បានជាគេនិយមកសាងវត្តនៅទីទាំងឡាយនោះព្រោះ ៖
»ទីមួយ ប្រទេសកម្ពុជាយើង
ជាប្រទេសទំនាប ភ្លៀងច្រើន មានទឹកលិចច្រើននៅរដូវវស្សា ។ ភូមិសាស្រ្ដបែបនេះ
តម្រូវឲ្យគេជ្រើសរើសរកកន្លែងខ្ពស់ មិនលិចទឹកកសាងវត្តអារាម
ដើម្បីងាយដល់ការធ្វើបុណ្យសុន្ទរ៍ទានទាំងឡាយ ។
គេអាចធ្វើដំណើរទៅកាន់ទីនោះបាន តាមផ្លូវគោកនៅរដូវប្រាំង ។
»ទីពីរ ទីកន្លែងនោះ
ច្រើនមានប្រភពទឹកនៅក្បែរ ជាទីប្រជុំនៃមនុស្សសត្វផងទាំងឡាយ នៅរដូវរាំងស្ងួត ។
គេនាំគ្នាទៅទីនោះបានផលប្រយោជន៍ច្រើនគឺ ទៅវត្តផង យកសត្វទៅឲ្យផឹកទឹកផង
ងូតខ្លួនឯងផង ដងទឹកយកទៅបរិភោគផង ហើយមានពេលខ្លះបេះបន្លែវារីជាតិ(មាន ឈូក
ប្រលិត លំចង់ ស្បង្ក័ជ )ទៅបរិភោគផង ។
»ទីបី គឺជាកន្លែងដែលធ្លាប់គោរពបូជា តាំងពីបុរាណកាលតៗមក ។ យើងសង្កេតឃើញថាមានវត្តជាច្រើន ដែលកសាងឡើងលើដំណែលចាស់ពីបុរាណ ។
ឧ. វត្តនៅទន្លេបាទី វត្តនៅបរិវេណប្រាសាទអង្គរវត្ត ។ល។
»ទីបួន វត្តជាកន្លែងស្ងប់ស្ងាត់ ត្រជាក់ត្រជុំ មានព្រៃឈើ ដែលគេហៅថា “អារាម” ពិសេសទីទួលដែលមានព្រៃស្រាប់ នោះជាកន្លែងសមស្របមុនគេ ។
»ទីប្រាំ វត្តអារាម
ជាកន្លែងដែលមានបារមីនៃព្រះពុទ្ធជាបរមគ្រូ ជាឃ្លាំងនៃធម៌វិន័យ
ដែលប្រជាជនខ្មែរមានជំនឿថាអាចកំចាត់ បិសាច ខ្មោច ព្រាយ អសុរកាយបាន ។
រីឯទីទួលព្រៃស្មសាន ច្រើនជាកន្លែងដែលប្រជាជនខ្លាចរអែង
ធ្វើឲ្យអារម្មណ៍របស់ប្រជាជនមិនស្ងប់ ។
ដូច្នេះព្រះសង្ឃដែលតំណាងនូវសេចក្ដីលះបង់ តំណាងនៃសេចក្ដីពិតសច្ជៈ
ដែលមិនចេះខ្លាចខ្មោច ព្រាយ បិសាច លោកតែងទៅតាំងទីធ្វើសំណាក់កម្មដ្ឋានធុតង្គ
ដើម្បីកម្ចាត់ពួកព្រាយអសុរកាយនៅទីនោះ ។
ក្រោយមកគេក៏នាំគ្នាកសាងវត្តនៅទីនោះទៅ ។ វត្តបានទៅជាការធានារ៉ាប់រង
ជាទីពំនាក់ផ្នែកផ្លូវចិត្តរបស់ប្រជាជន ។
No comments:
Post a Comment