បុព្វបទ (បុប ពៈ បត់) គឺជានិបាតសព្ទ ឬ អក្សរដែលដាក់ភ្ជាប់ពីខាងដើមនៃស័ព្ទឯទៀត, ជាជំនួយសព្ទនោះឲ្យមានសេចក្ដីប្រាកដដោយឡែក ឬបំបែរសេចក្ដីឲ្យឃ្លាតផ្សេងពីប្រក្រតីដើម ។
ខាងភាសាបាលីសំស្រ្កឹតក៏មានបុព្វបទ ខាងភាសាខ្មែរយើងក៏មានបុព្វបទដែរ ប៉ុន្ដែនៅក្នុងទីនេះមិនបានយកបុព្វបទរបស់សំស្រ្កឹតនិងភាសាខ្មែរមកចុះទេ សូមចុះតែបុព្វបទក្នុងភាសាបាលីតែប៉ុណ្ណោះ ដែលភាគច្រើនមានប្រើក្នុងភាសាខ្មែរយើង ដែលយើងគួរតែចងចាំទុកទាំងអស់គ្នា ។
បុព្វបទទាំងអស់នោះមានដូចខាងក្រោម ៖
» អ = មិន មិនមាន គ្មាន…
អ + រូប = អរូប (មិនមានរូប)
អ + យុត្ដិធម៌ = អយុត្ដិធម៌ (គ្មានយុត្ដិធម៌)
អ + កតញ្ញូ = អកតញ្ញូ (មិនដឹងគុណ)
»អតិ = បំផុត, កន្លង, ក្រៃពេក, ពេក…
អតិ + សុខុម = អតិសុខុម (ល្អិតកន្លង, ល្អិតបំផុត )
អតិ + ពាក្យ = អតិពាក្យ (សម្ដីហួសហេតុ)
អតិ + បរមា = អតិបរមា (កម្រិតយ៉ាងច្រើន, យ៉ាងខ្ពស់)
»អធិ = ក្រៃលែង, លើសលប់, នៅ, លើ ….
អធិ + បតី = អធិបតី (អ្នកដែលជាធំ, ជាម្ចាស់លើគេ, ជាប្រធាន, ជាប្រមុខ…)
អធិ + ការ = អធិការ (ការបំពេញកុសលដ៏ក្រៃលែង, អ្នកគ្រប់គ្រង, អ្នកត្រួតត្រា…)
អធិ + ចិត្ត = អធិចិត្ត (ចិត្តថ្នាក់ខ្ពស់)
»អនុ = តាម, តូច, បន្ទាប់, រង…
អនុ + មតិ = អនុមតិ (ការយល់ព្រម)
អនុ + ប្រធាន = អនុប្រធាន (ប្រធានបន្ទាប់, ប្រធានរង)
អនុ + លោម = អនុលោម (ព្រមតាម)
»អប = ប្រាសចាក, អត់, គ្មាន….
អប + មង្គល = អបមង្គល (ដែលប្រាសចាក ឬឃ្វាងចាកមង្គល, ដែលឥតមង្គល)
អប + យស = អបយស (ដែលប្រាសចាកយស គឺដែលខូចឈ្មោះ…)
អប + លក្ខណ៍ = អបលក្ខណ៍ (ដែលប្រាសចាកលក្ខណៈល្អ..)
»ឧប = ជិត, រង, បន្ទាប់….
ឧប + នាយករដ្ឋមន្រ្តី = ឧបនាយករដ្ឋមន្រ្តី (នាយករដ្ឋមន្រ្តីបន្ទាប់ ឬ រង )
ឧប + ការី = ឧបការី (អ្នកទំនុកបម្រុង, អ្នកផ្គត់ផ្គង់ ឬផ្ចុងផ្ដើម)
ឧប + ទ្វីប = ឧបទ្វីប ( កោះតូច, កោះរង, កោះបន្ទាប់កោះធំ )
»ទុ ឬ ទុរ = អាក្រក់, ក្រ, លំបាក…
ទុរ + យស = ទុយ៌ស = ទុរយស (ដំណើរខូចយស, ថ្លោះធ្លាក់យស)
ទុរ + ភិក្ស = ទុរ្ភិក្ស = ទុរភិក្ស (ដំណើរក្របាយ, ដំណើរអត់បាយ ឬអត់ឃ្លាន)
ទុរ + ជន = ទុជ៌ន = ទុរជន (ជនអាក្រក់, ជនចិត្តអាក្រក់…)
»និ ឬ និរ = ឥត, ចេញ…
និរ + ទុក្ខ = និរទុក្ខ (ដែលឥតទុក្ខ, ឥតព្រួយ)
និរ + ភ័យ = និរភ័យ (ដែលឥតភ័យ, ឥតខ្លាច)
និរ + ទេស = និរទេស ( ដំណើរបំបរបង់ឲ្យចេញពីស្រុក)
»ប្រតិ ឬ បដិ = បញ្ច្រាស, ផ្ទុយ, ជិត, លើ…
បដិ + បក្ខ = បដិបក្ខ ( បក្ខប្រឆាំង, ពួកជំទាស់)
ប្រតិ + កម្ម = ប្រតិកម្ម (អំពើប្រឆាំង, អំពើតតបត្រឡប់មករកវិញ)
បដិ + លោម = បដិលោម (ដំណើរច្រាសមកវិញ )
»បរ = ឆ្ងាយ, ឯនាយ, ផ្សេង, ដទៃ, ក្រៅ…
បរ + ទេស = បរទេស (ប្រទេសក្រៅ, ប្រទេសដទៃ)
បរ + លោក = បរលោក (លោកឯមុខ )
បរ + បក្ស = បរបក្ស ( បក្សផ្សេង, បក្សដទៃ )
»បរិ = ជុំវិញ, សព្វគ្រប់, ណាស់…
បរិ + សុទ្ធ = បរិសុទ្ធ (ដែលស្អាត, ឥតសៅហ្មង)
បរិ + វេណ = បរិវេណ ( ទីជិតខាងដែលព័ទ្ធជុំវិញ)
បរិ + វារ = បរិវារ (អ្នកចោមរោមកំដរ, អ្នកហែហមជាកិត្តិយស..)
»វិ = ខុស, ប្លែក, ផ្សេង, ប្រាកដ…
វិ + កាល = វិកាល (កាលខុស)
វិ + សេស = វិសេស (សេចក្ដីប្លែក, អ្វីៗដែលប្លែក)
វិ + ការ = វិការ (ការប្រែប្រួល)
»សុ = ងាយ, ស្រួល, ល្អ…
សុ + ជាតិ = សុជាត (ដែលកើតល្អ, ដែលដុះល្អ, ដែលលូតលាស់ល្អ)
សុ + គន្ធ = សុគន្ធ (ក្លិនក្រអូប)
សុ + ភាសិត = សុភាសិត (ពាក្យពីរោះ)
»សំ = ព្រម, ជាមួយ…
សំ + វាស = សំវាស (ការនៅរួមគ្នា)
សំ + វេគ = សំវេគ (សេចក្ដីស្លុតចិត្ត)
សំ + យោគ = សំយោគ ( ការផ្សំ)
»សហ = ព្រម, ជាមួយ, រួមគ្នា…
សហ + ភាព = សហភាព (ភាពជាមួយគ្នា)
សហ + ការី = សហការី (អ្នកធ្វើការជាមួយ)
សហ + ពន្ធន = សហពន្ធន (ការចងភ្ជាប់ជាមួយគ្នា)
No comments:
Post a Comment