ការសិក្សាអំពីអតីតកាល

ការសិក្សាអំពីអតីតកាលគឺផ្អែកទៅលើអ្វីដែលមនុស្សបានបន្សល់ទុក ដែលគេហៅថា បុរាណវិទ្យា។ បុរាណវិទូរុករកទីកន្លែងជាច្រើនដែលមនុស្សធ្លាប់បានរស់នៅ ធ្វើការ និង បានវាយប្រយុទ្ធគ្នា។ ពួកគេពិនិត្យនូវរបស់របរដែលមនុស្សបានបន្សល់ទុកនៅទីកន្លែងទាំងនេះ ដើម្បីសិក្សាថាតើរបស់របរទាំងអស់នោះអាចប្រាប់ពីអតីតកាលបានយ៉ាង ដូចម្តេច។
ការយល់ដឹងតាមរយៈប្រវត្តិសាស្ត្រ
ការដឹងអំពីអតីតកាលអាចជួយឲ្យអ្នកយល់ដឹងអំពីពិភពលោកបច្ចុប្បន្ន។ ប្រវត្តិសាស្ត្រក៏អាចបង្រៀនអ្នកអំពីខ្លួនអ្នកផ្ទាល់ផងដែរ។ ចុះបើអ្នកពុំបានយល់អំពីអតីតកាលខ្លួនឯងវិញ? អ្នកមិនបានដឹងនូវអ្វីដែលធ្វើឲ្យអ្នកមានមោទនភាពអំពីខ្លួនរបស់ អ្នកផ្ទាល់ឡើយ។ អ្នកមិនបានដឹងថាតើកំហុសអ្វីដែលអ្នកមិនគួរឲ្យកើតមានជាថ្មី ម្តងទៀត។
ប្រវត្តិសាស្ត្រមានសារៈសំខាន់សម្រាប់ក្រុមនានា។ តើមានអ្វីកើតឡើងបើប្រទេសមួយចំនួនមិនមានកំណត់ត្រាអំពីអតីតកាល របស់គេ? ប្រជាជននឹងមិនចងចាំនូវជោគជ័យ ឬ សោកនាដកម្ម ពីជាតិរបស់គេឡើយ។ ប្រវត្តិសាស្ត្រកំណត់រូបរាងអត្តសញ្ញាណរបស់យើង និង បង្រៀនយើងអំពីគុណតម្លៃដែលយើងមានរួមគ្នា។
ប្រវត្តិសាស្ត្រក៏បង្រៀនអំពីវប្បធម៌ដែលមិនទំនងជារបស់អ្នក ផ្ទាល់ផងដែរ។ ការសិក្សាអំពីប្រវត្តិរបស់មនុស្សផ្សេងអាចជួយអ្នកឲ្យមានការគោរព និង យល់អំពីគំនិតយោបល់ផ្សេងៗគ្នា។ អ្នកក៏នឹងសិក្សាដើម្បីយល់ផងដែរអំពីរបៀបដែលព្រឹត្តិការណ៍ បច្ចុប្បន្នត្រូវបានកំណត់រូបរាងដោយព្រឹត្តិការណ៍ពីអតីតកាល។ ប្រវត្តិសាស្ត្រលើកទឹកចិត្តអ្នកឲ្យសួរសំណួរសំខាន់ៗជាច្រើន។
ការប្រើប្រាស់តម្រុយ
យើងសិក្សាអំពីប្រវត្តិសាស្ត្រពីប្រភពផ្សេងៗគ្នា។ ផូស៊ីល ដូចជាឆ្អឹង ឬក៏ស្នាមដានជើងដែលបានរក្សាទុកនៅលើថ្មផ្តល់ឲ្យយើងនូវតម្រុយ ពីជីវិតដែលមានជាយូរលង់កន្លងមក។ វត្ថុបុរាណ ដូចជាឧបករណ៍ ឬ ប្រដាប់ប្រដាផ្សេងៗ កាក់ ឬ កុម្ភការភណ្ឌ ក៍ផ្តល់ព័ត៌មានឲ្យយើងផងដែរ។ សំណេរបានបង្រៀនយើងយ៉ាងច្រើន។
សំណេរអាចជាប្រភពដ៍សំខាន់ (ដោយនរណាម្នាក់ដែលបានចូលរួម ឬក៏ជាសាក្សីនៅក្នុងព្រឹត្តិការណ៍អ្វីមួយ) ឬក៏ប្រភពបន្ទាប់បន្សំ (ព័ត៌មានដែលបានប្រមូលផ្តុំដោយបុគ្គលណាម្នាក់ដែលមិនបានចូលរួម ឬក៏ជាសាក្សីនៅក្នុងព្រឹត្តិការណ៍អ្វីមួយ)។
ផ្នែកទី ២៖ ការសិក្សាអំពីភូមិសាស្ត្រ
ទំនាក់ទំនងនៃទីកន្លែង និង មនុស្ស
ដើម្បីចង់ដឹងនូវអ្វីដែលបានកើតឡើងពីអតីតកាល អ្នកត្រូវដឹងអំពីទីកន្លែងដែលព្រឹត្តិការណ៍បានកើតឡើង និង មនុស្សដែលជាប់ពាក់ព័ន្ធ។ ហេតុដូច្នេះហើយទើបអ្នកប្រវត្តិសាស្ត្រសិក្សាអំពីរូបរាងរបស់ភព ផែនដី និង លក្ខណៈពិសេសៗនៃវប្បធម៌ ដូចជាភ្នំ ទន្លេ មនុស្ស ទីក្រុង និង ប្រទេស។ ការសិក្សាប្រភេទនេះគេហៅថា ភូមិសាស្ត្រ។
ភូមិសាស្ត្រមានផ្នែកសិក្សាសំខាន់ៗពីរ។ សណ្ឋានភូមិសាស្ត្រ គឺជាការសិក្សាអំពីភពផែនដី និង លក្ខណៈពិសេសមួយចំនួនទៀត។ ភូមិសាស្ត្ររបស់មនុស្ស គឺជាការសិក្សាអំពីមនុស្ស និង ទីកន្លែងដែលគេរស់នៅ។ អ្នកសិក្សាអំពីសណ្ឋានភូមិសាស្ត្រសិក្សាអំពីបរិស្ថានដែលរាប់បញ្ចូល ទាំងវត្ថុដែលមានជីវិត និង គ្មានជីវិត ដែលមានឥទ្ធិពលដល់ជីវិតរស់នៅក្នុងតំបន់មួយ។ លក្ខណៈពិសេសសំខាន់បំផុតសម្រាប់អ្នកសិក្សាសណ្ឋានភូមិសាស្ត្រនោះគឺ សណ្ឋានផែនដី និង លក្ខណៈធម្មជាតិពិសេសរបស់ផ្ទៃផែនដី។ អ្នកសិក្សាសណ្ឋានភូមិសាស្ត្រក៏បានសិក្សាអំពីបរិស្ថាន និង លក្ខណៈធាតុអាកាសនៅក្នុងតំបន់ជាក់លាក់ណាមួយ ក្នុងអំឡុងពេលដ៏យូរលង់មួយផងដែរ។ អ្នកឯកទេសខាងភូមិសាស្ត្រមនុស្ស សិក្សាអំពីសំណួរដែលមានការចាប់អារម្មណ៍ជាច្រើនអំពីរបៀបដែលមនុស្ស និង បរិស្ថានមានឥទ្ធិពលលើគ្នា។
ការសិក្សាអំពីទីកន្លែង
គ្មានទីកន្លែងពីរណាដែលមានលក្ខណៈដូចគ្នាបេះដាក់នោះទេ។ ហេតុដូច្នេះហើយទើបភូមិវិទូព្យាយាមចង់ដឹងថាតើទីកន្លែងដែលខុសគ្នា នីមួយៗអាចប៉ះពាល់យ៉ាងដូចម្តេចដល់ប្រជាជន ឬក៏ក្រុមមនុស្ស។ ភូមិវិទូប្រើប្រាស់ផែនទីដើម្បីសិក្សា និង ប្រៀបធៀបអំពីទីកន្លែងទាំងនោះ។ ផែនទីគឺជាការគូរនៃតំបន់មួយ។ ផែនទីមួយចំនួនបង្ហាញអំពីលក្ខណៈរូបសាស្ត្រពិសេស ដូចជា ភ្នំ ព្រៃព្រឹក្សា និង ទន្លេបឹងបួរ។ ផែនទីមួយចំនួនផ្សេងទៀតបង្ហាញអំពីទីក្រុង និង ព្រំប្រទល់របស់រដ្ឋ ឬក៏ប្រទេស។ ការសិក្សាអំពីទីកន្លែង ជាញឹកញាប់ ដឹងតាមការសិក្សាអំពីតំបន់នានា ឬ ទីកន្លែងដែលមានលក្ខណៈពិសេសមួយ ឬ ពីរ ដែលធ្វើឲ្យទីកន្លែងទាំងនោះ មានការខុសប្លែកពីទីកន្លែងដែលនៅជុំវិញ។
ភូមិសាស្ត្រ និង ប្រវត្តិសាស្ត្រ
ភូមិសាស្ត្រផ្តល់ឲ្យយើងនូវតម្រុយដ៍សំខាន់ៗអំពីមនុស្ស និង ទីកន្លែងដែលកើតមុនយើង។ តាមការអង្កេត យើងអាចដាក់ផ្តុំបញ្ចូលគ្នានូវព័ត៌មានយ៉ាងច្រើនអំពីវប្បធម៌ ជំនាន់ដើម ដោយការដឹងអំពីទីកន្លែងដែលមនុស្សបានរស់នៅ និង ថាតើកន្លែងនោះមានសណ្ឋានដូចម្តេច។ មនុស្សជំនាន់ដើមបានតាំងទីលំនៅនៅកន្លែងជាច្រើនដែលសម្បូរទៅដោយ ធនធានធម្មជាតិ។ ធនធានគឺជាសម្ភារៈមាននៅលើផែនដីដែលមនុស្សត្រូវការ និង ឲ្យតម្លៃ។ ធនធានរួមមានទឹក សត្វពាហនៈ ដីសម្រាប់ធ្វើស្រែចម្ការ ថ្មសម្រាប់ធ្វើឧបករណ៍ផ្សេងៗ និង លោហធាតុជាដើម។ លក្ខណៈពិសេស និង ធនធានមានឥទ្ធិពលដល់ការអភិវឌ្ឍន៍នៃវប្បធម៌ និង ការរីកលូតលាស់នៃអារ្យធម៌។ ទំនាក់ទំនងរវាងភូមិសាស្ត្រ និង មនុស្សគឺមិនមែនផ្នែកតែមួយទេ។ មនុស្សជះឥទ្ធិពលលើបរិស្ថានរបស់គេទាំងវិជ្ជមាន និង អវិជ្ជមាន។
ផ្នែកទី ៣៖ តម្រុយពីអតីតកាល
តើប្រវត្តិវិទូធ្វើអ្វី?
ប្រវត្តិវិទូជាច្រើនរូបចង់សិក្សាឲ្យបានច្បាស់អំពីរបៀបនៃ ការរស់នៅរបស់មនុស្សម្នាក់ៗ។ ពួកគេថែមទាំងធ្វើការពិចារណាលើអត្តចរិករបស់ក្រុមមនុស្សទាំងអស់នោះ ថាតើបានប្រព្រឹត្តយ៉ាងដូចម្តេចខ្លះ។ ប្រវត្តិសាស្ត្រគឺទាំងអំពីបច្ចុប្បន្នកាល និង អតីតកាលដ៏យូរលង់។ ប្រភពចម្បង ឬ ប្រភពបន្ទាប់បន្សំ ផ្តល់នូវតម្រុយយ៉ាងច្រើនដែលអាចជាចម្លើយនៃសំនួរទាំងឡាយដែល ពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ។ ប្រភពចម្បងរួមមានសិន្ធិសញ្ញាសន្តិភាព ឯកសារផ្សេងៗរបស់តុលាការ សៀវភៅកំណត់ហេតុប្រចាំថ្ងៃ និង លិខិតស្នាមផ្សេងៗ។ សៀវភៅសិក្សា និង សព្វវចនាធិប្បាយគឺជាប្រភពបន្ទាប់បន្សំ។
ការសិក្សាប្រវត្តិសាស្ត្រអាចមានការលំបាកដូចការផ្គុំឡើងវិញនូវ បំណែកតូចៗនៃល្បែងផ្គុំរូបដែលបំណែកជាច្រើនរកមិនទាន់ឃើញ។ ប្រវត្តិវិទូចង់ដឹងអំពីរបៀប ពេលវេលា ទីកន្លែង និង មូលហេតុដែលមនុស្សម្នាក់ៗ និង ក្រុមមនុស្សទាំងឡាយបានប្រព្រឹត្ត ដូចដែលពួកគេបានធ្វើកន្លងមក។
តើបុរាណវិទូធ្វើអ្វី?
បុរាណវិទ្យាក៏បានបង្ហាញផងដែរនូវព័ត៌មានអំពីអតីតកាល។ បុរាណវិទូសិក្សាបុរាណវិទ្យា។ ពួកគេធ្វើពិសោធន៍លើផូស៊ីលដែលនៅសេសសល់ ដូចជាៈ គ្រោងឆ្អឹងចាស់ៗ និង ស្នាមជើងនៅលើថ្ម ដើម្បីទទួលព័ត៌មានអំពីជីវិតនៅក្នុងយុគសម័យដើម។
បុរាណវិទូមើលលើវត្ថុបុរាណដែលបានបង្កើតឡើងដោយមនុស្សដើម្បី ប្រមូលព័ត៌មានឲ្យបានច្រើន។ ឧទាហណ៍ វត្ថុបុរាណដូចជា៖ ចុងព្រួញ កាក់ និង ឧបកណ៏ផ្សេងៗទៀត។ ពាក្យថាវត្ថុវប្បធម៌ពិពណ៌នាអំពីការប្រមូលផ្តុំវត្ថុបុរាណដែលជាប់ ពាក់ព័ន្ធ។ កន្លែងដែលមានវត្ថុបុរាណទាំងនោះគឺបានបង្ហាញនូវព័ត៌មានបន្ថែម អំពីរបៀបដែលមនុស្សប្រើប្រាស់ពួកវា។
ប្រភពនៃតម្រុយផ្សេងទៀត
ប្រវត្តិវិទូ និង បុរាណវិទូបានសហការគ្នាសិក្សាអំពីប្រវត្តិសាស្ត្រ។ ប្រភពសំណេរផ្សេងៗ ជួយបុរាណវិទូឲ្យរកឃើញកន្លែងដែលមានវត្ថុបុរាណ។ វត្ថុវប្បធម៌ជួយប្រវត្តិវិទូឲ្យយល់ច្បាស់អំពីអ្វីដែលពួកគេបាន អាន។
រឿង និង រឿងព្រេង ពេលខ្លះជួយដល់ប្រវត្តិវិទូ និង បុរាណវិទូក្នុងការស្រាវជ្រាវ។ ឧទាហរណ៍ អ្នកប្រហែលជាបានឮ ឬ បានអានរួចហើយអំពីដំណើររឿងរបស់ស្តេចអាតធឺ។ នៅមជ្ឈឹមសម័យ (ស.វ ទី៥ ដល់ ស.វ ទី១៤) មិនមានស្តេចនេះទេ។ ទោះជាយ៉ាងនេះក្តី ដោយសារតែមានរឿងព្រេងជាច្រើនអំពីស្តេចអាតធឺ ប្រវត្តិវិទូក៏បានស្រាវជ្រាវឯកសារចាស់ៗអំពីអតីតកាលរបស់ប្រទេស អង់គ្លេស។ ឯកសារទាំងនោះបានបង្ហាញថា អ្នកចម្បាំងដែលរស់នៅប្រហែលក្នុងសតវត្សរ៍ឆ្នាំ ៥០០ នៃគ្រិស្តសករាជ អាចនឹងបង្កើតរឿងព្រេងនេះឡើង។
តម្រុយដែលអាចនាំទៅរកការរកឃើញដ៏អស្ចារ្យគឺបានចង្អុលបង្ហាញ តាមរយៈរឿងព្រេងនិទាន។ អ្នកសិក្សាកំពុងតែស្រាវជ្រាវរកផ្នូររបស់អ្នកចម្បាំង ហ្សាំង ស៊ឺខាន់នៅប្រទេសម៉ុងហ្គោលី ដោយផ្អែកលើការងាររបស់ពួកគេតាមរឿងព្រេងនៃការតម្កល់សពរបស់គាត់។
សូម្បីតែសំណាងក៏ជាផ្នែកមួយនៃការរកឃើញបែបប្រវត្តិវិទ្យា និង បុរាណវិទ្យាដែរ។ នៅពេលដែលមនុស្សកំពុងជីកកកាយលើវាលស្រែ គេក៏បានឃើញវត្ថុបុរាណប្រវត្តិសាស្ត្រ និង បុរាណវត្ថុសំខាន់ដែលកប់ទុកក្នុងដី។
ផ្នែកទី ៤៖ ការដាក់បញ្ចូលគ្នានូវតម្រុយផ្សេងៗ
ការប្រើប្រាស់ព័ស្តុតាង
ប្រវត្តិវិទូ បុរាណវិទូ និង អ្នកជំនាញ បានសួរថាតើមានអ្វីខ្លះដែលបានកើតឡើងនៅអតីតកាល។ ពួកគេបានប្រមូលផ្តុំនូវតម្រុយផ្សេងៗ និង សិក្សាពួកវាដើម្បីរកព័ត៌មានអំពីសង្គមនៅសម័យដើម។ ការស្វែងយល់អំពីសង្គមពាក់ព័ន្ធទៅនឹងការសិក្សារចនាសម្ពន្ធសង្គម។ គ្រួសារដើរតួនាទីយ៉ាងសំខាន់នៅក្នុងរចនាសម្ពន្ធសង្គម។ អក្សរសាស្ត្រ និង សិល្បៈ ជារើយៗ បានបង្ហើបឲ្យឃើញនូវជីវិតនៃគ្រួសារនៅក្នុងសង្គមសម័យដើម។
សន្ទរកថារបស់អ្នកនយោបាយ ប្រាប់យើងឲ្យដឹងអំពីនយោបាយនៅអតីតកាល។ សន្ទរកថារបស់អ្នកនយោបាយក្រិច បង្ហាញថាពួកក្រិចឲ្យតម្លៃលើប្រជាធិបតេយ្យ និង សេរីភាព។ តម្រុយក៏មានលើវត្ថុបុរាណផងដែរ។ បើគេរកឃើញប្រាក់កាក់រ៉ូម នៅក្នុងចិន ហើយប្រាក់កាក់ចិននៅក្នុងចក្រភពរ៉ូម ប្រវត្តិវិទូអាចបញ្ជាក់ថាចិន និង ចក្រភពរ៉ូមមានទំនាក់ទំនងសេដ្ឋកិច្ចនឹងគ្នា។
ជំនឿ និង តម្លៃ
ប្រភពជាច្រើនបានបង្ហើបឲ្យឃើញនូវជំនឿ និង តម្លៃរបស់សង្គម។ ការបង្រៀនរបស់ខុងជឺបង្ហាញអំពីភាពសំខាន់របស់គ្រួសារនៅក្នុងសង្គម ចិន។ ការបកប្រែភាសាបុរាណមានការលំបាកណាស់សម្រាប់ប្រវត្តិវិទូ។ ឧទាហរណ៍ល្អបំផុតដែលបង្ហាញអំពីកិច្ចការនេះគឺនៅលើផ្ទាំងថ្ម រ៉ូសេតា នៃអេហ្ស៊ីប។ វាបន្សល់ទុកនូវសារដូចគ្នានៅក្នុងក្រិច និង ប្រភេទពីរនៃសំណេររបស់អេហ្ស៊ីប។ អ្នកសិក្សាអាចអានភាសាក្រិច ហើយអាចបកប្រែនូវសារទាំងនោះបាន។
សិល្បៈនៃសង្គមអាចបង្ហើបឲ្យឃើញនូវជំនឿសាសនា។ ប្រជាជនអេហ្ស៊ីបបានរក្សាទុកវត្ថុមានតម្លៃ ដូចជា គ្រឿងសង្ហារឹម និង គ្រឿងអលង្ការនៅក្នុងផ្នូរ។ ព័ស្តុតាងនោះប្រាប់ថាប្រជាជនអេហ្ស៊ីបជឿលើជីវិតបន្ទាប់ពី ការស្លាប់់។ ស្ថាបត្យកម្មក៏បង្ហាញលក្ខណៈជាក់លាក់មួយចំនួនអំពីសង្គមផងដែរ។ រូបចម្លាក់អត្តពលកររបស់ក្រិចបង្ហាញថាពួកក្រិចឲ្យតម្លៃលើកីឡា។ ពេលខ្លះ បុរាណវិទូរកឃើញវត្ថុដែលមិនមានគោលបំណងជាក់លាក់។ ជាញឹកញាប់ អ្នកជំនាញជំទាស់នឹងអត្ថន័យនៃវត្ថុទាំងនោះ។
របកគំហើញថ្មីៗ
អ្វីដែលយើងគិតអំពីប្រវត្តិសាស្ត្រនោះគឺថាជានិច្ចកាលតែងតែមាន ការផ្លាស់ប្តូរ។ ព័ស្តុតាងប្រវត្តិសាស្ត្រថ្មីៗជាច្រើនបានផ្តល់ឲ្យយើងនូវព័ត៌មាន ថ្មីៗអំពីព្រឹត្តិការណ៍ផ្សេងៗដែលបានកើតឡើង។ ឆ្អឹងរបស់មនុស្សដែលចាស់បំផុតត្រូវបានគេរកឃើញនៅអាហ្វ្រិក ហើយសហរដ្ឋអាមេរិកប្រាប់យើងថា ការអភិវឌ្ឍន៍របស់មនុស្សលោកបានកើតឡើងមុនអ្វីដែលយើងបានគិតពី មុន។
គំហើញបុរាណវិទ្យាថ្មីៗអាចរំលឹកឡើងវិញនូវទស្សនៈរបស់យើងចំពោះ ប្រវត្តិសាស្ត្រ។ មានពេលមួយនោះ អ្នកសិក្សាបានជឿថា ម៉ាយា គឺពោរពេញទៅដោយសន្តិភាព ប៉ុន្តែ គំហើញនៃកំណត់ត្រារបស់ពួកគេថ្មីៗនេះបង្ហាញថាអ្នកដឹកនាំម៉ាយ៉ា ជារឿយៗតែងតែធ្វើសង្គ្រាមជាមួយប្រទេសជិតខាងរបស់ខ្លួន។
ការបកស្រាយថ្មីៗ
ប្រវត្តិវិទូផ្លាស់ប្តូរទស្សនៈរបស់ខ្លួនតាមពេលវេលា ទីកន្លែង និង វប្បធម៌ ដែលពួកគេរស់នៅជាមួយ។ បច្ចុប្បន្ននេះ យើងឃើញថា ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋ អាមេរិក ប៉ុន្តែនៅអតីតកាល ការរួមចំណែករបស់ពួកគេទាក់ទងនឹងកំណត់សម្គាល់តែបន្តិចបន្តួច ប៉ុណ្ណោះ។ គំនិតទូលាយ និង មានចម្ងល់ច្រើន គឺមានភាពចាំបាច់ក្នុងការជួយដល់ប្រវត្តិវិទូធ្វើការពិចារណាទៅលើ ព័ស្តុតាងថ្មីៗក្នុងការវាយតម្លៃអតីតកាល។
(អត្ថបទខាងលើដកស្រង់ចេញពីកម្មវិធីសិក្សាប្រវត្តិវិទ្យា ថ្នាក់ទី ៦ នៅសហរដ្ឋអាមេរិក)
No comments:
Post a Comment