តួនាទីមាតាបិតា៥យ៉ាង
តួនាទីមាតាបិតា៥យ៉ាង
មាតាបិតាជាមនុស្សសំខាន់នៅក្នុងគ្រួសារ
ជាអ្នកដើរតួយ៉ាងសកម្មក្នុងការទទួលខុសត្រូវអប់រំនិងថែទាំកូន ដោយបំពេញនូវកាតព្វកិច្ច
៥ប្រការសម្រាប់សង្រ្គោះបុត្រធីតាគឺ៖
ទី១៖
មាតាបិតាគប្បីហាមកូនឲ្យវៀរអំពើបាប ក្នុងពេលដែលកូនធ្វើអំពើអាក្រក់
ត្រូវហាមឃាត់កូនយ៉ាងម៉ឺងម៉ាត់ មិនបណ្ដែតបណ្ដោយឲ្យកូនធ្វើតាមអំពើចិត្ត
ឧស្សាហ៍ព្យាយាមពន្យល់ណែនាំឲ្យជឿផលនៃទោសទុច្ចរិតក្នុងបច្ចុប្បន្ន
និងបរលោកឲ្យឃើញជាក់ស្ដែង ឲ្យកូនរាងចាលរួញរអា
ខ្លាចអំពោះអាក្រក់លែងហ៊ានប្រព្រឹត្តទៅទៀត
ចេះបីបាច់ចិញ្ចឹមកូន ឲ្យបានល្អ មិនថ្នាក់ថ្នមកូនហួសពេក
ឲ្យទាល់តែកូនបានចិត្តមិនកោតក្រែងត្រកូលរៀបច្បង
។
ទី២៖ ញ៉ាំងកូនឲ្យតម្កល់នៅក្នុងកុសលធម៌ ឲ្យចេះរៀនកាន់រៀនប្រព្រឹត្តអំពើសុចរិតតាមគន្លងធម៌
ពន្យល់អំពីផលនៃការប្រព្រឹត្តល្អឲ្យច្បាស់លាស់ ឲ្យដកចិត្តផ្លាស់ចំណងក្នុងផ្លូវអាក្រក់
ខ្លាចទោសបច្ចុប្បន្ននិងបរលោក ។
ទី៣៖ គប្បីអប់រំកូនឲ្យពេញចិត្តក្នុងការសិក្សារៀនសូត្រ
មុនដំបូងត្រូវបង្រៀនកូនឲ្យចេះនិយាយសម្ដីត្រឹមត្រូវច្បាស់លាស់សមរម្យ ឲ្យស្គាល់ឋានៈស្គាល់វិន័យ
វៀរចាកពាក្យអាក្រក់ពាក្យជេរប្រទេច អា មឹងជាដើម តាំងពីកូននៅតូច មិនបណ្ដោយឲ្យកូនរត់លេងផ្ដេសផ្ដាស់លុះកូនមានវ័យធំល្មម
ត្រូវចំណាយលុយកាក់កាត់គ្រឿងសំលៀកបំពាក់ និងគ្រឿងសិក្សាមានក្ដាឆ្នួនសៀវភៅខ្មៅដៃជាដើម
បញ្ជូនឲ្យទៅរៀនអក្សរសាស្រ្តផ្សេងៗ ក្នុងសាលាតាមគួរដល់កាលៈទេសៈ និងសម័យនិយម មិនបណ្ដោយទុកឲ្យកូននៅល្ងង់ទាំងប្រុសទាំងស្រី
។
ទី៤៖ រៀបចំគូស្រករទៅតាមប្រពៃណី ។ លុះកូនមានវ័យធំល្មមផុតពីការសិក្សាហើយ
មាតាបិតាគប្បីរៀបចំឲ្យមានផ្ទះសម្បែងគូរស្វាមីភរិយា តាមសេចក្ដីស្ម័គ្រចិត្តនៃសាមីរូបទាំងពីរខាងផង
តាមគួរដល់ពូជពង្សវង្សត្រកូលនិងទ្រព្យធនជាដើមផង ។
ទី៥៖
ចែកទ្រព្យសម្បត្តិឲ្យជាដើមទុន ។ លុះរៀបចំកូនហើយ
មាតាបិតាគប្បីចែកចាយទ្រព្យសម្បត្តិតាមកម្លាំងធនធាន
ទោះទ្រព្យមានវិញ្ញាណក្ដី
ឥតវិញ្ញាណក្ដី ក្នុងនិច្ចសម័យ១ ក្នុងកាលសម័យ១
ដើម្បីជួយបណ្ដុះបណ្ដាលឲ្យបានកើតកាលវាលគុម្ពក្នុងគ្រួសាររបស់កូន
ឲ្យហើយជាស្រេច
ឲ្យត្រឹមត្រូវតាមលក្ខណៈច្បាប់របស់រដ្ឋ
កុំឲ្យកូនមានវិវាទឈ្លោះទាស់ទែងដណ្ដើមគ្នាទៅថ្ងៃក្រោយ
។
ហេតុនេះសូមមាតាបិតានៃបុត្រធីតាទាំងឡាយគប្បីសង្រ្គោះ
ចំពោះបុត្រដោយលក្ខណៈ ៥យ៉ាងនេះចុះ(១៤)
។
តួនាទីកូនល្អ៥យ៉ាង
កូនប្រុសស្រី
កាលណាមាតាបិតាបានបំពេញល័ក្ខខ័ណ្ឌសព្វគ្រប់ហើយ ត្រូវឆ្លើយ
តបសេចក្ដីល្អរបស់ឪពុកម្ដាយ ដោយកិច្ច ៥ យ៉ាងគឺៈ
ទី១៖ ត្រូវចិញ្ចឹមបីបាច់ថែរក្សាមាតាបិតា ។ បុត្រធីតាគប្បីសិក្សាថា មាតាបិតាចិញ្ចឹមរក្សាអាត្មាអញ ហើយអាត្មាអញនឹងចិញ្ចឹមមាតាបិតាវិញ
កើតមកជាមនុស្សបើគ្រាន់តែរឭកដល់អំពើល្អដែលអ្នកដទៃបានធ្វើលើខ្លួនមិនឃើញហើយនោះ
ចាំបាច់និយាយធ្វើអ្វី សេចក្តីល្អផ្សេងទៀតថាអាចនឹកឃើញដើម្បីពូនសន្សំក្នុងសន្តានទៅបាន។ បក្សីស៊ីផ្លែពោធិ៍ជ្រៃអស់ហើយហើរចេញមិនបែរក្រោយ រឿងនេះមិនគួរឲ្យតិះដៀលទេ
ព្រោះវាជាធម្មតារបស់សត្វតិរច្ឆាន
ប៉ុន្តែមនុស្សយើងវិញបើធ្វើបែបហ្នឹង ពោលគឺមិនបែរក្រោយដោយការនឹករំឭកដល់គុណអ្នកដទៃមានមាតាបិតាជាដើម បានធ្វើហើយនូវប្រយោជន៍សុខចម្រើនកើតមានដល់ខ្លួននោះវាគួរឲ្យតិះដៀលខ្លាំងណាស់ ព្រោះយើងមិនមែនជាសត្វតិច្ឆានឯណា។
ធ្វើបុណ្យដាក់បាត្រក្រាបសំពះនៅវត្តគឺពិតជាល្អ
មានចិត្តស្មោះសសន្សំនូវគុណធម៌ក្នុងសន្តាន
ប៉ុន្តែកុំភ្លេចព្រះនៅផ្ទះព្រោះមានគុណធ្ងន់ជាងព្រះអរហន្ត គឺមាតាបិតា សូមកូនប្រុសស្រីចិញ្ចឹមបីបាច់ថែរក្សាក្រាបសំពះមាតាបិតា
គប្បីកុំអៀនអន់ កុំឲ្យក្តៅក្រហាយ ស្តាយក្នុងកាលជាក្រោយ។
ទី២៖ ជួយធ្វើការដែលមាតាបិតាត្រូវការ។ បុត្រធីតាគប្បីសិក្សាថា
អាត្មាអញនឹងជួយ នឹងធ្វើការឲ្យមាតាបិតា ដោយក្តីមិនខ្ជិលច្រអូសឡើយ
សេចក្តីខ្ជិលជាអបាយមុខប្រការ១ គឺជាប្រធាននៃសេចក្តីវិនាសនូវប្រយោជន៍
គ្រប់យ៉ាងដូច្នេះបើយើងធ្វើការឲ្យអ្នកដទៃ ប៉ុន្តែមិនគួរខ្ជិលធ្វើសេចក្តីល្អដល់ខ្លួនឯងឡើយ។ សត្វឆ្មាយំទាចំណីគឺចង់ឲ្យយើងធ្វើសេចក្តីល្អជាមួយវា
គឺសុនខជាដើមក៏ដូចគ្នា ចំណែកឯខ្លួនយើងវិញ តើយំទាឲ្យអ្នកណាធ្វើសេចក្តីល្អឲ្យ?
មនុស្សគ្រប់គ្នាប្រាថ្នាបានសេចក្តីល្អពីអ្នកដទៃ
ប៉ុន្តែសូមកុំភ្លេចថា មិនមែនអ្នកណា ស្រឡាញ់យើង ជួយយើងជាងខ្លួនយើងឡើយ
ដូច្នេះយើងត្រូវប្រាថ្នាសេចក្តីល្អគ្រប់យ៉ាងអំពីខ្លួនឯង
ការបម្រើអ្នកមានគុណគឺជាសម្បត្តិដ៏ប្រពៃ ជាសេចក្តីល្អមួយដែលអ្នកធ្វើត្រូវបានទទួលខ្លួនឯងយ៉ាងពិតប្រាកដ។
ការងារប្រពៃគឺជាព្រះស្ថិតនៅក្នុងសន្តានចិត្ត
ពិតជាមួយសត្វលោកឲ្យរួចផុតពីបាបកម្ម
និងពៀរវេរាមានផលផុតចាកពីទុក្ខភ័យ សូមកូនប្រុសស្រីរក្សាព្រះនៅក្នុងផ្ទះ
និងព្រះនៅក្នុងសន្តានចិត្ត
កុំគប្បីធ្វេសប្រហែសឡើយ។
ទី៣៖ រក្សាកេរ្តិ៍ឈ្មោះលើកតម្កើងពូជពង្សវង្សត្រកូល។
បុត្រធីតាគប្បីសិក្សាថា
អាត្មាអញនឹងតម្កើងនូវវង្សត្រកូលឲ្យបានល្អ។ចរិយាមារយាទ ជារឿងសំខាន់ណាស់
បុត្រធីតាគប្បីរក្សាខ្លួនឯងដោយសីលធម៌ រក្សាសីលជាការធ្វើសេចក្តីល្អដល់ខ្លួនឯង ដោយមិនចាំបាច់អស់ទុនឡើយ
គ្រាន់តែអធ្យាស្រ័យលើស្មារតីថែទាំខ្លួនឯង ការសិក្សាស្វែងយល់អំពីសុជីវធម៌ សណ្តាប់ធ្នាប់ល្អព្រមដោយការបដិបត្តិដោយប្រពៃ ក៏បានសម្រចផលកម្រៃដ៏ប្រសើរ គឺបានមនុស្សល្អម្នាក់លើកស្ទួយវង្សត្រកូលផង ប្រទេសជាតិរបស់ខ្លួនផង សង្គមមនុស្សទាំងមូលផង។
កូនប្រុសស្រីទាំងឡាយ
អ្នកទាំងឡាយកុំភ្លេចសីលឡើយ កុំគិតថាសីលជារឿងលំបាក ឲ្យសោះ
សីលមិនមែនជាសត្រូវរបស់កូនទេ កិលេសក្នុងខ្លួនរបស់កូនទេតើដែលជាសត្រូវធ្វើ
នូវការបៀតបៀនដល់កូននោះ ចំណែកឯសីលគឺជាមិត្តល្អគ្រប់ពេលជាសេរីមង្គលពិតប្រាកដ
សូមកូនពិចារណាផងចុះ។ ការតម្កល់តម្កើងនូវវង្សត្រកូលគឺជាការដែលកូនប្រុសស្រីតម្កល់ ខ្លួនឯងឲ្យប្រពៃខ្មីឃ្មាតសិក្សារៀនសូត្រផ្លូវលោក
ផ្លូវធម៌ចេះជួយសង្គ្រោះអ្នកដទៃ សាងស្នាដៃ
ប្រកបដោយសីលធម៌។
ទី៤៖ បម្រើមាតាបិតាដោយសុចរិតអោនលំទោន ។ បុត្រធីតាគប្បីសិក្សាថា
អាត្មាអញនឹងបដិបត្តិឲ្យបានសមគួរជាអ្នកទទួលនូវទ្រព្យមរតក ។ មាតាបិតា
ទោះបីជាមានទ្រព្យតិចច្រើនប៉ុណ្ណាៗក្តី
គ្មានអ្វីដែលគួរសង្ស័យឡើយ បើថាគាត់កំណាញ់ក៏តែជាមួយនិងអ្នកដទៃប៉ុណ្ណោះ
ឯចំណែកខាងកូនរបស់គាត់វិញនោះមានប៉ុន្មានទុក ឲ្យទាំងអស់ដោយចិត្តរីករាយកក់ក្តៅជាទីបំផុត។
ដូច្នេះចូរកូនប្រុសស្រីគប្បីធ្វើសេចក្តីសង្ឃឹម ដល់មាតាបិតា ត្រូវខិតខំបដិបត្តិខ្លួនឲ្យរឹងមាំ
មានមារយាទល្អសម្តែងនូវការសមគួរជាទីទុកចិត្ត
ដល់មាតាបិតា ដាច់ខាតកុំមើលងាយទ្រព្យមរតកនោះឲ្យសោះ ទោះបីតិចតួច ឬមិនប្រណិត
យ៉ាងណាក្តី ព្រោះក្នុងមរតកនោះបានបង្កប់ទៅដោយមនោសញ្ចេតនា ដ៏ជ្រាលជ្រៅប្រកប
ដោយព្រហ្មវិហារធម៌ អាណិតស្រឡាញ់ និងមេត្តាដ៏ខ្លាំងក្លា
កាយវិការរឹងមាំ តែចិត្តទន់ភ្លន់ ស្រឡាញ់ដូចមេឃស្រទុំចំពោះបុត្រភ្ងាស្ងួនពិសី។ សូមកូនប្រុសស្រីទទួលបាននូវមរតក ពិសេសព្រហ្មវិហារធម៌របស់មាតាបិតា ហើយគប្បីពង្រីកចែកចាយដល់ជនដទៃដោយក្តីមេត្តា
ករុណាធំទូលាយ។
ទី៥៖ បុត្រធីតាគប្បីសិក្សាថា អាត្មាអញត្រូវធ្វើបុណ្យឧទ្ទិសទក្ខិណាទានដល់មាតាបិតាដែល
ធ្វើកាលកិរិយាទៅកាន់បរលោក។ ទក្ខិណាទានគឺទានដែលអ្នកធ្វើជឿកម្ម ជឿផល ហើយបានធ្វើដល់ទក្ខិណេយ្យបុគ្គល។
ទក្ខិណេយ្យបុគ្គលគឺបុគ្គលមានគុណធម៌ខ្ពង់ខ្ពស់ ដូចជាសីលគុណជាដើម
ជាបុគ្គលសមគួរទទួលនូវទក្ខិណាទាន ចំណែកពាក្យថាទក្ខិណានុប្បទានគឺជា អំណោយបុណ្យ
បានដល់ការឧទ្ទិសដល់នូវទក្ខិណាទានឲ្យដល់អ្នកដែលទៅកាន់បរលោក។
ការធ្វើបុណ្យឧទ្ទិសទៅដល់អ្នកដទៃជាសេចក្តីល្អពីរយ៉ាង ម្យ៉ាងបុណ្យថ្នាក់ទានមានឥស្សរភាពលើកិលេស
ម្យ៉ាងទៀតគឺបុណ្យបត្តិទានមានចិត្តល្អប្រកបដោយមេត្តា ឬការដឹងគុណ
ចែកបុណ្យ ឧទ្ទិសកុលសអំពើល្អទាំងពីរយ៉ាងនេះ គឺអ្នកធ្វើបានឧទ្ទិសដល់ខ្លួនឯងទាំងស្រុង
សម្រាប់ជួយខ្លួនឲ្យរួចពីភាពជាអំពើអាក្រក់។ បើកូនចៅប្រាថ្នាពរគឺវត្ថុដ៏ប្រសើរ សូមកូនចៅបំពេញហេតុបានដល់កុសលឲ្យសមគួរដល់ផលទើបអាចទទួលពរបាន (១៥)។
តួនាទីភរិយា៥យ៉ាង
ភរិយាត្រូវគោរពប្រតិបត្តិស្វាមីដោយកិច្ច ៥ យ៉ាងគឺៈ
ទី១៖ ចាត់ចែងការងារផ្ទះដោយផ្ចឹតផ្ចង់ ។ ភរិយាគប្បីចាត់ចែងការងារមានម្ហូបចំណីជាដើម
ដោយផ្ចិតផ្ចង់សម្រាប់ស្វាមីឲ្យបានត្រឹមត្រូវ តាមពេលវេលា ។
ទី២៖ សង្រ្គោះញាតិខាងស្វាមី
នឹងខាងខ្លួនឯងដោយប្រពៃ ។ ត្រូវមានចិត្តស្មើ មិនត្រូវលំអៀងម្ខាងៗឡើយ ហើយព្យាយាមជួយគ្នាតាមការគួរ
។
ទី៣៖ គប្បីថែទាំទ្រព្យសម្បត្តិដែលប្ដីរកបានមិនឲ្យវិនាសខូចខាត
បាត់បង់ដោយការមិនគួរ ។
ទី៤៖ មិនប្រព្រឹត្តកន្លងចិត្តប្ដី គឺមិនត្រូវយកកំពូលស្នេហាទៅប្រគល់ឲ្យបុរសដទៃក្រៅពីស្វាមីខ្លួនឡើយ
។
ទី៥៖ ភរិយាគប្បីឈ្លាសវៃក្នុងការងារទាំងឡាយរបស់ស្រ្តី មិនត្រូវខ្ជិលច្រអូស
កិច្ចការណាមិនទាន់បានសម្រេច ត្រូវប្រញាប់រវាសរវៃធ្វើបង្ហើយ ពន្យាពេលថាថ្ងៃនោះ “ធ្វើអ្វីធ្វើឲ្យហើយ
កុំទុកឡើយបន្សល់កេរ្តិ៍ ។
នាទីស្វាមីភរិយា ប្រាំៗដូចគ្នាធម៌សង្រ្គោះ
សម្រាប់ឲ្យយើងកាន់រួមរស់ សន្ដោសដល់គ្នាជាប្រក្រតី។
បើមានខាតខុសខាងភរិយា តាំងចិត្តឲ្យជាកុំជេរស្ដី
ពុំនោះមានខុសខាងប្រុសក្ដី ភរិយាជាស្រីទូន្មានបាន ។
ព្រោះខ្លួនទាំងពីរជីវិតមួយ កុំឲ្យមានព្រួយកើតរំខាន
អត់ឃ្លានមានស៊ីត្រូវក្លាហាន សាងគ្រួសារឋានឲ្យសុខអើយ ។
តួនាទីស្វាមី៥យ៉ាង
បុរសទាំងឡាយណា ដែលទទួលនារីណាមកធ្វើជាភរិយារបស់ខ្លួនហើយ
ត្រូវសង្រ្គោះនាងដោយកិច្ច ៥យ៉ាងគឺៈ
ទី១៖ ប្រដៅសព្វសារពើ ពោលពាក្យពិរោះសរសើរ ដោយលក្ខណៈប្រព្រឹត្តជាប្រយោជន៍ដល់ភរិយា
។ ស្រលាញ់រាប់អានថាជាភរិយា យើងជាស្វាមីរបស់ស្រ្តីណា គប្បីសង្រ្គោះស្រ្តីនោះដោយទំនុកបំរុង
គ្រឿងប្រើប្រាស់មិនឲ្យខ្វះខាត បានដល់សំលៀកបំពាក់ជាដើម ។
ទី២៖ មិនមើលងាយ ជេរវាយភរិយា
ដូចទាសា ទាសី កម្មករឡើយ ។ មិនត្រូវប្រមាទមើលងាយដូចជាខ្ញុំកំដរ “បាវព្រាវ” ការនិយាយចំពោះភរិយា
គប្បីប្រើពាក្យសម្ដីផ្អែមល្ហែមពិរោះពិសារមិនពោលពាក្យរោយរាយឥតប្រយោជន៍ ភរិយាមានកំហុសបន្តិចបន្តួចក៏គួរអត់ឱនឲ្យ
ហើយទូន្មានដោយសេចក្ដីល្អ ។ កាលណាបើយើងប្រើតែ មធ្យោបាយត្រជាក់ដាក់ភរិយាទៅយើងនឹងទទួលផលល្អពីភរិយាវិញ
ដោយគេនឹកឃើញថាជាដំបូន្មានល្អគួរឲ្យប្រតិបត្តិតាម ។
ទី៣៖ មិនប្រព្រឹត្តកន្លងភរិយា
មិនត្រូវប្រព្រឹត្តគំនិតក្បត់ ព្រំដែនជាប្ដី យកកំពូលស្នេហារបស់ខ្លួនទៅបូជា ដល់ស្រ្តីដែលមិនមែនជាកម្មសិទ្ធិនៃភរិយា
ត្រូវប្រកាន់ខ្ជាប់នូវនាទី
ថាជាស្វាមីរបស់គេដោយពិត
។
ទី៤៖
ប្រគល់នូវរបស់របរទាំងពួង ឲ្យមានឥស្សរភាពដល់ភរិយា ប្រគល់អំណាចឲ្យជាធំ
ជាស្រ្តីមេផ្ទះ ជាស្រ្តីរៀបចំទុកដាក់ទ្រព្យសម្បត្តិ
រក្សាថែទាំលំអរគេហស្ថាន
ព្រោះភរិយាទុកជានាយកស្ដីទីខាងក្រសួងបោសសំអាតលំនៅស្ថាន
សមនិងស្លោកថាៈ
ទ្រព្យគង់ត្បឹតស្រី ចេះសំចៃទុក
មានផ្ទះស្រណុក ត្បឹតភរិយាជា
ទី៥៖ ស្វាមីគប្បីរៀបចំឲ្យមានអលង្ការដល់ភរិយាសម្រាប់ប្រើប្រាស់គ្រប់គ្រាន់
តាមកាលៈទេសៈនិងសម័យនិយម ។ រីឯភរិយាយ៉ាងល្អឯក គាប់ភ្នែកខ្លួនឯង និងអ្នកផង បុរសស្វាមីត្រូវឃុំគ្រង
កុំបីរំលងការរក្សា ។
នាទីគ្រូបាអាចារ្យ៥យ៉ាង
នាទីគ្រូអាចារ្យដែលត្រូវបំពេញដល់សិស្សមាន
៥ យ៉ាងគឺៈ
ទី១៖ ដឹកនាំសិស្សឲ្យល្អដោយសុទ្ធចិត្ត ។ គ្រូគប្បីទូន្មានសិស្សឲ្យបានបទល្អ
ឲ្យចេះប្រើឥរិយាបទទាំង ៤ គឺដេក ដើរ ឈរ អង្គុយ ជាដើមឲ្យមានរបៀបរៀបរយសមរម្យល្អក្នុងទីប្រជុំជន
មិនឲ្យឆ្គាំឆ្គងនិងភ្នែកអ្នកដទៃ។
ទី២៖ បង្ហាត់បង្រៀនសិស្សដោយល្អ ញ៉ាំងសិស្សឲ្យរៀនល្អ គឺបង្ហាត់បង្រៀននូវអត្ថ
និងព្យញ្ជនៈ ឲ្យបានត្រឹមត្រូវចេះប្រើរបៀបសេចក្ដី រៀបពាក្យល្អងអធិប្បាយពន្យល់ហេតុផលឲ្យចូលចិត្តយល់បានពិតប្រាកដ
។
ទី៣៖ គ្រូអាចារ្យគប្បីបង្ហាត់សិល្បៈវិទ្យាឲ្យអស់ចំណេះ មិនលាក់ទុក
មានមកប៉ុន្មាន ក៏បង្ហាត់បង្រៀនសិស្ស ឲ្យអស់តាមចំណេះវិជ្ជាចេះចាំរបស់ខ្លួន ដោយមានឆន្ទៈដ៏ល្អ
គឺចង់ឲ្យសិស្សចេះចាំដូចខ្លួន ឬលើសទៅទៀតរឹតតែប្រសើរ ។
ទី៤៖ លើកតម្កើងសិស្សក្នុងទីប្រជុំ បើយល់ឃើញថាសិស្សណាមួយ មានចំណេះវិជ្ជា
មានចរិយាសណ្ដាប់ធ្នាប់សមរម្យល្អ គួរយកគុណសម្បត្តិនោះមកបង្ហាញសរសើរក្នុងទីចំពោះមុខមិត្រអាមាត្រ
ជាសម្លាញ់របស់ខ្លួន ដើម្បីឲ្យមិត្តរបស់ខ្លួនមានសេចក្ដីទុកចិត្តស្និតស្នាលរាប់អាននិងការទំនុកបំរុងជាដើមដល់សិស្ស។
ទី៥៖ ធ្វើសេចក្ដីការពារសិស្សគ្រប់ទិសទាំងឡាយ បើសិស្សទៅទីណាមិនឲ្យលំបាក
ដូចជាការចេញទៅរៀនសូត្រចំណេះវិជ្ជា ផ្លូវលោក ផ្លូវធម៌ជាដើម ចេះពន្យល់ណែនាំហេតុផល
ឲ្យយល់ពីប្រយោជន៍នៃការសិក្សា ទាល់តែសិស្សមានចិត្តជ្រះថ្លាព្យាយាមក្នុងការសិក្សាហើយ
ត្រូវជួយទំនុកបំរុងសិស្សដោយគ្រឿងសិក្សា តាមបានល្មមឲ្យសិស្សមានសេចក្ដីរីករាយស្រលាញ់ពេញចិត្តក្នុងការសិក្សា
(១៦)។
តួនាទីសិស្ស៥យ៉ាង
សិស្សមានតួនាទី
៥ យ៉ាងដែលត្រូវគោរពប្រតិបត្តិគ្រូអាចារ្យគឺៈ
ទី១៖ ក្រោកឈរទទួលក្នុងវេលាដែលគ្រូបាអាចារ្យដើរមក
គឺថាបើខ្លួនអង្គុយក្នុងទីកន្លែងណាមួយហើយស្រាប់តែគ្រូធ្វើដំណើរមកកាន់ទីកន្លែងនោះ យើងត្រូវក្រោកឈរឡើងដោយគោរព
បើមានវត្ថុអ្វីកាន់នឹងដៃ គប្បីយកដាក់តាមទីកន្លែងសមគួរ ហើយរៀបចំទីសេនាសនៈឲ្យសម រម្យប្រគេនជូន
បើលោកបានទីកន្លែងគួរសមហើយ យើងអង្គុយចុះលុះដល់គ្រូធ្វើដំណើរ
ត្រឡប់ទៅវិញ ត្រូវជូនដំណើរឲ្យផុតពីរបងផ្ទះទើបគួរហើយចាំត្រឡប់ទៅវិញ (១៧) ។
ទី២៖ គាល់បម្រើគ្រូអាចារ្យដោយចិត្តស្មោះស
។ ចូលទៅចាំបម្រើលោក
បម្រើព្រឹកល្ងាចនោះបានការរៀបចំគ្រឿងចង្ហាន់
ពុំនោះ សោតប្រសិនបើលោកមានការរវល់អ្វី សិស្សមិនត្រូវព្រងើយកន្តើយគេចវេស
ដោះដៃឡើយ ត្រូវតែជួយបំពេញធុរៈនោះឲ្យបានសម្រច។
“ផ្គាប់គ្រូមិនសូវមានគ្រោះខ្លួន បើផ្គាប់មិនឲ្យមួនកុំសង្ស័យ
ខុសពីរបីដងលោកអភ័យ បើមានចំណីទុកឲ្យស៊ី” (១៨)។
ទី៣៖ ជឿស្តាប់ឳវាទលោកទូន្មានប្រៀនប្រដៅដោយល្អចំពោះបញ្ហាណាមួយ
យើងគួរគូសចំណាំក្នុងចិត្ត
ហើយត្រូវត្រិះរិះមើលផងបើឃើញថាត្រូវល្អប្រញាប់ប្រតិបត្តិធ្វើតាម។
គតិភាសិត
ក៏បានបញ្ជាក់ប្រាប់យើងថាៈ
“ពុតគ្រូកុំត្រាប់ច្បាប់គ្រូឲ្យយក”
ពុតគឺចរិយាមិនប្រសើរ គ្រូធ្វើដំណើរដូចម្ដេចក្ដី
កុំយកតម្រាប់អ័ប្បរាសី ត្រាប់ថ្វីព្រោះផ្ទុយក្បួនតម្រា
។
ច្បាប់ក្បួនដែលល្អដ៏ត្រឹមត្រូវ គ្រូលោកប្រដៅគួរជ្រះថ្លា
ឲ្យរើសទុកដាក់ក្នុងចិន្ដា យកតែផ្លូវណាដែលប្រណិត ។
ទី៤៖ ប្រណិប័តន៍ដោយធ្វើការងារជួយគ្រូអាចារ្យ។
សិស្សត្រូវយកចិត្តទុកដាក់បម្រើគ្រូ ធ្វើវត្តប្រតិបត្តិដូចជាសិស្សដែលនៅ ក្នុងសំណាក់គ្រូ
ត្រូវឧស្សាហ៍បោសសំអាតកន្លែងរៀន ឬផ្ទះទីកន្លែងនៅ
និងគក់ច្របាច់ជាដើម
។សិស្សគប្បីសិក្សាថាការប្រតិបត្តិគ្រូដោយធ្វើការងារទោះបីការងារនោះតូចតាចបន្តិចក៏ដោយ ក៏មិនត្រូវឲ្យលោកគ្រូអាចារ្យធ្វើខ្លួនឯងដែរ។
ការជ្រោមជ្រែងការគាំទ្រការសម្តែងសេចក្តីគោរព ជាការអនុមោទនាចំពោះគុណបុណ្យ ជាការបម្រើដោយប្រសើរដោយចិត្តទន់ភ្លន់
លើកស្ទួយរបស់ធ្ងន់បម្រើប្រយោជន៍ដល់ជនទាំងពួង។ មនុស្សឆ្លាតរមែងស្វែងរកគុណធម៌មកទុកក្នុងខ្លួន
សាងគុណចម្រើនប្រយោជន៍ដល់សង្គមមនុស្ស សង្គមសត្វ ប្តេជ្ញាតាំងចិត្តមិនដុតសង្គម
ពោលគឺមិនធ្វើឲ្យសត្វលោកក្តៅក្រហាយដោយសារខ្លួនឯងម្នាក់ឯងឡើយ
ហើយគោរពស្រលាញ់ គាំទ្រនូវបុគ្គលណាដែលមានសម្ថភាពអាចផ្តល់ផលប្រយោជន៍ដល់សង្គមតូចធំសុខក្សេមក្សាន្ត។
សូមមនុស្សលោកគ្រប់គ្នា លើកនូវទង់ជ័យរបស់មនុស្សគឺគុណធម៌។
តាមពិតមានតែគុណធម៌ប៉ុណ្ណោះដែលធ្វើឲ្យមនុស្សយើងមានជីវិតប្រសើរជាងពពួកសត្វតិរច្ឆាន។
ទី៥៖ សិស្សគប្បីសិក្សាថា
អាត្មាអញត្រូវរៀនសិល្ប៍វិជ្ជាអំពីលោកគ្រូអាចារ្យដោយសេចក្តីគោរព។
មិនចំពោះតែវិជ្ជាអ្វីនោះ បើសិស្សមានសមត្ថភាពរៀនបានច្រើនមុខវិជ្ជា គឺរិតតែល្អ ទោសរបស់មុខវិជ្ជានៅលើអ្នកប្រើជាសំខាន់
បើប្រើក្នុងផ្លូវត្រូវគឺជាគុណ តែបើប្រើក្នុងផ្លូវខុស គឺជាទោស។
ការប្រកបនូវមុខវិជ្ជាអ្វីមួយដើម្បីចិញ្ចឹមជីវិតក្តី ដើម្បីជាប្រយោជន៍ដល់សង្គមជាតិក្តី
ត្រូវមើលឆន្ទៈខ្លួនឯងឲ្យជាក់ច្បាស់ ព្រោះឆន្ទៈគឺសេចក្តីពេញចិត្តក្នុងការងារជាកម្លាំងអាចញុំាងសេចក្តីព្យាយាមឲ្យប្រព្រឹត្តជាប់មិនដាច់ជាហេតុឲ្យសម្រេចនូវប្រយោជន៍ បើមិនដូច្នេះ
វាជួបប្រទះនូវការឥតប្រយោជន៍អស់ទាំងក្នុងរឿងផ្សេងៗទៀតផង។
លោកគ្រូនិងសិស្សតោងមានធម៌ ៥យ៉ាងនេះល្អសង្រ្គោះគ្នា
ពន្យល់ហេតុផលការសិក្សា ឲ្យសិស្សជ្រះថ្លាយល់ចូលចិត្ត។
វិជ្ជាផ្លូវលោកនិងផ្លូវធម៌ ជួយលុយអង្ករកុំរឹតត្បិត
ឲ្យគ្នាបានចេះស្គាល់ក្រមក្រឹត្យ ព្រោះត្បឹតលោកគ្រូសង្រ្គោះសិស្ស។
ឯសិស្សវិញសោតត្រូវយល់ការ កុំអាងបញ្ញាថាបំផ្លើស
ស្គាល់នាទីយើងជាសិស្ស កុំឆ្កើសដេញដោលតែគ្រូឯង។
ត្រូវចេះគោរពប្រតិបត្តិគ្រូ អង្គសព្វញ្ញូទ្រង់សម្ដែង
ថាត្រូវតបគុណចេះកោតក្រែង លោកបង្រៀនឯងផុតអវិជ្ជា(១៩)។
តួនាទីចៅហ្វាយនាយ៥យ៉ាង
ចៅហ្វាយនាយ
ក៏ត្រូវមានចិត្តករុណាសណ្ដោសសង្រ្គោះដល់កម្មករកិច្ច៥យ៉ាងគឺៈ
ទី១៖
ចាត់ចែងការងារឲ្យធ្វើតាមសមគួរដល់កម្លាំង,
ចៅហ្វាយនាយកាលបើប្រើទាសៈ “កម្មករ”
ឲ្យធ្វើការណាមួយគប្បីប្រមើលមើលសមត្ថភាពគ្នាសិនបើទាសៈនោះមានប្រាជ្ញា
ស្មារតីមានកម្លាំងមាំមួនល្មមទទួលការងារចង្អៀត
ការងារធ្ងន់ៗទៅបានទើបចាត់ចែងឲ្យធ្វើតាមសមគួរនៃសមត្ថភាព,
ព្រោះបុព្វបុរសបានរំឭកយើងថាៈ
“មើលមាត់សឹមឲ្យស្លា មើលស្មាសឹមឲ្យអម្រែក” ។ មែន!
កុំអាងតែចៅហ្វាយនាយហើយចេះតែប្រើទៅក៏មិនកើត,
រីឯកិច្ចការនោះក៏មិនអាចសម្រេចផលល្អបានដែរ ។
ទី២៖ ឲ្យភោជនាហារ និងថ្លៃឈ្នួល និងរង្វាន់ដោយត្រឹមត្រូវដល់អ្នកបម្រើ
។ ចៅហ្វាយនាយគប្បីទំនុកបំរុងខាងភោជនាហារ
សម្រាប់កម្មករបរិភោគឲ្យបានគ្រប់គ្រាន់ តាមពេលវេលាមិនឲ្យខ្វះខាត ។
ប្រើបាវមើលចិត្តវា កុំពុះពារឥតប្រណី
សត្វបម្រើសោតខ្មី ត្រូវមេត្រីឲ្យស្មៅទឹក។
មនុស្សឥឡូវដូច្នោះដែរ គួរណាស់តែចៅហ្វាយនឹក
បើឲ្យរង្វាន់ញឹក នោះគ្នានឹកអរពេកក្រៃ។
មានកម្លាំធ្វើការ ហត់យ៉ាងណាមិនថាអី
ប្រឹងប្រែងធ្វើអស់ដៃ គ្មានដេកថ្ងៃធ្វើម៉ត់ចត់។
បើចៅហ្វាយគ្នាយោគយល់ មុខជាបបួលគ្នាថាស្បថ
ទោះការនោះមិនសូវហត់ ក្រោយថាស្បថលែងដាក់ដឺម៉ង់ ។
ទី៣៖ ព្យាបាលក្នុងវេលាមានជម្ងឺ, កាលបើកម្មករមានជម្ងឺតម្កាត់កើតឡើង
ចៅហ្វាយត្រូវប្រញាប់ប្រញាល់ទិញថ្នាំព្យាបាលរោគ ថែទាំរក្សាជម្ងឺកម្មករឲ្យទាល់តែជាសះស្បើយ
។
ទី៤៖ ចែកភោជនាហារដែលមានឱជារសប្លែកៗឲ្យបរិភោគ
ភោជនាហារគាប់ប្រសើរប្លែកៗ ជួនមានម្ដងម្កាល ចៅហ្វាយនាយគួរតែចែករំលែកដល់កម្មករឲ្យបានបរិភោគខ្លះៗផងវត្ថុទាំងនេះ
ទុកជាទិព្វមន្តពិសេសសម្រាប់លើកកម្លាំងចិត្តកម្មករ ឲ្យស្រលាញ់ការងាររបស់យើង ។
ទី៥៖ បើកឲ្យសប្បាយក្នុងការគួរ ដូចជាមានពិធីបុណ្យអ្វីមួយ
មានល្បែងមហោស្រព ឬ ក្នុងពេលបុណ្យចូលឆ្នាំជាដើម ចៅហ្វាយនាយត្រូវបើកឱកាសឲ្យកម្មករបានទៅលេងសប្បាយនឹងគេ
និងបើករង្វាន់ប្រាក់កាសសម្រាប់ចាយវាយក្រៅខ្លះផង ចេះសម្ដែងទឹកចិត្តរីករាយចំពោះកម្មករឲ្យគ្នាសប្បាយចិត្ត
មិនធុញទ្រាន់នឹងយើងជាចៅហ្វាយនាយ ។
បើចង់ឲ្យគេស្រលាញ់យើង
យើងសម្ដែងទឹកមុខរីករាយ គេមិនសប្បាយចិត្តនឹងយើងពាក់មុខយក្ខដាក់គេទេ ។
តួនាទីទាសកម្មករឬអ្នកបម្រើការ៥យ៉ាង
ទាសកម្មករត្រូវប្រតិបត្តិនាទីរបស់ខ្លួនមាន
៥យ៉ាងគឺៈ
ទី១៖ ក្រោកឡើងធ្វើការមុនចៅហ្វាយនាយ កិច្ចការដែលចៅហ្វាយនាយដែលចាត់ចែងឲ្យធ្វើនោះ
ត្រូវស្ទុះស្ទារប្រញាប់ប្រញាល់ធ្វើឲ្យបានមុនៗចៅហ្វាយនាយ ។
ទី២៖ លែងធ្វើការងារក្រោយចៅហ្វាយនាយ កិច្ចការរបស់ចៅហ្វាយនាយ
ត្រូវធ្វើឲ្យដល់ទីបំផុតដល់ពេលវេលា មិនត្រូវឈប់ក្នុងពេលវេលា ចាំចៅហ្វាយនាយឈប់ចាំឈប់តាមជាដំណឹង
។
ទី៣៖ កាន់យកតែរបស់ណាដែលចៅហ្វាយនាយឲ្យប៉ុណ្ណោះ,
ត្រូវមានសច្ចៈទៀងត្រង់និងចៅហ្វាយនាយរបស់ខ្លួន មិនត្រូវមានចិត្តគំនិតប្រព្រឹត្តលួចលាក់របស់ចៅហ្វាយ
នាយឡើយ។
ទី៤៖ ធ្វើការងារដោយយកចិត្តទុកដាក់ ពោលគឺធ្វើការងារឲ្យបានល្អ
។ ការងារណាដែលចៅហ្វាយនាយបញ្ជាឲ្យធ្វើ ត្រូវមានឆន្ទៈខំប្រឹងប្រែងធ្វើមិនធុញទ្រាន់មិនខ្ជីខ្ជារធ្វើឲ្យតែរួចពីដៃ
ចេះសំអាតដូចជារបស់ខ្លួនធ្វើទាល់តែបានសម្រេចជាបំផុត ។
ទី៥៖ នាំកិត្តិគុណចៅហ្វាយនាយទៅពោលសរសើរក្នុងទីដទៃ,
កិត្តិគុណ គឺគុណសម្បត្តិ ចរិយាសម្បត្តិ សុភាពស្លូតបូតទៀងត្រង់ ឬ គុណសម្បត្តិដែលល្បីខ្ទរខ្ទាយ,
ទាសកម្មករគប្បីនាំគុណវិសេសនេះទៅពោលប្រាប់ជនដទៃ សរសើរថាចៅហ្វាយរបស់ខ្លួនមានអធ្យាស្រ័យល្អយ៉ាងនេះមួយយ៉ាងនោះមួយ
ពោលពាក្យសម្ដីផ្អែមល្ហែមទៅកាន់ជនតូចតាចមិនរើសមុខ មិនដែលប្រមាថមើលងាយជាដើមដល់ជនដទៃ
ដើម្បីលើកកិត្តិគុណរបស់ចៅហ្វាយនាយ ។
បណ្ដាលកិច្ចទាំងឡាយសម្រាប់សង្គមគ្រួសារ
គឺមាតាបិតាសង្រ្គោះដល់បុត្រធីតាៗតបស្នងសងគុណមាតាបិតា, ស្វាមីសង្រ្គោះដល់ភរិយាៗចេះប្រតិបត្តិស្វាមី,
គ្រូសង្រ្គោះដល់សិស្សៗចេះគោរពប្រតិបត្តិចំពោះគ្រូ, ចៅហ្វាយនាយសង្រ្គោះដល់ទាសកម្មករ
ទាសកម្មករប្រតិបត្តិចំពោះចៅហ្វាយនាយ តាមកិច្ចដែលត្រូវសង្រ្គោះគ្នាទៅវិញទៅមក ដូចបានពោលមកហើយនោះក្នុងសង្គមគ្រួសារនោះៗ
តែងបានជួបប្រទះនូវសេចក្ដីសុខ ចម្រើនសប្បាយរីករាយ ដែលមិនអាចនឹងមានឧបសគ្គណាមួយមកធ្វើឲ្យសង្គមនេះប្រេះឆាឬអន្តរាយដោយវិធីណាបាន
(២០)។
តួនាទីយុវជន
យុវជនជាវ័យដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សទាំងរូបរាងកាយ
បញ្ញា ស្មារតី និងជាធនធានដ៏សំសាន់ ជាគន្លឹះនៃការប្រែប្រួលសេដ្ឋកិច្ច ជាពលរដ្ឋសកម្ម
និងជាអ្នកដឹកនាំសម្រាប់ថ្ងៃអនាគត។ ការចូលរួមរបស់យុវជនធ្វីអោយសង្គមជាតិមានអនាគតរុងរឿង
។ អប់រំសីលធម៌ដល់យុវជនគឺជាកត្តាចម្បង ដែលយើងគួរយកចិត្តទុកដាក់ ព្រោះយុវជនត្រូវដើរតួនាទីជំនួសមនុស្សចាស់
ជាកម្លាំងចលករមិនអាចខ្វះបានក្នុងការអភិវឌ្ឍជាតិ ក្នុងន័យនេះគឺដើម្បីឲ្យយុវជនមានការទទួលខុសត្រូវដូចខាងក្រោមៈ
-
ទទួលខុសត្រូវរាល់ទង្វើដែលខ្លួនបានធ្វើចំពោះខ្លួនឯង
អ្នកដទៃ គ្រួសារ និងសង្គមជាតិ
-
គោរពគោលការណ៍សន្តិសហវិជ្ជមាន ពង្រឹងការផ្សះផ្សារ
និងបង្រួបបង្រួមជាតិកម្ពុជា
-
ជម្រុញការលើកកម្ពស់ឲ្យមានសន្តិភាព សន្តិសុខ
និងការអភិវឌ្ឍ
-
លើកកម្ពស់សេចក្ដីថ្លៃថ្នូរ ការគោរពចាស់ព្រឹទ្ធាចារ្យ
ព្រះសង្ឃ ការគោរពអ្នកមាន វ័យប្រហាក់ប្រហែល និងលើកម្ពស់គ្រួសារល្អ តម្លៃ និងសុខុមាលភាពសហគមន៍
-
ថែរក្សាទ្រព្យសម្បត្តិសាធារណៈ និងសហគមន៍
-
ធានាកសាងសង្គមមួយគ្មាន អំពើហឹង្សា ការបង្ខិតបង្ខំ
ឧក្រឹដ្ឋកម្ម ទុព្វលភាព ការ កេងប្រវ័ញ្ចនិងការបំភិតបំភ័យ
-
ជម្រុញ និងលើកកម្ពស់សមត្ថភាព សមធម៌យេនឌ័រ
-
លើកកម្ពស់សុខុមាលភាពផ្លូវចិត្ត កាយ រួមទាំងសុខភាពបន្តពូជ
-
បង្កើនសមត្ថភាពដោយប្រឹងប្រែងក្រេបជញ្ជក់យកជំនាញដើម្បីអភិវឌ្ឍប្រទេស
ជាតិ
-
លើកកម្ពស់ក្រមសីលធម៌ការងារវិជ្ជាជីវៈ
និងការសិក្សាពេញមួយជិវិត
-
ធ្វើជាការទូតសម្រាប់ការអភិវឌ្ឍក្នុងតំបន់
និងសាកលលោក
-
ជម្រុញឲ្យមានការអធ្យាស្រ័យ និងការគោរពសិទ្ធ
-
ជម្រុញឲ្យយុវជនមានរបៀបរស់នៅថ្លៃថ្នូរ
និងអាកប្បកិរិយាប្រកបដោយវិជ្ជមាន
-
បម្រើប្រទេសជាតិ តាមរយៈការងារស្ម័គ្រចិត្តនៅតាមសហគមន៍
តំបន់ ។ល។
-
ការពារនិងអភិរក្សបរិស្ថាន
-
បង្កើនការយល់ដឹង ការគោរព ការអនុវត្តច្បាប់
រដ្ឋធម្មនុញ្ញ និងច្បាប់ ផ្សេងៗ ទៀតរបស់ប្រទេសជាតិ
-
ទទួលបន្ទុកចិញ្ចឹម បីបាច់ និងថែរក្សាមាតា
បិតាដែលចាស់ជរា តាមទំនៀមទម្លាប់របស់ខ្មែរ (៤៥)។
ទស្សនៈអប់រំសីលធម៌របស់ សូក្រាត
ទស្សនៈអប់រំសីលធម៌របស់ សូក្រាត
(៤៦៩ -
៣៩៩ មុនឝ.ស.)
សូក្រាត ជាជនជាតិក្រិក កើតនៅឆ្នាំ ៤៦៩ មុនគ្រឹស្តសករាជ(២៤)
(ឯកសាខ្លះដាក់ថា ឆ្នាំ៤៧០ មុនគ្រឹស្ដសករាជ (២៥)) ។ បិតាលោកឈ្មោះ
សូប្រូនីស៍ ជាជាងចម្លាក់ ហើយមាតាលោកឈ្មោះនាងហ្វេណារ៉ែតជាឆ្មបជួយសង្គ្រោះជីវិតមនុស្សមិនរើសមុខ
។ ដូច្នេះហើយបានជាលោក សូក្រាត តែងពោលថា “ម្ដាយខ្ញុំជាឆ្មបសំរាលកូន
ឯខ្ញុំជាឆ្មបសំរាយគំនិត” ។
សូក្រាតត្រូវបានគេចាត់ទុកថា ជាអ្នកបង្កើតជាដំបូងបង្អស់នូវទ្រឹស្ដីសីលធម៌ផ្សេងៗ។
ក្នុងទ្រឹស្ដីសីលធម៌ទាំងនោះ យើងអាចកត់សំគាល់ឃើញមានគោលជំហរធំបីយ៉ាង៖(២៦)
១ ការទប់ចិត្ត
តាមការស្មានមើលទៅ សូក្រាតប្រហែលជាគាត់បានបង្រៀនប្រដៅខ្លួនឯងរួចជាមុនហើយ
មុននឹងទៅបង្រៀនអ្នកដទៃឯទៀត ។ ការចេះទប់ចិត្តខំអត់សង្កត់ចិត្តនេះ ធ្វើឲ្យគាត់មានជ័យជំនះលើខ្លួនគាត់ជានិច្ច
។ កម្លាំងចិត្តខាងក្នុងដែលគាត់ចេះទប់នេះមានឥទ្ធិពលទៅលើទស្សនវិទូក្រោយៗមកទៀត ។
“ពុទ្ធិ” ដែលបណ្ដាលមកពីការទប់កម្លាំងចិត្ត ត្រូវផ្សព្វផ្សាយជុំវិញខ្លួនគាត់ ។
គាត់មិនដែលចង់រស់នៅឯកាម្នាក់ឯងទេ គាត់ចង់រស់នៅក្នុងសង្គមមនុស្សជាមួយមនុស្ស
និងដើម្បីមនុស្សទៀតផង។ គាត់ផ្ដល់ចំពោះមនុស្សទូទៅនូវកេរ្តិ៍មរតកដ៏មានតម្លៃម៉្យាងដែលគាត់ខំស្វះស្វែងរកបានគឺការទប់ចិត្ត ។
ចំពោះកម្លាំងអ្វីម៉្យាង ដែលរុញច្រានឲ្យសូក្រាតរត់រកមនុស្សដទៃឯទៀតនោះសូក្រាតយល់និងជឿជាក់ថា
គាត់បានទទួលបញ្ជាពីព្រះអាទិទេពដែលតម្រូវឲ្យគាត់បំពេញបេសកកម្មមួយ ។
កាលនោះសកម្មភាពរបស់សូក្រាតនៅក្រុងអាថែន
គ្មានអ្វីក្រៅអំពីការបង្ហាញ និងពន្យល់ប្រាប់ចំពោះមតិសាធារណជនឲ្យដឹង ឲ្យឮ ឲ្យស្គាល់
នូវការតាំងខ្លួនជាម្ចាស់លើចិត្តខ្លួនឯងនោះឡើយ។ ក្នុងសម័យនោះតើមាននរណាទៀតដែលប្រកបដោយគតិបណ្ឌិត
ទៅដោយពុទ្ធិ លើសជាងសូក្រាតនេះទៅទៀត ? ជីវិតរបស់សូក្រាតបានប្រព្រឹត្តទៅតាមគន្លងនៃការពិចារណាទៅតាមការគិតចំពោះខ្លួនឯងផង
និងចំពោះអ្នកដទៃផង ។ សូក្រាតយល់ថាហាក់ដូចជាមានអត្ថិភាព របស់ព្រះអាទិទេពនៅក្នុងខ្លួនរបស់គាត់
។ គាត់ហាក់ដូចជាឮសូរសម្លេងមួយស្រែកចេញពីក្នុងខ្លួនគាត់មក ហាមប្រាមបង្គាប់បញ្ជាគាត់មិនឲ្យប្រព្រឹត្តអំពើណាដែលមិនគួរគប្បី
។ ដូច្នេះយើងអាចកត់សម្គាល់ថា គំនិតរបស់សូក្រាតមានលក្ខណៈបែបសាសនា ។ ប៉ុន្តែទោះជាគាត់មានជំនឿទៅលើសាសនាដូចម្ដេចក៏ដោយ
ក៏សូក្រាតពុំយកសាសនាមកធ្វើជាមូលដ្ឋានទ្រឹស្ដីវាសនារបស់មនុស្សដែរ (២៧)។
២. ស្គាល់ខ្លួនដោយខ្លួនឯង
តើសូក្រាតបានបង្រៀនអ្វីខ្លះ
? សីលធម៌របស់សូក្រាត គឺធ្វើដូចម្ដេចឲ្យមនុស្សចេះស្គាល់ខ្លួនឯងដោយច្បាស់លាស់
។ សូក្រាតចង់បញ្ជាក់ថា ការស្គាល់ខ្លួនឯង មិនមែនជាការងាយស្រួលទេ ។ មនុស្សម្នាក់ៗជឿទាំងខុសថាខ្លួនស្គាល់ខ្លួនឯងប្រាកដណាស់
(២៨)។
ជំនឿនេះមិនត្រឹមត្រូវទេពីព្រោះមនុស្សម្នាក់ៗពិបាកនឹងស្គាល់ខ្លួនឯងបានច្បាស់លាស់ណាស់។
លោក សូក្រាត បានជំរុញឲ្យមនុស្ស “ស្គាល់ខ្លួនឯង”
ដែលធ្វើឲ្យមានទម្លាប់ល្អ ដោយផ្ដើមចេញពីរាងកាយខ្លួនឯងភ្ជាប់ទៅនឹងអ្នកដទៃ(២៩)
។ ការស្គាល់ខ្លួនឯងរបស់ សូក្រាតក៏មិនខុសឆ្ងាយពី ការស្គាល់នូវតួនាទីរបស់ខ្លួនឯងនៅក្នុងព្រះពុទ្ធសាសនា
និងស្គាល់ឈ្មោះរបស់ខ្លួននៅក្នុងទស្សនៈរបស់ខុង ជឺ ដែរ គឺមនុស្សម្នាក់ៗ ត្រូវស្គាល់ពីតួនាទី
ស្គាល់ភារកិច្ច ស្គាល់កតព្វកិច្ច របស់ខ្លួនម្នាក់ៗដែលត្រូវប្រព្រឹត្តចំពោះអ្នកដទៃ
។
៣. មនុស្សមិនមែនអាក្រក់ដោយចេតនាទេ
ឯទ្រឹស្ដីសំខាន់មួយទៀតរបស់សូក្រាត
គឺគាត់ចង់ពន្យល់ថាការស្គាល់ខ្លួនឯងដោយ
ខ្លួនឯងនេះ ជាការចាំបាច់ ។ ការស្គាល់ខ្លួនឯងដោយខ្លួនឯង
នេះឲ្យយើងបានយល់ដឹងច្បាស់ថា
“គ្មានមនុស្សណាម្នាក់កាចសាហាវឃោរឃៅដោយចេតនាសោះឡើយ”
មនុស្សដែលបានប្រព្រឹត្តនូវអំពើឃោរឃៅកាចសាហាវយង់ឃ្នងមិនមែនដោយចិត្តចង់
ឬដោយចេតនានោះឡើយ ។ ការប្រព្រឹត្តនូវអំពើដ៏ឃោរឃៅនេះ
គឺដោយសារតែសមីខ្លួននោះល្ងង់ខ្លៅ
ខ្វះការចេះដឹង ។ ការល្ងង់ខ្លៅការចេះដឹងនេះហើយ
ដែលដឹកនាំមនុស្សឲ្យលង់លក់នៅ
ក្នុងតណ្ហាហើយប្រព្រឹត្តនូវអំពើបាបកម្មដោយមិនដឹងខ្លួន។ ពោលឲ្យចំទៅ
អំពើឃោរឃៅទាំងឡាយកើតមកអំពីការមិនទាន់ស្គាល់ខ្លួនឯងដោយខ្លួនឯង
ដោយចេះតែយល់ច្រឡំថាខ្លួនជាអ្នកប្រាជ្ញ ជាអ្នកចេះដឹងជ្រៅជ្រះ ។
ឯវិទ្យាសាស្រ្តដែលសូក្រាត តែងតែប្រកាសថាជារបស់គាត់នោះ
គឺត្រង់ដែលគាត់ដឹងខ្លួនថាគាត់ឥតចេះដឹងអ្វីទាំងអស់ ។
កាលបើគេឮសូក្រាតនិយាយយ៉ាងដូច្នេះ
ពួកអ្នកស្ដាប់នាំគ្នាភ្ញាក់ផ្អើលបើកភ្នែកធំៗ។ តែសូក្រាតទៅកន្លែងណាមួយហើយ គឺប្រៀបបានដូចជា
គ្រាប់បែកផ្ទុះនៅកន្លែងនោះអញ្ចឹង ។ គាត់ធ្វើឲ្យជនទាំងនោះស្រឡាំងកាំងរកហាមាត់និយាយមិនរួច
។ គាត់ខំធ្វើយ៉ាងដូចម្ដេចឲ្យមនុស្សក្រឡេកមើលមកខ្លួនឯង ព្រោះគាត់ដឹងថា មនុស្សពុំដែលចាប់ភ្លឹកយក
ចិត្តទុកដាក់នឹងខ្លួនឯងសោះ។
ឯមនុស្សដែលសូក្រាតចូលចិត្តប្រៀនប្រដៅជាងគេ
គឺយុវជនក្មេងៗ ព្រោះមនុស្សប្រភេទនេះ ឆាប់យល់ស្របតាមការពន្យល់របស់គាត់ណាស់ ។ សូក្រាតបានពន្យល់បង្ហាត់បង្ហាញយុវជនកុំឲ្យមានជំនឿ
និងអនុវត្តន៍ទៅតាម ទំនៀមទម្លាប់ដែលគេធ្លាប់បានទទួលការអប់រំនៅក្នុងគ្រួសារ ។ ដោយហេតុដូច្នេះហើយ
បានជាតុលាការទីក្រុងអាថែនបានចោទប្រកាន់សូក្រាតថាជាអ្នកបំបះបំបោរយុវជនដែលកំពុងតែល្អ
ឲ្យក្លាយទៅជាពុករលួយ ខូចអស់របៀបរៀបរយដែលធ្លាប់តែមាននៅក្នុងសង្គម ។
តាមការពិតទៅ សូក្រាតចង់ជួយអប់រំក្មេងដោយស្មោះត្រង់
ដោយឲ្យយុវជនទាំងនេះចេះប្រើប្រាស់នូវកម្លាំងផ្ទាល់របស់ខ្លួនដោយវិធីស្គាល់ខ្លួនឯងដោយខ្លួនឯង។ (៣០)
ញ់ចង់ឲ្យគេធ្វើមកលើរូបអ្នក
ចូរអ្នកធ្វើអំពើនោះទៅអ្នកដទៃជាមុនសិន ។
-
អំពើណាដែលបានធ្វើហើយបានទទួលផលដល់ខ្លួនឯង
ហើយបានទុក្ខដល់អ្នកដទៃ
សូមជៀសវាងកុំធ្វើអំពើនោះដាច់ខាត
។
-
បើជួយអ្នកដទៃហើយ បែរជាត្រឡប់មកទទួលទុក្ខទោសទៅវិញ
ចូរត់គេចឲ្យផុតពីទុក្ខទោសនោះឲ្យបានមុនទុក្ខនោះមកដល់ ។
-
បើធ្វើគុណប្រយោជន៍ហើយសូមកុំរំឮកគុណទាំងនោះនៅចំពោះមុខគេឪ្យសោះ
បើមិនដូច្នោះទេ គុណប៉ុនភ្នំនឹងត្រូវរលាយ ។
-
ត្រូវទុកឲ្យអ្នកដទៃនិយាយពីគុណប្រយោជន៍របស់អ្នកវិញ
ទើបប្រសើរជាង។
-
អ្វីដែលអ្នកមិនសប្បាយចិត្តចំពោះអ្នកធំមកលើរូបអ្នក
កុំយកវាទៅអនុវត្តន៍លើមនុស្សក្រោមបង្គាប់អ្នក (២២)។
ខុង
ជឺបានឲ្យតម្លៃយ៉ាងខ្ពស់បំផុតទៅលើ សីលធម៌មនុស្សលោក ។ លោកបានអះអាងថា ការគ្រប់គ្រងតាមបែបសីលធម៌
ប្រសើរជាងការគ្រប់គ្រងដោយច្បាប់ ។ ព្រោះសតិសម្បជញ្ញៈ មនសិការ ស្មារតី ឆន្ទៈរបស់មនុស្ស
កើតឡើងពីមនុស្សសុទ្ធសាធ ។ រីឯច្បាប់ គឺជាការតាក់តែងដោយក្រុមមនុស្ស ដើម្បីការពារនូវផលប្រយោជន៍រៀងៗខ្លួន
ទៅតាមក្រុម សង្គមរបស់គេ ហើយក៏ជាការមួយសម្រាប់គាបសង្កត់គម្រាមកំហែង លើអ្នកទន់ខ្សោយផងដែរ
។ តាមខុង ជឺ អាចដឹងទៀតថា គុណធម៌របស់មនុស្សជាតិ ចិត្តមេត្តា ភាពជាមនុស្សពិតប្រាកដ
គឺលក្ខណៈសីលធម៌ ស្នេហាអំពើល្អរបស់មនុស្ស និងទឹកចិត្តមនុស្សធម៌ ។ តាមទស្សនៈ សីលធម៌របស់
ខុង ជឺ ចិត្តមេត្តាសន្ដោសប្រណីគឺជាកត្តាចម្បងបំផុត សម្រាប់ការរស់នៅរបស់មនុស្សនៅក្នុងសង្គម
។
ដូច្នេះយើងឃើញថា
ទស្សនៈរបស់ ខុង ជឺ ពិតជាបានរួមចំណែកយ៉ាងធំធេងបម្រើឲ្យប្រព័ន្ធអប់រំ
ប្រព័ន្ធគ្រប់គ្រងដឹកនាំរដ្ឋ
តាមបែបទស្សនវិជ្ជាសីលធម៌ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ ខុង ជឺ
មិនប្រើប្រាស់កម្លាំងខាងក្រៅនោះទេដើម្បីជួយដោះស្រាយបញ្ហាក្នុងជីវភាពរ
បស់បុគ្គល
គ្រួសារ សង្គម។
ផ្ទុយទៅវិញលោកបានប្រើក្បួនច្បាប់សីលធម៌ធ្វើជាមូលដ្ឋានក្នុងការដោះស្រាយ
និងដឹកនាំសង្គមមនុស្សឆ្ពោះទៅរកសុភមង្គលយ៉ាងពិតប្រាកដ
(២៣) ។
ទស្សនៈអប់រំសីលធម៌របស់
ព្រះយេស៊ូគ្រឹស្ត
គ្រឹស្តសាសនា
មានដើមកំណើតនៅប្រទេសអ៊ីស្រាអែល មាន
ព្រះគម្ពីប៊ីប (Bible) ជាសំណេរកំណត់ត្រានៃការជួយសង្រ្គោះដែលបំពេញឲ្យព្រះយេស៊ូ។
មូលដ្ឋាននៃការអប់រំសីលធម៌របស់គ្រឹស្តសាសនាមាន ២គឺៈ
·
ត្រូវស្រលាញ់ព្រះជាម្ចាស់ដូចជាខ្លួនឯង
ព្រោះព្រះជាម្ចាស់បានសង្រ្គោះមនុស្សពីអំពើបាប តាមការសន្ដោសប្រណី ។ ចូរបែរចេញពីផ្លូវអាក្រក់
ហើយវិលមករកព្រះវិញ នោះទ្រង់នឹងអាណិត មេត្តា ដល់អ្នក
ហើយទ្រង់នឹងអត់ទោសឲ្យជាបរិបូរណ៍ ហើយអ្នករាល់គ្នា នឹងទទួលបាននូវអំណរនិងសេចក្តីសុខ សាន្ត។
·
ត្រូវស្រលាញ់មនុស្សទូទៅឲ្យដូចខ្លួនឯង
ពោលគឺត្រូវចេះអត់ធ្មត់ យល់អធ្យាស្រ័យចំពោះមនុស្សដូចគ្នា ។ ព្រះយេស៊ូ មានក្រឹត្យវិន័យ១០ប្រការគឺៈ
-
ក្រឹត្យវិន័យទី១ កុំមានព្រះឯណាទៀតឲ្យសោះ
-
ក្រឹត្យវិន័យទី២ កុំថ្វាយបង្គំរូបចម្លាក់
-
ក្រឹត្យវិន័យទី៣ កុំប្រើនាមរបស់ព្រះឥតការឲ្យសោះ
-
ក្រឹត្យវិន័យទី៤ ចូរនឹកពីថ្ងៃឈប់សម្រាក
-
ក្រឹត្យវិន័យទី៥ ត្រូវគោរពប្រតិបត្តិដល់ឪពុកម្ដាយ
-
ក្រឹត្យវិន័យទី៦ កុំសម្លាប់មនុស្សឲ្យសោះ
-
ក្រឹត្យវិន័យទី៧ កុំផិតក្បត់ឲ្យសោះ
-
ក្រឹត្យវិន័យទី៨ កុំលួច ប្លន់ឲ្យសោះ
-
ក្រឹត្យវិន័យទី៩ កុំកុហក់ឲ្យសោះ
-
ក្រឹត្យវិន័យទី១០ កុំលោភលន់់ឲ្យសោះ (៣១)។
នៅក្នុងបញ្ញត្តិទី៥ បានបង្គាប់ថា ចូរគោរពឪពុកម្ដាយ ដើម្បីអោយអាយុវែង
។ ព្រះយេហូវា ជាព្រះដែលទ្រង់ប្រទានឲ្យហើយនៅក្នុងបញ្ញត្តិទី៥ដែល បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះករណីកិច្ចរបស់ខ្លួននោះ
ជាកូនដ៏វិសេសត្រូវយល់ថាឪពុកម្ដាយគាត់ជាតំណាងរបស់ព្រះ ក្មេងៗរាល់គ្នាអើយ! ចូរស្ដាប់បង្គាប់ មាតាបិតាខ្លួន ដើម្បីឲ្យរាល់គ្នាបានសេចក្ដីសុខ ហើយរស់នៅលើផែនដីយូរអង្វែងទៅ ។
នៅបញ្ញតិ្តទី៦ លោកបានហាមមិនឲ្យសម្លាប់មនុស្សឲ្យសោះ គឺបានបង្រៀនឲ្យដឹងជីវិតរបស់មនុស្សមានសារៈសំខាន់ណាស់
ហើយព្រះអង្គក៏មិនព្យាយាមធ្វើទោសដល់ជីវិតដែរ (៣២)។ ត្រង់នេះសូម្បីតែខ្លួនឯងក៏មិនត្រូវសម្លាប់
តែបុគ្គល៣ពួកគឺ ទ័ពបច្ចាមិត្រ មនុស្សមានទោសប្រហារជីវិត និងចោរដែលបំរុងមកប្រហារជីវិតខ្លួនត្រូវសម្លាប់បាន
(៣៣)។
ទស្សនៈអប់រំសីលធម៌របស់
ឥស្លាមសានា
ឥស្លាម ជាភាសារបស់ជនជាតិអារ៉ាប់
និងបកប្រែជាភាសាខ្មែរថាៈ សន្តិភាព ធ្វើឲ្យមានសន្តិភាព ស្ថេរភាព និងសុភមង្គល ។ល។ (៣៤) ឥស្លាមសាសនា កើតឡើងដោយបុគ្គលម្នាក់ឈ្មោះ
មហាម៉ាត់ (Mohamad. ៥៧១-៦៣២ គ.ស) ដែលជាកូនកំព្រា
ឪពុក-ម្ដាយបានស្លាប់តាំងពីគាត់ជាទារកនៅឡើយ
។ មហាម៉ាត់ បានចំនាយពេល៥០ឆ្នាំ ដើម្បីសូត្រធម៌ភាវនា ដោយគាត់យល់ថា មាន ព្រះអាឡា ជាអ្នកនិយាយមករកគាត់ ។ គាត់ប្រមូលពិភពអារ៉ាប់ទាំងមូលឲ្យជឿលើព្រះអាឡា
។ ក្រោយពេលមហាម៉ាត់ស្លាប់ទៅ គេបានប្រមូលគម្ពីរបស់មហាម៉េត ចងក្រងជាសៀវភៅមួយឈ្មោះថាគម្ពីរកូរ៉ាន់(Korann) ដែលគេចែកជា
១១៤ Suras
(ជំពូក)
និងមាន ៦២៣៦ មាត្រា (៣៥) ក្នុងចំណោមគម្ពីរទាំងនោះត្រូវគេដាក់បញ្ចូលនៅក្នុងអត្ថបទអំណានសម្រាប់ឲ្យជនជាតិអារ៉ាប់សូត្រ
ទន្ទេញចាំមាត់ប្រាំដងក្នុងមួយថ្ងៃ ខ្លឹមសារនៃព្រះគម្ពីជារឿងរ៉ាវដែលប្រជាជនអារ៉ាប់គោរពយ៉ាងម៉ឺងម៉ាត់
និងគេចាត់ទុកជាកម្រងច្បាប់ដូចជាក្បួនចរិយាធម៌ ក្បួនគ្រប់គ្រង ក្បួនសីលធម៌សម្រាប់សង្គមអារ៉ាប់។
មហាម៉ាត់ ជាកំពូលនៃទស្សនវិទូអារ៉ាប់
។ លោកបានលើកឡើងនូវទស្សនៈអប់រំជាមូលដ្ឋាន ដល់សាសនិកឥស្លាមឲ្យគោរពទាំងអស់គ្នាដូចជាៈ
-
ឲ្យជឿលើព្រះអាឡាតែមួយគត់
-
មានភាពស្មើគ្នាចំពោះមុខច្បាប់ (ត្រូវមានយុត្តិធម៌ក្នុងសង្គម
និង ក្នុងខ្លួនបុគ្គលម្នាក់ៗ)
-
កុំលួចទ្រព្យសម្បត្តិ កេងប្រ័ញ្ច ឬ បោកបញ្ឆោតអ្នកដទៃ
-
ហាមឃាត់ទៅលើការសេពគ្រឿងញៀន (គ្រឿងស្រវឹង)
-
មានភាពស្មោះត្រង់
-
ការផឹតប្ដី-ប្រពន្ធជាអំពើបាប
-
ឲ្យសូត្រធម៌ប្រាំដងក្នុងមួយថ្ងៃ គឺពេលថ្ងៃរះ
ពេលថ្ងៃត្រង់ ពេលរសៀល ពេលថ្ងៃលិចនិងពេលយប់។
-
ការដាក់ទានដល់មនុស្សត្រូវបានគេលើកទឹកចិត្ត
-
ត្រូវមានអធ្យាស្រ័យដល់ស្រ្តីភេទ បំបាត់ការលក់
ទិញមនុស្ស ។
-
គាំទ្រសាលារៀន និង វិហារមូស្លីម...។
ក្រៅពីនេះមហាម៉ាត់ បានប្រៀនប្រដៅដល់ឥស្លាមសាសនិកទាំងអស់
ឲ្យប្រព្រឹត្តអំពើល្អចំពោះគ្នាទៅវិញទៅមក ក្នុងសង្គមត្រូវចេះរួមកម្លាំងគ្នាមានចិត្តសន្ដោស។
នៅក្នុងសាសនានេះបានរៀបចំពិធីរៀងរាល់ឆ្នាំ ប្រកបដោយចិត្តសន្ដោសប្រណីបញ្ជាក់ពីសាមគ្គីភាពនិង
សីលធម៌ក្នុងការរួមរស់នៅយូរអង្វែងនោះគឺ បុណ្យហាច
(Harch/Harj) ជាបុណ្យមួយរបស់សាសនាឥស្លាម
បានបង្ហាញពីភាពសប្បាយរីករាយ និងដើម្បីជម្រះនូវភាពសៅហ្មងទាំងឡាយដែលបានកើតឡើងកន្លងមក។
ពិធីនេះរៀបចំជាពិធីជប់លៀងដល់អ្នកក្រីក្រដូចជាចែកសាច់គោ, ពពែ, ចៀម, អូដ ព្រមទាំគ្រឿងឧបភោគបរិភោគផ្សេងៗទៀតយ៉ាងគគ្រឹកគគ្រេង។
ចំពោះអ្នកដែលធ្លាប់មានជម្លោះជាមួយគ្នា ដោយដើរសុំអភ័យទោសគ្នាទៅវិញទៅមក ហើយសច្ចានៅពេលនោះថា
នឹងលែងឈ្លោះទាស់ទែងគ្នាតទៅទៀត លែងមានការគុំគួន ហើយរស់នៅក្នុងភាតរៈ។
ចំពោះការជ្រើសរើសគូស្រកវិញ បុរសអាចរៀបការជាមួយស្ត្រីពេញច្បាប់
៤នាក់អាស្រ័យដោយលទ្ធភាពចិញ្ចឹមប្រពន្ធកូនទាំងនោះបាន ។ ចំពោះមហាម៉ាត់ប៉ុន្មានក៏បាន
ឲ្យតែនារីនោះបានទទួលផ្កាពីគាត់ សូម្បីប្អូនស្រីបង្កើត ដែលមានឪពុក ឬ ម្ដាយខុសគ្នា។ ជនជាតិឥស្លាមទាំងអស់ត្រូវក្លាហាន
និង ស៊ូស្លាប់ ដើម្បីការពារសាសនារបស់ខ្លួនឲ្យបានគង់វង់ ។
សរុបមកបើទោះបីជាមានភាពខុសគ្នាពីជំនឿរបស់មនុស្សក៏ពិតមែន
ប៉ុន្តែន័យរួមក៏យើងឃើញមានគម្ពីក្បួនច្បាប់ របៀបនៃការគ្រប់គ្រងពីសីលធម៌ និង ចរិយាធម៌
ក្នុងបំណងចង់ឲ្យមនុស្សចេះរស់នៅមានសុខសន្តិភាពដូចគ្នា ជាពិសេស លើប្រាំបួនចំណុចជាមូលដ្ឋានអប់រំនោះ
ក៏សំដៅអោយមនុស្សធ្វើអំពើល្អគ្រប់យ៉ាង។ លក្ខណៈពិសេសមួយទៀតគឺ បុរសត្រូវគិតពីសមត្ថភាពរបស់ខ្លួនក្នុងការគ្រប់គ្រងគ្រួសារ
និងការសាមគ្គី រវាងមនុស្សទាំងអស់ដែលនៅជុំវិញខ្លួន។ នេះជាការអប់រំពិសេសរបស់ឥស្លាមសាសនា
ចំពោះអ្នកគោរពនិង ជឿលើគោលការណ៍របស់សាសនាឥស្លាម (៣៦)។
ទស្សនៈអប់រំសីលធម៌របស់ ក្រមង៉ុយ
ប្រសូត នៅឆ្នាំ១៨៦៥ ត្រូវនឹងពុទ្ធសករាជ ២៤០៨ នៅភូមិព្រៃអណ្ដូងស្វាយ
ឃុំកំបូល ស្រុកអង្គស្នួល ខេត្តកណ្ដាល ប្រទេសកម្ពុជា។
ហើយលោកមានឈ្មោះពីកំណើតគឺ អ៊ុក អ៊ូ ហៅង៉ុយ ។ អ្នកភិរម្យភាសាអ៊ូហៅង៉ុយ
(ក្រមង៉ុយ) គឺជាគោរមងារមួយដែលព្រះមហាក្សត្រព្រះបាទ ស៊ីសុវត្ថិ
ប្រទានឲ្យ។
អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ មិនបានសរសេរកំណាព្យដែលលោកស្មូតច្រៀងនោះដោយខ្លួនឯងទេ
ហេតុនេះហើយទើបពុទ្ធសាសនបណ្ឌិត្យអញ្ជើញលោកមកច្រៀងយឺតៗ ហើយកត់ត្រាទុក ។ ស្នាដៃរបស់ក្រមង៉ុយ
ដែលគេរកឃើញរហូតមកដល់សព្វថ្ងៃនេះ រួមមាន:
១-
ច្បាប់ល្បើកថ្មី (ជាបទកាកគតិ-ឆ្នាំ១៩២២)
២-
ច្បាប់កេរកាលថ្មី (ជាបទព្រហ្មគីតិ-ឆ្នាំ១៩២២))
៣-
សេចក្ដីរំលឹកដាស់តឿន (ជាបទពាក្យ៧-ឆ្នាំ១៩៣១)
៤- ពាក្យកាព្យប្រដៅជនប្រុសស្រី
(ជាបទពាក្យ៧- មិនដឹងកាលបរិច្ឆេទ,
អាចក្នុងឆ្នាំ១៩៣៥ ព្រោះជាស្នាដៃទី៥)
៥-
បណ្ដាំក្រមង៉ុយ (ជាបទព្រហ្មគីតិ- ក្នុងរវាងឆ្នាំ១៩៣៥)
នៅមានដៃផ្សេងទៀតរបស់ក្រមង៉ុយ
ដែលគេរកមិនឃើញឯកសារសរសេរ
ប៉ុន្តែអ្នកស្រាវជ្រាវមុនៗបានចាត់ទុកថាជាស្នាដៃរបស់លោកដែរ
គឺចម្រៀងស្ដីអំពី : ការប្រែប្រួលនៃស្រុកទេស, កតញ្ញូកតវេទី,
ត្រៃលក្ខណ៍, ចំរៀងស្រី- ប្រុស (៤២)។
យើងដឹងហើយថា ស្នាដៃរបស់លោកក្រមង៉ុយ
សុទ្ធសឹងនិពន្ធឡើងជាពាក្យកាព្យតែប៉ុណ្ណោះ។
ខាងក្រោមនេះគឺជាទ្រឹស្ដីខ្លីៗដែលបានដកស្រង់ចេញកំណាព្យអប់រំរបស់លោកៈ
ហើយយើងសូមធ្វើការបកស្រាយដូចខាងក្រោម៖
២.៣.៧.១ ច្បាប់ល្បើកថ្មី
ដ្បិតមនុស្សឥឡូវ យកខុសជាត្រូវ យកឆ្កួតធ្វើជា
អំពើអាក្រក់ ឡិកឡក់លីលា ព្រហើនពានពារ
អាងមាសអាងប្រាក់។
អាងព្រើលអាងប្រាជ្ញ អាងកោងអាងកាច អាងកាប់អាងចាក់
អាងជើងអាងដៃ អាងវាយអាងធាក់ អាងគុកច្រវាក់
អាងម៉ាស៊ីនកាត់ក។
អាងសុទ្ធតែខុស កូនអើយចាំចុះ អាងនោះមិនល្អ
អ្នកគិតឲ្យល្អិត ដ្បិតស្រុកលោកក្រ ប្រមាណតំណ
តទៀតទៅមុខ។
សាសនានៅឆ្ងាយ លែងបានសប្បាយ មានតែកើតទុក្ខ
កើតទាន់លោកីយ៍ លឺតែទំនុក ដំណែលអាពុក
ចូរចាំគ្រប់គ្នា។
អ្នកជឿពាក្យចាស់ ជឿចាំឲ្យណាស់ កុំធ្វើបំពារ
អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកជា មនុស្សចោរប៉ោបៀ
កុំយកខ្លួនបៀត។
ឃើញរិកគេល្អ ទោះបីមានក្រ យកគេជាញាតិ
គួររាប់អ្នកក្រៅ ផៅអ្នកឯទៀត រាប់រើសមារយាទ
សុចរិតត្រឹមត្រូវ។
រៀនបទរៀនបាទ កុំកោងហួសខ្នាត កុំភ្លាត់ខុសផ្លូវ
កុំភ្លើនភ្លេចម៉ែ កុំប្រែហួសឪ ឃើញចាស់សក់ស្កូវ
កុំសូវមើលងាយ
(៤៣)។
ការអាងទៅលើមាសប្រាក់
បុណ្យសក្តិ ទ្រព្យសម្បត្តិ ធ្វើបាបអ្នកក្រទន់ខ្សោយ អាងឃ្នីគ្នាច្រើនធ្វើបាបគ្នាតិច អាងកាប់អាងចាក់ដើម្បីដោះស្រាយជម្លោះ
អាងខ្លួនជាអ្នកចេះអ្នកប្រាជ្ញធ្វើបាបអ្នកល្ងង់ អាងខ្លួនជាអ្នកច្បាប់ចាប់គ្នាដាក់គុត
ចាប់ប្រហារជីវិត អំពើព្រៃផ្សៃឃោរឃៅ អំពើអាងទាំងនេះ លោកយល់ថាជាអំពើពុំល្អឡើយ ជាអំពើដែលសាងកិត្តិយស
អាក្រក់សម្រាប់ពេលអនាគត និងធ្វើឲ្យប្រទេសជាតិរឹងរឹតកាន់តែអាប់អោននិងក្រលំបាក។
នៅពេលដែលមនុស្សលែងជឿបុណ្យបាប
លែងមានសាសនា ឃ្លាតចាកឆ្ងាយពីសាសនានោះ មនុស្សនឹងកាន់តែជួបនូវទុក្ខវេទនាកាន់តែខ្លាំងឡើងៗ
ព្រោះមនុស្សនឹងកាន់តែភ្លើតភ្លើនជាមួយនឹងសម្ភារៈ នឹងផ្លូវកាយ លែងគិតពីផ្លូវចិត្តទៀតហើយ
ហើយចិត្តរបស់គេមានតែលោភៈ ទោសៈ និងមោហៈ នៅជាប់ជាមួយ។
ពាក្យចាស់”អ្នកហ៊ានស្បែកដាច
អ្នកខ្លាចស្បែកជា” អ្នកដែលហ៊ានប្រព្រឹត្តនូវអំពើកាប់ចាក់គ្នា
គ្មានលទ្ធផលអ្វីក្រៅតែអំពី
មានរបួសស្នាម ហូរឈាមនិងឈឺចាប់នោះទេ
ឯអ្នកខ្លាចមិនប្រព្រឹត្តវិញតែងមានសេចក្ដីសុខ “អ្នកដែលប្រព្រឹត្តអ្វី
នឹងទទួលផលនោះ” ។ មនុស្សអាក្រក់ ចូលចិត្តលួច ឆក់ ប្លន់ លេងល្បែងស៊ីសង
យើងមិនត្រូវយកខ្លួនបៀត
ឬរាប់អានមនុស្សទាំងនេះទេ
ព្រោះនឹងនាំឲ្យអន្តរាយដល់ខ្លួននៅថ្ងៃណាមួយមិនខាន
ជាងនេះទៅទៀតបាត់បង់ទាំងកេរ្តិ៍ដោយសារតែការរាប់អាននេះ។ផ្ទុយទៅវិញ
មុននឹងរាប់អាននរណាម្នាក់ត្រូវសម្លឹងមើល ឬកពារ កិរិយាមារយាទ
ឲ្យបានត្រឹមត្រូវ
ចាំយកខ្លួនបៀត ដោយមិនគិតពីទ្រព្យសម្បត្តិមានឬក្រនោះទេ
គឺត្រូវរាប់គេជាញាតិ។
ចំពោះខ្លួនយើងក៏ដូច្នេះដែរ
គឺត្រូវរៀននូវច្បាប់ក្បួន រៀននូវអ្វីដែលមានសីលធម៌ រៀបចំឥរិយាបទរបស់ខ្លួនឲ្យបានសមរម្យ
ត្រូចេះគោរពដឹងគុណឪពុកម្ដាយ និង ចាស់ព្រឹទ្ធាចារ្យ និងអ្នកមានគុណទាំងឡាយ ។
២.៣.៧. ២ ច្បាប់កេរកាលថ្មី
គួរស្ដាយកេរ្ដិ៍ម៉ែឪ កិរិយាត្រូវឲ្យខំត្រាប់
កិរិយាណាខុសច្បាប់ គួរក្រឡប់ក្រឡាស់ចោល។
ម្ដាយអាពុកនិងកូន បីដូចខ្លួននិងស្រមោល
ឃើញខុសកុំដេញដោល កុំថ្កោលទោសអ្នកមានគុណ។
ល្ងង់ខ្លៅត្រូវតែសួរ
ពាក្យឲ្យគួរកុំឲ្យស៊ុន
យកពាក្យផ្អែមជាមុន
ទន់លំទោនឱនប្រតិបត្ដិ។
ទោះឪម៉ែស្លូតកាច
គួរតែខ្លាចដូចមហាក្សត្រ
ម្ដាយជេរពីរបីមាត់
គួរតែស្ងាត់ស្ងៀមឲ្យឈឹង។
ប្រដៅត្រូវតែស្ដាប់ យកតំរាប់កុំទទឹង
ម្នោះម្នះចចេសរឹង
នឹងហើយហៅកូនសេសកម្ម (៤៤)។
ឪពុកម្ដាយ ជាអ្នកមានគុណធំមិនអាចកាត់ថ្លៃបាន
តែក៏មានកិរិយា ឬ អំពើឆ្គាំឆ្គងមួយចំនួនដែរ ដូច្នេះលោកក្រមង៉ុយ ចង់អោយបុត្រធីតាទាំងឡាយអនុវត្តតាមតែគម្រូណាដែលល្អៗ
ហើយបោះបង់ចោលនូវគម្រូ ឬអំពើណាអាក្រក់ៗខុសច្បាប់ក្បួន។
ឪពុកម្ដាយនិងកូន បីដូចខ្លួននិងស្រមោល
គឺជាសាច់ ជាឈាមដែលមិនអាចកាត់ផ្ដាច់ចេញពីគ្នាបានឡើយ កូនៗមានជីវិតរស់រានបានអាស្រ័យការមើលថែទាំយ៉ាងយកចិត្តទុកដាក់បំផុតពីឪពុកម្ដាយ
ដូច្នេះកូនៗមិនត្រូវភ្លេចគុណរបស់លោកឡើយ ហើយបើទោះបីជាលោកធ្វើខុសឆ្គងយ៉ាងណា ក៏គួរកុំដេញដោល
និងកុំថ្កោលទោសលោកដែលជាអ្នកមានគុណ។
មួយវិញទៀតបើសិនជាយើងជាកូន មិនបានដឹងមិនបានឮ
ឬមិនយល់ គឺត្រូវសួរ ដើម្បីជៀសវាងធ្វើកិច្ចការមិនបានត្រឹមត្រូវ ហើយសួរដោយការគោរព និងប្រើពាក្យផ្អែមល្ហែមសមរម្យ
គឺមិនត្រូវប្រើពាក្យទ្រគោះបោះបោកនោះទេ ។
ទន្ទឹមនឹងនេះដែរ បើទោះបីជាឃើញថា
ឪពុកម្ដាយ មានចរឹតស្លូនបូត ឬកោងកាចយ៉ាងណាក៏មិនត្រូវធ្វេសប្រហែសក្នុងការគោរពប្រតិបត្តិដែរ
គឺត្រូវគោរពកោតក្លាចលោកទាំងពីរដូចជាព្រះមហាក្សត្រគ្រប់គ្រងផែនដី យ៉ាងនោះដែរ ហើយបើលោកស្ដីបន្ទោសបន្តិចបន្តួចយើងដែលជាបុត្រធីតាល្អ
គួរពុំតមាត់ជជែកយកឈ្នះចាញ់ជាមួយលោកវិញដែរ គឺត្រូវនៅអោយស្ងៀមស្ងាត់ ។
បើមាតាបិតាប្រៀនប្រដៅត្រូវត្រងត្រាប់ស្ដាប់ដោយយកចិត្តទុកដាក់
និងមិនត្រូវចចេសរឹងរូស ប្រកែកតវានោះទេ បើពុំដូច្នោះទេ គឺនឹងក្លាយជាកូនអកត្តញ្ញូហើយ
។
សរុបមកស្នាដៃរបស់កវីក្រម ង៉ុយ បានរួមចំណែកយ៉ាងច្រើនក្នុងការអប់រំឲ្យមនុស្ស
កសាងសមត្ថភាពដោយផុសចេញពីការអប់រំផ្លូវចិត្ត ផ្លូវកាយ និងវាចា ដោយផ្សារភ្ជាប់ជាមួយសុជីវធម៌ប្រចាំថ្ងៃផង
និង សីលធម៌នៅក្នុងសង្គមចាប់តាំងពីខ្លួនឯង និងគ្រួសារផង ។
ទស្សនៈអប់រំសីលធម៌របស់ មហាត្មះគន្ធី
មហាត្មះ គន្ធី(០២-តុលា-១៨៦៩
ដល់ ៣០-មករា-១៩៤៨) ជាមេដឹកនាំមនោគមវិជ្ជា
និងជាអ្នកនយោបាយដ៏ពូកែនៃប្រទេសឥណ្ឌាអំឡុងពេលចលនាទាមទារឯករាជ្យជាតិឥណ្ឌា។
គាត់ជាអ្នកត្រួសត្រាយក្នុងការទប់ទល់ពីការគាបសង្កត់អ្នកបះបោរជាច្រើន
ដោយការប្រកាន់ភ្ជាប់ភាពអត់ធ្មត់ អហិង្សា គន្ធីបានធ្វើអោយប្រទេសឥណ្ឌាឆ្ពោះទៅរកភាពឯករាជ្យ
និងបាន បំផុស អោយ មានចលនាតស៊ូសំរាប់សិទ្ធនិងសេរីភាព ក្នុងពិភពលោក (៣៧)។
មហាត្មះគន្ធី បានបង្ហាញថា លោកស្រលាញ់ធម៌អហិង្សាខ្លាំងណាស់
បើទោះបីជាលោកត្រូវគេចាប់ដាក់គុកជាច្រើនលើក ត្រូវគេវាយដំច្រំធាក់ ត្រូវគេប៉ុនប៉ងនិងធ្វើឃាតលោកយ៉ាងណាក៏ដោយក៏លោក
នៅតែមិនប្រកាន់ខឹង តបតដោយប្រើហិង្សាវិញដែរ។ “ឱអហិង្សា អ្នកមានកម្លាំងខ្សោយតែសំបកក្រៅតែប៉ុណ្ណោះ
តែខាងក្នុងអ្នកបានកប់ទុកនូវ
បណ្ដូលដែកថែបដែលខ្ញុំជឿថាគ្មានកម្លាំងអ្វី
ក្នុងលោកអាចពត់អ្នកបានទេ” (៣៨)។
មហាត្មះ
គន្ធី បានអប់រំឲ្យប្រជាជាតិ ឥណ្ឌា ក៏ដូចប្រជាជាតិលើពិភពលោកបានយល់ពីតម្លៃអហិង្សាធម៌
និងប្រព្រឹត្តអហិង្សាធម៌ចំពោះគ្នាទៅវិញទៅមក ។
- “ចិត្តទឹកអាចរំលត់ចិត្តភ្លើង” មានតែការអត់សង្កត់ចិត្តទ្រាំទ្រ ប្រើអហិង្សាប៉ុណ្ណោះ
ដែលមនុស្សអាចអនុវត្តអ្វីទាំងឡាយបាន។ ក្នុងន័យនេះគឺលោកចង់អប់រំថា មានតែការយកទឹកចិត្ត
មេត្តា ករុណ ខន្តី តស៊ូ ព្យាយាម និងសន្តិភាពទេ ទើបអាចរំលត់ភ្លើងកំហឹងដែលកំពុងឆេះរោលរាល
នៅក្នុងខ្លួនប្រាណរបស់មនុស្សបាន ។
- គេតែងគោរពទន្លេគង្គា, ឪពុក ម្ដាយ និងជីដូនជីតា ខ្ញុំក៏គោរពដូចគ្នាដែរ ព្រោះគេជឿថា
ទន្លេនេះមានលាយទឹកអម្រឹត្យ ។ ឯចំណែកខ្ញុំ ក៏ខ្ញុំគោរពទឹកទន្លេនេះដូចគេឯងដែរ ព្រោះទឹកនេះត្រជាក់ដូចទឹកចិត្តខ្ញុំ
បើខ្ញុំមុជទឹកទន្លេគង្គាមួយឆ្នាំម្ដង ខ្ញុំនឹងមុជទឹកចិត្តអហិង្សារបស់ខ្ញុំរាល់ថ្ងៃ
ព្រោះខ្ញុំយល់ថាជាទឹកអម្រឹត្យដែលខ្ញុំពុំបាច់ធ្វើដំណើរអស់រយៈពេលវែងឆ្ងាយ ហើយអស់កម្លាំអត់ប្រយោជន៍
។ បើទោះជាទឹកទន្លេគង្គាត្រជាក់យ៉ាងក៏ដោយ ប្រសិនណាអ្នកមិនទាន់គ្រប់គ្រងចិត្តដែលពេញដោយភ្លើងតណ្ហានិងអវិជ្ជាបានទេ
ក៏វាមិនខុសអ្វីពីការមុជទឹកទន្លេធម្មតាឯទៀតដែរ (៣៩)។
- បើធ្វើអហិង្សាសូមកុំប្រកាន់ខ្លួន
កុំខ្ជិល ហើយត្រូវប្រយ័ត្នជានិច្ចចំពោះសេចក្ដីក្រោធ ដែលកើតមានក្នុងសណ្ដានចិត្តរបស់យើង
មនុស្សកំណាញ់ធ្វើពុំបានទេ ហើយអ្នកលេងដែលមានចិត្តឃោរឃៅ ពីកំណើតមក ក៏ពុំអាចប្រព្រឹត្តនូវអហិង្សាបានឡើយ
។ សេចក្ដីជាប់ជំពាក់ ក្រោធស្រវឹងប្រកាន់ខ្លួន ខ្ជិលច្រណែន ប្រហែសធ្វេស អ្នកលេង ដេកច្រើន
លុបគុណគេ កំណាញ់ ទាំងអស់នេះអ្នកមានបញ្ញាគួរលះចោលចេញ(៤០)។
- ត្រូវឈ្នះមនុស្សដោយព្រហ្មវិហារធម៌ បើអនុវត្តហើយពុំបានសម្រេច ពោលគឺ បើអំពើអាក្រក់នោះពុំទាន់ឆេះរលាយទេ
ក៏ដោយសារភ្លើងព្រហ្មវិហារធម៌នោះពុំទាន់មានអានុ ភាពខ្លាំង ។
- សាសនានៃអហឹង្សាភាពមិនមែនមានចំពោះ តែពួកសន្តបុគ្គលប៉ុណ្ណោះទេ បុគ្គលសាមញ្ញក៏មានដែរ
។
- ខ្ញុំសុខចិត្តឲ្យគេយកកាំបិត
មកពុះជញ្រ្ចាំរាងកាយរបស់ខ្ញុំប្រសើរជាងគេដកចិត្ត អហិង្សាចេញពីរាងកាយខ្ញុំ។
- កុំប្រើវិហឹសា ព្រោះជាច្បាប់របស់សត្វតិរច្ឆាន ត្រូវប្រើអវិហឹសាវិញ បើធ្វើបានទោះបណ្ឌិតញូវតុន
ឬមេទ័ព វិលីតុន ក៏ឈ្មោះថាចាញ់អ្នកដែរ (៤១)។
No comments:
Post a Comment