជន៍ពីពួកលោកទាំងនោះ បែរជាបានតែឱកាសវាយប្រហារយ៉ាងផុយស្រួយពីអមិត្តទៅវិញ ។ បុគ្គលប្រភេទនេះ ជាដំបូងគឺវិនាសក្តីអត់ធ្មត់ បន្ទាប់មកបាត់បង់គ្រឿងលំអ គឺភាពថ្លៃថ្នូរ ធ្វើឲ្យអ្នកដទៃក្រែងរអា និង ងាយត្រូវគេបញ្ឆេះ ។ ទោះខឹងប៉ុនណា ធ្ងន់ធ្ងរប៉ុនណាក្តី ជនជាបណ្ឌិត តែងតែប្រព្រឹត្តខ្លួនប្រតិកម្មចំពោះបញ្ហាទាំងឡាយក្នុងសភាព ស្ងប់សា្ងត់ ទន់ភ្លន់ ប៉ុន្តែមានសភាពស្វាហាប់ ម៉ឺងម៉ាត់ រឹងមាំ និងមានទម្ងន់ដូចថ្មភ្នំដែលមិនកក្រើកដោយកម្លាំងព្យុះ ហើយក៏មិនញាប់ញ័រដោយអគ្គិភ័យ ។
ហេតុនេះ អ្នកដេកច្រើន១, អ្នកនិយាយច្រើន១, អ្នកខ្ជិលច្រអូស១, អ្នកណាពេលខឹងសម្ដែងឲ្យគេឃើញបាន១ ជាប្រមុខនៃក្តីវិនាសទី ៣ ។
៤- បុគ្គលអ្នកមានទ្រព្យធនធានច្រើន ប៉ុន្តែមិនបានចិញ្ចឹមមាតា បិតាដោយសមគួរ
សត្វសេកស៊ីផ្លែជ្រៃ ហើយហោះហើរទៅបាត់ដោយមិនបានអរគុណ ដឹងគុណ ឬ មិនទាំងងាកក្រោយមើលដើមជ្រៃផង ក៏មិនទទួលបានការតិះដៀលអ្វីដែរ ព្រោះសត្វគ្មានវិចារណញ្ញាណ មិនចេះគិតគុណទោសអ្វីឡើយ ។ ប៉ុន្តែ សម្រាប់មនុស្សដែលមានទ្រព្យសម្បត្តិហើយ សូម្បីតែឪពុក ម្តាយរបស់ខ្លួនជាអ្នកមានគុណ ក៏គេមិនទាំងអើពើ ហើយក៏អាចមើលរំលងទៅកើតនោះ តើសង្ឃឹមថានឹងមានគុណធម៌ ឬ សេចក្តីល្អ កើតចេញពីបុគ្គលប្រភេទនេះយ៉ាងម្ត៉េចនឹងបានទៅ ។
តាមពិត, កូនត្រូវធ្វើចំពោះឪពុកម្តាយដោយប្រការ៥យ៉ាងគឺ ត្រូវចិញ្ចឹម មាតា បិតា១,ធ្វើការងារជំនួសគាត់១, រក្សាវង្សត្រកូលឱ្យគង់វង្ស និងខ្ពង់ខ្ពស់១(ដោយការមិនប្រព្រឹត្តិឲ្យថោកទាបដល់វង្សត្រកូល និង លើកតម្កើងត្រកូល) , ធ្វើខ្លួនឱ្យសមរម្យជាអ្នកទទួលមរតកពីគាត់១, និង ធ្វើបុណ្យជូនគាត់ពេលពួកគាត់លាចាកលោកនេះ១ ។
ពេលមាតា បិតា លាចាកលោកទៅហើយ មិនអើពើជារឿងមួយ ប៉ុន្តែ ពេលពួកគាត់នៅរស់ ហើយខ្លួនមិនអើពើនោះ តើអោយសប្បុរស និង បណ្ឌិតទាំងឡាយផ្តល់ទំនុកចិត្ត ឲ្យតម្លៃបុគ្គលនោះយ៉ាងណាទៅ ? សូម្បីតែមនុស្សធម្មតា ក៏រមែងតិះដៀលបុគ្គលដែលមានធនធាន ហើយមិនបានផ្គត់ផ្គង់ឪពុក ម្តាយ បណ្តោយឲ្យពួកគាត់រងទុក្ខ វេទនា ដោយក្តីស្រេកឃ្លាន និង រងាជាដើមនោះដែរ ។ បុគ្គលនេះវិនាសជាដំបូងគឺ គុណតម្លៃ បន្ទាប់មកនឹងបាត់បង់ទំនុកចិត្តពីកល្យាណជន ។ គេច្រើនឃើញថា លុះបុគ្គលប្រភេទនេះមានកូនទៅ ក៏កូននោះពុំសូវប្រកបដោយធម៌ឡើយ ព្រោះកូននោះដើរតាមគន្លងឪពុកម្តាយ ប៉ុន្តែបើបែរជាមានសំណាងមានកូនចេះដឹងខុសត្រូវវិញ រមែងឃើញឪពុកម្តាយខ្លួនថាជាបុគ្គលអធម៌ ក៏រមែងលួចតិះដៀលក្នុងចិត្ត ដែលប្រការនេះធ្វើឲ្យកូនល្អនោះមានទោសដែរ ។ ហេតុនេះ បុគ្គលអ្នកមានទ្រព្យធនធានច្រើន ប៉ុន្តែមិនបានចិញ្ចឹមមាតាបិតា ដោយសមគួរ ជាប្រមុខនៃក្តីវិនាសទី ៤ ។
៥- បុគ្គលអ្នកភូតកុហក បោកបញ្ឆោតពួកសមណៈ ព្រាហ្មណ៍ ស្មូម ឬ អ្នកដទៃ
សមណៈ (អ្នកស្ងប់ ) ឬ ជី ឬ ព្រាហ្មណ៍ គឺសំដៅដល់ពួកបព្វជិតក្នុងសាសនាទាំង ឡាយ ។ ក៏ដូចជាពួកស្មូមទាំងឡាយដែរ ពួកបព្វជិតទាំងនេះរស់នៅដោយសារការ បរិច្ចាគទានពីអ្នកមានមេត្តា និង ជ្រះថ្លា ។ ជនកំហូចខ្លះ ឃើញពួកអ្នកបួសមានព្រះ សង្ឃជាដើម ក៏ពោលឡើងថា លោកម្ចាស់ ! នៅទីនោះ គ្រួសារនោះ គេមានរៀបចំធ្វើទាន ចំពោះលោកអ្នកមានសីល និង ចំពោះពួកស្មូមទាំងឡាយ..... សូមលោកម្ចាស់និមន្តទៅត្រកូលនោះ ទីនោះចុះ ដើម្បីធ្វើសេចក្តីអនុគ្រោះដល់សត្វលោកដែលមានសេចក្តីជ្រះថ្លាផង និង ដើម្បីលោកម្ចាស់បាននូវគ្រឿងអាស្រ័យទាំងឡាយ មានអាហារជាដើមផង....។ លុះពេលលោកនិមន្តទៅ ទើបឃើញថា ជាការកុហកជាក់ស្បាន់ ធ្វើឲ្យលោកខាតពេលជាច្រើន....។ មិនទាន់គិតដល់បាបកម្មជាតិខាងមុខទេ យើងគិតត្រឹមតែបច្ចុប្បន្នជាតិនេះ ក៏ឃើញថាទារុណណាស់ទៅហើយ ។ អ្នកដទៃនឹងមើលទៅបុគ្គលនោះថា ជាមនុស្សគ្មានគុណធម៌ គ្មានគារវធម៌ គឺការគោរពបន្តិចបន្តួចក្នុងខ្លួនទាល់តែសោះ ជាមនុស្សមិនអាចទុកចិត្តបាន ត្បិតសូម្បីតែពួកបព្វជិតជាអ្នករក្សាសីល ពួកស្មូមជាអ្នកខ្សត់ខ្សោយដល់ម្ល៉ឹងហើយ ក៏គេមិនយល់មុខផង ចុះទម្រាំបើមនុស្សធម្មតា តើនឹងទទួលបានភាពសុចរិតពីមនុស្សនេះដោយប្រការណាទៅ ?
ការកុហកដោយបំណងធ្វើបាប ធ្វើឲ្យគេខូចប្រយោជន៍ ខូចកិត្តិយស បែកបាក់សាមគ្គី ពោលគឺកុហក ក្នុងបំណងទុច្ចរិតក្តី ក្នុងបំណងលេងសើចក្តី រមែងឲ្យអ្នកដទៃស្អប់ខ្ពើម ក្តៅក្រហាយ ហើយនឹងអាចញ៉ាំងអន្តរាយមកវិញជាការផ្ចាញ់ផ្ចាលក៏សឹងមាន ។ ម្យ៉ាងទៀត អ្នកពោលពាក្យកុហក នឹងធ្វើឲ្យអ្នកដទៃបាត់បង់ទំនុកចិត្ត អស់ភាពជឿជាក់ ។ មនុស្សគេតែងយកសម្ដី គឺការគោរពពាក្យសម្ដី បើពាក្យសម្ដី យកជាការលែងបានទៅហើយ តើរំពឹងលើអ្វី ? ហេតុនេះ ការកុហកជាប្រមុខនៃក្តីវិនាសទី៥ ។
៦- អ្នកមានធនធាន និង អាហារឆា្ងញ់ពិសាលាក់ទុកតែម្នាក់ឯង
មនុស្សក្នុងលោករមែងមានការពឹងអាស្រ័យគ្នាទៅវិញទៅមកដោយប្រការ ណាមួយ ។ បុគ្គលណារត់ទៅរកគេ ពោលពាក្យផ្អែមពីរោះតែពេលត្រូវការគេ ឬ ពេលមានទុក្ខ លុះពេលគេត្រូវការវិញ ក៏គេចមុខបាត់ ដោយសំអាងលេសថា មានធុរៈនេះ ធុរៈនោះ ឬ មិនអើពើ មិនខ្នះខ្នែងជួយគេវិញដោយប្រការមួយ ។ ពេលខ្លួនអត់ឃ្លាន រត់រកគេ លុះពេលបានសុខ ឬ ពេលមានរបស់ប្រណីត មានអាហារឆ្ងាញ់ពិសា ក៏សម្ងំលាក់ខ្លួនពួនសោយសុខតែម្នាក់ឯង (បុគ្គលខ្លះពេលសោយសុខរួចហើយ ក៏ទើបទៅអួតអាងប្រាប់គេទៀត ) មិនចែករំលែកអ្នកដទៃដោយប្រការមួយ ។ លុះពេលត្រូវការពឹងអាស្រ័យគេនៅគ្រាក្រោយទៀតនោះ តើបុគ្គលណាទៅហ្ន ដែលមានចិត្តនៅជួយបុគ្គលប្រភេទនេះទៀតនោះ ! ហេតុនេះបុគ្គលអ្នកមានធនធាន និង អាហារឆា្ងញ់ពិសា ហើយក្រសោបទុកតែម្នាក់ឯង ជាប្រមុខនៃក្តីវិនាសទី៦ ។
៧- បុគ្គលអ្នកប្រកាន់រើសអើងជាតិសាសន៍ ត្រកូល ទ្រព្យសម្បត្តិ ឋានៈ ហើយមើលងាយអ្នកដទៃ មើលស្រាលញាតិសន្តាន មិនប្រមូលញាតិមិត្ត
សត្វលាដឹកលាមក ក៏ស៊ីស្មៅ សត្វលាដឹកមាសក៏ស៊ីស្មៅ ។ ជីវិតលើលោកនេះ មាន តម្លៃស្មើគ្នា រឿងឋានៈ ជាតិសាសន៍ ត្រកូល ទ្រព្យសម្បត្តិ រួមទាំងរបស់ជាច្រើនទៀតនៅក្នុងលោកនេះ រមែងមានភាពខុសគ្នាជាធម្មតា ដែលមិនគប្បីយករបស់ទាំងនោះជាកត្តាវាស់វែងមនុស្សឡើយ ។ ការប្រព្រឹត្តិលើកកម្ពស់ខ្លួនឯង ហើយមិនគោរពអ្នកដទៃ មើលងាយអ្នកដទៃ សូម្បីសាច់ញាតិខ្លួនឯងក៏មិនអើពើផង ដោយហេតុតែគិតថា គេក្រ តូចទាប អន់ថយជាងខ្លួនជាដើមនោះ រមែងធ្វើអោយខ្លួនឯងជាមនុស្សឯកោ លែងមាន របងការពារ ហើយអាចធ្វើឲ្យអ្នកខ្លះក្តៅក្រហាយ ស្អប់ខ្ពើម និង ជាគោលដៅនៃការចងគំនុំ ក៏សឹងមាន ។ ហេតុនេះ ការប្រកាន់ខ្លួន មើលងាយអ្នកដទៃ មិនប្រមូលញាតិ និង មិត្ត ជាប្រមុខនៃក្តីវិនាសទី៧ ។
៨- ជនអ្នកប្រព្រឹត្តល្បែង៣ប្រការ គឺល្បែងស្រី១ ល្បែងស្រា១ និង ល្បែងភ្នាល់ទាំងឡាយ១
ត្រេកអរចំពោះភរិយាខ្លួនជាការប្រពៃ ប៉ុន្តែការលេងល្បែងស្រី រមែងជួបផលអវិជ្ជមានជាច្រើនដូចជា ខូចខាតទ្រព្យដែលមានស្រាប់ ខានបានរកទ្រព្យថ្មី មានបញ្ហាទាស់ទែងគ្នាជារឿយៗ ដើរលេងចោលទ្រព្យសម្បត្តិ ខានថែទាំគ្រួសារ (អាចជាហេតុធ្វើឲ្យប្រពន្ធផិតក្បត់ក៏មាន ) ខូចកិត្តិយសខ្លួន និង វង្សត្រកូល មានរឿងអាស្រូវច្រើនមិនចេះចប់ សុខភាពចុះថយជាលំដាប់ ប្រឈមមុខនឹងការឆ្លងជំងឺផ្សេងៗ ជាពិសេសរោគសង្គម និង កាមរោគ។
អ្នកលេងល្បែងស្រានាំមកនូវគុណវិបត្តិយ៉ាងច្រើនដូចជា វិនាសទ្រព្យសម្បត្តិដែលមានស្រាប់ ខាតពេលមិនបានរកទ្រព្យថ្មី និង ខានប្រកបការងារផ្សេងៗ មានរឿងរ៉ាវច្រើន បង្កការឈ្លោះទាស់ទែង និង អំពើហិង្សាញឹកញាប់ និយាយស្តីគ្មានសតិ គ្មានសុជីវធម៌ បាត់បង់សីលធម៌ ខូចភាពថ្លៃថ្នូរ (អាចឲ្យគេមើលងាយដល់កូន ប្រពន្ធ និង វង្សត្រកូល) មិនបានថែគ្រួសារ ខ្សោយប្រាជ្ញា និង ខ្សោយសុខភាពជាលំដាប់ ។
ល្បែងភ្នាល់គ្រប់យ៉ាងក៏ធ្វើឲ្យស្រកស្រុតស្រយុតរបូតទ្រព្យសម្បត្តិ យ៉ាងលឿនរហូតលក់កេរមរតក និង ប្រព្រឹត្តខុសផ្សេងៗទៀត ដូចជាសំណូកសូកប៉ាន់ ពុករលួយ និង ចោរកម្ម នាំឲ្យមានទំនាស់បែកបាក់គ្រួសារ ខូចកេរ្តិ៍ឈ្មោះ ធ្វើឲ្យអ្នកដទៃអស់ទំនុកចិត្ត (គេមើលងាយដល់កូនចៅ) ។ ហេតុនេះ ល្បែងស្រី ល្បែងស្រា និង ល្បែងស៊ីសង ល្បែងមួយណាក៏ជាប្រមុខនៃក្តីវិនាសទី៨ ។
៩- បុរសមិនត្រេកអរនឹងប្រពន្ធខ្លួន ហើយទៅជាប់ជួននឹងស្រីពេស្យា ទ្រុស្តនឹងប្រពន្ធកូនខ្លួនឯង
ស្រីពេស្យា គឺស្រីអ្នកប្រកបរបរផ្លូវភេទដោយចេញមុខ ឬ ដោយលួចលាក់ ធ្វើជាទូទៅ ឬ មិនទូទៅ (គឺចំពោះតែបុគ្គលជាក់លាក់ដែលមានរូបភាពជាស្រីកំណាន់ជាដើម ) មិនពិបាកយល់ទេ គឺថានាងនែបនិត្យរួមមេត្រីដើម្បីផលប្រយោជន៍អ្វីម្យ៉ាង ហេតុនេះនាងមុខជាសម្ដែងប្ញកពាម្ញ៉ិកម្ញ៉ក់ ក្នក់ក្នាញ់ ផ្គាប់ផ្គុនណាស់ ប៉ុន្តែចូរចងចាំថា នាងកំពុងមើលមកអ្នកថាជាមនុស្សមិនដឹងខ្យល់អ្វីឡើយ ហើយអ្នកនឹងត្រូវនាងអូសទាញឲ្យធ្វើអាក្រក់ជំនួសនាងក៏មាន ។ ចំណែកនាងជាភរិយា ដោយហេតុតែនាងត្រូវរួមដំណើរជីវិតនឹងអ្នក ទើបត្រូវនិយាយពាក្យពិត ហើយពាក្យពិតរែងស្លែង ។ ជួនកាលនាងខ្វល់តែរឿងថែទាំគ្រួសារ ភ្លេចថែទាំខ្លួនឯង ធ្វើឲ្យរូបសម្ផស្សរបស់នាងមិនសូវផូរផង់ ប៉ុន្តែ នាងជាអ្នកគូសវាសផែនទីនៃសុភមង្គលគ្រួសារ ជាសម្បុកដ៏កក់ក្តៅសម្រាប់អ្នក ។ ពេលប្តីយំ នាងជាអ្នកស្រក់ទឹកភ្នែក (ឬជូតទឹកភ្នែកឲ្យប្តី ) ពេលស្វាមីសើច នាងជាអ្នកទះដៃ ពេលស្វាមីច្រៀង នាងជាអ្នកបន្ទរ....។ អ្នកត្រេកអរនឹងស្រីពេស្យា នាំឲ្យអស់ទ្រព្យសម្បត្តិ ប្រាក់កាស និង បែកបាក់គ្រួសារ (អាចនាំឲ្យប្រពន្ធផិតក្បត់ក៏មាន ) សុខភាពចុះថយជាលំដាប់ ប្រឈមមុខនឹងការឆ្លងរោគច្រើនប្រការ មានកាមរោគជាដើម និងត្រូវគេតិះដៀល (មើលងាយដល់កូន ) ។ ហេតុនេះបុរសមិនត្រេកអរនឹងប្រពន្ធខ្លួន ហើយទៅជក់ចិត្តជាប់ជួននឹងស្រីពេស្យា ទ្រុស្តនឹងប្រពន្ធកូនខ្លួន ជាប្រមុខនៃក្តិវិនាសទី៩ ។
១០- បុរសដែលមានវ័យចំណាស់ពេក ហើយមានតម្រេកដោយក្តីតណ្ហា នាំយកស្រីក្មេងធ្វើជាភរិយា
បុគ្គលដែលមានវ័យចំណាស់ចាស់ទៅហើយ យកមនុស្សវ័យក្មេងធ្វើជាភរិយា ឬ ជាស្វាមី, នៅចំពោះមុខប្រហែលជាមានគេសរសើរថាជាគោចាស់ប្រទះស្មៅខ្ចី ប៉ុន្តែជនជាសប្បុរស និង បណ្ឌិតទាំងឡាយរមែងតិះដៀល (មនុស្សទូទៅហៅថាចាស់ព្រើល) ។ ដោយហេតុតែការងប់ងល់នឹងភរិយា (ឬស្វាមី) ក្មេងនោះ ធ្វើឲ្យបុគ្គលចំណាស់នោះតែងខ្វល់ខ្វាយតែនឹងរឿងផ្គាប់ផ្គុន ទោះនាងធ្វើអ្វីខុសឆ្គង ក៏មិនហ៊ានប្រកាន់ ព្រោះខ្លាចនាងមិនសប្បាយចិត្ត នាងង៉ក់ងរ ម្ល៉ោះហើយចេះតែញាក់តាមមនោគតិរបស់នាង ដែលអាចឲ្យបុរសចំណាស់នោះហ៊ានប្រព្រឹត្តអកុសល និង អំពើអយសផ្សេងៗដើម្បីបំពេញចិត្តនាង ប៉ុន្តែអ្នកដទៃឆ្គងភ្នែក ឃ្នើសចិត្តក្រៃពេក ។ បើបុគ្គលនេះមានកូនប្រពន្ធស្រាប់ផងនោះ កូននិងប្រពន្ធមុខជាខ្ចាត់ខ្ចាយ និរាសចាកសុខជាប្រាកដ ។
ដោយហេតុតែរវល់នឹងរឿងផ្គាប់ផ្គុន ទើបមិនមានពេលគិតពិចារណារកធម៌អាថ៌សម្រាប់ខ្លួន ។ លុះពេលស្លាប់ទៅ យកទៅតាមខ្លួនតែបាបកម្ម ដោយសារផ្គាប់ចិត្តនាង ហើយស្លាប់ទាំងបិទភ្នែកមិនជិត ស្លាប់ទាំងអាឡោះអាល័យចំពោះភរិយាក្មេងខ្ចី ។ ប្រការនេះ មានរឿងតាជូជក ជាគំរូស្រាប់ ។ ហេតុនេះ បុរសដែលមានវ័យចំណាស់ ហើយមានតម្រេកតណ្ហានាំយកស្រីក្មេងធ្វើជាភរិយា ជាប្រមុខនៃក្តីវិនាសទី១០ ។
១១- បុរសអ្នកតាំងស្រី ឬ ស្ត្រីអ្នកតាំងបុរសដែលជាអ្នកលេងខ្ជះខ្ជាយ
ការតាំងស្រី ឬ តាំងបុរសអ្នកលេងខ្ជះខ្ជាយ បានដល់ការដែលយកស្ត្រី ឬ បុរសដែលជាបុគ្គលមានចិត្តគំនិតគិតតែពីរឿងស៊ីចាយសប្បាយហ៊ឺហា មិនខ្វល់ខ្វាយពីរឿងសិក្សារៀនសូត្រដើម្បីចាប់យកអាជីព ឬ ប្រកបការងារក្នុងការរកនិង រក្សាទ្រព្យសម្បត្តិ មិនត្រៀមខ្លួនសម្រាប់ជីវិតនាពេលខាងមុខជាដើម មកជាគូកំណាន់ ឬ ជាគូកៀកកើយ ជាគូមេត្រី ។ ប្រការនេះ នាំឲ្យបុគ្គលនោះរលាយទ្រព្យសម្បត្តិ និង សមត្ថភាពដែលមានស្រាប់នោះយ៉ាងលឿន ។ មិនយូរប៉ុន្មាន គេនឹងខ្សោះអស់ទ្រព្យ ធ្លាក់ខ្លួនក្រ ហើយ ក៏មិនដឹងថានឹងត្រូវធ្វើយ៉ាងណាដើម្បីក្រោកឈរវិញឡើយ ។ ស្ត្រី ឬ បុរសដែលខ្លួនតាំងជាគូគាប់នោះ ប្រហែលជាងាកមកមើលងាយ បញ្ឈឺបញ្ចើចបញ្ចើដាក់បុគ្គលនោះវិញ ហើយហក់ទៅសប្បាយហ៊ឺហាជាមួយអ្នកផ្សេងទៀត ។ ការតាំងស្រី ឬ តាំងបុរសដែលជាអ្នកលេងខ្ចះខ្ជាយ ជាប្រមុខនៃក្តីវិនាសទី១១ ។
១២- ជនអ្នកកើតក្នុងត្រកូលក្សត្រ ហើយក្រ ខ្សត់ធនធាន មានគំនិតគិតប៉ងជាក្សត្រ
ដោយសារតែចិត្តលោភលន់នេះ បុគ្គលដែលស្ថិតនៅក្នុងខត្តិយត្រកូល (ឬត្រកូលអ្នកដឹកនាំជាតិ) ជាត្រកូលដ៏ខ្ពង់ខ្ពស់រូបនេះ បង្កើតក្រុមបក្្ខពួកដើម្បីដណ្តើមរាជ សម្បត្តិ (ឬ អាសនៈជាអ្នកដឹកនាំជាតិ ) ដោយហេតុតែចង់សោយសុខលើគំនរភ្នំមាស ភ្នំប្រាក់ និង ភ្នំកាមសុខផ្សេងៗ ។ បុគ្គលនេះចង់បានជាក្សត្រ (ជាអ្នកដឹកនាំជាតិ) នេះមិនមែនដោយសារខ្លួនមានសមត្ថភាពដឹកនាំជាតិ ចំណែកអ្នកដឹកនាំកំពុងនៅក្នុងតំណែង ជាមនុស្សអសមត្ថភាព ឬ អ្នកអយុត្តិធម៌ជាដើមនោះទេ ការពិតគេចង់បានតំណែងនោះដោយសារតែគេចង់សោយសុខ ឬ ដោយហេតុល្មោភ ឬ ដោយភាពលង់ក្នុងការបញ្ជោររបស់អ្នកដទៃទាំងងងឹតងងល់តែប៉ុណ្ណោះ ។ ហេតុនេះ ប្រសិនបើបំណងរបស់គេបានសម្រេចមែននោះ បុគ្គលនេះមុខជាគ្មានធ្វើអ្វីសម្រាប់ជាតិ ក្រៅតែសប្បាយហ៊ឺហា ចាយបង្ហិនបង្ហោចទ្រព្យជាតិ បំផ្លាញច្បាប់រដ្ឋ បំផ្លាញភាពរលូននៃរចនាសម្ព័ន្ធនានា បំផ្លាញភាពសាន្តត្រាណរបស់សង្គមឡើយ ។ មិនយូរប៉ុន្មាន មុខជាមានការបះបោរ ហើយនឹងនាំយកបុគ្គលនេះទៅផ្តន្ទាទោសជាមិនខាន ។ ជួនកាលបុគ្គលនេះលុះក្នុងការលួងលោម បញ្ឆោតបញ្ជោរពីពួកខិលខូចក្រុមណាមួយឲ្យលង់ធ្វើបែបនេះ ដូចជាសរសើររឿយៗថា បុគ្គលនោះមានចរិត ប្ញកពា រូបរាង មុខមាត់ និង សមត្ថភាព...សក្តិសមនឹងឋានៈដ៏កំពូលនោះ ហើយថាពេញចិត្តផ្ញើវាសនា និង សន្យាថានឹងជួយបុគ្គលនោះឲ្យបានជោគជ័យដោយប្រការផ្សេងៗជាដើម ។
តាមពិត បុគ្គលនោះគ្រាន់តែជាឧបករណ៍នៃល្បែងដណ្តើមអំណាច ឬ ជាកម្មបទនៃការបំបែកបំបាក់សាមគ្គីភាពនៃរាជវង្ស (ឬគ្រួសារអ្នកដឹកនាំជាតិ ) តែប៉ុណ្ណោះ ។ ជាអកុសល បុគ្គលនោះដោយហេតុតែភាពល្ងង់ខ្លៅ ឬ ដោយហេតុតែភាពល្មោភ ទើបមិនយល់ពីឧបាយនេះ ក៏ក្លាយទៅជាសត្វមាន់ដែលជនទុច្ចរិតចាប់បញ្ជល់ជាមួយគ្នាឯង ។ ប៉ុន្តែដោយហេតុតែភាពល្ងង់ខ្លៅនេះ ប្រហែលជាមិនទាន់បានសម្រេចបំណងផង ក៏ត្រូវគេចាប់បញ្ចូលទ្រុង ឬ និរទេសបាត់ទៅហើយ ។
នៅក្នុងការឆ្លើយនឹងប្រស្នារបស់មនុស្ស និង ទេវតា ព្រះសម្មាសម្ពុទ្ធបានត្រាស់សម្ដែងថា ប្រមុខនៃក្តីវិនាស មាន១២ ប្រការយ៉ាងនេះឯង ។
----------------------------------------------------------------------------------------------------
(១) សំណាង = ការសាង គឺទង្វើដែលគេធ្វើ ឬ អ្វីដែលជាសមិទ្ធផលនៃការសាង ដូច្នេះពាក្យថា ព្រេងសំណាង មិនមែនសំដៅលើបុណ្យពីជាតិមុនតែម្យ៉ាងឡើយ គឺមានន័យ ថា អ្វីទាំងឡាយណាដែលគេបានធ្វើហើយពីកាលមុន ដោយរួមទាំងពីអតីតជាតិ និង ក្នុងជាតិនេះ ដូចជាកាលពីខែមុន ឆ្នាំមុន ជាដើមផងដែរ ។ ឧទាហរណ៍ ចំណេះវិជ្ជាដែលយើងបានសិក្សាហើយ ក៏ចាត់ទុកជាព្រេងសំណាងមួយដែរ ។ បើបុគ្គលណានិយាយថា ពឹងលើសំណាង មានន័យថា ពឹងលើអ្វីដែលគេធ្វើ ។
No comments:
Post a Comment