Wednesday, October 16, 2013

វិជ្ជា និងចរិយា

ការរៀនបានផលត្រឹមតែចេះដឹង មិនហួសពីចេះដឹងទៅទៀតទេ ។ រៀនទៅចេះតែប៉ុណ្ណោះ​អ្នករៀនចេះដឹងហើយ ទោះក្មេងក្ដីទោះចាស់ក្ដី រមែងមាននិស្ស័យសន្ដានចិត្តទៅតាមប្រក្រតីដើម​ ។ អ្នកប្រមឹកនៅតែប្រមឹកដដែល ព្រោះ​ថាអានុភាពនៃការចេះដឹង មិនអាច​បន្ទន់​និស្ស័យសន្ដានចិត្តនរជនដែលចេះដឹងឲ្យទោរទន់​ទៅតាមការ​ ចេះដឹងដោយឯកឯងបានឡើយ ។ តែដោយការចេះដឹងនេះជាបច្ច័យ នរជន​ទើបប្រតិបត្តិអប់រំនិស្ស័យខ្លួនឲ្យមានចរិយាល្អបាន ។ នរជនណាចេះហើយ មិនប្រតិបត្តិអប់រំនិស្ស័យខ្លួនឲ្យមានចរិយាល្អទេ, ចរិយាអាក្រក់នៃនរជននោះ ចេញមកខាង​ក្រៅបង្ហាញឲ្យគេឃើញច្បាស់ បានជាគេពោលថា “ចេះដឹងហើយម្ដេចក៏នៅប្រព្រឹត្តអាក្រក់​ទៀត? “ ។ វិញ្ញូជនអ្នកចេះដឹង បើឥតចរិយាល្អតើនឹងធ្វើអ្វីកើត? ដូចដាវមុននៅក្នុងស្រោម ។ ប្រទេសជាតិចម្រើនដោយសារតែពលរដ្ឋមានចរិយាល្អ ប្រទេសវិនាសក៏ព្រោះតែឥតចរិយាល្អ ។ ចរិយាល្អនេះមានតម្លៃប្រសើរបំផុត ។ ចរិយាគឺអ្វី?​ការប្រព្រឹត្តទៅតាមគន្លងធម៌ ការប្រព្រឹត្តសេចក្ដីល្អ​ទៅតាមទំនងខ្លួនជាមនុស្ស តម្កល់ខ្លួនឲ្យ​នៅក្នុងមនុស្សធម៌ មាន​កាយវាចាចិត្តស្ងប់សុភាពរៀបរយ មានមេត្តាករុណាចំពោះសត្វ ព្យាយាម​រៀន ព្យាយាមធ្វើការ មានះក្នុងការងារ មានសច្ចៈក្នុងការងារ ។ល។ ទាំងអស់​នេះ​​ហៅថា ចរិយា ។
ដកស្រង់ពីសៀវភៅ៤០សរសេរតាមសូត្ររបស់ រ.គោវិទ ព.ស២៤៩៩ គ.ស១៩៥៦

No comments: